Voice of America
ជនភៀស​ខ្លួន​ចិន​ភ័យ​ខ្លាច​ពេល​ប្រទេស​ថៃ​សហប្រតិបត្តិការ​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​ចិន
ពួក​អ្នក​ប្រឆាំង​ចិន​ដែលរត់គេច​ខ្លួនទៅ​បរទេស​បានប្រើ​ប្រាស់​ប្រទេស​ថៃជា​យូរយា​ណាស់​មកហើយ​ជាផ្លូវ​សម្រាប់​គេចចេញ​ពី​ការ​សង្កត់​សង្កិន​នៅ​ឯ​មាតុភូមិ​របស់​ខ្លួន។​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ រដ្ឋាភិបាល​ថៃ បានធ្វើ​សហប្រតិបត្តិការ​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ការខំប្រឹងប្រែង​របស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដើម្បី​តាម​ចាប់​ពួកអ្នក​ប្រឆាំង​នៅ​ឯ​ក្រៅ​ប្រទេស​ដែល​ជា​ការ​ធ្វើ​ឲ្យ​ពួកគេ​ស្ថិត​ក្នុងភាព​មាន​គ្រោះថ្នាក់។
ករណី​មួយ​ចំនួន​បាន​បង្ហាញ​ពីវិធី​ដែល​ប៉ូលិស​ចិនកំពុង​ធ្វើការ​តាមរយៈ​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់ថៃ​ ឬ​ថែម​ទាំង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​ដោយ​ខ្លួនឯង​ ដើម្បី​ព្យាយាម​ចាប់​ពួក​អ្នក​ប្រឆាំង​ដែល​រត់គេច​ខ្លួន​ហើយ​នាំ​ពួកអ្នក​ប្រឆាំង​ទាំង​នោះ​មកកាន់​ប្រទេស​ចិន​វិញ។​
លោក Jian Xing បាន​គេចខ្លួន​ទៅកាន់​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០១៥ បន្ទាប់ពី​ស្ម័គ្រចិត្ត​ធ្វើការ​ឲ្យ​វេបសាតមួយ​ដែល​គាំ​ទ្រ​សិទ្ធិ​ពលរដ្ឋ​ចិន​ ហើយ​បាន​និយាយ​អំពី​អំពើ​ពុករលួយ​ក្នុង​រដ្ឋ​អំណាច​មូលដ្ឋាន។
លោកបាន​ប្រាប់​ VOA ថា មុនពេល​លោក​បាន​ទទួល​បាន​សិទ្ធិ​ដើម្បីផ្លាស់​ទី​លំនៅ​ទៅកាន់​ប្រទេសណូវែល​ហ្សេឡង់នៅ​ឆ្នាំ ២០១៩ មន្ត្រី​ប៉ូលិស​៤នាក់​ បាន​ទៅ​គេហដ្ឋាន​របស់​លោក​នៅ​ក្នុង​ប្រទេស​ថៃហើយ​បាន​រឹបអូស​យក​របស់​របរ​របស់​លោក​ដោយ​មិន​មាន​ដីការ​ឆែកឆេរ។
លោក Xing បាននិយាយ​ទៀត​ថា «ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​អាច​សម្លាប់​ខ្ញុំនៅ​ប្រទេស​ថៃ​ហើយ​ថែម​ទាំង​គ្មាន​នរណា​ដឹងទៀត​ផង»។
លោក Yong Hua ជា​វិចិត្រករ​ដែល​និរទេស​ខ្លួន​ បាន​រត់គេចខ្លួន​ទៅកាន់ប្រទេស​ថៃ​នៅ​ឆ្នាំ​២០១៩ បន្ទាប់ពី​ត្រូវបាន​តាមដាន ចាប់ខ្លួន​និង​បញ្ជូន​ទៅកាន់​ជំរំដោយ​ពួក​អាជ្ញាធរ​ចិន ពីព្រោះតែលោក​បាន​និយាយ​ថា លោក​បាន​គាំទ្រ​ការតវ៉ា​ប្រឆាំង​នឹងអ្វី​ដែល​រដ្ឋាភិបាល​ចិនបាន​ធ្វើ​មក​លើ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​មកហើយ។ លោក​បាន​នឹកឃើញ​ឡើង​វិញ​ពី​ការរត់គេច​ខ្លួន​ជា​ប្រចាំ​ដើម្បី​បញ្ចៀស​ពី​ភ្នាក់ងារ​របស់​ចិន​ដែល​ត្រូវ​បាន​ជួល​ដោយ​រដ្ឋាភិបាល។​
លោក Hua បាន​ប្រាប់​ VOA ថា ​គណនី​ Twitter មួយ​ដែល​គ្មាន​អ្នក​គាំទ្របាន​ផ្ញើវីដេអូ YouTube មួយ​ឲ្យ​លោក​កាលពី​ថ្ងៃ​ទី២៨ ខែសីហា​ដោយ​និយាយ​ថា «សភា​ពាណិជ្ជកម្ម​ចិន បាន​ផ្តល់​រង្វាន់​ជា​ប្រាក់​ចំនួន​១ពាន់​៦រយ​ដុល្លារ​ស្មើ​នឹង​៥ម៉ឺន​បាត​សម្រាប់​រូប​លោក ដែល​បាន​ចោទ​ប្រកាន់​ពី​លួច​បន្លំ​ប្រាក់​ហើយ​និយាយ​ថា ពួកគេនឹង​ចុះផ្សាយ​«សេចក្តី​ប្រកាសចង់ចាប់​ខ្លួន​នេះ»ដោយ​មានភ្ជាប់​ជាមួយរូប​ថត​របស់​លោក​នៅ​ក្នុង​ទីក្រុង​បាង​កក​និង​ទីកន្លែង​ផ្សេងៗ​ទៀត ។​
លោក Hua បាន​និយាយ​ទៀត​ថា «ខ្ញុំ​មិន​ដឹងថា​តើ​សភា​ពាណិជ្ជកម្ម​នោះមាន​ពិត​ដែរ​ឬទេ។ ខ្ញុំ​សង្ស័យ​ថា​ ពួកគេ​ជា​ចារ​បុរស​ចិន» ។​
អ្នក​យក​ព័ត៌មានម្នាក់របស់​ VOA បាន​ហៅ​លេខ​ទូរសព្ទ​នៅ​លើ​សេចក្តី​ប្រកាស​នោះ​ ក៏ប៉ុន្តែគ្មាន​នរណា​អ្នកលើក​ទេ។
ពួក​អ្នក​ប្រឆាំង​ខ្លះនិយាយ​ថា ស្ថាន​ភាព​ក្នុង​ប្រទេស​ថៃ​មាន​ការលំបាក​កាន់​តែខ្លាំង​ឡើង​ដែលនាំ​ឲ្យ​ពួកគេ​ខ្លះ សម្រេច​ចិត្ត​ត្រឡប់​ទៅ​ប្រទេស​ចិនវិញ«ដោយ​ស្ម័គ្រ​ចិត្ត​» ដោយសារ​សម្ពាធ​រដ្ឋាភិបាល​ថៃនិង​ចិន ។ លោក Xing បាន​បដិសេធ​មិន​ត្រឡប់​ទៅ​វិញ។
លោកបាន​និយាយ​ថា «ខ្ញុំ​បាន​ប្រាប់​ពួកគេថា បើ​ពួកគេនាំខ្ញុំ​ទៅ​ប្រទេស​ចិន​វិញ​ដោយ​បង្ខំ ពួកគេ​នឹងអាច​យក​បាន​តែ​សាក​សព​របស់​ខ្ញុំ​ទៅ​វិញ​តែ​ប៉ុណ្ណោះ»។
រឿង​រ៉ាវ​ដែល​កើតឡើង​ចំពោះ​លោក Xing បាន​បណ្តាល​ឲ្យ​មានការ​ភ័យ​ស្លន់ស្លោរ​ក្នុង​ចំណោម​ជនភៀស​ខ្លួន​ចិន​ដែល​នៅជាប់​គាំង​ក្នុង​ប្រទេស​ថៃ។ ជនភៀស​ខ្លួន​ផ្សេង​ទៀត​បាន​បញ្ជូន​វីដេអូ​របស់​ប៉ូលិស​នៅ​ក្នុង​ផ្ទះ​របស់​លោក Xing ទៅឲ្យ​ស្នង​ការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ស្វែង​រក​ជំនួយ។ បន្ទាប់​មក លោក Xing បាន​ត្រូវ​គេ​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​ឃុំឃាំង​ជន​អន្តោ​ប្រវេសន៍​ដើម្បី​រង់ចាំ​ធ្វើ​មាតុភូមិ​និវត្ត​ន៍ទៅ​ប្រទេស​ចិនវិញ។ នៅ​ទីបញ្ចប់ លោក​បាន​ទទួលការជួយ​ខាង​មនុស្ស​ធម៌​ក្នុង​គ្រាអាសន្ន​ហើយ​បាន​តាំង​ទីលំនៅ​ក្នុង​ប្រទេស​ណូវែលហ្សេឡង់ ។
លោក Hua កំពុង​រៀបចំ​ធ្វើ​រឿង​ឯកសារ​មួយ​ស្តីពីស្ថានភាព​ជនភៀសខ្លួន​ចិន​ក្នុង​ប្រទេស​ថៃ ដែល​កំពុង​រង់ចាំ​ទៅតាំង​ទី​លំនៅ​ថ្មី​នៅ​ក្នុង​ប្រទេស​ទី៣ ដែល​បាន​ភ្ជាប់​លោក​ជាមួយ​ជនភៀស​ខ្លួន​ផ្សេង​ទៀត ។ លោកបាន​និយាយ​ទៀត​ថា មនុស្ស​ជា​ច្រើន​ដែល​បាន​រត់គេចខ្លួន​ពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​ថៃ ហើយ​ទោះបី​ក្នុង​ចំណោម​អ្នក​ដែលមាន​លក្ខណៈសម្បត្តិ​បាន​ទទួលឋានៈភាព​ជា​ជនភៀស​ខ្លួន​ក៏ដោយ ក៏​ពួកគេ​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ដ៏លំបាក​បំផុត ។
លោក Hua បាន​ប្រាប់​ VOA ថា «ខ្ញុំ គិត​ថា ជនភៀសខ្លួន​ទាំងនោះកំពុង​ទទួល​ការឈឺចាប់​ខ្លាំង​បំផុត។ ការឈឺចាប់​នោះ​មាន​២​ប្រភេទ។ ទី១ គឺការ​ឈឺចាប់​ផ្នែក​សេដ្ឋកិច្ច ពីព្រោះតែអ្នកមិន​អាច​ធ្វើការ​ក្នុង​ប្រទេស​ថៃបាន។ វា​ខុស​ច្បាប់។ ទោះបីអ្នក​មាន​ប័ណ្ណ​ជាជនភៀសខ្លួន​ក៏ដោយ ថៃ​មិន​ទទួល​ស្គាល់​ប័ណ្ណ​នោះទេ។ ប្រសិនបើលិខិត​ឆ្លង​ដែន​របស់​អ្នកផុត​កំណត់ អ្នក​អាច​ត្រូវគេ​ចាប់ខ្លួន​ ប្រសិនបើ​អ្នកស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ។ ដូច្នេះ ពួកគេ​ស្ថិត​នៅក្រោម​សម្ពាធ​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង។ ជនភៀសខ្លួន​ខ្លះ បាន​ទៅ​វត្ត​អារាម និង​ទីកន្លែង​ផ្សេងៗ​ ដែលមិន​អស់​លុយ​កាក់ ពីព្រោះ​តែពួកគេ​មិន​មាន​ប្រាក់»។
លោក Hua បន្ត​ទៀត​ថា ការ​រងគ្រោះ​ទី២ ដែល​កាន់តែ​អាក្រក់​ទៅទៀត​នោះ គឺ​សម្ពាធ​ខាង​ផ្លូវចិត្ត ។
លោកបាន​និយាយ​ទៀតថា «ខ្ញុំគិតថា​ ជនភៀស​ខ្លួន​ទាំងអស់​ សុទ្ធ​តែ​មាន​ការ​ធ្លាក់​ទឹកចិត្ត​ទោះ​តិច​ ឬ​ច្រើន។ ពួកគេ​មិន​មាន​សុខភាព​ខាង​ផ្លូវចិត្តល្អ​ទេ» ។​
ជន​ភៀសខ្លួន​ជាច្រើន បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​អស់​ជា​ច្រើន​ឆ្នាំដើម្បី​រង់ចាំ​តាំង​ទី លំនៅ​ក្នុងប្រទេស​ទី៣ ហើយ​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ។ លោក Hua បាន​និយាយ​ទៀត​ថា ពីព្រោះ​តែ​មនុស្ស​ជាច្រើន​ជា​អ្នក​កាន់​សាសនា​គ្រឹស្ត​ Falun Gong និង​ជា​សកម្ម​ជន ពួកគេ មាន​ការភ័យ​ខ្លាចពីការតាមចាប់​ខ្លួនដោយ​មនុស្ស​មកពី​ប្រ ទេស​ចិន​ ។ ដូច្នេះ ពួកគេ​មាន​ការជ្រួលច្រាល់​និង​ការតានតឹង​ក្នុង​ចិត្តខ្លាំង​បំផុត ។
លោក Hua បានទៅ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​និង​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ (UNHCR) ដើម្បី​ស្វះស្វែង​រក​ការជួយ​ឧបត្ថម្ភ​និង​ចែករំលែក​បទពិសោធន៍​របស់​លោក ។ លោក​សង្ឃឹម​ថា នឹង​ទៅរស់​នៅ​ក្នុង​សហរដ្ឋអាមេរិក​ជាទីកន្លែង​ដែល​លោក​គិត​ថា លោកនឹង​មាន​សុវត្ថិភាព ។
លោក Hua បាន​និយាយ​បន្ត​ទៀត​ថា លោកបាន​ទទួលលេខ​សំណុំ​រឿង​ពី​ស្នងការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ (UNHCR) ហើយ​ត្រូវ​បាន​គេ​ប្រាប់​ថា ការសម្ភាសន៍​លើ​ក​ទី​២ នឹង​ត្រូវ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​ ។ ក៏ប៉ុន្តែលោក​បាន​និយាយ​ទៀត​ថា មន្ត្រី​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​លោក​ថា មាន​ករណី​ដូចលោក​ជា​ច្រើន​លើស​លប់៕
ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន
មេធាវី​សិទ្ធិ​មនុស្ស​ចិន​ម្នាក់​ត្រូវ​បាន​ដោះលែង ក្រោយ​ពី​ជាប់​ឃុំ​អស់​ជាង ៤ ឆ្នាំ ក្រោម​បទ​ផ្ដួល​រំលំ​រដ្ឋាភិបាល
លោក Quanzhang Wang បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ​ជួបជុំ​ប្រពន្ធ និង​កូន​ប្រុស​របស់​លោក​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង។ ពួកគេ​បាន​សម្រក់​ទឹក​ភ្នែក​នៅ​ពេល​ជួបជុំ​គ្នា​ឡើង​វិញ។
លោក Wang ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ បន្ទាប់ពី​លោក​បាន​ជាប់​ឃុំឃាំង​អស់​រយៈពេល ៤ ឆ្នាំ​កន្លះ ក្រោយ​ពី​ត្រូវ​បាន​កាត់ទោស​ពី​បទ«ផ្ដួល​រំលំ​រដ្ឋ​អំណាច»។ ការ​កាត់ទោស​នេះ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា «អយុត្តិធម៌»។
នៅ​មុន​ពេល​លោក​បាន​ជួបជុំ​គ្រួសារ​លោក លោក Wang បាន​និយាយ​ប្រាប់​វីអូអេ​ថា លោក​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​ប៉េកាំង​វិញ។
លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ពិតជា​ចង់​ឱបកូន​ប្រុស​ខ្ញុំ។ ខ្ញុំ​តែងតែ​ស្រមៃ​អំពី​ពេល​ដែល​ខ្ញុំ​នៅ​ក្នុង​ពន្ធនាគារ។ នៅ​ពេល​ដែល​ប្រពន្ធ និង​កូន​ខ្ញុំ​ទៅ​សួរ​សុខ​ទុក្ខ​ខ្ញុំ​ក្នុង​ពន្ធនាគារ យើង​អាច​និយាយ​គ្នា​ដោយ​មាន​របាំង​ឆ្លង​បញ្ចក់​តែ​ប៉ុណ្ណោះ។ នៅ​ពេល​នេះ​ខ្ញុំ​អាច​ឱប​ប្រពន្ធ​និង​កូន​ប្រុស​របស់​ខ្ញុំ​បាន​ហើយ»។
លោក Wang បាន​និយាយ​ប្រាប់​វីអូអេ​ថា នៅ​ពេល​នេះ​លោក​មិនមែន​មក​លេង​ជា​បណ្តោះអាសន្ន​ទេ ក៏​ប៉ុន្តែ​លោក​វិល​ត្រឡប់​មក​ទីក្រុង​ប៉េកាំង​វិញ​ជា​អចិន្ត្រៃយ៍​ហើយ។
លោក Wang ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មេធាវី និង​សកម្មជន​ជាង ២០០ នាក់ ដែល​បាន​ត្រូវ​ចាប់​ខ្លួន​ឃុំឃាំង​នៅ​ក្នុង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​រដ្ឋាភិបាល​ចិន​លើ​មេធាវី​សិទ្ធិមនុស្ស ដែល​បាន​ចាប់ផ្តើម​ធ្វើ​កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០១៥។ រដ្ឋាភិបាល​ចិន​បាន​ចោទ​ប្រកាន់​ពួក​មេធាវី​សិទ្ធិមនុស្ស​ទាំង​នោះ​ថា​បាន​ទាញ​យក​ប្រយោជន៍ពី​រឿង​ក្តី​ខ្លះ ដើម្បី​ឲ្យ​ពួកគេ​មាន​បាន។
សកម្មជន​នានា​ខាង​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា យុទ្ធនាការ​បង្ក្រាប​នេះ​ជា​ការ​បង្ហាញ​នូវ​ការ​ក្ដោបក្តាប់​អំណាច​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping។ លោក Wang បាន​ការពារ​ក្តី​ឱ្យ​ពួក​អ្នក​ធ្វើ​យុទ្ធនាការ​នយោបាយ និង​ពួក​ជន​រងគ្រោះ​ដោយសារ​ការ​លួច​ប្លន់​ដី​ធ្លី ព្រម​ទាំង​ពួក​សមាជិក​នៃចលនា Falun Gong ដែល​ជា​ក្រុម​សាសនា​មួយ​ត្រូវ​ហាម​ប្រាម​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ។
រដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់​លោក Wang ពី​បទ «ផ្ដួល​រំលំ​រដ្ឋ​អំណាច»។ នៅ​ក្នុង​ការ​កាត់​ក្តី​នេះ អ្នក​កាសែត និង​អ្នក​ការទូត​បរទេស​ត្រូវ​បាន​ហាម​មិន​ឱ្យ​ចូល​ក្នុង​សាល​តុលាការ។
បន្ទាប់ពី​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​តាម​ការ​សម្រេច​របស់​តុលាការ​រួច​មក លោក Wang ដំបូង​ត្រូវ​អាជ្ញាធរ​គ្រោង​ដោះលែង​កាល​ពី​ថ្ងៃ​ទី ៥ ខែ​មេសា។ ក៏​ប៉ុន្តែ ផ្ទុយ​ទៅ​វិញ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ទីក្រុង Jinan ដែល​ស្ថិត​នៅ​ចម្ងាយ ៤០០ គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​លោក ដើម្បី​ដាក់​លោក​ឲ្យ​ស្ថិត​នៅ​ដាច់​ពី​គេ​ឯង ដែល​ជា​ការ​តម្រូវ​ដោយ​អាជ្ញាធរ​ចិន។
អាជ្ញាធរ​បាន​និយាយ​ប្រាប់​លោក​ថា លោក​នឹងត្រូវ​ដោះលែង​បន្ទាប់ពី​ពេល​ដែល​លោក​នៅ​ដាច់ពីគេ​ចំនួន ១៤ ថ្ងៃ ក៏​ប៉ុន្តែ​ពួកគេ​បាន​ឱ្យ​លោក​រង់ចាំ​មួយ​សប្ដាហ៍​ទៀត នៅ​មុន​ពេល​អនុញ្ញាត​ឱ្យ​លោក​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី ២៧ ខែ​មេសា។
មួយ​ថ្ងៃ​មុន​ការ​កំណត់​វិល​ត្រឡប់​មក​វិញ​របស់​លោក គឺ​នៅថ្ងៃ​ទី ២៦ ខែ​មេសា ប្រពន្ធ​លោក​បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ដោយសារ​អ្នកស្រី​មាន​ជំងឺ​រលាក​ខ្នែង​ពោះវៀន​ធ្ងន់ធ្ងរ។ លោក Wang បាន​ព្យាយាម​ទៅ​ជួប​អ្នកស្រី ក៏ប៉ុន្តែ​លោក​ត្រូវ​បាន​ប៉ូលិស​បង្អាក់​ដំណើរ​របស់​លោក នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ផ្ទះ។
លោក Wang បាន​អះអាង​ថា នេះ​ជា​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​របស់​លោក​ក្នុង​ការ​ជួបជុំ និង​ថែទាំ​គ្រួសារ​លោក។
លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា អាជ្ញាធរ​ក៏​បាន​ហាមឃាត់​លោក​មិន​ឱ្យ​និយាយ​ជាមួយ​នឹង​អ្នក​កាសែត​ផង​ដែរ។
កាល​ពី​សប្តាហ៍​ទី ៣ នៃ​ខែ​មេសា ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ចិន​ឲ្យ​អនុញ្ញាត​ឲ្យ​លោក Wang «មាន​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ការ​អនុញ្ញាត​ឲ្យ​លោក​បាន​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ផង​ដែរ»។
ក្រសួង​ការបរទេស​ចិន​បាន​តបត​វិញ​ថា រដ្ឋាភិបាល​ចិន​ជំទាស់​ទៅ​នឹង​ការ​ជ្រៀតជ្រែក​ដោយ​ប្រទេស​ណា​មួយ​ក្នុង «កិច្ចការ​ផ្ទៃ​ក្នុង» របស់​ខ្លួន៕
ប្រែ​សម្រួល​ដោយ ឈឹម សុមេធ