ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ ទាមទារឱ្យក្រសួងអប់រំពន្យល់ពីរឿងលុបឈ្មោះចេញពីវគ្គបណ្តុះបណ្តាល


ក្រុមយុវជនជានិសិ្សត និងពលរដ្ឋកាន់បដាទាមទារយុត្តិធម៌ជូនអតីតគរុនិសិ្សត កែវ សុវណ្ណឫទ្ធិ នៅខាងក្រៅក្រសួងអប់រំ យុវជន និងកីឡា ទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
ក្រុមយុវជនជានិសិ្សត និងពលរដ្ឋកាន់បដាទាមទារយុត្តិធម៌ជូនអតីតគរុនិសិ្សត កែវ សុវណ្ណឫទ្ធិ នៅខាងក្រៅក្រសួងអប់រំ យុវជន និងកីឡា ទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

យុវជន​មួយ​ក្រុម​មាន​គ្នា​ជាង ​២០ ​នាក់ ​ដែល​ភាគច្រើន​ជានិស្សិត​បាន​ចូលរួម​ធម្មយាត្រា​ស្វែង​រក​យុត្តិ​ធម៌ជូន​អតីត​គរុនិស្សិត ​កែវ សុវណ្ណឫទ្ធិ ដែល​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និងកីឡា​លុប​ឈ្មោះ​ពីវគ្គ​បណ្តុះ​បណ្តាល​ នៅ​វិទ្យាស្ថាន​ជាតិ​អប់​រំកាយ​ និង​កីឡា​ កាល​ពី​ឆ្នាំ​២០២១ ដោយ​សារ​តែ​បញ្ហា​កម្ពស់​មិន​គ្រប់​លក្ខខណ្ឌ​កំណត់​។

ធម្ម​យាត្រា​ដែល​ធ្វើឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ជា​ការ​តវ៉ា​ក្នុង​ចំណោម​ការតវ៉ា​ច្រើនលើក​ដែល​លោក ​កែវ សុវណ្ណ​ឫទ្ធិ​ បាន​ធ្វើ​ដើម្បី​ស្នើ​ឱ្យ​ក្រសួង​អប់រំ​ បញ្ជាក់​មូល​ហេតុ​ឱ្យ​ជាក់លាក់​ថា​តើ​ហេតុ​អ្វី​លោក​ត្រូវ​បាន​គេ​លុប​ឈ្មោះ។ ការ​តវ៉ា​មិន​សុខ​ចិត្ត​នេះ ដោយ​សារ​តែ​អ្នក​ផ្សេង​ទៀត​ដែល​មាន​បញ្ហា​កម្ពស់​មិន​គ្រប់​លក្ខខណ្ឌ​ដូច​គ្នា ប៉ុន្តែ​បែរ​ជា​បាន​បន្ត​រៀន។

​ព្រះ​តេជ​គុណ ​ធូ វ៉ាឃីម ដែល​ចូលរួម​ក្នុង​ការ​តវ៉ា​នោះ មាន​សង្ឃ​ដីកាប្រាប់​វីអូអេ​ថា​ក្រសួង​អប់រំ​គួរ​ចេញ​មក​ពន្យល់​ឱ្យ​បាន​ច្បាស់​ ពាក់​ព័ន្ធ​នឹង​ការ​លុប​ឈ្មោះ​ លោក​ កែវ សុវណ្ណឫទ្ធិ​ពី​វគ្គ​បណ្តុះបណ្តាល​គ្រូអប់រំ​កាយ និង​កីឡា​ កម្រិត​មូល​ដ្ឋាន។

ព្រះអង្គ​មាន​សង្ឃ​ដីកា​ថា​៖​ «គោល​បំណង​ទីមួយ​នោះ​ គឺ​ចង់​ឱ្យ​ផ្តល់​ភាព​យុត្តិធម៌​។​ មានន័យ​ថា​ភាព​យុត្តិធម៌​ ធម្មតា​គាត់​នៅ​ឈរ​មុខ​ក្រសួង​រហូតមក​ហើយ​ គឺ​អត់​មាន​ដំណោះ​ស្រាយ​ឯណា​ គឺ​បកស្រាយ​ប្រាប់​គាត់​ទេ​។ អ៊ីចឹង​បាន​ន័យថាគោលបំណង​ទីមួយនោះ​គឺ​ចង់​ឱ្យក្រសួង​ហ្នឹង​បក​ស្រាយ​ហេតុ​ផលនូវ​អ្វី​ ហេតុអ្វី​បាន​លុប​ឈ្មោះ​ គាត់​ចេញ​ ហើយ​ហេតុអ្វី​អ្នកផ្សេង​ទៀត​ ខុស​លក្ខ​ន្តិកៈ​ដែរ​ បែរ​ជា​អត់​លុប​ចេញ។ អីចឹង​បាន​ន័យ​ថា​គោល​បំណង​ទីពីរ​នោះ​ គឺ​ចង់​ឱ្យ​ដូច​ថាធម្មតា​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គឺ​ក្រសួង​ដែល​បណ្តុះធនធាន​មនុស្ស​ នៅប្រទេស​កម្ពុជា​ចង់​ឱ្យ​លុប​បំបាត់​អំពើពុក​រលួយដែល​ភាព​អយុត្តធម៌ មិន​ស្មើ​គ្នា​ពរ»។

លោក​ កែវ សុវណ្ណឫទ្ធិ បាន​ចេញមុខ​ធ្វើ​ការ​តវ៉ា​តែ​ឯក​ឯង​ និង​ជា​ញឹកញាប់​នៅ​មុខ​ក្រសួង​អប់រំ​កន្លង​មក​ ហើយ​ពេល​ខ្លះ​ត្រូវ​ទទួល​ការ​បង្ក្រាប​ពី​សន្តិសុខ​ខណ្ឌ​ដូនពេញ។ រហូត​មក​ដល់​ពេល​នេះ មិន​មានដំណោះ​ស្រាយ​ជាក់​លាក់​ ជុំវិញ​នឹង​ការ​ទាមទារ​ឱ្យ​ក្រសួង​ផ្តល់​សេចក្តី​ពន្យល់​អំពី​មូល​ហេតុ​ដែល​នាំ​ដល់​ការ​លុប​ឈ្មោះ​គាត់​ចេញ​ពី​វគ្គ​បណ្តុះ​បណ្តាល​ឡើយ។

ក្នុង​ការតវ៉ា​ជា​ទ្រង់ទ្រាយ​ធម្មយាត្រា ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទនេះ​ លោក​ កែវ សុវណ្ណឫទ្ធិ​ បាន​នាំ​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ។ បើ​តាម​ញត្តិ​ដែល​មាន​ផ្តិត​មេដៃ​ពី​និស្សិត​និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​នោះ កាលពី​ថ្ងៃ ទី​ ២៨ ខែ ធ្នូ​ ឆ្នាំ ២០២១​ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​ និងកីឡា​ បាន​លុប​ឈ្មោះ​គរុ​និស្សិត​ចំនួន​១២​នាក់​ក្នុងនោះ​មាន​គរុនិស្សិតកែវ សុវណ្ណឫទ្ធិ​ផង​ដែរ​។ ការ​លុប​ឈ្មោះ​និសិ្សត​ទាំង ​១២ ​នាក់​នេះ​ ហាក់​បី​ដូច​ជា​មាន​ភាព​អយុត្តិធម៌​ និង​មិន​ប្រក្រតី​។

អតីតគរុនិសិ្សត កែវ សុវណ្ណឫទ្ធិ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅក្រសួងអប់រំ យុវជន និងកីឡា ទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
អតីតគរុនិសិ្សត កែវ សុវណ្ណឫទ្ធិ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅក្រសួងអប់រំ យុវជន និងកីឡា ទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

ក្បួនធម្មយាត្រានាំញត្តិរបស់លោក កែវ សុវណ្ណឫទ្ធិ ទៅដាក់នៅក្រសួងអប់រំ យុវជន កីឡា នៅទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
ក្បួនធម្មយាត្រានាំញត្តិរបស់លោក កែវ សុវណ្ណឫទ្ធិ ទៅដាក់នៅក្រសួងអប់រំ យុវជន កីឡា នៅទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

អ្នក​សរសេរ​ញត្តិ​ដែល​មក​ពី​បណ្តា​សាកល​វិទ្យាល័យ​ផ្សេង​ៗ​ បាន​រៀបរាប់​ទៀត​ថា​តាំង​ពី​ការ​ប្រឡង​ជាប់​ ការ​វាស់​កម្ពស់ រហូត​បាន​ចូល​រៀន​២០​ថ្ងៃ​ជាង​ទៀត ទើប​មាន​ការ​លុប​ឈ្មោះ​គរុ​និស្សិត​ទាំង ​១២ ​នាក់​ ក្នុង​នោះ​មាន​គរុ​និស្សិត​ កែវ សុវណ្ណឫទ្ធិ​ ដោយ​លើក​មូល​ហេតុ​ខុស​លក្ខ​ន្តិ​កៈ​ គឺ​កម្ពស់​មិន​ត្រូវ​នឹង​គុណសម្បតិ្ត​ដែល​អាច​ទទួលបាន​ការ​បណ្តុះ​បណ្តាល។

ញត្តិ​ដដែល​បញ្ជាក់​ថា៖ «​ខ្ញុំបាទ​ នាង​ខ្ញុំ​ជា​គរុនិស្សិត​ និស្សិត សិស្ស​ ដែល​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​ ភាព​អយុត្តិធម៌​ដែល​កើត​មាន​ចំពោះ​គរុនិសិ្សត​ កែវ សុវណ្ណឫទ្ធិ និង​គរុ​និស្សិត​ ១១ នាក់​ផ្សេង​ទៀត​ ស្នើ​សុំ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បកស្រាយ​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​លុប​ឈ្មោះ ​កែវ សុវណ្ណឫទ្ធិ​ ព្រម​ទាំង​គរុនិស្សិត ​១១​ នាក់​ផ្សេង​ទៀត​ និង​ផ្តល់​យុត្តិធម៌​ផ្លូវ​ចិត្ត​ ដើម្បី​បញ្ចប់​ការ​តស៊ូ​មតិនៅ​សាធារណៈ»។

កញ្ញា រៀម ស្រី​ពេជ្ររតនា​ និសិត្សផ្នែ​កច្បាប់​មួយ​រូប​ យល់​ថា ​ក្រសួង​អប់រំ​ត្រូវ​ដោះស្រាយ​ភាព​អយុត្តិធម៌​ ដែល​កើត​មាន​ទៅ​លើ​លោក ​កែវ​ សុវណ្ណឫទ្ធិ។ កញ្ញា​បន្ថែ​មថា​កញ្ញា​ចូល​រួម​តវ៉ា​រក​យុត្តិធម៌​ឱ្យ​លោ ក​កែវ សុវណ្ណឫទ្ធិ ព្រោះ​មិន​ចង់​ឃើញ​រឿង​ដដែល​នេះ​កើត​ឡើង ដែល​អាច​បង្ក​ជា​អយុត្តិធម៌​ក្នុង​សង្គម។

កញ្ញា​ថ្លែង​ថា​៖ «ខ្ញុំ​សម្ងំ​យក​សុខ​តែ​ម្នាក់​ឯង​ ខ្ញុំនៅសម្ងំ​រៀន។ អីចឹង​ រឿង​មួយ​ហ្នឹង​ វា​នឹង​កើត​ថ្ងៃ​ក្រោយ​វា​អាច​មិនប៉ះដល់​ខ្ញុំ​ទេ​ តែ​នឹង​ប៉ះដល់​អ្នក​ផ្សេង​ នឹង​ប៉ះ​ដល់​ប្អូន ដល់​ក្មួយ។ បង​ប្អូនយុវជន​ជំនាន់​ក្រោយ​ គឺ​គាត់​នឹង​ជួប​រឿង​អយុត្តិធម៌​បែបហ្នឹង​។ អីចឹង ខ្ញុំ​គិត​ថា​បើ​សិន​បើ​យើង​នៅ​ស្ងៀម​ស្ងាត់​ គឺ​វា​កាន់​តែ​រីករាលដាល​ ព្រោះ​រឿង​អយុត្តិធម៌​សង្គម​នេះ​ បើ​សិន​ជា​កើត​ក្នុង​សង្គម​ហើយ​ចង់​មិន​ចង់​ពេល​ក្រោយ ក៏​យើង​ត្រូវ​តែ​ទទួល​រង​គ្រោះ​ដូច​គ្នា​ដែរ»។

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​លោក កើត សារ៉ាយ ដែល​បាន​ចូលរួមការតវ៉ា​នេះ​ដែរ ថ្លែង​ថា ​ក្រសួង​អប់រំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ផ្តល់​ការ​ពន្យល់​ឱ្យហ្មត់ចត់​ រឿង​កាត់​ឈ្មោះ​ លោក​ កែវ សុវណ្ណឫទ្ធិ ចេញ​ពី​ការ​បណ្តុះបណ្តាល​ជំនាញ​អប់រំកាយ និងកីឡា​កម្រិត​មូលដ្ឋាន ដើម្បី​ឱ្យអតីត​គរុនិស្សិត​រូប​នេះ​បាន​ស្ងប់​ចិត្ត ហើយ​បញ្ឈប់​ការតវ៉ា​តទៅ​ទៀត។

​លោក​ប្រាប់​អ្នក​កាសែត​ថា​៖ «​ដូច​សិទ្ធិ​ស្តី​ពី​ការងារ​អីចឹង​ បើ​សិន​ជា​យើង​បញ្ឈប់​កម្មករ​ក្នុង​រយៈ​ពេល​អន្តរកា​ល​ណាមួយ​ យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ពេល​វេលា​របស់​គាត់​ដែល​ខូច​ខាត​ ដូច​គ្នា​។ យើង​យក​គាត់​ទៅ​រៀន​ថា​ គាត់​ជាប់​ ហើយ​បន្ទាប់​មក​ថា​មិន​ជាប់វិញ​ដេញគាត់ចេញ​។ ហើយ​អា​ពេល​វេលា​ដែល​គាត់​បាន​ចំណាយ​ពេល​ក្នុង​ការ​សិក្សា​ហ្នឹង​ តើ​មាន​សំណង​អីទេ​? តើមាន​សំណង​អី​ទៅ​លើ​គាត់? ​អាហ្នឹង​មួយ។​ ​ហើយ​អារឿង​ដែល​ខ្លាំង​ជាង​គេ​គឺ​ផ្លូវ​ចិត្ត​របស់​គាត់​ វាប៉ះ​ទង្គិច​។ ម្តង​ថា​គាត់​អត់​ជាប់​ ម្តង​ថា​គាត់​ជាប់​ យក​គាត់​ទៅ​រៀន​ ធ្វើ​ឱ្យ​មនុស្ស​មាន​ក្តី​សង្ឃឹម​ ធ្វើ​ឱ្យ​មនុស្ស​មាន​អារម្មណ៍​ថា​អូខេ ខ្លួន​ឯង​ថា​នឹង​កំពុង​តែ​វិវឌ្ឍ​ហើយ​ ប៉ុន្តែ​សុខ​ៗ​ ទៅបញ្ឈប់​គាត់វិ​ញ។ អាហ្នឹង​ហើយ​ អ្វីដែល​យើង​ចង់​បាននៅ​ពេល​នេះ​ គឺ​ការ​បក​ស្រាយ​មួយ​ជាក់​លាក់​ ហើយ​និង​ការ​ទទួល​កំហុស​ខ្លួន​ឯង​របស់​សាមី​ក្រសួង»។

ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ចូលរួមក្បួនធម្មយាត្រាស្វែងរកយុត្តិធម៌ជូនអតីតគរុនិសិ្សត កែវ សុវណ្ណឫទ្ធិ នៅក្រសួងអប់រំ យុវជន កីឡា នៅទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ចូលរួមក្បួនធម្មយាត្រាស្វែងរកយុត្តិធម៌ជូនអតីតគរុនិសិ្សត កែវ សុវណ្ណឫទ្ធិ នៅក្រសួងអប់រំ យុវជន កីឡា នៅទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

កញ្ញា រៀម ស្រីពេជ្ររតនា និសិត្សផ្នែកច្បាប់មួយរូបផ្តល់់បទសម្ភាសន៍ជាមួយសំឡេងសហរដ្ឋអាមេរិកនៅមុខវត្តបទុមវត្តី ទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
កញ្ញា រៀម ស្រីពេជ្ររតនា និសិត្សផ្នែកច្បាប់មួយរូបផ្តល់់បទសម្ភាសន៍ជាមួយសំឡេងសហរដ្ឋអាមេរិកនៅមុខវត្តបទុមវត្តី ទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

នៅ​មុន​ពេល​ដាក់​ញត្តិ​ជូន​មន្ត្រីរដ្ឋបាល​មួយរូប​នៅ​ក្រសួង​អប់រំ លោក កែវ សុវណ្ណឫទ្ធិ​ សម្តែងក្តី​រីករាយ​នៅពេល​ដែល​មាន​យុវជន​ឯ​ទៀត​មក​ចូលរួម​ជួយ​រក​យុត្តិធម៌​ជូន​គាត់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ដែល​ យុវជន​គាត់​ ចេះប្រើ​សិទ្ធិ​ខ្លួន​ឯង​ គាត់​មាន​សិទ្ធិ​ចូលរួម​គ្រប់​ៗ​គ្នា​ មិន​ថា​ សកម្មភាព​អ្វី​ក៏ដោយ​ គាត់​មាន​សិទ្ធិចូលរួម​ទាំង​អស់​ ឱ្យ​តែ​ពាក់​ព័ន្ធ​ជាមួយ​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​យុវជន​ ហើយ​និង​ប្រជាជន​របស់​ខ្លួន​គាត់​ គាត់​អាច​មាន​សិទ្ធិ​ចូល​រួម​តែ​ម្តង»។

លោក​បន្ថែម​ថា ​ការ​តវ៉ា​នឹង​កើត​ឡើង​សាជាថ្មីទៀត អាច​មួយ​សប្តាហ៍​ធ្វើ​ម្តង​ បើ​សិន​ក្រសួង​អប់រំ​នៅ​មិន​ចេញ​មក​ផ្តល់​ការ​ពន្យល់​ឱ្យ​បាន​ជាក់​ច្បាស់ និង​ល្អិតល្អន់​ជុំវិញ​ការ​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​គរុ​និស្សិត​ឯកទេស​អប់រំ​កាយ និង​កីឡាថ្នាក់​មូលដ្ឋាន។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​អ្នកស្រី​ ឃួន​ វិច្ឆិកា​ មិន​ផ្តល់​ការ​អត្ថាធិប្បាយ​លើ​ការ​តវ៉ា​របស់​យុវជន​កែវ សុវណ្ណឫទ្ធិ​ នៅ​ថ្ងៃចន្ទ​នេះ​ ដោយ​លើក​ឡើង​ថា៖ «​រឿង​នេះ​ ក្រសួង​បាន​ចេញ​សេចក្តី​បំភ្លឺ​រួច​ហើយ​កាល​ពី​ថ្ងៃទី ​១៨ ខែកក្កដា​ ឆ្នាំ​ ២០២៣ ​កន្លងមក»។

បើ​តាម​សេចក្តី​បំភ្លឺ​នោះ​ យុវជន​ កែវ សុវណ្ណឫទ្ធិ ត្រូវ​បាន​គណៈ​កម្មការ​ប្រឡង​ពិនិត្យ​ឃើញ​ថា​មាន​កម្ពស់​មិន​ត្រូវ​លក្ខ​ខណ្ឌ គឺគាត់​មាន​កម្ពស់​ត្រឹមតែ ​១,៦២ ម៉ែត្រ​ខុស​ពី​លក្ខខណ្ឌ​ប្រឡង​ដែល​តម្រូវ​ឱ្យ​បេក្ខជន​មាន​កម្ពស់​ ១,៦៥​ ម៉ែត្រ។

កាល​ពីឆ្នាំ​ ២០២៣​ ក្រសួង​អប់រំ​បាន​សម្រប​សម្រួល​ឱ្យលោក​ជ្រើស​រើស​លក្ខខណ្ឌ​ពីរ​គឺ​អាហារូបករណ៍​៤​ឆ្នាំ​នៅ​សាកល​វិទ្យាល័យ​ និង​ធ្វើ​ជា​មន្ត្រី​កិច្ច​សន្យា។ ​ប៉ុន្តែ​លោក​បាន​ទាត់​ចោល​លក្ខខណ្ឌ​ទាំង​ពីរ​នោះ ​ដោយ​ថា ​វា​គឺ​ជា​ទម្រង់​នៃ​ការ​សូកប៉ាន់ ​ដើម្បី​ឱ្យ​លោក​ស្ងប់ចិត្ត ​ហើយ​បញ្ឈប់​ការ​តវ៉ា។

ក្នុង​ពេល​ដាក់​ញត្តិ​នៅ​ក្រសួង​អប់​រំ​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មន្ត្រីរដ្ឋបាល​ម្នាក់​បាន​ទទួល​ញត្តិ​របស់​លោក​ កែវ សុវណ្ណឫទ្ធិ​និង​ថានាំ​យក​ញត្តិ​ទៅ​ជូន​រដ្ឋមន្ត្រីក្រសួងអប់រំ លោក​ ហង់​ជួន ណារ៉ុន។ ក្រោយ​ដាក់​ញត្តិ​រួច​ យុវជន​កែវ សុវណ្ណឫទ្ធិ​ បាន​ធ្វើ​ពិធី​សាសនា​ ដោយ​មាន​ព្រះ​សង្ឃ​សូត្រ​ធម៌ រួច​អូជ​ធូប​នៅ​គល់​ឈើ​មួយ​ដើម​នៅ​ពី​មុខ​ក្រសួង​អប់រំ ដើម្បី​បួង​សួង​ឱ្យ​មាន​ការ​ពន្យល់​ត្រឹមត្រូវ​នៅ​ពី​ក្រោយ​មូល​ហេតុ​នៃ​ការ​លុប​ឈ្មោះ​លោក​ចេញពី​វគ្គ​បណ្តុះ​បណ្តាល​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​ និង​កីឡា​។

ការ​តវ៉ា​របស់​លោក​ កែវ សុវណ្ណាឫទ្ធិ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ត្រូវ​គេ​កត់​សម្គាល់​ឃើញ​ថា មិន​មាន​ការ​រារាំង​ណា​មួយ​ពី​កង​សន្តិសុខ​របស់​ខណ្ឌ​ដូន​ពេញ​នោះ​ទេ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG