ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ អ្នកជំនាញ​អាមេរិក​លើកទឹកចិត្ត​យុវជន​កម្ពុជា​ឱ្យ​ផ្តោត​លើ​វិទ្យាសាស្រ្ត


អ្នក​ចូល​រួម​កំពុង​ឆ្លុះ​មើល​ឧបករណ៍​មីក្រូ​ទស្សន៍​ នៅ​ឯ​«មហោ​ស្រព​ជាតិ​លើកទី​២​នៅកម្ពុជា​ស្តី​ពី​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​» នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​៩​ ខែ​មិនា​ ឆ្នាំ​២០១៦​។​ (ហ៊ាន សុជាតា​/VOA)
អ្នក​ចូល​រួម​កំពុង​ឆ្លុះ​មើល​ឧបករណ៍​មីក្រូ​ទស្សន៍​ នៅ​ឯ​«មហោ​ស្រព​ជាតិ​លើកទី​២​នៅកម្ពុជា​ស្តី​ពី​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​» នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​៩​ ខែ​មិនា​ ឆ្នាំ​២០១៦​។​ (ហ៊ាន សុជាតា​/VOA)

លោក​ស្រី​បណ្ឌិត​ Geraldine Richmond ជា​ជំនួយ​ការ​ពិសេស​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់​ អូបាម៉ា​ និង​ជា​ប្រេសិត​វិទ្យាសាស្រ្ត​អាមេរិកាំង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍។​

កំណត់​និពន្ធ៖ លោក​ស្រី​បណ្ឌិត​ Geraldine Richmond ជា​ជំនួយ​ការ​ពិសេស​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់​ អូបាម៉ា​ និង​ជា​ប្រេសិត​វិទ្យាសាស្រ្ត​អាមេរិកាំង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍។​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​មក​កាន់​កម្ពុជា ​លោក​ស្រី​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​កម្ពុជា​ ជា​ពិសេស​សិស្ស​ស្រី​ចូល​សិក្សា​ជំនាញ​វិទ្យាសាស្រ្ត​ និង​វិស្វកម្ម។​ លោក​ស្រី​មិន​ចង់​ឃើញ​ថា​ បន្ទុក​គ្រួសារ​ និង​សង្គម​ គឺ​ជា​រនាំង​ដែល​ធ្វើ​ឲ្យ​ស្រ្តី​ពិបាក​ក្នុង​ការ​ជ្រើស​រើស​ជំនាញ​ទាំង​នេះ។​ នាង ​នូវ​ ពៅ​លក្ខិណា​ នៃ​ VOA បាន​សម្ភាសន៍លោក​ស្រី​ដូច​ត​ទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​របស់​លោក​ស្រី​មក​កាន់​ប្រទេស​ក​ម្ពុជា​ តើ​លោក​ស្រី​សង្គេត​ឃើញ​ថា​ តើ​វិស័យ​វិទ្យាសាស្រ្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ការរីកចម្រើន​អ្វី​ខ្លះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​មុនៗ​របស់​លោក​ស្រី?

លោក​ស្រី Geraldine Richmond៖ ខ្ញុំ​មិន​ប្រាកដ​ទេ​ថា ​មាន​ការ​រីក​ចម្រើន​អ្វី​ខ្លះ ដោយ​សារ​តែ​វា​ទើប​តែ​កើត​ឡើង​ឆ្នាំ​មុន។​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នោះ​គឺ​ ការប្តេជ្ញា​យ៉ាង​ពិត​ប្រាកដ​មួយអំពី​ការអប់​រំ​វិទ្យាសាស្រ្ត​ពី​សំណាក់​ថ្នាក់​លើ ​និង​ការទទួល​ស្គាល់​ថា​វា​គឺ​ជា ​យុគ​សម័យ​ថ្មី​មួយ​សម្រាប់​កម្ពុជា។ ដូច្នេះ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ ថា​យុវជន​បាន​សម្រេច​ចិត្ត​ចូលសិក្សា​នៅ​ក្នុងជំនាញ​បច្ចេកទេស​វិទ្យាសាស្រ្ត​និង​វិស្វកម្មជាដើម។ ក៏​ដូចជា​ការកើន​ឡើង​នៃ​ចំនួន​គ្រូ​បង្រៀន​ ដែល​បាន​ប្តេជ្ញា​ក្នុង​ការ​សម្រប​ទៅ​តាម​សម័យកាល​ជាមួយ​នឹង​អ្វី​ដែល​ខ្លួន​យក​មក​បង្រៀន។​

VOA៖ តើ​លោក​ស្រី​គិត​ថា​ មនុស្ស​ស្រី​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សិក្សា​នៅ​ក្នុង​វិស័យ​ទាំង​នេះ​ដែរ​ឬ​ទេ?

លោក​ស្រី Geraldine Richmond៖ ពី​ព្រោះ​ថា​ខ្ញុំ​ជឿ​ជាក់​ថា​ ការអនុវតុ្ត​វិទ្យាសាស្រ្ត​និង​របកគំហើញ​ដែល​ល្អ​បំផុត​ គឺ​កើត​ឡើង​នៅ​ពេល​ដែល​យើង​មានអ្នកចូលរួម​ផ្នែកគំនិត​ (ឬ​មតិ​យោបល់​) ច្រើន​នៅអំឡុង​ពេលបង្កើត​ ក៏​ដូចជា​អំឡុងពេល​រកឃើញ។ ហើយ​ប្រសិន​បើ​មាន​តែ​មនុស្ស​ប្រុស​នៅ​ក្នុង​វិស័យ​វិទ្យាសាស្រ្ត​ យើង​នឹង​មិន​មាន​ផលិតផល​ដែល​ប្រកប​ដោយ​ការច្នៃ​ប្រឌិត​នោះ​ទេ។​ មាន​ឧទាហរណ៍​ជា​គំរូ​ជា​ច្រើន​មក​ហើយ​ ដែល​ផលិតផល​មួយ​បង្កើត​ឡើង​ដោយ​មនុស្ស​ប្រុស​ ប៉ុន្តែ​មិនអាច​បម្រើការ​បាន​សម្រាប់​ស្រ្តី។ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ ធានា​ឲ្យ​ស្រ្តី​បាន​ចូលរួម​នៅ​ក្នុង​ដំណាក់​កាលច្នៃបង្កើត​ផង​ដែរ។​ ខ្ញុំ​គិត​ថា​វា​ពិត​ជា​សំខាន់​ណាស់។

លោក​ស្រី​បណ្ឌិត​ Geraldine Richmond ជា​ជំនួយ​ការ​ពិសេស​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់​ អូបាម៉ា​ និង​ជា​ប្រេសិត​វិទ្យាសាស្រ្ត​អាមេរិកាំង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ និយាយជា​សាធារណៈនៅ​ឯ​មហោស្រព​ជាតិ​លើក​ទី​២ស្តី​ពី​វិទ្យាសាស្រ្ត​ និង​វិស្វកម្ម នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី១០​ ខែ​មិនា​ ឆ្នាំ​២០១៦​។ (នូវ​ ពៅ​លក្ខិណា/VOA)
លោក​ស្រី​បណ្ឌិត​ Geraldine Richmond ជា​ជំនួយ​ការ​ពិសេស​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់​ អូបាម៉ា​ និង​ជា​ប្រេសិត​វិទ្យាសាស្រ្ត​អាមេរិកាំង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ និយាយជា​សាធារណៈនៅ​ឯ​មហោស្រព​ជាតិ​លើក​ទី​២ស្តី​ពី​វិទ្យាសាស្រ្ត​ និង​វិស្វកម្ម នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី១០​ ខែ​មិនា​ ឆ្នាំ​២០១៦​។ (នូវ​ ពៅ​លក្ខិណា/VOA)

​VOA​៖ ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ហើយ​មាន​មនុស្ស​តិច​តួច​ដែល​សិក្សា​លើ​ជំនាញ​វិទ្យាសាស្រ្ត​ វិស្វកម្ម។​ ដូច្នេះ​លោក​ស្រី​ គិត​ថា​តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​សិស្សស្រី​បាន​ចូលរួម​នៅ​ក្នុង​វិស័យ​នេះ​ ឬ​ក៏​សិក្សា​នៅ​ក្នុង​ជំនាញ​នេះ​កាន់​តែ​ច្រើន?​

លោក​ស្រី​ Geraldine Richmond៖ ខ្ញុំ​គិត​ថា​ អ្វី​ដែល​សំខាន់​បំផុត​ សូម្បី​តែ​ពេល​ដែល​ខ្ញុំ​នៅ​ក្មេង​ក៏​ដោយនោះ​គឺ​ ការ​ទទួល​បាន​ការងារ​ធ្វើ។ ខ្ញុំ​ជឿ​ជាក់​ថា​ មូល​ហេតុ​ដែល​អ្នក​ទៅ​សិក្សា​គឺ​ពីព្រោះ​វា​អាច​ឲ្យ​អ្នក​ទទួល​បាន​ការងារ​ធ្វើ។ ហើយ​ឱកាស​ទទួល​បាន​ការងារ​ធ្វើ​លើជំនាញ​បច្ចេក​ទេស​គឺ​មាន​ច្រើន​ខ្លាំង​ណាស់។​ មាន​ប្រទេស​ជា​ច្រើន​ដែល​ពួក​យើង​ដឹង​ថា​ គ្រួសារ​មួយ​មិន​អាច​ពឹង​ផ្អែក​តែ​លើ​ប្រភព​ចំណូល​មនុស្ស​ប្រុស​តែ​ម្នាក់​បាន​ឡើយ។​ ជា​រឿយ​ៗ​គឺ​ត្រូវការ​ប្រភព​ចំណូល​២។ ដូច្នេះ​នៅ​ពេល​ដែល​ស្រ្តី​ត្រូវ​បាន​បណ្តុះ​បណ្តាល​ជំនាញ​ ពួក​គេ​ក៏​មាន​ឱកាស​រក​ចំណូលសម្រាប់​ផ្គត់​ផ្គង់​គ្រួសារ នៅស្របពេល​ដែល​ពួក​គេ​មាន​ការងារ​ធ្វើ។​ ហើយ​ម៉្យាង​ទៀត​ ខ្ញុំ​គិត​ថា​មនុស្ស​ស្រី​ពិត​ជា​មាន​ភាព​ស្វាហាប់​ក្នុង​ការ​ធ្វើ​ការ​។​ ជា​ពិសេស​នៅ​កម្ពុជា ​សិស្ស​ដែល​ពូកែ​មួយ​ចំនួននៅ​ក្នុង​មុខ​វិជ្ជា​វិទ្យាសាស្រ្ត​និង​វិស្វកម្ម​គឺ​ជា​មនុស្ស​ស្រី។​ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា មនុស្ស​ស្រី​អាច​មាន​ជំនាញដែល​ប្រកប​ដោយ​ផ្លែ​ផ្កា​មួយ​ ខណៈ​ពេល​ដែល​ពួក​គេ​មាន​កូន​ក្នុង​បន្ទុក។​ យើង​មិន​ចង់​ឲ្យ​ពួក​គេ​គិត​ថា​ ដោយ​សារ​តែ​ពួក​គេ​មាន​កូន​ ដូច្នេះ​ពួក​គេ​មិន​អាច​ជ្រើសរើស​យក​ជំនាញ​វិទ្យាសាស្រ្តបាន​ឡើយ។​ វា​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​កម្ពុជា ក្នុង​ការ​លើក​ទឹក​ចិត្ត​ស្រ្តីឲ្យ​ជ្រើសរើស​ជំនាញ​វិទ្យាសាស្រ្ត​ ប៉ុន្តែ​ក៏​ត្រូវ​តែ​រក​ដំណោះស្រាយ​ណា​ដែល​អាច​ឲ្យ​ពួក​គេ​អាច​ចិញ្ចឹមកូន​ និងបំពេញ​ការងារ​ក្នុងវិស័យ​វិទ្យាសាស្រ្ត​ស្របពេល​តែមួយ។​

VOA៖ មាន​និស្សិត​ជា​ច្រើន​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​ទៅ​សិក្សា​ជំនាញ​នេះ​នៅ​ឯ​ប្រទេស​ក្រៅ។​ ​ដោយ​សារ​តែ​ពួក​គេ​មាន​ការ​ពិបាក​ក្នុង​ស្វែង​រក​ការងារ​ទាំង​នេះ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ ដូច្នេះ​ពួកគាត់​បាន​ស្វែង​រក​ការងារ​ធ្វើ និង​រស់​នៅ​ នៅ​ឯ​ប្រទេស​ដែល​ពួក​គាត់​បាន​សិក្សា​។ តើ​លោកស្រី​គិត​ថា ​តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ​ ដើម្បី​ជំរុញ​ឲ្យ​ពួក​គាត់​មក​ប្រទេស​កំណើត​របស់​ពួកគាត់​វិញ​?

លោក​ស្រី Geraldine Richmond៖ អ្នក​ដឹង​ទេ​ថា​ សម្រាប់​ខ្ញុំ​ផ្ទាល់ វា​បាន​កើត​ឡើង​នៅ​ប្រទេស​ជា​ច្រើន​ ដូច​ជានៅប្រទេស​កម្ពុជា​ដែរ។ មាន​មនុស្ស​ជា​ច្រើន​បាន​ចាក​ចេញទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ ប៉ុន្តែក៏​ចង់​ត្រឡប់​មក​វិញ​ដែរ។​ ពួក​គេ​ប្រហែល​ជា​ត្រឡប់​មក​វិញ​១០​ ឬ​១៥​ឆ្នាំ​ក្រោយ​មក។ គេ​មាន​ពាក្យ​មួ​យ ដែល​ជា​ភាសា​អង់គ្លេស​ហៅ​ថា “រំសាយប្រជាជន»។​ ឧទាហរណ៍​ជន​ជាតិ​ខ្មែរទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក។ ​ពួក​គេ​ស្នាក់​នៅ​ទី​នោះ​ ធ្វើ​ការ​នៅសហរដ្ឋ​អាមេរិក។ ​ យើង​កំពុង​ធ្វើ​ការ​ជួយ​អ្នក​ទាំង​នោះ ដើម្បី​ឲ្យ​ពួក​គេ​ត្រឡប់​មក​ជួយ​ប្រទេស​ខ្លួន​វិញ។​ ពួក​គេ​មិន​ចាំ​បាច់​ត្រូវ​តែ​ត្រឡប់​មក​ធ្វើ​ការ​វិញ​នៅ​កម្ពុជា​ឡើយ។ ពួក​គេ​អាច​ត្រឡប់​មក​វិញ​ ហើយ​ធ្វើ​ការ​បង្រៀន​ជំនាញ​បន្ត​ដល់​អ្នក​នៅ​ទី​នេះ​ ឬ​ត្រឡប់​មក​វិញ​ជួយ​ក្នុង​ការសម្រេច​ចិត្ត​លើ​គោល​នយោបាយ​ ឬផ្តល់​ការ​ប្រឹក្សា​ផ្សេងៗ។ ពួក​គេអាច​បង្កើត​ក្រុម​ហ៊ុន​ដោយ​ខ្លួន​ឯង​ នៅ​កម្ពុជា​ ឬ​ក៏​ពង្រីក​ក្រុម​ហ៊ុន​មក​កម្ពុជា​ បន្ទាប់​ពី​គេ​បាន​បង្កើត​ក្រុម​ហ៊ុន​នៅ​សហរដ្ឋ​អាមេរិក។​ វា​គឺ​ជា​គំរូ​ថ្មី​មួយ​ ដែល​អ្នក​អាច​ប្រើប្រាស់​វិទ្យាសាស្រ្ត ​ហើយអាច​បង្កើត​ការងារ​ធ្វើ​នា​ពេល​បច្ចុប្បន្ន ​ដោយសារ​តែ​អ្នក​អាច​បង្កើត​ក្រុមហ៊ុន​ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​បាន។ ខ្ញុំ​គិត​ថា​ វា​ពិត​ជាគំរូ​មួយ​ដែល​គួរ​ឲ្យ​សាទរ​ មិន​ធ្លាប់​មាន​ពីមុន​មក។​

VOA៖ លោក​ស្រី​បាន​ចូលរួម​និយាយ​ជា​សាធារណៈ​មួយ​ទៅ​កាន់​សិស្សានុសិស្ស​នៅ​ឯ​មហោស្រព​ជាតិ​លើក​ទី​២ស្តី​ពី​វិទ្យាសាស្រ្ត​ និង​វិស្វកម្ម​។ លោក​ស្រី​បាន​លើក​ឡើង​ថា​ប្រទេស​កម្ពុជា​ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការផ្លាស់ប្តូរ​មួយ​។ តើ​លោក​ស្រី​មាន​អនុសាសន៍​ណែនាំ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​កំពុង​ស្ថិត​នៅ​ទិស​ដៅ​ត្រូវ​មួយ​នៅ​ក្នុង​វិស័យ​ទាំង​នេះ?​

លោក​ស្រី​បណ្ឌិត​ Geraldine Richmond ជា​ជំនួយ​ការ​ពិសេស​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់​ អូបាម៉ា​ និង​ជា​ប្រេសិត​វិទ្យាសាស្រ្ត​អាមេរិកាំង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ ថត​រូប​ជាមួយ​សិស្ស​វិទ្យាល័យ​ បន្ទាប់​ពី​និយាយ​ជា​សាធារណៈនៅ​ឯ​មហោស្រព​ជាតិ​លើក​ទី​២ស្តី​ពី​វិទ្យាសាស្រ្ត​ និង​វិស្វកម្ម នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី១០​ ខែ​មិនា​ ឆ្នាំ​២០១៦​។ (នូវ​ ពៅ​លក្ខិណា/VOA)
លោក​ស្រី​បណ្ឌិត​ Geraldine Richmond ជា​ជំនួយ​ការ​ពិសេស​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់​ អូបាម៉ា​ និង​ជា​ប្រេសិត​វិទ្យាសាស្រ្ត​អាមេរិកាំង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ ថត​រូប​ជាមួយ​សិស្ស​វិទ្យាល័យ​ បន្ទាប់​ពី​និយាយ​ជា​សាធារណៈនៅ​ឯ​មហោស្រព​ជាតិ​លើក​ទី​២ស្តី​ពី​វិទ្យាសាស្រ្ត​ និង​វិស្វកម្ម នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី១០​ ខែ​មិនា​ ឆ្នាំ​២០១៦​។ (នូវ​ ពៅ​លក្ខិណា/VOA)

លោក​ស្រី Geraldine Richmond៖ ខ្ញុំ​គិត​ថា​ អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​កម្ពុជា​គឺ​ ការ​ប្តេជ្ញា​ចិត្តធ្វើការអប់រំ​ផ្នែកវិទ្យាសាស្រ្ត​ឲ្យ​បាន​រឹង​មាំ​ គឺ​ចាប់​ពី​ថ្នាក់​មត្តេយ្យ​ដល់​មធ្យម​សិក្សា​ទុតិយភូមិ។​ ហើយ​ខ្ញុំ​គិត​ថា​ពេល​នេះ​ មាន​សាលា​មួយ​ចំនួន​បាន​ធ្វើ​ការ​បង្រៀន​បាន​ល្អ​ទៅ​លើ​មុខ​វិជ្ជា​វិទ្យាសាស្រ្ត​និង​វិស្វកម្ម​។​ ប៉ុន្តែ​នេះ​មិនទាន់គ្រប់​គ្រាន់នៅ​ឡើយទេ។ យើង​ត្រូវ​បណ្តុះបណ្តាលគ្រូ​បង្រៀនឲ្យមាន​ភាព​រលូន​ ក្នុង​ការបង្រៀន​មុខ​វិជ្ជា​ទាំង​នោះ។​ ហើយ​ទីពីរ​គឺ​ស្ថិត​នៅ​កម្រិត​មហា​វិទ្យា​ល័យ។ រដ្ឋាភិបាល​គួរ​តែ​អនុញ្ញាត​ឱ្យ​មហាវិទ្យាល័យ​ធ្វើការ​ស្រាវជ្រាវ​និង​បង្រៀន​។ មាន​មហាវិទ្យាល័យ​ជាច្រើន​នៅ​តាម​សាកលវិទ្យាល័យ​ ដែល​ពួក​គេ​មាន​ការរវល់​ខ្លាំង​ក្នុង​ការ​បង្រៀន​ រហូត​ដល់​ពួកគេ​មិនពេល​សម្រាប់​ធ្វើការ​ស្រាវជ្រាវ។ប៉ុន្តែ​ការ​ស្រាវជ្រាវ​ជា​របៀប​ដែល​យើងបណ្តុះបណ្តាលអ្នក​វិទ្យាសាស្រ្ត​ជំនាន់​ក្រោយ​ពិតប្រាកដ​មួយ។ រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់​នេះ​ បាន​និយាយ​ថា​ ពួក​គេ​នឹង​មាន​មហាវិទ្យាល័យ​ដែល​ជំរុញ​ការបង្កើត​ថ្មី​នេះ។ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​មិនមាន​ពេលវេលា​ដោយសារ​ពួកគេ​មាន​ការរវល់​ក្នុង​ការបង្រៀន​ ដូច្នេះ​វា​ជា​ការលំបាក​ខ្លាំងណាស់។ ដូច្នេះ​ខ្ញុំ​ចង់​ឃើញ​សេចក្តី​ប្រាថ្នា​ផ្គូផ្គង​នឹង​ការពិត​ជាក់​ស្តែង​។ ព្រម​ទាំង​អនុញ្ញាត​ឱ្យ​ពួកគេ​មាន​ពេល​វេលា​ដើម្បី​បង្រៀន​គ្រូបង្រៀន​ដទៃ​ទៀត​ផង​ដែរ​ និង​ដើម្បី​ធ្វើ​ការស្រាវជ្រាវ​។ ដូច្នេះវា​អាច​មាន​ន័យ​ថា​ត្រូវ​ផ្លាស់ប្តូរ​វិស័យ​អាទិភាព​មួយ​ចំនួន​ នៅ​តាម​សាកលវិទ្យាល័យ​និង​នៅ​សាលារៀន៕

XS
SM
MD
LG