ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ប្រារព្ធ​ខួប​ទិវា​ឯករាជ្យ​លើក​ទី​២៤០​របស់​ខ្លួន​ដែល​ទទួល​បាន​ពី​អង់គ្លេស​


សេចក្តីប្រកាសឯករាជ្យរបស់លោក John Trumbul គឺជាគំនូរប្រវែង ៣មែត្រ×៥ មែត្រក្នុងរដ្ឋធានី Rotunda សហរដ្ឋអាមេរិកដែលបង្ហាញពីសេចក្តីប្រកាសព្រាងឯករាជ្យទៅកាន់សមាជ។
សេចក្តីប្រកាសឯករាជ្យរបស់លោក John Trumbul គឺជាគំនូរប្រវែង ៣មែត្រ×៥ មែត្រក្នុងរដ្ឋធានី Rotunda សហរដ្ឋអាមេរិកដែលបង្ហាញពីសេចក្តីប្រកាសព្រាងឯករាជ្យទៅកាន់សមាជ។

សហរដ្ឋអាមេរិក​ប្រារព្ធ​ខួប​ទិវា​ឯករាជ្យ​លើក​ទី​២៤០​របស់​ខ្លួន​ដែល​ទទួល​បាន​ពី​អង់គ្លេស ដោយ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ទាំងអស់​សម្រាក​មួយ​ថ្ងៃ ដើម្បី​ធ្វើពិកនិក ដង្ហែរ​ក្បួន និង​មើល​កាំជ្រួចនៅ​ទូទាំង​ប្រទេស។ ​

លោក​ប្រធានាធិបតី Barack Obama នឹង​ទទួល​ភ្ញៀវ​ជា​ក្រុមគ្រួសារ​របស់​កងយោធា ដើម្បី​អាំង​សាច់​នៅ​ក្នុង​សេតវិមាន អម​ដោយ​ការប្រគុំ​តន្ត្រី​ដោយ តារា​ចម្រៀង Kendrick Lamar និង Janelle Monae។ ប្រសិន​បើ​មិន​មាន​ភ្លៀង​ធ្លាក់​នៅ​ថ្ងៃ​យប់​ថ្ងៃ​ច័ន្ទ​នេះក្នុង​រដ្ឋធានីវ៉ាស៊ីនតោនដូច​ដែល​ការ​ព្យាករណ៍អាកាសធាតុ​ទុក​ទេ​នោះ នោះ​ពួកគេ​នឹង​អាច​មើល​ឃើញការបាញ់​កាំជ្រួច​ដ៏​ធំ​បំផុត​នៅ​ក្នុង​រដ្ឋធានី​នេះ នៅ​ក្បែរ​ឧទ្យាន​ជាតិ National Mall ។ ​

ប៉ុន្តែ​កន្លែង​សំខាន់​នៃ​ទិវា​នេះ​គឺ​នៅ​ក្នុង​អាគារ​បណ្ណសារដ្ឋាន​ជាតិ​អាមេរិក​ដែល​ស្ថិត​នៅ​ជិត​សេតវិមាន។ ទីនោះ​គឺ​ជា​កន្លែង​ដែលគេ​រក្សា​ទុក​សេចក្តីប្រកាស​ឯករាជ្យ​ដែល​ព្រាង​ដោយ​លោក​អតីត​ប្រធានាធិបតី​អាមេរិក Thomas Jefferson និង​ត្រូវ​បាន​សភា​អនុម័ត​កាល​ពី​ថ្ងៃ​៤ ខែ​មិថុនា ឆ្នាំ ១៧៧៦។

សេចក្តីប្រកាស​នេះ​គឺ​ជា​ការស្តី​បន្ទោស​យ៉ាង​ខ្លាំង​ទៅលើ​ស្តេច​អង់គ្លេស King George ដោយ​បាន​ហៅ​ទ្រង់​ថា​ជា​ស្តេច​ផ្តាច់ការ​ និង​បានសរសេរ​ថា ទ្រង់​មិន​បាន​អើពើ​ម្តង​ហើយ​ម្តង​ទៀត​ទៅ​លើ​សំណើ​របស់​អាមេរិក​ដែល​ស្នើ​សុំឲ្យ​ទទួល​បាន​ការគ្រប់គ្រង​ល្អ​ជាង​នេះ។

ក្នុង​ចំណោម​បណ្តឹង​តវ៉ា​ទាំង​២៧​របស់​លោក Jefferson គឺ​អង់គ្លេស​បាន​ដាក់​កងកម្លាំង​យោធា​របស់​ខ្លួន​ក្នុង​ចំនួន​ដ៏​ច្រើននៅ​ក្នុង​ប្រទេស​អាណានិគម​នេះ ដោយ​បាន​កាត់ផ្តាច់​ពាណិជ្ជកម្ម​របស់​អាមេរិក​ជាមួយ​នឹង​ប្រទេស​ដទៃទៀត​នៅ​ក្នុង​ពិភពលោក ស្នើ​យក​ពន្ធ​ដោយ​មិន​មាន​ការយល់​ព្រម​ពី​សហរដ្ឋអាមេរិក និង​បាន​ព្យួរ​អង្គនីតិបញ្ញត្តិ​នៅ​ក្នុង​ប្រទេស​ថែម​ទៀត​ផង។

ហេតុការណ៍​ដែល​បាន​កើតឡើង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា សង្រ្គាម​បដិវត្តន៍​នោះ​ បាន​កើតឡើង​អស់​រយៈពេល​ប្រហែល​មួយ​ឆ្នាំ ហើយ​បន្ត​ដល់​ឆ្នាំ​១៧៨៣ នៅ​ពេល​ដែល​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​បាន​ទទួល​ស្គាល់​សហរដ្ឋអាមេរិក​ថា​ជា​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព​និង​ឯករាជ្យភាព​ពេញលេញ។ សន្ធិសញ្ញា​នេះ ក៏​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​បណ្ណសារដ្ឋានជាតិ​អាមេរិក​ផង​ដែរ។

ទិវា​ឯករាជ្យ​ថ្ងៃ​ទី​៤​កក្កដា​នេះ ក៏​មាន​ការអាន​សេចក្តីប្រកាស​ឯករាជ្យ​នៅ​លើ​ជណ្តើរ​នៃ​អាគារ​បណ្ណសារដ្ឋាន​ជាតិ​ដែរ។ នៅ​ក្នុង​អាគារ​នោះ រាល់​ឯកសារ​ដើម​ទាំងអស់​ត្រូវ​ដាក់​តាំង​បង្ហាញ​ជាមួយ​នឹង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ស្តី​ពី​សិទ្ធិ ដើម្បី​ឲ្យ​សាធារណជន​អាច​មើល​បាន។ ​

ភា្លមៗ​បន្ទាប់​ពី​ការអាន​សេចក្តីប្រកាស​នោះ​ត្រូវ​បាន​បញ្ចប់ នឹង​មាន​ការដង្ហែរ​ក្បួន​ដែល​មាន​ការចូលរួម​ពី​មនុស្ស​រាប់​ពាន់​នាក់​ចេញ​ពី​អាគារ​បណ្ណសារដ្ឋានជាតិ​អាមេរិក​ដែល​ស្ថិត​នៅ​លើ​ផ្លូវ Constitution ហើយ​នឹង​បញ្ចប់​ពេល​ឆ្លងកាត់ចន្លោះ​សេតវិមាន​និង​វិមាន​របស់​ប្រធានាធិបតី​អាមេរិក​ទីមួយ លោក George Washington៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG