ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទាហាន​អ៊ុយក្រែន​ជិះ​រថក្រោះ​មួយ​គ្រឿង ខណៈ​ដែល​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​តែ​បន្ដ​នៅ​តំបន់ Donesk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២២។

ផ្សាយ​ផ្ទាល់ LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ តុលា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

23:32 15.9.2022

ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា៖

  • កងទ័ព​អ៊ុយក្រែន​បាន​អបអរ​សាទរ​ការ​ដណ្តើម​កាន់កាប់​ទីក្រុង​ Izium មក​វិញ​កាលពី​ថ្ងៃ​ពុធ​ នៅពេល​ដែល​លោក​ប្រធានាធិបតី ​Volodymyr Zelenskyy ​ជា​ថ្មី​ម្តង​ទៀត​ បាន​សន្យា​ដណ្តើម​ទឹកដី​របស់​អ៊ុយក្រែន​ទាំង​អស់​មកវិញ។ កងទ័ព​រុស្ស៊ី​បាន​ចាកចេញ​ពី​ទីក្រុង ​Izium ​កាលពី​សប្តាហ៍​មុន​ នៅ​ពេល​ដែល​ទាហានរដ្ឋាភិបាល​ក្រុង​កៀវ​បាន​បន្ត​រុល​ទៅមុខ​ដែល​បាន​កាន់កាប់​ឡើង​វិញ​ទឹក​ដី​មួយ​ផ្នែក​ធំ​នៅ​តំបន់​ភាគ​ឦសាន្ត​រដ្ឋធានី​កៀវ។ មាន​សញ្ញា​នៅ​រាយ​ប៉ាយ​នៅ​ទូទាំង​ទីក្រុង​ថា ទាហាន​រុស្ស៊ី​បាន​ចាកចេញ​យ៉ាង​ឆាប់​រហ័ស។ ទាហាន​អ៊ុយក្រែន​ម្នាក់​ ដែល​ស្ថិត​នៅ​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិ​ការ​វាយ​ប្រហារ​នោះ ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ ​Sky News ​របស់​អង់គ្លេស​អំពី​អ្វី​ដែល​ខ្លួន​បាន​ឃើញ។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AP។​
  • អ្នក​នាំពាក្យ​កងទ័ព​អ៊ុយក្រែន​លោក ​Oleksandr Shtupun ​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ទាហាន​រុស្ស៊ី​បាន​បន្ត​វាយ​ប្រហារ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល​អ៊ុយក្រែន​ រួមទាំង​ទីក្រុង​ Kharkiv ​និង​ Kryvyi Rih ផង។ លោក​ Shtupun ​បាន​និយាយ​ទៀត​ថា​ «ពួក​សត្រូវ​បាន​បន្ត​វាយ​ប្រហារ​អគារ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ស៊ីវិល ដែល​ជា​ការ​រំលោភ​ច្បាប់​សិទ្ធិ​មនុស្សធម៌​អន្តរជាតិ​និង​ច្បាប់​សង្គ្រាម»។​ លោក​បាន​និយាយ​បន្ត​ទៀត​ថា ​ហេដ្ឋារចនា​សម្ព័ន្ធនៅតាម​ទីកន្លែង​ជាង​ ៣០ បាន​រង​ការ​ខូចខាត​ ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​ និង​ប្រព័ន្ធ​រ៉ុក្កែត​ច្រើន​គ្រាប់។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP។ ​
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា ​តំបន់ ​Kharkiv ​ភាគ​ឦសាន្ត​ប្រទេស​អ៊ុយក្រែន​ ត្រូវបានកងទ័ព​ដណ្តើម​កាន់កាប់​ស្ទើរ​តែ​ទាំង​ស្រុង​ពី​កង​ទ័ព​រុស្ស៊ី។ ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​មួយ​ លោក​បាន​អះអាង​ថា ​ទីតាំង​ជិត​ ៤០០​ កន្លែងត្រូវ​បាន​ដណ្តើម​កាន់កាប់​មក​វិញ​ចាប់តាំង​ពី​រដ្ឋាភិបាល​ក្រុង​កៀវ​បាន​ចាប់ផ្តើម​វាយ​តប​ត​វិញ​នៅ​ក្នុង​តំបន់​ទាំង​នោះ​ កាលពី​សប្តាហ៍​មុន។​ លោក ​Zelenskyy ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​សុំ​ជំនួយ​សម្ភាៈយោធា​ពី​ប្រទេស​លោក​ខាង​លិច​កាន់តែ​ច្រើន​ថែម​ទៀត ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​យុទ្ធនាការ​វាយ​តប​ត​និង​ស្នើដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ​កាន់តែ​ខ្លាំង​ឡើង នៅ​ពេល​ដែល​សង្គ្រាម​បាន​អូស​បន្លាយ​ចូល​ដល់ខែ​ទី ៧។ ​នេះ​បើតាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP។ ​
  • ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ស្រី ​Ursula von der Leyen ​បាន​អញ្ជើញ​ទៅដល់​រដ្ឋធានី​កៀវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​លោក​ស្រី​ Olha Stefanishyna​ រដ្ឋមន្ត្រី​អ៊ុយក្រែន​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប។ ​លោក​ស្រី von der Leyen​ គ្រោង​ជួប​ជាមួយប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​នៅ​ពេល​បន្តិច​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍។​ ​ជំនួប​នោះ​ត្រូវ​គេ​រំពឹង​នឹង​ផ្តោត​លើ​ថា ​តើ​អ៊ុយក្រែន​និង​អឺរ៉ុប​ត្រូវ​រួបរួម​គ្នា​យ៉ាង​ដូច​ម្តេច​ក្នុង​គោល​បំណង​ពន្លឿន​សមាជិកភាព​របស់​អ៊ុយក្រែន​ក្នុង​សហភាព​អឺរ៉ុប។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP។ ​
  • ពលរដ្ឋ​នៅតាម​ទីក្រុង​ និង​ភូមិ​នានា​នៅ​ក្នុង​តំបន់ ​Kharkiv ​នៃ​ប្រទេស​អ៊ុយក្រែន​ ដែល​កងទ័ព​អ៊ុយក្រែន​បាន​ដណ្តើមពី​កងទ័ព​រុស្ស៊ី​យក​មក​កាន់កាប់​វិញ​នោះ កំពុង​ព្យាយាម​ធ្វើ​ឱ្យ​មាន​ជីវភាព​របស់​ពួកគេ​វិល​ដូច​ដើម​វិញ​ បន្ទាប់ពី​ការ​ដក​កងទ័ព​រុស្ស៊ី។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AP៕​
00:09 15.9.2022

ថ្ងៃពុធ ទី ១៤ ខែកញ្ញា៖

  • ពលរដ្ឋ​រុស្ស៊ីជា​ច្រើន​នាក់និយាយថា​ ពួកគេនៅ​មាន​មន្ទិល​សង្ស័យ​អំពី​ការ​ដក​ថយ​របស់​កងទ័ព​រុស្ស៊ីទាំង​តក់ក្រហល់​ចេញ​ពី​តំបន់ Kharkiv របស់​ប្រទេស​អ៊ុយក្រែន​ ដោយ​បាន​បន្សល់​ទុកនូវរថក្រោះ រថ​ពាសដែក​ និងកាំភ្លើង​ធំ​មួយ​ចំនួនផង​ដែរ មុន​ការ​ចូល​មក​ដល់នៃ​កងកម្លាំង​អ៊ុយក្រែន​កាល​ពី​សប្តាហ៍​មុន។​ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​វិទ្យុ​អឺរ៉ុបសេរី។
  • ​ប្រធាន​បេសកជនពិសេស​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ទទួល​បន្ទុកប្រទេស​អ៊ុយក្រែន​ បាន​ថ្លែង​ប្រាប់មេដឹកនាំ​រុស្ស៊ីនៅ​ពេល​ដែល​សង្គ្រាម​ចាប់​ផ្តើម​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា​ លោក​បានសម្រេច​នូវ​កិច្ចព្រមព្រៀង​ជា​បណ្តោះអាសន្ន​មួយ​ជា​មួយ​រដ្ឋាភិបាល​អ៊ុយក្រែន​ ដែល​អាច​ធ្វើ​ឱ្យ​រុស្ស៊ី​ពេញ​ចិត្ត​ជា​មួយនឹង​ការ​ទាមទារ​របស់​ខ្លួន ក្នុង​ការ​ឱ្យ​អ៊ុយក្រែនស្ថិត​នៅ​ឆ្ងាយ​ពី​អង្គការ​អូតង់ ប៉ុន្តែ​លោក Putin បាន​ទាត់ចោល​នូវ​កិច្ចព្រមព្រៀង​នោះ​ ហើយ​សម្រេច​រើស​យកវិធានការ​យោធា​វិញ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹងរបស់​មន្ត្រី​រុស្ស៊ី​៣​នាក់​ ដែល​សិទ្ធ​នឹង​មេដឹកនាំ​រុស្ស៊ី​។​ បេសកជនរុស្ស៊ី​ដែល​មាន​ដើម​កំណើតអ៊ុយក្រែន​គឺលោក Dmitry Kozak និយាយ​ថា​ លោក​បាន​ប្រាប់​ទៅ​លោក Putin​ ថា​ លោក​ជឿជាក់​ថាកិច្ចព្រមព្រៀង​មួយដែល​លោក​កំពុង​បង្កើតឡើង​ជាមួយ​អ៊ុយក្រែន​ ​អាច​ធ្វើឱ្យ​រុស្ស៊ី​មិនចាំបាច់បើក​យុទ្ធនាការគ្រប់គ្រងទ្រង់ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ។​ នេះ​បើតាម​ការលើក​ឡើងរបស់​បណ្តា​ប្រភព​ទាំងនោះ។​ អនុសាសន៍​របស់​លោក Kozak​ នៅក្នុង​កិច្ចព្រមព្រៀង​នោះ​ ត្រូវ​បាន​រាយការណ៍ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។​ ​
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ថ្ងៃពុធ​នេះ​ បានទៅ​ធ្វើទស្សនកិច្ច​នៅ​តំបន់​ដែល​កងកម្លាំង​អ៊ុយក្រែន​ទើប​ដណ្តើម​បាន​មក​វិញ​ពី​កងទ័ព​រុស្ស៊ីក្នុង​ទី​ប្រជុំជន Izium ដែល​ជា​កន្លែង​ផ្គត់ផ្គង់​ដ៏​សំខាន់​មួយ​ដល់​តំបន់ Kharkiv ដែល​ស្ថិត​នៅ​ភាគ​ឦសានប្រទេស​អ៊ុយក្រែន​។​ នេះ​បើតាម​ការ​ឱ្យ​ដឹង​របស់​អង្គភាព​យោធា​កងពលតូច​អ៊ុយក្រែន​មួយ​។ ​ដំណើរ​ទស្សនកិច្ច​របស់​លោក Zelenskyy ទៅ​កាន់​តំបន់​នោះ​ កើត​ឡើងបន្ទាប់ពីកងទ័ព​រុស្ស៊ី​បាន​ចាកចេញពី​ទីតាំង​នោះ​រយៈពេល​ពីរ​បី​ថ្ងៃ​កន្លង​ទៅ។​ ​នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ ​សេចក្តី​ថ្លែងការណ៍​មួយ​របស់កងពល​តូចទ័ពអាកាសលេខ២៥ ​របស់​អ៊ុយក្រែន​ ដែល​បានបង្ហោះ​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក​បាន​សរសេរ​ថា៖ «ប្រធានាធិបតី​អ៊ុយក្រែនបាន​សរសើរ​ដល់​កងទ័ព​របស់​លោក​ ដែល​បាន​រំដោះ​ទឹកដី​អ៊ុយក្រែន​ និង​បាន​បង្ហូត​ទង់ជាតិ​អ៊ុយក្រែននៅ​លើអគារក្រុមប្រឹក្សា​ក្រុង»។​ សារ​បង្ហោះ​នោះ​ក៏​មាន​ភ្ជាប់​ជា​មួយ​ផង​ដែរ​នូវរូបថត​របស់លោកប្រធានាធិបតី Zelenskyy និង​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោក​ស្រី Hanna Malyar ក៏​ដូច​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​អ៊ុយក្រែន​មួយ​ចំនួន​ទៀត​ផង​ដែរ​ នៅ​ក្នុងពិធីនៃ​ដំណើរ​ទស្សនកិច្ច​នោះ។​ ​
  • អតីត​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ លោក​ Bill Richardson ដែល​ការងារ​របស់​លោកក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​ចុងក្រោយ​នេះ​ បាន​ផ្តោត​ទៅ​លើ​ការ​ជួយ​ដោះលែងអ្នក​ជាប់ឃុំ​ឃាំងនោះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី​ក្នុង​សប្តាហ៍នេះ។ នេះ​បើ​តាម​ការឱ្យដឹងរបស់​មន្ត្រី​ម្នាក់​ដែល​ដឹង​រឿង​នេះ។​ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេថា​តើ​លោក Richardson បានជួប​ជា​មួយ​អ្នកណា​ខ្លះ​ក្នុង​ដំណើរ​របស់​លោក​ទៅ​កាន់រដ្ឋធានី​មូស្គូ​នោះ​ ហើយ​មជ្ឈមណ្ឌល ​Richardson​ នៃ​ Global Engagement បាន​បដិសេធមិន​ផ្តល់សេចក្តី​លម្អិតដល់​អង្គភាព​សារព័ត៌មាននានា​នោះ​ឡើយ​។​ សហរដ្ឋអាមេរិក​បានផ្តល់​សំណើ​ដល់​ប្រទេស​រុស្ស៊ី ចំពោះ​អ្វី​ដែល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា​ ​«ជា​ការ​ផ្តល់​មួយ​ដ៏​សំខាន់» ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​ រួម​មានការ​ដោះដូរ​អ្នកទោស​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​អាមេរិកគឺ​មេក្លោង​ជួញដូរ​អាវុធ​រុស្ស៊ី​លោក​ Viktor Bout ជាមួយពលរដ្ឋអាមេរិក​២រូប​គឺ អ្នកស្រី​ Brittney Griner និង​លោក Paul Whelan។
22:50 13.9.2022

ថ្ងៃអង្គារ ទី ១៣ ខែកញ្ញា៖

  • សារព័ត៌មានThe Kyiv Independent រាយការណ៍​ថា ទី​ភ្នាក់ងារ​ការពារ​ព្រំដែន​រដ្ឋ​អ៊ុយក្រែន បាន​បង្ហោះ​វីដេអូ​នៅ​ថ្ងៃ​អង្គារ​នេះដោយ​បង្ហាញកងទ័ព​អ៊ុយក្រែន​កំពុងដោះ​ទង់ជាតិ​និង​ស្លាក​សញ្ញា​របស់​រុស្ស៊ី​ចេញ​ពី​អគារជា​ច្រើន​នៅ​ក្នុង​ទីក្រុង Vovchansk ដែល​ត្រូវ​បាន​រុស្ស៊ី​ដណ្តើម​គ្រប់គ្រង​តាំង​ពី​ពេល​ដំបូងនៃ​ការ​ចូល​លុកលុយ​របស់​កងទ័ព​រុស្ស៊ី​នោះ។ សេចក្តីរាយការណ៍​ព័ត៌មាន​នោះ​បាន​ឱ្យ​ដឹង​ទៀត​ថា​ កងទ័ព​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ពី​ទីក្រុង​នេះ​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា។
  • វិមាន​ក្រឹមឡាំង​និយាយនៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​មិន​មាន​ការ​ពិភាក្សា​ពី​ការ​ប្រមូល​ផ្តុំថ្នាក់​ជាតិ​ណាមួយ ដើម្បី​ជំរុញ​យុទ្ធនាការ​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ។ ការ​លើក​ឡើង​នេះ​កើត​មាន​ឡើងតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពីកងកម្លាំង​អ៊ុយក្រែនធ្វើការ​វាយបក​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ ដែល​បណ្តាល​ឱ្យ​រុស្ស៊ីដក​កងទ័ព​របស់​ខ្លួនស្ទើរ​តែ​ទាំង​អស់​ចេញ​ពី​តំបន់ Kharkiv នោះ។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ នៅ​ពេល​សួរ​ពី​ការ​រិះគន់​ទៅ​លើថ្នាក់ដឹកនាំ​ប្រទេស​រុស្ស៊ីនោះ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov និយាយ​ថា​ប្រជាជន​រុស្ស៊ី​ទាំង​អស់​បន្តគាំទ្រលោក​ប្រធានាធិបតី Vladimir Putin។ «ប្រជាជន​រុស្ស៊ី​គាំទ្រ​លោក​ប្រធានាធិបតី​តាម​រយៈ​ទឹក​ចិត្ត​របស់​គេ។​ ប្រជាជន​រុស្ស៊ី​រួបរួម​គ្នា​គាំទ្រ​សេចក្តី​សម្រេចរបស់​ប្រមុខរដ្ឋ​ខ្លួន»។ ​
  • ថ្នាក់ដឹកនាំ​សហរដ្ឋអាមេរិក​ ចាប់​តាំង​ពី​ប្រធានាធិបតី​រហូតដល់​ថ្នាក់​ក្រោម​ មាន​ការ​ប្រយ័ត្នប្រយែង​ក្នុង​ការមិនប្រកាស​ភ្លាម​ៗ​ពី​ជ័យជម្នះ​របស់​កងទ័ព​អ៊ុយក្រែន​ ​ដែល​បាន​ធ្វើ​ការ​វាយបក​ប្រឆាំង​នឹង​ទាហាន​រុស្ស៊ី​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ដកថយ​យ៉ាង​ត្រហេបត្រហបនៅ​ភាគ​ខាង​ជើងប្រទេសអ៊ុយក្រែន​។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP ។ មន្ត្រី​កងទ័ព​សហរដ្ឋអាមេរិក​និយាយ​ថា​ ខ្លួន​កំពុងសម្លឹង​ទៅ​មើល​ការ​ប្រយុទ្ធគ្នា​ដែលនៅ​មិន​ទាន់ចប់នៅ​ឡើយ​ ហើយ​កំពុង​ដាក់​ផែន​ការ​ក្នុង​ការ​បន្ត​ផ្តល់អាវុធនិង​ការ​ហ្វឹកហ្វឺន​បន្ថែម​ទៀត​ដល់​កងទ័ព​អ៊ុយក្រែន​ ខណៈ​រង់ចាំប្រតិកម្ម​ឆ្លើយ​តប​របស់​រុស្ស៊ី​ពីភាព​បរាជ័យរបស់​ខ្លួន​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នោះ។​ បើ​ទោះ​បី​ជា​មាន​ការ​អបអរ​សាទរ​ចំពោះ​ការ​រុល​ទៅ​មុខដ៏​លឿន ​របស់​កងទ័ព​អ៊ុយក្រែន​កាល​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ក្តី​ ក៏​មន្ត្រី​សហរដ្ឋអាមេរិកដឹង​ថា​ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​តែ​មាន​កងទ័ព​របស់​លោក​ និង​ធនធាន​ជា​ច្រើន​ទៀត​ ដែល​ត្រូវ​យក​មក​ប្រើប្រាស់​ ហើយ​កងកម្លាំងរុស្ស៊ី​នៅ​តែ​គ្រប់គ្រងភាគ​ច្រើន​បំផុត​នៃ​ទឹកដី​អ៊ុយក្រែន​នៅ​ភាគខាង​កើត​និង​ខាង​ត្បូង។
  • ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​កើត​មាន​យ៉ាង​ខ្លាំង​នៅតំបន់ Kharkiv ភាគ​ឦសាន​ប្រទេស​អ៊ុយក្រែន​ ហើយ​កងកម្លាំង​អ៊ុយក្រែន​កំពុង​រុល​ទៅ​មុខយ៉ាងលឿន ​ដោយ​សារ​តែ​ពួក​គេមាន​ទឹកចិត្ត​ខ្ពស់​ ហើយ​ប្រតិបត្តិការ​យោធា​ត្រូវ​បាន​រៀបចំដោយ​មាន​ផែន​ការ​ត្រឹមត្រូវ។​ នេះ​បើ​តាម​ការ​បញ្ជាក់របស់​អនុ​រដ្ឋមន្ត្រីការពារជាតិ​អ៊ុយក្រែន​ លោក​ស្រី​ Hanna Malyar​ ដែល​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មានReuters នៅ​ថ្ងៃ​អង្គារ​នេះ។ លោក​ស្រី​បន្ត​ទៀត​ថា៖​ «គោល​បំណង​របស់​យើង​ គឺ​ដើម្បី​រំដោះតំបន់ Kharkiv និង​ទីកន្លែង​ផ្សេងៗ​ទៀត ដែល​កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយកងទ័ព​រុស្ស៊ី​។ ការ​ប្រយុទ្ធ​គ្នា​កំពុង​តែ​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់ Kharkiv ​ ហើយ​វា​ជា​រឿង​លឿន​ពេក​ ដែល​យើង​អាច​និយាយ​ថា​ កងទ័ព​អ៊ុយក្រែន​បាន​កាន់​កាប់​តំបន់​នោះ​ទាំង​ស្រុង​នោះ។​ នេះ​បើ​តាមអនុរដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​រូប​នេះ​ ដែល​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសមួយ។
  • ប្រទេស​អ៊ុយក្រែន​បាន​អំពាវនាវ​សុំ​ជំនួយ​កាំភ្លើងធំ​និង​គ្រាប់រំសេវ​បន្ថែម​ទៀតពី​ប្រទេស​អូស្ត្រាលី​ បន្ទាប់​ពី​កងកម្លាំង​របស់​ខ្លួន​បាន​ធ្វើ​ការ​វាយ​បក​ទៅ​លើ​កងកម្លាំង​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស​ ​ដែល​គេ​មើល​ឃើញ​ថា រដ្ឋាភិបាលក្រុង​កៀវ​កំពុង​ដណ្តើមកាន់កាប់​បានទី​ប្រជុំជន​ដ៏​សំខាន់មួយ​ឡើងវិញ​ពី​កងទ័ព​រុស្ស៊ី​។​ អ្នក​ជំនាញ​យោធា​ជា​ច្រើន​និយាយ​ថា​ កងទ័ព​អ៊ុយក្រែន​ត្រូវការគ្រាប់រំសេវ​និង​កាំភ្លើង​ធំជា​ចាំបាច់​ ដើម្បី​អាច​រក្សា​នូវ​ទីតាំង​សំខាន់ៗរបស់​ខ្លួន​នោះ។​ អាជ្ញាធរ​អ៊ុយក្រែនបាន​និយាយ​ថា​ កងទ័ព​របស់​ខ្លួន​បានរុល​ទៅ​មុខ​គួរ​ឱ្យ​កត់​សម្គាល់​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ​ និង​បាន​រុញ​ច្រាន​កងកម្លាំង​រុស្ស៊ី​ឱ្យ​ចេញ​ពី​ទី​តាំង​កាន់កាប់របស់​គេ ​និង​បាន​ដណ្តើម​គ្រប់គ្រង​ទឹក​ដី​ឡើង​វិញ​ប្រមាណ​ជាង​៣ពាន់​គីឡូម៉ែត្រ​ក្រឡា​។
23:05 8.9.2022

ថ្ងៃព្រហស្បតិ៍ ទី ៨ ខែកញ្ញា៖

  • រដ្ឋមន្ត្រី្ក​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ជួប​ជា​មួយប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​មិន​បាន​ប្រកាសឱ្យ​ដឹង​ជា​មុន ទៅ​កាន់​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន។ សេចក្តី​រាយការណ៍​ព័ត៌មានមួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុងជំនួប​នោះ​ លោក Zelenskyy និយាយ​ថា​ អ៊ុយក្រែនមាន​ការ​ដឹងគុណ​ចំពោះសហរដ្ឋអាមេរិក​ ដែល​បាន​គាំទ្រ​យ៉ាង​ខ្លាំងដល់​ប្រទេសនេះ។​ លោក​ក៏​បាន​សរសើរ​ដល់​ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden និង​សភា​សហរដ្ឋអាមេរិក​ផង​ដែរ។​ លោក Zelenskyy គូសបញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​ កំពុង​ជួយ​ដល់​ប្រទេស​អ៊ុយក្រែន ដើម្បី​ឱ្យ​ទទួល​បាន​បូរណភាព​ទឹក​ដី​របស់​ខ្លួន​មក​វិញ។​

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ឈរនៅក្បែរសំណង់អគារលំនៅដ្ឋានដែលត្រូវបានបំផ្លាញ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Irpin ប្រទេសអ៊ុយក្រែន ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ឈរនៅក្បែរសំណង់អគារលំនៅដ្ឋានដែលត្រូវបានបំផ្លាញ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Irpin ប្រទេសអ៊ុយក្រែន ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២។

  • ប្រទេស​រុស្ស៊ី​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ខ្លួន​បាន​បញ្ជា​ឱ្យ​អ្នក​ការទូត​រូម៉ានី​ម្នាក់​ចេញ​ពី​ប្រទេស​របស់​ខ្លួន ជា​ការ​ឆ្លើយតបទៅ​នឹង​ការ​បណ្តេញ​ចេញ​អ្នក​ការ​ទូត​រុស្ស៊ីម្នាក់​ពី​រដ្ឋធានី​ប៊ុយការ៉េស​នៃ​ប្រទេស​រូម៉ានី។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ប្រទេស​រូម៉ានីក៏​ដូច​ជា​រដ្ឋមួយ​ចំនួន​ទៀត​របស់​សហភាព​អឺរ៉ុប ត្រូវ​បាន​រុស្ស៊ីចាត់​ទុក​ថា​ជា​ប្រទេស​អមិត្ត​របស់​ខ្លួន​ ក្រោយប្រទេសទាំង​នោះ​ បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​ បន្ទាប់​ពី​ខ្លួន​ចូល​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​មក។​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក​ រុស្ស៊ី​និង​ប្រទេស​មួយ​ចំនួន​របស់​សហភាព​អឺរ៉ុប​ បាន​បណ្តេញ​អ្នកការទូតរាប់រយនាក់​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក​ ចាប់តំាង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​ទៅ​លើ​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈកន្លង​ទៅ។
  • រដ្ឋមន្ត្រី្ក​ក្រសួង​ការពារជាតិប្រទេស​បេឡារុស​និយាយ​ថា​ កងទ័ព​របស់​ខ្លួន​នឹង​ធ្វើសមយុទ្ធ​យោធា​ នៅ​ក្នុង​តំបន់​ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន​ និង​ប្រទេស​ប៉ូឡូញ​ ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​នៃ​ទីក្រុង Minsk និង​ទីក្រុង Vitsebsk របស់​បេឡារុស​ផង​ដែរ​ រហូត​ដល់​ថ្ងៃ​ទី​ ១៤​ ខែ​កញ្ញា​ខាង​មុខ។​ នាយ​អគ្គសេនាធិការរង​នៃ​កងទ័ព​អ៊ុយក្រែន​ លោក Leksii Hromov បាន​ឱ្យ​ដឹង​ថា​ សមយុទ្ធ​យោធា​ទាំង​នោះ​ នឹង​ផ្តោត​ទៅ​លើ​ការ​ឆ្លង​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ ​និងយក​ផ្នែក​ខ្លះ​របស់​អ៊ុយក្រែន​ ដែល​ប្រទេស​បេឡារុស​ចាត់ទុក​ថា​ ជា​ទឹក​ដី​ដែល​ខ្លួន​បាត់បង់​នោះ។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​គំរាមថា នឹង​បិទ​ការ​បញ្ជូន​ថាមពល​ទាំង​អស់ទៅ​ឱ្យ​អឺរ៉ុប​ ប្រសិន​បើ​សហភាព​អឺរ៉ុប​ នឹងធ្វើ​តាម​គម្រោង​របស់​ខ្លួន​ក្នុង​ការ​កំណត់​តម្លៃ​ឧស្ម័ន​របស់​រុស្ស៊ី​នោះ។​ លោក​បាន​ថ្លែង​ដូច​នេះ​នៅ​ក្នុង​សុន្ទរកថាវាយប្រហារ​មួយ​របស់​លោក​ ដែល​ប្រកាស​ថា​ រុស្ស៊ី​នឹង​មិន​ចាញ់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។​ សុន្ទរកថា​របស់​លោក Putin កើត​មាន​ឡើង​ ស្របពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy លើក​ឡើង​ពីដំណឹង​ល្អ​ពី​សមរភូមិមុខនៅ​ជិត​ទីក្រុង Kharkiv​ នៅ​ភាគ​ខាង​កើត ដោយ​និយាយ​ថា​ ទីតាំង​មួយ​ចំនួន​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន​ ដណ្តើម​បាន​មក​វិញ​ហើយ​ ខណៈពេលដែល​មាន​សេចក្តី​រាយការណ៍​ពីការ​ប្រយុទ្ធគ្នា​ដ៏​ខ្លាំង​ក្លានៅក្នុង​តំបន់​នោះ។
  • ប្រទេស​ប៉ូឡូញ និង​រដ្ឋ​ក្នុង​តំបន់​បាល់ទិក​បី​ទៀត និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ពួក​គេ​នឹង​ដាក់ការ​រឹតបន្តឹង​ជា​បណ្តោះ​អាសន្នដល់​ពលរដ្ឋរុស្ស៊ី​ ដែល​កំពុងប្រើប្រាស់​ទិដ្ឋាការ​សហភាព​អឺរ៉ុប នៅ​ត្រឹម​ថ្ងៃ​ទី​ ១៩ ខែ​កញ្ញា​ខាង​មុខ​នេះ ដើម្បី​ដោះស្រាយ​ទៅ​លើ​ «ការ​គំរាមកំហែង​ខាង​ផ្នែក​សន្តិសុខ​ និង​នយោបាយ​សាធារណៈ»។ នាយករដ្ឋមន្ត្រីប្រទេសអេស្តូនី​ ឡេតូនី លីទុយអានី​ និង​ប្រទេស​ប៉ូឡូញ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ថា​ ពួក​គេ​មាន​ការ​បារម្ភអំពីលំហូរ​នៃ​ពលរដ្ឋរុស្ស៊ីទៅ​ក្នុង​សហភាព​អឺរ៉ុប៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG