ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ព្រម​ព្រៀង​ជន​ភៀស​ខ្លួន​កម្ពុជា​និង​អូស្ត្រាលី​បាន​បញ្ចប់


រូបឯកសារ៖ រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី លោក Scott Morrison (ឆ្វេង) និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជនភៀសខ្លួនដ៏ចម្រូងចម្រាសមួយ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤។
រូបឯកសារ៖ រដ្ឋមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី លោក Scott Morrison (ឆ្វេង) និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជនភៀសខ្លួនដ៏ចម្រូងចម្រាសមួយ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤។

កិច្ច​ព្រមព្រៀង​ជន​ភៀស​ខ្លួន​ដ៏​អាស្រូវ​របស់​ប្រទេស​អូស្ត្រាលី​ និង​កម្ពុជា​ បាន​ឈាន​ដល់​ទី​បញ្ចប់​ ក្រោយ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ ដែល​មិន​បានផ្តល់​មូលហេតុ​ជាក់​លាក់​ចំពោះ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​នេះ។

កិច្ច​ព្រម​ព្រៀង​សម្រាប់​ការ​តាំង​ទីលំនៅ​របស់​ជនភៀស​ខ្លួន​ដ៏ចម្រូង​ចម្រាស​របស់​ប្រទេស​អូស្ត្រាលី​ ជាមួយ​ប្រទេស​កម្ពុជា បាន​ផុត​កំណត់​ ហើយ​កិច្ច​ព្រមព្រៀង​នេះក៏ «លែង​ជា​ជម្រើស​» សម្រាប់​ពេល​អនាគត​ដ៏ខ្លី​ខាង​មុខ​នេះ​ទៀត​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ព្រឹទ្ធសភា​នៃ​ប្រទេស​អូស្ត្រាលី។

តាម​ឯកសារ​ស្តីពី​ការ​ប្រជុំ​របស់​ព្រឹទ្ធសភា​អូស្ត្រាលី​អំពី​ការ​បញ្ចប់​នៃ​កិច្ចព្រម​ព្រៀង​នេះ​ ដែល​បាន​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ បាន​បញ្ជាក់​ថា​ សមាជិក​ព្រឹទ្ធសភា​លោក​ Richard Di Natale មេដឹកនាំ​គណបក្ស​បៃតង (AustralianGreens) បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រសួង​កិច្ច​ការ​បរទេស​ និង​ពាណិជ្ជកម្ម​ ចំពោះ​អនាគត​កិច្ចព្រម​ព្រៀង​នេះ។

លោក Geoffrey Shaw មន្ត្រី​ការទូត​ផ្នែក​ប្រឆាំង​អំពើ​ជួញ​ដូរ​ និង​រត់​ពន្ធ​មនុស្ស​របស់​ក្រសួងកិច្ច​ការបរទេស​និង​ពាណិជ្ជ​កម្ម​អូស្ត្រាលី​ បាន​ប្រាប់​គណៈ​កម្មាធិការ​មួយ​របស់​ព្រឹទ្ធសភា​អូស្ត្រាលី​តាម​ន័យ​ដើម​ថា៖

«លោក​និង​លោក​ស្រី​សមាជិក​ព្រឹទ្ធ​សភា​ កិច្ច​ព្រមព្រៀង​អនុស្សារណៈ​យោគ​យល់​បាន​ផុត​កំណត់ហើយ​កាលពីថ្ងៃទី​២៦ ខែ​កញ្ញា​ ដូច្នេះ​ វា​លែង​ជា​ជម្រើស​សម្រាប់​ជនភៀស​ខ្លួន​ពីកោះ​ Nauru ​ទៅ​តាំង​ទីលំនៅ​នៅ​ប្រទេស​កម្ពុជា»។

រូបឯកសារ៖ ក្រុមជនភៀសខ្លួនជនជាតិម៉ូស្លីមកំពុងបួងសួងព្រះពេលថ្ងៃលិច នៅទីធ្លាលេងកីឡាបាល់ទាត់នៅក្នុងជំរំជនភៀសខ្លួននៅលើកោះ Nauru ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០១។
រូបឯកសារ៖ ក្រុមជនភៀសខ្លួនជនជាតិម៉ូស្លីមកំពុងបួងសួងព្រះពេលថ្ងៃលិច នៅទីធ្លាលេងកីឡាបាល់ទាត់នៅក្នុងជំរំជនភៀសខ្លួននៅលើកោះ Nauru ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០០១។

នៅឆ្នាំ​២០១៤​ លោក Scott Morrison ដែល​នៅពេល​នោះ​ លោក​ជារដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​ប្រទេស​អូស្ត្រាលី​ បាន​ជល់​កែវ​ស្រា​សាំប៉ាញ យ៉ាង​អាស្រូវ​មួយ​ជាមួយ​មន្ត្រី​កម្ពុជា​ ដើម្បី​អបអរ​សាទរ​កិច្ចព្រមព្រៀង​តាំង​ទីលំនៅ​សម្រាប់​ជន​ភៀស​ខ្លួន។

កិច្ច​ព្រម​ព្រៀង​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​អូស្ត្រាលី​ចាយ​លុយ​អស់​រាប់​សិប​លាន​ដុល្លារ ក្នុង​ទម្រង់​ជា​ជំនួយ​ ប៉ុន្តែ​មាន​ជន​ភៀស​ខ្លួន​តិច​តួច​ប៉ុណ្ណោះ ដែល​បាន​មក​ដល់​កម្ពុជា​ ហើយ​ថែម​ទាំង​មិន​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​យូរ​ទៀត​ផង។

រដ្ឋាភិបាល​អូស្ត្រាលី​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​សិទ្ធិ​មនុស្ស​ ចំពោះ​ការ​ចំណាយ​ទៅ​លើ​រដ្ឋាភិបាល​មួយ តាម​អ្វី​ដែល​អ្នក​រិះគន់​បាន​ចាត់ទុក​ថា​ជា​រដ្ឋាភិបាល​ផ្តាច់​ការ និង​ពុក​រលួយ​ឲ្យ​ទទួល​យក​ជន​ភៀសខ្លួន​ ដែល​អូស្ត្រាលី​បាន​បង្ខំ​ឲ្យ​ចាកចេញ​ទៅ​រស់​នៅ​លើ​កោះ Nauru ​ដែល​ជា​ដែនកោះ​ ប្រជាជាតិ​តូចមួយ។

ដោយ​ត្រូវ​បាន​ចោទ​សួរ​ធ្ងន់ៗ​អំពី​អនាគត​នៃ​ការ​ពន្យា​កិច្ចព្រម​ព្រៀង​ជនភៀស​ខ្លួន​នេះលោក ​Geoffrey Shaw មន្ត្រី​ការ​ទូត​នៅផ្នែក​នៃការ​ប្រឆាំង​អំពើ​ជួញដូរ ​និង​រត់ពន្ធ​មនុស្ស​របស់​ក្រសួង​កិច្ចការ​បរទេស​ និង​ពាណិជ្ជកម្ម​អូស្ត្រាលី​ បាន​និយាយ​ថា លោក​បាន​ផ្តល់​ការ​ណែនាំ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ទៅលើ​បញ្ហា​នេះ​ ប៉ុន្តែ​បដិសេធ​មិន​បញ្ចេញ​ឲ្យ​ដឹង​អំពី​ការណែនាំ​នោះ​ទេ។

លោក កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ប្រាប់ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កិច្ចព្រមព្រៀង​ជនភៀស​ខ្លួននេះ​ នៅ​តែមាន​សុពល​ភាព​ដដែល​ តែ​វា​មិន​មាន​ភាព​ទាក់​ទាញ​សម្រាប់​ជន​ភៀស​ខ្លួន​នោះ​ទេ។

«អត់ទាន់​មាន​គម្រោង​បញ្ចប់​ទេ​ គម្រោង​គឺ​នៅ​ដដែល​ ប៉ុន្តែ​អត់​មាន​អ្នក​ចង់​មក»។

លោក​បាន​កត់​សម្គាល់​ថា​ រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ មិន​ទាន់​បាន​សម្រេច​ចិត្តថា​ នឹង​បញ្ចប់​កិច្ច​ព្រម​ព្រៀង​នោះ​នៅ​ឡើយ​ទេ។

នាយឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ នឹង​រកច្រក​ពិភាក្សា​អំពី​បញ្ហា​កិច្ច​ព្រម​ព្រៀង​ជនភៀស​ខ្លួននេះ​ ប្រសិន​បើ​រដ្ឋាភិបាល​អូស្ត្រាលី​មាន​បំណង​បញ្ចប់​កិច្ច​ព្រមព្រៀង​នេះ​មែន​នោះ។

«ក្នុងករណី​បើ​ខាង​ គាត់​ចង់​បញ្ឈប់​ អាហ្នឹង​យើង​នឹង​អាច​ពិភាក្សា​គ្នា​ឡើងវិញ​ទៅ​ ឬក៏​ close [បិទ]​ នៅ​ក្នុង​ហ្នឹង​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​អាហ្នឹង​ យើង​ពិភាក្សា​តាម​ផ្លូវ​ច្បាប់​ ដែល​យើង​អាច​អនុវត្ត​បាន»។

លោក ហុង លីម​ តំណាង​រាស្ត្រ​មាន​សញ្ជាតិ​ខ្មែរ​អូស្ត្រាលី​នៅ​រដ្ឋ​វិកតូរីយ៉ា ​ប្រទេស​អូស្ត្រាលី​ ដែល​ជា​អ្នក​រិះគន់​យ៉ាង​ខ្លាំង​ចំពោះកិច្ច​ព្រម​ព្រៀង​សម្រាប់​ការតាំង​ទីលំនៅ​របស់​ជន​ភៀសខ្លួន និង​របប​លោក​ហ៊ុន សែន​ ស្វាគមន៍​ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​នេះ។

លោក​បាន​និយាយ​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​តាម​ន័យ​ដើម​ថា៖

«ហ្នឹង​ហើយ​វា​គួរ​តែ​បញ្ចប់​ វា​បាន​ក្លាយ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​អស់​សំណើច​ និង​ជា​បន្ទុក​ធ្ងន់ធ្ងរ​មួយ​ ដែល​គ្មាន​ន័យអ្វី​ទាំង​អស់​សម្រាប់​ប្រទេស​អូស្ត្រាលី»។

លោក​បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖ «សង្ឃឹម​ថា អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ថា​ កិច្ច​ព្រម​ព្រៀង​នេះវា​មិន​ដំណើរការទេ​ ហើយ​លុយ​ប្រមាណ ៥៥​លាន​ដុល្លារ​អូស្ត្រាលី​នោះ​ គ្រាន់​តែ​ជា​ការ​ខ្ជះខ្ជាយ​ និង​ជា​រឿង​អាម៉ាស់​មុខ​ប៉ុណ្ណោះ​ ហើយ​អ្នក​រាល់​គ្នាឥឡូវ​បាន​ធ្វើ​រឿង​ត្រឹមត្រូវ​សម្រាប់​ប្រទេស​កម្ពុជា»។

លោក​ Carl Thayer សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ ​New South Wales នៃ​ប្រទេស​អូស្ត្រាលី​ និង​ជា​អ្នក​ជំនាញ​អំពី​កិច្ច​ការ​កម្ពុជា​មាន​ប្រសាសន៍​ថា​ កិច្ច​ព្រម​ព្រៀង​នេះ ជាកិច្ច​ព្រម​ព្រៀង​មួយ​ដែល​អាក្រក់​សម្រាប់​ជនភៀស​ខ្លួន។

លោក​ថ្លែង​ថា៖ «សន្តិសុខ​ និង​សុវត្ថិភាព​នៃ​មនុស្ស​ទាំងនេះ​ ក៏ដូច​ជា​ឋានៈ​របស់​ពួក​គេ​ជា​អ្នករស់​នៅ​ស្របច្បាប់​ក្នុង​ប្រទេសកម្ពុជា​ មិន​ដែល​ត្រូវ​បាន​គេ​គិតគូរ​ល្អិត​ល្អន់​នោះ​ឡើយ។ ហើយ​វាគ្មាន​ប្រយោជន៍​ទៀតទេ​ដល់​រដ្ឋាភិបាល​កម្ពុជា ​ដែល​ត្រូវ​ការពារ​ពួកគេ​នោះ​ និង​ផ្តល់​ភាព​ស្រប​ច្បាប់​សម្រាប់​ការរស់នៅ​ ឬ​ក៏ផ្តល់​សញ្ជាតិ​ដល់​ពួកគេ​នោះ»។

ជាមួយ​នឹង​សម្ពាធ​នយោបាយ​បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ដែល​រួម​មាន​ការស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​បញ្ឈប់​ការ​ឃុំឃាំង​កុមារ​លើ​កោះ Nauru នោះ​ និង​កាយ​វិការ​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​កំពុង​ងាក​ទៅ​រក​ការ​គ្រប់​គ្រង​ផ្តាច់​ការ​ខ្លាំង​ថែម​ទៀត​នោះ​ លោក​ សាស្ត្រាចារ្យ​ Thayer បាន​លើក​ឡើង​ថា​ ការ​ធ្វើកិច្ច​ព្រមព្រៀង​នេះ​ឲ្យរស់​ឡើង​វិញ​នោះ​ ទំនង​ជា​មិនអាច​ទៅ​រួចទេ។

គណបក្ស​របស់​លោក​ហ៊ុន សែន​ ដែល​បាន​គ្រប់គ្រង​កម្ពុជា​ជាង​៣៣​ឆ្នាំ​មក​ហើយ​នោះ ​បាន​ឈ្នះ​រាល់​កៅអី​សភា​ក្នុង​ការ​បោះ​ឆ្នោត​មួយ ដែល​មិន​សូវ​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​ឲ្យ​កាល​ពីខែកក្កដា បន្ទាប់​ពី​បាន​រាំង​ខ្ទប់​គណបក្ស​ប្រឆាំង​ដែល​មាន​សន្ទុះ​ខ្លាំង​មួយ​ និង​បាន​ឃុំ​ខ្លួន​មេដឹក​នាំគណបក្ស​ប្រឆាំង​នេះ។

ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ លោក​ហ៊ុន សែន​ បាន​គំរាម​វាយតប់​អ្នកតវ៉ា​នៅ​ប្រទេស​អូស្ត្រាលី​ មុនការ​ធ្វើដំណើរ​របស់​លោក​បន្តិចទៅ​កាន់ទីក្រុង​ស៊ីដនី​ ប្រទេស​អូស្ត្រាលី កាលពី​ពេល​កន្លង​ទៅ។ ការ​ប្រជុំ​របស់​ព្រឹទ្ធសភា​អូស្ត្រាលី​ថ្មីៗ​នេះ​ ក៏​បាន​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​ទៅ​លើ​សកម្មភាព​ថ្មីៗ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី​ផង​ដែរ។

រូបឯកសារ៖ រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​អ្នកស្រី​ Marise Payne ចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​អ្នកស្រី​ Marise Payne ចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​អ្នកស្រី​ Marise Payne បាន​ប្រាប់​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​ថា​ ក្រុម​ការងារ​របស់​អ្នក​ស្រី​បាន​ប្រកាស​ឲ្យ​ដឹង​ទៅ​ដល់​ភ្នាក់ងារ​ពាក់​ព័ន្ធ​ជាច្រើន​ អំពី​ការ​គំរាម​សម្លាប់​ ដែល​ការ​គំរាម​សម្លាប់​នោះ​ ត្រូវ​បាន​គេ​ចោទ​ថា​បង្ក​ឡើង​ ដោយ​ភ្នាក់ងារ​របស់​គណបក្ស​កាន់​អំណាច​កម្ពុជា ប្រឆាំង​នឹង​ចលនា​សហគមន៍​ប្រជាជន​កម្ពុជា​នៅ​អូស្ត្រាលី។

«យើង​បារម្ភ​អំពី​ការ​លើក​ឡើង​ជាច្រើន​ថា​ បុគ្គល​ជាច្រើន​ប្រហែល​ជា​ត្រូវ​បាន​គេ​គំរាម​កំហែង​នៅ​អូស្រ្តាលី»។

អ្នកស្រីថ្លែងបន្ថែមថា៖ «ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​យើង​ធ្វើការ​បង្ហាញ​នានា​ដល់​រដ្ឋាភិបាល​កម្ពុជា​ និង​បញ្ជាក់​អំពី​មូល​ហេតុ​ដែល​យើង​បាន​ចែក​រំលែក​បន្ត​នៃ​ការ​គំរាមកំហែង​ទាំង​នោះ​ ទៅ​អាជ្ញាធរ​នៅអូស្ត្រាលី។ យើង​មិន​ទទួល​យក​សកម្មភាព​ទាំង​អស់​នេះទេ​ ហើយ​យើង​ពិនិត្យ​លើ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ យ៉ាង​ហ្មត់​ចត់​បំផុត»។​

កាល​ពី​ខែ​កញ្ញា​ សាជីវកម្ម​ផ្សព្វ​ផ្សាយ​អូស្ត្រាលី​ (Australian Broadcasting Corporation)បាន​រាយ​ការណ៍​ថា កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ គឺ​លោក​ហ៊ុន ម៉ាណែត​ បាន​ដឹក​នាំ​យុទ្ធនាការ​មួយ ដើម្បី​បញ្ជ្រាប​ឥទ្ធិពល​នៅ​ប្រទេស​អូស្ត្រាលី​តាម​រយៈ​ការ​ជ្រើសរើស​កម្លាំង​គាំទ្រ​ពី​សំណាក់​និស្សិត ដែល​ធ្វើការ​ផ្លាស់​ប្តូរសិក្សា​នៅអូស្ត្រាលី។

របាយការណ៍​របស់​សាជីវកម្ម​ផ្សព្វផ្សាយ​អូស្ត្រាលី​បាន​ឲ្យដឹង​ថា​ សមាជិក​ជាន់​ខ្ពស់​នៃ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ចំនួន​បួន​នាក់​បាន​ទទួល​ការ​គំរាម​សម្លាប់។ លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​គ្រប់​គ្រង​ប្រទេស​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​អំពី​ការ​គំរាម​សម្លាប់​ធ្វើ​ឡើង​ដោយ​ភ្នាក់ងារ​របស់​ គណបក្ស​ប្រជាជន​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា​ ការ​ចោទ​ប្រកាន់​ទាំង​នោះ​គឺជា​ព័ត៌មាន​ក្លែង​ក្លាយ​បង្កើត​ឡើង​ដោយ​ក្រុម​គណបក្ស​ប្រឆាំង​ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

«ខ្ញុំ​យល់​ថា​ ព័ត៌មាន​ [នេះ] ​វា​ជា​ព័ត៌មាន​ក្លែង​ក្លាយ​ ដែល​បង្កើត​ឡើង​ដោយ​ពួក​ប្រឆាំង»។

កាល​ពី​ខែ​មិថុនា​ សភា​ប្រទេស​អូស្ត្រាលី​បាន​អនុម័ត​ច្បាប់​ស្តី​ពី​ការ​ផាត់​ចោល​ឥទ្ធិពល​បរទេស​ ដែល​បាន​សំដៅ​ដល់​សកម្មភាព​ចារកម្ម​ និង​ណែ​នាំ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​បុគ្គល​ ឬ​គ្រឹះស្ថាន​នានា ដែល​បាន​ធ្វើ​សកម្ម​ភាព​ឈរ​លើ​គោលការណ៍​ជន​បរទេស។ លោក​សាស្ត្រាចារ្យ​ Thayer និយាយ​ថា ប្រទេស​ កម្ពុជា​អាច​នឹង​ជៀស​មិន​ផុត​ពី​គោល​ដៅ​ដំបូង​នៃ​បទ​ប្បញ្ញត្តិ​នេះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG