ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានថ្មី

រូប​ឯកសារ៖ កីឡាករ​កម្ពុជា​ប្រកួត​នៅ​ក្នុង​ការ​​​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ (ស៊ីហ្គេម) នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ កីឡាករ​កម្ពុជា​ប្រកួត​នៅ​ក្នុង​ការ​​​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ (ស៊ីហ្គេម) នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៣។

ភាព​រកាំ​រកូស និង​សង្គ្រាម​ពាក្យ​សម្តី​រវាង​ប្រជាជន​កម្ពុជា និង​ថៃ ទៅ​លើ​ភាព​ជា​ម្ចាស់ដើម​កំណើត​នៃ​វប្បធម៌​ទាំង​ឡាយ បាន​បន្ត​ឡើង​កម្តៅ ដែល​អ្នក​តាម​ដាន​លើក​ឡើង​ថា​អាច​បង្ក​ឱ្យ​មាន​អរិភាព​កាន់​តែ​ខ្លាំង និង​អំពាវនាវ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។

មួយ​រយៈពេល​ចុង​ក្រោយ​នេះ ការ​វាយ​ប្រហារ​ពាក្យ​សម្តី​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាជន​កម្ពុជា​និង​ថៃ កាន់​តែ​ឡើង​កម្តៅ​នៅ​តាម​បណ្តាញ​សង្គម ជាពិសេស​មាន​ការ​លើក​ឡើង​អវិជ្ជមាន ពាក់​ព័ន្ធ​នឹង​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀបចំ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ (SEA Games)។

ថ្មីៗ​នេះ​ផង​ដែរ គេ​ឃើញ​មាន​ការ​ចែក​រំលែក​វីដេអូ​នៅ​លើ​បណ្តាញ​សង្គម​ដែល​ប្រជាជន​កម្ពុជា​បាន​និយាយ​ពាក្យ​លាហើយ​ថៃ ​ឬ ''Goodbye to Thailand" ក្រោយ​ក្រុម​បាល់​ទះ​កម្ពុជា​បាន​ប្រកួត​ឈ្នះ​ក្រុម​បាល់​ទះ​ថៃ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហេ្គម កាល​ពី​ថ្ងៃ​ទី​ ៦ ខែឧសភា ឆ្នាំ​ ២០២៣។

ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​វាយ​ប្រហារ​នេះ​កើត​ឡើង ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​រវាង​ភាគី​កម្ពុជា​និង​ថៃ​ផង​ដែរ ក្នុង​ការ​ប្រើប្រាស់​ឈ្មោះ​ប្រភេទ​កីឡា​គុន​ខ្មែរ។ ថៃ​ពុំ​មាន​វត្ត​មាន​កីឡាករ​ចូល​រួម​ប្រកួត​ប្រជែង​កីឡា​ប្រដាល់​ឡើយ បន្ទាប់​ពី​ភាគី​ថៃ​មិន​ពេញ​ចិត្ត​នឹង​ការ​ប្រើ​ពាក្យ​គុន​ខ្មែរ ដោយ​ពួក​គេ​ចង់​ឱ្យ​មាន​ការ​កំណត់​ជា​ឈ្មោះ​ «Muay Thai» ទៅ​តាម​កីឡា​ដែល​ជា​តំណាង​ជាតិ​របស់​ថៃ។

អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរសម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិ​ភាព លោក រ៉ឹម សុខវី ប្រាប់​វីអូអេ​ថា​ សង្គ្រាម​ពាក្យ​សម្តី​នេះ​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​កម្ពុជា​និង​ថៃ។ លោក​បន្ថែម​ថា អំពើ​ហិង្សា និង​ជម្លោះ​ប្រ​ដាប់​អាវុធ​កន្លង​មក​ដែល​កើត​ឡើង​រវាង​កម្ពុជា និង​ថៃ មួយ​ផ្នែក​គឺ​កើត​ចេញ​ពី​ការ​វាយ​ប្រហារ​គ្នា​តាម​ពាក្យ​សម្តី​នេះ។

បើ​តាម​អ្នក​ស្រាវជ្រាវ​រូប​នេះ​ ហេតុការណ៍​ដែល​ប្រជាជន​កម្ពុជា​បាននាំគ្នា​ធ្វើ​បាតុកម្ម​និង​ដុត​ស្ថានទូត​ថៃ​ប្រចាំ​ទីក្រុង​ភ្នំពេញ កាល​ពី​ ២០ ​ឆ្នាំ​មុន និង​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ប្រាសាទ​ព្រះ​វិហារ កាល​ពី​ឆ្នាំ​ ២០០៨ ក៏​មួយ​ផ្នែក​ជា​ហេតុ​បណ្តាល​មក​ពី​សង្គ្រាម​ពាក្យ​សម្តី​នេះ​ដែរ។

លោក​ថ្លែង​ថា៖ «អា​នេះ​យើ​ង​ឃើញ​ថា​ ផល​ប៉ះ​ពាល់​ វា​មាន ជួន​កាល​វា​អាច​កើត​ឡើង​ខ្លាំង​លើស​ពី​អី​យើ​ង​គិត​ឃើញ​ទៀត ពីព្រោះ​យើង​មើល​ឃើញ​ទៅ​ក្នុង​បច្ចុប្បន្ន​នេះ។ ខ្ញុំ​មើល​ឃើញ​សកម្មភាព​មួយ​ចំនួន​ដែល​ខ្ញុំ​អត់​ពេញ​ចិត្ត​ ដូចជា​នៅ​ពេល​ដែល​កីឡាករ​ថៃ​ចាញ់​នៅ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម​ទាក់ទង​នឹង​កីឡា​ Volleyball​(កីឡា​បាល់​ទះ)។ អ៊ីចឹង​នៅ​ពេល​នោះ​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ គឺ​គាត់​ទៅ​ហ៊ោ​កញ្ជ្រៀវ​ហើយ​ថា​ Go home Thailand [ទៅ​ផ្ទះ ប្រទេស​ថៃ]។ អ៊ីចឹង​មាន​ន័យ​ថា​ អាពាក្យ​ហ្នឹង គឺ​ជា​ពាក្យ​មិន​សមរម្យ ព្រោះ​ពី​យើង​ជា​ម្ចាស់​ផ្ទះ បាន​ន័យ​ថា​ បើ​យើង​ធ្វើ​សកម្មភាព​បែប​ហ្នឹង​ទៅ វា​ធ្វើ​ឱ្យ​បាក់​មុខ​មាត់​ប្រទេស​របស់​យើង»។

បើ​តាម​អ្នក​វិភាគ​រូប​នេះ គោលដៅ​ចម្បង​របស់​កីឡា គឺ​ធ្វើ​ឱ្យ​មាន​ការ​យល់គ្នា​ និង​មាន​មនោ​សញ្ចេតនា​ជាមួយ​គ្នា​កាន់​តែ​ច្រើន មិន​មែន​បង្ក​ការ​ស្អប់​គ្នា​ឡើយ។


ចំណែក​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា ប្រាប់​វីអូអេ​ថា​ ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​ប្រជាជន​កម្ពុជា ​និង​ថៃ មិន​មែន​ជា​លើក​ទី ១ ​ឡើយ​ ខណៈ​អរិភាព​ទាំង​នេះ​កើត​ឡើង​ពី​ក្រុម​ជ្រុល​និយម ដែល​ពួក​គេ​ចង់​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ។ បើ​តាម​សាស្ត្រាចារ្យ​រូប​នេះ​ ពួក​គេ​ទាំង​នោះ​មិន​បាន​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ឱ្យ​បាន​ស៊ី​ជម្រៅ​ឡើយ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ទេ​ យើង​នាំ​គ្នា​ជួយ​ផ្សះផ្សា ដោយ​បង្ហាញ​ប្រាប់​ពី​គ្រឹះ​ពិត។ ឧទាហរណ៍​ថា ​អ្នក​ឆ្លើយ​ថា​ នោះ​ជា​របស់​អ្នក​ អ្នក​ខំប្រឹង​អះអាង​ជា​របស់​អ្នក​ទៅ។ ហើយ​យើ​ងឆ្លើយ​ថា​ជា​របស់​យើង​ ខំប្រឹង​ស្រាវជ្រាវ​ជា​របស់​យើង​ទៅ​ ហើយ​យើង​កុំ​ទ្រគោះ​បោះ​បោក​ដាក់​គ្នា កុំ​ជេរ​គ្នា ដើម្បីឱ្យគុណធម៌​និង​សីលធម៌​យើង​ហ្នឹង​លើក​ស្ទួយ​បាន»។

អ្នក​ជំនា​ញ​ប្រវត្តិ​សាស្ត្ររូប​នេះ​អះអាង​ថា​ នេះ​ជា​ផល​វិបាក​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ ប៉ុន្តែ​អរិភាព​ពាក្យ​សម្តី​នេះ មិន​អាច​ធ្វើ​ឱ្យ​មាន​វិបត្តិ​នៃ​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ ខណៈ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ គិតគូរ​ពី​រឿង​កសាង​ជាតិ ​ដើម្បី​ឆ្ពោះ​ទៅ​មុខ។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​វិល​មក​វិញ​ ខ្ញុំ​មិន​ខ្វល់​គិត​ថា ​វា​នឹង​អាច​ឱ្យ​មាន​វិបត្តិ​នៃ​ប្រទេស​ជាតិ​ចំពោះ​ជាតិ​យើង​ទាំង​ពីរ​នោះ​ទេ ពី​ព្រោះ​រដ្ឋាភិបាល​ឬក៏​ប្រមុខ​រដ្ឋាភិបាល អត់​ដែល​បាន​នាំ​គ្នា​អរិភាព​ពី​រឿង​នោះ​ទេ គេ​គិត​ពី​រឿង​ទំនាក់​ទំនង និង​ការ​កសាង​ជាតិ។ អ៊ីចឹង​មិន​មាន​វិបត្តិ​អី​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ហ្នឹង​ទេ»។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត បង​ប្អូន​ខ្មែរ​យើង​នេះ​ សូម​ឱ្យ​រម្ងាប់​មុន​គេ​ទៅ រម្ងាប់​ចិត្ត​ រម្ងាប់​គំនិត​មុន​គេ​ទៅ​ យក​ខួរ​ក្បាល​មក​គិត ដើម្បី​លាង​ជម្រះ​មន្ទិល ខំ​ប្រឹង​គិត​គំនិត​ល្អៗ ដើម្បី​អភិវឌ្ឍ​ជាតិ​វិញ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ផៃ ស៊ីផាន អ្នក​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

អ្នក​វិភាគ​នយោបាយ លោក សេង សារី ប្រាប់​វីអូអេ​ថា​ ការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​រវាង​ប្រជាជន​ថៃ និង​កម្ពុជា​នេះ មិន​មែន​ជា​រឿង​ថ្មី​ឡើយ។ បើ​ប្រៀប​ធៀប​គ្នា​រវាង​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​វាយ​ប្រហារ​គ្នា​នៅ​ក្នុង​ពេល​ព្រឹត្តិការណ៍​ស៊ីហ្គេម គឺ​មិន​ខ្លាំង ដូច​កាល​ជម្លោះ នៅ​ពេល​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​ដាក់​ជា​បេតិភណ្ឌ​របស់​អង្គការ​យូណេស្កូ​ឡើយ។

បើ​តាម​អ្នក​វិភាគ​រូប​នេះ ទំនាស់​ពាក្យ​សម្តី​នេះ មិន​អាច​នាំ​ឱ្យ​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដល់​ភាព​រកាំ​រកូស ឬ​ក៏​ប្រេះឆា​ឡើយ ពីព្រោះ​ថា ​វា​កើត​ឡើង​ត្រឹម​តែ​ក្នុង​រង្វង់ ​«យុវជន​ឈាម​រាវ» ដែល​លោក​ថា​ មិន​បាន​សិក្សា​ឱ្យ​បាន​ស៊ី​ជម្រៅ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ខ្ញុំ​មើល​ទៅ​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​នេះ គ្រាន់​តែ​ជា​រឿង​តូច​តាច ហើយ​មិន​មាន​ផល​ប៉ះ​ពាល់​អី​ទៅ​នឹង​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ​ទេ។ ហើយ​ភាគ​ច្រើន ការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​ហ្នឹង សុទ្ធ​តែ​ជា​យុវជន​ឈាម​រាវ​ ដែល​មិន​មាន​ការ​គិត​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​អំពី​ផលប៉ះពាល់​នៃ​ជម្លោះ​វប្បធម៌​នេះ ហើយ​មួយ​ក្រុម​ទៀត​សុទ្ធ​តែ​ជា​អ្នក​ជាតិ​និយម​ជ្រុល ដែល​តែង​តែ​មើល​អ្នក​ជិត​ខាង​ថា​ គ្មាន​នរណា​គ្រាន់​បើ​ជាង​ខ្លួន​ ទាំង​ភាគី​ខាង​ថៃ ទាំង​ភាគី​កម្ពុជា»។

កម្ពុជា និង​ថៃ ជា​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​គ្នា ហើយ​វប្បធម៌ និង​អរិយធម៌​នៃ​ប្រទេស​ទាំង​ពី​រនេះ​ ក៏​មាន​ភាព​ស្រដៀង​គ្នា​ដែរ។ ភាព​ស្រដៀងគ្នា​នេះ​បាន​នាំ​មក​នូវ​ផល​វិបាក​នៃ​ភាព​តានតឹង​ ការ​ឈ្លោះ​ប្រកែក​គ្នា​ ដោយ​ពាក្យ​សម្តី​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។ ពេល​ខ្លះ​ទៀត​ សង្គ្រាម​ពាក្យសម្តី​នាំ​ឱ្យ​ទៅ​ជា​អំពើ​ហិង្សា​និង​ការ​រើស​អើង​ជាតិ​សាសន៍​គ្នា​ផង​ដែរ។

ទោះ​ជា​យ៉ាងណា បើ​តាម​លោក រ៉ឹម សុខវី អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិ​ភាព រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ដាក់​ចំពោះ​បញ្ហា​នេះ ហើយ​ត្រូវ​ចាត់​វិធាន​ការ កុំ​ឱ្យ​អ្នក​ល្បីៗ ឬ​អ្នក​បង្កើត​មាតិកា​នៅ​ក្នុង​បណ្តាញ​សង្គម​ប្រើ​ប្រា​ស់​ពាក្យ​ទាំង​ឡាយ​ណា​ដែល​ជះ​ឥទ្ធិពល​មិន​ល្អ ឬក៏​បង្កើត​អរិភាព​ចំពោះ​គ្នា​និង​គ្នា៕

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន អញ្ជើញចូលរួមពិធីទទួល​វត្ថុបុរាណនៅវិមានសន្តិភាព កក្នុងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ ដើម្បីប្រសិទ្ធិពរដល់វត្ថុបុរាណដែលត្រូវបានលួច និងដែលត្រូវបានប្រគល់ជូនមកវិញជាចម្បងពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន អញ្ជើញចូលរួមពិធីទទួល​វត្ថុបុរាណនៅវិមានសន្តិភាព កក្នុងរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ ដើម្បីប្រសិទ្ធិពរដល់វត្ថុបុរាណដែលត្រូវបានលួច និងដែលត្រូវបានប្រគល់ជូនមកវិញជាចម្បងពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃសុក្រ​នេះ​ បាន​រៀបចំ​ពិធី​ទទួល​វត្ថុបុរាណ​ចំនួន ៧៧ ពី​ប្រទេស​អង់គ្លេស​ ដែល​បាន​បាត់បង់​ក្នុង​សម័យ​សង្គ្រាម​។

វត្ថុបុរាណ​ទាំង​នេះ​ ជា​ប្រភេទ​គ្រឿង​អលង្ការ​បុរាណ​ខ្មែរ ដែល​ទទួល​បាន​ពី​ក្រុម​គ្រួសារ​របស់​លោក Douglas Latchford អ្នក​រក្សា​ទុក​វត្ថុ​បុរាណ​ជនជាតិ​អង់គ្លេស ហើយ​ត្រូវបានអនុលោម​តាម​កិច្ច​ព្រម​ព្រៀង​នា​ខែ​កញ្ញា ឆ្នាំ ​២០២០ រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ជា​តំណាង​នៃ​រដ្ឋាភិ​បាល​កម្ពុជា និង​គ្រួសារ​របស់​លោក Douglas Latchford។ កិច្ច​ព្រម​ព្រៀង​នោះ​បញ្ជាក់​ថា ​រាល់​វត្ថុ​បុរាណ​ខ្មែរ​ទាំង​អស់ ដែល​កាន់​កាប់​រក្សា​ទុក​ដោយ​គ្រួសារ​លោក Douglas Latchford នឹង​ត្រូវ​ប្រគល់​ជូន​មក​កម្ពុជា​វិញ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​ ២០ ខែកុម្ភៈ គ្រឿង​អលង្ការ​បុរាណ​ខ្មែរ​ទាំង ៧៧ នេះ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា កាលពី​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ​២០២៣ ដោយ​រួមមាន​ក្បាំង​មកុដ ខ្សែក ខ្សែដៃ ខ្សែ​ក្រវាត់​ ក្រវិល​ បន្តោង​ នា​សម័យ​មុន​អង្គរនិង​សម័យ​អង្គរ និង​គ្រឿង​អលង្ការ​មាស និង​លោហៈ​មាន​តម្លៃ​មួយ​ចំនួនទៀត។

ថ្លែង​ក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខ្មែរ​នាថ្ងៃ​សុក្រនេះ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​សម្តែងសេចក្តី​សោមនស្ស​រីករាយ​ ចំពោះការ​ប្រគល់មក​វិញ​នូវ​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ និង​ជាព្រលឹង​ដូនតា​នៃប្រទេស​កម្ពុជា​។ លោក​បន្ត​ថា​ ​បច្ចុប្បន្ន​នេះ កម្ពុជា​បាននិងកំពុង​បន្ត​ស្រាវជ្រាវ​លើ​សម្បតិ្ត​វប្បធម៌​បុរាណខ្មែរ ​ដែល​ត្រូវ​បាន​លួច​ចេញ​ខុសច្បាប់​ ដោយ​សហការជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​អន្តរជាតិ​នានា​។

លោក​ថ្លែង​ថា​៖ «បច្ចុប្បន្ន​កម្ពុជា​កំពុងបន្ត​ធ្វើការ​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នៃសម្បត្តិ​វប្បធម៌ ​ដែល​ត្រូវ​បាន​លួច​ចេញ​ពី​កម្ពុជា​ដោយ​ខុសច្បាប់​ និង​ដំណើរ​ការ​ទាមទារ​ដោយ​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​តាម​គ្រប់​មធ្យោបាយ​ ចរចា​ដំណើរការ​ផ្លូវទូត​ រដ្ឋបាល​ ឬ​តុលាការ​ក្នុង​ករណី​ចាំបាច់​»។

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ក៏​បាន​ថ្លែង​សារ​អំណរគុណ​ដល់រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ និង​ចក្រភព​អង់គ្លេស​ ដែល​បាន​ជួយ​សម្របសម្រួល​ និង​សហការក្នុង​ការបញ្ចូន​សម្បត្តិ​វប្បធម៌​ខ្មែរ​ត្រឡប់​មក​វិញ​។

លោកថ្លែងថា៖ «ខ្ញុំ​សូម​យក​ឱកាស​នេះ​ថ្លែង​អំណរគុណ​ជាពិសេស​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ក្នុង​នោះ​មាន​ដូចជា​ក្រសួងការបរទេស​ ក្រសួង​សន្តិសុខ​មាតុភូមិ​ ក្រសួង​យុត្តិធម៌​ និង​ស្ថានទូត​សហរដ្ឋអាមេរិក​ ជាពិសេស​ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ដែល​បាន​ផ្តល់​កិច្ច​សហការ​ដ៏​ល្អ​ រួម​ជាមួយ​ការ​គាំទ្រ​ទាំង​ទិដ្ឋភាព​ច្បាប់​ និង​បច្ចេកទេស​ក្នុង​ការ​ទប់ស្កាត់​ និង​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​ខ្មែរ​ ។ ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ​ ថ្លែង​អំណរគុណ​ និង​សម្តែង​ការ​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ ដែល​ថ្មីៗ​នេះ​បាន​សហការ​ដ៏​ល្អ​ប្រសើរ​ និង​ជួយ​សម្របសម្រួល​ក្នុង​ការ​បញ្ជូន​រូប​ចម្លាក់​និង​គ្រឿងអលង្ការ​បុរាណ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ​»។

ប្រមុខរដ្ឋាភិបាល​រូបនេះ​ ក៏​អំពាវនាវ​ទៅ​កាន់​សារមន្ទីរ​ ស្ថាប័ន​ និង​អ្នក​រក្សា​ទុក​វត្ថុបុរាណ​នានា​របស់​កម្ពុជា​ ឱ្យ​មេត្តា​ប្រគល់​វត្ថុបុរាណ​ទាំង​នោះ​មក​កម្ពុជា​វិញ​ដោយ​ស្ម័គ្រចិត្ត​ ពីព្រោះ​លោក​យល់ឃើញ​ថា​ ការ​ប្រគល់​វត្ថុបុរាណ​ទៅ​កាន់​ប្រទេស​ដែល​ជា​ម្ចាស់ដើម​ ជា​ការ​សម្តែង​នូវ​សេចក្តី​ថ្លៃថ្នូរ​ សីលធម៌​ និង​ផ្សះផ្សា​ដល់​ប្រជាជន​ខ្មែរ​ដែល​ងើប​ឡើង​ពី​សង្រ្គាម​ដ៏​រុំារៃ​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា​ចេញ​ផ្សាយ​នា​ថ្ងៃសុក្រ​នេះ សហរដ្ឋ​អាមេរិក​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការ​ទទួល​បាន​សម្បត្តិ​វប្បធម៌​ ដែល​ជាកម្មសិទ្ធិរបស់​កម្ពុជា​ ត្រឡប់​មក​មាតុប្រទេស​វិញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា​៖ «តាមរយៈ​កិច្ច​ព្រមព្រៀង​យូរ​អង្វែង​ផ្នែក​សម្បត្តិ​វប្បធម៌​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ សហរដ្ឋអាមេរិក​បាន​ធ្វើការ​សម្របសម្រួល​ការ​បញ្ជូន​ត្រឡប់​មកវិញ​នៃ​វត្ថុបុរាណ​ដ៏​មាន​តម្លៃ​ចំនួន​ជាង ១០០ បាន​ជួយ​កសាង​សមត្ថភាព​របស់​បុគ្គលិក​ខ្មែរ​ផ្នែក​អភិរក្ស​វប្បធម៌​ រារាំង​ក្រុម​ដែល​ស្វែងរក​កម្រៃ​ចំណេញ​ពី​ការ​លួច​វត្ថុ​ជា​បេតិកភណ្ឌ​វប្បធម៌​ ហើយ​បាន​គាំទ្រ​ការ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វត្ថុ​បុរាណ​របស់​ខ្មែរ​»។

សេចក្តី​ប្រកាស​ព័ត៌មាននេះក៏​បញ្ជាក់​បន្តថា​ តាំង​ពី​ឆ្នាំ​ ២០០១ មក​ សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ថវិកា​ជា​ទឹកប្រាក់​ប្រមាណ​ ៥​ លាន​ដុល្លារ​ សម្រាប់​ការងារ​អភិរក្ស​វប្បធម៌​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដូចជា​ការងារ​អភិរក្ស​ប្រាសាទ​ដែល​ត្រូវ​បាន​កសាង​នាសតវត្សរ៍​ទី ៩​ រូមមាន​ប្រាសាទ​ភ្នំ​បាខែង​នៅ​ឧទ្យាន​បុរាណ​អង្គរ​ និង​ប្រាសាទ​ព្រះវិហារ​ ស្ថិត​នៅ​ភាគខាងជើង​នៃ​ប្រទេសកម្ពុជា៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG