ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាចារ្យ​បារាំង​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង​របប​ខ្មែរ​ក្រហម


លោក​ហ្វ្រ​ង់​ស័​រ ប៉ុង​ស្សូ ​
លោក​ហ្វ្រ​ង់​ស័​រ ប៉ុង​ស្សូ ​
ភ្នំពេញ៖ «ខ្មែរក្រហម​ធ្វើ​ឲ្យ​យើង​ព្រឺ​សាច់។ គ្រាន់តែ​មើល​យើង​ដូចជា​គេ​បាញ់​ដោយ​ភ្នែក»។
លោក​ហ្វ្រ​ង់​ស័​រ ប៉ុង​ស្សូ(François Ponchaud) គ្រូ​ប្រដៅ​សាសនា​កាតូលិក​នៅ​កម្ពុជា​បាន​រៀបរាប់​ក្នុង​សវនាការ​ក្នុង​អង្គជំនុំ​ជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​អង្គារ​នេះ​អំពី​ការបណ្តេញ​ប្រជាជន​ចេញពី​ក្រុងភ្នំពេញ​របស់​ពួក​ខ្មែរក្រហម​និង​ការចាប់ផ្តើម​ប្រព្រឹត្ត​ព្រៃផ្សៃ​របស់​ពួក​កុ​ម្មុយ​នីស្ត​អាវខ្មៅ​នេះ។

លោក​ហ្វ្រ​ង់​ស័​រ ប៉ុង​ស្សូ ​អាយុ​៧៤ឆ្នាំ​បានមក​ដល់​ប្រទេស​កម្ពុជា​នៅ​ខែវិច្ឆិកា​ឆ្នាំ១៩៦៥​ហើយ​បាន​រស់នៅ​រហូត​ដល់​ខ្មែរក្រហម​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ។

អាចារ្យ​សាសនា​រូបនេះ​បាន​ស្ថិតនៅ​ក្រោម​របប​ខ្មែរក្រហម​បាន​រយៈពេល​ពីរ​សប្តាហ៍។ គាត់​និយាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់ជំនាញ។ ព្រមទាំង​បាន​បដិសេធ​និយាយ​ភាសា​បារាំង​ដែលជា​ភាសា​កំណើត​របស់​គាត់​នៅក្នុង​សវនាការ​ទៀត​ផង។ គាត់​ត្រូវ​ការ​និយាយ​ភាសា​ខ្មែរ​ដោយ​ខ្លួនឯង។

«ថ្ងៃ១៧ ​ខ្មែរក្រហម​ជម្លៀស​ប្រជាជន​ទៅ​អស់​យ៉ាងហោច​ណាស់​នៅ​ស្ថានីយ៍​រថភ្លើង​ទៅដល់​វិមានឯករាជ្យ ព្រះបរមរាជវាំង ក្រមួនស ទទេរ​ស្អាត ឥតមាន​មនុស្ស​ទាល់តែសោះ។ ហើយ​ខ្មែរក្រហម​យក​កាំ​ភ្លើង​វាយ​ទ្វារ ​យក​អីវ៉ាន់​ដែល​នៅ​កណ្តាល​ផ្លូវ»។

យ៉ាងណា​ក៏ដោយ​សា​ក្សី​ដដែល​ដែល​បាន​វិល​ត្រឡប់មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​ក្រោយពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​រហូតមក​ដល់ពេលនេះ​គាត់​បាន​ចំណាយពេល​រស់ក្នុង​ប្រទេស​កម្ពុជា​ជាង៣០ឆ្នាំ​ហើយ។

សក្ខីកម្ម​របស់​លោក​ហាក់ដូចជា​បាន​បដិសេធ​ថា​ខ្មែរក្រហម​បាន​កាប់សម្លាប់​ប្រជា​ពលរដ្ឋ​ភ្លាមៗ​ក្រោយពី​ពួកគេ​ឡើងកាន់​អំណាច​នៅ​ថ្ងៃទី១៧​ខែមេសា​ឆ្នាំ១៩៧៥។

សា​ក្សី​ជា​ច្រើន​កាលពី​ពេលមុន​បញ្ជាក់​ថា​កងទ័ព​ខ្មែរក្រហម​បាន​បាញ់សម្លាប់​ពលរដ្ឋ​ណា​ដែល​រឹងរូស​មិន​ព្រម​ចេញពី​ទីក្រុង​ភ្នំពេញ​ឬ​ដោយសារតែ​ពលរដ្ឋ​ទាំងនោះ​ជា​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​របស់លោក​សេនាប្រមុខ​លន់ នល់​ឬ​ជា​កង​ទាហាន​លន់ នល់។

លោក​ប៉ុង​ស្សូ ​និយាយថា​លោក​មិន​បានឃើញ​ការសម្លាប់​នោះទេ​ក្នុងអំឡុងពេល​មានការ​ជម្លៀស
ប្រជាពលរដ្ឋ​ចេញពី​ក្រុងភ្នំពេញ​នោះ។ ប៉ុន្តែ​លោក​បាន​ឃើញថា​កងទ័ព​ខ្មែរក្រហម​ចាប់​ឆែកឆេរ​រថយន្ត​និង​សម្រាត​ខោអាវ​កង​ទាហាន​លន់ នល់។

ដូច​សាក្សី​មុនៗ​ដែរ ​អាចារ្យ​កាតូលិក​រូបនេះ​បញ្ជាក់​ថា​កង​ទ័ព​ខ្មែរក្រហម​ភាគច្រើន​ក្មេងៗ​និង​ជា​«មនុស្ស​ល្ងង់»។

លោក​បញ្ជាក់​បន្ថែម​ថា​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​បាន​ជឿ​ស៊ុប​លើ​ពួក​ខ្មែរក្រហម​ហើយ​ផ្តល់​ក្តី​រំពឹង​លើ​ការដឹកនាំ​របស់​ពួក​កុ​ម្មុយ​នីស្ត​ដោយសារ​អស់សង្ឃឹម​នឹង​របប​ដឹកនាំ​លោក​លន់​នល់​ដែល​គេ​និយាយ​ថា​មានការ​ជិះជាន់ ​ប្រមាថ​មើលងាយ​និង​អំពើ​ពុករលួយ។

លោក​ហ្វ្រ​ង់​ស័​រ ប៉ុង​ស្សូ ​និយាយថា​លោក​អាច​ឃើញ​ការកាប់​សម្លាប់​និង​ការបំផ្លិច​បំផ្លាញ​របស់​ពួក​ខ្មែរក្រហម​ពីរ​ឆ្នាំមុន​ពួកនេះ​ឡើងកាន់​អំណាច។

«តាំងពី​ឆ្នាំ១៩៧៣ ​យើង​ដឹង​ច្បាស់​អំពី​អ្វីដែល​ខ្មែរក្រហម​ធ្វើ​នៅ​វាលស្រែ។ យើង​ដឹង​កាលណា គេ​ចាប់ គេ​យក​ភូមិ​មួយ ​គេ​ដុត​ផ្ទះ ​គេ​សម្លាប់​មេភូមិ ​ហើយ​អ្នក​ដែលមាន​អំណាច ​ហើយ​គេ​ជម្លៀស​ប្រជាជន​នៅក្នុង​ព្រៃ»។

ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​ទាក់ទង​នឹង​ប្រវតិ្ត​សាស្ដ្រ​ប្រទេស​ខ្មែរ​ជាច្រើន​នៅក្នុង​នោះ​មាន​សៀវភៅ​ដែល​និយាយ​រៀបរាប់​ពីរ​បប​ខ្មែរក្រហម​ដែលមាន​ចំណងជើង​ថា«ប្រទេស​កម្ពុជា ​ឆ្នាំ​សូន្យ» ​លោក​ហ្វ្រ​ង់​ស័​រ ប៉ុង​ស្សូ ​បាន​រិះគន់​ដល់​កងទ័ព​វៀតណាម​ដែល​«ចូលលុកលុយ​ប្រទេស​កម្ពុជា»​និង​ការទម្លាក់​គ្រាប់បែក​របស់​កងទ័ព​អាមេរិកាំង​ដែល​លោក​ចាត់ទុកថា«ជា​ទង្វើ​សាហាវ»។
ក្រៅពីនោះ​សា​ក្សី​ដដែល​បាន​រិះគន់​យ៉ាង​ធ្ងន់​មាត់​លើ​អង្គការ​សហ​ប្រជាជាតិ​ចំពោះ​ការកាត់ទោស​ខ្មែរក្រហម​ដែល​អង្គការ​សហ​ប្រជាជាតិ​ខ្លួនឯង​ធ្លាប់​គាំទ្រ​នោះ៕
XS
SM
MD
LG