ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិមនុស្សធម៌នៅអាហ្រ្វិកទទួលបានការរាយការណ៍តិចតួច ខណៈមានជម្លោះនៅអឺរ៉ុបនិងមជ្ឈិមបូព៌ា


រូបឯកសារ៖ កុមារ​ដែល​រង​កង្វះ​អាហារូបត្ថម្ភ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ Boulmiougou ក្នុង​ក្រុង Ouagadougou ប្រទេស Burkina Faso កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។
រូបឯកសារ៖ កុមារ​ដែល​រង​កង្វះ​អាហារូបត្ថម្ភ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ Boulmiougou ក្នុង​ក្រុង Ouagadougou ប្រទេស Burkina Faso កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។

របាយការណ៍អង្គការ Care International​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ជ្រើស​យក​លំនាំ​ខុស​ពី​ទម្លាប់​ដើម​មួយ​ ដោយ​ធ្វើ​ការ​ពិនិត្យ​មើល​និង​សរុប​អត្ថបទ​ព័ត៌មាន​នានា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ភាសា​អារ៉ាប់ អង់គ្លេស បារាំង អាល្លឺម៉ង់ និង​អេស្ប៉ាញ។

របាយការណ៍បាន​រកឃើញ​ថា មាន​អត្ថបទ​ព័ត៌មាន​ជាង ២១៥.០០០ កាល​ពី​ឆ្នាំ​មុន រាយការណ៍​អំពី​សៀវភៅ​ក្រោម​ចំណង​ជើង​ថា «Spare» របស់​ព្រះអង្គម្ចាស់​ Harry ប៉ុន្តែ​មាន​អត្ថបទ​ព័ត៌មាន​តែ ១១.០០០ ប៉ុណ្ណោះ ដែល​រាយការណ៍​ពី​អំពើ​ហិង្សា​ដ៏​ប្រល័យ និង​ការបាត់បង់​ទី​លំនៅ​របស់​ប្រជាជន​នៅ​ប្រទេស​បួគីណា​ហ្វាសូ។

អត្ថបទ​ព័ត៌មាន​ជាង ២៧៣.០០០ ​បាន​រាយការណ៍​អំពី​ភាព​យន្ត «Barbie» ប៉ុន្តែ​មាន​អត្ថបទ​ព័ត៌មាន​ប្រមាណ​តែ ១.០០០​ ប៉ុណ្ណោះ​ ដែល​បាន​រាយការណ៍​អំពី​គ្រោះ​ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត និង​ភាព​អត់ឃ្លាន​នៅ​អង់ហ្គោឡា ដែល​បាន​ប៉ះពាល់មនុស្ស​ប្រមាណ ៧​លាន​នាក់។

របាយការណ៍​ ដែល​មាន​ចំណងជើង​ថា «ទម្លាយ​ភាព​ស្ងប់ស្ងាត់» (Breaking the Silence) លើកឡើង​ថា វិបត្តិ​ដទៃ​ទៀត​ជា​ច្រើន​ទៀត​នៅ​អាហ្រិ្វក​ទទួល​បាន​ចំណាប់​អារម្មណ៍​តិចតួច​ ឬ​មិន​ទទួល​បាន​ទាល់​តែ​សោះ​ពីសំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក Stefan Brand ប្រចាំ​អង្គការ Care International នៅ​ប្រទេស​អាល្លឺម៉ង់ ​បកស្រាយ​ពី​ហេតុផល​ដែល​វិបត្តិ​មនុស្សធម៌​នៅ​ទ្វីប​អាហ្វ្រិក​មិន​ទទួល​បាន​ការ​រាយការណ៍​ច្រើន។

លោក Brand ថ្លែងថា៖ «វិបត្តិ​និង​ជម្លោះ​ដូចជា សង្រ្គាម​នៅ​អ៊ុយក្រែន ហើយ​ឥឡូវ​នេះ​នៅ​តំបន់​មជ្ឈិមបូព៌ា​ កំពុង​ទទួល​បាន​ការ​រាយការណ៍​ច្រើន​ពី​សំណាក់​អ្នក​សារព័ត៌មាន​អន្តរជាតិ​នៅ​គ្រប់​ប្រទេស ឬតាម​ប្រទេស​ភាគច្រើន ហើយ​ដូច្នេះ​វិបត្តិ​តូចៗ​គឺ​ ស្ថិត​នៅ​ក្រោម​ស្រមោល​នៃ​ជម្លោះ​ធំៗ​ទាំង​នេះ។ ប៉ុន្តែ​ខ្ញុំ​ក៏​គិត​ថា ប្រព័ន្ធផ្សព្វផ្សាយកាន់​តែ​ច្រើន​ត្រូវ​បង្ខំ​ចិត្ត​សន្សំសំចៃ​ ដោយសារ​តែ​កង្វះ​ចំណាប់​អារម្មណ៍​ពី​សាធារណជន»។

ការស្រាវជ្រាវ​របស់​អង្គការ Care International បាន​ចង្អុល​បង្ហាញ​ពី​ប្រទេស​ចំនួន ១០ នៅ​អាហ្វ្រិក រួម​មាន ស៊ីមបាវ៉េ អ៊ូហ្កង់ដា ប៊ូរ៉ុនឌី សំប៊ី និង​សេណេហ្គាល់​ដែល​រងគ្រោះ​ពី​វិបត្តិ​នានា ដូចជា ការ​ប្រែប្រួល​អាកាសធាតុ​ ជម្លោះ ភាពក្រីក្រ ភាព​អត់ឃ្លាន​រីករាលដាល និង​អស្ថិរភាព​នយោបាយ។

ការ​ស្រាវជ្រាវ​បាន​លើកឡើង​ថា អត្ថបទ​ព័ត៌មាន​ជាង ៧៧.០០០ ត្រូវ​បាន​ចុះផ្សាយ​កាល​ពី​ឆ្នាំ​មុន​អំពី​ប្រទេស​ទាំង​នេះ ស្របពេល​ទូរសព្ទ Iphone 15 ទទួល​បាន​ការ​រាយការណ៍​ក្នុង​អត្ថបទ​ជាង ២៧៣.០០០។

​លោក Douglas Okwatch គឺ​ជា​លេខាធិការ​នៃសមាគម​សារព័ត៌មាន​បរទេស (Foreign Press Association) នៅ​អាហ្រ្វិក​ ដែល​ជា​អង្គការ​អ្នកសារព័ត៌មាន​អាហ្រ្វិក​បម្រើការ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស។ លោក​និយាយ​ថា កញ្ចប់​ទឹក​ប្រាក់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​រួមតូច ដោយ​ការណ៍​នេះ​តម្រូវ​ឱ្យ​មាន​ការ​កាត់បន្ថយ​ចំនួន​អត្ថបទ​ព័ត៌មាន​ពី​អាហ្វ្រិក។

លោកថ្លែងថា៖ «ខ្ញុំ​គិត​ថា បន្ទាប់​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ ប្រទេស​នានា​ជុំវិញ​ពិភពលោក​ពិត​ជា​ជួប​បញ្ហា​ខ្វះខាត​ធនធាន។ ដូច្នេះ ប្រទេស​មួយ​ចំនួន ជា​ពិសេស​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ធំៗ​ កំពុង​សម្លឹង​មើល​កន្លែង​ត្រូវ​កាត់បន្ថយ​ចំណាយ។ ហើយប្រហែល​ប្រព័ន្ធផ្សព្វផ្សាយ​គឺ​ជា​កន្លែង​ដែល​ងាយស្រួល​បំផុត​ដើម្បី​កាត់បន្ថយ​កញ្ចប់​ថវិកា។ នៅពេល​អ្នក​កាត់​បន្ថយ​កញ្ចប់​ថវិកា នោះ​នឹងមាន​ផលប៉ះពាល់​ផ្ទាល់លើ​ការ​រាយការណ៍​ព័ត៌មាន»។

ការ​បិទការិយាល័យ​នៅ​បរទេស​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ក៏​ត្រូវ​ចាត់ទុក​ថា​ជា​កត្តា​នៅ​ពី​ក្រោយ​ការ​រាយការណ៍​តិចតួច ក៏ដូចជា ភាព​ហត់នឿយ​ដែល​បាន​កើតឡើង បន្ទាប់​ពី​មាន​ជម្លោះ​និង​វិបត្តិ​មនុស្សធម៌​ឥត​ឈប់ឈរ​អស់​ពេល​រាប់​ទសវត្សរ៍​មក​នេះ​នៅ​តាម​បណ្តា​ប្រទេសអាហ្វ្រិក​ខ្លះ។​

អ្នក​រិះគន់​ខ្លះ​បាន​ចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ថាផ្តោត​ច្រើន​លើ​ជម្លោះ​និង​ការ​រង​ទុក្ខវេទនា​នៅ​អាហ្វ្រិក​ ជាង​សក្តានុពល​និង​ការ​រួម​ចំណែក​របស់​ទ្វីប​នេះ​ទៅ​កាន់​ពិភពលោក។

លោក Okwatch ដែល​ជា​អ្នកសារព័ត៌មាន​ផង​ដែរ និយាយ​ថា វិស័យ​ដទៃ​ និង​ការ​ប្រជែង​លើ​សាកលលោក​សម្រាប់​ធនធាន​និង​ការ​គាំទ្រ​ពី​សំណាក់​ទ្វីប​អាហ្រ្វិក​ កំពុង​ទទួល​បាន​ការ​រាយការណ៍​ច្រើន​ជាង​វិបត្តិ​មនុស្សធម៌។

លោកថ្លែងថា៖ «យើង​មិន​ត្រឹមតែ​ផ្តោត​លើ​រឿង​មនុស្ស​ធម៌​នោះ​ទេ មាន​អត្ថបទ​ព័ត៌មាន​ស្តី​ពី​មនុស្សធម៌​និង​អ្វី​ផ្សេងៗ​ទៀត​កាន់តែ​តិច​ទៅៗ​នៅ​ក្នុង​បរិបទ​ផ្តោត​លើ​អាហ្រ្វិក។ ខ្ញុំ​គិត​ថា ប្រសិន​បើ​មាន​ការ​រាយការណ៍​កាន់តែ​តិច​ស្តី​ពី​វិបត្តិ​មនុស្សធម៌ ​ប្រហែល​ជា​ការ​រាយការណ៍បាន​ងាក​ទៅផ្តោត​លើ​ផលប្រយោជន៍​សេដ្ឋកិច្ច​ និង​ភូមិសាស្រ្ត​នយោបាយ​ទៅ​វិញ»។

លោក Brand និយាយ​ថា លទ្ធភាព​ចូល​ទៅ​កាន់​ទ្វីប​អាហ្រ្វិក​ និង​ការ​វិនិយោគ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ស្ថិរភាព​ អាច​លើក​កម្ពស់​ការ​រាយការណ៍​ព័ត៌មាន​នៅ​អាហ្វ្រិក។

លោកថ្លែងថា៖ «ខ្ញុំ​គិត​ថា ជា​ទូទៅ​ រដ្ឋាភិបាល​ត្រូវ​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​ចូល​ក្នុង​ប្រទេស​ទាំង​នេះ ហើយ​ជា​ពិសេស​ ​ទៅ​កាន់​កន្លែង​ដែល​មាន​វិបត្តិ​នៅ​ក្នុង​តំបន់​ ដើម្បី​ឱ្យ​អ្នក​រាយការណ៍​និង​អ្នក​សារព័ត៌មាន​អាច​រាយការណ៍​ពី​វិបត្តិ​ទាំង​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ត្រូវ​ការ​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​បន្ថែម ទទួល​យក​រូបភាព​បន្ថែម​ពី​អ្នកសារព័ត៌មាន​អាហ្រិ្វក អ្នក​ធ្វើការ​ក្រៅ​ក្របខណ្ឌ​ពី​បរទេស និង​ពី​ប្រទេស​នៅ​អាហ្វ្រិក ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ដែល​ល្អ​និង​មាន​ស្ថិរភាព អ្នកឆ្លើយឆ្លង​ព័ត៌មាន​បរទេស អ្នកធ្វើការ​ក្រៅ​ក្របខណ្ឌ និង​ដៃគូ​ក្នុងស្រុក»។

អង្គការ​សហប្រជាជាតិ​និយាយ​ថា មនុស្ស​ជាង ៣០០​លាន​នាក់​ នឹង​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​នៅ​ឆ្នាំ ២០២៤ ដែល​ប្រហែល​ពាក់កណ្តាល​គឺ ​នៅ​អាហ្វ្រិក។

​អង្គការ Care International បាន​អំពាវនាវ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយរាយការណ៍​ពី​វិបត្តិ​មនុស្សធម៌​នៅ​អាហ្រ្វិក​ ដើម្បី​ឱ្យ​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​ចាត់​វិធានការ​ជា​បន្ទាន់​ក្នុង​ការ​ជួយ​សង្រ្គោះ​ស្ថានភាព​នេះ៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG