ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​អំពី​ស្ថានភាព​សហព័ន្ធ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ថ្លែង​សុន្ទរកថា​ស្តីពី​ស្ថានភាព​សហព័ន្ធ​ទៅ​កាន់​សម័យ​ប្រជុំ​រួម​របស់​សភា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅពេល​ដែល​លោក​ស្វះស្វែង​សរសើរសមិទ្ធផល​របស់​រដ្ឋបាល​លោក ជំរុញ​ឱ្យ​សមាជិក​សភា​អនុម័ត​ជំនួយ​សន្តិសុខ​និង​ធ្វើ​ឱ្យ​ក្រុម​អ្នក​បោះឆ្នោត​ជឿជាក់​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដែល​លោក​នឹង​ឈរឈ្មោះ​ម្តងទៀត។

លោក Biden បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​វីដេអូ​ដែល​បាន​ចុះផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ថា ​លោក​មាន​គម្រោង «ជូនដំណឹង​ថ្មីៗស្តីពី​ការជឿនលឿន​របស់​យើង​និង​បង្ហាញ​មាគ៌ា​នៅ​ពេល​ខាង​មុខ»។

លោក​ត្រូវ​គេ​រំពឹង​ថា​នឹង​ពិភាក្សា​ប្រធានបទ​នានា ​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ​ឱសថ បំណុល​របស់​និស្សិត សិទ្ធិ​នៃ​ការពន្លូត​កូន និង​ការត្រួតត្រា​អាវុធ។

សុន្ទរកថា​នេះ​កើត​មាន​ឡើង​ នៅពេល​ដែល​វា​ទំនង​កាន់តែ​ខ្លាំង​ឡើង​ដែល​ថាលោក Biden នឹង​ប្រកួត​ជាមួយ​អតីត​ប្រធានាធិបតី​លោក Donald Trump នៅ​ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ​នេះ ​ដូច​ការ​បោះឆ្នោត​ឆ្នាំ ២០២០។

សុន្ទរកថា​នេះ​ក៏​កើត​មាន​ឡើង​ នៅពេល​ដែល​រដ្ឋបាល​លោក Biden ជំរុញ​ឱ្យ​សភា​អនុម័ត​ជំនួយ​សន្តិសុខ​សម្រាប់​ប្រទេស​អ៊ុយក្រែន​និង​អ៊ីស្រាអែល និង​នៅពេល​ដែលសមាជិក​សភា​កំពុង​មមាញឹក​នៅក្នុងការ​សម្រេច​កញ្ចប់​ថវិកា​ដល់​រដ្ឋាភិបាល​និង​បញ្ចៀស​ការបិទរដ្ឋាភិបាល។

បន្ទាប់ពី​សុន្ទរកថា​របស់​លោក Biden សមាជិកា​ព្រឹទ្ធសភា​រដ្ឋ Alabama លោក​ស្រី Katie Britt នឹង​ថ្លែង​សារឆ្លើយតប​សម្រាប់​គណបក្ស​សាធារណរដ្ឋ៕​

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ត្រូវបាន​ដកស្រង់ពី​ទីភ្នាក់ងារ​សារព័ត៌មាន APនិង AFP

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG