Voice of America
បណ្តារដ្ឋ​ដែល​អាច​សម្រេច​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០២០ នៅ​សហរដ្ឋ​អាមេរិក
រដ្ឋ​ទាំង​នេះ​ មាន​សារៈ​សំខាន់​ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលអ្នកឈ្នះមិន​ត្រូ​វ​បាន​សម្រេច​ដោយ​ការបោះឆ្នោត​ដោយផ្ទាល់ទេ។ ផ្ទុយ​ទៅ​វិញ​រដ្ឋ​នីមួយៗ​ ​មានចំនួនកំណត់​អង្គ​បោះឆ្នោតដែល​គេ​ផ្តល់​ឱ្យ​បេក្ខជនម្នាក់ ឬ​បេក្ខជន​ផ្សេង​ទៀតអាស្រ័យលើលទ្ធផលនៃ​ការបោះឆ្នោត​ដោយ​ផ្ទាល់នៅ​ក្នុងរដ្ឋ​នោះ។ នៅក្នុង​រដ្ឋ​ទាំងអស់​លើកលែងតែរដ្ឋ ​Maine ​និង​ Nebraska​ បេក្ខជន​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​ដោយ​ផ្ទាល់​នៅក្នុង​រដ្ឋ​មួយ ឈ្នះដោយ​ទទួល​បានសំឡេង​ឆ្នោតសរុប​របស់​សមាជិក​នៃ​អង្គ​បោះឆ្នោតក្នុង​រដ្ឋ​នោះ។​
ប្រព័ន្ធ​បោះឆ្នោត«អ្នក​ឈ្នះ​យក​ទាំង​អស់»ជំរុញ​ឱ្យ​បេក្ខជន​ធ្វើយុទ្ធនាការ​កាន់តែខ្លាំង​នៅក្នុង​រដ្ឋដែល​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ទាំងឡាយ។ ជ័យ​ជម្នះ​នៅ​ក្នុង​រដ្ឋ​ទាំងនោះ​ ​អាច​ជួយឲ្យ​បេក្ខជន​ទទួលបាន​អង្គបោះឆ្នោត​គ្រប់គ្រាន់ ​ដើម្បី​ចូល​កាន់​តំណែង​ក្នុង​សេតវិមាន។​
រដ្ឋដែល​មាន​ការប្រកួត​ប្រជែង​ប្រកិត​គ្នាដែល​អាច«ងាក​រេ» ទៅ​រកគណ​បក្ស​ណា​មួយដូច​ជារដ្ឋ ​Pennsylvania​ ជា​ដើម ទទួលបាន​ការយក​ចិត្តទុកដាក់​ពីបេក្ខជន​ច្រើនជាង​រដ្ឋដទៃ​ទៀតដូចជា​រដ្ឋ ​California ដែលជា​កន្លែង​ដែលគណបក្សមួយ​ស្ទើរតែ​ប្រាកដ​ជា​ទទួល​បាន​សំឡេង​ភាគច្រើន។
រដ្ឋ​ដែល​ងាករេ​ក្នុង​ឆ្នាំ២០២០
រដ្ឋប្រហែល​១២ ​ត្រូវបាន​គេចាត់ទុក​ថា ជារដ្ឋ​ដែល​ងាករេ«ជា​ញឹកញយ​ដដែលៗ» ព្រោះ​រដ្ឋ​ទាំង​នេះ​ ធ្លាប់​មានការ​ប្រកួត​ប្រជែង​យ៉ាង​ប្រកិតម្តងហើយ​ម្តងទៀត ​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មីៗ​នេះ។​ រដ្ឋ​ប្រាំមួយក្នុង​ចំណោមរដ្ឋទាំងនោះ ​ត្រូ​វ​បានគេ​មើលឃើញ​ថា ជា​រង្វាន់​កំពូល​នៅឆ្នាំ​២០២០ ​ពីព្រោះប្រជាពលរដ្ឋ​ដ៏​ច្រើន​របស់​ពួកគេ ផ្តល់​ឱ្យ​ពួក​គេ​នូវចំនួន​អង្គ​បោះឆ្នោត​ច្រើន។ ​រដ្ឋទាំង​នេះ​ ​គឺរដ្ឋ Arizona, Florida, Michigan, North Carolina, Pennsylvania និង Wisconsin។
លោក Trump​ បានឈ្នះ​នៅ​ក្នុងរដ្ឋទាំង​៦ នៅឆ្នាំ​២០១៦ ​ដោយ​មានការ​គាំទ្រ​លើស​លោកស្រី Hillary Clinton តែបន្តិច ដោយនៅ​រដ្ឋ​ខ្លះ ​តិចជាងមួយ​ភាគ​រយ ប៉ុន្តែ​ការស្ទង់​មតិនាពេល​បច្ចុប្បន្ននេះ​បង្ហាញ​ថា ​លោក Biden នាំមុខ​បន្តិច​នៅក្នុង​រដ្ឋ​ទាំង ៦ នេះ។​
ការ​ស្ទង់​មតិ​ក្នុង​បណ្តារដ្ឋ​ដែល​ងាករេ​ មាន​ភាព​ប្រកិតគ្នា ជាង​ការស្ទង់​មតិ​ទូទាំង​ប្រទេស
ជ័យជម្នះរបស់លោក Trump កាល​ពី​ឆ្នាំ​២០១៦​ នៅក្នុង​រដ្ឋ​ទាំងប្រាំមួយ​នេះ​ មាន​លក្ខណៈ​ស្រដៀង​នឹង​រដ្ឋ​ឯ​ទៀត​ៗ​ក្នុងប្រទេសអាមេរិក ​គឺពួក​ប្រជាធិបតេយ្យ​មាន​ការគាំទ្រ​ច្រើន​នៅ​ក្នុង​តំបន់​ តែលោក Trump ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ពួក​អ្នក​បោះឆ្នោត​ក្នុង​តំបន់​ជន​បទនិង​តំបន់ជាយ​ក្រុង ​និង​ពួក​អ្នក​បោះឆ្នោតស្បែក​ស​ ដែលគ្មាន​សញ្ញាប័ត្រ​មហាវិទ្យាល័យ។​
ទោះបីជាមាន​និន្នាការ​បង្ហាញថា ​លោក Biden អាច​កាត់​បន្ថយ​អ្នកគាំទ្រ​លោក Trump ទាំង​នោះ​នៅឆ្នាំ​២០២០​ ក៏ដោយ​ ក៏​យុទ្ធនាការ​ឃោសនាបោះឆ្នោតរបស់ លោក Biden បាន​ព្រមានដល់​អ្នកគាំទ្រ​ឲ្យនាំគ្នា​ចេញ​ទៅ​បោះឆ្នោត។
លោក Jen O’Malley Dillon ជាអ្នករៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden។​ លោក​បាន​សរសេរ​នៅក្នុង​សារ​មួយ​ទៅកាន់​អ្នកគាំទ្រ​កាលពីថ្ងៃសៅរ៍​ថ្មីៗ​នេះ​ថា «ការពិត​ការ​ប្រកួត​ប្រជែង​នេះ​ ប្រកៀក​ប្រកិត​គ្នា​ខ្លាំង​ជាង​ការយល់ឃើញ​របស់​ពួក​បណ្ឌិត ​ដែល​បាន​បញ្ចេញ​ទស្សនៈ​តាម​ Twitter និង​តាម​ទូរទស្សន៍​។ នៅ​ក្នុង​រដ្ឋងាករេ​សំខាន់ៗ​ យើងនៅ​តែ​ប្រកៀក​ប្រកិតៗ​ជា​មួយលោក Donald Trump»។
ពួក​អ្នក​វិភាគ​និយាយ​ថា ​ទោះជា​លោក Biden នាំមុខជា​ទៀងទាត់​នៅ​ក្នុង​ការ​ស្ទង់​មតិច្រើន​ខែ​មក​ហើយ​ក៏ដោយ ការបារម្ភ​ធំ​បំផុត​របស់​យុទ្ធនាការ​លោក​នៅ​ពេល​នេះគឺ​ថា​ លោក​អាចឈ្នះនៅ​ក្នុង​ការបោះឆ្នោត​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​ប្រជាប្រិយ​ច្រើនជាង​លោក Trump តែចាញ់​នៅ​ក្នុងសំឡេង​ឆ្នោត​សរុបរបស់​សមាជិកនៃ​អង្គ​បោះឆ្នោតដូច​ដែល​បានកើត​ឡើង​ចំពោះ​លោកស្រី Hillary Clinton កាល​ពី​ឆ្នាំ២០១៦។
នេះ គឺជាអ្វី​ដែលកំពុង​កើតឡើង​នៅក្នុង​រដ្ឋដែល​យុទ្ធនាការ​ទាំងពីរ​យល់ថា​សំខាន់​ដើម្បី​ឈ្នះ​តំណែង​ប្រធានាធិបតីនៅ​ឆ្នាំ ​២០២០។​
រដ្ឋ ​Wisconsin
រដ្ឋ​ Wisconsin ដែលជាកន្លែង​រស់​នៅ​របស់​សហគមន៍​ជន​ស្បែក​សនៅតាម​ជនបទ​និងពួកពលករ​ដែល​គាំទ្រ​លោក Trump នោះ​ បាន​នាំ​ឲ្យ​លោក​ Trump ​ឈ្នះ​ឆ្នោត​កាល​ពី​ឆ្នាំ២០១៦។
រដ្ឋ Wisconsin​ ស្ថិតនៅ​ក្នុង​ចំណោម​រដ្ឋដែល​រងគ្រោះ​ខ្លាំងជាង​គេ​ដោយការ​រាតត្បាត​ជំងឺ​កូវីដ១៩។ រដ្ឋ​នេះ​ក៏បាន​ក្លាយជា​ការផ្តោត​អារម្មណ៍​មួយនៃការ​ជជែក​ដេញដោលទូទាំង​សហរដ្ឋ​អាមេរិក ស្តីពី​យុត្តិ​ធម៌​សម្រាប់​ជនជាតិ​អាមេរិកាំង​ស្បែកខ្មៅ​ បន្ទាប់ពី​ប៉ូលីស ​បាន​បាញ់​ជនជាតិអាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក ​ឈ្មោះ Jacob Blake នៅ​ទីក្រុង Kenosha រដ្ឋ​ Wisconsin​ កាលពីខែសីហា នៅ​ពេល​ដែល​កំពុង​មាន​បាតុកម្ម​និង​ភាព​វឹកវរ​ទូទាំង​ប្រទេសអស់ពេល​ជាច្រើន​ខែ។
លោក ​Trump ​និងលោក​ Biden ​បានទៅ​បំពេញ​ទស្សនកិច្ចនៅក្រុង Kenosha ​ដោយ​មាន​សារ​ផ្សេងគ្នា។​ លោក​ Biden បាន​ផ្តោតលើការ​ប្រយុទ្ធ​ប្រឆាំង​នឹងការរើសអើង​ជាតិ​សាសន៍។ ចំណែក​លោក​ប្រធានាធិបតី Trump វិញ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់លើច្បាប់​ និង​ការ​រក្សា​សណ្តាប់​ធ្នាប់។
រដ្ឋ Michigan
Michigan ដែលជារដ្ឋ​ផលិត​វត្ថុ​ប្រើ​ប្រាស់ បានរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាលមក​ពីការរាតត្បាត​នៃជំងឺ​កូវីដ១៩។ រដ្ឋ​នេះ​ បាត់បង់​ការងារ​និងអាជីវកម្ម​ច្រើន​ជាង​កន្លែង​ផ្សេងទៀត ​ក្នុង​ប្រទេស​អាមេរិក។ ​លោក​ប្រធានាធិបតី Trump ​បានលើក​ទឹកចិត្ត​អ្នកគាំទ្រ​របស់​លោក ឱ្យ​ស្តីបន្ទោស​អភិបាលរដ្ឋ​នេះ​ គឺ​លោកស្រី​ Gretchen Whitmer ខាង​គណបក្ស​ប្រជាធិបតេយ្យចំពោះការ​បិទសេដ្ឋកិច្ចរបស់រដ្ឋនេះ។
យុទ្ធនាការ​របស់​លោក ​Trump កំពុង​ផ្តោត​ទៅលើ​អ្នក​ស្រុករដ្ឋ​ ​Michigan​ដែល​ចាត់ទុក​គោលការណ៍​បរិដ្ឋាន​របស់​គណបក្ស​ប្រជា​ធិបតេយ្យ ថា​ជាការធ្វើ​ឲ្យកម្មករដែល​ពឹងផ្អែក​លើមូលដ្ឋាន​ផលិត​កម្ម​រឹងមាំនោះ ទទួល​ការរងគ្រោះ។ ​លោក Biden​ កំពុង​ជំរុញ​សារថា ​លោក Trump ​«គ្មាន​ផែនការគ្រប់គ្រងវីរុស​កូរ៉ូណា​ទេ ហើយ​គ្មាន​យុទ្ធសាស្ត្រ​សម្រាប់​ស្តារសេដ្ឋកិច្ច​យើង ចេញពីវិបត្តិ​សេដ្ឋកិច្ច​ទេ»។ លោក Biden បានសន្យា​ថា​ នឹង​វិនិយោគក្នុង​ការ​បង្កើត​ការងារ និង​ហេរដ្ឋរចនាសម្ព័ន្ធ​សំខាន់​ចាំបាច់​នៅ​ក្នុង​រដ្ឋ​នេះ។
រដ្ឋ​ Pennsylvania
លោក​ Biden ដែលកើតនៅ​ក្រុង ​Scranton ​រដ្ឋ Pennsylvania បាន​សង្កត់ធ្ងន់​លើក្រុម​វណ្ណៈ​អ្នក​ធ្វើការ​របស់​គ្រួសារ​លោក​ ដើម្បី​ទាក់​ទាញ​ការ​គាំទ្រពី​អ្នកបោះឆ្នោត​ស្បែកស ​ដែល​គ្មាន​សញ្ញាប័ត្រ​មហាវិទ្យាល័យ​ដែលបាន​គាំទ្រលោក ​Trump កាលពី​ឆ្នាំ​២០១៦​ ដែល​ជា​លើកដំបូង​ ដែលបេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋ​ បានឈ្នះនៅ​ក្នុងរដ្ឋ​នេះ ចាប់​តាំងពីឆ្នាំ​១៩៨៨ មក។
លោក Robert Griffin ជានាយកខាង​ការ​ស្រាវជ្រាវនៃក្រុម​ Democracy Fund Voter Study Group។ លោក​បាន​ថ្លែង​ថា ​ក្នុងឆ្នាំ​២០២០នេះ ​រដ្ឋ​ Pennsylvania ត្រូវ​ចាត់​ទុក​ថា ​ជា​រដ្ឋ​ដែល​សំខាន់​ជាង​សម្រាប់​លោក Trump។ រដ្ឋ​នេះ​ អាច​នាំ​ឲ្យ​លោក Biden ទទួល​បាន​អង្គបោះឆ្នោត​គ្រប់​ចំនួន​២៧០។ លោក Griffin ថ្លែង​ទៀតថា​ «ប៉ុន្តែ​ប្រសិន​បើ​លោក Biden ចាញ់​នៅ​រដ្ឋ Pennsylvania ​ក៏​មិនអី​ដែរ ពីព្រោះ​លោក Biden ហាក់ដូចជា​នាំមុខ​នៅ​ក្នុង​រដ្ឋ​ឯទៀត​ដូចជា Florida ​និង Arizona ជាដើម​»។
រដ្ឋ​ Florida
នៅ​ពេល​នេះ​លោក Biden នាំមុខ​លោក Trump ​បន្តិចនៅ​ក្នុង​រដ្ឋ Florida។ រដ្ឋ​នេះ​មាន​មនុស្ស​ចាស់​រស់នៅ​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​អាមេរិក។​ លោក Biden កំពុង​ឃោសនា​ថា​ រដ្ឋបាល​លោក Trump ចាត់ចែង​កិច្ចការ​មិន​ល្អ​ ក្នុង​ការ​ទប់ទល់​នឺង​ជំងឺ​កូវីដ១៩ នាំ​ឱ្យ​មនុស្ស​ចាស់​ដែល​ងាយ​រង​គ្រោះ​ដោយសារ​ការ​រាត​ត្បាត​នៃជំងឺនេះ ស្លាប់ច្រើន​ពេក។
លោក Trump បាន​ផ្តោត​លើ​រដ្ឋ Florida ​ពេញមួយ​យុទ្ធនាការ​របស់លោក​ ដោយបាន​ទៅទស្សនា​រមណីយដ្ឋាន ​Mar-a-Lago របស់លោក​ជាញឹកញាប់ ​និង​ជំរុញ​ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ នៅក្នុង​រដ្ឋដែល​ជាផ្នែកមួយ​នៃយុទ្ធនាការ​ដើម្បី​ទាក់ទាញ​ពួក​ជនជាតិ​អាមេរិក​ស្បែកស​ ដែល​ពីមុន​មិនបាន​បោះឆ្នោត​ ឱ្យ​នាំគ្នា​ទៅបោះឆ្នោត។
លោក Whit Ayres នៃ​ក្រុម​ស្រាវជ្រាវ North Star Opinion Research ជា​អ្នក​ស្ទង់​មតិខាង​គណបក្ស​សាធារណរដ្ឋ។ លោកបាននិយាយថា «ប្រសិន​បើលោក Joe Biden ឈ្នះ​ឆ្នោត​នៅ​រដ្ឋ Florida លោក Donald Trump នឹងពិបាក​ប្រមូល​សំឡេង​ឆ្នោតសរុបរបស់​សមាជិកនៃអង្គ​បោះឆ្នោតឱ្យ​បាន​២៧០ ​ដែល​ជា​ការ​ចាំ​បាច់​ដើម្បី​ឈ្នះ​ឆ្នោត»។​ លោក Ayres បានថ្លែងថា​ ប្រសិន​បើ​លោក Trump ឈ្នះ​ឆ្នោត​នៅរដ្ឋ Florida លោក Biden នៅតែមានផ្លូវ​ផ្សេងទៀត​ ទោះ​ជា​តិច​ក៏ដោយ​ ដើម្បីទទួល​សំឡេង​ឆ្នោតសរុបរបស់​សមាជិកនៃអង្គ​បោះឆ្នោត​ចំនួន២៧០​ដែរ។
រដ្ឋ​ North Carolina
លើកលែង​តែ​ជ័យជម្នះរបស់​លោក Barack Obama ​ក្នុង​ឆ្នាំ២០០៨ បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​បានឈ្នះប្រាំបួនដងក្នុង​ចំណោម​ការបោះឆ្នោត​ប្រធានាធិបតី​ទាំង១០​លើក​ចុង​ក្រោយនៅ​រដ្ឋ North Carolina។​ ពួក​អ្នក​វិភាគយល់​ឃើញថា ​នេះ​ជា​សញ្ញា​នៃការផ្លាស់ប្តូរ​ប្រជាសាស្ត្រ​កាន់តែ​ទូលំទូលាយ​នៅប៉ែកខាង​ត្បូងនៃ​ប្រទេស​ដែលមាន​ពលរដ្ឋ​ផ្សេងៗ​កាន់តែ​ច្រើន​ឡើងៗ​ អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​គណបក្ស​ប្រជា​ធិបតេយ្យ។
លោក ​Chris Cooper​ ​ជា​សាស្រ្តាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​ Western Carolina។ លោក​ថ្លែង​ថា « លោក Donald Trump នឹង​ពិបាក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី បើ​សិន​ជា​លោក​មិន​ឈ្នះ​នៅ​ក្នុង​រដ្ឋ ​North Carolina ទេនោះ»។
លោក​ Cooper បាន​ថ្លែងបន្ថែម​ទៀតថា ​ភាគខាងត្បូងប្រទេស​ជា​មូលដ្ឋាន​រឹងមាំ​សម្រាប់​គណបក្ស​សាធារណរដ្ឋ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ហើយ​ប្រសិន​បើ​លោក ​Trump​ ចាញ់​ឆ្នោត​នៅក្នុងរដ្ឋ North Carolina ​នោះ លោក​ក៏​ប្រហែល​ជា​អាចចាញ់ឆ្នោតនៅ​ក្នុង​រដ្ឋ Florida ដែរ។
រដ្ឋ ​Arizona
រដ្ឋ Arizona ​បាន​បោះឆ្នោត​ឲ្យ​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​រាល់​ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​ចាប់តាំងពីឆ្នាំ​១៩៥២ ​លើកលែង​តែនៅពេលដែល​លោក​ Bill Clinton ឈរ​ឈ្មោះ​ជាប្រធានាធិបតី ​ដែល​គណបក្សប្រជាធិបតេយ្យ ​បានឈ្នះ​នៅឆ្នាំ១៩៩៦។
នៅ​ពេល​នេះ រដ្ឋ​នេះ ​កំពុង​លម្អៀងទៅ​ខាង​លោក Biden ដែល​ជា​និន្នាការ​មួយជំរុញ​ដោយ​កំណើន​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុងចំណោម​អ្នក​បោះឆ្នោតនៅ​ជាយ​ក្រុង​ និង​អ្នកបោះឆ្នោត​ផ្សេងៗ​ ដែល​កាន់​តែ​កើន​ចំនួន​ក្នុង​រដ្ឋ​នេះ​ ជា​ពិសេសពួក​អ្នក​បោះឆ្នោត​ Hispanic ដែលកើនឡើង​យ៉ាងលឿន។ ពួក​អ្នក​មាន​ដើម​កំណើត​អាមេរិក​ឡាទីន មាន​ចំនួន​ប្រមាណ​២០ភាគរយ ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ទាំងអស់​ក្នុង​រដ្ឋ Arizona កាល​ពី​ឆ្នាំ២០១៦ ហើយលោកស្រី​ Clinton បាន​ទទួល​ការ​គាំទ្រ​ពី​ក្រុម​ជន​ទាំង​នេះ​ភាគច្រើន។
មនុស្ស​មាន​វ័យ​ចាស់ៗ​ នឹង​មាន​មុខ​នាទីធំ​មួយ​នៅ​ក្នុង​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២០នេះ។​ រដ្ឋ​ Florida ជា​កន្លែង​រស់​នៅ​របស់សហគមន៍​ជន​ចូល​និវត្តន៍​ជាច្រើន​ ហើយ​អ្នក​បោះឆ្នោត​ក្នុង​រដ្ឋ​នេះ​ ​ក៏​មាន​វ័យចាស់​ជាងមនុស្ស​នៅក្នុង​តំបន់​ឯទៀតៗ​របស់​ប្រទេសអាមេរិក​ដែរ៕
ប្រែសម្រួលដោយ​លោក ឈឹម សុមេធ
យុទ្ធនាការ​របស់​លោក​​ Trump កំពុង​គិត​ពី​យុទ្ធសាស្ត្រ​ថ្មី​ ខណៈ​លោក​​​មាន​ជំងឺ​កូវីដ១៩
ខណ:ពេល​ដែល​រដ្ឋបាល​របស់​លោក Trump កំពុង​ព្យាយាម​ធ្វើយ៉ាង​ណាឲ្យ​មហាជនគិត​ថា ​លោក​ប្រធានាធិបតី​ជា​សះ​ស្បើយ​បាន​លឿន យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ កំពុង​ធ្វើ​ឲ្យ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​របស់​លោក​ Trump ក្លាយ​ជា​ចំណុច​វិជ្ជមាន​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត។
ចាប់​តាំង​ពី​លោក​ចេញ​ពី​មន្ទីរពេទ្យ​យោធាជាតិ​ Walter Reed កាល​ពី​ថ្ងៃ​ច័ន្ទ​មក លោក Trump បាន​បង្ហាញ​នូវ​រូបភាព​ដែល​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ត្រឡប់​ទៅ​បំពេញ​ការងារ​វិញ។​ កាល​ពី​ថ្ងៃ​ពុធ ​លោក​បាន​ចាក​ចេញ​ពី​កន្លែង​ស្នាក់​នៅ​របស់​ប្រធានាធិបតី ​ទៅកាន់​ការិយាល័យ​របស់​លោក ដែល​ទីនោះ​លោក​ទទួល​បាន​ដំណឹង​ពីស្ថានភាព​របស់​ព្យុះ Hurricane Delta និង​កិច្ចចរចាជា​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​អំពី​កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​បន្ទាន់ ។​
លោក ​Trump នៅ​តែ​សកម្ម​នៅ​លើបណ្តាញសង្គម Twitter ដោយ​លោក​បាន​បង្ហោះ​សារ​ជា​ច្រើន​ រួមមាន​សារវាយ​ប្រហារ​លើ​គូប្រជែង​នយោបាយ សេចក្ដី​ថ្លែងការ​ណ៍​ពី​ការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល​អភិរក្ស​និយម​អ្នកស្រី Amy Coney Barrett ក៏​ដូច​ជា​ការអះអាង​ពី​ភាពរឹងមាំ​នៃ​សុខភាពរបស់​លោក ​ជាដើម។
នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ លោក​ Trump​ បាន​និយាយ​ថា ជំងឺ​របស់​លោក​គឺ​ «ពរពី​ព្រះ​ជា​ម្ចាស់»។ លោក​និយាយពីថ្នាំ​ដែល​លោក​បាន​ទទួល​ទាន​ថា ​បានជួយ​លោក​ច្រើន​ណាស់ និង​បាន​ព្យាយាមកំណត់​លក្ខណ:ថ្នាំ​នោះថា​ជា «ការព្យាបាល»។
នៅ​ក្នុង​រយ:​ពេល ​៦ ខែ​កន្លង​មក​នេះ យុទ្ធសាស្ត្រ​នៃ​យុទ្ធនាការ​របស់​លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ព្យាយាម​មិន​ឲ្យ​បេក្ខជន​ចេញ​ក្រៅ​ជួប​មនុស្សម្នា​ ដោយ​ផ្ទាល់​ឡើយ និង​បាន​អនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​តាម​ពិធីការ​សុខភាព​ថ្នាក់​រដ្ឋ​និង​ថ្នាក់​ជាតិ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ។
​ក្រោយការ​ឆ្លងជំងឺ​កូវីដ១៩ របស់​លោក​ Trump យុទ្ធនាការ​របស់​លោក ​Biden ​រក្សា​ទម្លាប់​ជួប​ជាមួយ​អ្នក​គាំទ្រ​តាម​អ៊ីនធឺណិត ឬ​ជួប​ជា​មួយ​ក្រុម​តូចៗ​នៅ​ខាងក្រៅ​បន្ទប់​ ដោយ​មាន​ការពាក់​ម៉ាស់​ជា​ដាច់ខាត៕
លោក Trump ប្រកាស​គម្រោង​ចែកចាយ​ឧបករណ៍​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ជាង ១៥០​លាន​ឧបករណ៍​ដែល​ផ្តល់​លទ្ធផល​លឿន
លោក​ ត្រាំ ​និង​លោក​ Biden​ ធ្វើការ​ឃោសនា​បោះឆ្នោត​ផ្ទុយ​គ្នា​
អ្នកស្រី Ivanka Trump បន្ត​របៀបវារៈ​ផ្តល់​អំណាច​ដល់​ស្រ្តី​នៅ​អំឡុងពេល​មាន​ជំងឺរាតត្បាត
កម្មវិធី W-GDP ត្រូវ​បាន​ចាត់ទុក​ថា​ជា​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ទាំងមូល ដើម្បីជួយ​ដល់​ស្រ្តី៥០លាននាក់​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​នៅជុំវិញ​ពិភពលោក​ ជាមួយ​នឹង​គោលដៅ​ដែ​ល​ជា​សសរស្តម្ភ​ចំនួនបី គឺការ​ផ្តល់វគ្គបណ្តុះ​បណ្តាលវិជ្ជាជីវៈ​ដល់​ស្រ្តី ពង្រឹង​អំណាច​ដល់​ស្រ្តី​ដើម្បី​ទទួល​បានជោគជ័យ​ក្នុង​នាម​ជា​សហគ្រិន​ និង​លុបបំបាត់ច្បាប់​និងគោលនយោបាយ​ដែលជារបាំង​រារាំងមិន​ឲ្យ​ស្រ្តី​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ច។
អ្នកស្រី Ivanka Trump ដែល​ជា​កូនស្រី និង​ជា​ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី Trump លោក Robert O’Brien ​ទីប្រឹក្សា​សន្តិសុខរបស់​ប្រធានាធិបតី និងអនុរដ្ឋមន្រ្តី​ការបរទេសអាមេរិកលោក Stephen Biegun បាន​ប្រកាស​អំពី​គម្រោង​ផ្តួចផ្តើម​នេះ ​តាម​ប្រព័ន្ធឌីជីថល​ ដោយ​មាន​ការ​ចូលរួម​របស់​ដៃគូ​វិស័យ​ឯកជន​រួមមាន​ក្រុមហ៊ុន Walmart, Microsoft និង Mastercard។
អ្នកស្រី Ivanka Trump បាន​ថ្លែង​ថា៖
«នេះ​ គឺ​ជា​ចំណាត់ការ​ដ៏​ម៉ឹងម៉ាត់​ដើម្បី​ពង្រីកកិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​សហព័ន្ធ​ វិស័យឯកជន​និង​ដៃគូ​នានា ដែល​រឹតត្បិត​លើ​លទ្ធភាព​របស់​ស្រ្តី​ ឲ្យ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់ ដែល​ជា​គំរូ​ជោគជ័យ​របស់​អាមេរិក​ជាយូរ​មក​ហើយ‍»។
គម្រោង​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​នេះ​ ត្រូវ​បាន​បង្កើត​ឡើងនៅស្រប​ពេលមាន​ការប្រឈម​ថ្មីៗ​នៃ​ជំងឺកូវីដ១៩​ ដែល​កាន់​តែ​ធ្វើ​ឲ្យ​បញ្ហាវិសមភាព​យេនឌ័រ​ដែល​មាន​ស្រាប់​ហើយ​នោះ​ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។
សេចក្តីរាយការណ៍​នានា​ពី​បណ្តា​ប្រទេស​ជាច្រើន​បាន​បង្ហាញ​ថា​ ស្រ្តី​ទទួល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​វីរុសកូរ៉ូណា​នៅ​គ្រប់វិស័យ​ទាំងអស់​ រួមទាំង​វិស័យ​សុខាភិបាល​ សេដ្ឋកិច្ច​ សន្តិសុខ​និង​ការការពារ​សង្គម។
យោង​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ ការងារ​របស់​ស្ត្រី​ចំនួន៦០ ភាគរយ​ ស្ថិត​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ផ្លូវការ​ ដែល​ទទួល​បាន​ការការពារ​មាន​កំណត់។ នេះ​មាន​ន័យ​ថា ​ស្រ្តី​ជាទូទៅ​ត្រូវ​បាន​មើល​រំលងដោយកម្មវិធីនានា​ដែល​ជួយដល់​ការងើបឡើងវិញ​នូវសេដ្ឋកិច្ច​ ខណៈស្រ្តី​ គឺ​ជា​បុគ្គល​ងាយរងគ្រោះនៃភាព​ក្រីក្រ​និង​អសន្តិសុខ​ស្បៀង នេះ​យោង​តាម​អ្នកស្រី Megan O'Donnell ជំនួយការ​ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​យេនឌ័រសកល។ អ្នកស្រីបាន​ថ្លែងក្នុងសម្តី​ដើមថា៖
«យើង​បាន​ឃើញ​ភស្តុតាងដែល​បង្ហាញថា​ អាជីវកម្ម​របស់ស្រ្តី បានបិទទ្វា​ច្រើន​ជាង​អាជីវកម្ម​របស់​បុរស»។
ហើយ​ចំនួន​ស្រ្តី​ដែល​ទទួលបន្ទុក​មើល​ថែទាំ​កុមារ​ដែល​មិន​ទៅ​សាលារៀន​មាន​កាន់​តែ​ច្រើន​ ដែល​ការណ៍​នេះ​ បង្ខំ​ឲ្យ​ស្រ្តី​មិនអាច​ទៅធ្វើការ​នៅ​ខាងក្រៅ​បាន​ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សេដ្ឋកិច្ច​ចំពោះ​ការងារ​ថែទាំ​កូន ​ដែល​មិន​ទទួល​បាន​កម្រៃ​នេះ។ លើស​ពី​នេះ​ទៅទៀត ​ស្រ្តី​ប្រឈម​នឹង​អំពើ​ហិង្សា​កាន់​តែខ្លាំង​ដោយសារ​ការបិទ​សកម្មភាព​ក្នុង​ប្រទេស​ និង​ពិបាក​ក្នុង​ការស្វែងរក​សេវា​ថែទាំ​សុខភាព​ផ្លូវភេទ​ និង​សុខភាព​បន្តពូជ​ដោយសារ​ជំងឺរាតត្បាត។
យោងតាម​អង្គការ​សុខភាព​ពិភពលោក​ បុគ្គលិក​សុខាភិបាលភេទ​ស្រី ៧០​ភាគរយ​នៅទូទាំងពិភពលោក​ កំពុង​ប្រឈម​នឹង​ហានិភ័យ​ដល់​ជីវិត​ដើម្បី​សង្គ្រោះជីវិត​អ្ន​កដ៏ទៃ។
លោក Jamille Bigio អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​កម្មវិធី​ស្រ្តី​និង​គោលនយោបាយ​ការបរទេស​នៅ​ឯ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ការបរទេស​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖
«ការលើកកម្ពស់​ដល់​ការចូលរួម​របស់​ស្រ្តី​នៅក្នុង​សេដ្ឋកិច្ច​នៅ​អំឡុងពេល​វិបត្តិ​កូវីដ១៩នេះ នឹង​តម្រូវ​ឲ្យ​មាន​ការផ្តោតខ្លាំង​លើ​បញ្ហា​ទាំង​នេះ។ នេះ​គឺ​ជា​អ្វី​ដែល​គម្រោង​ផ្តួចផ្តើម W-GDP​ គួរ​ចាត់វិធានការ​ដើម្បី​សម្រេច​តាម​គោលដៅរបស់​គម្រោង»។
ស្រ្តី​ក្នុង​តួនាទី​ជាអ្ន​កដឹកនាំ​សេដ្ឋកិច្ច
គម្រោង W-GDP ជឿថា ស្រ្តី​មិន​គួរត្រូវ​ចាត់ទុក​ថា​ជា​ជនរងគ្រោះ​ដែល​កំពុង​រង់ចាំ​ឲ្យ​គេ​ទៅ​ជួយ​នោះ​ទេ​ ប៉ុន្តែ​ស្រ្តី​គួរត្រូវ​បានមើលឃើញ​ថា​ ជា​អ្នក​ដឹកនាំ​សេដ្ឋកិច្ចដែល​ងើប​ចេញ​ពី​ការរាតត្បាត។ នេះ​ជាសម្តី​របស់​លោកស្រី Kelley Currie ឯកអគ្គរដ្ឋទូតគោរចរណ៍​របស់​សហរដ្ឋអាមេរិក​ទទួលបន្ទុក​បញ្ហា​ស្រ្តី​សកល។
លោកស្រី​ Currie បាន​ថ្លែង​ថា៖
«យើង​កំពុង​ផ្តោត​ទៅ​លើ​ការ​ស្វែង​រក​វិធី​ដើម្បី​ដក​របាំង​ទាំងនោះ​ចេញ​ ដើម្បី​ឲ្យ​ស្រ្តី​អាច​ចូលរួម​នៅក្នុងវិស័យ​សេដ្ឋកិច្ច​ឲ្យ​បាន​ពេញលេញ និង​ជួយ​ពួកគេ​ឲ្យ​ដឹកនាំ​ឆ្ពោះ​ទៅ​រក​វិបុលភាព​និង​ការរីកចម្រើន»។
អ្នកសង្កេតការណ៍​មួយ​ចំនួន​នៅតែ​ចោទ​ជា​សំណួរ​ថា តើ​វិសាលភាព​និង​ថវិកាតិចតួច​នៃ​គម្រោង​ផ្តួចផ្តើម​ដែល​មាន​ទឹកបា្រក់១០០លាន​ដុល្លារ​នៅ​ក្រោម​កម្មវិធី W-GDP​ នេះ​ នឹង​គ្រប់គ្រាន់​អាច​ដោះស្រាយ​វិបត្តិ​ទំាងនេះ​បាន​ដែរ ​ឬ ​យ៉ាងណា។
ទោះបីជា​កម្មវិធី W-GDP បាន​កើន​ជា​លំដាប់ ​ដែល​កាល​ពី​ដំបូង​មាន​ថវិកា​តែ៥០ លានដុល្លារ​ក៏ដោយ​ ក៏​កម្មវិធី​នេះ​ នៅ​តូចណាស់​បើ​ប្រៀបធៀប​ទៅ​នឹង​កម្មវិធី PEPFAR ដែល​មានការ​ឧបត្ថម្ភ​ថវិកា​រាប់ពាន់លាន​ដុល្លារ​នោះ​។ លោកស្រី Megan O'Donnell បានលើក​ជាឧទាហរណ៍​ដោយ​សំដៅ​ទៅ​គម្រោង​ផ្តួចផ្តើម​ដើម្បី​ដោះស្រាយ​ការឆ្លង​រាលដាល​មេរោគ HIV​ របស់​អតីតប្រធានាធិបតី លោកGeorge W. Bush ក្នុ​ងឆ្នាំ២០០៣។
លោកស្រី O’Donnell បាន​ថ្លែង​ថា ​ដើម្បីឲ្យ​ស្មើ​និង​ទំហំ​នៃ​បញ្ហា កម្មវិធី W-GDP នឹង​ត្រូវមាន​លទ្ធភាព​ដោះស្រាយ​បញ្ហា។ លោកស្រី​បន្ថែម​ថា ឳកាស​ទទួល​ជោគជ័យ​នឹង​កើនឡើង​ប្រសិនបើ​អ្ន​ក​ដែល​កំពុង​អនុវត្តគម្រោង​ផ្តួចផ្តើម​នេះ​ ទទួល​បាន​ធនធានហិរញ្ញវត្ថុ​សម្រាប់​យក​ទៅ​ប្រើប្រាស់។
សុខភាពបន្តពូជ
កម្មវិធី W-GDP បានទទួល​ការ​កោតសរសើរ ​ចំពោះ​ការធានាថា ​ទីភ្នាក់ងារ​នានា​របស់រដ្ឋាភិបាល​សហរដ្ឋអាមេរិក​រួមមាន​ ទីភា្នក់ងារ USAID សារជីវកម្ម​អភិវឌ្ឍ​សហសវត្ស​ MCC កម្មវិធី Peace Corps និង​ទីភ្នាក់ងារ​ផ្សេងៗ​ទៀត ​បញ្ចូល​យុទ្ធសាស្រ្ត​សសរស្តម្ភ​ទាំងបី​របស់​ខ្លួន ​និង​រាយការណ៍​អំពី​ការវិវត្ត​របស់​ពួកគេ​អនុលោមតាម​សូចនាករ​នៃ​ភាពជោគជ័យ​របស់​កម្មវិធី។
ប៉ុន្តែ​ការរិះគន់​ខ្លាំងបំផុត​គឺ​ថា​ គម្រោង​ផ្តួចផ្តើម​ដែល​ស្របតាម​គោល​នយោបាយ​ធំៗ​របស់​រដ្ឋបាលលោក Trump មិន​អើពើ​អំពី​ការវិនិយោគ​នានា​ដែល​គាំទ្រដល់​សុខភាព​ស្រ្តី​ សិទ្ធិ​ទទួល​បាន​សេវាថែទាំ​សុខភាព​ផ្លូវភេទ​ និង​សុខភាព​បន្តពូជ​ និង​ការកាត់បន្ថយ​អំពើហិង្សា​ប្រឆាំង​យេនឌ័រ​ជាដើម។
នៅសប្តាហ៍ទីមួយ​នៃ​ការចូល​កាន់តំណែង​ លោកប្រធានាធិបតី ​Donald Trump បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ឡើងវិញ​ និង​ពង្រីក​គោលនយោបាយ​ប្រឆាំង​ការរំលូតកូន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​គោលនយោបាយ​ទីក្រុងម៉ិកស៊ិក ដែល​ហាមឃាត់​អង្គការ​ក្រៅ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នានា​ដែល​ផ្តល់​ជំនួយ​ផ្នែក​សុខភាព​សកល​មិន​ឲ្យ​ផ្តល់​ព័ត៌មាន ​ឬ ​សេវា​អំពី​សុវត្ថិភាព​នៃ​ការរំលូតកូន។ នៅក្នុង​ឆ្នាំ២០១៨​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ​បាន​លុបចោល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សុខភាព​បន្តពូជ​ចេញ​ពី​របាយការណ៍​ប្រចាំឆ្នាំ​របស់ប្រទេស ហើយ​នៅក្នុង​ខែឧសភា ឆ្នាំ២០២០ លោក John Barsa រដ្ឋបាល​ស្តីទី​នៃ​ទីភ្នាក់ងារ USAID​ បាន​ផ្ញើរលិខិតមួយ​ច្បាប់​ទៅ​កាន់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ទាមទារ​ឲ្យ​ដក​កម្មវិធីថែទាំ​សុ​ខភាព​ផ្លូវភេទ​ និង​សុខភាព​បន្តពូជ​ចេញ​ពី​ផែនការ​ឆ្លើយតប​នឹងជំងឺ​កូវីដ១៩របស់​អង្គការ​សហប្រជាជាតិ។
លោកស្រី Amanda Klasing សហនាយក​ស្តីទី​នៃ​នាយកដ្ឋាន​សិទ្ធិស្រ្តីនៃ​អង្គការការពារ​សិទ្ធិមនុស្ស Human Rights Watch បាន​ថ្លែង​ក្នុ​ង​សម្តី​ដើម​ថា៖
«រាល់​កិច្ចសហការ​ទាំងអស់​នៅក្នុង​ពិភពលោក​ មិន​អាច​លុបបំបាត់​ការពិត​ដែល​ថា​កេរ្តិ៍ដំណែល​សិទ្ធិស្រ្តី​របស់រដ្ឋបាលលោក Trump ប្រឆាំង​នោះ​ គឺ​ជា​កេរ្តិ៍ដំណែលប្រឆាំង​នឹងស្ត្រី និង​ប្រឆាំង​នឹង​សិទ្ធិមនុស្ស។ ប្រសិនបើ​រដ្ឋបាល​លោក Trump នៅ​តែ​វាយប្រហារ​មិ​ន​ឈប់ឈរ​លើសិទ្ធិ​ទទួលបាន​សេវា​ថែទាំ​សុខភាព​ផ្លូវភេទ​ និង​សុខភាព​បន្តពូជ គ្រប់​ពេលដែល​ខ្លួន​មាន​ឳកាស​ ហើយ​មិនព្រម​ដោះស្រាយ​បញ្ហា​អំពើ​ហិង្សា​ប្រឆាំង​យេនឌ័រ​ទេ​នោះ ជោគជ័យ​របស់​កម្មវិធី W-GDP គឺ​គ្រាន់​តែជាជោគជ័យនៅលើក្រដាស​តែ​ប៉ុណ្ណោះ»។
ឆ្លើយនឹង​សំណួរ​របស់​វីអូអេ លោកស្រី Kelley Currie ឯកអគ្គរដ្ឋទូត​គោរចរណ៍​របស់​ក្រសួង​ការបរទេសទទួលបន្ទុក​បញ្ហា​ស្រ្តីសកល​ បាន​ការពារ​គម្រោង​ផ្តួចផ្តើម​នេះ។
លោកស្រី Currie បាន​ថ្លែង​ថា៖
«កម្មវិធី W-GDP បាន​គិតគូរ​យ៉ាង​ល្អិតល្អន់ និង​ផ្អែក​លើ​ការមូលមតិ​គ្នា​យ៉ាង​ខ្លាំង។ យើង​ជឿ​ថា​នេះ​ គឺ​ជា​មធ្យោបាយ​យ៉ាងល្អ​បំផុត​ដែល​យើងអាច​ប្រើ​ធនធាន​ដែល​យើង​មាន​ដើម្បី​ដក​របាំងនានា​ដែល​រារាំង​ដល់​ស្រ្តី»៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា
អ្នកស្រី Harris ប្រឈម​នឹង​ឧបសគ្គ និង​ឱកាស​ក្នុង​នាម​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ
អ្នកស្រី Harris បាននិយាយ​ថា៖ «យើង​ទាំងអស់គ្នា​ឋិត​នៅ​ក្នុង​ការ​ប្រយុទ្ធ​នេះ​ជាមួយ​គ្នា។ នេះ​ជា​កាតព្វកិច្ច​មួយ​ដ៏​អស្ចារ្យ។ នេះ​ជា​បុព្វសិទ្ធិ​មួយ​ដ៏​អស្ចារ្យ»។
ការ​អំពាវនាវ​របស់​អ្នកស្រី​គឺ​ត្រូវចិត្ត​របស់​អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ជា​ច្រើន។
អ្នកស្រី Dorian Tyus ដែល​ជា​អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ និយាយ​ថា៖ «យុវជន​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​អបអរ​សាទរ និង​មាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នកស្រី ដោយសារតែ​ការ​អំពាវនាវ​នេះ»។
កន្លង​មក​ធ្លាប់​មាន​បេក្ខជន​អនុ​ប្រធានាធិបតី ២ នាក់​មុន​អ្នកស្រី Harris ដែល​នោះ​គឺ​អ្នកស្រី Geraldine Ferraro ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ ១៩៨៤ និង​អ្នកស្រី Sarah Palin ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ឆ្នាំ ២០០៨។
អ្នកស្រី Ferraro និង​អ្នកស្រី Palin ត្រូវបាន​ជ្រើសតាំង​ដើម្បី​ផ្តល់​កម្លាំង​ដល់​ការ​ឃោសនា​បោះឆ្នោត​សម្រាប់​គណបក្ស​ដែល​មាន​អត្រា​គាំទ្រ​តិច​ជាង​គូ​ប្រជែង​នៅ​ក្នុង​ការ​ស្ទង់​មតិ។ ក៏ប៉ុន្តែ សម្រាប់​អ្នកស្រី Harris វិញ អ្នកស្រី​ចូលរួម​ជាមួយ​លោក Biden នៅ​ពេល​ដែល​ការ​ស្ទង់​មតិ​បង្ហាញ​ថា លោក​ Biden ជា​អ្នក​នាំ​មុខ​គូ​ប្រជែង។
លោក William Howell នៃ​សាកលវិទ្យាល័យ Chicago និយាយ​ថា៖ «លោក Biden ពឹង​ពាក់លើ​កម្លាំង​ពិត​ប្រាកដ​របស់​គណបក្ស ហើយ​លោក​យល់​ថា​អ្នកស្រី Harris ដែល​ជា​ស្ត្រី​មិនមែន​ស្បែក​ស​ស័ក្តិសម​ជា​ដៃគូ​ឈរ​ឈ្មោះ​របស់​លោក​សម្រាប់​ការបោះឆ្នោត​នេះ។ ករណី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទិសដៅ​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​ទិសដៅ​សម្រាប់​សហរដ្ឋ​អាមេរិក»។
អ្នក​នយោបាយ​ជា​ស្ត្រី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ជួប​ប្រទះ​ជា​យូរ​មកហើយ​នូវ​ឧបសគ្គ​បន្ថែម បើ​ប្រៀបធៀប​ជាមួយ​អ្នក​នយោបាយ​ជា​បុរស។ ឧបសគ្គ​បន្ថែម​ទាំង​នោះ​មាន​ដូចជា​ការណ៍​ដែល​ត្រូវ​គេ​វាយតម្លៃ​លើ​រូបរាង ឬ​ក៏​សំឡេង​របស់​ពួកគេ​ជាដើម។
បន្ថែម​ពី​លើ​នេះ​ទៀត ក្នុង​នាម​ជា​បេក្ខជន​ជា​ស្ត្រី​មិនមែន​ស្បែក​ស អ្នកស្រី Harris ប្រឈម​នឹង​ការ​វាយតម្លៃ​បន្ថែម​ទាក់ទិន​នឹង​ប្រវត្តិ​គ្រួសារ​របស់​អ្នកស្រី។ ទោះបីជា​អ្នកស្រី​ជា​ពលរដ្ឋ​អាមេរិកាំង​កើត​ក្នុង​រដ្ឋCalifornia ក៏​ដោយ ក៏​លោក​ប្រធានាធិបតី Donald Trump មិន​បាន​ច្រានចោល​នូវ​ការ​អះអាង​គ្មាន​មូលដ្ឋាន​ដែល​ថា អ្នកស្រី Harris គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​នោះ​ទេ ដោយសារតែ​មាន​ឪពុក​ម្ដាយ​ជា​ជន​អន្តោប្រវេសន៍។
ទោះបីជា​យ៉ាងណា​ក៏ដោយ នៅ​ទីបំផុត​វា​អាស្រ័យ​លើ​អ្នក​បោះឆ្នោត ដែល​ជា​អ្នក​សម្រេច​លើ​រឿង​ដែល​ត្រូវ​ជឿ។
លោក Abullah Haydar ដែល​ជា​អ្នកបោះឆ្នោត​ឯករាជ្យ និយាយ​ថា៖ «ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឪពុក​ម្តាយ​ជា​ជន​អន្តោប្រវេសន៍ អ្នក​មិន​ចាំបាច់​ត្រូវ​ព្យាយាម​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​អ្នក​ជា​ពលរដ្ឋ​អាមេរិកាំង​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ ដោយសារ​ពួក​អ្នក​រើសអើង​ជាតិ​សាសន៍​នឹង​មិន​ងាយ​ជឿ​អ្នក​ឡើយ [ដោយសារ​គំនិត​រើសអើង​នេះ​នៅ​ដក់​ជាប់​នឹង​គំនិត​របស់​ពួកគេ​រួច​ស្រេច​ទៅ​ហើយ]»។
អ្នកស្រី Harris ដែល​ជា​អតីត​រដ្ឋអាជ្ញា នឹង​បំពេញ​មុខ​នាទី​សំខាន់​មួយ​នៅ​ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​របស់​គណបក្ស​ប្រជាធិបតេយ្យ​លើ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump។
លោក​ប្រធានាធិបតី Trump កន្លង​មក ធ្លាប់​បាន​ហៅ​អ្នកស្រី Harrisថា​ជា​មនុស្ស «អាក្រក់» និង «កំណាច» ដែល​អ្នក​ខ្លះ​ចាត់ទុក​ពាក្យ​ទាំង​នេះ​ថា​មាន​លក្ខណៈ​ប្រកាន់​ភេទ។
ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកស្រី Harris មាន​ឱកាស​ច្រើន​ធ្វើ​ជា​អនាគត​នៃ​គណបក្ស​របស់​អ្នកស្រី។
សម្រាប់​លោក Biden ប្រសិនបើ​ជាប់​ឆ្នោត លោក​នឹង​មាន​អាយុ ៧៨ ឆ្នាំ​នៅ​ពេល​ស្បថ​ចូល​កាន់​តំណែង​នៅ​ខែ​មករា ដោយ​ធ្វើ​ឲ្យ​លោក​ក្លាយជា​បុរស​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ដែល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។
សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​ចម្រុះ​ជាតិ​សាសន៍​និង​វប្បធ៌ម​របស់​គណបក្ស​ប្រជាធិបតេយ្យ និង​គម្លាត​ជំនាន់​នៅ​ក្នុង​គណបក្ស។
លោក William Howell នៃ​សាកលវិទ្យាល័យ Chicago ថ្លែង​ថា៖ «លោក Biden បង្ហាញ​សញ្ញា​ថា​លោក​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ផ្ទេរ​កិច្ចការ​ឱ្យ​អ្នកស្រី Harris និង​អ្នក​ដែល​មាន​លក្ខណៈ​សម្បត្តិ ទស្សនៈ​វិស័យ និង​បទ​ពិសោធន៍​ជីវិត​ដូច​អ្នកស្រី Harris»។
ករណី​នេះ​មាន​ន័យ​ថា មិន​ថា​លោក Joe Biden ឈ្នះ ឬ​ក៏​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២០ នេះ​នោះ​ទេ អ្នកស្រី Kamala Harris ទំនងជា​នឹង​សម្លឹង​ឆ្ពោះ​ទៅ​មុខ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤៕
ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ
លោក Bolton ថា លោក Trump ប្រឡូក​ជាមួយ​មេដឹកនាំ​នានា​លើ​ពិភពលោក​ដើម្បី​ផល​ចំណេញ​ផ្ទាល់​ខ្លួន
នៅ​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​ចុះ​ផ្សាយ​ក្នុង​កាសែត Wall Street Journal កាល​ពី​ថ្ងៃ​ពុធ លោក Bolton បាន​សរសេរ​ថា នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ G-20 ក្នុង​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន កាល​ពី​ឆ្នាំ ២០១៨ លោក Trump បាន​ស្នើ​លោក Xi Jinping ឲ្យ​បង្កើន​ការ​ទិញ​របស់​ប្រទេស​ចិន​នូវ​ផលិតផល​កសិកម្ម​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​ខ្លួន​លោក​ឲ្យ​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ពី​បណ្ដា​រដ្ឋ​កសិកម្ម​នានា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ខែ​វិច្ឆិកា ឆ្នាំ ២០២០ ខាង​មុខ ជា​ថ្នូរ​នឹង​ការ​យក​ពន្ធ​គយ​លើ​ទំនិញ​ចិន​ក្នុង​អត្រា​មួយ​ដែល​ចិន​ពេញចិត្ត។
លោក Bolton បាន​សរសេរ​ថា នៅ​ក្នុង​ការ​ប្រជុំ​របស់​លោក​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មិថុនា ឆ្នាំ ២០១៩ ក្នុង​អំឡុងពេល​កិច្ច​ប្រជុំ G-20 នៅ​ក្នុង​ទីក្រុង Osaka ប្រទេស​ជប៉ុន លោក Xi Jinping បាន​ប្រាប់​លោក Trump ថា ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​គឺ​ជា​ទំនាក់ទំនង​ដ៏​សំខាន់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។
រឿងរ៉ាវ​ដូច​គ្នា​នៃ​ទំនាក់ទំនង​រវាង​លោក Trump និង​លោក Xi Jingping ក៏​មាន​បង្ហាញ​ផង​ដែរ​នៅ​ក្នុង​សៀវភៅ​កម្រាស់ ៥៩២ ទំព័រ របស់​លោក Bolton ដែល​នឹង​ជិត​ចេញ​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​នេះ។ សៀវភៅ​នេះ​មាន​ចំណងជើង​ថា៖ «បន្ទប់​ដែល​រឿងរ៉ាវ​បាន​កើត​ឡើង៖ កំណត់​ប្រវត្តិ​សេតវិមាន (The Room Where It Happened: A White House Memoir)។
សៀវភៅ​នេះ​គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​សប្ដាហ៍​ក្រោយ ប៉ុន្តែ​វា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ផ្លូវ​ច្បាប់​ដែល​កើន​ឡើង​ខ្លាំង​មួយ។ ក្រសួង​យុត្តិធម៌​បាន​ដាក់​បទ​បញ្ជា​បន្ទាន់​មួយ​កាល​ពី​យប់​ថ្ងៃ​ពុធ ដើម្បី​បញ្ឈប់​ការ​ចេញ​ផ្សាយ​សៀវភៅ​របស់​លោក Bolton នេះ គឺ​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​បាន​ដាក់​ពាក្យ​បណ្ដឹង​ក្នុង​គោល​បំណង​បញ្ឈប់​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​នេះ។
រដ្ឋបាល​លោក Trump អះអាង​ថា លោក Bolton កំពុង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​រឿង​សន្តិសុខ​ជាតិ៕
លោក​ត្រាំ​រិះគន់​​វីអូអេ បង្ហាញ​ថា ទីភ្នាក់ងារ​សារព័ត៌មាន​ដែល​ឧបត្ថម្ភ​ថវិកា​ដោយសហរដ្ឋអាមេរិក​មិនធ្វើ​ការតាម​រដ្ឋាភិបាល​អាមេរិក​ចង់​បាន​ទេ
តែ​១០​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​វាយប្រហារ​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០០១ មក​លើ​សហរដ្ឋ​អាមេរិក ដែល​បាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​អស់​ ២៩៧៧​ នាក់ និង​ធ្វើ​ឲ្យ​របួស​មនុស្សម្នា​ដទៃទៀត​រាប់​មិន​អស់​នោះ​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​និង​ជា​អ្នក​ការពារ Osama bin Laden ក្នុង​ប្រទេស​អាហ្វ្រហ្គានីស្ថាន​ គឺ​ Mullah Omar ដែល​រស់នៅ​ផ្តាច់​ខ្លួន​ពី​គេ​ឯង​ បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ​មួយ​ដល់​វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា ​Pashto។​
អ្នក​ស្រី Myrna Whitworth ដែល​គ្រា​នោះ​គឺ​ជា​នាយក​ស្តីទី​របស់​វីអូអេ បាន​ប្រគល់​ការងារ​ឲ្យ​អ្នកកាសែត​ពីរ​នាក់​ធ្វើ​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​តាលីបង់​ដ៏​អាថ៌កំបាំង​រូប​នេះ ដែល​បាន​អនុញ្ញាត​ឲ្យ Osama bin Laden ដែល​ជា​មេខ្លោង​នៃ​ការ​វាយប្រហារ​លើ​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១១ ​ខែ​កញ្ញា​នោះ រស់នៅ​លើ​ទឹក​ដី​អាហ្វ្រហ្គានីស្ថាន។
ប៉ុន្តែ ក្រោយ​មក មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ក្នុង​អាណត្តិ​លោកប្រធានាធិបតី Bush ក៏​បាន​ដឹង​ថា​វីអូអេ ត្រៀម​ផ្សាយ​រឿង​មួយ។ អ្នកស្រី Whitworth បាន​ទទួលទូរស័ព្ទ​ពី​ក្រសួង​ការបរទេស​អាមេរិក និងត្រូវ​បាន​គេ​ប្រាប់​អ្នក​ស្រី​ថា​បើ​អ្នក​ស្រី​ចាក់​ផ្សាយ​បទសម្ភាសន៍​របស់​លោក Mullah Omar នោះ វា​ស្មើ​នឹង​ការ​ធ្វើ​«អត្តឃាត​នយោបាយ»​ដូច្នេះ​ដែរ។​
លោក Richard Boucher ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក ក្នុង​អាណត្តិ​លោក​ប្រធានាធិបតី George W. Bush បាន​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ខណៈ​ដែល​រដ្ឋបាល​លោក Bush «គោរព​សិទ្ធិ​របស់​វីអូអេ ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ដោយសត្យានុម័ត» មន្ត្រី​នៅ​ពេល​នោះ មិន​ចង់​ឲ្យ​វីអូអេ «ធ្វើ​អ្វី​ដែល​យើង​គិត​ថានឹង​ជួយ​ពួក​សត្រូវ​នោះ​ទេ»។​
វីអូអេ ដែល​ជា​ស្ថាប័ន​ពហុប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សកល ​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល ផ្សាយ​ព័ត៌មាន​ជាង​៤០​ ភាសា ដល់​ទស្សនិកជន​ អ្នក​អាន​និង​អ្នក​ស្តាប់​រហូត​ដល់ ​២៨០ ​លាន​នាក់​ក្នុង​មួយ​សប្តាហ៍។ ស្ថាប័ន​នេះ មាន​ប្រវត្តិ​យូរលង់​មក​ហើយ​ ចាប់តាំង​ពី​សម័យ​សង្គ្រាមលោក​លើកទី​២​មកម្ល៉េះ ដោយ​ទទួលតម្រូវពី​សភា​ ក្នុង​ការ​ធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន​ដោយ​ឥតលម្អៀង​និង​គ្រប់ជ្រុងជ្រោយ។​
ប៉ុន្តែ ភាព​តានតឹង​រវាង​សេតវិមាន​និងវីអូអេ តែង​តែ​កើត​មាន​ឡើង​ជាហូរហែរ​អស់រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ ភាគច្រើន​ដោយសារ​តែ​លក្ខណៈ​ដាច់​ពី​គេ​នៃ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ពាក់កណ្តាល​ស្វយ័ត​ ដែល​មាន​លក្ខណៈ​មុះមុត​ដាច់​ខាត​ម្តងម្កាល ប៉ុន្តែ​ដំណើរការ​ក្រោម​ក្របខណ្ឌ​ការិយាធិបតេយ្យ​ដ៏​មហិមា​របស់​រដ្ឋាភិបាល​ថ្នាក់​ជាតិ។
កាល​ពី​ខែ​មេសា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចូល​រួម​ជាមួយប្រធានាធិបតី​មុនៗ​មួយ​ចំនួន ដែល​បាន​រក​រឿង​ចំពោះ​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​វីអូអេ​ដែរ តែ​ក្នុង​កម្រិត​និង​ភាព​ស្រួចស្រាវ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។​
លោក ត្រាំ បាន​និយាយ​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​ស្តី​ពី​ជំងឺ​កូវីដ១៩​ ​ដែល​ធ្វើ​ឡើង​នៅ​ឯ​ទីធ្លា ​Rose Garden ក្នុង​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មេសា ​ឆ្នាំ​២០២០​ ថា៖
«បើ​លោក​អ្នក​បាន​ឮ​អ្វី​ដែល​ចេញ​ពី​វីអូអេ នោះ​វា​ជា​រឿង​គួរ​ឲ្យ​ខ្ពើម​រអើម។ អ្វី​ដែល​ស្ថាប័ន​នេះ​និយាយ​ គឺ​គួរ​ឲ្យ​ជិនឆ្អន់​ចំពោះ​ប្រទេស​របស់​យើង​»។​
ការ​រអ៊ូរទាំ​របស់​លោក​ ត្រាំ មាន​មុខ​ពីរ។ ទី​១ ​គឺ​ការ​ចោទ​ថាវីអូអេ បាន​ប្រើ​ទិន្នន័យ​ដែល​គួរ​ឲ្យ​សង្ស័យ​របស់​រដ្ឋាភិបាល​ចិន ស្តីពី​ករណី​ឆ្លង​និង​ស្លាប់ ​ដោយសារ​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​ចិន នៅក្នុង​សេចក្តី​រាយការណ៍​របស់​វីអូអេ ប៉ុន្តែ​ស្ថាប័នសារព័ត៌មាន​នេះ បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ​យ៉ាង​ដាច់​អហង្ការ។​
ទី​២ លោក​ប្រធានាធិបតី ក្រេវក្រោធ ដោយសារ​លោក​មិន​អាច​លើកបន្តុប​ប្រធាន​ថ្មី​ឲ្យ​គ្រប់គ្រង​ស្ថាប័ន​មេ​របស់​វីអូអេ គឺ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ផ្សាយ​ព័ត៌មាន​សកល (U.S. Agency for Global Media) បាន​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ពី​ព្រោះ​តែ​ការ​រារាំង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ មិន​ឲ្យ​មាន​ការ​អនុម័ត​ក្នុង​ព្រឹទ្ធសភា​ទៅលើ​បេក្ខជន​ដែល​លោក​បាន​តែងតាំង។
លោក ត្រាំ ធ្លាប់​បានសម្តែង​ការ​សោកស្តាយ​ដែល​លោក​ខ្វះ​ការ​គ្រប់គ្រង​ទៅលើ​ប្រព័ន្ធផ្សព្វផ្សាយរបស់​រដ្ឋ​ ដែល​ផ្សាយឆ្លុះបញ្ចាំង​ពី​គុណតម្លៃ​របស់​លោក​និង​អ្នក​គាំទ្រ​រូប​លោក។ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​មុន លោក ត្រាំ បាន​ផ្តល់​យោបល់​ថា​ សហរដ្ឋ​អាមេរិក គួរ​តែ​បង្កើត​បណ្តាញផ្សាយ​ព័ត៌មាន​សកល​មួយ​ដែល​រដ្ឋ​គ្រប់គ្រង ដើម្បី​តទល់​នឹង​អ្វី​ដែល​លោក​ហៅ​ថា​ ជា​ការ​ធ្វើ​សេចក្តីរាយកាណ៍​ព័ត៌មាន​ដែល​«មិន​ស្មើ​ភាព»និង​«ក្លែងក្លាយ» ដោយ​បណ្តាញ​ផ្សាយព័ត៌មាន​តាម​ខ្សែ​កាប ​CNN និង​ដើម្បី​បង្ហាញ​ទៅកាន់​ពិភពលោក​ថា ​តើ​សហរដ្ឋ​អាមេរិក«អស្ចារ្យ»​ប៉ុណ្ណា។
ប៉ុន្តែ ដូច​ដែល​បទសម្ភាសន៍​ជាមួយ ​Mullah Omar និង​ឧទាហរណ៍​ផ្សេងៗ​ទៀត​ បាន​បង្ហាញ​ស្រាប់លោក ត្រាំ មិន​មែន​ជា​ប្រធានាធិបតី​ដំបូង​ទេ ​ដែល​បាន​រិះគន់​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​វីអូអេ​នោះ។
នេះ​គឺ​ដោយសារ​ការណ៍​ពិត​ដែល​ថា​ទោះបីជា​ស្ថាប័ន​សារ​ព័ត៌មាន​នេះ ជា​ទូទៅ​ត្រូវ​មើល​ពី​លើ​ដោយ​ឥស្សរជន​នយោបាយ ​ដែល​ទទួល​បាន​ការតែងតាំង​ពី​សេតវិមាន​ក៏​ពិតមែន ក៏​ខ្លឹមសារ​ព័ត៌មាន​របស់​អ្នក​កាសែត​អាជីព​នៃ​ស្ថាប័ន​នេះ ត្រូវ​តែ​គ្មាន​ភាព​លម្អៀង​ ដូច​ដែល​ច្បាប់​តម្រូវ។​
ការ​វិវត្ត​ផ្នែក​សម្រេច​អំពី​ការ​ផ្សាយ​របស់​ស្ថាប័ន​ផ្សព្វផ្សាយ​រដ្ឋាភិបាល
សេតវិមាន​និង​ក្រសួង​ការបរទេស​ បាន​បដិសេធ​សំណើ​របស់​វីអូអេ សុំ​ការ​ពន្យល់​បន្ថែម​អំពី​ការរិះគន់​របស់​លោក​ប្រធានាធិបតី ដែល​ត្រូវ​បានចាក់​ផ្សាយ​តាម​ទូរទស្សន៍ ឬ​អំពី​ការ​ចោទប្រកាន់​ដោយឡែក​ផ្សេង​ទៀត ​ដូច​ដែល​បាន​រៀបរាប់​នៅក្នុង​ខិត្តបណ្ណ​ព័ត៌មាន​របស់​សេតវិមាន​ កាល​ពី​ដើម​ខែ​ឧសភា​នេះ​ ដែល​បាន​ចោទប្រកាន់​វីអូអេ ថា​បាន​បំពងសំឡេង​ដល់​ការ​ឃោសនា​របស់​ចិន​ ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ​ប្រទេស​ចិន​ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។
នាយិកា​វីអូអេ​ គឺ​អ្នកស្រី អាម៉ាន់ដា បេណិត (Amanda Bennett) បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​នោះ ដោយ​និយាយ​ថា​វីអូអេ «ប្រឹងប្រែង​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​ប្រកប​ដោយ​ភាពសត្យានុម័ត​ផ្អែក​លើ​ការណ៍​ពិត ដែល​មិនបំពង​សារ​របស់​នរណា​ម្នាក់​ឡើយ»។
តាម​ពិត វីអូអេ បាន​បក​អាក្រាត​ព័ត៌មាន​មិន​ពិត​របស់​ចិន​ជិត ​២០ ​ដង។ នេះ​បើ​យោង​តាម​អង្គការ​តស៊ូមតិ​ខាង​សេរីភាព​សារព័ត៌មាន​មួយ​ឈ្មោះ​ថា​ The Reporters Committee​ [For Freedom of the Press]​ ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​
​ការ​សម្រេចអំពី​ការ​ផ្សាយ​ដោយអព្យាក្រិត​បែប​នេះ មិនមែន​ជា​គោលនយោបាយ​របស់​វីអូអេ​ជានិច្ច​នោះ​ទេ។ ក្រោយ​ពី​ស្ថាប័ន​សារព័ត៌មាន​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ​១៩៤២ ដើម្បី​តទល់​នឹង​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស Nazi អាល្លឺម៉ង់ ដោយ​ប្រើ​សារព័ត៌មាន​ដែល​មាន​លក្ខណៈ​សត្យានុម័ត​ ការ​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​វីអូអេ​ក្នុងរយៈពេល ​១​ទសវត្សរ៍ដំបូង គឺ​អាស្រ័យ​លើ​ការ​យល់ព្រម​ពី​មន្ត្រី​រដ្ឋាភិបាល។
នៅ​គ្រា​ដែល​មាន​វិបត្តិ​មីស៊ីល​គុយបា ​ឆ្នាំ​ ១៩៦២​ ក្នុង​អាណត្តិ​លោក​ប្រធានាធិបតី​ John F. Kennedy វីអូអេ មួយ​ផ្នែក​ធំ​ «ដំណើរការ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល»។ ​នេះ​បើ​ផ្អែក​តាម​លោក Nicholas Cull សាស្ត្រចារ្យ​ខាង​ការទូត​សាធារណៈ​នៃ​មហាវិទ្យាល័យ​សារគមនាគមន៍ និង​សារព័ត៌មាន (Annenberg School for Communication and Journalism) នៃ​សាកលវិទ្យាល័យ University of Southern California និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «សង្គ្រាម​ត្រជាក់​និង​ទីភ្នាក់ងារ​ព័ត៌មានសហរដ្ឋ​អាមេរិក» ឬ (The Cold War and the United States Information Agency)។
លោក Cull និយាយ​ថា៖ «មាន​មន្ត្រី​រដ្ឋបាល​ម្នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​វីអូអេ ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​សហរដ្ឋ​អាមេរិក​ដែល​មើល​ការងារ​ពី​លើ។ មន្ត្រី​នោះ​ត្រូវ​អនុម័ត​គ្រប់​អត្ថបទ​មុន​ផ្សាយ»។
វិធីសាស្ត្រ​នេះ រអាក់រអួល ក្នុង​ពេល​មាន​រឿង​អាស្រូវ Watergate ដែល​បាន​ឈាន​ទៅ​ដល់​ការ​លាលែង​ពី​តំណែង​របស់​លោក​ប្រធានាធិបតី Richard Nixon នៅ​ឆ្នាំ​ ១៩៧៤។ លោក​សាស្ត្រាចារ្យ Cull និយាយ​ថា អ្នក​កាសែត​វីអូអេ ដែល​បាន​ទទូច​ធ្វើ​សេចក្តីរាយការណ៍​ពេញលេញ​អំពី​ការ​ស៊ើបអង្កេត​ទៅលើ​ការ​ចោទប្រកាន់​ពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​លោក​ប្រធានាធិបតី បាន​ធ្វើ​ឲ្យ​មាន​ការ​ជំទាស់​ពី​មន្ត្រី​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​សហរដ្ឋ​អាមេរិក ដែល​ចង់​បាន​រឿង​ដែល​មាន​លក្ខណៈ​វិជ្ជមាន​ជាង​នេះ។
លោក Cull និយាយ​ថា​អ្នក​កាសែត​វីអូអេ ចង់​ប្រែក្លាយ​រឿង​អាស្រូវ Watergate​ នោះ ទៅ​ជា​«មេរៀន​ពលរដ្ឋ​វិជ្ជាចាក់​ផ្សាយ​តាម​រលក​ធាតុអាកាស ដែល​បង្ហាញ​ថា​ កម្លាំង​នៃសហរដ្ឋ​អាមេរិក មិន​មែន​ស្ថិត​នៅ​លើ​ប្រធានាធិបតី​ដែល​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ តែ​ស្ថិត​នៅ​លើ​សមត្ថភាព​របស់​សភា​នៃ​ប្រទេស​នេះ ដើម្បី​កែកំហុស​នោះ​តាម​នីតិវិធី​ច្បាប់»។
ទី​បំផុត មាន​ការ​សម្រុះសម្រួល​គ្នា​មួយ​ថា ​ពេលណា​ដែល​មាន​ការ​ផ្សាយ​រឿង​អវិជ្ជមាន​អំពី​ប្រធានាធិបតី នោះ​ត្រូវ​តែ​មាន​ការ​ផ្សាយ​រឿង​វិជ្ជមាន​ដែរ។​
លោក Cull និយាយ​ថា៖ «ការ​ធ្វើ​បែប​នេះ នាំ​ឲ្យ​មាន​ការ​ផ្សាយ​ព័ត៌មានយ៉ាង​ចម្លែក​មួយ ។ គេ​ផ្សាយ​ថា​ថ្ងៃ​នេះ​លោក​ប្រធានាធិបតី​ត្រូវ​បាន​ចាត់ទុក​ថា​ ជា​សហ​អ្នកសមគំនិត​ម្នាក់ក្នុង​រឿង​អាស្រូវ​Watergate ដែល​មិន​ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ។ល។ ហើយ​ក្រោយ​មក​ព័ត៌មាន​ផ្សាយ​ថា ​ភរិយា​របស់​លោក​ប្រធានាធិបតី​ Nixon បាន​បើក​សម្ភោធ​សាលា​រៀន​ថ្មី​មួយ​សម្រាប់​កុមារ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន»។​
ទី​ភ្នាក់ងារ​សារព័ត៌មាន​ដែល​ត្រូវ​បាន​ហាម​ប្រាម​ មិនឲ្យ​បង្ហាញ​ភាព​លម្អៀង
ដល់ឆ្នាំ​១៩៧៦ សភា​និង​ថ្នាក់​ដឹកនាំ​វីអូអេ បាន​កំណត់​ថា ​ស្ថាប័ន​សារព័ត៌មាន​នេះ ចាំបាច់​ត្រូវ​មាន​ការសម្រេច​ចិត្ត​ខាង​ការ​ផ្សាយ​ឲ្យ​បាន​ច្បាស់លាស់​ជាង​មុន ដើម្បី​ធានា​ថា​ស្ថាប័ន​នេះ​ អាច​រក្សា​ភាព​គួរ​ឲ្យ​ជឿជាក់​ចិត្ត​បាន សម្រាប់​ទស្សនិកជន អ្នក​អាន​និង​អ្នក​ស្តាប់​របស់​ខ្លួន​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក។ សភា​ក៏​បាន​ព្រាង​ធម្មនុញ្ញ​មួយ​ដែល​ចែង​ថា ​វីអូអេ​ត្រូវ​តែ​ផ្សាយ​ព័ត៌មាន​ពិត ផលិត​ខ្លឹមសារ​ដែល​តំណាង​ឲ្យ​សង្គម​អាមេរិកាំង​ទាំង​មូល និង​ផ្តល់​ការ​ពន្យល់​និង​ការ​ពិភាក្សា​យ៉ាង​ច្បាស់​អំពី​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក។
ធម្មនុញ្ញ វីអូអេ
១. វីអូអេ នឹង​ជា​ប្រភព​ព័ត៌មាន​ដែល​ទុកចិត្តបាន និង​ផ្លូវការ​ជានិច្ចកាល។ ព័ត៌មាន​ វីអូអេ នឹង​ត្រឹមត្រូវ មិន​លំអៀង និង​គ្រប់ជ្រុងជ្រោយ។
២. វីអូអេ នឹង​តំណាង​ឲ្យ​សហរដ្ឋ​អាមេរិក មិន​មែនតំណាង​ឲ្យ​តែ​ផ្នែក​ណា​មួយ​នៃ​សង្គម​អាមេរិកាំង​ទេ។​ ហេតុ​ដូច្នេះ វីអូអេ នឹង​ឆ្លុះ​បញ្ចាំង​ផ្នត់​គំនិត និង​ស្ថាប័ន​អាមេរិកាំង​សំខាន់ៗ ដោយ​មាន​តុល្យភាព និង​គ្រប់ជ្រុងជ្រោយ។
៣. វីអូអេ នឹង​បង្ហាញ​គោល​នយោបាយ​សហរដ្ឋ​អាមេរិក យ៉ាងច្បាស់លាស់ ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​ថែម​ទាំង​នឹង​មាន​ការពិភាក្សា និង​ការបញ្ចេញ​មតិ​ដោយ​មាន​ការទទួល​ខុសត្រូវ លើ​គោល​នយោបាយ​ទាំង​នេះ។
ការ​អនុវត្តសេចក្តីសម្រេចក្នុង​ការ​ផ្សាយរបស់​ស្ថាប័ន​សារព័ត៌មាន​នេះ ត្រូវ​បាន​កំណត់​បន្ថែម​ទៀត​នៅ​ក្នុង​ច្បាប់​ឆ្នាំ​ ១៩៩៤​ និង​ឆ្នាំ​ ២០១៦ ដែល​បាន​ចែង​ជាក់លាក់​អំពី​វិធានការ​ការពារ​អ្នក​កាសែត​ កុំឲ្យ​រង​ឥទ្ធិពល​នយោបាយ និង​ឲ្យ​ស្ថាប័ន​នេះ ​គោរព​ «បទដ្ឋាន​វិជ្ជាជីវៈ​ខ្ពស់​បំផុត​នៃ​វិជ្ជាជីវៈសារព័ត៌មាន​ផ្សព្វផ្សាយ​តាម​រលក​អាកាស» ខណៈ​ដែល​ត្រូវរក្សា​ឲ្យ​ខ្ជាប់ខ្ជួន​ស្រប​តាម​ «គោលបំណង​នៃ​គោលនយោបាយ​ការបរទេស​ទូលំទូលាយ​របស់​សហរដ្ឋ​អាមេរិក»។
លោក Richard Stengel អតីតនិពន្ធ​នាយកម្នាក់​នៃ​ទស្សនាវដ្តី Time និង​ជា​អតីត​រដ្ឋលេខាធិការ​ម្នាក់​ទទួល​បន្ទុក​កិច្ច​ការ​ការទូត​សាធារណៈ​ក្នុង​អាណត្តិ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​និយាយ​ថា ​អ្វី​ដែល​ធ្វើ​ឲ្យ​វីអូអេ​ខុស​ពី​គូប្រជែង​របស់​ខ្លួន​ខ្លះ​ទៀត​នោះ​ គឺ​ឯករាជ្យភាព​នេះ​ឯង។​
លោក Stengel និយាយ​ថា៖ «វីអូអេ មិនមែន​ជា​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​រដ្ឋ​របស់​សហរដ្ឋ​អាមេរិក ដូចស្ថាប័ន​ទូរទស្សន៍​រដ្ឋ​នៅក្នុង​ប្រទេស​ផ្តាច់​ការនានា​មាន ដើម្បី​ឆ្លុះបញ្ចាំង​ពី​គោលបំណង​នៃ​គោលនយោបាយ​ការបរទេស​ ឬ​គោលការណ៍​របស់​ប្រទេស​នោះ​ទេ។ វីអូអេ មិន​មែន​ដូច​អ្វី​ដែល​កូរ៉េ​ខាង​ជើង​មាន​ ឬ​ចិន​មាន ឬ​គុយបា​មាន ឬ​ប្រទេស​ផ្សេងៗ​ទៀត​បែប​ហ្នឹង​មាន​នោះ​ទេ។ វីអូអេ ជា​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​ឯករាជ្យ ​ហើយ​នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​វីអូអេ មាន​អ្នក​គាំទ្រ​និង​ស្ងើចសរសើរ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក»។
ស្ថាប័ន​ផ្សាយ​ព័ត៌មាន​សហរដ្ឋ​អាមេរិក និង​ថ្នាក់ដឹកនាំ​ដែល​មាន​ការ​យល់ព្រម​ពី​សេតវិមាន
ទោះបីជា​អ្នក​កាសែត​វីអូអេ ត្រូវ​ផលិត​ព័ត៌មាន​ប្រកប​ដោយ​សន្យានុម័ត​ក៏ដោយ ក៏​ស្ថាប័ន​សារព័ត៌មាន​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​នីតិ​ប្រតិបត្តិ ដែល​មាន​សិទ្ធិអំណាច​តែងតាំង​នាយកប្រតិបត្តិ​មួយ​រូប​ឲ្យ​ដឹកនាំ​ស្ថាប័ន​មេ​របស់​វីអូអេ គឺ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ផ្សាយ​ព័ត៌មាន​សកល (the U.S. Agency for Global Media) ឬ​ហៅ​កាត់​ថា ​USAGM​។
​ទីភ្នាក់ងារ USAGM មើល​ពី​លើ​បណ្តាញ​ផ្សព្វផ្សាយ​សាធារណៈ​ចំនួន ​៥ ​ដែល​ឧបត្ថម្ភ​ដោយ​ថវិកា​ជាតិ។ បណ្តាញ​ទាំង​នេះ ផ្សាយ​ព័ត៌មាន​ទៅ​កាន់​ប្រទេស​នានា​ដែល​មាន​ការ​រឹតត្បិតសារព័ត៌មាន។ នាយកប្រតិបត្តិ​នៃ​ទីភ្នាក់ងារ USAGM រួម​ជាមួយ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អ្នក​ដឹកនាំ​ប្រព័ន្ធផ្សព្វផ្សាយ ​និង​អ្នកជំនាញ​ខាង​កិច្ចការ​អន្តរជាតិ ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​របស់​សហរដ្ឋ​អាមេរិក ជា​អ្នក​តែងតាំងនាយក​ ឬ​នាយិកា​នៃ​បណ្តាញ​ទាំង​ ៥​ របស់ ​USAGM រួម​ទាំង​វីអូអេ​ដែរ។
លោក ​ត្រាំ បាន​តែង​តាំង​លោក Michael Pack ដែល​ជា​អ្នក​ដឹកនាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ជា​ផលិតករ​ភាព​យន្ត​ឯកសារ​ ដែល​មាន​និន្នាការ​នយោបាយ​អភិរក្ស​និយម​ ឲ្យ​ធ្វើ​ជា​នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ USAGM កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៨។​
សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ លោក Bob Menendez មក​ពី​រដ្ឋ New Jersey ថ្មីៗ​នេះ បាន​សរសេរ​លិខិត​ទៅ​កាន់​សេតវិមាន​ ដោយ​រៀបរាប់​ថា​ លោក Pack មិន​ទាន់​បាន​ឆ្លើយ​សំណួរ​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា អំពី​ការ​ចោទប្រកាន់​ទាក់ទង​នឹង​ការ​ធ្វើ​ជំនួញ​ផ្ទាល់​ខ្លួន​របស់​លោក និង​របាយការណ៍​បង់ពន្ធ​លើ​ប្រាក់​ចំណូល​របស់​លោក​ក្នុង​ពេល​កន្លងមក ព្រមទាំង​ការ​ចោទប្រកាន់​អំពី «កាលៈទេសៈ​អវិជ្ជមាន» ជុំវិញ​ការ​ចាកចេញ​ពី​ការងារ​ចាស់​របស់​លោក​ ពី​ការងារ​មុនមួយ។​
ស្ត្រី​អ្នក​នាំពាក្យ​ម្នាក់​របស់​លោក Pack បាន​ប្រាប់​វីអូអេ​ថា លោក Pack បដិសេធ​ មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​រឿង​នេះ​ទេ ដោយសារ​រូប​លោក​ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សួរ​ដេញដោលរបស់ព្រឹទ្ធសភា​ក្នុង​ដំណើរការ​តែង​តាំង​ដែល​នៅ​មាន​ជា​បន្ត​នៅ​ឡើយ។
លោក Clifford May នាយក​ស្ថាប័ន​ស្រាជ្រាវ​គោលនយោបាយ​អភិរក្ស​និយម​មួយ​ឈ្មោះ​ថា មូលនិធិ​ការ​ពារ​ប្រជាធិបតេយ្យ (Foundation for Defense of Democracies) បាន​និយាយ​ថា​ការ​រិះគន់​របស់​លោក​ ត្រាំ ទៅលើ​វីអូអេ គឺ​សមហេតុផល ដោយសារ​តែការ​មិន​សប្បាយ​ចិត្ត​របស់​លោក​ប្រធានាធិបតី​ចំពោះ​ការ​ដែល​លោក​មិន​អាច​ឲ្យ​ព្រឹទ្ធសភា​អនុម័ត​យល់​ព្រម​លើ​បេក្ខជន​ដែល​លោក​បាន​ស្នើ​តែងតាំង។​
លោក May បាន​ចាត់​ទុក​នាយិកា VOA គឺ​អ្នក​ស្រី Bennett ថា ​ជា​មន្ត្រី​សល់​ពី​រដ្ឋបាល​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ខាង​គណបក្ស​ប្រជាធិបតី ដែល​បាន​បរាជ័យ​ក្នុង​ការ​ពន្យល់​ឲ្យ​បាន​គ្រប់គ្រាន់​នូវ​គោល​នយោបាយ​របស់​រដ្ឋបាល​លោក​ត្រាំ ទៅ​កាន់​ពិភពលោក។
លោក May និយាយ​ថា៖ «គោលនយោបាយ​នោះ​គួរ​តែ​ត្រូវ​បាន​ពន្យល់​តាម​វីអូអេ។​ បើ​មិន​តាម​រយៈ​វីអូអេ​ ពន្យល់​តាម​ណា​ទៀត? នេះ​មិន​មែន​មាន​ន័យ​ថា មិន​អាច​មាន​បទវិចារណកថា ​ឬ​ការ​រិះគន់​ទៅលើ​លោក​ប្រធានាធិបតី​នោះ​ទេ។ អ្វីៗ​ទាំងអស់​អាចឲ្យ​មាន​នៅ​ជាមួយ​គ្នា​ ឲ្យ​មាន​តុល្យភាព។ ការ​ធ្វើ​បែប​នេះ​បាន ត្រូវ​ការ​អ្នកកាសែត​ល្អ។ វា​ច្បាស់​ណាស់​ថា​រដ្ឋបាល​បច្ចុប្បន្ន គិត​ថា​អ្នក​គ្រប់​គ្រង​ស្ថាប័ន​នេះ​សព្វថ្ងៃ ធ្វើ​ការ​មិន​បាន​សមស្រប​ទេ»។​
អ្នក​ស្រី Bennett អតីត​អ្នក​ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន Bloomberg News​ និង​ជា​និពន្ធ​នាយក ​កាសែត Philadelphia Inquirer ត្រូវ​បាន​តែងតាំង​ជា​នាយិកា​វីអូអេ​នៅ​ខែ​មីនា ឆ្នាំ​២០១៦ ហើយ​បាន​បន្ត​មើល​ការ​ខុសត្រូវ​ទីភ្នាក់ងារ​សារព័ត៌មាន​នេះ​ រហូត​ចូល​ដល់​អាណត្តិ​លោក​ ត្រាំ។
ក្នុង​ពេល​មាន​ជម្លោះ​កាល​ពី​ឆ្នាំ ២០០១ ​ពាក់ព័ន្ធ​នឹង​បទសម្ភាសន៍​ជាមួយ​ ​Mullah Omar នោះ អ្នកកាសែត​វីអូអេ​ជាង​ ១០០​ នាក់ បាន​តវ៉ា ដោយ​នាំ​គ្នា​ដាក់​ញត្តិ ជំរុញ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​នេះ តតាំង​នឹង​សម្ពាធ​នយោបាយ។ ទី​បំផុត វីអូអេ ក៏​បាន​ចាក់ផ្សាយ​ផ្នែក​ខ្លះ​នៃ​បទសម្ភាសន៍​នោះ ហើយ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ទៅ​កាន់​ក្រុម​អ្នក​រិះគន់ ដើម្បី​ការពារ​សេចក្តីរាយការណ៍​របស់​ខ្លួន។
ផ្នែក​មួយ​នៃ​សេចក្តីថ្លែងការណ៍​នោះ​ សរសេរ​ថា៖
«ពលរដ្ឋ​ក្នុង​ប្រទេស​អាហ្វ្រហ្គានីស្ថាន កំពុង​ចាំ​ស្តាប់​យើង ដោយ​សារ​ពួកគេ​ទុកចិត្ត​ពួកយើង ហើយ​យើង​ប្រាប់​រឿង​ទាំង​មូល»។
លោក Boucher ដែល​បច្ចុប្បន្ន គឺ​ជា​សាស្ត្រាចារ្យ​ខាង​គោលនយោបាយ​ការបរទេស​នៅ​សាកលវិទ្យាល័យ Brown University បាន​និយាយ​ថា ក្រោយ​មក​ ភាគី​ទាំង​សងខាង «ក៏​បាន​បំភ្លេច»​រឿង​ទាស់គ្នា​នោះ។ ប៉ុន្តែ មិន​ដល់​២​សប្តាហ៍​ផង ក្រោយ​ពី​ការ​ចាក់ផ្សាយ​បទសម្ភាសន៍​នោះ អ្នក​ស្រី Whitworth ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ជា​នាយិកា​ស្តី​ទី ហើយ​ជំនួស​មក​វិញ​ដោយ​លោក Robert R. Reilly​ ដែល​សេតវិមាន​ជា​អ្នក​តែងតាំង។
អ្នកស្រី Whitworth ដែល​ជា​អ្នក​កាសែត​អាជីព​នៅ​ស្ថាប័ន​សារព័ត៌មាន​នេះ និង​ដែល​មិនមែន​ជា​បេក្ខ​នារី​ទទួល​បាន​ការតែងតាំង​តាម​បន្ទាត់​នយោបាយ​នោះ បាន​និយាយ​ថា៖ «សម្ពាធ​នោះ មិន​ច្បាស់​ក្រឡែត​ទេ ប៉ុន្តែ​ពួក​គេ​បាន​បង្ហាញ​ច្បាស់លាស់ថា ​ខ្ញុំ​នឹង​គ្មាន​តួនាទី​អ្វី​ទៀត​ក្នុង​ការ​សម្រេច​ខាងការ​ផ្សាយទៀតទេ​»។
អ្នកស្រី ក៏​បាន​សម្រេច​ចិត្ត​ចូលនិវត្តន៍​មុន​កាល​កំណត់។
ស្ថាប័ន​ផ្សព្វផ្សាយ​រដ្ឋាភិបាល​ដែល​បត់បែន​តាម​ស្ថានភាព​តានតឹងនយោបាយ​
អ្នក​ស្រី Lata Nott នៃវេទិកាសេរីភាព (​Freedom Forum) បាន​និយាយ​ថា រយៈកាល​ដែល​មាន​ការ​ចែងចែក​ខាង​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក ​ដូចជា​ពេល​មាន​សង្គ្រាម​ ឬ​ការ​ចោទប្រកាន់​ដក​តំណែង​ប្រធានាធិបតី​ជាដើម អាច​ធ្វើ​ឲ្យ​វីអូអេ ឈរ​នៅ​ទីតាំង​ដ៏​ពិបាក​មួយ។ ប៉ុន្តែ អ្នក​ស្រី និយាយទៀត​ថា គ្រា​ទាំង​នោះ ក៏​ជា​ពេល​ដែល​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​នេះ កសាង​ភាព​គួរ​ឲ្យ​ជឿជាក់​បាន​ ជាមួយ​ទស្សនិកជន អ្នក​អាន​និង​អ្នកស្តាប់​របស់​ខ្លួន​បានដែរ។
អ្នក​ស្រី Nott និយាយ​ថា៖ «ការណ៍​ដែល​ស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ​ដែល​ឧបត្ថម្ភ​ដោយ​ថវិកា​ជាតិ​របស់​យើង​ មិន​មែន​ជា​ប្រព័ន្ធផ្សព្វផ្សាយ​គ្រប់​គ្រង់​ដោយ​រដ្ឋ តែ​ជា​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ក្រៃលែង»។
​លោក Cull ដែល​ជា​ប្រវត្តិវិទូ​នៃសាកលវិទ្យាល័យ University of Southern California បាន​និយាយ​ថា៖ «​វា​ជា​រឿង​ធម្មតា​ទេ​ដែល​រដ្ឋាភិបាល​មួយ​អាច​និយាយ​ថា ​យើង​ជា​អ្នក​ចំណាយលុយ​ទៅ​លើ​ស្ថាប័ន​នេះ ដូច្នេះ​យើង​ចង់​ឲ្យ​ស្ថាប័ន​នេះផ្សាយ​រឿង​ល្អបំផុត​របស់​យើង»។​
លោក Cull បន្ត​ទៀត​ថា៖ «ប៉ុន្តែ​វា​ក៏​ជា​រឿង​ធម្មតា​ដែរ​សម្រាប់​អ្នក​កាសែត​ដែល​ត្រូវ​តបត​វិញ ហើយ​និយាយ​ថា​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ទាក់ទង​នឹង​ការ​ប្រាប់​រឿង​ពី​គ្រប់​ភាគី ហើយ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​គេ​ជឿ​ជាក់​បាន»៕
ចាប់ពី​កកើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៤១​ មក ដើម្បី​តទល់​នឹង​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស Nazi អាល្លឺម៉ង់ និង​ទោះបីជា​មាន​ច្បាប់​ជា​ហូរ​ហែ​ដែល​ការពារ​ឯករាជ្យ​ភាព​ក្នុងការ​សម្រេច​ចិត្ត​ផ្សាយ​របស់​វីអូអេ​ក៏​ដោយ ក៏​ស្ថាប័ន​សារព័ត៌មាន​នេះ បាន​ប្រឹងប្រែង​ប្រយុទ្ធ ដើម្បី​រក្សា​ឯករាជ្យ​ភាព​របស់​ខ្លួន​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទរហណ៍​មួយ​ចំនួន៖
​នៅ​ដើម​ទសវត្សរ៍​៦០ វីអូអេ មិន​អាច​ផ្សាយ​ព័ត៌មាន​អំពី​វិបត្តិ​មីស៊ីល​គុយបា ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន​សហរដ្ឋ​អាមេរិក (USIA) ដែល​ជា​ស្ថាប័ន​មេ​មើល​ពី​លើ​វីអូអេ​នៅ​គ្រា​នោះបាន​ទេ។
​ពេល​ធ្វើ​សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​រឿង​អាស្រូវ Watergate ដែល​បាននាំ​ឲ្យ​មានការ​លាលែង​ពី​តំណែង​របស់​លោក​ប្រធានាធិបតី Richard Nixon នៅ​ឆ្នាំ ​១៩៧៤​ វីអូអេ បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​មន្ត្រី USIA​ ដែល​ចង់​ឲ្យ​វីអូអេ ផ្សាយ​ទិដ្ឋភាព​វិជ្ជមាន​អំពី​រឿង​អាស្រូវ​នោះ។ មាន​ការ​សម្រុះសម្រួល​គ្នា​មួយ​ថា​ពេលណា​ដែល​មាន​ការ​ផ្សាយ​រឿង​អវិជ្ជមាន​អំពី​លោក ​Nixon នោះ​ត្រូវ​តែ​មាន​ការ​ផ្សាយ​រឿង​វិជ្ជមាន​ដែរ។
​ក្នុង​អាណត្តិ​ប្រធានាធិបតី George H.W. Bush ទី​ភ្នាក់ងារ​ USIA បាន​ព្យាយាម​រារាំង​មិន​ឲ្យ​វីអូអេ​ចាក់ផ្សាយ​បទសម្ភាសន៍​ជាមួយ​លោក Fang Lizhi បន្ទាប់​ពី​អ្នក​ប្រឆាំង​ចិន​រូ​ប​នេះ បាន​មក​ដល់​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ ១៩៩០។ លោក Fang បាន​យក​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំងជា​កន្លែង​លាក់​ខ្លួន ហើយ​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀងគ្នា​ក្នុង​ការ​អនុញ្ញាតឲ្យ​លោក​ចាកចេញ​ពី​ប្រទេស​ចិន​បាន ​គឺ​ថា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​មិន«ទាញ​ប្រយោជន៍»​ពី​រឿង​របស់​លោក​ទេ។
​ហេតុការណ៍​ស្រដៀង​គ្នា​នេះ បាន​កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៧ ពេល​ដែល​រដ្ឋបាល​លោក ប៊ីល គ្លីនតុន បាន​ជួយ​ធានា​ឲ្យ​មាន​ការ​ដោះលែង​លោក Wei Jingsheng ហើយ​បាន​ព្យាយាម​រារាំង​វីអូអេ កុំ​ឲ្យ​ចាក់​ផ្សាយ​បទសម្ភាសន៍​ជាមួយ​លោក Wei ដោយ​បារម្ភ​ថា ការ​ផ្សាយ​នោះ អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ដោះលែង​អ្នក​ប្រឆាំង​ក្រោយៗ​ទៀត​នៅ​ពេល​អនាគត។
​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​មាន​ការ​វាយប្រហារ​ថ្ងៃ​ទី​១១ ​ខែវិច្ឆិកា ក្រសួង​ការបរទេស​ ក្នុង​អាណត្តិ​លោក George W. Bush បាន​ព្យាយាម​រារាំង​វីអូអេ មិន​ឲ្យ​ផ្សាយ​បទសម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​មេដឹកនាំ​តាលីបង់​ Mullah Omar ដែល​បាន​អនុញ្ញាត​ឲ្យ​ Osama bin Laden រស់នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ការ​ពិភាក្សា​អំពី ​«តួនាទី​របស់​វីអូអេ​ ក្រោយ​ថ្ងៃ​១១ ​ខែវិច្ឆិកា​» បាន​បន្ត​ ក្រោយ​ពី​ស្ថាប័ន​សារព័ត៌មាន​នេះ បាន​ផ្សាយ​ផ្នែក​មួយ​នៃ​បទ​សម្ភាសន៍​នោះ។
មន្ត្រី​ខ្លះ​ក្នុង​អាណត្តិ​លោក​បារ៉ាក់ អូបាម៉ា បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​វីអូអេ មិន​បាន​ឆ្លុះ​បញ្ចាំង​ពីអាទិភាព​នៃ​គោលនយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក ប្រឆាំង​នឹង​អំពើ​ហិង្សា​ជ្រុល​និយម។
ប្រែសម្រួល​ដោយ​ សាយ មុន្នី
ចំណាត់​ការ​របស់​លោក ដូណាល់ ត្រាំ ​អំពី​វិបត្តិ​កូវីដ១៩​អាច​ឱ្យ​លោក​ជាប់​ឆ្នោត​​ជា​ថ្មី
លោក Trump មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ព្យាបាល និង​ការ​បង្ការ​ជំងឺ COVID-19
កាល​ពី​ថ្ងៃ​ច័ន្ទ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ឱសថសាស្ត្រ​នានា និង​បាន​ស្នើ​ពួកគេ​ឲ្យ​បង្កើន​ល្បឿន​ផលិត​វ៉ាក់សាំង និង​ស្វែង​រក​វិធី​ព្យាបាល​ដើម្បី​ព្យាបាល​អ្នក​ជំងឺ COVID-19។
លោក Trump ថ្លែង​ដូច្នេះ​ថា៖ «វា​អាច​ទៅ​រួច​ដែល​ថា​វិធី​ព្យាបាល​មេរោគ​នេះ​នឹង​អាច​រក​ឃើញ​មុន​ពេល​ផលិត​វ៉ាក់សាំង ហើយ​យើង​នឹង​ចែកចាយ​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​ទាំង​នោះ​ទៅ​កាន់​ទីផ្សារ​កាន់តែ​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន‍»។
ការ​ពិសោធន៍​ប្រើ​វិធី​ព្យាបាល​លើ​អ្នក​ជំងឺ​អាច​នឹង​ចាប់ផ្ដើម​នៅ​ដើម​ខែ​មេសា​ខាង​មុខ ប៉ុន្តែ​វា​អាច​ចំណាយ​ពេល​យ៉ាង​តិច​មួយ​ឆ្នាំ និង​ថវិកា​ជា​ច្រើន ដើម្បី​ផលិត​បាន​នូវ​វ៉ាក់សាំង​ដ៏​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​បាន។
លោក William Schaffner សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​បង្ការ​រោគ នៃ​សាកល​វិទ្យាល័យ Vanderbilt នៅ​រដ្ឋ Tennessee និយាយ​ថា៖ «មើល​ទៅ​រដ្ឋាភិបាល​ត្រូវតែ​តាំង​ចិត្ត​ទិញ​វ៉ាក់សាំង​នោះ​ក្នុង​កម្រិត​មួយ​ចំនួន​ជា​មុន មុន​ពេល​ដែល​វា​ចាប់ផ្ដើម​មាន​តម្លៃ​សមរម្យ​សម្រាប់​ក្រុមហ៊ុន​បន្ត​ទិញ និង​បង្កើត​នូវ​ដំណើរការ​ផលិត‍»។
លោក Trump បាន​សន្យា​ថា​នឹង​កាត់​បន្ថយ​នីតិវិធី​ស្មុគស្មាញ​បែប​ការិយាធិបតេ្យ​សម្រាប់​ក្រុមហ៊ុន​នានា​ដែល​ប្រឹងប្រែង​ស្វែង​រក​វិធី​ព្យាបាល​ជំងឺ COVID-19 នេះ ប៉ុន្តែ​លោក​មិន​បាន​សន្យា​ថា រដ្ឋាភិបាល​សហព័ន្ធ​នឹង​ជួយ​ជា​ថវិកា​ណា​មួយ​ទេ។
លោក Trump បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​ស្គាល់​ក្រុមហ៊ុន​ទាំង​នោះ​ច្បាស់​ណាស់។ ក្រុមហ៊ុន​មួយ​ចំនួន​មាន​ថវិកា​ច្រើន​ណាស់។ ខ្ញុំ​គិត​ថា ពួកគេ​អាច​ផ្ដល់​កម្ចី​ដល់​រដ្ឋាភិបាល​សហព័ន្ធ​បាន‍»។
លោក Trump ក៏​កំពុង​ពិចារណា​ផង​ដែរ​នូវ​ការ​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​លើ​ប្រទេស​មួយ​ចំនួន​បន្ថែម​ទៀត ក៏​ដូចជា​បិទ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក។ ដោយសារតែ​ការ​ឆ្លង​មេរោគ​នេះ​ភាគ​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មិន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ អ្នក​ជំនាញ​នានា​ហាក់​មិន​គាំទ្រ​វិធានការ​ដែល​លោក Trump កំពុង​ពិចារណា​ទាំង​នេះ និង​ជំនួស​មក​វិញ គាំទ្រ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​បន្ថែម​ទៀត​ដើម្បី​រក​អ្នក​ឆ្លង​មេរោគ​នេះ។
អ្នកស្រី​សាស្ត្រាចារ្យ Jennifer Nuzzo ដែល​ជា​អ្នក​ជំនាញ​ផ្នែក​រោគ​រាតត្បាត​នៃ​មជ្ឈមណ្ឌល​សុវត្ថិភាព​ផ្នែក​សុខភាព​នៃ​សាកល​វិទ្យាល័យ Johns Hopkins បញ្ជាក់​ដូច្នេះ​ថា៖ «តាម​ពិត អ្នក​ខ្លះ​មិន​មាន​រោគ​សញ្ញា​អ្វី​ទេ ប៉ុន្តែ​ធ្វើ​តេស្ត​ទៅ​ឃើញ​មាន​ឆ្លង​មេរោគ​នេះ។ គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​អ្នក​ទាំង​នោះ​នឹង​ចេញ​រោគ​សញ្ញា​នៅ​ពេល​បន្ទាប់​ទៀត ឬ​ក៏​នឹង​ចម្លង​មេរោគ​នេះ​ដល់​អ្នក​ដទៃ​នោះ‍»។
កន្លង​មក​មាន​ការ​រិះគន់​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ប្រើ​ឧបករណ៍​ធ្វើ​តេស្ត​រក​មេរោគ​នេះ​មិន​ត្រឹមត្រូវ និង​កាល​ពី​ដំបូង​បាន​កម្រិត​ចំនួន​អ្នក​ដែល​ត្រូវ​ធ្វើ​តេស្ត។
មេរោគ COVID-19 នេះ បាន​ឆ្លង​ដល់​មនុស្ស​ជាង ៩ ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក និង​បាន​សម្លាប់​មនុស្ស​ជាង ៣ ពាន់​នាក់៕
ប្រែ​សម្រួល​ដោយលោក ភី សុភាដា
លោក ត្រាំ បង្ហាញ​ផែនការ​សម្រាប់​តំបន់​មជ្ឈិម​បូព៌ា
ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន ​នៅ​តំបន់ Gaza បាន​ដុត​រូប​លោក ដូណាល់ ត្រាំ និង​លោក ​Benjamin Netanyahu ​គ្រាដែល​មេដឹកនាំ​ទាំង​ពីរ​រូប​បាន​ជួប​គ្នា​នៅ​សេតវិមាន ​ទីដែល​លោក ត្រាំ បាន​ប្រកាស​អំពី​ទស្សនៈវិស័យ​របស់​លោក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអ៊ែល និង​ប៉ាឡេស្ទីន។​
ផែនការ​របស់​លោកត្រាំ ​គឺ​ទទួល​ស្គាល់​អធិបតេយ្យភាព​របស់​អ៊ីស្រាអែល​លើ​ក្រុង​យេរូសាឡិម ​និង​គូស​ព្រំដែន​តំបន់ ​West Bank​ ឡើង​វិញ។​
លោក​ប្រធានាធិបតី ត្រាំ ថ្លែង​ថា៖ «យើង​នឹង​បង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ​ជាមួយ​អ៊ីស្រាអ៊ែល​ ដើម្បី​បំលែង​ផែនទី​ដែល​នៅ​ត្រឹម​ជា​ការ​ព្រាង​នៅ​ឡើយ​ ឲ្យ​ទៅ​ជា​ផែនការ​លំអិត​និង​ក្រិត​តាម​ខ្នាត​ដើម្បី​មាន​ការ​ទទួល​ស្គាល់​ភ្លាមៗ»។​
ផែនការ​នោះ​មិន​បាន​បោះ​បង់​ចោល​ដំណោះ​ស្រាយ​ឲ្យ​មាន​រដ្ឋពីរ​នោះ​ទេ ​ដោយ​អំពាវនាវ​ឲ្យ​មាន​រដ្ឋប៉ាឡេស្ទីន​មួយ​ក្នុង​ពេល​អនាគត​ ដែល​មាន​រដ្ឋធានី​នៅ​ទីក្រុង​យេរូសាឡិម​ខាង​កើត។
លោក ត្រាំ ​បានថ្លែង​ថា ​ផែនការ​នោះ​នឹង​ធ្វើឲ្យ​ដែនដី​ប៉ាឡេស្ទីនមាន​ទំហំ​ទ្វេ​ដង ​ជា​ថ្នូរ​នឹង​អធិបតេយ្យ​ភាព​របស់​អ៊ីស្រាអ៊ែល​លើ​ប្លុក​តាំង​ទីលំនៅ​ក្នុង​តំបន់​ West Bank​ ហើយ​នឹង​ផ្អាក​រយៈ​ពេល​៤ឆ្នាំ​ទៅ​លើ​ការ​សាងសង់​នៃ​ការ​តាំង​ទីលំនៅ​របស់​អ៊ីស្រាអ៊ែល។
លោក ​Thomas Schwartz ​ បង្រៀន​អំពី​ទំនាក់​ទំនង​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​នៅ​សាកល​វិទ្យាល័យ​ Vanderbilt។​ លោក​ថ្លែង​ថា៖ ​«បើប៉ាឡេស្ទីន​មិន​ទទួល​យក​ផែនការ​នេះមាន​ន័យ​ថា ​ប៉ាឡេស្ទីននឹង​បន្ត​បាត់​បង់ដែនដី​ដោយ​សារ​ការតាំង​ទីលំនៅ​របស់​អ៊ីស្រាអែល។ ​ក្នុង​ពេល​នេះ​មើលទៅ ​ពលរដ្ឋ​ប៉ាឡេស្ទីន​ហាក់​មិន​មាន​ច្រក​ចេញ​ដែល​ប្រសើរ​ជាង​នេះ​ទេ។​ ពួកគេ លែង​មាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ប្រទេស​អារ៉ាប់​ដែល​មាន​អំណាច​ជា​ច្រើន។ ​ដូច្នេះ និយាយ​ទៅ វាហាក់​ដូច​ជា​ថា​ ពួកគេ​មាន​ជម្រើស​តែ​ពីរ គឺ​យក ឬ មិនយក​ ​ក៏ប៉ុន្តែ​ផែនការ​នេះ គឺ​ជាដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​ពួកគេ»។​
មុន​ពេល​បង្ហាញ​ផែនការ​នេះ​លោក​ ត្រាំ បាន​ទទួល​ស្គាល់​បញ្ចូល​តំបន់​ជម្លោះ ​Golan Heights ក្នុង​អធិប​តេយ្យ​ភាព​របស់​អ៊ីស្រាអែល ហើយ​បាន​ប្តូរ​ទីតាំង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ពី​ទីក្រុង Tel Aviv ទៅ​ទីក្រុង​យេរូសាឡិម​វិញ។​
ភាគី​ប៉ាឡេស្ទីន​មិនបាន​ចូល​ពាក់ព័ន្ធ​នៅក្នុង​ផែនការ​នេះទេ ​ហើយ​បាន​ច្រានចោល​ផែនការ​នោះ​យ៉ាង​ឆាប់រហ័ស។ ។
អ្នកនាង Halah Ahmad មកពី​បណ្តាញ​គោលនយោបាយ​ប៉ាឡេស្ទីន Al Shabaka។ អ្នកនាង​ថ្លែង​ថា៖ «ផែន​ការ​នោះ ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ប៉ាឡេស្ទីន​មិន​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ទេ​ ហើយ​ផែនការ​នោះ​បោះបង់ចោល​ទាំង​ស្រុង​នូវ​ច្បាប់​អន្តរជាតិ ​និង​សិទ្ធិ​មនុស្ស។​ ផែនការ​នោះ​បង្ហាញ​ការទទួល​ស្គាល់​ការ​តាំង​ទី​លំនៅ​ហើយ​បង្ហាញ​ការ​ទទួល​ស្គាល់​លើ​ស្ថានការ​មួយ ដែល​ត្រូវ​បាន​ថ្កោល​ទោស​ដោយ​គ្រប់​ស្ថាប័ន​សិទ្ធិ​មនុស្ស​ធំ ៗ ​ហើយ​វា​មិនមែន​ជា​បរិបទ​សម្រាប់​សន្តិភាព​ទេ»។​
ផែនការនេះ អាច​នាំ​ទៅ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​ជ្រលង​ភ្នំហ្ស៊កដានី​មួយ​ផ្នែក​ទៅ​ក្នុង​ទឹក​ដី​អ៊ីស្រាអែល​ ដែល​នោះ​ជា​ការ​សន្យា​ក្នុង​ពេល​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក Benjamin Netanyahu។​
លោក​ប្រធានាធិបតី Benjamin Netanyahu ​បាន​និយាយ​ថា៖ «ផែន​ការ​ជាច្រើន​ណាស់បានព្យាយាម​ដាក់​សំពាធ​ឲ្យ​អ៊ីស្រាអ៊ែល​ដក​ខ្លួន​ចេញពី​ដែនដី​ដ៏​សំខាន់​ដូចជា​ជ្រលង​ភ្នំហ្ស៊កដានី។ ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី ​លោក​ទទួល​ស្គាល់​ថា​អ៊ីស្រាអ៊ែល​ត្រូវតែ​មាន​អធិបតេយ្យភាព​លើដែនដី​ជ្រលង​ភ្នំហ្ស៊កដានីនេះ និង​តំបន់​យុទ្ធ​សាស្រ្ត​ដ​ទៃទៀត​នៅ​តំបន់ ​Judea ​និង​Samaria»។​
ទាំង​លោកត្រាំ​និង​លោក​ Netanyahu ​នឹង​ឈរ​ឈ្មោះបោះឆ្នោត​នាពេល​ខាងមុខ​នេះ។ ​ក្រុម​អ្នក​រិះគន់​សង្ស័យ​អំពី​ពេល​វេលា​នៃ​ការ​បង្ហាញ​ផែនការ​នេះ។
អ្នកនាងHalah Ahmad ​មកពី​បណ្តាញ​គោល​នយោបាយ​ប៉ាឡេស្ទីន ​Al Shabaka ​ថ្លែង​បន្ត​ថា៖ «វា​ជា​ឧបាយ​កល​ដើម្បី​អំពាវនាវ​ដល់​ចលនា​អ្នក​តាំងទីលំនៅ​អ៊ីស្រាអែល​ដែល​អភិរក្ស​និយម​ និង​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​សហ​រដ្ឋ​អាមេរិក ​ហើយ​ពិត​ណាស់​ថា ​ផែនការ​នោះ​មិនមាន​លក្ខណៈ​ជា​ផែនការ​សន្តិភាព​ទេ»។
លោក Netanyahu កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​ពុករលួយ ​ រីឯ​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​កំពុង​ជំនុំជម្រះ​ដើម្បី​សម្រេច​ថា ​តើ​ត្រូវ​ដកប្រធានាធិបតី​លោក Donald ត្រាំ ចេញ​ពី​តំណែង ឬ យ៉ាងណា។​
លោក Thomas Schwartz នៃ​សាកល​វិទ្យាល័យ Vanderbilt ថ្លែង​បន្ត​ទៀត​ថា៖ «លោក​ត្រាំ​កំពុង​ព្យាយាម​បង្ហាញ​ថា រដ្ឋបាល​របស់​លោក​មាន​នយោបាយ​ការបរទេស​មាន​ឥទ្ធិពល​ដោយ​ព្យាយាម​និង​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​សម្រាប់​តំបន់​មជ្ឈឹមបូព៌ា​។​ ហើយ​នយោបាយ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជជែក​មិន​ឲ្យមាន​ការ​កាត់ទោស​លោក​ និង​មិន​ឲ្យ​ដក​លោក​ចេញពី​តំណែង​ប្រធានាធិបតីពេល​ឥឡូវ​នេះ​ ព្រោះ​លោក​កំពុង​អនុវត្ត​នយោបាយ​ការ​បរទេស​របស់​ស.រ.អា.»។​
តាំងពី​មាន​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង ​Oslo​ ឆ្នាំ​១៩៩៣​មក ​ប្រធានាធិបតី​អាមេរិក​ជាច្រើន​បាន​ព្យាយាម​សម្រប​សម្រួល​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​មជ្ឈឹមបូព៌ា​តែ​មិនមាន​លទ្ធផល។ កាល​ពីខែមិថុនា​ឆ្នាំមុន ​លោក​ត្រាំ​បាន​បញ្ចេញ​ផែនការ​សេដ្ឋកិច្ច​មួយ​ផ្នែក​ដែល​ប៉ាឡេស្ទីន​ក៏​បាន​បដិសេធ​ផងដែរ៕
ប្រែសម្រួល​ដោយអ្នកស្រី លី ម៉ូរីវ៉ាន់
សហរដ្ឋ​អាមេរិក​និង​ចិន​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ដោយ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម ​ក៏ប៉ុន្តែ ​ជម្លោះ​នៅ​តែ​មាន
តុលាការ​កំពូល​អាមេរិក​គ្រោង​បើក​សវនាការ​មួយ​ចំនួន​ទាក់ទិន​នឹង​ឯកសារ​ហិរញ្ញវត្ថុ​របស់​លោក Trump