ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២១:២៣ ២៣.៦.២០២២

ថ្ងៃពុធ ទី២២ ខែមិថុនា៖

  • រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​បាន​និយាយ​ថា​ អ៊ុយក្រែន​បាន​ទទួល​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​ដែល​មាន​ប្រព័ន្ធ​រ៉ុក្កែត​កាំភ្លើងធំ​ចល័ត​កម្រិតខ្ពស់​ (HIMARS)។ ​ប្រព័ន្ធ​ដែល​បំពាក់​លើ​រថយន្ត​នេះ​អាច​ផ្ទុក​គ្រាប់​រ៉ុក្កែត​បាន​ចំនួន​ប្រាំមួយ​គ្រាប់​ដែល​អាច​បាញ់​បានចម្ងាយ​ប្រហែល​៧០​ គីឡូម៉ែត្រ។ ​កាលពី​ដើម​ខែ​នេះ​ សហ​រដ្ឋ​អាមេរិក​បាន​ប្រកាស​ថា ​ខ្លួន​កំពុង​បញ្ជូន​ជំនួយ​យោធា​ចំនួន​១ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន។ នោះ​ជា​ការផ្តល់អាវុធ ​និង​ឧបករណ៍​ធំ​បំផុត​លើក​ទី១២​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ដែល​មាន​បំណង​ប្រឈមមុខ​នឹង​ការ​ជំរុល​ទៅ​មុខ​យឺតៗ​របស់​រុស្ស៊ី ​នៅ​តំបន់​ Donbas​ ដែល​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។​
រូបឯកសារ៖ កងកម្លាំងយោធាសហរដ្ឋអាមេរិកបានបាញ់គ្រាប់រ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ក្នុងអំឡុងពេលសមយុទ្ធបាញ់គ្រាប់ពិតប្រចាំឆ្នាំរបស់ហ្វីលីពីន-អាមេរិក (PHIBLEX) នៅក្នុងទីក្រុង Capas ខេត្ត Tarlac ភាគខាងជើងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។
រូបឯកសារ៖ កងកម្លាំងយោធាសហរដ្ឋអាមេរិកបានបាញ់គ្រាប់រ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ក្នុងអំឡុងពេលសមយុទ្ធបាញ់គ្រាប់ពិតប្រចាំឆ្នាំរបស់ហ្វីលីពីន-អាមេរិក (PHIBLEX) នៅក្នុងទីក្រុង Capas ខេត្ត Tarlac ភាគខាងជើងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។
  • វិទ្យុអឺរ់ុប​សេរី / វិទ្យុសេរីភាព ​(RFE/RL) ​បាន​រាយ​ការណ៍​ថា ​ក្រុមហ៊ុន​សម្លៀក​បំពាក់​កីឡា​ដ៏ធំ​របស់​អាមេរិកាំង​ម៉ាក​ Nike​ និយាយ​ថា ​ខ្លួន​ចាក​ចេញ​ពី​ទីផ្សារ​រុស្ស៊ី​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​បី​ខែ​បន្ទាប់ពី​ការ​ផ្អាក​ប្រតិបត្តិការនៅ​ក្នុង​ប្រទេស​នេះ។​ ក្រុមហ៊ុន​ Nike ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​កំពុង​ចូលរួម​ជា​មួយ​យីហោ​លោក​ខាង​លិច​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​ការ​ចាក​ចេញ​ពី​ទីផ្សារ​រុស្ស៊ី​ ដោយសារ​ការ​ចូល​ឈ្លាន​ពានរបស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ទៅ​លើ​អ៊ុយក្រែន ​ដោយ​គ្មាន​ការ​បង្កហេតុ។​ ​
  • វិទ្យុអឺរ់ុប​សេរី / វិទ្យុសេរីភាព ​(RFE/RL) ​បាន​រាយ​ការណ៍​ដោយ​ស្រង់​សម្តី​មន្ត្រី​ក្នុង​តំបន់​ Luhansk ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ កង​កម្លាំង​រុស្ស៊ី​បាន​វាយ​យក​បាន​កន្លែង​តាំង​លំនៅ​ចំនួន​ពីរ​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ Lysychansk ​ដ៏​សំខាន់​ក្នុង​តំបន់​ Donbas​ ខណៈដែល​ពួកគេ​បានបន្ត​ការ​វាយ​លុក​មួយ​ក្នុង​គោល​បំណង​កាត់​ផ្តាច់​ទាំង​ស្រុង​នូវ​ការ​តស៊ូ​របស់​អ៊ុយក្រែន​នៅ​ក្នុង​តំបន់​ Luhansk។ ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​និយាយ​នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​ចារកម្ម​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ថា ​ការធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅក្នុង​តំបន់​ Lysychansk​ និង​ទីក្រុង​ភ្លោះ ​Syevyerodonetsk ​ទំនង​ជា​លទ្ធផល​នៃ​ការ​ពង្រឹង​កងទ័ព​នាពេល​ថ្មីៗ​នេះ​ និង​ការ​ប្រើប្រាស់​កាំភ្លើង​ធំ​ច្រើន។ អភិបាល​យោធា​នៃ​តំបន់​ Luhansk ​លោក Serhiy Hayday ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ភូមិ Loskutyvka ​និង​ Rai-Oleksandryvka ​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ Lysychansk ​និង​ Syevyerodonetsk​ បាន​ធ្លាក់​ទៅ​រុស្ស៊ី ​ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ​កងកម្លាំង​អ៊ុយក្រែន​នៅតែ​បន្ត​ទប់ទល់​នៅ​ទីក្រុង​Syevyerodonetsk ​និង​កន្លែង​តាំង​លំនៅ​នៅ Zolote និង ​Vovchoyrovka ​ដែល​នៅ​ក្បែរ​នោះ។
  • អ៊ុយក្រែន​រំពឹង​ថា ​នឹង​បើក​សវនាការ​បឋម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​កាត់ទោស​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ស្ត្រី​អ៊ុយក្រែន​ម្នាក់​ក្នុង​អំឡុង​ពេល​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។​ ជន​សង្ស័យ​ឈ្មោះ​ Mikhail Romanov ​អាយុ​៣២​ឆ្នាំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​លើ​ជនស៊ីវិល​នៅ​ក្នុង​តំបន់​ជុំវិញ​ទីក្រុង​កៀវ​ ហើយ​បន្ទាប់​មក​បាន​រំលោភ​ប្រពន្ធ​របស់​បុរស​នោះ​ម្តង​ហើយ​ម្តង​ទៀត។ ​ទាហាន​នោះ​មិន​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​របស់​អ៊ុយក្រែន​ទេ​ ហើយ​នឹង​ត្រូវ​កាត់​ទោស​កំបាំង​មុខ។​
  • ទីតាំង​វប្បធម៌ ​និង​ប្រវត្តិសាស្ត្រ​ជាង​១៥២​ត្រូវ​បាន​ខូចខាត​ ឬ​បំផ្លាញ​ចាប់តាំង​ពី​កងកម្លាំង​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​ក្នុង​ខែកុម្ភៈ។ ​ នេះ​បើយោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP។​ សំណង់​ដែល​ខូច ​ឬ​បំផ្លាញនោះរួមមាន​ សារមន្ទីរ ​វិមាន ​ព្រះវិហារ ​និង​បណ្ណាល័យ។​
  • ទីភ្នាក់ងារ​ព័ត៌មាន​ The Associated Press ​កត់​សម្គាល់​ថា​ កិច្ចប្រជុំ​កំពូល​ចំនួន​បី​នៅ​សប្តាហ៍​ក្រោយ​នឹង​សាកល្បង​ការ​ប្តេជ្ញា​ចិត្ត​របស់​បស្ចិម​ប្រទេស​ក្នុង​ការ​គាំទ្រ​អ៊ុយក្រែន៖ មេដឹកនាំ​សហភាព​អឺរ៉ុប​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុចសែល​ ដើម្បី​ពិចារណា​បេក្ខភាព​អ៊ុយក្រែន​ជា​សមាជិក​សហភាព​អឺរ៉ុប។​ ក្រុម​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ឈានមុខ​គេ​ទាំង​ប្រាំពីរ​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំនៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ ​បន្ទាប់ពី​នោះ ​មេដឹកនាំ​អូតង់​នឹង​ជួបជុំ​គ្នា​នៅ​ទីក្រុង​ម៉ាឌ្រីដ។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​តំបន់​ឧស្សាហកម្ម​នៃ​ទីក្រុង Sievierodonetsk ខណៈ​ដែល​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន​នៅ​តែ​បន្ត អ៊ុយក្រែន ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ ទាហាន​អ៊ុយក្រែន​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​តំបន់​ឧស្សាហកម្ម​នៃ​ទីក្រុង Sievierodonetsk ខណៈ​ដែល​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន​នៅ​តែ​បន្ត អ៊ុយក្រែន ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២។
  • កាសែត​ The New York Times ​រាយ​ការណ៍​ថា ​ទាំង​កង​កម្លាំង​អ៊ុយក្រែន​ និង​រុស្ស៊ី​កាន់តែ​នឿយហត់​ នៅ​ពេល​ដែល​ពួក​គេ​ប្រយុទ្ធ​ដណ្តើម​ទីក្រុង​ Sievierodonetsk ​និង​ Lysychansk។ លោក​ Mick Ryan ​ឧត្តមសេនីយ៍​អូស្ត្រាលី​ចូល​និវត្តន៍​ និង​ជា​មេបញ្ជាការ​នៃ​មហា​វិទ្យាល័យ​ការពារ​ជាតិ​អូស្ត្រាលី​ បាន​សរសេរ​ក្នុង​ការ​វិភាគ​ថ្មីៗ​នេះ​ថា​ «មាន​ភស្តុតាង​ដែល​ថា​ ភាគី​ទាំងពីរ​ ជិត​អស់​កម្លាំង​ ដោយសារ​ចំនួន​អ្នកស្លាប់​បាត់បង់​ជីវិត​ និង​ការ​ចំណាយ​គ្រាប់រំសេវ​ច្រើន។ ទំនង​ណាស់​ថា​ ប្រតិបត្តិការ​នឹង​ផ្អាក​នៅខែ​ក្រោយ ​ឬ​ពីរខែ​ទៀត»។​
  • ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី ​Tass ​បាន​ឱ្យ​ដឹង​ថា​ ពលរដ្ឋ​អង់គ្លេស​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កងកម្លាំង​រុស្ស៊ី​នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​កាត់ទោស​ប្រហារ​ជីវិត​របស់​ពួកគេ។​ លោក​ Shaun Pinner ​និង​លោក ​Aiden Aslin ​បាន​ជួយ​កងកម្លាំង​អ៊ុយក្រែន​ក្នុង​ការ​ប្រយុទ្ធនៅ​ទីក្រុង​Mariupol ​នៅពេល​ដែល​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ ហើយ​ក្រោយ​មក​ត្រូវ​បានកាត់ទោស​នៅក្នុង​តុលាការ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ Donetsk ​ដែលជា​រដ្ឋបំបែក​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី។​
  • នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ Boris Johnson ​បាន​ប្រាប់​ក្រុម​បណ្តាញ​ព័ត៌មាន​អឺរ៉ុប​ថា​ ចារកម្ម​អង់គ្លេស​ជឿ​ថា​ រុស្ស៊ី​អាច​បាត់បង់​សន្ទុះ​ក្នុង​ការ​ប្រយុទ្ធ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​ ដោយសារ​ធនធាន​របស់​ខ្លួន​ត្រូវ​បាន​បាត់បង់​នៅក្នុង​សង្គ្រាម​ដែល​មាន​ការ​បាញ់ផ្លោង​យ៉ាង​ធ្ងន់ធ្ងរ​ និង​ការស្លាប់​បាត់បង់​ជីវិត​ច្រើន។ ​អ្នកការទូត​អឺរ៉ុប​ម្នាក់​បាន​ប្រាប់​កាសែត​ The Washington Post ​ថា​ កងកម្លាំង​របស់​ទីក្រុង​មូស្គូ​អាច​នឹង​អស់​កម្លាំង​នៅ​ប្រហែល​ខែ​សីហា។​
  • មេ​ដឹកនាំ​នៃ​ប្រទេស​អេស្តូនី ​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ សមត្ថភាព​យោធា​របស់​រុស្ស៊ី​មិន​ទាន់​អស់​ទេ​ ហើយ​មិនគួរ​មើល​ស្រាល​ឡើយ។​ អ្នកស្រី​ Kaja Kallas​ នាយក​រដ្ឋមន្ត្រី​របស់​អេស្តូនី​បាន​និយាយ​ដូច​នេះ​នៅមុន​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​អូតង់។​ អ្នកស្រី​បាន​បន្ថែម​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​AP​ ថា៖ ​«ខ្ញុំ​បាន​ឮ​ការ​ពិភាក្សាថា គ្មាន​ការ​គំរាម​កំហែង​ទៀត​ទេ​ ពីព្រោះ​ពួក​គេ​បាន​អស់កម្លាំង។​ ទេ ​ពួកគេ​មិនទាន់​អស់​កម្លាំង​ទេ»៕
២២:៣៧ ២២.៦.២០២២

ថ្ងៃពុធ ទី២២ ខែមិថុនា៖

  • ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters ​បាន​រាយ​ការណ៍​ថា​ កង​កម្លាំង​រុស្ស៊ី​បាន​បាញ់​រ៉ុក្កែត​លើទីក្រុង​ Kharkiv ​ដែល​ជា​ទីក្រុង​ធំ​ទីពីរ​របស់​អ៊ុយក្រែន ​និង​តំបន់​ជនបទ​ជុំវិញ​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៥​ នាក់​ នៅ​ក្នុង​នោះ​រដ្ឋាភិបាលក្រុង​កៀវ​ហៅ​ថា ការ​ប៉ុនប៉ង​ដើម្បី​បង្ខំ​ឱ្យ​ខ្លួន​ទាញ​យក​កម្លាំង​ពី​សមរភូមិ​ដ៏​សំខាន់​មក​ការពារ​ជនស៊ីវិល​ក្នុង​ការ​វាយ​ប្រហារ​នេះ។​ ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ទីក្រុង​ Kharkiv​ ពេញ​មួយ​ថ្ងៃអង្គារ​ និង​បន្ត​នៅព្រឹក​ថ្ងៃពុធ​ គឺ​ជា​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ​នៅ​ក្នុង​តំបន់​ដែល​ការ​រស់​នៅ​បាន​វិលត្រឡប់​មក​ធម្មតា​វិញ​ ចាប់តាំង​ពី​អ៊ុយក្រែន​បាន​រុញច្រាន​កងកម្លាំង​រុស្ស៊ី​ត្រឡប់​ទៅ​វិញ​នៅ​ក្នុង​ការ​វាយ​បក​ដ៏​ធំ​មួយ​កាលពី​ខែ​មុន។​
រូបឯកសារ៖ ធុងសណ្ដែកដែលបែកបាក់ត្រូវបានគេឃើញនៅផ្ទះរបស់ អ្នកស្រី Raisa Kozakova អាយុ ៨៥ ឆ្នាំ បន្ទាប់ពីគ្រាប់បែកផ្លោងមួយបានធ្លាក់លើសួនច្បាររបស់អ្នកស្រី ហើយបានសម្លាប់អ្នកស្រី ខណៈពេលដែលអ្នកស្រីកំពុងប្រមូលបន្លែ នេះបើយោងតាមចៅប្រុសរបស់អ្នកស្រី នៅក្នុងសង្កាត់ឧស្សាហកម្មក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ ធុងសណ្ដែកដែលបែកបាក់ត្រូវបានគេឃើញនៅផ្ទះរបស់ អ្នកស្រី Raisa Kozakova អាយុ ៨៥ ឆ្នាំ បន្ទាប់ពីគ្រាប់បែកផ្លោងមួយបានធ្លាក់លើសួនច្បាររបស់អ្នកស្រី ហើយបានសម្លាប់អ្នកស្រី ខណៈពេលដែលអ្នកស្រីកំពុងប្រមូលបន្លែ នេះបើយោងតាមចៅប្រុសរបស់អ្នកស្រី នៅក្នុងសង្កាត់ឧស្សាហកម្មក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២។
  • កង​កម្លាំង​ប្រដាប់​អាវុធ​បារាំង​បាន​ធ្វើ​សមយុទ្ធ​យោធា​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ក្នុង​ប្រទេស​អេស្តូនី​ ដោយ​ដាក់​ពង្រាយ​ទាហាន​ឆ័ត្រ​យោង​ជាង​១០០​នាក់​នៅ​ប្រទេស​អេស្តូនី ​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​រុស្ស៊ី។​ នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press បាន​រាយការណ៍​កាលពី​ថ្ងៃពុធ ​ដោយ​ដកស្រង់​ពី​ក្រសួង​ការពារ​ជាតិ​បារាំង។​ សេចក្តី​ថ្លែង​ការណ៍​បាន​និយាយ​ថា​ ប្រតិបត្តិការ​តាម​អាកាស​នេះ​បាន​ធ្វើឡើង​កាល​ពី​យប់​ថ្ងៃអង្គារ ហើយ​ត្រូវបាន​គេ​ដាក់​ឈ្មោះ​ថា ​ Thunder Lynx​ នោះ​ «បាន​បើក​ដំណើរការភ្លាមៗ​ ដោយមានការ​លោតឆ័ត្រ​របស់​ទាហាន​ឆ័ត្រយោង​ប្រហែល​១០០នាក់»​ ពី​កងពល​តូច​ទ័ព​អាកាស​ទី ១១​ របស់​បារាំង​ «លើ​តំបន់​ដែល​ការពារ​ដោយ​ទាហាន​អេស្តូនី»។​ សមយុទ្ធ​ដែល​រៀបចំ​យ៉ាង​ប្រញាប់​ប្រញាល់​ក្នុង​ប្រទេស​អេស្តូនី​ ដែល​ជា​សម្ព័ន្ធមិត្ត​អូតង់​នេះ​ ត្រូវ​បាន​ប្រតិបត្តិ​ជា​សកម្មភាព​«សាមគ្គីភាព​ជា​យុទ្ធសាស្ត្រ»​ ចំពេល​មាន​សង្រ្គាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។​ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការពារ​ជាតិ​បារាំង​បាន​និយាយ​ថា​ «ប្រតិបត្តិការ​តាម​អាកាស​នេះ​បង្ហាញ​ពី​សមត្ថភាព​របស់​កងកម្លាំង​ប្រដាប់​អាវុធ​បារាំង​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ ក្នុង​គ្រាអាសន្ន ​និង​គាំទ្រ​ប្រទេស​សម្ព័ន្ធមិត្ត»។​
  • សេចក្តីព្រាង​នៃ​សេចក្តី​ប្រកាស​ចុងក្រោយ​សម្រាប់​កិច្ចប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​នៅ​សប្តាហ៍​នេះ​ស្នើសុំ​ឋានៈ​បេក្ខភាពសម្រាប់​ប្រទេសអ៊ុយក្រែន​ និង​ម៉ុលដាវី។​ នេះ​បើ​តាម​ឯកសារ​ដែលវិទ្យុ​អឺរ៉ុប​សេរី /វិទ្យុសេរីភាព​បាន​ឃើញ។ ​លោក​ Jean Asselborn ​នៃ​ប្រទេស​ លុចសំបួ ​បាន​និយាយ​មុនកិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​ថា ​នៅ​ក្នុង​សហភាព​អឺរ៉ុប​ «គ្មាន​ប្រទេស​ណា​មួយ​ជំទាស់»​នឹង​សំណើរ​នេះ​ទេ។​
  • ឯក​អគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី ​លោក ​John Sullivan ​បាន​និយាយ​ថា​ ការ​ឈ្លាន​ពាន​របស់​រុស្ស៊ីលើ​ប្រទេស​អ៊ុយក្រែន​ ដែល​ជា​ «ការ​ឈ្លានពាន​ដ៏ធំ»​នោះ​ គឺ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយអំឡុងសន្និសីទ​នៃ​ប្រមុខ​បេសក​កម្ម​សកល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃអង្គារ។​
  • រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​ លោក ​Oleksii Reznikov ​កាលពី​ថ្ងៃពុធ ​បាន​សរសេរ​នៅ​លើ បណ្តាញ ​Twitter​ ថា ​លោក​ទទួល​ស្វាគមន៍ព័ត៌មាន​នៃ​ទំនាក់ទំនង​ថ្មី​ជាមួយ​នឹង​គំនិត​ផ្តួចផ្តើម​សមុទ្រ​ ៣​ (3SI)។​ ប្រធានាធិបតី​ប៉ូឡូញ ​លោក ​Andrzej Duda ​បាន​ប្រកាស​ថា​ ប្រទេស​ជា​សមាជិក​គំនិត​ផ្តួចផ្តើម​សមុទ្រ​៣ ​បាន​ផ្តល់​ឋានៈ​ដល់​ប្រទេស​អ៊ុយក្រែន​ក្នុង​នាមជាដៃគូ​ចូល​រួម​ក្នុង​ក្រុម​នេះ​កាលពី​ថ្ងៃអង្គារ។ លោកនិយាយ​ថា ​វា​នឹង​ជួយ​អ៊ុយក្រែន​អភិវឌ្ឍ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គំនិត​ផ្តួចផ្តើម​សមុទ្រ​ ៣​ លើ​ផ្នែក​ថាមពល​ និង​ការ​ដឹក​ជញ្ជូន។ ​យោង​តាម​អង្គការ​នេះ ​គោលដៅ​ចម្បង​នៃ​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ «ដើម្បី​ជំរុញ​កំណើន​សេដ្ឋ​កិច្ច ​និង​ភាព​ធន់​នៃ​តំបន់​នេះ ដោយ​ការ​អភិវឌ្ឍ​ការ​ដឹក​ជញ្ជូន ​ថាមពល ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល»។ ​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​សមុទ្រសមុទ្រ​៣​នេះ​ រួម​មាន​ប្រទេស​ចំនួន​១២​នៅ​អឺរ៉ុប​ ដែល​ស្ថិត​នៅ​ចន្លោះ​សមុទ្រ​បាល់ទិក​ អាឌ្រីយ៉ាទិក ​និង​សមុទ្រ​ខ្មៅ។
រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថ្លែងទៅកាន់ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Oleksii Reznikov អំឡុងពេលកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអូតង់ នៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធភាពអូតង់នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ថ្លែងទៅកាន់ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Oleksii Reznikov អំឡុងពេលកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអូតង់ នៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធភាពអូតង់នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា ​គណៈ​ប្រតិភូ​រុស្ស៊ី ​និង​តួកគី​បាន​យល់​ព្រម​បន្ត​ការ​ពិគ្រោះ​យោបល់​លើ​ការ​អនុញ្ញាត​ឲ្យ​កប៉ាល់​ចាកចេញ​ប្រកប​ដោយ​សុវត្ថិភាព​ និង​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​អ៊ុយក្រែន។ ​អ៊ុយក្រែន​គឺជា​អ្នកផ្គត់ផ្គង់​ស្រូវ​សាលី​ធំជាង​គេ​បំផុត​មួយ​នៅ​ទូទាំង​ពិភពលោក​ ប៉ុន្តែ​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​បាន​ជាប់គាំង​ ហើយ​គ្រាប់​ធញ្ញជាតិ​ជាច្រើន​តោន​ត្រូវជាប់​នៅ​ក្នុង​ឃ្លាំង​ ចាប់តាំង​ពី​រុស្ស៊ី​បាន​បញ្ជូន​កងទ័ព​ចូល​ទៅ​ឈ្លានពាន។​
  • រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក ​លោក​ Merrick Garland​ បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​អ៊ុយក្រែន​កាលពី​ថ្ងៃអង្គារ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​អាមេរិក​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​ក្នុង​ការ​កាត់ទោស​កង​កម្លាំង​រុស្ស៊ី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​អំពើ​ឃោរឃៅ​ផ្សេង​ទៀត។​ លោក​Garland ​បាន​ជួប​ជាមួយ​អគ្គរដ្ឋ​អាជ្ញា​អ៊ុយក្រែនគឺ​អ្នកស្រី​ Iryna Venediktova​ ដែល​កំពុង​ដឹកនាំ​ការ​ស៊ើប​អង្កេត​លើអ្វី​ដែល​ទីក្រុងកៀវ​និយាយ​ថា​ ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម​ដែល​ត្រូវ​បាន​រាយ​ការណ៍​ចំនួន​១៦០០០​ករណី​ ចាប់តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​នេះ​កាលពី​ជិត​បួន​ខែ​មក​នេះ។​
  • ប្រទេស​ហ្វាំងឡង់​បាន​ត្រៀមខ្លួន​អស់​ជា​ច្រើន​ទសវត្សរ៍​សម្រាប់​ការវាយ​ប្រហារ​ដោយ​រុស្ស៊ី ​ហើយ​នឹង​តស៊ូ​យ៉ាង​ខ្លាំងក្លា​ ​ប្រសិន​បើ​មាន​ការ​វាយ​ប្រហារ​មែន។​ ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​ បាន​រាយ​ការណ៍​ដូច្នេះ​ដោយ​ដក​ស្រង់​សម្តី​ប្រមុខ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ហ្វាំងឡង់។​ ប្រទេស​ហ្វាំងឡង់​បាន​បង្កើន​អាវុធ​យុទ្ធភណ្ឌ​យ៉ាង​ច្រើន។ ​ប៉ុន្តែ​ក្រៅ​ពី​យុទ្ធោបករណ៍ លោក​ឧត្តម​សេនីយ៍​ Timo Kivinen ​បាន​និយាយ​ថា ​កត្តា​សំខាន់​មួយ​ទៀត​គឺថា ​ជនជាតិ​ហ្វាំងឡង់​មាន​ទឹកចិត្ត​ប្រយុទ្ធ។​ ប្រទេស​ហ្វាំងឡង់​បាន​ធ្វើ​សង្រ្គាម​ពីរ​លើក​ក្នុង​ទសវត្សរ៍​១៩៤០​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី។​
  • ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters ​បាន​រាយការណ៍​ថា​ សមាជិក​នៃ​គណៈប្រតិភូ​រុស្ស៊ី​ប្រចាំ​អង្គការ​សម្រាប់​សន្តិសុខ​ និង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​អឺរ៉ុប ​ឬ ​OSCE​ ត្រូវ​បាន​អង់គ្លេស​បដិសេធ​មិនផ្តល់​ទិដ្ឋាការ​ទៅ​ចូលរួម​សម័យ​ប្រជុំ​បន្ទាប់​ទេ។​ លោក ​Vladimir Dzhabarov​ អនុប្រធាន​ទីមួយ​នៃ​គណៈកម្មាធិការ​កិច្ចការ​អន្តរជាតិ​នៃ​សភា​ជាន់ខ្ពស់​រុស្ស៊ី​បាន​ប្រាប់​ Reuters ដូច្នេះនៅ​ថ្ងៃពុធ។
  • ប្រធានាធិបតី​អាមេរិក​ លោក ​Joe Biden ​នឹង​និយាយ​នៅ​ថ្ងៃពុធ​នេះ ​អំពី​តម្លៃ​សាំង​ និង​ផលប៉ះពាល់សេដ្ឋកិច្ច​ដោយសារ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ ខណៈ​លោក​ពិចារណា​ថា​ តើ​ត្រូវ​គាំទ្រ​ការផ្អាក​យក​ពន្ធ​សាំង​ដោយ​រដ្ឋាភិបាល​សហព័ន្ធ ឬ​យ៉ាង​ណា។​ លោក Biden ​បាន​និយាយ​ថា ​លោក​នឹង​ធ្វើការ​សម្រេច​ចិត្ត​ត្រឹម​ចុង​សប្តាហ៍​នេះ។ ​ពន្ធសាំង​ត្រូវ​បាន​កំណត់​ត្រឹម​១៨,៤​ សេន​ក្នុង​មួយ​ហ្គាឡុង ​ដោយ​ប្រាក់​ភាគ​ច្រើន​ប្រើប្រាស់​លើ​គម្រោង​សាង​សង់​ផ្លូវ។​
  • ក្រសួង​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ ប្រទេស​រុស្ស៊ី​ទំនង​ជា​កំពុង​រៀបចំ​ដាក់​ពង្រាយ​កងទ័ព​បម្រុង​មួយ​ចំនួន​ធំ​ទៅ​កាន់​តំបន់​ Donbas ។ ​ក្រសួង​នេះ​បាន​និយាយ​ថា​ ការ​ស្លាប់បាត់​បង់ជីវិត​មាន​ចំនួន​ប្រហែល​ ៥៥% នៃ​កង​កម្លាំង​ដើម​របស់​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​ Donetsk ​ដែល​ប្រកាស​ដោយ​ខ្លួន​ឯង​ (DPR) ​និង​ជា​តំបន់​រណបមួយ​របស់​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។​ តួលេខ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ Donetsk ​បាន​បង្ហាញ​ថា ​គិតត្រឹម​ថ្ងៃ​ទី១៦​ ខែ​មិថុនា​ ទាហាន​ចំនួន​២.១២៨ ​នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​បេសក​កម្ម​ ដោយ​មាន៨៨៩៧​នាក់​បាន​រងរបួស ​ចាប់​តាំង​ពីដើម​ឆ្នាំ​២០២២មក។​ ​នេះ​បើតាម​របាយ​ការណ៍​ដែល​បាន​បង្ហោះ​តាម​ប្រព័ន្ធ Twitter៕
២១:៤០ ២១.៦.២០២២

ថ្ងៃអង្គារ ទី២១ ខែមិថុនា៖

  • អ៊ុយក្រែន​បាន​ឃុំ​ខ្លួន​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ ​និង​មេដឹកនាំ​អាជីវកម្ម​ម្នាក់​ ដែល​សង្ស័យ​ថា​ ជា​ផ្នែក​មួយ​នៃ​បណ្តាញ​ចារកម្ម​រុស្ស៊ី។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters​ ​កាលពី​ថ្ងៃអង្គារ​ ដោយ​ដកស្រង់​ពី​សេវា​សន្តិសុខ​អ៊ុយក្រែន​(SBU)។​
  • សេវា​សន្តិសុខ​ (SBU) ​នេះ​មិន​បាន​បញ្ចេញ​ឈ្មោះ​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​ទេ​ ប៉ុន្តែ​បាន​បញ្ជាក់​អត្ត​សញ្ញាណ​ពួកគេ​ថា ​ជា​មន្ត្រី​ជាន់ខ្ពស់​នៅក្នុង​លេខាធិការដ្ឋាន​ខុទ្ទការល័យគណៈរដ្ឋមន្ត្រី ​និង​ម្នាក់​ទៀត​ជា​ប្រធាន​នាយកដ្ឋាន​នៅ​សភា​ពាណិជ្ជកម្ម ​និង​ឧស្សាហកម្ម ​ដែល​ជា​ក្រុម​បញ្ចុះ​បញ្ចូល​ធុរកិច្ច។ ​សេវា​សន្តិសុខ​នេះ​បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​តាម ​Telegram ​ថា​ ខ្លួន​បាន​អនុវត្ត​ «ប្រតិបត្តិការ​ពិសេស​ពហុ​ដំណាក់កាល»​ ដើម្បី​បង្ក្រាប​បណ្តាញ​ចារកម្ម​រុស្ស៊ី​ដែល​ជាប់​សង្ស័យ​នេះ។​
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថត​រូប​ជាមួយ​និស្សិត​បញ្ចប់​ការ​សិក្សា​សាលា​យោធា​ក្នុង​ពេល​ជួប​ជុំ​នៅ​មុន​ថ្ងៃ​ខួប​លើក​ទី ៨១ នៃ​ការ​ឈ្លានពាន​របស់​ណាស៊ី​លើ​សហភាព​សូវៀត​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថត​រូប​ជាមួយ​និស្សិត​បញ្ចប់​ការ​សិក្សា​សាលា​យោធា​ក្នុង​ពេល​ជួប​ជុំ​នៅ​មុន​ថ្ងៃ​ខួប​លើក​ទី ៨១ នៃ​ការ​ឈ្លានពាន​របស់​ណាស៊ី​លើ​សហភាព​សូវៀត​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
  • សម្ព័ន្ធ​មិត្ត​កំពូល​មួយ​រូប​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន ​បាន​ព្រមាន​ប្រទេស​លីទុយអានី​ កាលពី​ថ្ងៃអង្គារ​ថា​ រុស្ស៊ី​នឹង​ឆ្លើយតប​ទៅនឹង​ការ​បញ្ឈប់​ការដឹកជញ្ជូន​ទំនិញ​ ដែល​ត្រូវ​បាន​ដាក់ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ ទៅកាន់​តំបន់​ Kaliningrad​ តាម​របៀប​ដែល​ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អង្គការ​អូតង់​ និង​សមាជិក​សហភាព​អឺរ៉ុប​នឹង​មាន​អារម្មណ៍​ឈឺចាប់។ ​នេះ​បើតាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​
  • លោក​ Nikolai Patrushev​ អតីត​ភ្នាក់ងារ​ចារកម្ម ​KGB​ ដែល​បច្ចុប្បន្ន​ជា​លេខា​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី ​បាន​និយាយ​ថា ​សកម្មភាព​ «អរិភាព»​ របស់​ប្រទេស​លីទុយអានី ​បាន​បង្ហាញ​ថា​ រុស្ស៊ី​មិនអាច​ជឿទុកចិត្ត​លើ​បស្ចិម​ប្រទេស​បាន​ទេ។​
  • អ៊ុយក្រែន​កំពុង​ធ្វើការ​ចរចា​«ដ៏​ស្មុគស្មាញ»​ដើម្បី​រំដោះ​កំពង់ផែ​របស់​ខ្លួន​ពី​ការ​បិទខ្ទប់​ដោយ​កងទ័ព​ជើងទឹក​រុស្ស៊ី។ ​នេះ​បើតាម​ការ​ថ្លែង​របស់​ប្រធានាធិបតី​អ៊ុយក្រែនលោក​ Volodymyr Zelenskyy​ បន្ទាប់ពី​អ្នក​ការទូត​កំពូល​របស់​សហភាព​អឺរ៉ុប​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​ បានប្រព្រឹត្ត​ «ឧក្រិដ្ឋកម្ម​សង្រ្គាម​ពិតប្រាកដ»​ ដោយ​ការ​រារាំង​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​នានា។​ នេះ​បើ​តាម​សេចក្តី រាយ​ការណ៍​របស់​វិទ្យុ​អឺរ៉ុប​សេរី / វិទ្យុ​សេរីភាព។​
  • រូបភាព​ពី​ផ្កាយរណប​បាន​បញ្ជាក់​ការ​ចោទ​ប្រកាន់​ថា​ រុស្ស៊ី​កំពុង​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិដ៏ច្រើនលួច​ពីអ៊ុយក្រែន​ យក​ទៅឲ្យ​របប​របស់​លោក​ Bashar al-Assad ​ក្នុង​ប្រទេស​ស៊ីរី។ ​វិទ្យុ​អឺរ៉ុប​សេរី / សេវា​វិទ្យុ​សេរីភាព​អ៊ុយក្រែនបាន​ចងក្រង​ឯកសារ​នៃ​ការ​ដឹក​ជញ្ជូន​ជា​បន្ត​បន្ទាប់​តាម​រយៈ​ផែ​ធំ​បំផុត​សម្រាប់​ដឹក​គ្រាប់​ធញ្ញជាតិ​នៅ​តំបន់​គ្រីមៀ​ ដែល​កាន់កាប់​ដោយ​រុស្ស៊ី ​ហើយ​បាន​បោះពុម្ព​របាយ​ការណ៍​ស៊ើប​អង្កេត​នេះ។
  • អធិការបតី​អាល្លឺម៉ង់លោក Olaf Scholz ​បាន​និយាយ​ថា​ អាល្លឺម៉ង់​នឹង​បញ្ជូន​សព្វាវុធ​ទៅ​អ៊ុយក្រែន​លុះត្រា​លែង​ត្រូវ​ការ។ ​លោកបន្ថែម​ថា​ ចាប់តាំងពី​លោក​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ Kyiv ​កាលពី​សប្តាហ៍​មុន ​វា​បង្ហាញ​កាន់តែ​ច្បាស់​ថា​ អ៊ុយក្រែន​ជា​ផ្នែក​មួយ​របស់​អឺរ៉ុប។​ លោក ​Scholz បាន​គូស​បញ្ជាក់​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា ​អាល្លឺម៉ង់​ឈរ​យ៉ាង​ម៉ឺងម៉ាត់​ជាមួយ​ប្រទេស​លីទុយអានី ​និង​សម្ព័ន្ធ​មិត្ត​ភាគ​ខាង​កើត​ផ្សេង​ទៀត​ក្នុង​ការ​ការពារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​សេរីភាព ​សិទ្ធិមនុស្ស ​និង​សង្គម​សេរី។​
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសហព័ន្ធឧស្សាហកម្មអាល្លឺម៉ង់ (BDI) នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសហព័ន្ធឧស្សាហកម្មអាល្លឺម៉ង់ (BDI) នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
  • ប្រទេស​លីទុយអានី​បាន​ស្នើសុំ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ពី​សហភាព​អឺរ៉ុប​ដើម្បី​ដោះស្រាយ​បញ្ហា​ជនភៀស​ខ្លួន​អ៊ុយក្រែន។​ ប្រធានាធិបតី​ប្រទេស​លីទុយអានី​ លោក​ Gitanas Nauseda ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃអង្គារ​ថា​ សហភាព​អឺរ៉ុបត្រូវតែ​រួម​ចំណែក​ទទួលបន្ទុក​ហិរញ្ញ​វត្ថុ​ ​ដែល​នៅ​ពេលនេះ​ «ត្រូវ​បាន​ចាយ​វាយ​ពី​ថវិកា​ជាតិ​ដោយ​មិន​មាន​សមាមាត្រ​នឹង​គ្នា។​ សាមគ្គី​ភាព​របស់​សហភាព​អឺរ៉ុប​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ធានា​នូវ​ការគាំទ្រ​ត្រឹមត្រូវ​ដល់​ជន​ភៀស​ខ្លួន​គេច​ចេញ​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន»។​
  • អ៊ុយក្រែន​រាយ​ការណ៍​ឲ្យ​ដឹង​ពី​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​តំបន់ ​Sievierodonetsk ​ខណៈ​កង​កម្លាំង​រុស្ស៊ី​ជំរុញ​ដើម្បី​គ្រប់​គ្រង​ទីក្រុង​ភាគ​ខាង​កើតនេះ​ទាំងមូល។ អ្នក​នាំពាក្យ​របស់​អគ្គ​សេនាធិការ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន​បាន​និយាយ​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​ប្រចាំថ្ងៃ​ថា ​ការ​ប្រយុទ្ធគ្នា​នៅ​ក្នុង​ទីក្រុង ​Sievierodonetsk ​មាន​ភាពខ្លាំងក្លា ​ដោយ​ប្រទេស​រុស្ស៊ី​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស ​និង​បាញ់​ផ្លោង​ទៅលើ​ទីតាំង​នានា​របស់​អ៊ុយក្រែន។​
  • អភិបាលក្រុង ​Luhansk ​លោក Serhiy Haidai​ បាន​រាយ​ការណ៍​ឲ្យ​ដឹង​ពី​ការ​ប្រយុទ្ធគ្នា​យ៉ាងខ្លាំង​នៅឯ​រោងចក្រ​គីមី​ Azot ​ក្នុង​ទីក្រុង​ Sievierodonetsk ​ជា​កន្លែង​ដែល​ក្រុម​យុទ្ធជន​អ៊ុយក្រែន ​និង​ជនស៊ីវិល​ប្រហែល​ ៥០០​ នាក់​កំពុង​ជ្រកកោន។​
  • រដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​លុចសំបួ​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​បាន​រួបរួមគ្នា​ក្នុង​ការ​គាំទ្រ​ការ​ផ្តល់​ឋានៈ​ជា​បេក្ខភាព​សមាជិក​សហភាព​អឺរ៉ុប​ដល់​អ៊ុយក្រែន។​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​
  • មុន​ពេល​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​ លោក​ Jean Asselborn​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «យើង​កំពុង​ធ្វើការ​ឆ្ពោះ​ទៅរក​ចំណុច​ដែល​យើង​ប្រាប់​លោក ​Putin​ ថា​ អ៊ុយក្រែន​ជា​ផ្នែក​មួយ​របស់​សហភាព​អឺរ៉ុប ហើយ​ថា​ យើង​ក៏​នឹង​ការពារ​តម្លៃ​ដែល​អ៊ុយក្រែន​ការពារ​ផង​ដែរ»។​
  • ទិន្នន័យ​ពី​និយតករ​សារគមនាគមន៍​ Roskomnadzor ​របស់​រដ្ឋាភិបាល​រុស្ស៊ី​បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ថា​ គេហ​ទំព័រ​របស់​កាសែត​អង់គ្លេស​ The Telegraph ​ត្រូវ​បាន​បិទ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ​បន្ទាប់ពី​មាន​ការ​ស្នើ​សុំ​ពី​អគ្គរដ្ឋ​អាជ្ញា។ ​នេះបើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​
  • ជនជាតិ​អាមេរិកាំង​ពីរ​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​បច្ចុប្បន្ន​កំពុងស្ថិត​នៅក្នុង​តំបន់​ Donetsk ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី។ ​នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters កាលពី​ថ្ងៃអង្គារ​ ដោយ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Interfax។​
  • នាយក​រដ្ឋមន្ត្រី​ហ្សកហ្ស៊ី​ លោក​ Irakli Garibashvili ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​ប្រទេស​របស់​លោក​ប្តេជ្ញា​ចូលរួម​ជា​សមាជិក​អង្គការ​អូតង់​ ប៉ុន្តែ​ត្រូវតែ​ដោះស្រាយ​បញ្ហា​ទឹកដី​ជាមួយ​រុស្ស៊ី​ជា​មុន​សិន។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​
  • កងកម្លាំង​អ៊ុយក្រែន​កាលពី​សប្តាហ៍​មុន​បាន​អះអាង​ពី​ការ​ប្រើប្រាស់​ដោយ​ជោគជ័យ​ជា​លើក​ដំបូង​នូវ​មីស៊ីល​ Harpoon ​ប្រឆាំង​នាវា ​ផ្តល់​ដោយ​បស្ចិម​ប្រទេស​ដើម្បី​ប្រយុទ្ធ​នឹង​កងកម្លាំង​រុស្ស៊ី។​ នេះ​បើ​តាមផ្នែក​ស៊ើប​ការណ៍​សម្ងាត់​យោធា​របស់់​អង់គ្លេស។ ​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​ថ្លែង​នៅក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​តាម​ប្រព័ន្ធ​ Twitter ​ប្រចាំថ្ងៃ​របស់​ខ្លួន​ថា ​«គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​គឺ​ស្ទើរតែ​ប្រាកដ​ណាស់​ គឺ​នាវា​ចម្បាំង​របស់​កងទ័ព​ជើងទឹក​រុស្ស៊ី ​Spasatel Vasily Bekh ​ដែល​កំពុង​បញ្ជូន​អាវុធ​ និង​ទាហាន​ទៅកាន់​កោះពស់​ (Snake Island) ​នៅ​ភាគ​ពាយ័ព្យ​សមុទ្រ​ខ្មៅ»៕
២២:០០ ២០.៦.២០២២

ថ្ងៃចន្ទ ទី២០ ខែមិថុនា៖

  • ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ចោទ​ប្រកាន់​សមាជិក​មួយ​ចំនួន​នៃ​ក្រុម​ប្រទេស G-20 ដែល​ជា​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំៗ​នៅ​លើ​ពិភពលោក​ថា​បាន​ធ្វើ​ឱ្យ​កិច្ច​ប្រជុំ​មួយ​អំពី​បញ្ហា​សុខភាព​សាកលលោក​ក្លាយទៅជា​រឿង​នយោបាយ។ សង្គ្រាម​នៅ​អ៊ុយក្រែន​គឺ​ចំណុច​ផ្ដោត​នៃ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20 នៅ​ក្នុង​ឆ្នាំ​នេះ។ លោក Oleg Salagay ដែល​ជា​មន្ត្រី​ផ្នែក​សុខាភិបាល​របស់​ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​បណ្ដា​រដ្ឋមន្ត្រី​សុខាភិបាល​នៃ​ក្រុម​ប្រទេស G-20 នៅ​ក្នុង​ទីក្រុង Yogyakarta ប្រទេស​ឥណ្ឌូណេស៊ី​ថា៖ «យើង​ស្នើ​សហសេវិក​របស់​យើង​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​វេទិកា​សុខភាព​របស់​ក្រុម​ប្រទេស G-20 ក្លាយទៅ​ជា​រឿង​នយោបាយ និង​ធ្វើ​យ៉ាង​ណា​ស្ថិត​នៅ​ក្នុង​រង្វង់​អាណត្តិ​របស់​យើង​និង​ពិភាក្សា​តែ​បញ្ហា​សុខាភិបាល​តែ​ប៉ុណ្ណោះ»។
គណៈប្រតិភូចំនួន 80 នាក់បានចូលរួមកិច្ចប្រជុំលើកដំបូងរបស់រដ្ឋមន្ត្រីសុខាភិបាល G20 ដោយជួបផ្ទាល់​ និងតាមអនឡាញ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២២។ (រូបថត៖ ក្រសួងទំនាក់ទំនងសាធារណៈ)
គណៈប្រតិភូចំនួន 80 នាក់បានចូលរួមកិច្ចប្រជុំលើកដំបូងរបស់រដ្ឋមន្ត្រីសុខាភិបាល G20 ដោយជួបផ្ទាល់​ និងតាមអនឡាញ នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០២២។ (រូបថត៖ ក្រសួងទំនាក់ទំនងសាធារណៈ)
  • អ្នក​នាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​អាល្លឺម៉ង់​រួម​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នឹង​រៀបចំ​កិច្ច​ប្រជុំ​មួយ​អំពី​វិបត្តិ​ស្បៀង​អាហារ​ពិភពលោក​ដែល​កំពុង​លេច​ឡើង​បណ្ដើរៗ​ដោយសារ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​ក្រោម​ប្រធានបទ «សាមគ្គីភាព​ដើម្បី​សន្តិសុខ​ស្បៀង​អាហារ​សាកលលោក»។ អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​អាល្លឺម៉ង់​មាន​ការ​តាំងចិត្ត​ជា​ពិសេស​ក្នុង​ឋានៈ​ជា​ប្រធាន​ក្រុម​ប្រទេស G-7 ដើម្បី​ស្វែងរក​ចម្លើយ​រួម​ចំពោះ​វិបត្តិ​ភាព​អត់ឃ្លាន​នៅ​លើ​ពិភពលោក​ដែល​កំពុង​លេច​ឡើង​បណ្ដើរៗ​ដោយសារ​សង្គ្រាម​នៃ​ភាព​គឃ្លើន​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​ប្រាប់​សហភាព​អាហ្វ្រិក​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទ្វីប​អាហ្វ្រិក​ត្រូវ​បាន​ក្លាយជា​ចំណាប់​ខ្មាំង​របស់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ដោយសារតែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នេះ​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​កង្វះ​ស្បៀង​អាហារ​កើតឡើង​និង​ការ​ភ័យខ្លាច​ដែល​ថា​វិបត្តិ​ស្បៀង​អាហារ​អាច​កើតឡើង​នៅ​ទ្វីប​អាហ្វ្រិក។ លោក Zelenskyy បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​សហភាព​អាហ្វ្រិក​ថា៖ «ជា​ការពិត ទ្វីប​អាហ្វ្រិក​គឺ​ជា​ចំណាប់​ខ្មាំង។ វា​គឺ​ជា​ចំណាប់​ខ្មាំង​របស់​ប្រទេស​ដែល​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន»។ នៅ​ក្នុង​សុន្ទរកថា​នោះ លោក Zelenskyy ក៏​បាន​រិះគន់​ផង​ដែរ​លើ​ប្រទេស​រុស្ស៊ី​ថា​ជា​អ្នក​រាំង​ខ្ទប់​ការ​នាំ​ចេញ​ធញ្ញជាតិ​របស់​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​លោក Peter Szijjarto បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​ហុងគ្រី​នឹង​ផ្ដល់​ទឹកដី​របស់​ខ្លួន​ជា​ផ្លូវ​ដែល​អាច​ទៅ​រួច​មួយ​សម្រាប់​ការ​នាំ​ចេញ​ធញ្ញជាតិ​របស់​ប្រទេស​អ៊ុយក្រែន ដោយសារតែ​ការ​នាំចេញ​ធញ្ញជាតិ​នេះ​ដែល​តែងតែ​ធ្វើ​ឡើង​តាម​ផ្លូវ​នៅ​សមុទ្រ​ខ្មៅ​ត្រូវ​បាន​បង្អាក់​ដោយសារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ លោក Szijjarto ដែល​បាន​លើក​សំណើ​នេះ​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ​មួយ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​រំពឹង​ថា​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី​ដល់​ហុងគ្រី​នឹង​មិន​មាន​ការ​បង្អាក់​នោះ​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​អ្នកស្រី Annalena Baerbock បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​អាល្លឺម៉ង់​គាំទ្រ​ប្រទេស​ប៉ូឡូញ​និង​ប្រទេស​រូម៉ានី​នៅ​ក្នុង​ការ​បត់បែន​សម្រួល​ផ្លូវ​ដែក​របស់​ខ្លួន​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចេញ​ធញ្ញជាតិ​រាប់​លាន​តោន​ដែល​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយសារតែ​ការ​រាំង​ខ្ទប់​របស់​រុស្ស៊ី​នៅ​សមុទ្រ។ អ្នកស្រី​បាន​បញ្ជាក់​នៅ​ពេល​អ្នកស្រី​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ប្រជុំ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​លុចសំបួ​ថា៖ «ផ្លូវ​ដែក​ចាំបាច់​ត្រូវ​ធ្វើ​ទំនើប​នីយកម្ម។ យើង​ត្រូវការ​ទូ​រថភ្លើង​ដែល​អាច​ដឹក​អីវ៉ាន់​បាន។ រដ្ឋាភិបាល​អាល្លឺម៉ង់​កំពុង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​នឹង​ភាគី​ផ្សេង​ទៀត​ជា​ច្រើន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងា​រព័ត៌មាន Reuters។
  • លោក Josep Borrell ប្រធាន​ផ្នែក​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​រាំង​ខ្ទប់​របស់​រុស្ស៊ី​លើ​ការ​នាំចេញ​ធញ្ញជាតិ​រាប់​លាន​តោន​របស់​អ៊ុយក្រែន​គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។ លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «យើង​អំពាវនាវ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការ​រាំង​ខ្ទប់​កំពង់​ផែ [របស់​អ៊ុយក្រែន]។ ...វា​ជា​រឿង​ដែល​មិន​គួរ​ឱ្យ​ជឿ។ គេ​មិន​អាច​នឹក​ស្មាន​ថា​ស្រូវ​សាឡី​រាប់​លាន​តោន​នៅតែ​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​កំពុង​រងគ្រោះ​ដោយសារ​ភាព​អត់ឃ្លាន»។ លោក​បាន​បញ្ជាក់​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ប្រជុំ​របស់​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​លុចសំបួ​ថា៖ «នេះ​គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ពិត​ប្រាកដ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Ben Stiller ដែល​ជា​តួ​សម្ដែង​និង​ជា​ឯកអគ្គរដ្ឋទូត​សុឆន្ទៈ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជន​ភៀសខ្លួន (UNHCR) បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែល​ជា​ទិវា​ជន​ភៀសខ្លួន។ លោក​បាន​និយាយ​ដូច្នេះ​ថា៖ «គ្មាន​នរណា​ម្នាក់​ជ្រើសរើស​យក​ការ​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​នោះ​ទេ។ ការ​ស្វែងរក​សុវត្ថិភាព​គឺ​ជា​សិទ្ធិ។ ហើយ​សិទ្ធិ​នេះ​ចាំបាច់​ត្រូវតែ​ប្រកាន់​ខ្ជាប់​សម្រាប់​មនុស្ស​គ្រប់​គ្នា»។
លោក Ben Stiller ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់ UNHCR ធ្វើទស្សនកិច្ចនៅតំបន់ Lypki ទីក្រុង Irpin ក្នុងប្រទេសអ៊ុយក្រែន ថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោក។
លោក Ben Stiller ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់ UNHCR ធ្វើទស្សនកិច្ចនៅតំបន់ Lypki ទីក្រុង Irpin ក្នុងប្រទេសអ៊ុយក្រែន ថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោក។
  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កង​កម្លាំង​រុស្ស៊ី​បាន​បង្កើន​ការ​បាញ់​ផ្លោង​នៅ​ក្នុង​តំបន់ Kharkiv និង​តំបន់ Donetsk ក្នុង​ប្រទេស​អ៊ុយក្រែន។ រដ្ឋាភិបាល​អ៊ុយក្រែន​លើកឡើង​ដូច្នេះ បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ព្រមាន​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា ប្រទេស​រុស្ស៊ី​នឹង​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​នៅ​សប្ដាហ៍​នេះ​នៅ​មុន​ពេល​ដែល​សហភាព​អឺរ៉ុប​ពិភាក្សា​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​ខាង​មុខ អំពី​ការ​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​ប្រទេស​ដល់​អ៊ុយក្រែន​សម្រាប់​ការ​ចូល​ជា​សមាជិក​នៅ​ក្នុង​សហភាព​អឺរ៉ុប។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ប្រមើល​មើល​ថា ប្រទេស​រុស្ស៊ី​នឹង​បង្កើន​ការ​វាយ​ប្រហារ​របស់​ខ្លួន​នៅ​សប្ដាហ៍​នេះ ស្រប​ពេល​ដែល​បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប​ពិចារណា​អំពី​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​និង​ស្រប​ពេល​ដែល​រុស្ស៊ី​បង្កើន​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​ដណ្ដើម​កាន់កាប់​តំបន់​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោក Zelenskyy បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​ជា​វីដេអូ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា៖ «ជា​ការពិត នៅ​សប្ដាហ៍​នេះ​យើង​គួរតែ​រំពឹង​ថា រុស្ស៊ី​នឹង​បង្កើន​សកម្មភាព​អរិភាព​របស់​ខ្លួន»។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG