ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​បាន​ធ្វើ​ច្បាប់​កំណែ​ទម្រង់​យុត្តិធម៌​ដែល​គេ​រង់​ចាំយូរ​មក​ហើយ


លោក​នាយករដ្ឋមន្ត្រី​​ហ៊ុន សែន​ធ្លាប់​បាន​លើក​ឡើង​ថា​ សេចក្តី​ព្រាងច្បាប់​ទាំង​បី​ធានា​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ។​
លោក​នាយករដ្ឋមន្ត្រី​​ហ៊ុន សែន​ធ្លាប់​បាន​លើក​ឡើង​ថា​ សេចក្តី​ព្រាងច្បាប់​ទាំង​បី​ធានា​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ។​
មន្ត្រី​ជាន់​ខ្ពស់របស់​រដ្ឋាភិបាល​មួយ​រូបបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រសួង​យុត្តិ​ធម៌នឹង​បញ្ជូន​ច្បាប់​សំខាន់ៗ​ចំនួន​បី​ទៅ​កាន់​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​នៅ​ក្នុងអំឡុង​ខែ​មិនា​នេះ។ ច្បាប់​ទាំង​នេះត្រូវ​គេ​ដឹង​ថា អាច​ជាមូលដ្ឋាន​នៃ​ការ​កែ​ទម្រង់​យុត្តិ​ធម៌​ ដែល​ទទួល​រង​ការរិះ​គន់​ជា​ខ្លាំង​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា។​

លោក​សំ ប្រជាមានិត្យ ​នាយក​ខុទ្ទកាល័យ​ក្រសួង​យុត្តិ​ធម៌​មាន​ប្រសាសន៍​ថា​ ​អន្តរ​ក្រសួង ​ដែល​មាន​៣១​ស្ថាប័ន ​បាន​ធ្វើ​ការ​ប្រជុំ​ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សម្រាប់​មូលដ្ឋាន​នៃ​ការ​កែ​ទម្រង់​យុត្តិ​ធម៌​នេះ​បាន​ចំនួន​ពីរ​រួច​មក​ហើយ​ នៅ​ក្នុង​នោះ​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំ​ ​និង​ការ​ប្រព្រឹត្តទៅ​នៃអង្គការ​តុលាការ​ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​ និង​សេចក្តី​ព្រាង​ច្បាប់​ទី​៣​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម ​និង​ព្រះ​រាជអាជ្ញា ​នឹង​ត្រូវ​ដាក់​ឲ្យ​ពិភាក្សា​ក្នុង​អន្តរ​ក្រសួង​នៅ​សប្តាហ៍​ក្រោយ​នេះ។​

លោក​សំ ប្រជាមានិត្យ​បញ្ជាក់​ថា​ សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នឹង​ត្រូវ​បញ្ជូន​ជា​កញ្ចប់​ទៅ​កាន់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​ខែ​មិនា​នេះ។​

«ក្រោយ​ពី​ចប់​ក្នុង​សប្តាហ៍​ក្រោយ​នេះ​គឺ​ច្បាប់​ទាំង​បីនឹង​ត្រូវ​បញ្ជូន​ព្រម​គ្នា​តែ​ម្តងទៅ​កាន់​គណៈ​អចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​និង​អនុម័ត»។

កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្នុង​វេទិកា​រាជ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​លើក​ទី​១៧ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ថា​ សេចក្តី​ព្រាង​ច្បាប់ទាំង​បី​គឺ​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំនិង​ការ​ប្រព្រឹត្តទៅ​នៃអង្គការ​តុលាការ​ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​នឹង​ត្រូវ​អនុម័ត​នៅ​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៤​នេះ។​

សហគមន៍​អន្តរជាតិ​បាន​ទាមទារ​ជា​ញឹក​ញាប់​នា​ពេល​កន្លង​មក​ ឲ្យ​ប្រទេស​កម្ពុជា​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​របស់​ខ្លួន ​ដែល​ទទួល​រង​ការរិះ​គន់​អំពី​អំពើ​ពុករលួយ​និង​លម្អៀងទៅ​រក​គណបក្ស​កាន់​អំណាច។​

លោក​ហ៊ុន សែន​ធ្លាប់​បាន​លើក​ឡើង​ថា​ សេចក្តី​ព្រាងច្បាប់​ទាំង​បី​ធានា​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ។​

លោក​យឹម សុវណ្ណ ​តំណាងរាស្ដ្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ ការ​កសាង​សេចក្តី​ព្រាងច្បាប់​គួរតែ​មាន​ការ​ផ្តល់​យោបល់​ទូលំទូលាយ​ ទើប​អាច​ធ្វើ​ការ​កែទម្រង់​មាន​ប្រសិទ្ធិ​ភាព ​ជា​ពិសេស​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដោយ​រដ្ឋ​សភា​ ដែល​មាន​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​អង្គុយ​បាន​ត្រឹមត្រូវ។​

«គ្រាន់តែ​កែ​ទម្រង់​លេងៗ​ ការ​កែទម្រង់​នោះ​មិន​មាន​ប្រសិទ្ធិ​ភាព​ទេ​ ទាល់​តែ​មាន​ភាគី​ពាក់​ព័ន្ធ​ចូល​ទៅ​ធ្វើ​ការ​ក្នុង​រដ្ឋ​សភា​មួយ​ដែល​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ»។​

ជាមួយ​គ្នានេះ​ លោក​មឿន តុលា ​ប្រធាន​កម្មវិធី​ផ្នែក​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ផ្តោត​លើភាព​ត្រឹមត្រូវ​របស់​រដ្ឋ​សភា​ក្នុង​ការ​អនុម័ត​ច្បាប់​នេះ​ដែរ។​

«ផ្តើម​ចេញ​ពី​ការ​បង្កើត​រដ្ឋ​សភា។ ​បើកាលណា​ភាព​ត្រឹម​ត្រូវ​របស់​រដ្ឋ​សភា​មិន​ទាន់​ចេញ​ស្រួល​បួលនោះ​ មាន​សញ្ញា​សួរ​ជា​បន្ត​បន្ទាប់​ ដូច​ជា​ការ​បង្កើត​រដ្ឋា​ភិបាល ​និង​បន្ទាប់​មក​ច្បាប់​ផ្សេងៗ​ដែល​បង្កើត​ដោយ​រដ្ឋា​ភិបាល​ដែល​នឹង​ត្រូវ​អនុម័ត ​ដោយ​រដ្ឋសភា​នោះ ​តើ​ច្បាប់​ទាំង​នោះ​នឹង​មាន​សុពល​ភាព​នៅ​ក្នុង​ការ​អនុវត្ត​ដែរ​ ឬ​យ៉ាងណា»។

នៅ​ក្នុង​ពេល​នេះ ​គណបក្សជាប់​ឆ្នោត​ទាំងពីរ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជាបាន​បន្ត​ការ​ចរចា​គ្នា​ឡើង​វិញ​ដើម្បី​ទម្លាយ​ភាព​ជាប់គាំង​នយោបាយ។​

ក៏​ប៉ុន្តែ​ប្រសិន​បើ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ទៀត​ ដំណោះ​ស្រាយ​នេះ​មិន​ចេញ​ជា​លទ្ធផល​នោះ​ទេ​ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀប​ចំនិង​ការ​ប្រព្រឹត្តទៅ​នៃអង្គការ​តុលាការ​ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​ការ​ការ​អនុម័តដោយ​រដ្ឋ​សភានោះ​ ​អាច​នឹង​ជួប​បញ្ហា​ប្រឈម ​ដោយ​ហេតុ​ថា​ គណបក្ស​ជំទាស់អាច​នឹង​នៅ​តែ​បន្ត​ពហិការ​កិច្ច​ប្រជុំ​សភា៕
XS
SM
MD
LG