ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី អោង សានស៊ូជី និយាយ​ថា​កំណែ​ទម្រង់​ប្រទេស​ភូមា​នៅ​ជាប់​គាំង


FILE - លោកស្រី​អោង ​សាន​ស៊ូ​ជី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​ភូមា​។
FILE - លោកស្រី​អោង ​សាន​ស៊ូ​ជី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​ភូមា​។

លោកស្រី​អោង ​សាន​ស៊ូ​ជី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​ភូមា​ ​និយាយ​ថា ដំណើរការ​នៃ​ការ​ធ្វើ​កំណែទម្រង់​របស់​ប្រទេស​លោក​ស្រី​ បាន​ត្រូវ​ជាប់​គាំងអស់​រយៈ​ពេល​ជា​ច្រើន​ខែ ហើយ​បាន​ព្រមាន​សហរដ្ឋ​អាមេរិកហើយ​នឹង​ប្រទេស​ផ្សេងៗ​ទៀត​កុំ​ឲ្យ​មាន​សុទិដ្ឋិ​និយម​ហួស។

«ជាការ​ពិត ​ខ្ញុំ​ចង់​និយាយ​ជំទាស់​ដល់​ពួក​អ្នក​ដែល​និយាយ​យ៉ាង​ច្រើន​អំពី​ដំណើរ​ការ​នៃ​ការ​កែទម្រង់​ ​តើ​កំណែ​ទម្រង់​អ្វីដែល​គេ ​បាន​ធ្វើ​នៅ​ក្នុង​រយៈ​ពេល​២៤​ខែ​ចុងក្រោយ​នេះ។ ​នេះ​ជា​បញ្ហា​ដែល​សហរដ្ឋ​អាមេរិក​ ​គួរគិតគូ​ឲ្យ​បានល្អិត​ល្អន់​បំផុត​ដែរ»។

នៅឯ​សន្និសីទ​ក្នុង​ទីក្រុង​ Yangon ​កាល​ពី​ថ្ងៃ​ពុធ​ ​លោក​ស្រី ​អោង សាន​ស៊ូជី ​មាន​ប្រ​សាសន៍​បន្ថែម​ទៀត​ថា ​ជំនួប​របស់​លោកស្រី​ជាមួយ​ប្រធានា​ធិបតី​ Thein Sein ​ហើយ​នឹង​ឧត្ត​ម​សេនីយ៍កំពូលៗកាល​ពី​សប្តាហ៍​មុន​ ​ជាការ​ចាប់​ផ្តើមលើ​ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅ​មុខ។

«ប្រសិន​បើ ​វា ​មាន​ន័យ​ថា ​ជា​ការ​បើក​ចំហរ​ផ្លូវឲ្យ​មាន​ការ​ចរចា​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​ខ្ញុំ គិតថា​ ​យើង ​អាច​និយាយ​ថា ​វាជាការល្អ ​ក៏ប៉ុន្តែ ​រហូត​មក​ទល់​ពេល​នេះ ​យើង ​ឃើញ​ថា វា ​មិន​មែនជា​ការ​បើក​ផ្លូវដើម្បី​ធ្វើ​ការ​ចរចា​ពិ​ប្រាកដ​ទេ»។

សារ​របស់​ជ័យ​លាភី​ណូបែល​សន្តិភាព​ ​បាន​កើត​មាន​ឡើង​មួយ​សប្តាហ៍​មុន​ពេល​សន្និសីទកំពូល​ប្រចាំតំបន់​របស់​អាស៊ាននៅ​ក្នុង​ប្រទេស​ភូមាដោយ​មាន​ការ​ចូល​រួមពី​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ​បារ៉ាក់​ អូបាម៉ាហើយ​នឹង​មេដឹកនាំ​ពិភព​លោក​ផ្សេង​ៗ​ទៀត។

​ចាប់​តាំងពី​អន្តរកាល​ទៅ​កាន់​រដ្ឋាភិបាល​ស៊ី​វិល​ក្នុង​ឆ្នាំ​២០១១​មក ​របប​របស់​លោក​ Thein Sein ​បាន​ធ្វើ​ឲ្យ​ជឿនលឿនដល់​វិធានការ​នៃ​ការកែទម្រង់​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ចាប់​តាំង​ពី​ការ​ដោះលែង​ពួក​អ្នក​ទោសរាប់​រយ​នាក់​ដល់​ការ​អនុញ្ញាត​ឲ្យលោកស្រី​អោង ​សាន​ស៊ូ​ជី​ហើយ​នឹង​គណបក្ស​របស់​លោកស្រី​ចូល​ក្នុង​សភា​តាម​រយៈការ​បោះឆ្នោត​ដោយ​ការ​បើក​ចំហរ។

​ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​ការ​ធ្វើ​កំណែ​ទម្រង់របស់​ភូមា ​មិន​បានជោគ​ជ័យ​ទាំង​ស្រុង​ទេ​ពីព្រោះ​តែសភា ​មិន​ទាន់​ចេញ​ផុត​ពី​ពួក​យោធា​ដែល​តាម​ច្បាប់បាន​ត្រួតត្រា​សភា​២៥​ភាគរយ​ហើយ ​អា​ច​រំលាយរដ្ឋាភិបាលនៅពេល​ណា​ដែល​ពួកគេ​ចង់ធ្វើ។

​កាល​ពី​ពេល​ថ្មីៗ​នេះ ​មាន​បញ្ហា​សិទ្ធិ​មនុស្សមួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ភូមា​ ​ដោយ​មាន​អ្នកកាសែតយ៉ាង​ហោច​ណាស់​ក៏​១៦​នាក់​ដែរ ​បាន​ត្រូវ​ឃុំ​ខ្លួនហើយ​សកម្ម​ជន​រាប់​សិប​នាក់​ទៀត​ ​បាន​ត្រូវ​ចាប់​ខ្លួន​ដោយ​ពួក​យោ​ធា។

ក្នុង​ករណី​លោកស្រី​ អោង សាន​ស៊ូជី ​លោកស្រី​ ​មិន​អាចឈរឈ្មោះ​បោះឆ្នោតក្នុង​ឆ្នាំ​២០១៥​ទេ ​ពីព្រោះតែរដ្ឋ​ធម្ម​នុញ្ញ​ដែល​ព្រាង​ដោយ​ពួក​យោធា​ភូមា​ ​ដែល​រារាំងជន​ណា​មាន​ប្តី​ឬ​ប្រពន្ធ​ឬ​កូន​ជាបរទេសមិនឲ្យ​កាន់​តំណែង​ជា​ប្រ​ធានា​ធិបតី។ ​លោកស្រី ​អោង ​សាន​ស៊ូជី​ ​មាន​កូន​ប្រុស​ជាសញ្ជាតិ​អាមេរិកាំង​និង​អង់គ្លេស៕

សេចក្តីរាយការណ៍​នេះ​ត្រូវ​បាន​រៀបរៀង​ឡើង​ដោយ​សហការណ៍​ជាមួយ​ក្រុមផ្សាយ​របស់​វីអូអេ ជា​ភាសា​ភូមា។

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG