ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​ប្រទេស​នៅ​អាហ្វ្រិក កំពុង​ស្វែងរក​វិធី​ដើម្បី​គោរព​តាម​តម្រូវការ​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ


អ្នកចូលរួម​នានា នៅក្នុង​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាស​ធាតុ ដែល​បាន​ធ្វើ​ឡើង​​នៅ​​​ទីក្រុង Katowice ក្នុង​ប្រទេស​ប៉ូឡូញ​នៅ​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨។
អ្នកចូលរួម​នានា នៅក្នុង​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាស​ធាតុ ដែល​បាន​ធ្វើ​ឡើង​​នៅ​​​ទីក្រុង Katowice ក្នុង​ប្រទេស​ប៉ូឡូញ​នៅ​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨។

សន្និសីទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង Katowice ក្នុង​ប្រទេស​ប៉ូឡូញ ហើយ​មានការ​​ពិភាក្សា​ស្វែងរក​វិធី​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ប៉ារីស​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ដែល​បាន​ចុះហត្ថ​លេខា​ដោយ​ប្រទេស​ចំនួន១៨៩​ នៅ​ឆ្នាំ២០១៥។

ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​ ២០១៥​ ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​តម្រូវ​ឲ្យបង្កើន​គម្រប​ព្រៃឈើ​ និង​តម្រូវ​ឲ្យ​ទាញ​យក​ថាមពល ដូចជា​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ និង​ខ្យល់​ ដែល​កិច្ចការ​ទាំងនេះ ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែងបញ្ឈប់​ការ​ឡើងកម្តៅ​ផែនដី។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក​អគ្គលេខាធិការ​អង្គការសហ​ប្រជាជាតិ​ Antonio Guterres ​ទៅ​កាន់អ្នកតំណាង​រដ្ឋាភិបាល​នានា​រាប់ពាន់​នាក់ ​និង​សកម្មជន​បរិស្ថាន​នៅ​ក្នុង​សន្និសីទ​សំខាន់​មួយ​នេះ នៅ​ប្រទេស​ប៉ូឡូញ​កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ លោក​បាន​ព្រមាន​ថា ​ពិភពលោក​របស់​យើង​កំពុង​ស្ថិត​នៅ​ក្នុង «ស្ថានភាព​ដែល​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ» ទាក់ទង​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ។ សម្រាប់​ប្រទេស​មួយ​ចំនួន ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ បាន​ក្លាយ​ជា​បញ្ហា​ស្លាប់​រស់។

សន្និសីទ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង Katowice ក្នុង​ប្រទេស​ប៉ូឡូញ ហើយ​គេ​ពិភាក្សា​ស្វែងរក​វិធី​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ប៉ារីស​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ដែល​បាន​ចុះហត្ថ​លេខា​ដោយ​ប្រទេស​ចំនួន១៨៩​ នៅ​ឆ្នាំ២០១៥។

កិច្ចព្រមព្រៀង​នោះ តម្រូវ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ដើម្បី​កំណត់​ឲ្យសីតុណ្ហភាព​នៅ​ទូទាំង​ពិភពលោក​កើន​តិច​ជាង​ពីរ​អង្សា​សេ។

ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ដើម្បី​ឲ្យ​ប្រទេស​អាហ្វ្រិក ទទួល​បាន​ទឹកប្រាក់​រហូត​ដល់​ទៅ ១០០ ពាន់​លាន​ដុល្លារ​ពី​ប្រទេស​អភិវឌ្ឍន៍ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​និង​បង្កើត​កម្មវិធី ដែល​អាច​ជួយ​កាត់​បន្ថយ​ដល់​ការ​ឡើង​កម្តៅ​ផែនដី។

នៅ​ប្រទេស​រវ៉ាន់ដា រដ្ឋា​ភិបាល​មាន​បំណង​បង្កើន​គម្រប​ព្រៃឈើ​បន្ថែម ចាប់ពី​ ២៩​ ទៅ​ ៣០ ភាគ​រយ​នៅ​ត្រឹម​ឆ្នាំ២០២០។

លោក Dismas Dakundukize គឺ​ជា​ប្រធាន​អាជ្ញាធរ​ទឹក​ និង​ព្រៃឈើ​នៃ​ប្រទេស​រវ៉ាន់ដា។

លោក​បាន​និយាយ​ថា៖

«យើង​កំពុង​បង្កើន​គម្រប​ព្រៃឈើ​ដើម្បី​ហេតុផល​បរិស្ថាន​ ​ដូច​ជា​ការ​ធ្វើ​ចរាចរណ៍កាបូន​ដែល​គ្រាន់​តែ​ធ្វើ​ឱ្យ​មាន​ខ្យល់​អាកាស​មាន​ភាព​បរិសុទ្ធ។ នេះ គឺ​ជា​ហេតុផល​ទី១។ យើង​ក៏​កំពុង​តែ​ដាំ​ដើមឈើ​ដើម្បី​ទប់ទល់​នឹង​ការសឹក​ដី​ ដូច្នេះ​គុណភាព​របស់​ទឹក​អាច​កើន​ឡើង។ ហេតុផល​ទី​បី​គឺ​ថា​ យើង​កំពុង​ព្យាយាម​បង្កើន​ជីវជាតិ​ដី ​ព្រោះ​តែ​ដើម​ឈើ​ស្រប​យក​សារធាតុ​រ៉ែ»។

កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ក៏​តម្រូវ​ឱ្យ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ធ្វើ​ការ​វិនិយោគ​លើ​ថាមពល​ស្អាត ​និង​ថាមពល​ដែល​កកើត​ឡើង​វិញ ដូចជា​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ និង​ខ្យល់។

ប្រធានាធិបតី​ប្រទេស​នីហ្សេរីយ៉ា លោក Muhammadu Buhari បាន​ធានា​ដល់អ្នក​ចូលរួម​ក្នុង​សន្និសីទ​ថា​ ប្រទេស​របស់​លោក​កំពុង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​អនុវត្តដំណោះស្រាយ​មួយ​នេះ។

លោក​បាន​និយាយ​ថា៖

«យើង​បាន​ចាប់​ផ្តើម​ចេញ​ប័ណ្ណ​បំណុល​បៃតង​ដែល​ជា​ប្រភព​ផ្សេង និង​មាន​ភាព​ច្នៃ​ប្រឌិត ​ដែល​នឹង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ និងផ្តល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសធាតុ​ដ៏​រឹងមាំ​ដូចជា​ថាមពល​កកើត​ឡើង​វិញ ​ការ​ដឹក​ជញ្ជូន​ដោយ​ប្រើប្រាស់​កាបូន​តិច ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទឹក ​និង​កសិកម្ម​ប្រកប​ដោយ​ចិរភាព​ដែល​ប្រទេស​យើង​ត្រូវ​ការ»។

លោក​ John Recha គឺ​ជា​អ្នក​ស្រាវជ្រាវ​ និង​អ្នក​ជំនាញ​ខាងបម្រែបម្រួល​អាកាសធាតុ។ លោក​បាន​និយាយ​ថា​ ទ្វីប​អាហ្វ្រិក​ត្រូវ​ធានា​ថា កិច្ចខិតខំ​ប្រឹងប្រែង​របស់សហគមន៍​អន្តរជាតិ​ក្នុង​ការ​ផ្តល់​មូលនិធិពិត​ជា​បានទប់​ស្កាត់​ការ​កើនឡើង​កម្តៅ​ផែនដី៕

ប្រែសម្រួលដោយ សុខ សុភ័ក្រ្តបញ្ញា

XS
SM
MD
LG