ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន​​ឆ្នាំ​២០១៧


រូបឯកសារ៖ ប្រមុខរដ្ឋមន្ត្រី​ជាន់ខ្ពស់​នៃ​បណ្តាប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ចូលរួម​ក្នុង​វេទិកាសេដ្ឋកិច្ច​ពិភពលោក​ស្តី​ពីអាស៊ាន នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ ប្រមុខរដ្ឋមន្ត្រី​ជាន់ខ្ពស់​នៃ​បណ្តាប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ចូលរួម​ក្នុង​វេទិកាសេដ្ឋកិច្ច​ពិភពលោក​ស្តី​ពីអាស៊ាន នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តីពី​អាស៊ាន​នៅ​កម្ពុជា​នេះ​រំពឹង​ថា ​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​៧០០​នាក់​ មាន​សមាសភាព​ជា​បញ្ញវ័ន្ត​សង្គម​ស៊ីវិល ​មេដឹក​នាំ​នយោបាយ ​និង​ពាណិជ្ជកម្ម។

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តីពី​អាស៊ាន​ឆ្នាំ​២០១៧ នឹង​រៀបចំ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ នា​ខែ​ឧសភា​ ឆ្នាំ​២០១៧​ខាង​មុខ។ ​មន្ត្រី​រដ្ឋាភិបាល​ និង​អ្នក​ជំនាញ​សេដ្ឋកិច្ច​មើល​ឃើញ​ពី​ផល​ចំណេញ​ដែល​កម្ពុជា​អាច​នឹង​ទាញ​បាន​ពី​ការ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ។​

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​គឺ​ជា​វេទិកា​អន្តរជាតិ​មួយ​សម្រាប់​សហ​ប្រតិបត្តិការ​សាធារណៈ​ និង​ឯកជន។ វេទិកា​សេដ្ឋកិច្ច​នេះ​ធ្វើ​ឡើង​សម្រាប់​ផ្សារភ្ជាប់​អ្នក​ដឹកនាំ​ផ្នែក​នយោបាយ​ និង​ពាណិជ្ជ​កម្ម ​ដើម្បី​រៀបចំ​បង្កើត​របៀបវារៈ​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​និង​ពិភពលោក។ ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តីពី​អាស៊ាន​នៅ​កម្ពុជា​នេះ​រំពឹង​ថា ​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​៧០០​នាក់​ មាន​សមាសភាព​ជា​បញ្ញវ័ន្ត​សង្គម​ស៊ីវិល ​មេដឹក​នាំ​នយោបាយ ​និង​ពាណិជ្ជកម្ម។​

លោកស្រី សឹង សុផារី​ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​ប្រាប់​ VOA ​ថា​ រដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កំពុង​រៀបចំ​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​វេទិកា​សេដ្ឋកិច្ច​នេះ​ ក៏​ប៉ុន្តែ​លោកស្រី​ថ្លែង​ថា ​របៀប​វារៈ​នៃ​វេទិកា​សេដ្ឋកិច្ច​នេះ​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​នោះ​ទេ។

លោកស្រី​ សឹង សុផារី ​បញ្ជាក់​ថា​ មូលហេតុ​ដែល​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ជ្រើស​រើស​យក​កម្ពុជា​ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ គឺ​ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​គម្រូ​មួយ ដែល​មាន​ការ​លូតលាស់​គួរ​ឲ្យ​កត់​សម្គាល់។​

«ប្រទេស​យើង​ជា​ប្រទេស​គម្រូ​មួយ​ ​បាន​ន័យ​ថា​ យើង​ទទួល​បាន​ជំនួយ ​ហើយ​យើង​អភិវឌ្ឍការ​កសាង​សមត្ថភាព​តាម​ជំនួយ​ហ្នឹង​ យើង​បាន​កំណើន​សេដ្ឋកិច្ច។​ គេ​យក​យើង​ជា​ប្រទេស​គម្រូសម្រាប់​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​តួច»។​

លោក​ស្រី​បន្ថែម​ទៀត​ថា​ ថ្នាក់​ដឹក​នាំ​កម្ពុជា​នឹង​កំណត់​យក​បញ្ហា​ប្រឈម​ជា​អាទិភាព​ចំពោះ​ការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ទាំង​ក្នុង​ប្រទេស​ និង​តំបន់​ដើម្បី​លើក​យក​ទៅ​ពិភាក្សា​ និង​រក​ដំណោះ​ស្រាយ​នៅ​ក្នុង​វេទិកា​នោះ។​

ទន្ទឹម​នឹង​ការ​ចំណាយ​ថវិកា​ និង​កម្លាំងសម្រាប់​រៀបចំ​វេទិកា​ពិភពលោក​បែប​នេះ​លោកស្រី សឹង សុផារី ក៏​មើល​ឃើញ​ពី​ផល​ចំណេញ ​និង​បទ​ពិសោធន៍​ថ្មី​ដែល​កម្ពុជា​អាច​នឹង​ទទួល​បាន​ពី​ភាព​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​នេះ​ផង​ដែរ។​

«យើង​មាន​ឱកាស​បង្ហាញ​ប្រទេស​យើង​ប្រាប់​ប្រទេស​ដទៃ​ មេដឹក​នាំ​ប្រទេស​ធំៗ។ ​ទី​២​ក្រសួង​ទទួល​បន្ទុក​ចូលរួម​ជាមួយ​ឆាក​អន្តរជាតិ​ក្នុង​វិស័យ​ហ្នឹង​កាន់​តែ​ច្បាស់លាស់​ទៀត​ ធ្វើ​ឲ្យ​ប្រទេស​យើង​បាន​ធ្វើ​សមាហរណកម្ម​ក្នុង​វិស័យ​សេដ្ឋកិច្ច​ពិភព​លោក​កាន់តែ​ប្រសើរ​ជាង​មុន។​ ដល់ពេល​យើង​នាំ​យក​វេទិកា​ហ្នឹង​មកដល់​ប្រទេស​យើង​ ធ្វើឲ្យ​ប្រជាជន​យើង​ ស្ថាប័ន​ពាក់ព័ន្ធ​អាច​ដឹង​ថា ពិភពលោក​ដើរ​ដល់​ណា​ ហើយ​យើង​ដើរ​ដល់​ណា?»​

លោក​ ចាន់ សុផល ​ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​គោលនយោបាយ​ក៏​មើល​ឃើញ​ពី​សុទិដ្ឋិនិយម​ដែល​កម្ពុជា​ទទួល​បាន​ពី​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ​ដែរ។​

«ផល​ចំណេញ​មួយ​ គឺ​គេ​ស្គាល់​អំពី​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក អញ្ចឹង​ទៅ​យើង​ក៏ល្បី​តាម​គេ​ដែរ។ យើង​បាន​ឈ្មោះ​បោះ​សំឡេង​តាម​ហ្នឹង។​ ទី២​ ភ្ញៀវ​មក​ច្រើន​ធ្វើ​ឲ្យ​ចំណូល​ខាង​វិស័យ​ទេសចរណ៍​កើន​ឡើង។ ​ទី៣​ ​ខ្ញុំ​ជឿថា​ នឹង​មាន​គំនិត​ល្អៗ​ច្រើន​ចេញ​ពី​សន្និសីទ​ ដែល​អាច​ឲ្យ​យើង​ចាប់​យក​បាន​មក​ធ្វើ​ជា​គោល​នយោបាយ​សេដ្ឋកិច្ច​សម្រួច​តាម​គំនិត​វា​គ្មិន​សំខាន់ៗ»។​

លោក​ ចាន់ សុផល ​យល់​ថា​ របាំង​ពាណិជ្ជកម្ម និរន្តរភាព​សេដ្ឋកិច្ច​ប្រកប​ដោយ​គុណធម៌​ គុណភាព​និង​កំណើន​សេដ្ឋកិច្ច​ អាច​ជា​ប្រធានបទ​សំខាន់ៗ​សម្រាប់​វេទិកា​សេដ្ឋកិច្ច​នេះ។ លោក ​ចាន់ សុផល​ យល់​ថា កម្ពុជា​ទំនង​ជា​មិន​ជួប​នឹង​ការ​លំបាក​ច្រើន​ទេ​ចំពោះ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វេទិកា​សេដ្ឋកិច្ច​នេះ​ ដោយសារ​តែ​កន្លង​មក​កម្ពុជា​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វេទិកា​អន្តរជាតិ​ច្រើន​មក​ហើយ​ ដូចជា​ជំនួប​កំពូល​អាស៊ាន​ក្នុង​ឆ្នាំ​២០១២​ជាដើម។​

លោក​ ម៉ី កល្យាណ​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ​ថ្លែង​ថា​ ដើម្បី​ឲ្យ​ការ​រៀបចំ​វេទិកា​ខ្នាត​អន្តរជាតិ​នេះ​ឲ្យ​បាន​ជោគជ័យ​នោះ ​គ្រប់ភាគី​ពាក់ព័ន្ធ​ចាំ​បាច់​ត្រូវ​មាន​ស្មារតី​រួបរួម​គ្នា។​ លោកបន្ត​ថា ការ​រៀបចំ​នេះ​មាន​ទំហំ​ការងារ​ច្រើន​ និង​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​ដែល​អាច​ឆ្លុះ​បញ្ចាំង​ពី​មុខ​មាត់​របស់​កម្ពុជា​ទាំង​មូល។

«អ្វីសំខាន់​ដែល​កម្ពុជា​អាច​នឹង​ទទួល​បាន​នោះ​ គឺ​នៅ​ពេល​យើង​មាន​បញ្ហា​មួយ​ យើង​នាំ​គ្នា​ដោះស្រាយ​ យើង​នាំ​គ្នា​ធ្វើ។ ​តាម​ការ​ធ្វើ​ហ្នឹង​ យើង​បាន​រៀន​អី​មួយ។ យើង​ពង្រឹង​សមត្ថភាព​ និង​កេរ្តិ៍ឈ្មោះ ​ ការ​កសាង​ទំនុក​ចិត្ត​ និង​ការ​អភិវឌ្ឍ»។​

លោក ​ម៉ី​ កល្យាណ​ លើក​ឡើង​ថា​ ចំណុច​សំខាន់​២​ដែល​លោក​គិត​ថា​ គួរ​តែ​មាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់នោះ​ ទី១​គឺ​បញ្ហា​កក​ស្ទះ​ចរាចរ​ និង​ទី២​គឺ​ការ​ធានា​សន្តិសុខ​ និង​សុវត្ថិភាព​ជូន​គណៈ​ប្រតិភូ​ដែល​នឹង​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នា​ឆ្នាំ​២០១៧​ខាង​មុខនេះ។​

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​គឺ​ជា​ផ្នែក​មួយ​នៃ​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​ដែល​មាន​ស្នាក់​កាល​នៅទី​ក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ហើយ​ត្រូវបាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៧១។​

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ឆ្នាំ​២០១៦​ កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី ហើយ​អាស៊ាន​បាន​ពិភាក្សា​ទៅ​លើ​បញ្ហា​ប្រឈម​សំខាន់ៗ​របស់​អាស៊ាន​ដែល​រំខាន​ដល់​លំហូរ​ទំនិញ​ សេវាកម្ម ​និង​កម្លាំង​ពលកម្ម​ ក្រោយ​សមាហរណ​កម្ម​អាស៊ាន​កាល​ពី​ចុង​ឆ្នាំ​២០១៥​នោះ៕

XS
SM
MD
LG