ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះរាជ​អាជ្ញា​លុប​ចោល​ការចោទ​ប្រកាន់​អតីត​អភិបាល​ក្រុង​បាវិត​ពីបទ​បាញ់កម្មករ​


កម្មការិនី​ចំនួន​បីនាក់​បាន​រងរបួស​ក្នុងនោះ​ពីរ​នាក់​របួសធ្ងន់​ ដោយ​ត្រូវ​គ្រាប់​ពី​ខាង​ក្រោយ​ខ្នង​ធ្លាយ​ទៅ​ទ្រូង​និង​ធ្លាយ​ទៅ​ដៃ​ខាងស្តាំ។​
កម្មការិនី​ចំនួន​បីនាក់​បាន​រងរបួស​ក្នុងនោះ​ពីរ​នាក់​របួសធ្ងន់​ ដោយ​ត្រូវ​គ្រាប់​ពី​ខាង​ក្រោយ​ខ្នង​ធ្លាយ​ទៅ​ទ្រូង​និង​ធ្លាយ​ទៅ​ដៃ​ខាងស្តាំ។​
​ភ្នំពេញ​៖ លោក​ហ៊ីង ប៊ុន ជា​ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​ស្វាយរៀង​អះអាង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការបាញ់​ទៅលើ​បាតុករ​ទាំង​បីនាក់​កាលពី​ដើមឆ្នាំ​នេះ​មិន​បណ្តាល​មកពី​លោក​ឈូក បណ្ឌិត​នោះ​ទេ។​ ផ្ទុយទៅវិញ​វា​កើតចេញពី​ប្រភព​ផ្សេង​ទៀត។ ​ប៉ុន្តែ​លោក​ព្យាយាម​មិន​បញ្ជាក់​ច្បាស់លាស់​នោះ​ទេ។ លោកនិយាយថា៖ ​

«អំពើ​ហ្នឹង​មិនមែន​ជា​អំពើ​របស់​ឈូក ​បណ្ឌិត​ដែល​ខ្ញុំ​លើកលែង​ការ​ចោទប្រកាន់​នោះ​ទេ។ ​វា​ជា​សកម្មភាព​ផ្សេង​ទៀត​ដែល​ផ្អែកលើ​ភស្តុតាង​ជាច្រើន»។​

សេចក្តី​អះអាង​នេះ​ធ្វើឡើង​ស្របពេល​ដែលមាន​ការរិះគន់​ជាច្រើន​ចំពោះ​ការ​លុបចោល​បទ​ចោទ​ប្រឆាំង​អតីត​អភិបាល​ក្រុង​បាវិត​ដែល​ត្រូវ​សង្ស័យ​ថា​ បាន​បាញ់​កម្ម​ការិនី​វ័យក្មេង​ឲ្យ​របួស​ធ្ងន់​ចំនួន​បីនាក់​ និង​ស្រប​ពេលដែល​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​គ្រោង​នឹង​ស្នើ​ឲ្យ​មានការ​កោះ​អញ្ជើញ​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង​មក​សាកសួរ​ក្នុង​រដ្ឋសភា។​

កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១២​ កម្មករ​ប្រមាណ​១.០០០​នាក់​នៃ​រោងចក្រ​កៅ​វ៉េ​បាន​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​ក្នុង​រោងចក្រ ​ក្នុងពេលនោះ​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​បាញ់​ពីក្រោយ​ខ្នង​បាតុករ។ ​កម្មការិនី​ចំនួន​បីនាក់​បាន​រងរបួស​ក្នុងនោះ​ពីរ​នាក់​របួសធ្ងន់​ ដោយ​ត្រូវ​គ្រាប់​ពី​ខាង​ក្រោយ​ខ្នង​ធ្លាយ​ទៅ​ទ្រូង​និង​ធ្លាយ​ទៅ​ដៃ​ខាងស្តាំ។​

លោក ​ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​អ្នក​កាសែត​ថា​ ខ្មាន់កាំភ្លើង​គឺ​ជា​អភិបាលក្រុង​បាវិត​នៅ​ពេលនោះ​ គឺ​លោក​ឈូក បណ្ឌិត។​

ប៉ុន្តែ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ចោទប្រកាន់​លោក​ឈូក បណ្ឌិត​ត្រឹមតែ​ការបង្ក​របួស​ស្នាម​ដោយ​អចេតនា​តែ​ប៉ុណ្ណោះ។​

រហូតដល់​ថ្ងៃ​សុក្រ​ទី១៤​ខែធ្នូ​ លោក​ព្រះរាជ​អាជ្ញា​ហ៊ីង ប៊ុន​ជា​បាន​សម្រេច​លុបចោល​ការ​ចោទប្រកាន់​នេះ​វិញ ​ដោយ​សំអាង​ថា ​តុលាការ​ពុំបាន​រក​ឃើញ​ភស្តុតាង​ដែល​ចង្អុល​ថា​ លោក​ឈូក បណ្ឌិត​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា​នេះ​ទេ។​

សេចក្តី​សម្រេច​បានធ្វើ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​ជន​រងគ្រោះ ​ពី​កម្មករ​រោងចក្រ​កាត់ដេរ​និង​សមាគម​កម្មករ​រោងចក្រ​ រួមទាំង​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ ដោយ​សង្ស័យ​ថា​ ការ​សម្រេច​នេះ​ទទួលរង​អន្តរាគមន៍​ពី​មជ្ឈដ្ឋាន​អ្នកមាន​អំណាច​ ដោយ​ពួកគេ​លើក​ឡើង​ថា​ ក្រោយពី​ការបាញ់​ប្រហារ​ដោយ​បើកមុខ​លើ​ហ្វូង​កម្មករ​នោះ ​មាន​តំណាង​រាស្ដ្រ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​ និង​ឧបនាយក​រដ្ឋមន្ដ្រី​មួយ​រូប​ក្នុង​គណបក្ស​ដដែល​ រួមទាំង​ប៉ូលិស​មូលដ្ឋាន ​បាន​ព្យាយាម​ជួយ​សម្រួល​ដោយ​បញ្ចុះ​បញ្ចូល​ឲ្យ​ជនរងគ្រោះ​ទាំង​បី​បោះបង់​គំនិត​ប្តឹង​ប្រឆាំង​នឹង​លោក​ឈូក បណ្ឌិត​ជា​ថ្នូរ​ទៅ​នឹង​លុយ​និង​ម៉ូតូ​មួយគ្រឿង។​

លោក​សុន ឆ័យ ​ប្រធាន​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​សម រង្ស៊ី​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ​លោក​នឹង​ធ្វើ​លិខិត​មួយច្បាប់​ទៅកាន់​ប្រធាន​រដ្ឋសភា​លោក​ហេង សំរិន ​នៅ​ថ្ងៃស្អែក​ដើម្បី​ស្នើ​ឲ្យ​មាន​ការ​កោះ​អញ្ជើញ​ប្រធាន​តុលាការ​ខេត្ត​ស្វាយ​រៀង​មក​បំភ្លឺ​អំពី​ការ​សម្រេច​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក​ឈូក​ បណ្ឌិត​នេះ។​

«យើង​ចង់​ឲ្យ​អ្នក​ទទួល​ខុសត្រូវ​ផ្នែក​តុលាការ​ខេត្ត​មក​បំភ្លឺ​ឲ្យ​យើង​ដឹង​ផ្ទាល់​ថា​ តើ​ការ​សម្រេច​នេះ​មាន​លក្ខណៈ​បែប​ម៉េច។ ​តើ​មាន​ការ​បង្ខិតបង្ខំ​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ឬ​ទេ​ក្នុង​ការ​ដែល​ខ្លួន​កាត់​សេចក្តី​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់ ឲ្យ​មានការ​អស់​សេចក្តីទុក​ចិត្ត​ពី​សាធារណជន​និង​សង្គម​ស៊ីវិល​បែប​ហ្នឹង»។​

ថ្លែង​តាម​ទូរ​ស័ព្ទ​ លោក​ហ៊ីង ប៊ុនជាដែល​ជាព្រះរាជ​អាជ្ញា ​បាន​ច្រានចោល​ការ​សង្ស័យ​ថា​ លោក​ទទួល​រង​សម្ពាធ​ពី​អ្នកមាន​អំណាច​នោះ។

«យើង​អត់​មាន​ឈរលើ​គោល​ការ​ថា​ ស្តាប់​បញ្ជា​របស់​អ្នកណា​ទេ។ ​ខ្ញុំ​បាន​ប្រកាន់​ជំហរ​មួយ​ថា​ ខ្ញុំ​នឹង​ពិនិត្យ​លើ​បណ្តា​ភស្តុតាង​ទាំងអស់​ដែល​នៅក្នុង​សំណុំ​រឿង»។

យ៉ាងណាក៏ដោយ​ ក្រុម​កម្មការិនី​រងគ្រោះ​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​ទម្លាក់​ការ​ចោទប្រកាន់​ប្រឆាំង​លោក​ឈូក បណ្ឌិត​នេះ។
លោក​ព្រះរាជ​អាជ្ញា​ហ៊ីង ប៊ុន​ជា​ឲ្យ​ដឹងថា​ លោក​មិនទាន់​បាន​បញ្ជូន​បណ្តឹង​នេះ​ទៅកាន់​សាលា​ឧទ្ធរណ៍​នៅ​ឡើយ​ទេ​ ហើយ​លោក​នឹង​បញ្ជូន​ក្នុង​ពេល​ឆាប់ៗ​នេះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG