ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប៉ះ​ទង្គិច​នៅ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ


មន្ត្រី​អង្កការ​សង្គម​ស៊ីវិល​ដើរ​ក្បួន​ដង្ហែរ​តាម​ទីសារេធារណៈ
មន្ត្រី​អង្កការ​សង្គម​ស៊ីវិល​ដើរ​ក្បួន​ដង្ហែរ​តាម​ទីសារេធារណៈ
ភ្នំពេញ៖ តំណាង​អង្កការ​សង្គមស៊ីវិល​ក្នុង​ស្រុក​ មន្ត្រី​ជាន់​ខ្ពស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក និង​ក្រុម​កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​ថ្ងៃ​ចន្ទនេះ បាន​ដើរ​ក្បួន​ដង្ហែរ​ដោយ​សន្តិវិធី​ចេញ​ពី​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ឆ្ពោះ​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ចូលរួម​ខួប​លើទី​៦៤​នៃ​ទិវា​សិទ្ឋិ​មនុស្ស​អន្តរជាតិ។​
ស្រប​ពេល​ដែល​មន្ត្រី​អង្កការ​សង្គម​ស៊ីវិល​ដើរ​ក្បួន​ដង្ហែរ​តាម​ទីសារេធារណៈ ក្រុមអាជ្ញាធរ​មាន​សមត្ថកិច្ច​ជា​ច្រើន​រាប់​សឹប​នាក់​បាន​រាំង​ខ្ទប់​មិន​ឲ្យ​អ្នក​ភូមិ​បឹងកក់​ដែល​រង​គ្រោះ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​មិន​ឲ្យ​ប្រារព្វ​ទិវា​សិទ្ឋិ​មនុស្ស​អន្តរជាតិ និង​ដាក់​ញ្ញត្តិ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ទាម​ទារ​ឲ្យ​វាស់​ព្រំប្រទល់​ដី​ជាង​១២​ហិកតា។ ការរាំង​នេះ​បាន​បណ្តាល​ឲ្យ​ស្រ្តីម្នាក់​ដួល​សន្លប់ និង​សម្ថកិច្ច​ចាប់​ខ្លួន​មន្រ្តី​អង្កការ​ក្រៅរដ្ឋា​ភិបាល​ម្នាក់​ដោយសារ​មន្ត្រី​រូប​នោះ​បាន​ថតរូបលោក​ជួន សុវណ្ណ ដែល​ជា​ស្នង​ការ​នគរបាល​ក្រុង​ភ្នំពេញ​ដែល​ទើប​តែ​ឡើង​កាន់​តំណែង។​
ការ​ចាប់​ខ្លួន​មន្ត្រី​អង្កការ​ក្រៅ​រដ្ឋាភិបាល​នេះ​ត្រូវ​បាន​ដោះលែង​មក​វិញ​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​ដែល​ពោពេញ​ទៅ​ដោយ​កំហឹង​បាន​ទៅ​ស្រែក​ទាម​ទារ​នៅ​ពី​មុខ​នគរបាល​សង្កាត់​ស្រះ​ចក។ ចំណែក​ឯ​ក្រុម​តំណាង​អង្កការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ឋិ​មនុស្ស​ក្នុង​ស្រុក​បាន​ដើរ​ក្បួន​ដង្ហែរ​ដោយ​មិន​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ទេ។ ក្បួន​ដង្ហែរ​នេះ​បាន​មក​ជួប​ប្រជុំគ្នា​នៅ​សួន​ប្រជា​ធិបេតយ្យ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក។​
លោក ចេហ្វ ដេហ្គល (Jeff Daigle) ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​ពិធី​នោះ​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​អ្នកគាំពារ​សិទ្ឋិ​មនុស្ស និង​ធ្វើការ​ជាមួយ​សកម្មជន​និង​អង្កការ​សង្គម​ស៊ីវិល​ទាំង​ឡាយ​នៅ​កម្ពុជា​ក៏ដូច​ជាក្នុង​ពិភពលោក​ដើម្បី​កសាង​សមត្ថភាព​ជន​កម្ពុជា​ក្នុងការ​លើក​ស្ទួយ​សិទ្ឋិ​មនុស្ស​ជាមូលដ្ឋាន។​
«ថ្ងៃនេះ​យើង​បន្តខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​រូប​ទទួល​បាន​សិទ្ឋិ​សេរីភាព​មិន​ថា ពួកគេ​ជា​នណាឬ​ក៏រស់​នៅ​ទី​កន្លែង​ណា​នោះឡើយ។ សិទ្ឋិមនុស្ស​រួម​មាន៖ សិទ្ឋិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តិចទៀន​ សេរីភាព​ក្នុង​ការ​ប្រជុំ និង​ការ​ប្រកាន់​យក​នូវ​ជំនឿ​សាសនាផង​ដែរ»។​
លោក​ធន សារាយ​ប្រធាន​សមាគម​សិទ្ឋិ​មនុស្ស​អាដហុក​បាន​និយាយ​ថា ឆ្នាំនេះ​យើង​ចង់ធ្វើ​យុទ្ឋនាការ​ឲ្យ​ក្រុម​មនុស្ស​សំខាន់​ទាំង​នេះ​មាន​ការទទួល​ខុសត្រូវ​និង​ចូល​រួម​កិច្ចការ​សារធារណៈ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ពីព្រោះ​ថា បើ​គិតតែ​ពី​ការ​រក​ប្រាក់​ចំណេញ​សម្រាប់​ខ្លួន​ដោយមិន​គិត​ពីផល​ប៉ះពាល់​ដល់​សង្គម និង​បរិស្ថាន​នោះ សង្គម​នឹង​ជួប​ការ​រំលោភ​សិទ្ឋិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ។
«រដ្ឋ​ត្រូវ​តែដាក់​ទណ្ឌកម្ម​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​សហគ្រាស​ណារ​ដែល​នៅ​តែ​ផ្គើន រំលោភ​សិទ្ឋិ​របស់​កម្មករ​កម្មការីនី ឬ​រដ្ឋត្រូវ​តែ​ដក​ហូត​អាជ្ញាបណ្ណ​ពី​ក្រុម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឬអាជីវកម្ម​រ៉ែណាដែល​មិន​គោរព​លក្ខណ​សំខាន់ៗ​ដែល​មាន​នៅ​ក្នុង​កិច្ច​សន្យា​ដូចជា​នៅ​តែ​មាន​ការ​រំលោភ​បំពាន​លើសិទ្ឋិ​ដីធ្លី​ផ្ទះ​សម្បែង​របស់​សហគម​ជន​រងគ្រោះ​ជាដើម»។
អ្នក​ស្រី​វ៉ែន សាមីន តំណាង​ជន​ជាតិដើម​ភាគ​តិច​នៅ​កម្ពុជា​បាន​និយាយ​ថា ក្រុម​ហ៊ុន និង​អ្នក​វិនិយោគ​មួយ​ចំនួន​ដែល​បាន​ទទួល​អាជ្ញាបណ្ណ​ពី​រដ្ឋាភិបាល​លើ​ការ​អនុវត្ត​ដី​សម្បទាន​សេដ្ឋកិច្ច ការ​កសាង​ទំនប់​វារី​អគ្គសនី និង​ការធ្វើ​អាជីវកម្មរ៉ែ​បាន​ធ្វើ​ឲ្យប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការ​រស់​នៅ វប្បធម៌​និង​ប្រពៃណី​ជន​ជាតិ​ដើម​ភាគតិច។​
សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​តំណាង​អង្កការ​សង្គម​ស៊ីវិល​បង្ហាញ​ថា​ការ​គោរព​សិទ្ឋិ​មនុស្ស​មិន​មែន​ជាការ​ធ្វើឡើង​តាម​ការ​ស្ម័គ្រ​ចិត្ត​នោះ​ទេ តែ​ជាការ​តម្រូវ​ឲ្យ​មានការ​ប្តេជ្ញា​ចិត្ត​ពីធុរកិច្ច។​សេចក្តីថ្លែង​ការណ៍​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​អនុម័តច្បាប់​ និង​បទ​បញ្ញាត្តិនានា​ ហើយ​បង្កើត​យន្តការ​សម្រាប់​ការពារ​ទប់​ស្កាត់​ការរំលោភ​សិទ្ឋិ​មនុស្ស។ នៅក្នុង​ពិធី​សម្ពោធការ​សាង​សង់ផ្សារ​ទំនើប​របស់​ជប៉ុន លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ទទួល​ស្គាល់​ថា​ រដ្ឋាភិបាល​ពិត​ជា​មាន​ចំណុច​ខ្វះខាត​លើ​ការរំលោភសិទ្ឋិ​មនុស្ស​ពិត​ប្រាកដ​មែន៕​
XS
SM
MD
LG