ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួប BarCamp Phnom Penh ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​យុវជន​ខ្មែរ​ដែល​ចូល​ចិត្ត​បច្ចេកវិទ្យា​ព័ត៌មាន


អ្នក​ចូល​រួម​ម្នាក់​កំពុង​ពិនិត្យ​មើល​គេហទំព័រ​ប្រិយមិត្ត​វីអូអេ​ខ្មែរ​នៅលើ​បណ្តាញ​ Facebook នៅ​សាលកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ​ក្នុង​ក្រុង​ភ្នំពេញ​ក្នុង​ជំនួប BarCamp Phnom Penh 2010។ ក្នុង​ការ​​ជួប​ប្រជុំ​គ្នា​នេះ​បាន​ទាក់​ទាញ​យុវជន​អ្នក​ចូល​ចិត្ត​បច្ចេកវិ
អ្នក​ចូល​រួម​ម្នាក់​កំពុង​ពិនិត្យ​មើល​គេហទំព័រ​ប្រិយមិត្ត​វីអូអេ​ខ្មែរ​នៅលើ​បណ្តាញ​ Facebook នៅ​សាលកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ​ក្នុង​ក្រុង​ភ្នំពេញ​ក្នុង​ជំនួប BarCamp Phnom Penh 2010។ ក្នុង​ការ​​ជួប​ប្រជុំ​គ្នា​នេះ​បាន​ទាក់​ទាញ​យុវជន​អ្នក​ចូល​ចិត្ត​បច្ចេកវិ

ស្រប​ពេល​ដែល​បច្ចេកវិទ្យា​គមនាគមន៍និង​ពត៌មាន​វិទ្យា​ដើរ​តួ​នាទី​ដ៏​ចាំបាច់​ក្នុង​ការ​រស់​នៅ និង​ជំនួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ទាំង​នេះ​ឲ្យ​មាន​ប្រសិទ្ធិភាពមាន​សារៈសំខាន់​កាន់​តែ​ខ្លាំង​ឡើងៗ។

ឆ្លើយ​តប​នឹង​ស្ថានភាព​នៃ​ការ​វិវឌ្ឍក្នុង​វិស័យ​គមនាគមន៍​និង​ព័ត៌មានវិទ្យាកុំព្យូទ័រ ​អ្នក​ប្រើ​បច្ចេកវិទ្យា​ព័ត៌មានបាន​ជួប​ប្រជុំ​គ្នា​ក្នុងជំនួប​មួយ​ហៅ​ថា BarCamp Phnom Penh លើក​ទី​៣​ កាល​ពី​ថ្ងៃ​ទី​២៥ ​និង​២៦ ​ខែ​កញ្ញា​កន្លង​ទៅ​នេះ។ កម្មវិធីនេះ​បានទាក់ទាញ​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រមាណ​ជាង​៨០០​នាក់ ​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង ​និង​បទ​ពិសោធន៍​លើ​ប្រធាន​បទ​សំខាន់ៗ​មួយ​ចំនួន​ ដោយ​រួម​មាន​ការ​ទទួល​យក​ព័ត៌មាន​សំខាន់​ៗទាក់ទង​នឹងករណី​រំលោភ​សិទ្ធិ​មនុស្ស​តាម​បណ្តាញ​អ៊ិនធើណិត​ ក៏​ដូចជា​ការ​បង្កើត​កម្មវិធី​សម្រាប់​ម៉ាស៊ីន​កុំព្យូទ័រ ​និង​ទូរស័ព្ទ​ចល័ត។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​វីអូអេសំឡេង​សហរដ្ឋ​អាមេរិក​ នៅ​ឯ​សន្និសីទ​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ កណ្តាល​ទីក្រុង​ភ្នំពេញ អ្នក​នាង ជរ ​ច័ន្ទធីតា ​មន្ត្រី​សម្រប​សម្រួល​គម្រោង​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​បង្ហាញអំពី​គេហទំព័រ​ sithi.org ​ជា​បណ្តុំ​ព័ត៌មាន​ផ្សាយតាមអ៊ិនធើណិតអំពី​សិទ្ធិ​មនុស្ស​និង​ច្បាប់។

អ្នក​នាងបាន​លើក​ឡើង​អំពី​អត្ថប្រយោជន៍​នៃ​ការផ្សព្វផ្សាយ ​និង​ការ​តស៊ូ​មតិ​តាម​បណ្តាញ​អ៊ិនធើណិត​ថា៖

«ប្រព័ន្ធ​អ៊ិនធើណិត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​គេ​ហៅ​ថា social media ជា​ប្រព័ន្ធ​ទំនើប​មួយ​ដែល​យើង​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ច្រើន​ពី​បញ្ហា​សិទ្ធិ​មនុស្ស ​ដោយ​យើង​ជ្រើសរើស​នេះ ​គឺហេតុ​ដូចម្តេច​បាន​យ៉ាង​អញ្ចឹង ​ពីព្រោះ​អ្វី​បើ​យើង​គិត​មើល old media ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ ដូច​មាន​វិទ្យុ ​ទូរទស្សន៍ ​ឬ​ក៏​កាសែត​អី​ជា​ដើម​ហ្នឹង​ គឺ​ទាំង​អស់​នឹង​គឺ​អាច​មាន​ការ​គ្រប់គ្រង​ដោយ​នរណា​ម្នាក់ អ្នក​មាន​អំណាច​ណា​មួយ​ដើម្បី​ឲ្យ​ទាំង​អស់​នោះ​មិន​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​សេរី​បាន ប៉ុន្តែ​ដែល​សំខាន់​ក្នុង​ពេល​ដែល​យើង​ប្រើ​អ៊ិនធើណិត​គឺ​មធ្យោបាយ​មួយ​ដែល​យើង​អាច​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​បាន​ទាំង​អស់ ដូច្នេះ​ជា​មធ្យោបាយ​ដែល​ល្អ​បំផុត​សម្រាប់​ធ្វើការ​តស៊ូ​មតិ សម្រាប់​ចែក​ផ្សាយ​ព័ត៌មាន​ក្តៅ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ពិសេស​អញ្ចឹង»។

នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយដែល​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស ​និង​អ្នក​តស៊ូ​មតិ​មាន​ឱកាស​ណែនាំ​ដល់​យុវជន​ដែល​ចាប់​អារម្មណ៍​នឹង​បណ្តាញ​អ៊ិនធើណិត​ឲ្យ​ដឹង​អំពី​ការ​ទទួល​យក​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ការ​រស់​នៅ​របស់​ពួក​គេ​។ សនិ្នសីទ​ប្រចាំ​ឆ្នាំ​បែប​នេះត្រូវ​បាន​រៀបចំ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០៨ នៅ​ឯ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​បួន​រយ​នាក់ និង​លើក​ទី​២នៅ​ឯ​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​ ដែល​បាន​ទាក់ទាញ​អ្នក​ចូល​រួម​ជិត​មួយ​ពាន់​នាក់។

របៀប​រៀបចំ​និង​ដំណើរការ​សន្និសីទ​ដែល​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​លើ​អ្នក​ចូលរួម​នេះ មាន​ប្រភព​ដើមចេញ​មកពីក្រុង​ Palo Alto​ រដ្ឋ California សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​២០០៥​ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​កុំព្យូទ័រ ​និង​អ៊ិនធើណិត​ជួប​ប្រជុំ​គ្នា ដើម្បី​ចែក​រំលែក​ការ​យល់​ដឹង​អំពី​ប្រធានបទ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ថ្មីៗ​។ ដោយមាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រមូល​ផ្តុំ​អ្នកជំនាញ និង​ដោយ​ការ​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​នេះធ្វើតាម​បណ្តាញ​អ៊ិនធើណិត​ផង ទីក្រុង​ធំៗ​នៅ​អាស៊ី​បាន​ចាប់​ផ្តើម​រៀប​ចំ​ឲ្យ​មាន​កម្មវិធី​ជួប​ប្រជុំ​ជា​ប្រចាំ​បែប​នេះ​តាំង​ពី​ពេល​នោះ​មក។ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ សហគមន៍​អ្នក​ប្រើ​ប្រាស់​អ៊ិនធើណិត​នៅ​ភ្នំពេញ​បាន​ចាប់​ផ្តើម​ជំនួប​នេះ​ឡើង​ក្រោយ​ពីព្រឹត្តិការណ៍​ស្រដៀង​គ្នា​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ហើយការ​រាលដាល​នេះ​បាន​កើត​ឡើង​បន្ទាប់​មក​ទៀត​នៅ​ទីក្រុង​ហូជីមិញ​នៃ​ប្រទេស​វៀតណាម ​និង​ទីក្រុងយ៉ាងហ្គូន​ប្រទេស​ភូមា។ សាកលវិទ្យាល័យ​ជាតិ​នៅ​ទីក្រុង​វៀងច័ន្ទន៍ប្រទេស​ឡាវ ​នឹង​ប្រារព្ធ​កម្មវិធី​នេះ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៧ខែ​វិច្ឆិកាឆ្នាំ​នេះ។

លោក ដារ៉ា សៅយុទ្ធ ជា​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដែលបាន​ចូល​រួម​ស្វែង​យល់​ពី​បច្ចកវិទ្យា​នេះ​ ជា​លើក​ដំបូង​ បាន​ប្រាប់​ថា៖

«ខ្ញុំ​យល់​ឃើញ​ថា ​វា​មាន​សភាពល្អ ព្រោះ​ថា​មាន​អ្នក​ចូលរួម​ច្រើន​គួរ​សម ​ហើយ​អ្នក​ដែល​ចង់​ចែក​រំលែក​វា​មាន​ចំនួន​ច្រើន​ ដែលពេល​ខ្លះ​ទៅ បន្ទប់​យើង​វា​តិច​ជាង​ចំនួន​អ្នក​ចង់​ចែក​រំលែក»។

នៅ​ពេល​ដែល​សួរ​ថា​បាន​ទទួល​អ្វី​ខ្លះ​ពី​ការ​ចូលរួម​រៀន​សូត្រ​ស្វែង​យល់ និង​ចាប់​អារម្មណ៍​អ្វី​ជាង​គេ​ និស្សិត​រូប​នេះ​បាន​និយាយ​ថា៖

«ខ្ញុំ​ចូល​ស្តាប់​គេ​និយាយ​អំពី Time Management អញ្ចឹង​ខ្ញុំ​យល់​ថា​វា​ល្អ ​ដូច​ម្សិលម៉ិញ​ខ្ញុំ​ចូល​បាន​ចូល​រៀន​អំពី​ការ​កាត់​ត​វីដេអូ ​ថ្វីត្បិត​តែ​វា​មាន​រយៈ​ពេល​ខ្លី ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​ដឹង​ basic ​របៀប​ import ​របៀប​ save ​របៀប​អី ​វា​ជា​លក្ខណៈ​ basic។ ​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​គឺ​ចំពោះ​អ្នក​ដែល​មាន​គំនិត​ចង់​ចែក​រំលែក គឺ​ពួក​គាត់ ​open ​មែន​ទែន អ្នក​ខ្លះ​គាត់​ចេះ​ច្រើន ហើយ​បើ​សិន​ណា ខ្ញុំ​គិត​ថា​គាត់​អាច​ទៅ​បង្រៀន​គេ​យក​លុយ​ ប៉ុន្តែ​គាត់​ឆ្លៀត​ពេល​ហ្នឹង​ មិន​បង្រៀន​យក​លុយ​ទេ បែរ​ជា​មាន​គំនិត​ចង់​ចែក​រំលែក​ដល់​យុវជន​ក្មេងៗ​ហ្នឹង ជា​លក្ខណៈ free ទៅ​វិញ ហើយ​គាត់ ថ្វី​ត្បិត​តែ free មែន​ តែ​គាត់​ខំ​ប្រឹង​និយាយ ​ពន្យល់​ហើយ​បើក​ឲ្យ​សួរ​ដោយ​សេរីទៀត។»

នៅ​ពេល​ដែល​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា Microsoft, HP, និង​Intel ចំណាយ​ថវិកា​ជា​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​បង្ហាញ​ណែនាំ​ផលិតផល​ថ្មីៗ​ដល់​ទីផ្សា​រ​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា កម្មវិធី​ជួបជុំ​នៅ​ចុង​ខែ​កញ្ញា​ឆ្នាំ​នេះ​ជា​ទី​ដែល​បុគ្គល​មាន​គំនិត​ច្នៃ​ប្រឌិត ​ក៏​ដូចជា​អ្នក​បង្កើត និង​អភិវឌ្ឍ​កម្មវិធី​សម្រាប់​ដំណើរការ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​បង្ហាញ​ដល់​សាធារណជន​នូវ​ស្នាដៃ​របស់​ពួក​គេ។

លោក ធឹម ច័ន្ទរិទ្ធី ជា​សិស្សនៅ​វិទ្យាល័យ​មួយ​នៅ​ក្រុង​ភ្នំពេញ បាន​ចំណាយ​ពេល​វេលា​ទំនេរ​ជាមួយ​នឹង​ម៉ាស៊ីន​កុំព្យូទ័រ។ ​ចំណាប់​អារម្មណ៍​នេះបានធ្វើ​ឲ្យ​លោកជក់​ចិត្ត​អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការឈ្មោះ​ Moon OS ​ដែល​អាច​ធ្វើ​ឲ្យ​ផ្នែក​រឹង​ ឬ hardware ទាំង​អស់របស់​ម៉ាស៊ីន​កុំព្យូទ័រ​ដំណើរ​ការ​ជា​មួយ​គ្នា​បាន។

ក្នុង​បទ​សម្ភាសន៍​នៅសាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ ​លោក ធឹម ច័ន្ទរិទ្ធី ​បាន​ប្រាប់​ថា៖

«​Moon OS ​ខ្ញុំ​ចាប់​ផ្តើម​បង្កើត​ដំបូង​ ចុង​ឆ្នាំ​២០០៨ ​នៅ​ពេល​ដែល​ខ្ញុំ​រៀន​ចប់​ទី​៩ ប្រឡង​ចប់។ ដំបូង​ដោយ​កាល​ណោះ​វិទ្យាស្ថាន​បើក​ទូលាយ​ គាត់​ឲ្យ​កន្លែង​មួយ​ដែល​អាច​ឲ្យ​ប្រើ​អ៊ិនធើណិត​ ប្រើ​កុំព្យូទ័រ​នៅ​ហ្នឹង​ ហើយ​អញ្ចឹង​ទៅ​ខ្ញុំ​ប្រើ​នៅ​ហ្នឹង ហើយ​ធ្វើ​វា ​ស្រាវជ្រាវតាម​អ៊ិនធើណិត​អី​នៅ​ហ្នឹង​ឡើង​ប្រហែល​ជា​មួយ​ខែ​ពីរ​ខែ ​ខ្ញុំ​ក៏​ចាប់​ផ្តើម​ build ​ហើយ​វា​ចេញ​ម៉ោ​នៅ​ឆ្នាំ​២០០៨ ថ្ងៃ​ទី​មួយខែ​ប្រាំបីឆ្នាំ​ពីរ​ពាន់​ប្រាំបី​ បាទ​។ ហើយ​ដល់​ពេល ធ្វើ​អញ្ចឹង​វា​អត់​ទាន់​មាន​ការ​ទទួល​ស្គាល់​អី​ទេ​ណា​ ដល់​ពេល​នៅ​ឆ្នាំ២០០៩​ ពេល​ដែល​កំណែ​ទី២ចេញ​មក​ ចាប់​ផ្តើម​ល្បី​ លើក​ទី​មួយ​គឺ​សប្បាយ​ចិត្ត​មែន​ទែន​ ​ដំបូង​គឺ​មាន​នៅ​លើ​ home page ​របស់​ softpedia ​(softpedia.com ) ​ដល់​ឃើញ​ home page ​របស់​ Moon OS ​អូហ៎ ​សប្បាយ​ចិត្ត​ណាស់​កាល​ហ្នឹង ​ហើយ​ចាប់​ពី​ពេល​នោះ​មក​មាន​គេ​ស្គាល់​ច្រើន​នៅ​តាម​អឺរ៉ុប​ ​និង​អាមេរិក​»។

រីឯ​លោក​ បេ ចន្ត្រា ​អ្នករៀប​ចំ​សន្និសីទបើកចំហ ដែលគេហៅថា BarCamp Phnom Penh 2010​ ​នេះ បាន​មាន​ប្រសាសន៍ថា​៖

«​សង្ឃឹម​ថា​ ​អ្នក​ចូលរួម​កម្មវិធី​ពួក​គាត់​នឹង​បាន​ចំណេះ​ដឹង​ថ្មីៗ​ដែល​ទទួល​បាន​ពី​អ្នក​ចែក​រំលែក​យើង​ដែល​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​ ​ទាំង​ក្នុង​ប្រទេស​ ​ទាំង​ក្រៅ​ប្រទេស ហើយ​ពួក​គេ​នឹង​អាច​ដឹង​អំពី​ថា​តើ​ឧស្សាហកម្ម​ software ​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ វា​រីក​ចម្រើន​ខ្លាំង​ប៉ុន​ណា​ទៅ​ថ្ងៃ​មុខ​»។

ការ​រៀប​ចំ​សន្និសីទបច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​នេះ​ ក៏​មាន​ការ​ចូល​រួម​គាំ​ទ្រ​និង​ដាក់​តាំង​បង្ហាញ​ផង​ដែរ​ពី​ស្ថាប័ន​ផ្សាយ​សំឡេង​របស់​សហរដ្ឋ​អាមេរិក​ គឺ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​និង​វិទ្យុ​អាស៊ី​សេរី។

XS
SM
MD
LG