ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​រស់​នៅ​​អគារ​ប៊ូលឌីង​បារម្ភ​អំពី​ព័ត៌មាន​​កម្ទេច​អគារ​នេះ​ចោល


ទិដ្ឋភាព​ជា​ទូទៅ​នៃ​អគារ​ប៊ូលឌីង​និង​អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូលឌីង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)
ទិដ្ឋភាព​ជា​ទូទៅ​នៃ​អគារ​ប៊ូលឌីង​និង​អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូលឌីង​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)

ពលរដ្ឋ​រស់​នៅ​ក្នុង​អគារ​ប៊ូលឌីង​ White Building ភាគ​ច្រើន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ នៅ​ពេល​បានឮ​ពាក្យ​មិន​ផ្លូវ​ការ​ថា​ ​សាលាក្រុង​គ្រោង​នឹងកម្ទេច​អគារ​ដែល​ពួក​គេ​កំពុង​រស់​នៅ​នេះ​ ហើយ​នឹង​ជម្លៀស​ពលរដ្ឋ​ឲ្យ​ទៅ​រស់​នៅក្រៅ​រាជធានី​ភ្នំពេញ។​ សង្គម​ស៊ីវិល​ទាមទារ​កុំ​ឲ្យ​រដ្ឋាភិបាលកម្ទេច​អគារ​ប្រវត្តិសាស្ត្រ​នេះ។​ ក៏​ប៉ុន្តែអាជ្ញាធរ​ក្រុង​ភ្នំពេញនិយាយ​ថា គ្មាន​គម្រោង​កម្ទេច​អគារ​អ្វី​ឡើយ។​

ដូច​សព្វ​មួយ​ដង​ដែរ​ ម៉ោង​ប្រមាណ​ជា២​រសៀល​ អ្នក​ស្រី​យឹម រី​បាន​ចាប់​ផ្ដើម​រៀបចំ​ប្រដាប់ប្រដា​ និង​សម្ភារៈ​ផ្សេងៗ​ដើម្បី​ចាប់ផ្តើមលក់​បបរ​គ្រឿង និងស៊ុប​នៅ​លើ​កំណាត់​ផ្លូវទល់​មុខ​អគារប៊ូលឌីង ឬ​ White ​Building ​ដែល​ជា​អគារ​ចំណាស់​បំផុត​មួយ​ដែល​នៅ​សេស​សល់​ក្នុង​រាជធានី​ភ្នំពេញ។

អ្នក​ស្រី​ និង​ក្រុម​គ្រួសារបាន​មក​រស់​នៅ​ក្នុង​បន្ទប់​មួយ​នៃអគារ​ប៊ូលឌីង​នេះ​អស់​រយៈ​ពេល​ជាង២០ឆ្នាំ​មក​ហើយ។

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ សាលា​រាជធានី​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ប្រជា​ពលរដ្ឋនៅ​ទី​នេះ​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ថ្មី​ ហើយ​អគារ​ចំណាស់​ជាង​៦០​ឆ្នាំ​នេះ​នឹង​ត្រូវ​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​ឯក​ជន​មួយ។ ​ដោយ​ឡែក​អគារ​ប៊ូលឌីង ​ដែល​សាងសង់​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​នៃ​ទស​វត្ស​ឆ្នាំ​១៩៦០ទំនង​ជា​ត្រូវ​វាយ​កម្ទេចចោល​ទាំង​ស្រុង។

កម្រង​រូបថត៖ ទិដ្ឋភាព​ទូទៅ​នៃ​អគារ​ប៊ូលឌីង

កំពុង​រង់​ចាំ​អតិថិជន​នោះ អ្នកស្រី​យឹម រីបាន​និយាយ​ថា​ គាត់​មិន​បាន​ដឹង​អ្វី​ច្បាស់​ឡើយ​ពីគម្រោងនេះ​ទេ។​

ពាក់អាវ​ដៃ​ខ្លី​ពណ៌​ក្រហម​ក្រមៅ​ ស្ត្រី​វ័យ​៥៥​ឆ្នាំរូប​នេះហាក់​បីដូច​ជា​មិន​សូវ​ខ្វាយ​ខ្វល់​ពី​គម្រោង​នៃ​ការ​ជម្លៀសពលរដ្ឋ​ចេញពី​អគារ​ប៊ូលឌីង​ឡើយ។

គាត់​គ្រាន់​តែ​បញ្ជាក់​ថា ប្រសិន​បើ​រឿង​នោះ​កើត​ឡើង​មែន គាត់​សុខ​ចិត្ត​ចេញប្រសិនអាជ្ញាធរ​ផ្ដល់​ជា​ជម្រក​រស់នៅ​ និង​ទីតាំង​ថ្មី​ដែល​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ត្រឹមត្រូវ​ដល់​រូប​គាត់។​

«ខ្ញុំ​ពិបាក​ចិត្ត​ដែរ មិន​ដឹង​ទី​ជម្រកទៅ​នៅ​ទីណា​ ហើយ​វា​យ៉ាង​ម៉េច។​ ​ប្រសិន​បើ​គេ​ឲ្យ​នៅ​ទី​ហ្នឹង​រហូត ខ្ញុំ​ក៏​ស្រួល​ក្នុង​ការ​រស់​នៅ​ហ្នឹង​ដែរ»។​ ​

កម្រង​រូបថត៖ ជីវភាព​ទូទៅ​នៃ​អ្នក​រស់​នៅអគារ​ប៊ូលឌីង

តាម​ពិត​ទៅ​អ្នក​ស្រី​ស្ថិត​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​១០​នាក់​ផ្សេង​ទៀត ដែល​វីអូអេ​បាន​ធ្វើ​ការ​សាកសួរ ហើយ​ដែល​រស់​នៅ​ក្នុង​អគារ​ប៊ូលឌីង ហើយ​ឆ្លើយ​ថា​ មិន​បាន​ដឹងជាក់លាក់​អ្វី​ឡើយអំពី​គម្រោង​នៃ​ការ​កម្ទេច​អគារ​ និង​ការ​ជម្លៀសប្រជា​ពលរដ្ឋ​ចេញ​នោះ។

បណ្តាញ​ផ្សព្វផ្សាយព័ត៌មាន​បានដក​ស្រង់​សម្ដីរបស់​លោក​ប៉ា​ សុជាតិវង្ស​អភិបាល​ក្រុង​ភ្នំពេញ​ដែល​ថា ​សំណង់​អគារនេះនឹង​ត្រូវ​កម្ទេច​ចោល​ ហើយ​ប្រហែល​ជាទុក​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍគឺ​ក្រុមហ៊ុន​វិនិយោគទុន​ Overseas​ Cambodia​ Investment ​Corporation​ (OCIC)​ សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ ខណៈ​ពេល​ដែល​ប្រជា​ពលរដ្ឋសរុប​ជាង៦០០​គ្រួសារ​រស់​នៅ​ក្នុង​អគារប៊ូលឌីង​នឹង​ត្រូវ​ផ្លាស់​ឲ្យ​ទៅ​រស់​នៅ​ក្នុងសំណង់​អគារ​សាងសង់ដោយ​ក្រុមហ៊ុននៅ​ក្រៅ​រាជធានី​ភ្នំពេញវិញ។​

ក្នុង​ការ​ដកស្រង់​សម្ដី​ដដែល​កាល​ពី​ដើម​ខែ​កញ្ញា ​លោក​អភិបាល​ក្រុងបាន​បញ្ជាក់​ពី​មូលហេតុ​ដោយ​លើក​ឡើង​ថា អគារ​ប៊ូលឌីង​មាន​សភាព​ទ្រុឌទ្រោម​ ហើយ​ដល់​ពេល​ដែល​ត្រូវ​កម្ទេច​ចោល។​

អគារ​ប៊ូលឌីង​ ឬ White Building​ ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៦៣​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​គ្រប់គ្រង​ដោយ​អតីត​ព្រះ​មហា​ក្សត្រ​ព្រះបាទ​នរោត្តម​សីហនុ។

អគារ​ប្រវត្តិសាស្ត្រ​មួយ​នេះ​សាងសង់​ដោយ​ស្ថាបត្យករខ្មែរ​មួយ​រូប​គឺ​លោកលូ បានហាប់​ ​និងជន​ជាតិ​រុស្ស៊ី​ម្នាក់​ទៀត​លោក​ Vladimir ​Bodiansky ​ក្រោម​ការ​ប្រឹក្សា​ផ្ទាល់ដោយ​លោកវណ្ណ​ ម៉ូលីវណ្ណ។​ លោក​វណ្ណ ម៉ូលីវណ្ណ​គឺ​ស្ថាបត្យករ​ដ៏​ល្បី​មួយ​រូប​ដែល​បានធ្វើសំណង់​អគារ​ប្រវត្តិសាស្ត្រ​ធំៗ​ជា​ច្រើន ​ដូចជាពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច​ សាល​សន្និសីទ​ចតុមុខ​ ផ្សារ​ធំ​ថ្មី និងរោង​ល្ខោន​ទន្លេ​បាសាក់​ជាដើម។​ ​ប៉ុន្តែ​ស្នាដៃ​របស់​លោក​វ៉ាន់ ម៉ូលីវណ្ណ​មួយ​ចំនួន​ត្រូវ​បោះ​បង់​ចោល​ ឬកំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង។​

អគារ​ប៊ូលឌីង​នេះ​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​សុធារស​ និង​ស្ថិត​នៅភាគ​ខាងត្បួង​នៃ​ព្រះ​មរម​រាជវាំង​ក្រុង​ភ្នំពេញ។ ​អគារ​នេះមានបន្ទប់​រហូត​ដល់៤៦៨​បន្ទប់ និងបង្កើត​ឡើងក្នុង​គោល​ដៅ​ដើម្បី​ផ្ដល់​ជា​កន្លែង​ស្នាក់​នៅ​ដល់មន្ត្រី​រាជការ​ក្នុង​សង្គមរាស្ដ្រ​និយម​ ដូចជាក្រុម​អ្នក​តន្ត្រី​ ​សិល្បករ​ និង​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​មាន​កម្រិត​ជីវភាព​រស់នៅថ្នាក់​មធ្យម។​

ប៉ុន្តែ​ក្រោយ​ពី​របបខ្មែរ​ក្រហម​ដួល​រលំ ​អគារ​នេះ​បាន​ក្លាយ​ជា​ជម្រក​រស់​នៅ​ចម្រុះ​របស់​ប្រជា​ពល​រដ្ឋ​សរុប​ជាង​២៥០០​នាក់។​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ចំណោម​នេះ​ជាអ្នក​មាន​ អ្នក​ក្រីក្រ​ អ្នក​ប្រកប​មុខរបរ​ក្រៅ​ប្រព័ន្ធ ​ជាគ្រូ​បង្រៀន សិល្បករ​ និងមួយ​ចំនួន​តូច​ជាស្ត្រី​ ឬ​បុរសរក​ស៊ី​ផ្លូវ​ភេទ​ជា​ដើម។

គួរ​រំឭក​ថា​ ការ​អភិវឌ្ឍ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ធ្វើ​ឲ្យប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍ជាច្រើនរង​ការ​ប៉ះពាល់។ ​សហគមន៍​ខ្លះ​ទទួល​បាន​សំណង​ត្រឹម​ត្រូវ។ ​ប្រជា​ពលរដ្ឋជា​ច្រើនម៉ឺន​នាក់​ត្រូវ​បណ្តេញ​ចេញ​ដោយ​បង្ខំ​តួយ៉ាង​ដូចជា​សហគមន៍​បុរី​កីឡា​ បឹង​កក់ ​សម្បុក​ចាប​ និង​ដីក្រហម​ជា​ដើម។​ ហើយទី​បញ្ចប់​ ​ពួកគេត្រូវ​ទៅនៅ​ទីតាំង​ដាច់​ស្រយាល​ គ្មាន​ហេដ្ឋារចនា​សម្ព័ន្ធគ្មានសាលា​រៀន​ ​គ្មាន​មន្ទីរ​ពេទ្យ​ជាដើម។​

ទោះបី​ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​អគារ​ប៊ូលឌីង​ភាគ​ច្រើន​ហាក់មិន​បាន​ដឹង​អំពីពាក្យ​សម្ដី​មិន​ផ្លូវ​ការអំពី​គម្រោង​នៃ​ការ​កម្ទេច​អគារ​ប៊ូលឌីង​ចោល​យ៉ាង​ណា​ក្ដី​ ពលរដ្ឋ​ទាំង​នោះ​ហាក់​សម្ដែងការ​ព្រួ​យ​បារម្ភ​ថា ប្រសិន​បើ​មានការ​ជម្លៀស​ពួក​គេ​ចេញ​ពីទីតាំង​ដែល​ពួក​គេ​កំពុង​រស់​នៅ​មែន​នោះ​ ​ពលរដ្ឋដែល​ភាគ​ច្រើន​ជា​អ្នក​ក្រីក្រ​អាច​នឹង​ប្រឈម​ជា​មួយ​បញ្ហា​ច្រើន​នៅ​ទី​តាំង​ថ្មី​ដែល​ក្រុមហ៊ុនផ្ដល់​ឲ្យ។​

កំពុង​អង្គុយដេរ​សម្លៀកបំពាក់​នៅ​ក្នុង​អគារ​ប៊ូលឌីង​ជាន់​ទី​៣​ ​អ្នក​ស្រី​មឿន​ សុផល​គឺ​ជា​អតីត​មន្ត្រី​រាជការ​ដែលចូល​និវត្តន៍។​ ​គាត់​បានមក​រស់​នៅ​ក្នុង​អគារប៊ូលឌីង​អស់​រយៈ​ពេល​ជិត​៤០ឆ្នាំ​មក​ហើយ។​ ​ជា​ម្ដាយ​នៃ​កូន​ពីរ​នាក់​ គាត់និយាយ​ថា​ ​គាត់​បាន​ដឹងដំណឹង​ខ្លះៗ​តាម​ការ​និយាយ​តៗ​គ្នា​ថា​ ​រដ្ឋាភិបាល​គ្រោង​នឹងកម្ទេចអគារ​ប៊ូលឌីង​ចោល​ ហើយ​ពលរដ្ឋ​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ជម្លៀសឲ្យ​ទៅ​រស់​នៅ​ក្នុង​សង្កាត់​ជ្រោយ​ចង្វា។​ ​ ក៏ប៉ុន្តែ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះមិន​បាន​ឃើញមាន​ក្រុម​អាជ្ញាធរ​ណា​ចុះ​មក​សាកសួរ​ប្រជា​ពលរដ្ឋ​អ្វី​ឡើយ។​

អ្នក​ស្រី​បន្ថែម​ថា ​ពលរដ្ឋ​ភាគច្រើន​ហាក់​មិន​ជំទាស់​នឹង​គម្រោងរបស់រដ្ឋាភិបាល​ទេ​ ក៏ប៉ុន្តែ​ពលរដ្ឋ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា​ ​ទីតាំង​ថ្មីនឹងបង្ក​ការ​លំបាកដល់ពលរដ្ឋ​ក្នុង​ការរស់​នៅ​ រកស៊ី និង​ជា​ពិសេសក្មេងៗ​ ដែល​អាច​ប្រឈម​នឹង​ការ​បាត់​បង់​ការ​សិក្សា។​

«ប៊ូលឌីង​នេះ​វា​ស្រួល វា​នៅ​កណ្ដាល​ក្រុង ហើយ​ម្យ៉ាងខ្ញុំមក​រស់​នៅ​តាំង​ពីឆ្នាំ​១៩៧៩។​ ​ ​ដល់​អញ្ចឹង​ការ​រស់នៅ​វា​ស្រួល ​ដោយ​យើង​រស់នៅជិត​កន្លែង​ទាំង​អស់។​ ពលរដ្ឋ​ភាគ​ច្រើន​អត់​ចង់​ទៅ​ទីណា​ក្រៅ​ពី​ប៊ូលឌីង​នេះ​ទេ ​ប្រសិន​បើ​រដ្ឋាភិបាលអត់​ត្រូវ​ការ។​ ​ចង់​នៅ​ទីនេះ។​ កុំ​ថា ប៊ូលឌីង​នេះ​ពុក ​ស្រាំ​គឺ​អត់​អ្វី​ទាំង​អស់»។​

លោក​ហែម​ លែម​ អាយុ​៥៣​ឆ្នាំ​គឺ​ជា​អតីត​ពលរដ្ឋក្នុង​សហគមន៍​ដី​ក្រហម ​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋានជាច្រើន​ឆ្នាំ​មក​ហើយ។​

លោកបានមក​ជួល​បន្ទប់ស្នាក់​នៅ​ក្នុង​អគារ​ប៊ូលឌីង​នេះ​ ក្រោយ​ពី​លោក​ពិបាក​រស់​នៅ​ក្នុង​ទីតាំង​ថ្មី​ដែលត្រូវ​ដោះដូរ​នោះ។​

«យើង​អ្នក​ក្រីក្រ​ ជួល​ផ្ទះ​ប៊ូលឌីង​ហ្នឹង​វា​បាន​ថោក​បន្តិច។ ​បើ​គ្មាន​ប៊ូលឌីង​ហ្នឹង​ទេ​ប្រហែល​ជា​អ្នក​ក្រីក្រ ​ដូច​ខ្ញុំ​អញ្ចឹង​ ​មិន​បាន​នៅ​ហ្នឹង​ទេ។​ ​គេ​ខ្លាច​យក​គេ​ទៅ​ចោល​ ទឹកក៏​គ្មាន ​សាលារៀន​ក៏​គ្មានអ្វីៗ​ក៏​គ្មាន។​ ​អញ្ចឹងបាន​ពលរដ្ឋ​គេមិន​ចង់​ចេញហ្នឹង»។​

ផ្នែក​ខាង​ក្រៅ​ភាគច្រើន​នៃ​អគារ​ប៊ូលឌីងបាន​ចាប់​ផ្ដើម​ដុះ​ស្លែពណ៌​ខ្មៅ​ប្រតាក​ហើយ​រង​ការ​បែកបាក់ដោយ​អន្លើៗ។ ​អគារ​នេះ បើ​គេ​ក្រឡេក​មើល​មួយ​ភ្លែត​ហាក់​ដូចជា​អគារ​ដែល​ត្រូវ​បោះ​បង់​ចោល​កណ្តាល​ទី​ក្រុង ​នៅ​ក្នុង​ចំណោម​អគារ​ថ្មីៗ ​ប្រណិតៗ​ ដែល​មាន​ពណ៌​ឆើតឆាយ​ដែល​រីក​ដុះដាល​ព្រោង​ព្រាត។​

សកម្មភាព​នៃ​ការ​លក់​ដូរតាម​ចិញ្ចើម​ផ្លូវ​មានត​កន្ទុយ​គ្នា​ ពី​ដើម​អគារ​រហូត​ដល់​ចុង​អគារ។​ ​ ​ ហើយគេ​អាច​ឃើញ​គំនរ​សម្រាមជា​ច្រើន​កន្លែងនានា​នៅ​តាម​បណ្ដោយ​ផ្លូវ​ចូល​ទៅ​ក្នុង​អគារ។ ​ហើយ​ប្រជា​ពលរដ្ឋ​បាន​យកផ្នែក​ខាង​ក្រៅ​នៃ​អគារ​ជា​ទីតាំងសម្រាប់​ព្យួរ​ខោអាវ​រណែងរណោង​ ​និង​បដា​ផ្សេងៗ។

កំពុង​អង្គុយ​ចិត​បន្លែ​នៅ​ក្បែរ​ជណ្ដើរ​ឡើង​នៃ​អគារ​ប៊ូលឌីង​ជាន់​ទី​៣​ អ្នក​ស្រី​ហ៊ុន សារ៉េន​បាន​មក​រស់​នៅ​ជា​មួយ​បងស្រី​របស់​អ្នក​ស្រីក្នុង​អគារ​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ។ អ្នក​ស្រី​អះអាង​ថា​ ​បើ​ទោះបីជា​អគារ​នេះ​មាន​លក្ខណៈ​ចាស់​បន្តិច​មែន ប៉ុន្តែគ្រឹះ​នៃ​អគារ​នៅ​រឹងមាំ​នៅ​ឡើយ។

គាត់​រអ៊ូ​រទាំ​មិន​ចង​ចាក​ចេញ​ទៅ​រស់​នៅ​កន្លែង​ថ្មី​ឡើយ។​

«ព្រោះ​កូន​ចៅ​រៀន​សូត្រ។ ​នៅ​ហ្នឹង នៅស្រួលណា​អូន ជិត​សាលារៀន​ ជិត​វត្ត​អារាម​ ទាំង​អស់​ហ្នឹង។​ ក៏ប៉ុន្តែ​បើ​រដ្ឋ​ថា ​គាត់​ចង់​បាន​ហើយ យើងសុំ​តែសំណង​សមរម្យ​ ឲ្យ​ស្រប​ច្បាប់​ ពីព្រោះ​ផ្ទះ​នេះ​មិន​មែន​នៅ​ដោយ​ចិត្ត​ឯង​ទេ ​នៅ​តាម​ក្រសួង​ដែល​គេ​ចែក​ឲ្យ​យើង​ កន្លែង​ធ្វើ​ការ​ងារនៅ​ជិត»។

លោកអ៊ី សារុំ​ នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាង​ត្នោត​បាន​ចេញ​សេចក្ដីអំពាវនាវ​ឲ្យរដ្ឋាភិបាល​កម្ពុជារក្សា​ទុក​អគារ​ប៊ូលឌីង​ ដោយ​ហេតុថា​ អគារ​នេះ​ស្ថិត​ក្នុង​សំណង់​អគារ​ប្រវត្តិ​សាស្ត្រ​មួយ​របស់​កម្ពុជា ហើយ​ម្យ៉ាង​ស្ថាន​ភាពអគារ​នោះនៅ​ល្អ​នៅ​ឡើយ។​

អង្គការ​របស់​លោក​បាន​ធ្វើ​ការ​រយៈ​ពេល​ជាង៣​ឆ្នាំ​មក​ហើយ​ចុះ​ទៅ​ជួសជុល​ផ្នែក​ខ្លះ​នៃ​អគារ​ប៊ូលឌីង។​ ​លោក​បន្ត​ថា ​រដ្ឋាភិបាល​គប្បី​ចាត់​ឲ្យ​មាន​ក្រុម​ការ​ងារដែល​មាន​ការចូលរួម​ពី​ប្រជា​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​សិក្សា​ពី​ស្ថានភាព​ជាក់ស្ដែងរបស់​អគារ។

លោក​អ៊ី សារុំ​ ​ព្រួយ​បារម្ភ​ថា​ ការ​បណ្តេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​ទីនេះ​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ច្រំ​ដែល​ដូច​ការ​បណ្តេញ​ចេញ​មុនៗ​ដែរ។​

«សាលា​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​រដ្ឋាភិបាល ​គ្មាន​ប្រវត្តិ​បង្ហាញ​ពី​ភាព​ជាក់លាក់​ដល់​ប្រជា​ពលរដ្ឋ​ទេ។​ ​គាត់​និយាយ​ឲ្យ​តែ​ល្អ​ស្ដាប់​ ​ពីរោះ​ស្ដាប់។ ​ក៏ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​ ប្រជា​ពលរដ្ឋ​គាត់​ជួប​បញ្ហា​កាន់តែអាក្រក់ជាងកន្លែង​ចាស់​ ដែល​គាត់​ធ្លាប់​រស់នៅទៅ​ទៀត។​

លោក​ប៉ែនសិរីបញ្ញា​ វិស្វករ​ម្នាក់​ ដែល​ធ្វើ​ការក្នុង​គម្រោងរបស់​លោក​វណ្ណ​ ម៉ូលីវណ្ណ ថ្លែង​ថា​ ប្រសិន​បើ​មាន​ជម្រើស​ផ្សេង​ រដ្ឋាភិបាល​គួរ​ពិចារណា​រក្សា​អគារ​ប្រវត្តិ​សាស្ត្រ​នេះ​ទុក។​

«អគារ​ហ្នឹង​វា​តំណាង​ឲ្យ​ស្ថាបត្យកម្ម​ទំនើប​របស់​ខ្មែរ ជា​អគារ​ដែល​ទាក់ទង​នឹង​ប្រវត្តិ​សាស្ត្រ​របស់​ខ្មែរ​ ហើយ​បើ​យើង​បាត់បង់​វា​ បាន​ន័យថា ​យើង​បាត់បង់​ប្រវត្តិ​សាស្ត្រ​ទីក្រុង​ភ្នំពេញ​យើង»។​

ទោះបីជា​យ៉ាង​ណា​ក្ដី​ បន្ទាប់​ពីមាន​ការ​ចុះ​ផ្សារសម្ដី​របស់​លោក​ប៉ា​ សុជាតិ​វង្ស អំពី​គម្រោងកម្ទេច​អគារ​ប៊ូលឌីង​ចោល​ អ្នក​នាំ​ពាក្យ​នៃ​សាលាក្រុង​ភ្នំពេញ​លោកឡុង​ ឌីម៉ង់បាន​ទាត់​ចោលព័ត៌មាន​ដែល​ថា​ អគារ​ប៊ូលឌីង​នឹង​ត្រូវ​កម្ទេច​ចោល​នោះ។ លោក​ហៅការ​ដកស្រង់​សម្ដី​របស់លោកអភិបាល​ក្រុង​ប៉ា សុជាតិវង្សកន្លង​មក​ថា ជាភាន់​ច្រឡំ។

«អត់​មានផង។ បើ​អត់​មាន​គម្រោង​ការ​អី​ផង​ ធ្វើ​ម៉េច​អាច​ដំណើរ​ការ​បាន។​ ​អត់​មានទេ។​ បក​ស្រាយ​ខុស ហើយ​នាំ​គ្នាផ្អើល​លាន់»។

ក៏ប៉ុន្តែ​លោក​ស៊ឹង​ ​សុច្ចរ៉ា​ ​អនុប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម​និងសំណង់រាជធានី​ភ្នំពេញ​ ថ្លែង​ថា​ អគារប៊ូលឌីង​ White​ Building ​នេះ​មាន​លក្ខណៈ​ចាស់​ទ្រុឌទ្រោម​ហើយ​ ហើយ​សាលា​ក្រុង​មាន​ការ​ព្រួយ​បារម្ភ​ថា​ ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​អគារ​អាច​នឹង​រង​គ្រោះ​ថ្នាក់។​

លោក​បញ្ជាក់​ថា សាលា​ក្រុង​ធ្លាប់​បាន​ចុះ​ទៅ​ធ្វើ​ការ​សិក្សា​អំពី​អគារ​នោះ​ច្រើនលើកមក​ហើយ​ដែរ។​

​ក៏​ប៉ុន្តែ​លោកបានបដិសេធ​មិន​ធ្វើ​អធិប្បាយ ថា​តើ​សាលាក្រុង​មាន​គម្រោងបណ្តេញប្រជា​ពលរដ្ឋ​ចេញ​ ឬ​អាគារ​នោះនឹង​ត្រូវ​កម្ទេច​ចោល​ឬ​យ៉ាងណា​ទេ៕

XS
SM
MD
LG