ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ភូមិ​បឹងកក់​ តវ៉ា​ទាមទារ​សំណង​បន្ថែម ចំពោះ​ការ​បណ្ដេញ​ពួកគេ​ចេញ​ពី​លំនៅដ្ឋាន


រូបឯកសារ៖ សកម្មជន​ដី​ធ្លីតំបន់​បឹង​កក់​ និង​អ្នកស្រី ​ទេព វណ្ណី​ ប្រមូល​ផ្តុំ​នៅ​ពី​ក្រោម​ក្លោង​ទ្វារ​ចូល​ទៅ​ក្នុង​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​២​​ ខែ​មីនា ឆ្នាំ​២០១៦។​ (ហ៊ុល​ រស្មី/VOA)
រូបឯកសារ៖ សកម្មជន​ដី​ធ្លីតំបន់​បឹង​កក់​ និង​អ្នកស្រី ​ទេព វណ្ណី​ ប្រមូល​ផ្តុំ​នៅ​ពី​ក្រោម​ក្លោង​ទ្វារ​ចូល​ទៅ​ក្នុង​តុលាការ​កំពូល កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​២​​ ខែ​មីនា ឆ្នាំ​២០១៦។​ (ហ៊ុល​ រស្មី/VOA)

បន្ទាប់​ពី​តំណាង​ស្ថានទូត​អាមេរិក ​បាន​ចេញ​មក​ទទួល​ញត្តិ​ ​អតីត​អ្នក​ភូមិ​បឹងកក់​ បាន​ដង្ហែ​ក្បួន​បាតុកម្ម​របស់​ពួកគេ​ទៅ​មុខ​ការិយាល័យ​របស់​ធនាគារ​ពិភព​លោក​ជា​ថ្មី​ទៀត។

ស្ត្រី​អតីត​អ្នក​ភូមិ​បឹងកក់​ប្រមាណ​៥០​នាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​ទៀត​នៅ​មុខ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ស្នើ​ឱ្យ​ប្រទេស​មហា​អំណាច​នេះ​ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ធនាគារ​ពិភពលោក ​ដើម្បី​ឲ្យ​ប្រជាជន​១៦៩​គ្រួសារ ​បាន​ទទួល​ប្រាក់​សំណង​បន្ថែម​ពី​លើ​សំណង​ចំនួន​៨ពាន់​ដុល្លារ​អាមេរិក ​និង​លុយ​ខ្មែរ​២​លាន​រៀល​កាល​ពី​ឆ្នាំ​២០០៩​ និង​ឆ្នាំ​២០១០។

ក្នុង​ពេល​តវ៉ា​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​នៅ​មុខ​ធនាគារ​ពិភព​លោក​នៅ​ថ្ងៃ​ច័ន្ទ​នេះ ស្ត្រី​ទាំង​នេះ​ ក៏​បាន​ដុត​ក្រមា ហើយ​ខ្លះ​បាន​ដោះ​អាវ​ដុត។ ពេល​ពួក​គេ​រៀបចំ​ដុត​កង់ឡាន​ មន្ត្រី​សន្តិសុខ​ និង​អាជ្ញាធរ​ក្រុង​បាន​រារាំង។

អ្នកស្រី ​អឹម ស្រីទូច​ អាយុ​៤២​ឆ្នាំ​ តំណាង​អតីត​អ្នក​ភូមិ​បឹងកក់ ​ដែល​មក​តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក​ បាន​ប្រាប់​ VOA​ ថា ​ពួកគេ​សង្ឃឹម​ថា​ សហរដ្ឋ​អាមេរិក អាច​ធ្វើ​អន្តរាគមន៍​ទៅ​ធនាគារ​ពិភព​លោក និង​រដ្ឋាភិបាល។

«សហរដ្ឋ​អាមេរិក​ និង​ធនាគារ​ពិភពលោក​គឺ​ពាក់​ព័ន្ធ​គ្នា​យ៉ាង​ស្អិត​ល្មួត​ដោយ​សារ ​បើ​យើង​និយាយ​ឲ្យ​ចំ​ទៅ​គឺ​ថា ​អាមេរិក​គឺ​គាត់​សឹង​ថា ​ប្រធាន​ធនាគារ​ពិភព​លោក​ ព្រោះ​ថា​ គាត់​ឲ្យ​លុយ​ទៅ​ធនាគារ​ពិភព​លោក​ច្រើន​ជាង​គេ»។

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​លោក ​Jay R Raman ​បាន​ឆ្លើយ​តាម​សារ​អេឡិចត្រូនិក​មក​ថា ​ជា​ធម្មតា​ដោយ​មិន​មាន​ការ​រើសអើង​ ស្ថានទូត​អាមេរិក តែងតែ​ទទួល​ញត្តិពី​ក្រុម​ទាំងអស់​ ​ដែល​មក​ស្ថានទូត​នេះ ដើម្បី​សុំ​អន្តរាគមន៍ ឬ​សម្ដែង​មតិ​ផ្សេងៗ។

ទោះ​ជា​យ៉ាង​ណា​ក្តី​ លោក​មិន​មាន​អត្ថាធិប្បាយ​ណា​មួយ​ជុំវិញ​ការ​ស្នើ​សុំ​របស់​ក្រុម​អ្នក​ភូមិ​ទាំង​នេះ។

អ្នកស្រី​ ស៊ា ណារ៉េត ​អាយុ​៥៨​ឆ្នាំ​ គឺ​ជា​តំណាងម្នាក់​ទៀត​របស់​បាតុករ។​ អុ្នក​ស្រី​នៅ​ក្នុង​ចំណោម​បាតុករ​បី​នាក់​ ដែល​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​មួយ​រយៈ​ខ្លី​ ដោយ​សារ​តែ​ការ​ប៉ុនប៉ង​ដុត​កង់ឡាន​នៅ​ពេល​តវ៉ា​នេះ។

អ្នកស្រី​បាន​ប្រាប់​ VOA ​ថា​ អតីត​អ្នក​ភូមិ​បឹងកក់ ខឹង​នឹង​ធនាគារ​ពិភព ​ព្រោះ​ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​នេះ​ មិន​អនុវត្ត​គម្រោង​ឆ្នាំ​២០០៦​ ដែល​ធនាគារ​នេះ​គ្រោង​ផ្ដល់​ប្រាក់​កម្ចី​២៦​លាន​ដុល្លារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​ផ្ទះ​សម្បែង​សម្រាប់​ប្រជាជន ដែល​រស់​នៅ​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​នេះ។

«រដ្ឋាភិបាល​យក​លុយ​ធនាគារ​នេះ​ទៅ​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​បឹងកក់។​ ពួក​ខ្ញុំ​រង​គ្រោះ​ដោយ​សារ​លុយ​របស់​ធនាគារ​ហ្នឹង​ ដែល​បាន​ផ្ដល់​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​បណ្ដេញ​ពួក​ខ្ញុំ​ចេញ​ហ្នឹង»។

បន្ទាប់​ពី​តំណាង​ស្ថានទូត​អាមេរិក ​បាន​ចេញ​មក​ទទួល​ញត្តិ​ ​អតីត​អ្នក​ភូមិ​បឹងកក់​ បាន​ដង្ហែ​ក្បួន​បាតុកម្ម​របស់​ពួកគេ​ទៅ​មុខ​ការិយាល័យ​របស់​ធនាគារ​ពិភព​លោក​ជា​ថ្មី​ទៀត។

ពួក​គេ​បាន​ដុត​ក្រមា ​និង​ត្រៀម​ដុត​កង់ឡាន​ ប៉ុន្តែ​ពួក​គេ​មិន​បាន​គប់​ពងមាន់ ​ពង​ទា​លើ​ស្លាក​សញ្ញា​របស់​ធនាគារ​ពិភព​លោក ដូច​ពេល​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ​ទេ។

មិន​មាន​អ្នក​តំណាង​របស់​ធនាគារ​ពិភពលោក​ចេញ​មក​ទទួល​ញត្តិ​ ឬ​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​ក្រុម​បាតុករ​ទេ​ គឺ​មាន​តែ​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​ មក​រារាំង​បាតុករ​តែ​ប៉ុណ្ណោះ។

​អតីត​អ្នក​រស់​នៅ​ក្នុង​សហគមន៍​បឹងកក់​ចំនួន​១៦៩​គ្រួសារ​ ត្រូវ​បង្ខំ​ចិត្ត​ទទួល​សំណង​ ហើយ​ទៅ​រស់នៅ​បុរី​សន្តិភាព​២ ​ដែល​គេ​ស្គាល់​ឈ្មោះ​ថា តំបន់​ដំណាក់​ត្រយឹង ​ជាយ​រាជធានី​ភ្នំពេញ។ ​

ក្រុម​អ្នក​ភូមិ​ទាំង​នេះ​ និយាយ​ថា ​ពួកគាត់​មិន​អាច​រស់នៅ​ទីតាំង​ថ្មី​នោះ​បាន​ទេ ​ព្រោះ​វា​ឆ្ងាយ​ពី​សេវា​សាធារណៈ​ ដូចជា​សាលារៀន​ និង​មន្ទីរ​ពេទ្យ​ជាដើម​ ហើយ​ក៏​គ្មាន​ការងារ​ធ្វើ​ដែល​អាច​រស់​បាន​នៅ​ទី​នោះ​ដែរ៕

XS
SM
MD
LG