ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សិល្បៈខ្មែរ​ភេទទីបី​ប្រដូច​រឿង​និទាន​ស្នេហា​បុរាណ ​ជាមួយ​នឹងស្នេហា​ភេទ​ខ្ទើយ​របស់ខ្លួន


អ្នក​សិល្បៈខ្មែរ​ភេទទីបី​ប្រដូច​រឿង​និទាន​ស្នេហា​បុរាណ​ជាមួយ​នឹងស្នេហា​ភេទ​ទី៣
អ្នក​សិល្បៈខ្មែរ​ភេទទីបី​ប្រដូច​រឿង​និទាន​ស្នេហា​បុរាណ​ជាមួយ​នឹងស្នេហា​ភេទ​ទី៣
​Los Angeles រដ្ឋ California៖ ​នៅ​ក្នុងស្នាដៃ​ចុងក្រោយ​បង្អស់ របស់​លោក​ ​អោក ព្រហ្មសុដន្ត​អ្នករបាំខ្មែរ​ប្រចាំ​នៅ​ទីក្រុង ​Long Beach ​រដ្ឋកាលីហ្វញ៉ា​បាន​សម្រិត​សម្រាំង​យក​នូវសាច់​រឿង​ចេញ​ពី​រឿង​ព្រេង​និទាន​ព្រះសុធន​ នាង​កែវមនោរាហ៍​ ហើយ​បាន​ប្រើ​សាច់​រឿង​នេះ​ដើម្បី​ពណ៌នា​ពី​ជីវិត​របស់​គាត់​នៅ​សហរដ្ឋអាមេរិក។​


អោក ព្រហ្ម ដែល​ជាអ្នក​ហាត់ របាំបុរាណ​ខ្មែរ​ និយាយ​ថា​ រឿង​រ៉ាវ​ស្នេហា​រវាង​ព្រះនាង​នៅឋាន​លើ​និង​ចៅ​មាណព​កម្សត់​នៅ​ឋាន​កណ្តាល​ ជារឿង​បុរាណ​ ប៉ុន្តែ​វា​ទាក់ទង​ទៅ​នឹង​ជីវិត​សម័យ​បច្ចុប្បន្ន។​ អោក​ព្រហ្មសុដន្ត​ថ្លែង​ថា៖​ ​ «នៃ​ដី​និង​មេឃ»​និទាន​ឡើង​វិញ​នូវ​រឿង​នេះ​ ហើយ​កែ​សម្រួល​ថ្មី​ដោយ​បញ្ចូលនូវ​បុរស​ស្រឡាញ់​ភេទ​ដូច​គ្នា​ដើម្បី​បញ្ជាក់​ថា​ ស្នេហា​រវាង​មនុស្ស​ប្រុស​ពីរ​នាក់​ ឬ​មនុស្ស​ស្រី​ពីរ​នាក់​គឺ​ពិត​និង​បរិសុទ្ធ​ ដូច​ស្នេហា​ដទៃ​ទៀត​ដែរ»។​

«នៃដីនិងមេឃ»​ត្រូវបាន​បង្ហាញនៅ​ឯ​ពិធីបុណ្យ​សិល្បៈ New Original Works​Festival​ នៅ​មជ្ឈមណ្ឌល​សិល្បៈ​ REDCAT ​នៃទីក្រុង Los Angeles។​

George Lugg ​នាយក​មជ្ឈមណ្ឌល​សិល្បៈ​REDCAT​ឲ្យដឹងថា៖​ «ខ្ញុំគិត​ថា​ ព្រហ្ម​គឺជា​អ្នក​សិល្បៈ​ដែលគួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ចេញមក​ពីប្រពៃណី​មួយ​ដែល​គាត់​បាន​ហាត់រៀន​យ៉ាងស្ទាត់​និង​មាន​ការ​គោរព​យ៉ាងខ្លាំង ហើយ​ប្រើប្រាស់​វាក្នុង​ការ​ប្រាប់​ពី​រឿង​ដែល​ពាក់ព័ន្ធ​នឹង​ខ្លួនគាត់​ផ្ទាល់ ពីបទ​ពិសោធន៍​របស់​គាត់​ក្នុង​សម័យ​ថ្មីនេះ​ ហើយ​យក​វា​មក​ដាក់​ក្នុង​បរិបទ​ថ្មី​ ហើយ​ជា​មួយ​គ្នា​នេះ​ គោរព​នូវ​ប្រពៃណី​និង​ការ​ហាត់។ ​គាត់​ពិត​ជា​ធ្វើ​ការ​នេះ​អស់​ពី​ចិត្ត​ ធ្វើ​ការ​ស្វែង​យល់​ពី​បញ្ហា​ស្នេហា​និងកន្លែង​របស់គាត់​នៅលើ​លោក​នេះតាម​របៀប​មួយ​ដែល​គេ​ទាំងអស់​គ្នា​អាច​ផ្សាភ្ជាប់»។​

អោក​ព្រហ្មសុដន្ត​ពន្យល់​ថា៖​ «អ្វីដែល​ខ្ញុំ​ធ្វើ​នៅ​លើឆាក គឺ​មិនមាន​ទេ​នៅលើឆាក​របស់ខ្មែរ។ ឧទាហរណ៍ ​ដូច​ជា​ការ​បង្ហាញ​ភេទ ​និង​អ្វី​ដែល​ទាក់​ទង​នឹង​ភេទ​គឺជា​អ្វី​ដែល​មិន​កើត​មាន​ទាល់​តែ​សោះ​នៅ​ក្នុងវប្បធ៌ម​ខ្មែរ។ ​នេះ​មិន​ទាន់​ទាំង​និយាយ​ពី​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ។​

ប៉ុន្តែ​សម្រាប់​ខ្ញុំ ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​សហ​រដ្ឋអាមេរិក នៅ​ក្នុង​សង្គម​មួយ​ដែល​ពេល​ខ្លះ​អាច​នឹង​ទទួល​ការ​កៀប​សង្កត់​ ការ​បង្ហាញ​នូវ​អ្វី​ដែល​ទាក់​ទង​នឹង​ភេទ ​ជា​ទីមួយ​កាយ​វិការ​នៃ​ការ​រើ​បម្រះ ​និង ​ទី​ពីរ​កាយ​វិការ​នៃ​ភាព​អបអរ»។​ អោក ព្រហ្ម និយាយ​ថា​ គាត់បាន​ជ្រើស​ឲ្យ​អ្នក​របាំ​របស់​គាត់​សម្តែង​ដោយ​មិនមាន​ការ​បិទ​បាំងផ្នែក​ខាងលើ ឲ្យដូច​ជា​សម័យ​អង្គរ។ នេះក៏ជា​ជម្រើស​ផ្ទាល់ខ្លួន​របស់​គាត់។​ អោក ព្រហ្មសុដន្ត​និយាយ​ថា៖​

«ស្រ្តីទាំង​នេះគឺ​ជា ម្តាយ​ គ្រូ សាស្ត្រាចារ្យ មាន​ចំណេះ​ដឹង មានភាព​ឯករាជ្យ មាន​រូប​សម្រស់ស្អាត មាន​ក្តីស្រឡាញ់​និង​មិនខ្លាច​អ្វីទាំងអស់។ ហើយ​នេះហើយ​ជា​ប្រភេទ​ស្រី្តដែល​ខ្ញុំចង់​ឃើញ ហើយ​ខ្ញុំចង់លើក​ដំកើង​នូវតួនាទី​របស់អ្នក​រាំ​ក្នុង​សិល្បៈ​ខ្មែរ​និង​សិល្បៈ​ទាំងអស់​នៅ​លើលោក ដើម្បី​ឡើង​ដល់​កន្លែង​ដែលខ្ពស់ កន្លែង​នៅ​កណ្តាល​ជាស្ពាន​រវាង​ឋាន​សួគ៌​និង​ផែនដី»៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG