ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​កម្ពុជា​បញ្ចប់​ការ​ស៊ើបអង្កេត​លើ​ករណី​បាត់​ខ្លួន​សកម្មជន​ថៃ​នៅ​ភ្នំពេញ


រូបឯកសារ៖ សកម្មជនថៃកាន់រូបថតលោក Wanchalearm Satsaksit ដែលបានបាត់ខ្លួននៅប្រទេសកម្ពុជា ក្នុងអំឡុងការប្រមូលផ្តុំគ្នាមួយ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ សកម្មជនថៃកាន់រូបថតលោក Wanchalearm Satsaksit ដែលបានបាត់ខ្លួននៅប្រទេសកម្ពុជា ក្នុងអំឡុងការប្រមូលផ្តុំគ្នាមួយ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

អាជ្ញាធរ​កម្ពុជា​និយាយ​ថា ​ពួកគ​បាន​បិទ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​បាត់​ខ្លួន​សកម្មជន​ថៃ​លោក Wanchalearm Satsaksit ដែល​ត្រូវ​បាន​ចាប់​ពង្រត់​ដាក់​ក្នុង​រថយន្ត នៅ​កន្លែង​លោក​រស់​នៅ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ កាល​ពី ​៤ ​ឆ្នាំ​មុន។

សាក្សី​ធ្លាប់​ប្រាប់​វីអូអេ​ថា​លោក Wanchalearm Satsaksit ត្រូវ​បាន​ចាប់​ពង្រត់ កាលពី​ថ្ងៃ​ទី​ ៤ ខែ​មិថុនា ឆ្នាំ​ ២០២០ ដោយបុរស ​៣ ​នាក់ ​បាន​ចាប់​រូប​លោក​បញ្ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Highlander​ ពណ៌​ខ្មៅ នៅ​ខាង​មុខ​ខុនដូ​មួយ​ឈ្មោះ​ថា ​Mekong Gardens។

អស់​រយៈ​ពេល​ជិត​ ៤ ​ឆ្នាំ អាជ្ញាធរ​កម្ពុជា​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា ​ពួកគេ​មិន​អាច​បញ្ជាក់​សូម្បី​តែ​ឈ្មោះ​ថា​សកម្ម​ជន​ថៃ​នោះ​ពិត​ជា​ស្នាក់​នៅ​ខុនដូ​នោះ​ឬយ៉ាងណា ហើយ​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​រថយន្ត​ដែល​លោក​ត្រូវ​បាន​ចាប់​ពង្រត់​នោះ ក៏​មិន​មាន​ដែរ។

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វីអូអេ​ថា៖ «ម្ចាស់​ទីតាំង​គេ​បញ្ជាក់​ថា​អត់​មាន​មនុស្ស​ហ្នឹង​នៅ​ទេ ហើយ​សៀវភៅ​បញ្ជី​ដែល​យើង​មើល​ហ្នឹង វា​គ្មាន​ឈ្មោះ​ហ្នឹង​មែន»។

លោក​បន្ថែម​ថា៖ «យើង​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​ស្ថាប័ន​តុលាការ​សព្វ​គ្រប់​អស់​ហើយ ការ​ស៊ើប​អង្កេត​ត្រូវ​បាន​បញ្ចប់​»។

ខណៈ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​បែប​នេះ ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​តុលាការ​បាន​បិទ​សំណុំ​រឿង​នេះ​ឬយ៉ាងណា ក្រោយ​បាន​កោះ​ហៅ​ក្រុមគ្រួសារ និង​មេធាវី​របស់​សកម្មជន​នោះ​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាល​ពី​ចុង​ឆ្នាំ ​២០២០។

លោក សំ ចំរើន មេធាវី​របស់​ក្រុម​គ្រួសារ​សកម្មជន​នោះ​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​ថា ​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​ឡើយ​ពី​តុលាការ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

ក្រុម​គ្រួ​សារ​របស់​សកម្មជន​និង​ក្រុម​អ្នក​តស៊ូ​មតិ​បាន​រិះគន់​កង្វះ​នូវ​តម្លាភាព​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ ហើយ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថៃ​ឲ្យ​ដាក់​គំនាប​លើ​កម្ពុជា​លើ​ករណី​នេះ។

បងស្រី​របស់​សកម្មជន​ថៃ អ្នកស្រី Sitanun Satsaksit ប្រាប់​វីអូអេ​ថា​៖ «វា​មាន​រយៈ​ពេល ​៤ ​ឆ្នាំ​ហើយ។ ខ្ញុំ​ចង់​ឲ្យ​ពួកគេ[អាជ្ញាធរ​កម្ពុជា]ប្រាប់​មក​គ្រួសារ​អំពី​អ្វី​ដែល​បាន​កើត​ឡើង ថា​តើ​ការ​ស៊ើប​អង្កេត​បាន​លទ្ធផល​ដូច​ម្តេច​ហើយ។ វា​មិន​គួរ​មាន​ការ​លាក់​បាំង​ត​ទៅ​ទៀត​ឡើយ»។

អ្នកស្រី Sitanun Satsaksit ដែលជាបងស្រីរបស់សកម្មជនថៃលោក Wanchalearm Satsaksit ធ្វើបាតុកម្ម​ នៅទីក្រុងបាងកក ប្រទេសថៃ កាលពី​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកស្រី Sitanun Satsaksit ដែលជាបងស្រីរបស់សកម្មជនថៃលោក Wanchalearm Satsaksit ធ្វើបាតុកម្ម​ នៅទីក្រុងបាងកក ប្រទេសថៃ កាលពី​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤។

កាល​ពី​ថ្ងៃ​ទី​ ៥ ខែ​មីនា ឆ្នាំ​ ២០២៤ គណៈ​កម្មាធិការ​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​ការ​បាត់​ខ្លួន​ដោយ​បង្ខំ បាន​អំពាវ​នាវ​ឲ្យ​កម្ពុជា​ធានា​ថា​ការ​ចោទ​ប្រកាន់​នៃ​ការ​បាត់​ខ្លួន​សកម្ម​ជន​ថៃ​ត្រូវ​បាន​ស៊ើប​អង្កេត​ជា​បន្ទាន់​និង​ហ្មត់ចត់ មាន​ប្រសិទ្ធ​ភាព និង​មិន​លម្អៀង។ គណៈ​កម្មាធិការ​នេះ​ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ជូន​ដំណឹង​ទៅ​គ្រួសារ​របស់​សកម្មជន​ថៃ​នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​នេះ។

នៅ​អង្គការ​សហប្រជាជាតិ តំណាង​កម្ពុជា​បាន​ថ្លែង​ថា​តុលាការ​កម្ពុជា​កំពុង​បន្ត​ស៊ើប​អង្កេត​លើ​ករណី​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នោះ ហើយ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​កម្ពុជា​នៅ​តែ​រក​មិន​ឃើញ​ថា​មាន​តួ​អង្គ​រដ្ឋ​ពាក់​ព័ន្ធ​នឹង​ករណី​ចាប់​ពង្រត់​នេះ។

អ្នកស្រី Pornpen Khongkachonkiet នាយិកា​នៃ​មូលនិធិ Cross Cultural Foundation ក្នុង​ប្រទេស​ថៃ​ដែល​ផ្តល់​មេធាវី​តំណាង​គ្រួសារ​របស់​សកម្មជន​ថៃ​និយាយ​ថា ​អាជ្ញាធរ​កម្ពុជា​គួរ​តែ​បើក​ចំហ​បន្ថែម​ទៀត​អំពី​អ្វី​ដែល​ពួកគេ​ដឹង​ហើយ​បង្ហាញ​អំណះអំណាង​ថា ​មិន​មាន​តួ​អង្គ​រដ្ឋ​ណា​ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​នេះ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «ការ​ស៊ើប​អង្កេត​ករណី​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​មិន​អាច​លើក​ឡើង​ថា​ជា​រឿង​សម្ងាត់​ឡើយ»។

លោក Wanchalearm គឺ​ជា​អតីត​និស្សិត​ដែល​បញ្ចប់​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ ហើយ​លោក​បាន​ធ្វើ​ការ​នៅ​ក្នុង​ផ្នែក​មិន​គិត​កម្រៃ​ជា​ច្រើន មុន​នឹង​ប្រឡូក​នឹង​រឿង​នយោបាយ ដោយ​បានធ្វើ​ការ​ជាមួយ​គណបក្ស​ភឿ​ថៃ។ នេះ​បើ​តាម​មិត្តភក្តិ និង​សាច់ញាតិ​របស់​សកម្មជន​រូប​នោះ។

បន្ទាប់​ពី​មាន​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​ ២០១៤ លោក Wanchalearm បាន​គេច​ខ្លួន​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​គេ​មិន​ដឹង​ពេល​វេលា​ជាក់​លាក់​ឡើយ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​សកម្មជន​ថៃ​រូប​នោះ​បាន​ទទួល​ទិដ្ឋាការ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​ ២០១៧ ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ថា ​តើ​លោក​រស់​នៅ​ទីណា​ឡើយ។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​ ២០២០ បងស្រី​របស់​សកម្មជន​ថៃ​និង​ក្រុម​មេធាវី បាន​មក​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ភស្តុតាង​លើ​ករណី​នេះ រួម​ទាំង​លិខិត​ឆ្លង​ដែន​របស់​លោក​ជា​ជនជាតិ​ខ្មែរ។

បើ​តាម​មេធាវី អយ្យការ​សាលា​ដំបូង​បាន​ចោទ​ប្រកាន់​លើ​«អញ្ញត្រជន»​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​និង​ភិនភាគ​ក្នុង​សំណុំ​រឿង​បាត់​ខ្លួន​នេះ ដែល​បើក​ផ្លូវ​ឲ្យ​ចៅក្រម​ស៊ើបសួរ​អាច​កោះ​ហៅ​អ្នកស្រី Sitanun និង​មេធាវី មក​កម្ពុជា ដើម្បី​បំភ្លឺ។ បទ​ចោទ​ទាំង​នោះ​រួមមាន «ការ​ចាប់ ឃុំឃាំង និង​បង្ខាំង ដោយ​ខុស​ច្បាប់» និង «ការ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត»។ នេះ​បើ​តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​ដែល​វីអូអេ​ទទួល​បាន​កាល​ពី​កន្លង​មក។

មេធាវី​របស់​សកម្មជន​ថៃ​និយាយ​ថា​ពួកគេ​មិន​ទទួល​បាន​ដំណឹង​អ្វី​សោះ ចាប់​តាំង​ពី​បង្ហាញ​ខ្លួន​នៅ​តុលាការ។

អ្នកស្រី Pornpen Khongkachonkiet មេធាវី​របស់​គ្រួសារ​សកម្មជន​ថ្លែង​ថា៖ «ប៉ូលិស​កម្ពុជា​ប្រាប់​យើង​ថា​ពួកគេ​មិន​បាន​រក​ឃើញ​អ្វី​ឡើយ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន បាន​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​កុម្ភៈ បងស្រី​របស់​សកម្មជន​ថៃ អ្នកស្រី Sitanun បាន​ព្យាយាម​ផ្ញើ​សារ​ទៅ​អតីត​នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន ពេល​លោក​ទៅ​ជួប​អតីត​នាយករដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន នៅ​ទីក្រុង​បាងកក ប៉ុន្តែ​អ្នកស្រី​មិន​អាច​ផ្ញើ​សារ​បាន​សម្រេច​ឡើយ​កាល​នោះ ដោយសារ​អ្នកស្រី​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច។

កូនស្រី​របស់​លោក ថាក់ស៊ីន អ្នកស្រី Paethongtharn Shinawatra មេដឹកនាំ​គណបក្ស​ភឿថៃ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី ​១៨ ដល់​ថ្ងៃ​ទី​ ១៩ ខែ​មីនា ខាង​មុខ តាម​ការ​អញ្ជើញ​របស់​លោក ហ៊ុន សែន។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ អ្នកនាំពាក្យ​គណបក្ស​ភឿ​ថៃ លោក Danuporn Punnakan បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​សួរ​អំពី​ការ​បាត់​ខ្លួន​របស់​លោក Wanchalearm ថា​ តើ​មន្រ្តី​ថៃ​នឹង​ពិភាក្សា នៅ​ពេល​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ឬយ៉ាង​ណា។

អ្នកនាំពាក្យ​រូប​នោះ​និយាយ​ថា​មន្រ្តី​នឹង​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច​និង​សង្គម ជាជាង​លើក​ឡើង​អំពី​បញ្ហា​របស់​បុគ្គល​ឯកជន។ ប៉ុន្តែ​លោក​ថា ​បើ​ករណី​នេះ​មាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន គណៈ​កម្មាធិការ​ប្រតិបត្តិ​របស់​គណបក្ស​នឹង​ពិចារណា​លើក​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​មន្រ្តី​កម្ពុជា​នា​ពេល​ខាង​មុខ។

បងស្រី​របស់​សកម្មជន​ថៃ អ្នកស្រី Sitanun បង្ហាញ​ការ​ខក​ចិត្ត​នឹង​ការលើក​ឡើង​នេះ ហើយ​បញ្ជាក់​ថា៖ «សូម​កុំ​ភ្លេច​ថា​លោក Wanchalearm គឺ​ជា​ជនជាតិ​ថៃ​ម្នាក់​ដែរ»៕

XS
SM
MD
LG