ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លំហូរចូល​​នៃ​អ្នកចេះដឹង​មកក្នុង​ទ្វីប​អាហ្រ្វិកកើតឡើង​ដោយសារ​​កំណើន​សេដ្ឋកិច្ច​អាហ្រ្វិក


សិស្ស​ជាតិ​ម៉ូរ៉ុកកូ (Morocco) កំពុងអានសៀវភៅ⁣និងស្តាប់តន្រ្តី។
សិស្ស​ជាតិ​ម៉ូរ៉ុកកូ (Morocco) កំពុងអានសៀវភៅ⁣និងស្តាប់តន្រ្តី។
ដោយ Peter Cox
ក្រុម​មេដឹកនាំ​អាហ្រ្វិក​បានស្វែងរក​ជាយូរ​មកហើយនូវ​ដំណោះស្រាយ​មួយ​ចំពោះ​អ្វី​ដែល​ត្រូវបាន​ហៅថា លំហូរចេញ​នៃ​អ្នក​ចេះដឹង ដោយ​បានបាត់បង់​ប្រាជ្ញារបស់​មនុស្ស​វ័យក្មេង​របស់​ពួកគេទៅ​ក្នុង​ទីផ្សារការងារ​នៅ​បស្ចិម​ប្រទេស ឬ​នៅក្នុង​ទ្វីបអាស៊ី។ ប៉ុន្តែ ការសិក្សា​នាពេល​ថ្មីៗ​នេះ បង្ហាញថា​និន្នាការបែបនេះ​កំពុងផ្លាស់​ប្តូរ។ ពី​ទីក្រុង ចូហាននែសប័ក (Johannesburg) ភីតធ័រ ខហ្ក (Peter Cox) រាយការ​មកថា ឥឡូវនេះ​ និស្សិត​អាហ្រ្វិក​ជាច្រើន ដែល​សិក្សា​នៅ​បរទេស បាន​ស្វែងរក​ឱកាសដើម្បី​ប្រើប្រាស់​ការបណ្តុះបណ្តាល​របស់​ពួកគេ​នៅក្នុង​ស្រុកវិញ។
សិស្ស​ជាតិ​ម៉ូរ៉ុកកូ (Morocco) វ័យ​១៩​ឆ្នាំ ឈ្មោះ រីដា ម័រឌី (Reda Merdi) កំពុង​បញ្ចប់​ការសិក្សា នៅឯ​សាលាបណ្ឌិត្យ​សភា​ភាព​ជាអ្នកដឹកនាំ​នៅ​អាហ្រ្វិក នៅក្នុង​ទីក្រុង ចូហាននែសប័ក។ នៅក្នុង​ខែសីហា លោក​នឹង​ទៅសិក្សា​នៅឯ​សាកលវិទ្យាល័យ​ភិនស៊ីលវ៉ានៀ (University of Pennsylvania) ដ៏ល្បីល្បាញ​មួយ នៅ​សហរដ្ឋអាមេរិក ដែល​នៅទីនោះ លោក​នឹង​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​និង​ពាណិជ្ជកម្ម។
ម័រឌី និយាយ​ថា ទោះបីជា​លោក​មាន​ឱកាស​ទៅសិក្សា​នៅ​សហរដ្ឋ​អាមេរិក​ក្តី មហិច្ឆតាយូរ​អង្វែង​របស់​លោក គឺ​ប្រើប្រាស់ការបណ្តុះ​បណ្តាល​ផ្នែក​អប់រំ​របស់​លោក​នៅអាហ្រ្វិក។
«វា​មានការចាប់​អារម្មណ៍​ច្រើនជាងមុន​ក្នុងការធ្វើការ​នៅ​អាហ្រ្វិក​នាពេល​បច្ចុប្បន្ន​នេះ។ មាន​ឱកាស​ច្រើនជាងមុន មានកន្លែង​ជាច្រើន​សម្រាប់​អ្នកដើម្បីធ្វើការងារ និង​មានកន្លែង​ច្រើន​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​អ្នក។ ដូចគ្នា​ផងដែរ ពីព្រោះ​មាន​រឿងរ៉ាវ​ដ៏គួរ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន ដែល​បានកើតឡើង​នៅក្នុង​ទ្វីប​អាហ្រ្វិក។»
យោងតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក ប្រទេស​ចំនួន៧​នៅក្នុង​ចំណោម​ប្រទេសដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់លឿន​បំផុត​ចំនួន១០​នៅលើ​ពិភពលោក ឥឡូវនេះស្ថិត​នៅក្នុង​ទ្វីប​អាហ្រ្វិក។
ស្ថិតិ​ដែល​ប្រមូល​ដោយ​អង្គការ​វេទិការ​សេដ្ឋកិច្ច​ពិភពលោក បង្ហាញ​ថា ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់​របស់​អាហ្រ្វិក​ជាច្រើន បាន​បង្កើនការទាក់ទាញ​កម្មករ​ដែលមាន​ចំណេះដឹង​ជាចាំបាច់។
ប្រទេសនីហ្សេរីយ៉ា (Nigeria) ស្ថិត​ក្នុង​លំដាប់​ថ្នាក់​ទី​១១២​នៅក្នុង​ពិភពលោក កាល​ពី​ឆ្នាំ​២០០៨ ចំពោះការរក្សាទុក​កម្មករ​ដែល​មាន​ចំណេះដឹង។ ឥឡូវនេះ ប្រទេស​នេះ​មានចំណាត់ថ្នាក់​ទី​៤៨។ ប្រទេស​អាហ្រ្វិក​ខាងត្បូង (South Africa) មានការរីកចំរើន​ពី​លេខរៀង​ទី​៧២​មកលេខរៀង​ទី​៤៨ ​នៅក្នុង​តារាង​ចំណាត់ថ្នាក់របស់ពិភពលោក ហើយ​ប្រទេសហ្គាណា (Ghana) ងើបឡើងពី​ចំណាត់​ថ្នាក់​ទី​១២៥ មក​នៅ​ត្រឹមទី​៥៣វិញ។
ការស្ទាបស្ទង់​មតិ​កាល​ពី​ពេល​ថ្មីៗនេះ​ពីសំណាក់ក្រុមហ៊ុន​វិនិយោគ​ឯកជន​មួយ នៅទីក្រុង ចូហាននែសប័ក ដែលមាន​ឈ្មោះ​ថា ចាកាណា (Jacana) បាន​រកឃើញ​ថា ៧០ភាគរយ​នៃ​និស្សិត​អាហ្រ្វិក ដែល​បាន​បន្ត​ការសិក្សា​ថ្នាក់​អនុបណ្ឌិតផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម នៅឯ​សាលា​ល្បី​ៗនៅ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប មាន​ផែនការ​វិលត្រឡប់​មក​អាហ្រ្វិក​វិញ បន្ទាប់ពី​បញ្ចប់​ការសិក្សា។
ការរកឃើញ​នេះ​មិនបាន​ធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ លោក រឺប៊ែកកា ហារីសុន (Rebecca Harrison) ដែល​ជា​នាយក​គម្រោង​របស់​អង្គការ​ផ្តួចផ្តើម​ការគ្រប់គ្រង​អាហ្រ្វិក ដែល​ជួយបណ្តុះបណ្តាល​អ្នកគ្រប់គ្រង​នៅក្នុង​ទ្វីប​នេះ។
«និយាយ​ដោយខ្លី​ទៅ អារម្មណ៍​របស់​ខ្ញុំ​គឺថា មាន​ការផ្លាស់ប្តូរ​ពិតប្រាកដ​មួយ។ យើង​កំពុង​ចាប់ផ្តើម​កសាង​ទំនាក់ទំនងជាមួយ​សាលា​ពាណិជ្ជកម្ម​ជាន់ខ្ពស់​ជាច្រើន ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប ដើម្បី​បង្កើត​ក្លឹប​អាហ្រ្វិក។ ដូច្នេះ អ្នក​ទាំងឡាយមាន​ការ​ចាប់អារម្មណ៍​ធ្វើការងារ​នៅ​ទ្វីប​អាហ្រ្វិក​នាពេល​អនាគត។ មួយចំនួន​មកពី​ទ្វីប​អាហ្រ្វិក មួយចំនួន​មក​កន្លែង​ផ្សេងទៀត ប៉ុន្តែ មានការ​ចាប់អារម្មណ៍​ទៅលើ​ទ្វីប​នេះ។ យើង​បាន​ឮពីពួកគេ​ថា សមាជិក​ភាព​របស់​ពួកគេ​កំពុង​មានការកើនឡើង​ដ៏គួរឲ្យ​កត់​សម្គាល់។ ពួកគេ​ទាំងអស់​ចង់​មកទីនេះ និង​ធ្វើកម្មសិក្សា​នៅទីនេះ ដោយ​ផ្តល់​ប្រឹក្សា​ដល់​គម្រោង​នៅទីនេះ។ ពួកគេ​មាន​ការចាប់​អារម្មណ៍​ក្នុង​ស្វែងរក​ការងារ​ធ្វើ​នៅទីនេះ។»
សាលា​បណ្ឌិត្យសភា​ភាព​ជាអ្នក​ដឹកនាំ​អាហ្រ្វិក ឬ​ហៅ​កាត់​ថា (ALA) ត្រូវបាន​បង្កើត​ឡើង​ក្នុងគោលដៅ​បង្កើតអ្នក​ដឹកនាំ​អាហ្រ្វិក​ជំនាន់​ថ្មី។ សាលា​នេះ​គឺ​មានការជ្រើសរើស​ខ្លាំងណាស់ ដោយ​ទទួល​យក​អ្នក​ដាក់ពាក្យ​តែ​៣​ភាគរយ​តែ​ប៉ុណ្ណោះ។
លោក ហ្រ្វែដ ស្វានីក័រ (Fred Swaniker) ដែល​ជា​ស្ថាបនិក​មួយ​រូប​នៃ​សាលា​បណ្ឌិត្យសភា​នេះ បានបង្កើតកម្មវិធី​សិក្សា​និង​កម្មវិធី ដើម្បី​លើកទឹកចិត្ត​ឱ្យ​និស្សិត​របស់​សាលា ALA វិលត្រឡប់​មកកាន់​ទ្វីប​នេះវិញ បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​បរទេស។
លោក​និយាយ​ថា វា​មាន​សារសំខាន់​ណាស់ ក្នុង​ការផ្តល់ឱ្យ​និស្សិត​នូវ​ឱកាស​ជាច្រើន​តាមតែ​អាច​ធ្វើទៅបាន ក្នុងការកសាង​បណ្តាញ​និង​ធ្វើការងារ​នៅក្នុង​ទ្វីប​នេះ។
«ទស្សនវិជ្ជា​ដើម​របស់​យើង​គឺថា មូលហេតុ​ចម្បង​ដែល​មនុស្ស​គួរតែ​វិលត្រឡប់​មកកាន់​អាហ្រ្វិក​វិញ គឺមិនមែន​ដោយសារ​តែ​កាតព្វកិច្ច​ណាមួយ​ ឬ​ពីព្រោះ​តែ​យើង​បង្ខំ​ពួកគេនោះទេ ប៉ុន្តែ ពីព្រោះ​ពួកគេ​មើលឃើញ​ឱកាស​ដ៏អស្ចារ្យ ដែល​មាន​នៅទីនេះ​សម្រាប់​ពួកគេ និងពីព្រោះ​ពួកគេ​មើលឃើញ​អនាគត​ដ៏​ឧត្តុង្គឧត្តម និង​ឱកាសពិត​ប្រាកដ​មួយ​សម្រាប់​ពួកគេ ដើម្បីធ្វើឱ្យមាន​ការផ្លាស់ប្តូរ​។»
វា​ក៏មាន​ការលើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ។ ថ្លៃ​សាលា​របស់​និស្សិត​ភាគច្រើន ត្រូវបាន​ផ្តល់ឱ្យ​តាមរយៈប្រាក់កម្ចី​ដែល​បាន​លើកលែង។ ប្រសិន​បើ​និស្សិត​វិលត្រឡប់​មក​អាហ្រ្វិក​វិញ នៅ​ត្រឹម​អាយុ​២៥​ឆ្នាំ ហើយ​ស្នាក់នៅ​រយៈពេល​១០​ឆ្នាំ ប្រាក់កម្ចី​របស់​ពួកគេ​នឹង​ត្រូវបាន​លើកលែង។ ប្រសិនបើ​មិនវិលត្រឡប់​មកវិញ​ទេ ពួកគេ​ត្រូវ​បង់​សង​មកវិញ​ជាមួយ​នឹង​ការប្រាក់។
ប៉ុន្តែ ឱកាស​ហាក់ដូច​ជាការទាក់ទាញ​ដ៏ចម្បង។
«ប្រសិនបើ​អ្នក​គិត​របៀប​ជា​សហគ្រិន​ម្នាក់ នោះ​អាហ្រ្វិក​គឺពិតជា​ឋាន​សួគ៌​របស់​អ្នក។ អ្នក​ពិតជា​អាច​ក្លាយទៅជា សំ វ័លតុន (Sam Walton) របស់​អាហ្រ្វិក ឬ ប៊ីល ហ្គេតស៍ (Bill Gates) របស់​អាហ្រ្វិក ឬ ស្ទីវ ចបស៍ (Steve Jobs)។ មិនមាន​អ្នកណា​ម្នាក់​ធ្លាប់បាន​ធ្វើដូច្នេះ​នៅឡើយ​ទេ។ អ្នក​អាច​ជា​មនុស្ស​បែបនេះ។
គំនិតនេះ​មាន​ភាពសមហេតុផល​សម្រាប់ ម័រឌី ដែលផែនការ​របស់​គាត់ មាន​ការផ្លាស់ប្តូរ ពីព្រោះតែ​សារនេះ។
«កាលពី​ដំបូង នៅពេល​ដែល​ខ្ញុំ​ចាប់ផ្តើមមានការ​ចំណាប់អារម្មណ៍នៅក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ជាទូទៅ ខ្ញុំ​គិតថា ប្រសិនបើ​អ្នក​ចង់មាន​ឥទ្ធិពល​នៅក្នុង​វិស័យ​ធនាគារ អ្នក​ត្រូវតែ​ធ្វើការ​នៅក្នុង​ទីក្រុងញូវយ៉ក (New York) ឬ ទីក្រុងឡុងដ៍ (London)។ សាលា ALA បានធ្វើឱ្យ​ខ្ញុំ​ដឹងថា នេះ​មិនមែន​ជារឿងពិត​នោះទេ។»
ខណៈពេល​ដែល​សេដ្ឋកិច្ច​បាន​ជួយ​សម្រាល​ដល់​បញ្ហា​លំហូរ​ចេញ​នៃ​អ្នកចេះដឹង​នៅ​អាហ្រ្វិក លោក រឺប៊ែកកា ហារីសុន នៃ​អង្គការ​ផ្តួចផ្តើម​ការគ្រប់គ្រង​អាហ្រ្វិក និយាយ​ថា ក្រុម​មេដឹកនាំ​អាហ្រ្វិក​ត្រូវតែ​ផ្តោត​ការយកចិត្ត​ទុកដាក់​ក្នុង​ការជួយ​ចែករំលែក​ធនធាន​និង​ការគាំទ្រ ដែល​ត្រូវការ​ចាំបាច់ សម្រាប់ជនជាតិ​អាហ្រ្វិក​ជំនាន់ថ្មី​ប្រកបដោយ​ការអប់រំ៕
ប្រែសម្រួលដោយ ឌី ខាំបូលី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG