Voice of America
តុលាការ​សម្រេច​យក​សំណុំ​រឿង«​ក្បត់»​លើ​មនុស្ស​ជិត​១៤០​នាក់ ទៅ​ជំនុំ​ជម្រះ​បន្ត​នៅ​ឆ្នាំ​ក្រោយ
ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្រេច​ច្របាច់​បញ្ចូល​សំណុំ​រឿង​ចំនួន​៤ ដែល​ក្នុង​នោះ​មាន​ចុង​ចម្លើយ​ជា​អតីតសកម្ម​ជននិង​អ្នក​គាំទ្រ​បក្សជំទាស់​សរុប​ចំនួន​១៣៧​រូប ជា​២​សំណុំ​រឿង​និង​កំណត់​សវនាការ​ជំនុំ​ជម្រះ​នៅ​ឆ្នាំ​ក្រោយ។
សវនាការ​ដ៏​មមាញឹក​ដែល​អ្នក​ជំនាញការ​អង្គ​ការ​សហប្រជាជាតិ បាន​ហៅ​ថា​មាន​ចរិត​នយោបាយ ​បាន​ប្រព្រឹត្ត​ទៅ​អស់​ពេល​២​ម៉ោង​ និង​មាន​ចុង​ចម្លើយ​តែ​៣៣​នាក់​ប៉ុណ្ណោះ​ចូល​រួម។
មេធាវី​ការពារ​ក្ដី លោក​ សំ សុគង់ ធ្លាប់​ប្រាប់​VOA​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា ភាគ​ច្រើន​លើស​លប់​នៃ​ចុង​ចម្លើយ​ទាំង​១៣៧​នាក់ ក្នុង​សំណុំ​រឿង​ទាំង​៤​ខាង​លើ​ កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ គេច​ពី​ការ​ចាប់​ចង​។
សាល​សវនាការ​ដ៏​ណែន​ណាន់​តាន់​តាប់​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្ដើម​សេចក្ដី​កាល​ពី​វេលា​ម៉ោ​ង​៩ព្រឹក ​ដោយ​មាន​លោក​ រស់ ពិសិដ្ឋ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ និង​លោក​ព្រះរាជអាជ្ញា​រង ​សេង ហៀង ជា​តំណាង​អយ្យការ ​និង​មាន​ចុង​ចម្លើយ​ជា​អតីត​មន្ត្រី​ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​អង្គុយ​នៅ​ក្នុង​បន្ទប់​សវនាការ។
ដំណើរ​សវនាការ​បាន​ជជែក​គ្នា​អំពី​នីតិវិធី​ និង​ការ​បូក​ច្របាច់​បញ្ចូល​គ្នា​នូវ​សំណុំរឿង ​បទ​ល្មើស ​រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិ​សុខ​សង្គម ​ទាក់ទង​នឹង​គម្រោង​វិល​ត្រឡប់មិន​បាន​សម្រេច​របស់​លោក ​សម រង្ស៊ី និង​សហការី ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។
អាជ្ញាធរ​បាន​ចោទ​គម្រោងប៉ុនប៉ង​វិលត្រឡប់​របស់​លោក​ សម រង្ស៊ី ​នា​គ្រា​នោះ​ថាមាន​ចេតនា​កៀង​គរ​កម្លាំង​មហាជន ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។
បន្ទាប់​ពី​ដំណើរការ​ក្ដី​មក​ទល់​នឹង​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​ចៅក្រម​ រស់ ពិសិដ្ឋ ​បាន​សម្រេច​បំបែក​សំណុំរឿង​ជា​២ ​និង​ត្រូវ​កាត់​សេចក្ដី​នៅ​ឆ្នាំ​ក្រោយ។ សំណុំរឿង​ទីមួយ​ ត្រូវ​បើក​សវនាការ​ស្ដាប់​អង្គ​ហេតុ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា​ ឆ្នាំ២០២១ ​ដែល​មាន​ចុង​ចម្លើយ​៦០​នាក់​ដោយ​ច្របាច់​បញ្ចូល​គ្នា​សំណុំ​រឿង​លេខ​៦០០៥ និង​លេខ​១១​៤០។ ហើយ​សំណុំ​រឿង​ទីពីរ​ ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃ​ទី៤ ​ខែ​មីនា ​ឆ្នាំ​២០២១ ដែល​មាន​ចុង​ចម្លើយ​៧៧​នាក់។
លោក ​សារ៉ូ សុវុឌ្ឍិ ​អតីត​ចៅសង្កាត់​រង​ទីពីរ​នៃ​សង្កាត់​និម្មិត ​ក្រុង​ប៉ោយ​ប៉ែត ​ដែល​ជា​ចុង​ចម្លើយ​មួយ​រូប​ដែរ បាន​រិះគន់​នីតិវិធី​របស់​តុលាការ ​ដែល​លោក​ថា​លោក​ទើប​តែ​ទទួល​បាន​ដីកា​កោះ​ហៅ​កាល​ពី​ថ្ងៃ​ពុធ ទី​២៥ ខែ​វិច្ឆិកា ​តែ​ប៉ុណ្ណោះ។
បន្ទាប់​ពី​បញ្ចប់​សវនាការ ​លោក​ សុវុឌ្ឍិ ​បាន​ថ្លែង​ប្រាប់​VOA​ថា​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ។
លោក​មាន​ប្រសាសន៍​ថា៖ «ជា​ទូទៅ គុក​វា​មិន​មែន​ស្រួល​ទេ ​អ្នកណា​មិន​ខ្លាច​ ឮ​សូរ​ពាក្យ​ចាស់​ថា ​ជាប់​គុក​មួយ​ថ្ងៃ ​ស្មើ​មួយ​ឆ្នាំ ​ប៉ុន្តែ​ធ្វើ​ជ្រូក​ កុំ​រា​ទឹក​ក្ដៅ ​ហើយ​បើ​គេ​ចោទ ​ធម្មតា​ទេ ​យើង​ជាមន្ត្រី​[បក្សជំទាស់] ​យើង​ធ្លាប់​រិះគន់​អី​ គ្រាន់​ថា​ខ្ញុំ​រិះគន់​ ដើម្បី​កែ​លម្អ ​អត់​មាន​យកខ្មែរ​ណា​ជា​សត្រូវ​ទេ ហើយ​ក៏​មិន​ស្អប់​ថ្នាក់​ដឹកនាំ​ទេ។ ខ្ញុំ​រិះគន់​គាត់ ដើម្បី​កែលម្អ ​និង​ប្រទេស​ជាតិ​រីក​ចម្រើន​»។
ក្នុង​ចំណោម​ចុង​ចម្លើយ​១៣៧​នាក់​នោះ​ ក៏​មាន​ផង​ដែរ ​លោក ​ថាច់ សេដ្ឋា​ អតីត​សមាជិក​ព្រឹទ្ធ​សភា។
អ្នក​នយោបាយ​ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​រូប​នេះ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្រៅ​បន្ទប់​សវនាការ​ថា៖ «ហៅ​មក​នេះ សរសេរ​ឈ្មោះ​ខ្ញុំ​ខុស ថ្ងៃ​កំណើត​ខ្ញុំ​ខុស ហើយ​ដីកា​ ក៏​អត់។ យើង​ក៏​បាន​លើក​រឿង​ហ្នឹង​ប្រាប់​តុលាការ ​តែ​ដោយ​សារ​យើងមាន​សុឆន្ទៈ​ដោយ​យើង​សហការ​ជាមួយ​តុលាការ ​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​របស់​យើង ​មិន​មែន​ជា​មនុស្ស​សម​គំនិត​ក្បត់​ ព្រោះ​មិនដឹង​ក្បត់​អ្នកណា​ទៀតហ្ន៎។ វា​មិន​ដែល​សម​គំនិត​ក្បត់​ជាតិ​សាសន៍​ឯង»។
លោកស្រី​ រ៉ូណា ស្មីត ​(Rhona Smith) ​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​បញ្ហាសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បាន​ហៅ​សវនាការនេះ​ថា ​មាន​«ចរិត​នយោ​បាយ» ​«ខ្វះ​មូលដ្ឋានច្បាប់»​ និង​«រំលោភ​សិទ្ធិ​នីតិវិធី»។
ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ដែរ​ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៅក្នុង​ទីក្រុង​ហ្សឺណែវ ​បាន​តប​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​លោកស្រី​ រ៉ូណា ស្មីត​ថា​«ដំណើរ​ការ​នីតិវិធី​របស់​តុលា​ការ​ចំពោះ​ជន​ជាប់​ចោទ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ហ្មត់​ចត់ ​ដោយ​ផ្អែកទៅ​លើ​បទ​ល្មើស​ដែល​បាន​ចោទ​ប្រកាន់​ស្រប​តាមច្បាប់»។
លោក ​ជិន ម៉ាលីន ​រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​បាន​ហៅ​បទ​ល្មើស​ខាង​លើ​ថា​«អង្គ​ការចាត់​តាំងរៀបចំចាត់​ចែងច្បាស់លាស់ និងជា​ប្រព័ន្ធ» ​(Organized Crime) ​ដែលលោក​ថា​ចំនួន​ច្រើន​នៃ​ចុង​ចម្លើយ​ ជា​រឿង​«ធម្មតា»។
លោក​ប្រាប់​ VOA ​ថា៖ «​បើ​បទ​ល្មើស​ជា ​Organized Crime .... អាហ្នឹង​វា​មាន​អ្នក​ពាក់ព័ន្ធ​ច្រើន​ហើយ វា​រួម​មាន​អ្នក​រៀប​ចំ​ រួម​មាន​អ្នក​សមគំនិត​ រួម​មាន​អ្នក​ចូល​រួម រួម​មាន​អ្នក​ដៃ​ដល់​ រួម​មាន​អ្នក​គាំទ្រ ​រួម​មាន​អ្នក​អនុវត្ត។ ទាំង​នោះ​សុទ្ធ​ជា​អ្នក​ពាក់ព័ន្ធ ​ហើយ​ជាគោល​ការណ៍​ច្បាប់​ព្រហ្មទណ្ឌ ​អ្នក​ទាំង​អស់​ហ្នឹង​ទទួល​ខុសត្រូវ​តាម​ផ្លូវច្បាប់​ដូចៗគ្នា»។
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នេះ បាន​បង្វែរ​សំណួរ​អំពី​ការ​ចោទ​របស់​ចុង​ចម្លើយ​អំពី​នីតិវិធី​ប្រញាប់​ប្រញាល់ ​ទៅ​ឱ្យ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
VOA​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ​គុជ គឹម​ឡុង អ្នក​នាំពាក្យ​របស់​តុលាការ​បាន​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ប៉ុន្តែ​នៅ​ក្នុង​ក្រុម​តេឡេក្រាម​ដែល​មាន​អ្នក​សារព័ត៌មាន​ជា​សមាជិក ​លោក គុជ គឹម​ឡុង បាន​បញ្ជាក់​ពី​ការ​បំបែក​សំណុំ​រឿង​នេះ ហើយ​ថា​មាន​ជន​ជាប់​ចោទ​ចំនួន​១៣៩​នាក់។ ប៉ុន្តែ​បើ​តាម​ការ​ត្រួត​ពិនិត្យ​របស់​VOA​លើ​ដីកា​កោះ​ហៅ​របស់​តុលាការ ​មាន​ឈ្មោះ​លោក ​សម រង្ស៊ី ​និងលោក​ ឡុង រី ​អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង ​ចំនួន​ពីរ​ដង។
នៅ​ខាង​ក្រៅ​តុលាការ​ នាព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ ​កង​កម្លាំង​នគរបាល ​និង​កងកម្លាំង​សន្ដិ​សុខ​សាលា​ខណ្ឌ​៧​មករា ​រាប់​សិប​នាក់ ​បាន​យាមកាម​យ៉ាង​តឹង​តែង ​ហើយ​អ្នក​គាំទ្រ​ចុង​ចម្លើយ​មួយ​ចំនួន​ ត្រូវ​បាន​ហាម​មិន​ឱ្យ​ទៅក្បែរ​អគារ​តុលាការ​ឡើយ៕
បងស្រី​សកម្មជន​ថៃ​បាត់​ខ្លួន​មក​ដល់​​កម្ពុជា ដើម្បី​ស្វែង​រក​ការ​ពិត
បងប្អូន​បង្កើត​ទាំង​ពីរ​នាក់​ផ្ដោះផ្ដង​គ្នា​តាម​ទូរស័ព្ទ​ជា​រៀង​រាល់​ថ្ងៃ មួយ​ថ្ងៃៗ​មិន​ដឹង​ជា​និយាយ​ទូរស័ព្ទ​ប៉ុន្មាន​ដង​ទេ ដែល​សូម្បី​តែ​អ្នកស្រី Sitanun ក៏​មិន​អាច​រាប់​បាន​ផង។
តែ​ខ្សែ​ទូរស័ព្ទ​ចុង​ក្រោយ​ដែល​អ្នក​ទាំង​ពីរ​និយាយ​គ្នា នា​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ បាន​បញ្ចប់​ដោយ​ក្ដី​តក់ស្លុត។
វេលា​ម៉ោង​ជាង​៤​រសៀល​ថ្ងៃ​នោះ ខណៈ​អ្នក​ទាំង​ពីរ​ជជែក​គ្នា ស្រាប់​តែ​មាន​សំឡេងប្រតាយប្រតប់​គ្នា​លាន់​ឮ​ពី​ខាង​លោក Wanchalearm ដែល​លោក​ស្រែក​ដង្ហោយ«ដក​ដង្ហើម​មិន​រួច​ទេ! ដក​ដង្ហើម​មិន​រួច​ទេ!» ជា​ភាសា​ថៃ ហាក់​ដូច​ជា​មាន​អ្នក​ណា​ចាប់​លោក​ទៅ។
ទូរស័ព្ទ​ក៏​ដាច់​ត្រឹម​នោះ។ អ្នកស្រី Sitanun ក៏​ទាក់​ទង​ប្អូន​ប្រុស​លែង​បាន។ លោក Wanchalearm ក៏​បាត់​ខ្លួន​បាត់​ដំណឹង ចាប់​ពី​ពេល​នោះ​មក។
ជាង​៥​ខែ​កន្លង​មក​ហើយ ដំណឹង​អំពី​ជោគ​វាសនា​លោក Wanchalearm ក៏​មិន​មាន​តម្រុយ​ តែ​ការ​តស៊ូ​ផ្លូវ​ច្បាប់​ក្នុង​តុលាការ​កម្ពុជា បាន​នាំ​អ្នកស្រី Sitanunមក​កម្ពុជា​នៅ​ដើម​ខែ​វិច្ឆិកា​នេះ ដើម្បី​ចូល​ខ្លួន​បំភ្លឺ​នៅ​មុខ​លោក​ចៅក្រម​ស៊ើបសួរ​ ស៊ិន សុវណ្ណរ័ត្ន នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
ក្នុង​បទ​សម្ភាស​ន៍ជាមួយ VOA ​ពី​ទីស្នាក់​ធ្វើ​ចត្តាឡីស័ក​មួយ​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ អ្នកស្រី Sitanun ​បាន​រៀបរាប់​ថា៖
«ខ្ញុំ​ចង់​ស្វែងរក​ការ​ពិត​ថា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​គឺ​លោក Wanchalearm»។
អ្នកស្រី Sitanun បាន​ធ្វើ​ដំណើរ​មក​ដល់​ភ្នំពេញ​ជាមួយ​នឹង​ក្រុម​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ជន​ជាតិ​ថៃ​ចំនួន​បី​នាក់ កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ហើយ​ត្រូវ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ពីរ​សប្ដាហ៍ ស្រប​តាម​វិធាន​របស់​អាជ្ញាធរ​កម្ពុជា​ប្រឆាំង​នឹង​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។
ក្រុម​គ្រួសារ​ត្រកូល Satsaksit បាន​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​កក្កដា អំពី​ករណី​ចាប់​ពង្រត់ និង​បាត់​ខ្លួន​នៃ​លោក Wanchalearm វ័យ​៣៧​ឆ្នាំ។
ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​២៧ ខែ​តុលា ដែល​VOAទទួល​បាន លោក​ចៅក្រម​ស៊ើបសួរ ស៊ិន សុវណ្ណរ័ត្ន បាន​កោះ​ហៅ​អ្នក​ស្រី Sitanun មក​បំភ្លឺ​ក្នុង​ដំណើរ​រឿង«ចាប់​ឃុំឃាំង​ និង​បង្ខាំង​ខុស​ច្បាប់» និង«កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត» ក្នុង​ករណី​លោក Wanchalearm។ អ្នកស្រី​ត្រូវ​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ខាង​មុខ​នេះ។
អំពី​ការ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​កម្ពុជា​នៅ​ខែ​ក្រោយ អ្នកស្រី Sitanun ​មាន​ប្រសាសន៍​ថា៖
«ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា​ត្រូវ​រំពឹង​អ្វី​ជា​អ្វី​នោះ​ទេ»។
ប្រាំ​ខែ​មក​នេះ នគរបាល​កម្ពុជា​បាន​ប្រកែក​ថា​ខ្លួន​មិន​អាច​រក​ឃើញ​ឡើយ​វត្តមាន​របស់​លោក Wanchalearm នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែ​មិថុនា នៃ​ការ​បាត់​ខ្លួន ដោយ​ថា​ទិដ្ឋាការ​របស់​លោក​បាន​ផុត​កំណត់​តាំង​ពី​ថ្ងៃ​ទី​៣១ ​ខែ​ធ្នូ ឆ្នាំ​២០១៧ ហើយ​តាំង​ពី​ថ្ងៃ​នោះ​មក​ លោក​ក៏​មិន​បាន​ស្នើ​សុំ​បន្ត​សុពលភាព​ទិដ្ឋាការ​របស់​លោក​ដែរ។
ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ បាន​ផ្ញើ​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​ទៅ​ឱ្យ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ ដោយ​លើក​ឡើង​ថា​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៥ មក ពុំ​មាន​ឡើយ​កំណត់​ត្រា​ដែល​ថា​លោក Wanchalearm ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ថៃ​របស់​លោក ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។
អាជ្ញាធរ​កម្ពុជា​ក៏​មិន​អាច​បញ្ជាក់​ផ្ទៀងផ្ទាត់​អំពី​ការ​បាត់​ខ្លួន​របស់​លោក Wanchalearm ព្រម​ទាំង​ថា​គ្មាន​ឈ្មោះ​រូប​លោក​រស់នៅ​ក្នុង​អគារ​ខុនដូ Mekong Gardens ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ​នោះ​ដែរ។
ក្នុង​បទ​សម្ភាសន៍ជាមួយ​VOA អ្នកស្រី Sitanun បាន​បញ្ជាក់​ថា៖
«ក្រុម​គ្រួសារ​យើង​ទាំង​មូល​បាន​ដឹង​ថា គាត់(Wanchalearm) រស់​នៅ​ប្រទេស​កម្ពុជា​ពេញ​មួយ​អំឡុង​ពេល​នេះ»។
ខណៈ​អ្នកស្រី​ចោទប្រកាន់​ដោយ​ត្រង់ៗ​ថា រដ្ឋ​អំណាច​ថៃ​ជា​អ្នក​នៅ​ពី​ក្រោយ​ករណី​ចាប់​ពង្រត់​និង​បាត់​ខ្លួន​របស់​លោក​ Wanchalearm អ្នកស្រី Sitanun ជា​បងស្រី​បាន​លើក​ឡើង​ថា នៅ​ពេល​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​កម្ពុជា ​ត្រូវ​បញ្ចប់​ជា​ស្ថាពរ អ្នកស្រី និង​ក្រុម​ពិគ្រោះ​យោបល់​ផ្លូវ​ច្បាប់ នឹង​ចេញ​ទៅ​រក​ភស្ដុតាង​បន្ថែម​ដោយ​ផ្ទាល់​អំពី​ករណី​បាត់​ខ្លួន​ប្អូន​ប្រុស​របស់​អ្នក​ស្រី។
ស្ថានទូត​ថៃ​មិន​ទាន់​ឆ្លើយ​តប​អ្វី​នឹង​សំណើ​របស់​VOA សុំ​សេចក្ដី​អធិប្បាយ ឆ្លើយ​តប​នឹង​ការ​លើកឡើង​របស់​អ្នកស្រី Sitanun នៅ​ឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ។
លោក សំ ចំរើន មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ស្រី Sitanun បាន​លើក​ឡើង​ថា តំណាង​អយ្យការ​នៅ​សាលា​ដំបូង​រាជធានី បាន​ចោទ​ប្រកាន់​ទៅ​លើ​អញ្ញត្រ​ជន​ ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ និង​ភិន​ភាគ ទាក់​ទិន​នឹង​រឿង​បាត់ខ្លួន​របស់​លោក Wanchalearm​នេះ។
«ដើម​បណ្ដឹង​យើង​នេះ យើង​អត់​បាន​ដាក់​ចូល​ជាមួយ​សមត្ថកិច្ច​[នគរបាល]​ទេ យើង​ដាក់​ចូល​ព្រះរាជអាជ្ញា​តែ​ម្ដង ហើយ​ព្រះរាជអាជ្ញា​គេ​ចោទ​ប្រកាន់​លើ​អញ្ញត្រជន​ណា​មួយ បាន​ជា​បញ្ជូន​ទៅ​ឱ្យ​ចៅក្រម​ស៊ើប​ហ្នឹង​ណា បាន​ន័យ​ថា​ព្រះរាជ​អាជ្ញា​គេ​សម្រេច​ចោទ​ប្រកាន់​ហើយ បាន​ដល់​ចៅក្រម​ស៊ើប»។
លោក James Buchanan គ្រូ​ឧទ្ទេស​ជំនាញ​នយោបាយ​ថៃ​នៅ​សាកល​វិទ្យាល័យ Mahidol ប្រទេស​ថៃ បាន​លើក​ឡើង​ថា លោក​មិន​មាន​ក្ដី​រំពឹង​នោះ​ទេ ថា​ការ​ស៊ើបអង្កេត​ក្នុង​តុលាការ​កម្ពុជា និង​ដោយ​អាជ្ញាធរ​កម្ពុជា អាច​ឈាន​ទៅ​ស្វះស្វែង​រក​បាន​នូវ«ការ​ពិត»​អំពី​ជោគ​វាសនា​របស់​លោក Wanchalearm។
អ្នកស្រាវ​ជ្រាវ​រូបនេះ​បាន​ប្រាប់​ VOA ​តាម​សារ​អ៊ីមែល​យ៉ាង​ដូច្នេះ​ថា៖
«កាយ​វិការ​នានា​ដែល​ខាង​ថៃ ​និង​ខាង​កម្ពុជា​ធ្វើ ​ទាក់​ទង​នឹង​ការ​ស៊ើប​អង្កេត​នេះ ទំនង​បំផុត គ្រាន់​តែ​ជា​ឆាក​ល្ខោន ​ដែល​គេ​សម្ដែង ​ដើម្បី​ស្ដារ​សង្គ្រោះ​មុខ​មាត់ និង​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ងប់ស្ងាត់​អស់​ចិត្ត​ពី​សំណាក់​អ្នកស្រី Sitanun និង​ក្រុម​អ្នក​ច្បាប់​ដែល​កំពុង​ផ្ដល់​ជំនួយ​ទាំង​នោះ​ប៉ុណ្ណោះ»។
ការណ៍​ដែល​មាន​ការ​ចោទ​ប្រកាន់​លើ​អញ្ញត្រជន ដោយ​តុលាការ​កម្ពុជា​នេះ លោក Buchanan បាន​លើក​ឡើង​ថា​ជា​តាក់ទិច​មួយ​ក្នុង​រឿង​នេះ​របស់​ភាគី​កម្ពុជា ដើម្បី​រំងាប់​អារម្មណ៍​របស់​ត្រកូលSatsaksit ផង និង​បញ្ចៀស​ភាព​ល្អក់​កករ​ជាមួយភាគី​ថៃ​ផង។
លោក ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កិច្ចការ​តាម​នីតិវិធី​ក្នុង​ករណី​លោក Wanchalearm ដោយ​មិន​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ​ឬ​ការ​ទូត​អ្វី​នោះ​ទេ។
«យើង​នៅ​តែ​រក្សា​ជំហរ​ដូច​ដដែល​ទេ គឺ​ថា​រីករាយ​នឹង​ទទួល​បាន​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​ពាក់​ព័ន្ធ​ទៅ​ដល់​ការ​ស្វែង​រក​ឱ្យ​ឃើញ​នូវ​ជនរងគ្រោះ​បាត់​ខ្លួន Wanchalearm ហ្នឹង ព្រោះ​យើង​មិន​ទាន់​មាន​អ្វី​តម្រុយ​អ្វី​ជាក់​លាក់​ក្នុង​ការ​តាម​ដាន​ទេ។ និយាយ​រួម យើង​បាត់ដាន​ហើយ អ្វីៗ​ដែល​បាន​លើកឡើង​ក្នុង​សង្គម​ហ្វេសប៊ុក​ ឬ​អី​ក៏​ដោយ វា​អត់​មាន​អី​ជា​ការ​ពិត»។
លោក ខៀវ សុភ័គ ​មិន​ផ្ដល់​យោបល់​អ្វី​លើ​ដំណើរការ​របស់​តុលាការ​ដែល​ចាត់​ការ​លើ​ករណី​លោក Wanchalearm នេះ​ទេ។
«ហ្នឹង​រឿង​តុលាការ​ទេ​ក្មួយ ពូ​មិន​បាន​ដឹង ព្រោះ​ពូ​មិន​ស្ថិត​ក្នុង​សមត្ថកិច្ច​យុត្តការណ៍​របស់​តុលាការ​ទេ ក្មួយ ... អាស្រ័យ​ទៅ​លើ​តុលាការ បើ​តុលាការ​លោក​មាន​អ្វី យើង​រីករាយ​ធ្វើ​តាម​ហ្នឹង​ទៀត ក្មួយ»។
លោក Wanchalearm Satsaksit ជា​សកម្មជន​នយោបាយ​ដែល​ស្មោះស្ម័គ្រ​នឹង​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​លោក Thaksin Shinawatra ដែល​បាត់​បង់​តំណែង​ក្នុង​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦។
រដ្ឋប្រហារ​ឆ្នាំ​២០១៤​ដែល​នាំ​ឱ្យ​លោក Wanchalearm ​ភៀស​ខ្លួន​ចេញ​ពី​ថៃ ដឹកនាំ​ដោយ​ លោក Prayuth Chan-O-Cha ដែល​គ្រា​នោះ​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក​ភូមិន្ទ​ថៃ។
មុន​ពេល​បាត់​ខ្លួន លោក Wanchalearm ដែល​មាន​ប្រជា​ប្រិយ​ភាព និង​សកម្ម​បំផុត​លើ​បណ្ដាញ​សង្គម តែង​បង្ហោះ​សារ​ឡកឡឺយ ចំអក​ឱ្យ​លោក Prayuth។
ចុងក្រោយ​បំផុត នៅ​ថ្ងៃ​ទី​១៣​ ខែ​ឧសភា មុន​ពេល​បាត់​ខ្លួន លោក​ចំអក​ឱ្យ​មន្ត្រី​នគរបាល​នៃ​រដ្ឋាភិបាល​លោក Prayuth ដែល​បាន​ទៅ​ឃ្លាំ​មើល​ផ្ទះ​កំណើត​របស់​លោក​នៅ​ខេត្ត​ឧប្បល​រាជធានី។
អ្នកស្រី Sitanun ក៏​បាន​លើក​ឡើង​ថា ប្អូន​ប្រុស​របស់​អ្នក​ស្រី​ ធ្លាប់​បាន​រអ៊ូ​រទាំ​អំពី​ការ​តាម​ដាន​ពី​សំណាក់​ខ្សែ​បណ្ដាញ​នៃ​កង​កម្លាំង​សន្ដិសុខ​ថៃ មុន​ពេល​បាត់​ខ្លួន​ផង​ដែរ។
សាក្សី​ក្បែរ​អគារ​ខុនដូ Mekong Gardensក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​VOA​មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​លោក Wanchalearm ទៅ​ថា សកម្មជន​ថៃ​រូប​នេះ កំពុង​អង្គុយ​រង់ចាំ​ទិញ​ប្រហិត​ចៀន​នៅ​មុខ​អគារ​ខុនដូ មុន​នឹង​មាន​បុរស​មិន​ស្គាល់​មុខ​មួយ​ក្រុម ចូល​មក​ក្រៀក​ចាប់​លោក​ញាត់​បញ្ចូល​ក្នុង​រថយន្ត យក​ចេញ​ទៅ​បាត់។
លោក Wanchalearm បាន​ក្លាយ​ជា​សកម្មជន​ថៃ​ចុង​ក្រោយ​បំផុត ​ដែល​ត្រូវបាន​រាយការណ៍​ថា​ ត្រូវ​បាន​ចាប់​ពង្រត់​ និង​បាត់​ខ្លួន​ទាក់​ទិន​នឹង​ភាព​សកម្ម​ខាង​នយោបាយ។
អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​Human Rights Watch បាន​អះ​អាងថា ​មាន​សកម្មជន​ថៃ​៩​នាក់​ហើយ រួម​ទាំង​លោក Wanchalearm ផង ដែល​បាន​បាត់​ខ្លួន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕
មណ្ឌល​សុខភាព​ខេត្ត​តាកែវ​ផ្តោត​លើ​ប្រវត្តិ​ធ្វើ​ដំណើរ​ ទោះ​ពលរដ្ឋ​មាន​អាការៈ​ស្រដៀង​វីរុស​កូរ៉ូណា
អគារ​មួយ​នៅ​កណ្តាល​ដី​ មាន​សភាព​ចាស់​និង​តូច​ចង្អៀត ​ប៉ុន្តែ​នៅ​ច្រក​ក្លោង​ទ្វារ​មាន​ផ្លាក​សញ្ញា​ធំ​មួយ​សរសេរ​ថា «មណ្ឌល​សុខភាព​សំរោង​» ដែល​ហាក់​បង្ហាញ​ថា នៅ​តែ​ដំណើរ​ការ។​ នៅ​ក្នុង​បន្ទប់​ប្រឹក្សា​ មាន​ផ្លាក​សញ្ញា​ជូន​ដំណឹង​មួយ ​ដែល​មាន​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ អំពី​វិធាន​ការ​សុវត្ថិភាព ​និង​ការ​បង្ការ​វីរុស​កូរ៉ូណា។​
លោក ​យី ​ឆេងលី ​ដែល​ជា​ប្រធាន​មណ្ឌល​សុខភាព​សំរោង​ ក្នុង​ឃុំ​សំរោង​ កំពុង​អង្គុយ​ម្នាក់​ឯង ហើយ​ដៃ​ចុច​ទូរស័ព្ទ​របស់​គាត់​ នៅ​ក្នុង​បន្ទប់​ដែល​មាន​ទូរ​មួយ​ដាក់​ឯកសារ និង​គ្រែ​ដែក​មួយ​ គ្មាន​កម្រាល​ និង​មាន​ខ្នើយ​មួយ​លើ​គ្រែ​នៅ​ក្បែរ​ច្រក​ទ្វារ។​ លោក​ចាប់​អារម្មណ៍​ចង់​និយាយ​អំពី​ជំងឺ​រាតត្បាត​កូវីដ១៩​ ដែល​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣០​ ខែ​មេសា​ ប្រទេស​កម្ពុជា​មាន​ករណី​ឆ្លង​សរុប ​ចំនួន​ ១២២​ និង​ជា​សះស្បើយ​ចំនួន​ ១១៩​ នាក់។​
ប្រធាន​មណ្ឌល​សុខភាព​រូប​នេះ​បាន​រៀប​រាប់​ថា​ មាន​ពលករ​ចំណាក​ស្រុក​ ១១​ នាក់​ដែល​បាន​វិល​ត្រឡប់​មក​ឃុំ​របស់​ពួក​គេ​វិញ ​និង​មាន​ពលករ​ចំណាក​ស្រុក ​៨​ នាក់​បាន​បញ្ចប់​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ​១៤ ​ថ្ងៃ​របស់​ពួក​គេ​នៅ​ផ្ទះ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ។​
កាល​ពីដើម​សប្តាហ៍​មុន ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ប្រមាណ​ ៩ ​ម៉ឺន​នាក់​ បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ចាប់​តាំង​ពី​ចុង​ខែ​មីនា​ នៅ​ពេល​ប្រទេស​ថៃ​បិទ​ច្រក​ព្រំដែន​ ហើយ​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ត្រូវ​ត្រឡប់​មក​ចូល​ឆ្នាំ​នៅ​ក្នុង​ប្រទេស។ ​ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​មន្រ្តី​សុខាភិបាល​តាម​ដាន​សុខភាព​ថា​ តើ​មាន​រោគ​សញ្ញា​នៃ​វីរុស​កូរ៉ូណា ​ឬ​យ៉ាង​ណា​ និង​ណែនាំ​ឲ្យ​រស់​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ​១៤ ​ថ្ងៃ។​
លោក​ យី ឆេងលី​ ថ្លែង​ប្រាប់​ VOA ​នៅ​មណ្ឌល​សុខភាព​ក្នុង​ស្រុក​បាទី​ថា៖ ​«យើង​ចុះ​ពិនិត្យ​សុខ​ភាព​គាត់។​វាស់​កម្តៅ​តាម​លទ្ធភាព​ MVA​ (ការ​ពិនិត្យ​រក​រោគ​ផ្តាសាយ)។ ​យើង​បាន​អប់រំ​គាត់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​ក្រុម​គ្រួសារ ​១៤​ថ្ងៃ​ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល។​ យើង​រវល់​ណាស់​រាល់​ថ្ងៃ»។​
លោក​បន្ថែម​ថា ​រូប​លោក​ផ្ទាល់​បាន​ចុះ​អប់រំ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ផ្ទាល់​តែ​ម្តង។​
លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​បាន​ធ្វើ​ដំណើរ​ចុះ​តាម​ភូមិ​ផ្ទាល់​ហ្មង​ជាមួយ​ប្រជាជន​ផ្ទាល់​តែ​ម្តង។​ ពេល​យើង​ចុះ​ទៅ​ យើង​មាន​ឧបករណ៍​ប៉ុន្មាន​យើង​ ប្រើ​ដែល​យើង​មាន​តាម​លទ្ធភាព។​ យើង​អប់រំ​ពលរដ្ឋ​ថា​ពេល​មាន​រោគ​សញ្ញា ​ដូច​ក្តៅ​ឈឺ​ក ​ ក្អក ​ក្នុង​អំឡុង​ពេល​ ១៤​ថ្ងៃ ​ យើង​គួរ​ទៅ​ពេទ្យ​ហើយ​ខ្ញុំ​រាយ​ការណ៍​ជូន​មន្ទីរ​សុខាភិបាល»។​
ទោះ​ជា​យ៉ាង​ណា​លោក ​ឆេងលី ​និយាយ​ថា​ លទ្ធភាព​នៃ​ការ​ធ្វើ​តេស្ត​សំណាក​យក​ទៅ​ពិនិត្យ​រក​វីរុស​កូរ៉ូណា​របស់​មណ្ឌល​សុខភាព​ នៅ​មាន​កម្រិត​ដោយ​ផ្តោត​សំខាន់​លើ​ពលករ​ចំណាក​ស្រុក ​ដែល​បាន​វិល​ត្រឡប់​ពី​ក្រៅ​ប្រទេស ​និង​បុគ្គល​ដែល​មាន​ប្រវត្តិ​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស ​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល។​
បុគ្គលិក​សុខាភិបាល​ដដែល​ក៏​បាន​បញ្ជាក់​ថា​ ប្រជា​ពល​រដ្ឋ​ក្នុង​ស្រុក​ដែល​ចូល​មក​ពិនិត្យ​ក្នុង​មណ្ឌល​សុខភាព ​ហើយ​មាន​អាការៈ​ក្អក​និង​រោគ​សញ្ញា​ ដូច​ជា​ផ្តាសាយ​ ប៉ុន្តែ​មិន​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ថ្មីៗ​ត្រូវ​បាន​គេ​សន្មត់​ថា​ «ធម្មតា» ​មិន​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​នោះ​ទេ។​
លោក​ឆេងលី​បញ្ជាក់​ថា៖​ «ប៉ុន្តែ​អាហ្នឹង​ទាល់តែ​មាន​ប្រវត្តិ​ជំងឺ​ទៀត​មិនមែន​ចេះ​តែ​រាយ​ការណ៍​ទេ។ ​អា​ខ្លះ ​គ្នា​នៅ​ក្នុង​ស្រុក​អញ្ចេះ​សោះ​ យើង​រាយ​ការណ៍​ទៅ​ វា​ពិបាក។​ គ្នា​មាន​មក​ពី​ណា​បើ​គ្នា​នៅ​តែ​ក្នុង​ស្រុក​ដូច​ថា​ យើង​ផ្តាសាយ​អី​ធម្មតា។ ​អ៊ីចឹង​យើង​រាយ​ការណ៍​តាមប្រវត្តិ​ជំងឺ»។​
លោក​ទទួល​ស្គាល់​ថា ​វា​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ថា​តើ​ជា​ករណី​ជំងឺ​គ្រុន​ផ្តាសាយ​ធម្មតា​ ឬ​ជា​ជំងឺ​កូវីដ១៩​ ប៉ុន្តែ​លោក​បញ្ជាក់​ថា​វិធី​សាស្ត្រ​ដែល​កំពុង​អនុវត្ត​មាន​ប្រសិទ្ធភាព​ដោយ​ខេត្ត​នេះ ​មិន​ទាន់​មាន​ករណី​វិជ្ជមាន​នៃ​វីរុស​កូរ៉ូណា​នៅ​ឡើយ​ទេ។​
ការ​អះអាង​របស់​លោក ​ឆេងលី​ ស្រប​តាម​រដ្ឋាភិបាល​ដែល​តែង​តែ​អះអាង​ថា​ ករណី​វិជ្ជមាន​នៃ​ជំងឺ​កូវី១៩​ក្នុង​ប្រទេស​កម្ពុជា​ គឺ​តាម​រយៈ​ជន​បរទេស​ ឬ​ជនជាតិ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស។​ក្រសួង​សុខាភិបាល​កម្ពុជា​លើក​ឡើង​ថា ពុំ​មាន​ការ​ឆ្លង​តាម​សហគមន៍​នៅ​ឡើយ​ទេ។​
ខណៈ​ពេល​ដែល​ប្រទេស​នានា​កាល​ពី​សប្តាហ៍​ថ្មីៗ​នេះ​ បាន​ព្យាយាម​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​បើក​សេដ្ឋ​កិច្ច​របស់​ពួក​គេ​ឡើង​វិញ​នោះ​ ​ពួកគេ​ពិនិត្យ​លទ្ធភាព​នៃ​កម្រិត​ការ​ធ្វើ​តេស្ត​បច្ចុប្បន្ន​ និង​ការ​ធ្វើ​តេស្ត​ដែល​ត្រូវ​ការ​ចាំបាច់​ជាក់​ស្តែង។​ បញ្ហា​នេះ​កំពុង​ត្រូវ​បាន​គេ​ពិភាក្សា។
បើ​តាម​ក្រសួង​សុខាភិបាលការ​ធ្វើ​តេស្ត​សំណាក​នៅ​កម្ពុជា​សរុប​មាន​ចំនួន ​១១.៥៧៦ ​គិត​ចាប់​ពី​ខែ​មករា​ មក​ដល់​ថ្ងៃ​ទី ​២៦ ​ខែ​មេសា។ ​ កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន ​ក្រសួង​សុខាភិបាល​ប្រកាស​ថា​សំណាក​ដែល​បាន​ធ្វើ​តេស្ត​សរុប​មាន​ជាង ​៩.៧៩២។​ ដូច្នេះ​ប្រមាណ​មួយ​សប្តាហ៍​នេះ​ ក្រសួង​សុខាភិបាល​បាន​ធ្វើ​តេស្ត​សំណាក​ប្រមាណ​ ១.៧៨០។​ ក្នុង​ចំណោម​នោះ​មាន​មនុស្ស​ប្រមាណ​ ២.០០០​ នាក់​ជា​អ្នក​ដំណើរ​តាម​នាវា​ទេសចរណ៍​អន្តរជាតិ​ MS Westerdam​ និង​ World Dream​ ដែល​សុំ​ចូល​ចត​នៅ​ប្រទេស​កម្ពុជា។​
កាល​ពី​ថ្ងៃច័ន្ទ​សប្តាហ៍​មុន​ ​ក្រសួង​សុខា​ភិបាល​លើក​ឡើង​ថា​ក្នុង​រយៈ​ពេល ​៧​ថ្ងៃ​ ប្រទេស​កម្ពុជា​បាន​ធ្វើ​តេស្ត​ចំនួន​ ៨៨៣​ នាក់​ទោះ​បី​ជា​កម្ពុជា​មាន​លទ្ធភាព​ធ្វើ​តេស្ត​សំណាក​រហូត​ដល់ ៦០០ ​ក្នុង​មួយ​ថ្ងៃ​នៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ និង​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ក៏​ដោយ។​
លោកស្រី​វេជ្ជបណ្ឌិត​ Li Ailan ​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ (WHO) ​ប្រចាំ​នៅ​កម្ពុជាថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ ១៣ ​ខែ​មេសា​ថា ​អ្វី​ដែល​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​នេះ​ គឺ​ការ​ធ្វើ​តេស្ត​ហើយ​ធ្វើ​តេស្ត​ទៀត។​
ទោះ​បី​ជា​យ៉ាង​ណា​ លោកស្រី​បាន​លើក​សរសើរ​ការ​ខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្លង​ចំនួន​ ១២២ ​ករណី។​ លោក​ស្រី​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​បង្កើត​យុទ្ធ​សាស្ត្រ​ធ្វើ​តេស្ត​ខ្លួន​ឯង​ទៅ​មុខ​ទៀត​ ហើយ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដដែល​ ​ទោះ​មិន​មាន​ករណី​ឆ្លង​ថ្មី​ក្នុង​រយៈ​ពេល​ជាង ​២​ សប្តាហ៍​ចុង​ក្រោយ​នេះ​ក៏​ដោយ។​
កន្លង​ទៅ​ក្រសួង សុខាភិបាល​លើក​ឡើង​ថា​ ករណី​វិជ្ជមាន​ភាគ​ច្រើន​ជា​ករណី​នាំចូល​និង​ត្រូវ​ធ្វើ​តេស្ត​ចំពោះ​អ្នក​ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ពី​បរទេស​ និង​អ្នក​ជាប់​ទាក់​ទង​ស្និទ្ធ​បំផុត​របស់​ពួក​គេ។ ​បន្ទាប់​មក​ទៀត​ក៏​មាន​ករណី​កើន​ឡើង​ បន្ទាប់​ពី​ប្រជាជន​កម្ពុជា​បាន​វិល​ត្រឡប់​មក​ពី​ការ​ជួបជុំ​ពិធី​សាសនា​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​និង​ករណី​មួយ​ទៀត​ គឺ​ក្រុម​ទេសចរ​បារាំង​មួយ​ក្រុម​ ដែល​មាន​គ្នា​ជាង ​៣០​ នាក់​បាន​ធ្វើ​តេស្ត​វិជ្ជមាន​នៅ​ក្រុង​ព្រះ​សីហនុ​ បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប​ បាត់​ដំបង ​និង​ភ្នំពេញ។​
បន្ទាប់​ពី​មាន​ករណី​ថ្មី​ផ្សេងៗ​ទៀត​នៅ​ រាជធានីភ្នំពេញ​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ប៊ុនហេង​ បាន​លើក​ឡើង​ថា ​វា​ទំនង​ជា​មាន​ការ​ឆ្លង​តិចតួច​តាម​សហគមន៍​នៅ​ភ្នំពេញ។​ ប្រជាជន​ប្រមាណ​ ៤០​ នាក់​រស់​នៅ​សង្កាត់​បឹងកេងកង​១​ ត្រូវ​បាន​ធ្វើ​តេស្ត​ដែល​មាន​ការ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្តី​ប្រពន្ធ​ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វីរុស​កូរ៉ូណា។​
កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​លោក​ លី សូវ៉ាន់​ មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​តេស្ត​ប្រចាំ​សប្តាហ៍​បាន​ធ្លាក់​ចុះ​ ដោយសារ​តែ​ប្រទេស​កម្ពុជា​មិន​មាន​ករណី​ថ្មី​ទៀត។​
ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​ប្រមាណ ​៩ ​ម៉ឺន​នាក់​ដែល​បាន​វិល​ត្រឡប់​មក​វិញ​មាន​តែ ​៤១០​ នាក់​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុសកូរ៉ូណា​ ហើយ​ពួក​គេ​មាន​លទ្ធផល​អវិជ្ជមាន។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ លី សូវ៉ាន់​ ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ ​កាល​ពី​ថ្ងៃ​ច័ន្ទ។​
បន្ថែម​ពី​នេះ​ទៀត​ ក្រសួង​សុខាភិបាល និង​ក្រសួង​ការ​ងារ​បាន​ពិនិត្យ​សុខភាព​កម្មករ​កាត់​ដេរ​ជាង ​៥​ពាន់​នាក់ ហើយ​មាន​តែ​ ១១២​ នាក់​ប៉ុណ្ណោះ ត្រូវ​បាន​យក​សំណាក​ទៅ​ពិនិត្យ​រក​វីរុស​កូរ៉ូណា។ នេះ​បើ​តាម​មន្រ្តី​សុខាភិបាល។
ក្រសួង​សុខាភិបាល​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ទោះ​មិន​មាន​ករណី​ឆ្លង​ថ្មី​ក៏​ដោយ ខណៈ​ពលរដ្ឋ​ចាប់​ផ្តើម​ចេញ​ក្រៅធ្វើ​ដំណើរ​ ហើយ​ការ​រកស៊ី​មួយ​ចំនួន​ចាប់​ផ្តើម​បើក​ឡើង​វិញ។​
ត្រឡប់​មក​ស្រុក​បាទី​វិញ​ មណ្ឌល​សុខភាព​រវៀង​ មាន​អ្នក​ជំងឺ​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​បន្ទប់​ដែល​ពុំ​ឃើញ​មាន​គ្រូពេទ្យ​ ឬ​គិលានុបដ្ឋាយិកា​នោះ​ទេ។​ នៅ​អគារ​ខាង​ក្រោយ​នៃ​មណ្ឌល​សុខភាព​ នៅ​ច្រក​ចូល​មាន​ស្លាក​មួយ​ចង​នឹង​ខ្សែ​សរសេរ​ ដោយ​ដៃ​លើ​ក្រដាស​ស​ថា​ «ត្រូវពាក់​ម៉ាស​មុន​ចូល​ក្នុង​បរិវេណ​ខាង​ក្នុង»។​
លោក ​ជា ​ស្រេង ​ជា​ប្រធាន​មណ្ឌល​សុខភាព​នៅ​តាម​ផ្លូវ​ជាតិ​នេះ។​ លោក​ពាក់​ម៉ាស ​និង​កំពុង​អង្គុយ​ម្នាក់​ឯង​ក្នុង​បន្ទប់។​ លោក​ផ្តោត​លើ​គោល​ការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ មិន​ខុស​ពី​មិត្ត​រួមការងារ​របស់​គាត់​ នៅ​មណ្ឌល​សុខភាព​សំរោង​ទេ។​
លោក​បាន​ឈរ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ VOA​ នៅ​ខាង​ក្រៅ​បន្ទប់​ថា៖​ «យើង​មាន​គោល​ការណ៍​ណែនាំ​ដោយ​ក្រសួង​សុខា​ភិបាល​សម្រាប់​កូវីដ១៩។​ យើង​ពិនិត្យ​កម្តៅ​យើង​មើល​ថា គាត់​មាន​ឈឺ​បំពង់​ក​ឈឺ​ខ្លួន​ប្រាណ​ និង​ក្អក​កណ្តាស់» ឬ​ទេ។
ទោះ​ប្រជា​ពលរដ្ឋមាន​រោគ​សញ្ញា​ទាំង​នេះ​ក៏ដោយ​ ក៏​លោក ​ជា ​ស្រេង​ ប្រធាន​មណ្ឌល​សុខភាព​នេះ​ មាន​ប្រសាសន៍​ថា ​មណ្ឌល​សុខភាព​មិន​បាន​រាយ​ការណ៍​ទៅ​មន្ទីរ​សុខាភិបាល​ក្នុង​ខេត្ត​នោះ​ទេ​ ដោយសារ​ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ធ្វើ​សម្រាប់​តែ​អ្នក​ដែល​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ ជា​ពិសេស​ពលករ​ចំណាក​ស្រុក​ដែល​បាន​ត្រឡប់​ចូល​ប្រទេស​វិញ។​
លោក​បញ្ជាក់ថា៖​ «អ្នក​ក្នុង​ស្រុក​អត់​មាន​ការ​បម្លាស់​ទី​អី​ពី​បរទេស​ ឬ​ក៏​អី​ហ្នឹង​អា​ហ្នឹង​អត់​អី​ទេ ​គឺ​ផ្តាសាយ​ធម្មតា។​ បើ​អ្នក​ចំណាក​ស្រុក​មក​ ហើយ​សង្ស័យ​អាហ្នឹង​គួរ​តែ​ធ្វើ​តេស្ត​ដែរ។​ យើង​មិន​គួរ​ពិនិត្យ​ទេ​អ្នក​ស្រុក​ ដែល​គ្រាន់​តែ​ផ្តាសាយ​ធម្មតា​ទេ»។​
លោក​ ជា​ ស្រេង ​បញ្ជាក់​បន្ថែម​ថា៖​ «បើ​អ្នក​ចំណាក​ស្រុក​មក​ យើង​តាម​ដាន​កម្តៅ​ អ្នក​ក្តៅ​ខ្លួន​ក្អក​ផ្តាសាយ​អី​ពេល​គាត់​មក​មណ្ឌល​សុខភាព​យើង។​ បើ​អ្នក​នៅ​ក្នុង​ស្រុក​ យើង​គ្រាន់​តែ​រាយ​ការណ៍​ប្រចាំ​ខែ​ទេ។​ យើង​អត់​ទាន់​ឆោ​ឡោ​ជូន​មន្ទីរ[សុខាភិបាល​ខេត្ត]​ទេ»។​
ចំណែក​លោក​ ឆេង លី ​ប្រធាន​មណ្ឌល​សុខភាព​សំរោង​ មាន​ប្រសាសន៍​ថា ​គ្រូពេទ្យ​នឹង​ពិនិត្យ​អាការៈ​ពេល​ពលរដ្ឋ​ក្នុង​ស្រុក​ មក​ទទួល​សេវា​ពី​មណ្ឌល។​ ទោះ​ពលរដ្ឋ​ក្នុង​ស្រុក​មាន​អាការៈ​ស្រដៀង​នឹង​ជំងឺ​កូវីដ​ ប៉ុន្តែ​អាការៈ​ទាំង​នោះ​ត្រូវ​ចាត់​ទុក​ថា​ ជា​ជំងឺ​ផ្សេង​ទៀត។​ លោក​ឧទាហរណ៍​ថា ​ពេល​ប្រជា​ពលរដ្ឋ​មាន​អាការៈ​ក្អក​ នេះ​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ដូច​ជា​ជំងឺ​របេង។​ លោក​ ឆេង លី ​នឹង​សរសេរ​ជា​របាយ​ការណ៍​ផ្ញើ​ទៅ​មន្ទីរ​សុខាភិបាល​ ចុង​ខែ​នីមួយៗ។​
លោក​បញ្ជាក់​ថា៖ ​«មាន​អ្នក​មក​រាល់​ថ្ងៃ។​ ប្រហែល​៨​ទៅ ​១០​ មករាល់​ថ្ងៃ។​ ជាង ​១០​ ក្នុង​មួយ​ថៃ្ង ក្តៅ​ ក្អក​ ផ្តាសាយ​មក​ពី​គ្រប់​ទិស​ទី។​ គាត់​មិន​មក​ពី​បរទេស​ទេ។​ យើង​សួរ​ប្រវត្តិ​គាត់ ​យើង​សង្ស័យ​ថា​របេង​យើង​វៃថ្នាំ​ហ្នឹង​ទៅ។​ យើង​ធ្វើ​របាយ​ការណ៍​ជូន​ក្រសួង​សុខាភិបាល។​ ករណី​សង្ស័យ​ថា​ កូវីដ​ហ្នឹង​ យើង​មាន​ប្រវិត្ត​ជំងឺ​ច្បាស់​លាស់។ ​ឧបមាថា ​គាត់​មកពី​ម៉ាឡេស៊ី​អ៊ីចឹង​ យើង​សង្ស័យ​ថា​កូវីដ។​ យើង​រាយ​ការណ៍​វឹង​ អ៊ីចឹង​គេ​មក​យក​សំណាក​ដើម្បី​មើល»។​
កាល​ពី​ថ្ងៃ​ច័ន្ទ ​លោក ​លី សូវ៉ាន់​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន ​ថ្លែង​ថា​ កម្ពុជា​មាន​ប្រព័ន្ធ​តាម​ដាន​ជា​ប្រចាំ​លើ​ជំងឺ​ផ្តាសាយ​ និង​ជំងឺ​សួត​ដែល​លោក​ថា​មិន​មាន​ការ​កើន​ឡើង​ជំងឺ​សួត​គួរ​ឲ្យ​កត់​សម្គាល់ ​ត្រូវ​បាន​រាយ​ការណ៍​ពី​មណ្ឌល​សុខភាព​ ឬ​មន្ទីរ​ពេទ្យ​នៅ​ទូទាំង​ប្រទេស​នោះ​ទេ។​
លោក​មាន​ប្រសាសន៍​ថា៖​ «រហូត​មក​ដល់​ពេល​នេះ​យើង​អត់​ទាន់​ឃើញ​ថា​ ជំងឺ​រលាក​សួត​របស់​យើង​មាន​ការ​កើន​ឡើង​ខុស​ធម្មតា​នៅ​ឡើយ​ទេ។​ តាម​ទិន្នន័យ​ដែល​យើង​ពិគ្រោះ​ជំងឺ​ហ្នឹង​ក៏​អត់​មាន​ឃើញ​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។​ អ៊ីចឹង​មាន​ន័យ​ថា ​ទិន្នន័យ​ដែល​យើង​ប្រមូល​គ្រប់​ជ្រុង​ជ្រោយ​ហ្នឹង​បញ្ជាក់​ថា​ យើង​ពិត​ជា​គ្មាន​ករណី​ហ្នឹង[ឆ្លង​ថ្មី]​ នៅ​ក្នុង​ប្រទេស​របស់​យើង​ទេ»។​
នៅក្នុង​មណ្ឌល​សុខភាព​មួយ​ផ្សេង​ទៀត​ក្នុងខេត្ត​តាកែវ​ លោក​ស្រី ​គង់​ យុទ្ធាវី​ ប្រធាន​មណ្ឌល​សុខភាព​ជាន់​ជុំ​ បាន​ប្រាប់​វីអូអេ​ថា​ លោកស្រី​ស្នើ​ឲ្យ​អ្នក​ជំងឺ​ដែល​មក​ពិនិត្យ ​ហើយ​មាន​ជំងឺ​ផ្តាសាយ​ធម្មតា​ត្រូវ​តាម​ដាន​រោគ​សញ្ញា​របស់​ពួក​គេ ​និង​ត្រឡប់​ទៅ​ជួប​គ្រូពេទ្យ​ម្តង​ទៀត​ ប្រសិន​អាការៈ​នៅ​មិន​ទាន់​ប្រសើរ។​
ទោះជា​យ៉ាង​ណា​ លោក​ស្រី​នៅតែ​យក​ចិត្ត​ទុក​ដាក់​លើ​ករណី​ដែល​ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស​ ហើយ​លោក​ស្រី​ក៏​យល់​ស្រប​ដែល​ថា ​អាច​មាន​ករណី​ឆ្លង​តាម​សហគមន៍​ពី​តំបន់​ងាយ​រងគ្រោះ​ក្នុង​ប្រទេស។​
លោក​ស្រី​ប្រាប់ ​VOA ​តាម​ទូរស័ព្ទ​ថា៖​« គាត់​មក​ ជួន​កាល​ មាន​១​ថ្ងៃ​ដប់​នាក់ ​… បួន​ប្រាំ​នាក់ …​ បួន​ដប់​នាក់​អ៊ីចឹង​ តាម​ដែល​គាត់​មក​ទទួល​សេវា​អ៊ីចឹង។​ ក៏​ប៉ុន្តែ ​គ្រាន់​ថា ​ពេល​ដែល​មក ​គឺ​ខ្ញុំ​សួរ​ទាក់​ទង​តំបន់​ដែល​គាត់​មក​ពី​ខាង​ណា។​ ឧទាហរណ៍​បើ​សិន​ជា​គាត់​នៅ​ស្រុក​ខ្មែរ​យើង ​ប៉ុន្តែ​គាត់​មក​ពី​កំពង់​សោម អាហ្នឹង​ករណី​សង្ស័យ ​អាហ្នឹង​មក​ពី​កំពង់សោម​ ក៏​ជា​តំបន់​ផ្ទុះ​ដែរ​អ៊ីចឹង​ ខ្ញុំ​ជូន ​ខ្ញុំ​ជូន​គាត់​ទៅ​យក​សំណាក​ហ្នឹង​ដែរ​ ដោយ​សារ​មន្ទីរ​ពេទ្យ​របស់​ខ្ញុំ​ជាប់​ហ្នឹង​មន្ទីរ​ពេទ្យ​បង្អែក»៕
ពលករចំណាកស្រុកពីប្រទេសថៃ​ប្រឈម​អត់​ការងារ​ធ្វើ​និង​​ជំពាក់​បំណុល​គេ ក្រោយ​វិល​ត្រឡប់​មក​ស្រុក​កំណើត
លោក មិន ​សារុន​ និង​ អ្នកស្រី នាង​ ចន្ទ្រា​ ដែល​ត្រូវ​ជាប្តី​ប្រពន្ធ ​បាន​មក​ដល់​ច្រក​អន្តរជាតិ​ភូមិ​ឡែម​ ខេត្ត​ចាន់​ថាបូរី ​ប្រទេស​ថៃ ​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​មេសា ​ដើម្បី​មក​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ។ ពួក​គាត់​ត្រឡប់​មក​វិញ​ក្នុង​គោល​បំណង​ទៅ​មើល​ម្តាយ​ដែល​កំពុង​សម្រាក​ឈឺ​នៅ​ផ្ទះ ​ ​ប៉ុន្តែ​ពួក​គាត់​មិន​អាច​ឆ្លង​តាម​ច្រក​នេះ​បាន​ទេ ​ ដោយសារ​អាជ្ញាធរ​ថៃ​បាន​បិទ​ច្រក​ព្រំដែន​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូរ៉ូណា។​ដើម្បី​ឆ្លង​មក​បាន​ពួក​គាត់​ត្រូវ​ដើរ​ក្នុង​ព្រៃ​ ប្រហែល​៣​គីឡូម៉ែត្រ ​ហើយ​ត្រូវ​ចំណាយ​ថ្លៃ​ការ​ធ្វើ​ដំណើរ​ជាង​៩០​ដុល្លារ​ដើម្បី​ទៅ​មក​ដល់​ទឹកដី​ខ្មែរ។​
លោក​មិន សារុន ​បាន​ថ្លែង​ប្រាប់​VOA​នៅ​ផ្ទះ​របស់​លោក​ក្នុង​ខេត្ត​តាកែវ​ថា៖ ​«គេ​បិទ​ផ្លូវ ​ ប៉ុន្តែ​ឡាន​គេ​ជូន​មក​តាម​ផ្លូវ ​កាត់។​ អ៊ីចឹង​យើង​ត្រូវ​ចំណាយ​លុយ​ច្រើន​ដែរ។ ​យើង​ដើរ​ប្រហែល​៣​គីឡូម៉ែត្រ​ ចេញ​១៥០០​បាត​ក្នុង​មួយ​នាក់»។​
លោក​បន្ថែម៖​ «ទាហាន​នៅ​ជាយ​ដែន​ពិនិត្យ​ខ្ញុំ​៣​ដង​សរសេរ​ក្រដាស​ពេទ្យ ​ពិនិត្យ​ម៉ាស្អាត​បាន​គេ​ឲ្យ​មក ​ប្រហែល​ជា៣​ម៉ោង ។​ យើង​ជិះឡាន ។ ​ក្មួយ​ទៅ​យក។ ​យើង​ជិះ​៥​នាក់​ទាំង​តៃកុង​អត់​យក​ពីណា​មក​ចូល​ទៀត​ទេ​ សុទ្ធ​តែ​បង​ប្អូន​ឯង»។​
លោក ​មិន​ សារុន ​និង​អ្នកស្រី ​នាង ​ចន្ទ្រា ​ជា​ពលករ​ក្នុង​ចំណោម​ពលករ​ខ្មែរ​ចំណាក​ស្រុក​មក​ពី​ថៃ ​ប្រមាណ​៩​ម៉ឺន​នាក់ ​ដែល​បាន​ប្រញាប់​វិល​មក​ស្រុក​កំណើត​វិញ ​កាល​ពី​ចុង​ខែ​មីនា​ ដើម្បី​ចៀស​វាង​ជាប់​ក្នុង​ប្រទេស​ថៃ ​ដែល​រដ្ឋាភិបាល​ប្រកាស​បិទ​ច្រក​ព្រំដែន​ដើម្បី​ទប់​ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩។​
កាល​ពី​ថ្ងៃ​ទី​៧​ខែ​មេសា​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ ស ខេង​ បាន​ថ្លែង​ថា​ ​ ពលករ​ខ្មែរ​រាប់​ពាន់​នាក់​បាន​សម្រុក​មក​ប្រទេស​កម្ពុជា​វិញ​ ហើយ​អាជ្ញាធរ​កម្ពុជា​នៅ​តាម​ច្រក​មិន​អាច​ពិនិត្យ​សុខភាព​កម្មករ​ទាំង​អស់​បាន​ទេ។​
ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​មួយ​លាន​២០​ម៉ឺន​នាក់​កំពុង​រស់​នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ហើយ​រដ្ឋាភិបាល​កម្ពុជា​ប៉ាន់​ប្រមាណ​ថា ពួកគេ​ច្រើន​គួរ​សម​គឺ​ជា​ពលករ​មិន​ស្រប​ច្បាប់។​
របាយ​ការណ៍​របស់​អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរ​ជាតិ​(IOM)​ឆ្នាំ​២០១៩ ​ឲ្យ​បាន​ដឹង​ថាមួយ​ភាគ​បី​នៃ​ពលករ​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​គេ​សាកសួរ​ព័ត៌មាន ​គឺ​ពុំមាន​ការងារ​ធ្វើក្នុង​ស្រុក ​ទេ​ មុន​ពេល​ពួក​គេ​ចេញ​ពី​កម្ពុជា ​ហើយ​ជិត​ពាក់​កណ្តាល ​គឺ​គ្មាន​ចំណូល​និង​ប្រហែល​ពីរ​ភាគ​បី​បាន​សម្រេច​ចិត្ត​ទៅ​ប្រទេស​ថៃ​ស្វែង​រក​ការងារ​ ដោយសារ​ពុំ​មាន​ឱកាស​ការងារ​នៅ​ក្នុង​ស្រុក​ និង​ដោយសារ​ចង់​បាន​ចំណូល​ប្រសើរ​ជាង​មុន។ ​ របាយ​ការណ៍​បង្ហាញ​ថា ​ ចំនួន​ពាក់​កណ្តាល​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្ភាស​ ​បាន​ផ្ញើ​ប្រាក់​ត្រឡប់​ទៅស្រុក​ដល់ទៅ​១២២៨​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​ ហើយ​ថា​ប្រាក់​ទាំង​នេះ​ គឺជា​ប្រាក់​ចំណូល​ចម្បង​សម្រាប់​ទំនុក​បម្រុង​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​ ឬក៏​ដើម្បី​ប្រើប្រាស់​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ឡើង។​
លោក ​មិន ​សារុន​ និង​ អ្នកស្រី ​នាង​ ចន្ទ្រា​កំពុង​អង្គុយ​នៅ​ក្រោម​ផ្ទះ​ពេល​ដែល​អ្នក​សារព័​ត៌មាន​VOA​បានចុះ​សម្ភាសជាមួយ​ពួក​គាត់​នៅ​ក្នុង​ស្រុក​បាទី ​ខេត្ត​តាកែវ​ហើយ​វា​គឺជា​ថ្ងៃ​ទីបី​នៃការ​រស់​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ​របស់​ពួក​គាត់។​ ប្តី​ប្រពន្ធ​ទាំង​ពីរ​មាន​ផ្ទះ​សមរម្យ​ ផ្ទះ​ពីរ​ទន្ទឹម​គ្នា។ ​ ផ្ទះ​មួយ​ធ្វើ​ពី​ឈើ​ នៅ​ចំកណ្តាល​ដី​ភូមិ។​ ម្តាយ​របស់​ពួក​គាត់​និង​កូន​ប្រុស​របស់​ពួក​គាត់​បាន​ទៅ​រស់​នៅ​ផ្ទះ​សាច់​ញាតិ​បណ្តោះ​អាសន្ន។​ ​ពួក​គាត់​សម្រាក​នៅ​ខាង​ក្រោម​ផ្ទះ​ថ្ម​បែង​ចែក​ដាច់​ពីគ្នា​ដោយ​កំណាត់​វាំង​នន។​
អ្នក​ស្រី​ នាង ​ចន្ទ្រា ​ប្រាប់​ឲ្យ​ដឹង​ថា ​មន្ត្រី​សុខាភិបាល​បាន​ចុះ​មក​ពិនិត្យ​សុខភាព​នៅ​ផ្ទះ​របស់​គាត់​នៅ​ថ្ងៃ​ដំបូង​ ចំនួន​បី​ដង​ដោយ​មន្ត្រី​បាន​ពិនិត្យ​មើល​ កំដៅ​ឬ​និង​អាការៈ​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩​ហើយ​ការណែនាំ​របស់​គេ​សង្កត់​ធ្ងន់​គឺ​ឲ្យ​ពួកគាត់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។​
អ្នកស្រី ​នាង​ ចន្ទ្រា ​បន្ត​ថា៖​ «យើង​អត់​បាន​ជួប​គាត់។ ​អ្នក​ភូមិ​គេ​អត់​ហ៊ាន​សួរ​សុខ​ទុក្ខ​យើង»។​
សម្រាប់ ​លោក​ មិន ​សារុន ​ ​ការ​ធ្វើ​ដំណើរ​ដ៏​ប្រថុយ​ប្រថាន ​និង​ការ​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​គឺ​សំខាន់​ ដោយសារ​ត្រូវ​ទៅ​ថែ​ទាំម្តាយ​កំពុង​មាន​ជំងឺ។​
លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​គិត​ថា​ ល្អ​ បើ​ខ្ញុំ​នៅ​នោះ​មាន​លុយ​ផ្ញើ​ឲ្យ​គាត់​ គឺ​ល្អ។​ ប៉ុន្តែ​ដោយ​សារ​គាត់​ឈឺ​ គ្មាន​អ្នក​ណា​ថែ​គាត់​ គឺ​មិនល្អ​សម្រាប់​ខ្ញុំ​ទេ។​ម្តាយ​ខ្ញុំ​ឈឺ​នៅ​ផ្ទះ​គ្នាន​អ្នក​ណា​ថែ​គាត់ ​អ៊ីចឹង​ខ្ញុំ​ត្រូវ​តែ​មក​វិញ​ដើម្បី​ថែ​គាត់ ។ទោះ​បី​អត់​លុយ​មាន​លុយ​ក៏​ដោយ​ ខ្ញុំ​ត្រូវ​តែ​មក»។​
ពេល​ធ្វើការ​នៅ​រោងចក្រ​សាច់​មាន់ ​នៅ​ប្រទេស​ថៃ​តាំង​ពី​ចុង​ឆ្នាំ​២០១៧​មក​នោះ ​ប្តី​ប្រពន្ធ​នេះ​រក​ប្រាក់​ចំណូល​បាន ​ប្រមាណ​៤៣០​ដុល្លារ​ក្នុង​មួយ​ខែ។ ​ពួក​គាត់​ត្រូវ​ផ្ញើ​ទៅផ្ទះ​ប្រមាណ​១៥០​ដុល្លារ​ក្នុង​មួយ​ខែ ​និង​បង់ការ​ប្រាក់​៦១​ដុល្លារ​សម្រាប់​បំណុលប្រមាណ​២​ពាន់​ដុល្លារ​ ដែល​ពួក​គាត់​បាន​ខ្ចី​ពី​ឈ្មួញ​ចង​ការ​ប្រាក់​កាល​ពី​ពីរ​បី​ឆ្នាំ​មុន។ ពួក​គាត់​បាន​យក​ប្រាក់​នោះ​ដើម្បី​ចំណាយ​ធ្វើ​លិខិត​ឆ្លង​ដែន​ និង​ការ​ត្រៀម​រៀបចំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ។​
បើ​ទោះ​បី​ជា​បាន​មក​ដល់​ផ្ទះ​និង​បាន​ជួបជុំ​គ្រួសារ​ក៏​ដោយ ក៏​ពួក​គាត់​ទាំង​ពីរ​នាក់​មាន​ក្តី​សង្ឈឹម​បន្តិច​បន្តួច​ប៉ុណ្ណោះ​សម្រាប់​ពីរ​បី​ខែ​ខាងមុខ​នៅ​ពេល​ពួកគេ​បញ្ចប់​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​របស់​ពួក​គេ។​ លោក ​មិន សារុន​ មាន​ក្តី​បារម្ភ​ក្នុង​ការ​ស្វែង​រក​ការងារ​ដែល​ជាមូលហេតុ​ជំរុញ​ឲ្យ​គាត់​ធ្វើ​ចំណាក​ស្រុក តាំង​ពី​ដំបូង​មក។​ លោក​ មិន​ សារុន​បាន​សុំ​ឲ្យ​បង​ប្រុស​របស់​គាត់​ជួយ​បង់​ប្រាក់​ជំពាក់​គេ​ក្នុង​ខែ​មេសា។​
លោក​មាន​ប្រសាសន៍​ថា៖ ​«ពិបាក​ដោយ​សារ​ពេល​យើង​មក​ផ្ទះ​ វា​អត់ទាន់​មាន​ការងារ​ច្បាស់​លាស់ ​ដែល​យើង​ត្រូវ​ធ្វើ ​ដោះស្រាយ​ទៅ​មុខ​ទៀត​ហើយ​មក​បង្ខាំង​អ៊ីចឹង​ទៀត ​វា​ពិបាក​បណ្តោយ។​ វា​រក​ដំណោះ​ស្រាយ​មិន​ចេញ បើ​ពីរបី​ខែ​ទៀត»។​
ឈ្មួញ​ចង​ការ​ប្រាក់​ឯកជន​ក្នុង​ភូមិ​ ដែល​មិន​បាន​ចុះ​ឈ្មោះ​ផ្លូវការ​ត្រឹមត្រូវ​និង​គ្មាន​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ច្បាប់ ​គឺ​ជា​ប្រភព​កម្ចី​ដែល​មាន​ការ​ប្រាក់​ខ្ពស់​សម្រាប់​ប្រជា​ជន​កម្ពុជា​បើ​ទោះ​បី​ ​មាន​ការ​រីក​ដុះដាល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ក៏​ដោយ។​
ខណៈ​ពេល​ដែល​ឈ្មួញ​ចង​ការ​ប្រាក់​ឯកជន​ គឺ​ជា​ប្រភព​កម្ចី​នោះរបាយ​ការណ៍​ឆ្នាំ​២០១៥​របស់​អង្គការ​សហ​ប្រតិបត្តិការ​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ បាន​ចង្អុល​បង្ហាញ​ថា​ ប្រហែល​ជា​ប្រជាជន​ទៅ​ខ្ចី​លុយ​ពី​ក្រុម​ឈ្មួញ​ចង​ការ​ប្រាក់​ឯកជន​ដើម្បី​យក​ទៅ​បង់​ការ​ប្រាក់​បន្ថែម​ឲ្យ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ ជា​ហេតុ​ធ្វើឲ្យ​ការ​ប្រាក់​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ស្ថិត​ក្នុង​កម្រិត​ទាប។​
កាល​ពី​ឆ្នាំ​មុន​អង្គការ​លីកាដូ ​និង​សមាគម​ធាង​ត្នោត ​បាន​បញ្ចេញ​របាយ​ការណ៍​ដែល​បាន​ឆ្លុះ​បញ្ចាំង​ការ​រំលោភ​បំពាន​សិទ្ធិ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ ​ជាពិសេស ​សិទិ្ធ​កាន់​កាប់​ដី ​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​បង្ខំ ​និង​ការ​ជួញដូរ​កម្លាំង​ពលកម្ម​កុមារ។​
ករណី​សិក្សា​នៅ​ក្នុង​របាយ​ការណ៍​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ពលរដ្ឋ​ដែល​ត្រូវ​បាន​សម្ភាស​បាន​ប្រើប្រាស់​កម្ចី​ពី​ឈ្មួញ​ចងការ​ប្រាក់​ឯកជន ​ដើម្បី​សង​ការ​ប្រាក់​តម្កល់​របស់​មីក្រូ​ហិរញ្ញ​វត្ថុ។​
ត្រឡប់​ទៅ​ស្រុក​បាទី ​ខេត្ត​តាកែវ​វិញ ​ ពលរដ្ឋ​ផ្សេង​ទៀត ​ដូច​ជា​អ្នក​ស្រី សៀង ណារ័ត្ន ​និង​ស្វាមី​ឈ្មោះ​សេង​ វ៉ា ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​កាល​ពីថ្ងៃ​២៤ ​ខែ​មីនា​ ចំ​ពេល​ដែល​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​បិទ។​
ពួក​គេ​និង​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ទៀត​ដែល​មាន​បំណង​ត្រឡប់​ទៅ​ស្រុក​កំណើត​បាន​ជាប់​នៅ​ក្នុង​ប្រទេស​ថៃ។ ​ ក្រោយ​ពី​ការ​ពិនិត្យ​សុខភាព​ជា​ច្រើន​សារ​របស់​អាជ្ញាធរ​ថៃ និង​កម្ពុជា ​ ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​បាន​ឆ្លងផុត​ព្រំប្រទល់​ចូល​មក​កម្ពុជា​ ហើយ​បាន​ជួល​រថយន្ត​ឈ្នួល​ជិះ​ទៅ​ផ្ទះ​ភ្លាមៗ។​
មក​ដល់​ផ្ទះ​ អ្នក​ស្រី​សៀង ណារ័តុ្ន ​បាន​និយាយ​ថា ​ ប៉ូលិស​រួមមាន​ប្រធាន​ភូមិ ​និង​បុគ្គលិក​សុខាភិបាល​បាន​ចុះ​មក​ចាំ​ដល់​ផ្ទះ​របស់​ស្រី​ធ្វើ​ឲ្យ​អ្នកភូមិ​មាន​ការ​ភ្ញាក់​ផ្អើល។
អ្នក​ស្រី​បញ្ជាក់​ថា៖ ​«យើង​មក​ដល់​ផ្ទះ​ប្រហែល​ម៉ោង​៧។ ​គ្រាន់តែ​មកដល់​ ទាំង​ប៉ូលិស​ទាំង​ប្រធាន​ភូមិ​ អី​ គេមក​ពិនិត្យ​យើង។​ ពេល​ព្រលឹម​ឡើង​គេ​មក​ភ្លាម​ចូល​ផ្អើល​ពេញ​ភូមិ។ ​គេ​ផ្អើល​គេ​ខ្លាច​យើង។ ​គេ​ផ្អើល​ថា ​ ខាង​ថៃ​ ​គេ​កើត​ច្រើន»។​
ទើប​តែ​បញ្ចប់​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ ​ អ្នក​ស្រី សេង ណារ័ត្ន ​បាន​ប្រាប់​ថា​គាត់​និង​ស្វាមី ​មិន​មែន​ត្រឡប់​មក ​ដោយ​សារ​ការ​ខ្លាច​វីរុស​កូរ៉ូណា​នោះ​ទេ។ ពួក​គេ​មាន​បំណង​មក​លេង​កូន​ប្រុស​និង​មកលេង​ស្រុក​កំណើត ​មុន​ចូល​ឆ្នាំ​ខ្មែរ​ និង​ជួបជុំ​ក្រុម​គ្រួសារ​ មុន​ពេល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ​នា​ចុង​ខែ​មេសា។​
អ្នកស្រី​ធ្លាប់​ធ្វើ​ការងារ​រោងចក្រ​កាត់ដេរ​ក្នុង​ប្រទេស​កម្ពុជា ​មុន​ពេល​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ​ដោយទទួល​បាន​ប្រាក់​ខែ ​ប្រហែល​២០០​ដុល្លារ។ ​ អ្នកស្រី ​សៀង ណារ័ត្ន ​ចង់​បាន​ជីវិត​ប្រសើរ​ឲ្យ​កូន​ប្រុស​អាយុ​បី​ឆ្នាំ​របស់​គាត់ ​ ​ហេតុ​នេះ​ហើយ​បានជា​អ្នកស្រី​បាន​សម្រេច​ចិត្ត​ខ្ចី​លុយ​ពី​ឈ្មួញ​ចង​ការ​ ដើម្បី​ចំណាយ​ថ្លៃ​ឯកសារ​ និង​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ។ ​ កម្ចី​នេះ ​អ្នកស្រី​អាច​យក​បាន​ដោយ​មិន​ចាំ​បាច់ដាក់​ប្លង់​ដី​នោះ​ទេ។​
នៅ​ក្នុងប្រទេស​ថៃ​ អ្នក​ស្រី ​សៀង ណារ័ត្ននិង​ស្វាមី ​អាច​រក​ចំណូល​រួម​គ្នា ​បាន​ប្រហែល​៩២០​ដុល្លារ​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ត្រូវ​ផ្ញើ​ទៅ​ផ្ទះ​សង​លុយ​គេ​ប្រហែល​១០០​ដុល្លារ​ក្នុង​មួយ​ខែ ។​
ស្វាមី​របស់​អ្នកស្រី ​គឺ​លោក​ សេង វ៉ា ​ក៏​បាន​ប្រាប់​ថា​ ពួក​គេ​បាន​បង់​សង​គេ​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ ​ និង​នៅ​ជំពាក់​ប្រាក់​ឈ្មួញ​ប្រហែល​១០០០​ដុល្លារ​ទៀត។ ​ ការ​ត្រឡប់​មក​ជួប​កូន​និង​គ្រួសារ​ក្នុង​ ឱកាស​ចូល​ឆ្នាំ ​បាន​ធ្វើឲ្យ​ប្តី​ប្រពន្ធ​ទាំង​ពីរ ​ត្រូវ​ជួប​នូវ​សុបិន​អាក្រក់ ​ទាក់ទង​នឹង​បញ្ហា​ថវិកា។​
លោក​បញ្ជាក់​ថា៖​ «យើង​ពិបាក។​យើង​មកដល់​នេះ​ យើង​ទៅ​រក​ការងារ​ធ្វើ ​ ក៏​វា​ពិបាក។​យើង​មក​ដល់​នេះ ​ អ្នក​ភូមិ​គេ​មិន​ហ៊ាន​មក​ក្បែរ​យើង។​ អត់​ទាន់​ដឹង​ថា….ព្រោះ​អត់​មាន​ការងារ​ធ្វើ​ផង​ ថា​ទៅ​វិញ​ហ្នឹង​ ថា ធ្វើការ​បាន​ផ្ញើ​លុយ​ទៅ​ឲ្យ​គេ ​… មាន​លុយ​បង់​ឲ្យ​គេ​…. ​ព្រោះ​តែ​អត់​មាន​ការងារ​ធ្វើ​ យើង​បារម្ភ»។​
ដោយ​មាន​ទឹក​មុខ​ក្រៀមក្រំ ​ដោយ​មិន​បាន​នៅ​ស្និទ្ធ​ស្នាល​ជាមួយ​កូន​ប្រុស​រយៈ​ពេល​១៤​ថ្ងៃ អ្នកស្រី ​សៀង ណារ័ត្ន ​មាន​ប្រសាសន៍​ថា៖​« គ្រាន់​ចុះ​មក​វិញ ​បាញ់​អាល់កុល ​ហើយ​លាងដៃ ​លាង​ជើង​ ហើយ​ឱប​កូន​ភ្លាម​ហ្មង»។
លោក ​ឃុន ​ថារ៉ូ ​មន្ត្រី​សម្រប​សម្រួល​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​(CENTRAL)​បាន​និយាយ​ថា​ ដោយសារ​តែ​ ប្រឈម​មុខ​នឹង​បំណុល​ដ៏​ច្រើន ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ ពិត​ជា​ងាយ​រងគ្រោះ ​ អំឡុង​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ដោយ​សារ​វីរុស​កូរ៉ូណា។
លោក​បាន​ថ្លែង​ប្រាប់​VOA​ថា ​នេះ​គឺ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​ដោយ​សារ​រដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​សារ​ពើពន្ធ ​គោល​នយោយ​បាយ​គាំទ្រ​សង្គម ​ដូចជា​ទទួល​បាន​អត្ថ​ប្រយោជន៍​ពេល​កម្មករ​អត់​ការងារ ​ដើម្បី​ប៉ះប៉ូវ​ក្នុង​គ្រា​មាន​ផល​ប៉ះពាល់​ដោយ​សេដ្ឋកិច្ច​ដែល​កម្មករ​ជួប​នៅ​អំឡុង​ប៉ុន្មានខែ​ខាង​មុខ​នេះ។​
លោក​បន្ថែម​ថា៖ «ពលករ​ចំណាក​ស្រុក​កម្ពុជា​ដែល​បាន​ត្រឡប់​មក​សហគមន៍​របស់​ពួក​គេ​វិញ​ ឬ​ក៏​មាន​គម្រោង​នឹង​ត្រឡប់​មក​វិញ ​ពួកគាត់​ គឺ​មានភាព​ងាយ​រងគ្រោះ​ខ្លួន​ឯង​ផ្ទាល់​ប៉ះពាល់​គ្រួសារ​គាត់​ និង​សហគមន៍​ ហើយ​អត់​មាន​សេវា​សង្គម​ដើម្បី​ជួយ​ពួក​គេ​ទេ»។​
លោក​ អ៊ូច ភា​ អភិបាល​ខេត្ត​តាកែវ​ មាន​ប្រសាសន៍​ថា​ រដ្ឋបាល​ខេត្ត​បាន​ជួយ​សម្រួល​ប្រជា​ពលរដ្ឋខ្មែរ​ត្រឡប់​មកពី​ថៃ ​ហើយ​បានចុះ​អប់រំ​ពលរដ្ឋ។​
លោក​មាន​ប្រសាសន៍​ថា៖​ «យើង​មាន​ការ​បារម្ភ ​ដូច្នេះ​ហើយ​បាន​យើង​ចុះ​អប់រំ​បងប្អូន​កម្មករ​តាម​រយៈ​ការ​ប្រើប្រាស់​ផ្ទាំង​រូបភាពសារ​ ការ​អប់រំ ប្រើប្រាស់​វិទ្យុ​ និង​ការ​ប្រើប្រាស់​ឧបករណ៍​មេក្រូ​ចល័ត​ចាក់ ​ដោយ​សារ​យើង​ឃើញ​ថា​ គាត់​នៅ​តែ​បន្ត​ត្រឡប់​មក​ពី​ថៃវិ​ញ»។​
ត្រឡប់​មក​លោក​ មិន​ សារុន​ នៅ​ផ្ទះ​របស់​គាត់​នៅស្រុក​បាទី ខេត្ត​តាកែវ ។​ ពួក​គាត់​កំពុង​ទន្ទឹង​រង់ចាំ​ការ​បញ្ចប់​ការ​ដាក់​រស់​នៅ​ដាច់​ដោយ​ឡែក ​ដើម្បី​បាន​រស់​នៅ​ជុំ​ជាមួយ​គ្រួសារ​ និង​កូន ​ហើយ​ទោះ​បី​ជាយ៉ាង​ណា​ពួកគេ​រីករាយ​ត្រឡប់​មក​រស់​នៅ​ជុំ​គ្នា​វិញ​ទោះបី​មាន​ការ​រំខាន​ក្តី។ ​ទោះជា​យ៉ាងណា​ លោក​ មិន សារុន ​នៅតែ​បារម្ភ​ពុំ​មាន​ប្រាក់​៦១​ដុល្លារ​សម្រាប់​សង​គេ​ ដែល​វា​ក៏​អាច​ផ្តល់​ការ​លំបាក​ដល់​គ្រួសារ​គាត់​ផង​ដែរ។​
លោក​បញ្ជាក់​ថា៖​«តិចច្រើន​សំខាន់​បាន​នៅ​ជិត​កូន​ នៅ​នេះ​ក៏ល្អ​ម្យ៉ាង។ ​សំខាន់​យើង​មាន​ការងារ​ចិញ្ចឹម​កូន​យើង​បាន។​យើង​នៅ​នេះ​វិញ​ ល្អ​ជាង​តែ​បើ​សិន​ខ្ញុំ​នៅ​នេះ ​រក​ការងារ​អត់​បាន….»។​
លោក​បន្ថែម​ថា៖ ​«ឈប់​ទៅ​ហើយ! ម៉ែ​ពិបាក​អ៊ីចឹងព្រោះ​ថា​ ម៉ែ​កាន់​តែ​ចាស់ ។ ​ហើយ​កូន​គាត់​អត់​មាន​អ្នក​មើល»៕​
វីរុសកូរ៉ូណានៅកម្ពុជាបង្កការប៉ះទង្គិច​ពាក្យ​សម្ដី​លើ​សហគមន៍​ឥស្លាម
​ប៉ុន្តែពួក​គេចាប់ផ្តើមមានជម្លោះពាក្យសម្តីជាមួយគ្នា ​ក្រោយពេលក្រសួង​សុខាភិបាលបានប្រកាស​ថា ​មាន​ឥស្លាម​សាសនិកកម្ពុជា ​ដែលត្រឡប់ពី​ការ​ប្រារព្ធ​ពិធី​បួងសួង​តាម​បែប​សាសនានៅប្រទេស​ម៉ាឡេស៊ី ឆ្លងវីរុស​កូរ៉ូណា។​ ​នេះជាការប្រកាសឆ្លងទ្រង់ទ្រាយធំមួយ​នៅកម្ពុជា ​ដែលនាំឲ្យមានការព្រួយបារម្ភថា នឹងចម្លងទៅប្រជាជនផ្សេងទៀត។​
​ក្នុងសេចក្តីប្រកាសព័ត៌មាននោះ​ ​ក្រសួងសុខាភិបាល​បានបង្ហាញអត្ត​សញ្ញាណ​នៃ​អ្នកដែល​ឆ្លង ​ដោយ​មាន​ការបែងចែកថា «ខ្មែរ»​និង​«ខ្មែរឥស្លាម»។ នេះជា​ការបង្ហាញជាក់​ច្បាស់​លើ​បណ្ដា​ឥស្លាម​សាសនិក​នៅកម្ពុជា ​និង​ដំណើរ​រឿង​រ៉ាវ​ទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ មាន​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដីមិនសមរម្យតាម​រយៈបណ្ដាញទំនាក់​ទំនង​សង្គម​ ​មក​លើ​សាសនា​ឥស្លាម ​បណ្ដា​ជន​ឥស្លាម​សាសនិក ​និង​មក​លើ​សហគមន៍​ជនជាតិ​ចាម​តែ​ម្ដង។​
ឃើញ​ដូច្នេះ​នាំ​ឱ្យ​អ្នកស្រី ​សារ៉ោះ ​អាប់ឌុលឡោះ ​ហាក់​មាន​អារម្មណ៍​តូច​ចិត្ត ​ហើយ​ព្រលយពាក្យ​ពេចន៍​ឮៗ ខណៈអ្នកស្រី​កំពុង​លក់​នៅ​ឯ​ផ្សារ។ ​វានាំ​ឱ្យ​កើត​ក្ដី​មិន​យល់​ស្រប​គ្នា ​យល់​ច្រឡំ ​និង​នាំ​ទៅដ​ល់​ជម្លោះពាក្យ​សម្ដី​ជាមួយអ្នកស្រី ​ហម ​ស្រីម៉ុម កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​កន្លង​ទៅ។
​ដោយ​មាន​ក្រមា​ទទូល​គ្រប​ក្បាល ​និង​កន្សែង​រុំ​មុខ​ជិត ​អ្នកស្រី ​សារ៉ោះ ​អាប់ឌុលឡោះ ​បានប្រាប់​ VOA ថា៖​ ​«ខ្ញុំ​អ្នក​ថា​ ចំពោះ​អ្នក​និយាយ​ទេ។ ​ខ្ញុំ​ថា ​ម៉េច​បាន​ចាំ​បាច់​ដៀល​បង​ប្អូន​ឥស្លាម​អ៊ីចឹង? អត់​ត្រូវ​ដៀល​ទេ ​ហើយ​អត់​ត្រូវ​ឆ្អើមខ្ពើម​គ្នាទេ ព្រោះ​អី​គេ​ម្នាក់ៗ គេ​ខ្លាច​រៀងៗ​ខ្លួន។ ​គេ​ការ​ពារ​រៀង​ខ្លួន។ ​ចេះ​តែ​ថា បង​ប្អូន​ខ្មែរ​ឥស្លាម​នេះ​នាំរោគ​មកចូល​ស្រុក​ខ្មែរ​ ខ្ញុំ​ក៏​ខឹង​ទៅ។​ ខ្ញុំ​ក៏​ថា ​ឱ្យ​គេ​អ្នក​និយាយ តែ​អ្នក​អត់​និយាយ​ហ្នឹង​ ​គេ​ត​មក​ ក៏​កើត​ការ​ប្រកែក​គ្នា ​មួយ​ម៉ាត់​ពីរម៉ាត់​ក្នុង​ផ្សារ​ហ្នឹងទៅ ​ចាស៎!»។
​រំលង​គ្នា​តែ​មួយ​តូប ​និង​ស្ថិត​នៅ​តែ​ចម្ងាយ​ប្រមាណ​បី​ម៉ែត្រ​ពីគ្នា ​ក្នុង​ផ្សារ​ទួល​សង្កែ ​ដែល​អ្នក​ដើរ​ទិញឥវ៉ាន់នៅ​តែ​ធ្វើដំណើរទៅមក​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​ហែង ​អ្នកស្រី ​ហម ​ស្រីម៉ុម ​បាន​ប្រាប់​ VOA​ ថា៖ ​«ទៅ​មិនបាច់ប្រកាន់​ទេ។ [គាត់]ម្នាក់​ហ្នឹង​ ​វា​និយាយថា​«ខ្មែរៗ!» ​តែ​ជាមួយ​ខ្ញុំ​អត់​មានប្រកាន់​ថា​ សាសន៍ណា សាសន៍​ណា​ទេ​។ សម្រាប់​ពួក​ខ្ញុំ​លក់​ដូរ​ហ្នឹង​ ​ត្រូវ​គ្នា​ទាំង​អស់​ទេ។ តែ​ដូច​ថា [គាត់]​ម្នាក់​ហ្នឹង​ ​វា​អត់​សូវ​ដឹងអី​ទេ។ ​វា​និយាយ​ឡើង​វាសុទ្ធ​តែ​«មីខ្មែរ»។ ខ្ញុំ​ខឹងពេក​ ​ខ្ញុំ​ថា​ ​យើង​នៅ​លើ​ទឹក​ដី​ខ្មែរ​ ​កុំ​ជេរ​ខ្មែរ!»។​
បច្ចុប្បន្ន អ្នក​ទាំង​ពីរ​បានឈប់​ស្ដីរក​គ្នា។
​មិនឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ទួល​សង្កែ​ ​គឺនៅច្រាំង​ចំរេះ ដែលជាផ្សារមួយ​ទៀតនៅភាគ​ខាង​ជើង​រាជធានី​ភ្នំពេញ ​បរិយាកាស​នៃ​ភាពច្របូកច្របល់​ក្នុង​ចិត្ត​បាន​កើត​មាន​ឡើង​ពាសពេ​ញ​សហគមន៍ ​នៅ​ពេលដែលដំណឹងនៃ​ការ​លែប​ខាយ​ពាក្យ​ពេចន៍​ បាន​កើតឡើង​មក​លើ​លោក ​ម៉ាន​ ពិទ្ទ្រី ​ឥស្លាមសាសនិក​ដែល​តាំងទី​លក់ទឹកអំពៅ​ពីរនាក់ប្ដី​ប្រពន្ធនៅក្នុងផ្សារ​នោះ។
បុរសវ័យ​៣៨ឆ្នាំ​រូប​នេះយួរ​ថង់​ទឹក​អំពៅ ដែល​ប្រពន្ធ​របស់​លោកគឺ​អ្នកស្រី ​សា ​លីម៉ា ​វ័យ៣៥ឆ្នាំ​ កៀប​ និងច្រក​រួចជា​ស្រេច​ ​ដើរលក់ក្នុង​ផ្សារក្បែរផ្លូវ។​ កាល​ពី​ថ្ងៃ​ពុធសប្ដាហ៍មុន នៅពេលដែលស្ត្រីសា ​លីម៉ា​ជិះម៉ូតូដឹកកូន​តូចៗ​ពីរនាក់ មានពាក្យ​មិនសមរម្យ ខណៈកូនតូចៗទារចង់ទិញទឹក​អំពៅ៖ ​«អា​ហ្នឹង​គេ​និយាយ​គេ​ក្រែង​ផង ក៏​មិន​ដឹង​ គេ​ស្អប់​ក៏​មិន​ដឹង​ គេ​ស្អប់ ​គេ​រើស​អើង!... បញ្ហាអី​គ្រាន់​តែ​គាត់​ថា ​ កុំ​ទិញរបស់​ចាម។ ​គ្រាន់​តែ​ប៉ុណ្ណឹង។ ហើយ ​ទៅ! ​អា​កូនយំ​យ៉ាងម៉េច ​យំ​ទៅ ​កូន​យំចង់​ផឹក តែម្ដាយអត់​ឱ្យ»។
​ការ​ប្រើ​ប្រាស់​ពាក្យ​ថា​«ខ្មែរ​ឥស្លាម»​ ដែល​ពលរដ្ឋនៅ​កម្ពុជានិយមនិយាយជាទូទៅ ​និងត្រូវបានក្រសួងសុខាភិបាលបែងចែកអ្នក​ឆ្លង​មេរោគ ​COVID-19 នេះ ​ដោយដាក់​«ខ្មែរ»​ផ្សេង ​និង​«ខ្មែរ​ឥស្លាម»​ផ្សេង។ ​«ខ្មែរឥស្លាម»​តែង​ត្រូវបាន​រំលេចឡើង​ ដើម្បី​សម្គាល់​ទៅ​លើ​ក្រុមជន​ជាតិ​ចាម​ភាគ​តិច​ ជ្វា ​និងម៉ាឡេ ​ដែលរស់នៅកម្ពុជា ​ហើយគោរពប្រតិបត្តិជាឥស្លាមសាសនិក។
​បើយោងតាមក្រសួង​សុខាភិបាល ​មានបណ្ដាឥស្លាម​សាសនិកជាពលរដ្ឋ​កម្ពុជាចំនួន៧៩​នាក់​បានទៅ​ចូល​រួមពិធី​សាសនានៅវិហារ ​Sri​ Petaling ​ក្បែរទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ​ដែលបញ្ចប់នៅ​ចុង​ខែ​កុម្ភៈ។ ពិធីសាសនាដែលមានអ្នក​ចូល​រួម​រាប់ពាន់នាក់​នេះបណ្ដាល​ឱ្យ​ជួបហេតុអកុសលនៃការឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសម៉ាឡេស៊ី ​និងអ្នកចូល​រួមមកពីបណ្តាប្រទេសផ្សេងៗ ​ដូចជាប្រទេសព្រុយណេ ​ឥណ្ឌូ​នេស៊ី សិង្ហបុរី ​និងកម្ពុជា។​
​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​៧៩​នាក់​ដែល​បាន​ចូល​រួម ​មាន​២៥នាក់ត្រូវ​បាន​រក​ឃើញ​ថា មាន​ឆ្លង​វីរុសCOVID-19 ​និងមាន​អ្នក​ប្រាស្រ័យ​ទាក់​ទង​ផ្ទាល់​៥នាក់​ក៏​បាន​ឆ្លង​ដែរ​។ ក្រៅ​ពី​នោះ​រដ្ឋាភិបាល​កម្ពុជា​បានប្រកាសឱ្យ​ដឹង​ថា ​អ្នក​ដែល​នៅសេស​សល់​ បូក​រួមទាំ​ងបណ្ដាញ​ទាក់​ទង​ស្និទ្ធ​របស់​ពួក​គាត់ ត្រូវ​បាន​ធ្វើតេស្ដ ​ហើយមិន​ឃើញ​មាន​ឆ្លងនោះ​ទេ។
​នៅ​ឯ​ផ្សារ​ច្រាំង​ចំរេះ​ដដែល ​អ្នក​លក់​មាន់​ម្នាក់ ​ឈ្មោះ​អ្នកស្រី ​សាន់ ​វ៉ាន់នី ​វ័យ​៣២ឆ្នាំ ​ដែល​ជា​ឥស្លាមសាសនិកដែរ ​បាន​លើកឡើង​ថា​ ការរកស៊ីរបស់​អ្នកស្រី​ធ្លាក់ចុះ ដោយមិនមានអតិថិជន​ខ្មែរ​មក​ទិញដូចមុន ចាប់តាំងពីផ្ទុះឡើងនៃ​ករណី​ឆ្លង​COVID-19 និងរឿង​រ៉ាវ​នៃ​អ្នកត្រឡប់មកពីប្រទេស​ម៉ាឡេស៊ី។​
​«បាត់! ​បាត់​ម៉ូយ​ខ្មែរ​ខ្លះ​ដែរ!​ បាត់​តិច​តួច​ទេ​បង! ​អឺ ​ខ្ញុំអត់​ដឹង​ថា ​មូល​ហេតុ ​អឺ​បាត់​ហ្នឹង​គេ​អត់​ហ៊ានចេញពី​ផ្ទះ ​ឬ​ក៏​គេរើស​អើង​យើង។ ​ខ្ញុំ​អត់​ហ៊ាន​និយាយ​ថា ​ពិត​ប្រាកដ​មួយ​ណា​ទេ​ណា៎! ​ព្រោះ​ខ្ញុំ​វា​អត់​បាន​ជួប​ប្រទះ​ផ្ទាល់!»។
​អ្នកលក់​មាន់រូ​ប​នេះ ​ដែល​បាន​រៀប​ការ​ស្វាមី​ជា​ជនជាតិ​ខ្មែរ​ បាន​ឱ្យ​ដឹង​ថា ​អ្នក​ស្រី​មាន​ការរំខាន​ចិត្ត​ចំពោះការលើកឡើង និងការ​បញ្ចេញមតិមានខ្លឹម​សាររើសអើង​នៅលើ​បណ្ដាញ​សង្គម​ និងបារម្ភ​ថា ​ការណ៍នេះអាចនាំឱ្យមានការ​ប៉ះទង្គិច​គ្នារ​វាងសហគមន៍ផ្សេងៗ​គ្នាក្នុងប្រទេសកម្ពុជា​ ជា​ពិសេស​រវាងពុទ្ធសាសនិក ​និង​ឥស្លាមសាសនិក​ បើមិន​ទប់​ស្កាត់ទាន់ពេល។​
«មានបង​ប្អូន​ខ្មែរ​យើង​មួយចំនួន​តូច​ទេ ​ដែល​គាត់​សរសេរ​ជេរ​ទាំង​ពាក្យ​សម្ដី ​និយាយ​ចេញ​មក​ពិបាកស្ដាប់តែ​ម្ដង សុទ្ធ​តែពួក​វា​អ៊ីចឹង​ហើយ ​បាន​វា​អត់​មាន​ទឹក​ដី​នោះ ​បាន​វា​អត់​មាន​ទឹក​ដី​នៅ។ បង​ឯងគិត​មើល និយាយ​អ៊ីចឹងៗ។ ​តើ​គាត់​ធ្វើអ៊ីចឹង​សម​ឬ​អត់?»។​
​ក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រ​ចិត្តដែលនឹងចេញទៅជួយព្យាបាលអ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណា ​ក្នុងនោះមានគ្រូពេទ្យជាឥស្លាមសាសនិកផងដែរ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​បានអំពាវ​នាវឲ្យបញ្ឈប់ការ​រើស​អើង​ប្រឆាំងនឹង​បណ្ដាឥស្លាមសាសនិក​ ឬ​ក៏​សហគមន៍​ឯ​ទៀត ​ដោយ​សារ​តែបញ្ហានៃ​វីរុសនេះ។​
​«ខ្ញុំសុំ​ឱ្យ​រំលត់​បញ្ហា​នេះ​បន្ទាន់​នៅ​ប្រទេស​កម្ពុជា។ ​ប្រទេស​នេះ​គឺ​ជា​ប្រទេស​គម្រូ​មួយនៅ​ក្នុង​ពិភពលោ​ក ​ដែលគ្មានការរើស​អើងជាតិសាសន៍ ​និង​សាសនា»។
​លោកស្រី ​ចក់ សុភាព នាយិកាប្រតិបត្តិនៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​លើក​ឡើង​ថា​ វា​ជាប្រការ​«គ្រោះ​ថ្នាក់»​ក្នុងការ​បង្ហាញអត្តសញ្ញាណអ្នក​ផ្ទុក​មេរោគ​ COVID-19 ​ដោយរាប់បញ្ចូល​ទាំង​ជំនឿសាសនារបស់​ពួក​គេ។ ​លោក​ស្រីបញ្ជាក់ថា វានឹង​ដាក់​បន្ទុក​នាំ​ឱ្យ​សហគមន៍​ជនជាតិ ​និងសហគមន៍សាសនាភាគតិច​ងាយរង​គ្រោះ​ និងប្រឈមការ​រើសអើង។
​ប្រធានអង្គការរូប​នេះ​បានលើកឡើង​ថា៖​ «វា​គឺ​ជារឿង​សំខាន់​ដែល​សិទ្ធិ​ឯក​ជន​ភាព​របស់​អ្នក​ជំងឺ ​ចាំ​បាច់​ត្រូវ​តែ​ទទួលបាន​ការ​ថែ​រក្សា​ការពារ ​ហើយលើស​ពី​នោះ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​មានលក្ខណៈ​រសើបហ្នឹងមិនចាំបាច់ត្រូវបញ្ចេញ ​ដូច​យ៉ាងជម្រើសនៃ​ជំនឿ​សាសនា ​ដែល​មិន​មាន​ជា​ប្រយោជន៍​សាធារណៈ​ដែលមហាជនគួរដឹងជាចាំ​បាច់ ​គួរ​តែត្រូវបានលាក់ទុក»។​
​លោក ​អូស្មាន ​ហាស្សាន់ ​ទេស​រដ្ឋ​មន្ត្រី​ក្នុង​រដ្ឋាភិបាល​លោក ​ហ៊ុន ​សែន ​និង​ជា​មេដឹកនាំឥស្លាមសាសនិកនៅកម្ពុជា ​បាន​លើក​ឡើងថា ​វា​មិន​មែន​ជា​បញ្ហាឡើយ ​ក្នុងការបង្ហាញ​«ខ្មែរ»​និង​«ខ្មែរ​ឥស្លាម»​នៅក្នុង​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​ដែលត្រូវបានផ្សព្វ​ផ្សាយជាសាធារណៈ។​
​ក្នុង​សន្និសីទព័ត៌មានមួយកាលពីថ្ងៃ​សៅរ៍​លោក ​ហាស្សាន់ ​បាន​និយាយ​ថា៖​ ​«គ្រាន់​តែ​ថា​ ពេល​ខ្លះទៅ​ បង​ប្អូន​យើង​លោក...​ចុះ​បើ​យើង​ទៅ​ថា..អ្នក​ទៅ​ធ្វើ​បុណ្យ​នៅ​កន្លែង​នោះ បើ​មិនឥស្លាម​ទេ ​ពី​ណា?អ៊ីចឹង​ណា៎ ​អី​ក៏​ថា ​អ៊ី​ចឹង​ទៅ​ណា៎។ ​បើ​ទៅ​ទី​ហ្នុង​ ឧបមា​ថា​ ​អ្នក​ទៅ​ធ្វើ​បុណ្យ ​Haj​ អ៊ីចឹង​ទៅ​ណា៎ ​មិនមែន​ឥស្លាម ​មិន​មែនទៅធ្វើ​បុណ្យ ​Haj​ ទេ»។
​ទេស​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​ថា ​ការ​ប្រើ​ប្រាស់​សម្ដី​មិន​សមរម្យ ​និង​ពេល​ខ្លះ​មាន​ខ្លឹមសារ​រើស​អើងលើសហគមន៍ឥស្លាម​សាសនិក ​ពេល​ខ្លះ​អ្នក​បញ្ចេញ​ទស្សនៈ​ធ្វើ​ឡើង​ដោយ​«អចេនា» ​ហើយ«ពុំ​មាន​បំណងអាក្រក់»​អ្វី​នោះ​ទេ ​តែដោយ​សារ​ភាព​ភ័យខ្លាច​នៃរោគ​រាត​ត្បាតកូរ៉ូណា ​ទើប​នាំឱ្យ​មានការបរិយាយប៉ះ​ពាល់​គ្នា។​
​លោក ​អូស្មាន ​ហាស្សាន់​បន្តថា៖ «ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ប្រុង​ប្រយ័ត្ន ​យើង​ប្រុង​ប្រយ័ត្ន។ ​គេ​អ្នក​ឆ្លៀតឱកាស ​ដើម្បីបំបែក​បំបាក់នូវ​ភាព​សាមគ្គី​ផ្ទៃ​ក្នុង​របស់យើងរបស់​ប្រជាជាតិ​យើង ​ឱ្យ​មានការ​ប្រេះស្រាំ ​បែកបាក់សាមគ្គី​គ្នា ​ដើម្បីគេ​កេង​យកប្រយោជន៍​អ្វី​មួយ»។
​លោក ​ផៃ ​ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​ក៏ចៀស​វាង ​មិនទទួល​ស្គាល់ការបែងចែក​«ខ្មែរ»​និង​«ខ្មែរ​ឥស្លាម»​របស់ក្រសួងសុខាភិបាល ​តែ​លោក​បា​ន​ស្នើ​ឱ្យ​បណ្ដាញ​សារព័ត៌មាន​ ប្រយ័ត្ន​ប្រយែងក្នុងការបង្ហាញអត្ត​សញ្ញាណរបស់អ្នកផ្ទុកវីរុសកូរ៉ូណា។
​ក្នុង​សន្និសីទសារ​ព័ត៌មានមួយ​កាលពីសប្ដាហ៍​មុន ​លោក​បាន​លើក​ឡើង​ថា៖​ ​«ដូច្នេះ ​សុំ​ឱ្យ​បណ្ដាញ​សារ​ព័ត៌មាន​ទាំង​អស់ ​មិន​មាន​សារៈ​ប្រយោជន៍ក្នុងការ​ធ្វើ​អត្ត​សញ្ញាណ​កម្ម​ រហូត​ទៅដល់ខ្មែរឥស្លាម​ ខ្មែរ​ចិន ​ខ្មែរ​យៀកណាម ​គឺ​មិនបាច់​ទេ ​គ្រាន់​តែ​ថា ​ជា​ប្រជាពលរដ្ឋ​ខ្មែរ។ ​យើងជួបបញ្ហាជាមួយនឹ​ង​វីរុ​សCOVID19 ។ ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​បង្កើត​បញ្ហា​នៅ​ក្នុង​សហគមន៍​នេះ​ឯង ​អា​នេះ​អធ្យាស្រ័យ»។
​នៅត្រើយ​ម្ខាង​ទៀត​នៃ​ទន្លេ​សាប​ក្នុង​បរិវេណ​វិហារ​ឥស្លាម​មួយ​កន្លែង​ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជធានី​ភ្នំពេញ ​បរិយាកាស​ហាក់​មាន​ភាព​ច្របូក​ច្របល់​ក្នុងចិត្ត​ ខណៈ​VOA ​ព្យាយាម​សាក​សួរ​អំពីទស្សនៈ​របស់​សហគម​ន៍ ដោយ​ពលរដ្ឋ​ជាឥស្លាម​សាសនិក ​មិន​ហ៊ាន​បង្ហាញ​ឈ្មោះ​នោះ​ទេ ​តែ​ពួកគេ​ស្នើ​ឱ្យមានការបញ្ឈប់ការ​រើសអើង។​
រដ្ឋា​ភិបាល​កម្ពុជា​បាន​ចាត់​វិធាន​ការ​នានា​យ៉ាង​ប្រញាប់​ប្រញាល់ ​ក្នុង​នោះ​មាន​ការ​ហាម​ប្រាមការ​ជួបជុំ​បួងសួង ​ប្រារព្ធ​ពិធី​នានា ​នៅ​ទីអារាម​សាសនានានាផងដែរ​ ដើម្បីបញ្ចៀសការ​ឆ្លងជា​ក្រុម ​និងការ​រីករាលដាលនៃ​មេរោគក្នុង​សហគមន៍​ ដែលក្រសួង​សុខាភិបាលព្រមាន​ថា អាចនឹងកើតឡើង៕
ក្រុម​មេធាវី​ការពារ​ក្តី​ទាំង​បួន​រូប​របស់​លោក ​កឹម សុ​ខា​ដើរ​ចេញ​ពីបន្ទប់​សវនាការ
ឯកសារភស្តុតាងនេះសំដៅដល់សេចក្តីថ្លែងការណ៍រួមរបស់គណបក្សសិទ្ធិមនុស្សដឹកនាំដោយលោកកឹម សុខា និង​គណបក្សសម រង្ស៊ី​ដឹកនាំដោយលោកសម រង្ស៊ី ដែលធ្វើនៅថ្ងៃទី១៧ ​ខែកក្កដា ឆ្នាំ២០១២ ​សម្រាប់ការ​បង្កើតគណបក្សសង្គ្រោះជាតិ។
ក្នុង​សវនាការ​ទាំង​ពីរ​ថ្ងៃ​សប្តាហ៍​នេះ​មេធាវី​ការពារ​ក្តី​ទាំង​បួនរូបនោះ​ថា​លេខ​សម្គាល់​សេចក្តី​ថ្លែងការ​ណ៍ដែល​ផ្តល់​ទៅ​ពួក​គេ​មិន​ដូច​គ្នា​ទៅ​នឹង​លេខ​សម្គាល់​ឯកសារ​ដដែល​ដែល​ផ្តល់​ដោយ​ព្រះ​រាជអាជ្ញា។
នៅពេល​ដែល​ពួកគេ​សួរ​លោក​ចៅក្រម​ដើម្បី​បញ្ជាក់​ពី​តួលេខ​ដែល​ខុសគ្នា​ទៅ​លើ​សេចក្តី​ថ្លែងការណ៍ដែល​ត្រូវ​បាន​ប្រើ​ជា​ភស្តុតាង​នៅ​ក្នុង​បន្ទប់​សវនាការ​លោក កូយ សៅ​ ប្រធាន​ក្រុមប្រឹក្សាជំនុំ​ជម្រះ​ ​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប្រាប់​ឲ្យ​មេធាវី​ការពារក្តីលោកកឹម សុខា គឺ​លោក​អាងឧត្តម​ស្ងាត់មាត់​ម្តង​ហើយ​ម្តង​ទៀត​និង​បន្ត​ប្រាប់​ពួក​គេ​ឲ្យ​អង្គុយចុះ។
តិច​ជាង​មួយ​នាទី​បន្ទាប់​ពី​នោះ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា​និយាយគ្នា​ក្នុងសំឡេង​តិច​បន្ទាប់មក ពួកគេរៀបចំឥវ៉ាន់របស់ពួកគេ ហើយដើរចេញពីបន្ទប់សវនាការបន្តបន្ទាប់គ្នា ដោយទុកឲ្យ លោក កឹម សុខា នៅក្នុងតុលាការប្រឈមនឹងក្រុមប្រឹក្សាជំនុំនិងភាគីពាក់ព័ន្ធ​ផ្សេងទៀត​តែម្នាក់ឯង៕