ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា៖ តំណែង​ប្រធានាធិបតី មិន​មែន​ជា​ការ​សម្ដែង​តាមកម្មវិធី​​ទូរទស្សន៍​ទេ


ប្រធានាធិបតីអាមេរិកលោក Barack Obama (ឆ្វេង) សើចជាមួយពិធីករលោក Jimmy Fallon នៅក្នុងកម្មវិធី "The Tonight Show Starring Jimmy Fallon" នៅស្ថានីយទូរទស្សន៏ NBC បុរីញូវយ៉ក កាលពីថ្ងៃពុធទី ៨ មិថុនា ២០១៦។
ប្រធានាធិបតីអាមេរិកលោក Barack Obama (ឆ្វេង) សើចជាមួយពិធីករលោក Jimmy Fallon នៅក្នុងកម្មវិធី "The Tonight Show Starring Jimmy Fallon" នៅស្ថានីយទូរទស្សន៏ NBC បុរីញូវយ៉ក កាលពីថ្ងៃពុធទី ៨ មិថុនា ២០១៦។

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា មាន​ប្រសាសន៍​ថាតួនាទី​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​នេះ ដើម្បី​ជ្រើសរើស​អ្នក​ជំនួស​រូប​លោក​នោះ គឺ​រំលឹក​ពលរដ្ឋ​ថាអាមេរិក​ថា​តំណែង​ប្រធានាធិបតី​ មិន​មែនជា​ការងារ​លេង​សើច​នោះទេ។

លោក​អូបាម៉ា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Tonight Show របស់​ទូរទស្សន៍​ NBC ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា «តំណែង​ប្រធានាធិបតី មិនមែន​ជា​ការ​សម្តែង​តាម​កញ្ចក់​ទូរទស្សន៍​នោះ​ទេ»។

លោក​ថ្លែង​បន្ត​ថា «ខ្ញុំ​មើល​ឃើញ​ការ​សម្រេច​ចិត្ត​ជា​ច្រើន​ និង​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ ហើយ​ខ្ញុំ​មាន​ជំនឿ​ទុកចិត្ត​យ៉ាង​ច្រើន​ថា ប្រសិន​បើ​ពលរដ្ឋ​អាមេរិក​ត្រូវ​បាន​រំលឹកអំពី​អ្វី​ដែល​ជា​ហានិភ័យ​និង​បញ្ហា​សំខាន់ៗ​នានា ដែល​យើង​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ នោះ​ពួកគេ​ នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​មួយ»។

កន្លងមក លោក អូបាម៉ា ភាគច្រើនមិន​ដែល​ពាក់​ព័ន្ធ​នឹងដំណើរការ​នៃ​ការ​បោះឆ្នោត​នេះ នៅ​គ្រា​ដែល​អ្នក​បោះឆ្នោត ជ្រើសរើស​បេក្ខជន​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក និង​ខាង​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​គូ​បដិបក្ខ។

ប៉ុន្តែ​ដោយ​សារ​ពេល​នេះ លោក​ស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) និង​លោក ដូណាល់ ត្រាំ (Donald Trump ) នឹង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ លោក​ប្រធានាធិបតី​ត្រូវ​គេ​រំពឹង​ថា នឹង​ជួយ​ជំរុញ​ឲ្យ​បេក្ខ​ជន​ខាង​គណបក្ស​ប្រជាធិបតេយ្យរក្សា​តំណែង​នៅ​សេតវិមាន​សម្រាប់​អាណត្តិ​ទី​៣​ទៀត។

លោក អូបាម៉ា បាន​ថ្លែង​ប្រាប់​ពិធីករ​កម្មវិធី Tonight Show ថា​រូប​លោកបាន​និយាយ​ជាមួយ​និង​ផ្ដល់​ដំបូន្មាន​ដល់​លោក​ស្រី គ្លីនតុន និង​គូប្រជែង​របស់​លោក​ស្រី គឺ​លោក Bernie Sanders ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ស្វែងរក​ការ​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​បឋម។ លោក អូបាម៉ា មាន​ប្រសាសន៍​ថា​វា​មិន​ចម្លែក​ទេ​ដែល​រូបលោក​មិន​បាន​និយាយ​ជាមួយ​លោក ត្រាំ​ នោះ។

លោក អូបាម៉ា និយាយ​កំប្លែង​លេង​ថា​គណបក្ស​ប្រជាធិបតេយ្យ​ពិត​ជា​សប្បាយចិត្ត​ណាស់ ដែល​ការ​បោះឆ្នោត​បឋម​ខាង​គណបក្ស​សាធារណរដ្ឋ បាន​សម្រេច​យក លោក ​ត្រាំ ​ជា​បេក្ខជន​របស់​ពួកគេ​នោះ។

ប៉ុន្តែ លោក​អូបាម៉ា ក៏​សម្ដែង​ការ​ព្រួយបារម្ភ​ផង​ដែរ​ដោយ​បានថ្លែង​ថា ប្រទេស​ជាតិ ដំណើរ​ការ​ល្អ​បំផុត កាលណា​គណបក្ស​ទាំង​ពីរ​មាន​ភាព​មធ្យ័ត​និង​ព្យាយាម​ដោះស្រាយ​បញ្ហា។

លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ មាន​ប្រសាសន៍​ថា​លោក​សង្ឃឹម​ថា​គណបក្ស​ទាំងពីរ​នឹង​ស្វែងរក​ឃើញ​របៀប​ធ្វើ​ការ​ជាមួយ​គ្នា ទោះបី​ជា​លោក​យល់​ថាការណ៍​នេះ មាន​លក្ខណៈ​ពិបាក​ជាង​ការ​ដែលលោក​បាន​រំពឹង​ទុក​នៅ​ពេល​ដែល​លោក​ចូល​កាន់​តំណែង​កាលពី​ដើម​ឆ្នាំ​២០០៩​ ក៏​ដោយ៕

XS
SM
MD
LG