ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken រិះគន់​ខ្លាំង​​ដល់​​ចំណងទាក់ទង​ខាង​យោធា​រវាង​រុស្សី​​និង​កូរ៉េខាង​ជើង​ដែល​«រីក​ចម្រើន​​និង​មាន​គ្រោះថ្នាក់»


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថ្លែងក្នុងសន្និសីទកាសែតជាមួយនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថ្លែងក្នុងសន្និសីទកាសែតជាមួយនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បានថ្កោលទោសអ្វី​ដែល​លោកនិយាយថា​ជា​កិច្ច​សហ​ប្រតិបត្តិការ​យោធារវាង​កូរ៉េខាង​ជើង​និង​រុស្ស៊ី​ដែល«រីក​ចម្រើននិង​មាន​គ្រោះថ្នាក់»​នៅ​ក្រោយ​មាន​របាយការណ៍​ថារដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​បាន​ផ្គត់ផ្គង់អាវុធ​ឱ្យ​សង្គ្រាម​របស់​រដ្ឋាភិបាលក្រុង​មូស្គូ​នៅ​ប្រទេស​អ៊ុយក្រែន។​

លោក​ Blinken ​បានមាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​កាសែត​មួយ​ក្នុងក្រុង​សេអ៊ូល​ក្រោយ​ជំនួប​ជា​មួយ​រដ្ឋមន្ត្រី​ការបរទេសកូរ៉េខាង​ត្បូង​លោក Park Jin ​ថា​«នេះ​ជាបញ្ហានាំឱ្យ​មាន​កង្វល់​ខ្លាំងសម្រាប់​យើង​ទាំងពីរ​នាក់និង​ប្រទេសឯទៀតៗនៅ​ទូទាំង​ពិភពលោក‍»។

ទីភ្នាក់ងារចារកម្ម​ជាន់ខ្ពស់នៃ​ប្រទេស​កូរ៉េខាង​ត្បូងមាន​ជំនឿ​ថា​កូរ៉េខាង​ជើង​បាន​បញ្ជូនគ្រាប់កាំភ្លើង​ធំ​ជាង​មួយ​លាន​គ្រាប់ទៅ​ឱ្យ​រដ្ឋាភិបាល​ក្រុងមូស្គូ​ចាប់តាំង​ពី​ដើម​ខែ​សីហា-ដែល​ទីភ្នាក់ងារ​នេះ​និយាយ​ថាជា​ការផ្គត់ផ្គង់​សម្រាប់​រយៈពេល​ប្រមាណ​ពីរ​ខែ​ដល់​សង្គ្រាម​របស់​រុស្ស៊ី។

លោក Blinken បាននិយាយថា​ជាថ្នូរ ​រុស្ស៊ីផ្តល់​«បច្ចេកវិទ្យា​និង​ការគាំទ្រ‍»​ដល់​កម្មវិធីយោធារបស់​កូរ៉េខាង​ជើង-ទោះ​ជា​លោក​មិន​បាន​ថ្លែង​បន្ថែម​ឱ្យ​បាន​លម្អិត​ក៏ដោយ។

លោក​ Blinken បាន​ថ្លែង​ថា​សហរដ្ឋ​អាមេរិក កូរ៉េខាងត្បូងនិងប្រទេស​ឯទៀតៗ​និង​បន្ត​ការ​ប្រឹងប្រែង​ដើម្បី​«រក​ឱ្យ​ឃើញ ​លាតត្រដាង​និង​ទប់ទល់‍»នឹងការដោះដូរ​ផ្នែកយោធា​រវាង​រុស្ស៊ី​និងកូរ៉េខាង​ជើង មានរួមការបង្កើន​សម្ពាធ​នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទស​អ៊ុយក្រែន​លោក​ Dmytro Kuleba នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បដិសេធ​ការ​អំពាវនាវ​ឱ្យមាន​ការ​ចរចាជាមួយ​រុស្ស៊ី​ ក្នុង​ពេល​ដែល​រុស្ស៊ី​កំពុង​ឈ្លានពាន​អ៊ុយក្រែន។​

លោក​ Kuleba បាន​បង្ហោះសារ​នៅ​លើ​បណ្តាញ​សង្គម​ X ថា «អ្នក​ដែលលើក​ហេតុផល​ថា​ អ៊ុយក្រែន​គួរ​ចរចា​ជា​មួយ​រុស្ស៊ី​នៅ​ពេល​នេះ​ ​គឺពួក​គេ​មិន​បាន​ដឹង​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​ឬ​មាន​ការ​ភាន់ច្រឡំ ឬក៏កាន់ជើង​រុស្ស៊ី​ ហើយ​ចង់ឱ្យ​លោក Putin ផ្អាក​បន្តិច​សិន​ មុន​ពេលបង្កើនភាព​គឃ្លើន​កាន់​តែ​ខ្លាំងឡើង​ថែម​ទៀត»។​

លោក​ Kuleba និយាយ​ថា​ ប្រទេស​អ៊ុយក្រែន«មិន​ត្រូវ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​នេះ​ទេ»។​ ​

វិមាន​ក្រឹមឡាំងនិយាយ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ ខ្លួន​នឹង​ចូល​រួម​ក្នុង​ការ​ចរចា។​

ប្រធានាធិបតី​អ៊ុយក្រែនលោក​ Volodymyr Zelenskyy លើក​ឡើង​ថា​ ភាគី​របស់​លោក​នឹង​មិន​ចូល​រួម​នៅ​ក្នុង​ការចរចា​ណា​មួយ​ឡើយ​ រហូត​ដល់​ប្រទេស​រុស្ស៊ី​ដក​កងទ័ព​របស់​ខ្លួន​ទាំង​អស់ចេញ​ពី​តំបន់​ដែល​ខ្លួន​កាន់កាប់​នៅក្នុង​ប្រទេស​អ៊ុយក្រែន។​ ​

លោក​ Kuleba និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា​ អ៊ុយក្រែន​និង​រុស្ស៊ី​ធ្លាប់​បាន​ជួប​ពិភាក្សា​គ្នា២០០​លើក​រួច​មកហើយរវាង​ពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០២២​ ដែល​ក្នុង​នោះ​ក៏​រួម​មាន​កិច្ចព្រមព្រៀង​ឈប់បាញ់​គ្នា​ចំនួន​២០​ផង​ដែរ ហើយ​ដែល​សកម្មភាព​ទាំង​អស់​នេះ​ មិន​បាន​រារាំងរុស្ស៊ី​មិនឱ្យ​ឈ្លានបាន​ទ្រង់ទ្រាយ​ធំ​ចូល​ប្រទេស​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​មុន​នោះ​ឡើយ៕​

XS
SM
MD
LG