ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាស៊ាន​មាន​តួនាទី​កាន់​តែ​ធំ​ក្នុង​វិបត្តិជន​ជាតិ​រ៉ូហ៊ីងយ៉ា​


ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​ម៉ាលេស៊ី​យំ​សោក​នៅ​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​សម្លាប់​ ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា​នៅ​កីឡដ្ឋាន​គូឡាឡាំពួកាល​ពី​ថ្ងៃទី អាទិត្យ​ទី​០៤ ធ្នូ ២០១៦។

ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​ម៉ាលេស៊ី​យំ​សោក​នៅ​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​សម្លាប់​ ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា​នៅ​កីឡដ្ឋាន​គូឡាឡាំពួកាល​ពី​ថ្ងៃទី អាទិត្យ​ទី​០៤ ធ្នូ ២០១៦។

ប្រទេស​មីយ៉ាន់ម៉ា​នឹង​ផ្ដល់​នូវ​ព័ត៌មាន​អំពី​វិបត្តិ​កំពុង​បន្ត​កើត​ឡើង​នៅ​ក្នុង​រដ្ឋ Rakhine ជា​ទៀងទាត់​ដល់​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត និង​អាច​សហការ​ជាមួយ​នឹង​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​អស់​ដើម្បី​ជួយ​សម្រប​សម្រួល​ដល់​កិច្ចការ​ដឹក​ជញ្ជូន​ជំនួយ​ចូល​ទៅ​កាន់​តំបន់​ដែល​មាន​វិបត្តិ​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នានា នៅ​ក្រោយ​ការ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​នានា​នៅ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា នា​ថ្ងៃ​ចន្ទ​នេះ។

កិច្ច​ប្រជុំ​នេះ​ជា​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​ក្នុង​តំបន់​លើក​ដំបូង​បង្អស់ ដែល​ផ្ដោត​លើ​បញ្ហា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា។

បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​កិច្ច​ប្រជុំ​នេះ លោក Anifah Aman រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ថា៖ «ខ្ញុំ​ជឿ​ថា នៅ​ក្នុង​ស្មារតី​រក្សា​ភាព​រួបរួម​តែ​មួយ​របស់​អាស៊ាន យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ​ទាំង​អស់​គ្នា»។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ត្រូវតែ​ធ្វើ​ឲ្យ​បាន​ច្រើន​ជាង​នេះ។ លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា ពួក​ជ្រុល​និយម​ក្រុម​រដ្ឋ​ឥស្លាម​អាច​ទាញ​ប្រយោជន៍​ពី​វិបត្តិ​នេះ ដោយ​បាន​ស្នើ​ឲ្យ​មាន​ការ​បង្កើត «ក្រុម​អ្នក​ជំនាញ​ការ​ឯករាជ្យ» មួយ​ក្រុម ដើម្បី​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​ធ្វើ​បាប​នៅ​ក្នុង​រដ្ឋ Rakhine។

រដ្ឋាភិបាល​រដ្ឋ Rakhine និង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា បាន​បង្កើត​គណៈកម្មាធិការ​ស៊ើប​អង្កេត​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

រដ្ឋមន្ត្រី​ការបរទេស​ដទៃ​ទៀត​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ថា កិច្ច​ប្រជុំ​នេះ​ជា​កិច្ច​ប្រជុំ​ប្រកប​ដោយ​ផ្លែផ្កា។

លោក Retno Marsudi រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​បាន​ថ្លែង​ថា៖ «រដ្ឋមន្ត្រី​ការបរទេស​ទាំង​អស់ ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​ដោយ​ស្មារតី​ស្មោះត្រង់​ទៅ​វិញ​ទៅ​មក»៕

XS
SM
MD
LG