ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken និងប្រធានាធិបតីអេហ្ស៊ីបពិភាក្សាគ្នាអំពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah al-Sisi នៅ​ទីក្រុង Cairo ប្រទេស​អេហ្ស៊ីប កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ (EVELYN HOCKSTEIN / POOL / AFP)
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah al-Sisi នៅ​ទីក្រុង Cairo ប្រទេស​អេហ្ស៊ីប កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ (EVELYN HOCKSTEIN / POOL / AFP)

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah el-Sissi នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ចំ​ពេល​ដែល​មាន​កិច្ច​ប្រឹងប្រែង​បង្ការ​កុំ​ឱ្យ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) ​រីករាលដាល​និង​កិច្ច​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​នៅ​សេសសល់​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ចាប់​ឃុំ​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

ប្រទេស​អេហ្ស៊ីប​បាន​ដើរ​តួនាទីសំខាន់​នៅ​ក្នុង​ការ​សម្របសម្រួល​ឱ្យ​មាន​កិច្ច​ឈប់បាញ់​គ្នា​ដំបូង ដែល​កិច្ច​ឈប់បាញ់​គ្នា​នោះ​តម្រូវ​ឱ្យ​ក្រុម​ហាម៉ាស់​ដោះលែង​ចំណាប់ខ្មាំង​ជាង​ ១០០​នាក់​ ហើយ​អ៊ីស្រាអែល​ដោះលែង​អ្នកទោស​ប៉ាឡេស្ទីន​ ២៤០ នាក់។

លោក​នាយ​ឧត្តមសេនីយ៍​ចូល​និវត្តន៍ Kenneth «Frank» McKenzie ដែល​ជា​អតីត​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្ដាល បាន​បង្ហាញ​ទុទ្ទិដ្ឋិនិយម​ក្នុង​អំឡុង​ព្រឹត្តិការណ៍​អនឡាញ​មួយ​ កាលពី​ថ្ងៃ​ពុធ។

ការ​ពិភាក្សា​រវាង​លោក Blinken និង​លោក Sissi នៅ​ក្នុង​ទីក្រុង​គែរ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​លោក Blinken បាន​ជួប​ជាមួយ​នឹង​ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន​លោក Mahmoud Abbas នៅ​ក្នុង​តំបន់ West Bank ហើយ​លោក Abbas បាន​រៀបចំ​ការ​ពិភាក្សា​ជា​បន្តបន្ទាប់​ក្រោយមក​ជាមួយ​នឹង​លោក Sissi និង​ព្រះមហាក្សត្រ Abdullah ទី​ពីរ​នៃ​ប្រទេស​ហ្ស៊កដានី។

មេដឹកនាំ​ប្រទេស​ហ្ស៊កដានី អេហ្ស៊ីប និង​ប៉ាឡេស្ទីន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​រក្សា​សម្ពាធ​ឱ្យ​មាន​កិច្ច​ឈប់បាញ់​គ្នា​ជា​បន្ទាន់​ នៅ​ក្នុង​តំបន់​ហ្កាហ្សា​និង​ឱ្យ​មាន​ការ​ការពារ​ជន​ស៊ីវិល​ប៉ាឡេស្ទីន។

មេដឹកនាំ​ទាំង ៣ រូប​ ក៏​បាន​លើកឡើង​ផង​ដែរ​អំពី​តម្រូវការ​នៅ​ក្នុង​ការ​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​ដែល​ភៀសខ្លួន​ពី​ផ្ទះ​សម្បែង​អាច​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​ នៅ​ក្នុង​តំបន់​ហ្កាហ្សា។ ជាង​នេះ​ទៀត មេដឹកនាំ​ទាំង ៣ រូប​ បាន​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ណា​មួយ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ការ​ត្រួតត្រា​ឡើង​វិញ​លើ​ផ្នែក​នានា​នៃ​ដែនដី​ប៉ាឡេស្ទីន​នៅ​ក្រោយ​សង្គ្រាម។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​ក្នុង​អំឡុង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​យប់​ថ្ងៃ​ពុធ​ថា អ៊ីស្រាអែល «គ្មាន​បំណង​ត្រួតត្រា​ជា​អចិន្ត្រៃយ៍​លើ​តំបន់​ហ្កាហ្សា​ ឬ​ក៏​ធ្វើ​ឱ្យ​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ភៀសខ្លួន​ពី​ផ្ទះ​សម្បែង​នោះ​ទេ»។​

ពួក​ចៅក្រម​នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចាប់ផ្តើម​សវនាការ​រយៈពេល​ ២ ​ថ្ងៃ​នៅ​ថ្ងៃ​ព្រហ្រហស្បតិ៍​នេះ​ នៅ​ក្នុង​រឿងក្តី​ដែល​បាន​ប្តឹង​ដោយ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែល​បាន​ចោទប្រកាន់​អ៊ីស្រាអែល​ពី​ការប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​សង្គ្រាម​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កំពុង​សុំ​តុលាការ​ទាមទារ​ឱ្យ​ផ្អាក​ជា​បន្ទាន់​នូវ​យុទ្ធនាការ​របស់​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ហ្កាហ្សា ជា​ទីកន្លែង​ដែល​អ៊ីស្រាអែល​និយាយ​ថា​ខ្លួន​កំពុង​ស្វះស្វែង​ដើម្បី​បំបាត់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នៅ​ក្នុង​ការឆ្លើយតប​ដល់​ការវាយ​ប្រហារ​ភេរវកម្ម​ថ្ងៃទី ៧ ​ខែតុលា ​នៅ​តំបន់​ខាង​ត្បូង​អ៊ីស្រាអែល។

បណ្តឹង​ជា​លាយលក្ខណ៍​អក្សរមកពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​បញ្ជាក់​ថា ​ខ្លួន​ចង់ឱ្យ​តុលាការ​ធ្វើ​ឱ្យ​អ៊ីស្រាអែល​ទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​សន្ធិសញ្ញា​ប្រល័យ​ពូជ សាសន៍ ហើយ​នឹង​ធ្វើឱ្យ​ប្រាកដ​ពី​ភាពចាំបាច់​និង​លទ្ធភាព​នៃ​ការការពារ​ឱ្យ​បាន​ពេញ លេញដល់​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដែល​នៅ​មាន​ហានិភ័យ​យ៉ាង​ខ្លាំង​និង​ជា​បន្ទាន់​នៃ​ការបន្ត​និង​បង្កើន​សកម្មភាព​នៃ​អំពើ​ប្រល័យ​ពូជសាសន៍។

អ៊ីស្រាអែល​បាន​ច្រានចោល​ការចោទប្រកាន់​នោះ​ថា​គ្មាន​ហេតុផល​ត្រឹមត្រូវ។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយកាលពី​យប់​ថ្ងៃ​ពុធ​ថា​ កងទ័ព​អ៊ីស្រាអែល​កំពុង​ធ្វើ​អ្វី​ទាំង​អស់​ដែល​ពួកគេ​អាច​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ជន​ស៊ីវិល​ឱ្យ​នៅ​តិច ហើយ​លោក​បាន​ចោទប្រកាន់​ពួក​ជន​សកម្មប្រយុទ្ធ​ហាម៉ាស់​ពី​ការប្រើប្រាស់​ជន​ស៊ីវិល​មកធ្វើ​ជា​ខែល។

សហរដ្ឋ​អាមេរិក​ដែល​បាន​ជំរុញ​ឱ្យ​អ៊ីស្រាអែល​ធ្វើ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ដើម្បី​ការពារ​ជនស៊ីវិល​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ ខណៈដែល​គាំទ្រ​យុទ្ធនាការ​របស់​អ៊ីស្រាអែល​ដែរ​នោះ ក៏​បាន​ច្រានចោល​ការចោទប្រកាន់​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កាលពី​ថ្ងៃ​អង្គារ​ បាន​បដិសេធ​រឿងក្តី​នោះ​ថា «គ្មាន​អង្គហេតុ​ត្រឹមត្រូវ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters, AFP និង​ AP

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG