ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:៣៥ ១៩.៦.២០២២

ថ្ងៃអាទិត្យ ទី១៩ ខែមិថុនា៖

  • វិទ្យុ RFE/RL រាយការណ៍​ថា​ ទីប្រឹក្សា​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ុយក្រែន លោក Vadym Denysenko ​កាល​ពី​ថ្ងៃ​អាទិត្យ បាន​លើក​ឡើង​ពី​ហានិភ័យ​ខ្ពស់​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​ធំ​ទី២ របស់​អ៊ុយក្រែន​គឺ ទីក្រុង Kharkiv ខណៈ​ដែល​កង​ទ័ព​រុស្ស៊ី​ព្យាយាម​ធ្វើ​ឱ្យ​វា​ក្លាយ​ជា «ទីក្រុង​ប្រយុទ្ធ​ជួរ​មុខ» ម្តងទៀត។ លោក Vadym Denysenko បាន​ប្រាប់​ទូរទស្សន៍​ជាតិ​អ៊ុយក្រែន​ថា កង​កម្លាំង​សត្រូវ​កំពុង​ព្យាយាម​ខិត​ជិតទីក្រុង Kharkiv នៅ​ភាគ​ឦសាន​នៃ​ប្រទេស​អ៊ុយក្រែន ដើម្បី​បាញ់​ផ្លោងទីក្រុង​នោះ។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ព្រមាន​របស់​លោក Vadym Denysenko ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​អះអាង​ថា ខ្លួន​បាន​វាយ​ប្រហារ​រោងចក្រ​ជួសជុល​រថក្រោះ​នៅទីក្រុង Kharkiv ដោយ​ប្រើ​មីស៊ីល Iskander ។ ការ​អះអាង​នេះ មិន​ទាន់​អាច​ត្រូវ​ផ្ទៀងផ្ទាត់​បាន​ភ្លាមៗ​នៅ​ឡើយ​ទេ។
  • រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា ប្រទេស​លោក​នឹង​កម្រិត​ការ​ប្រើប្រាស់​ឧស្ម័ន​សម្រាប់​ផលិតកម្ម​អគ្គិសនី ចំ​ពេល​មាន​ការព្រួយ​បារម្ភ​អំពី​កង្វះខាត​ដែល​អាច​កើត​មាន​ដោយសារ​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​រុស្ស៊ី។ ប្រទេស​អាល្លឺម៉ង់​បាន​នឹង​កំពុង​ព្យាយាម​បំពេញ​កន្លែង​ផ្ទុក​ឧស្ម័ន​របស់​ខ្លួ​នៅ​មុន​រដូវរងា នៅ​ពេល​ដែល​ឧស្ម័ន​ត្រូវ​ការ​ជា​បន្ទាន់​ដើម្បី​ធ្វើ​ជា​ឥន្ធនៈ​សម្រាប់​ម៉ាស៊ីន​កម្តៅ។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់ លោក Robert Habeck បាន​និយាយ​ថា ប្រទេស​អាល្លឺម៉ង់​នឹង​ព្យាយាម​រំដោះ​ស្ថានការណ៍​នេះ ដោយ​បង្កើន​ការ​ដុត​ធ្យូង​ថ្ម ដែល​ជា​ឥន្ធនៈ​ហ្វូស៊ីល​មាន​ជាតិ​បំពុល​ខ្លាំង​ជាងឧស្ម័ន។ លោក​បាន​ពណ៌នា​ការ​ផ្លាស់​ប្តូរ​នេះ​ថា​ «ជូរចត់ ប៉ុន្តែចាំបាច់​ក្នុង​ស្ថានភាព​នេះ»។
  • រុស្ស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃអាទិត្យ​ថា ការ​វាយ​លុក​របស់​ខ្លួន​លើ​ទីក្រុង Sievierodonetsk នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​កំពុង​ដំណើរការ​ដោយ​ជោគជ័យ បន្ទាប់​ពី​ខ្លួន​បាន​គ្រប់គ្រង​សង្កាត់​មួយ​នៅ​ជាយ​ក្រុង​នោះ នេះ​បើ​តាម​សម្តី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​រុស្ស៊ី លោក Igor Konashenkov ដែល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​វីដេអូ​មួយ។
ផ្សែង​ហុយចេញ​ពី​កន្លែង​មួយ​ក្រោយ​ពី​មាន​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​ទៅ​លើ​ទី​ក្រុង Mykolaiv របស់​អ៊ុយក្រែន កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២២។
ផ្សែង​ហុយចេញ​ពី​កន្លែង​មួយ​ក្រោយ​ពី​មាន​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​ទៅ​លើ​ទី​ក្រុង Mykolaiv របស់​អ៊ុយក្រែន កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២២។
  • លោកស្រី Hanna Zamazieva ប្រធាន​ក្រុមប្រឹក្សា​តំបន់ Mykolaiv និយាយ​ថា ទីក្រុង Mykolaiv ត្រូវ​បាន​វាយ​ប្រហារ​ពីរ​ដង​កាល​ពី​ថ្ងៃសៅរ៍​ទី១៨ ខែ​មិថុនា ហើយ​មនុស្ស ១៦ នាក់​បាន​រង​របួស នេះ​បើ​តាម​របាយការណ៍​របស់​កាសែត Kyiv Independent។ កាសែត​នេះ​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា តំបន់ Bereznehuvatska តំបន់ Kutsurubska តំបន់ Halitsynivska និងបណ្តា​តំបន់ Pervomaiska នៃ​ភូមិភាគ (Oblast) នេះ ក៏​បាន​រង​ការ​ឆាបឆេះ​ផងដែរ។ សរុបមក ជនស៊ីវិល ២៩៧ នាក់​ដែល​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​តាម​បណ្តាមន្ទីរពេទ្យ​ក្នុង​ទីក្រុង Mykolaiv។
  • ទូរទស្សន៍ Al Jazeera រាយការណ៍​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​សន្យា​ថា នឹង​យក​មក​វិញ​នូវ​ផ្នែក​ខ្លះ​នៃ​អ៊ុយក្រែន ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ទាហាន​រុស្ស៊ី។ លោក​បាន​និយាយ​ថា អ៊ុយក្រែន​នឹង​យក​«អ្វី​គ្រប់​យ៉ាង​ដែល​ជា​កម្មសិទ្ធិ​របស់​យើង»។
  • កាសែត Washington Post រាយការណ៍​ថា លោក Mykhailo Podolyak ទីប្រឹក្សា​កំពូល​ម្នាក់​របស់​ប្រធានាធិបតី​អ៊ុយក្រែន បាន​រិះគន់​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin យ៉ាងខ្លាំង បន្ទាប់​ពី​លោក Putin ថ្លែង​សុន្ទរកថា​កាល​ពី​ថ្ងៃសុក្រ។ លោក Putin បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​ថា «ការ​ធ្វេសប្រហែស និង​ឆ្កួត» ហើយ​បាន​ការពារ​អ្វី​ដែល​លោក​បាន​និយាយ​ថាជា «ការ​សម្រេចចិត្ត​របស់​ប្រទេស​អធិបតេយ្យ​មួយ​ដោយ​ផ្អែក​លើ​សិទ្ធិ​ការពារ​សន្តិសុខ​របស់​ខ្លួន»។ ជា​ការ​ឆ្លើយតប លោក Mykhailo Podolyak បាន​ហៅ​ជម្លោះ​នេះ​ថា​ជា «សង្រ្គាម​ស៊ី​សាច់​ហុត​ឈាម» ហើយ​ថា រុស្ស៊ី​បាន​ប្រែ​ត្រឡប់​ «ចូល​ទៅ​ក្នុង​យុគ​មជ្ឈិមសម័យ» វិញ។
  • ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា នាយក​ចារកម្ម​ការពារជាតិ​របស់​ប្រទេស​អ៊ុយក្រែន បាន​និយាយ​ថា ជនស៊ីវិល​អ៊ុយក្រែន ៥ នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ​ នៅ​ក្នុង​ការ​ដោះដូរ​អ្នកទោស​ប្រាំ​នាក់​ទៅ​វិញ​ទៅមក​ជាមួយ​រុស្ស៊ី។ មិន​មានការ​លើកឡើងថា​ តើ ​ជនជាតិ​រុស្ស៊ី​ដែល​បាន​ដោះដូរ​នោះ​ជា​អ្នក​ប្រយុទ្ធ​ឬ​អត់​ទេ។ ជនស៊ីវិល​អ៊ុយក្រែន ៤នាក់ ក្នុង​ចំណោម ៥នាក់​នោះ ត្រូវ​បាន​ចាប់​ជា​ឈ្លើយសឹក អំឡុង​ពេល​ដែល​រុស្ស៊ី កាន់​កាប់​ផ្នែក​ខ្លះ​នៃ​ទីក្រុងកៀវ ជា​កន្លែង​ដែល​កងកម្លាំង​រុស្ស៊ី​បាន​ដក​ខ្លួន​ថយ​ចេញ នៅ​ចុង​ខែ​មីនា។
នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson (កណ្តាល) និយាយ​ជាមួយទាហាន​កងទ័ព​អាកាស​អង់គ្លេស នៅ​តំបន់ Oxfordshire ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨ ខែ​មិថុនា ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ទស្សនកិច្ចនៅ​ទី​ក្រុង​កៀវ​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ទី​នោះ​លោក​បាន​សន្យា​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថា​នឹង​បន្ត​ផ្តល់​ជំនួយ​និង​ការ​បណ្តុះបណ្តាល​យោធា​ដល់​អ៊ុយក្រែន។
នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson (កណ្តាល) និយាយ​ជាមួយទាហាន​កងទ័ព​អាកាស​អង់គ្លេស នៅ​តំបន់ Oxfordshire ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៨ ខែ​មិថុនា ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ទស្សនកិច្ចនៅ​ទី​ក្រុង​កៀវ​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ទី​នោះ​លោក​បាន​សន្យា​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថា​នឹង​បន្ត​ផ្តល់​ជំនួយ​និង​ការ​បណ្តុះបណ្តាល​យោធា​ដល់​អ៊ុយក្រែន។
  • វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​សង្គ្រាម ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវមួយ​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​នៅ​ក្នុង​ការ​វាយ​តម្លៃ​ចុង​ក្រោយ​របស់​ខ្លួន​ថា រុស្ស៊ី​បាន​វាយ​ដណ្តើម​យកបាន​តំបន់​បន្តិចបន្តួច​ខ្លះ​ទៀតនៅ​ជិត​ទីក្រុង Severodonetsk ហើយ​ទំនង​អាច​ចូល​ទៅ​ដល់​តំបន់​ Metolkine។ ការ​វាយ​តម្លៃ​នេះ​និយាយ​ថា រុស្ស៊ី​កំពុង​ព្យាយាម​បង្ខំ​ទាហាន​អ៊ុយក្រែន​ចេញ​ពី​ជួរ​រង្វង់កាំភ្លើងធំដែល​អាច​បាញ់​ដល់​ខ្សែផ្លូវ​ដែក​ជុំវិញ​ទីក្រុង Kharkiv ។ រុស្ស៊ី​កំពុង​ប្រើប្រាស់​ខ្សែ​ផ្លូវ​ដែក​ទាំងនោះ​ ដើម្បី​ផ្គត់ផ្គង់​កងទ័ព​របស់ខ្លួន។
  • ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សង្រ្គាម​នៅ​អ៊ុយក្រែន​អាច​អូស​បន្លាយ​ច្រើន​ឆ្នាំ ហើយ​កងកម្លាំង​អ៊ុយក្រែន​ប្រឈម​មុខ​នឹង​ការ​វាយលុក​របស់​រុស្ស៊ី​កាន់​តែ​ខ្លាំង បន្ទាប់​ពី​នាយក​ប្រតិបត្តិ​សហភាព​អឺរ៉ុប បាន​ផ្តល់​អនុសាសន៍​ថាប្រទេសអ៊ុយក្រែន គួរ​តែ​ត្រូវ​បាន​ផ្តល់​ឋានៈ​ជា​បេក្ខភាព​ដើម្បី​ចូលរួម​ក្នុង​ប្លុក​នេះ។ លោក Stoltenberg ត្រូវ​បាន​កាសែត Bild am Sonntag របស់​អាល្លឺម៉ង់ដក​ស្រង់​សម្តីថា ការ​ផ្គត់ផ្គង់​សព្វាវុធ​ទំនើប​ដល់​កងទ័ព​អ៊ុយក្រែន​នឹង​បង្កើន​ឱកាស​រំដោះ​តំបន់ Donbas ភាគ​ខាងកើត​អ៊ុយក្រែន​ ​ពី​ការ​គ្រប់គ្រង​របស់​រុស្ស៊ី។
២១:១៧ ១៧.៦.២០២២

ថ្ងៃសុក្រ ទី ១៧ ខែមិថុនា៖

  • គណៈកម្មការ​អឺរ៉ុប​នៅ​ថ្ងៃ​សុក្រនេះបាន​ស្នើ​ថា​ សហភាព​អឺរ៉ុប​ដាក់​ប្រទេស​អ៊ុយក្រែន​ជា​បេក្ខភាពដើម្បី​ចូល​ជា​សមាជិក​របស់​ប្លុក​នេះ។ នេះ​គឺជា​សមិទ្ធផល​មួយ​របស់​អ៊ុយក្រែន​ ដែល​ធ្លាប់​ជា​ប្រទេស​ដើរ​តាម​មាគ៌ារបស់សហភាពសូវៀត ឆ្ពោះ​ទៅកាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​នៅ​ក្នុង​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក។ រុស្ស៊ី​ដែល​បាន​ឈ្លានពាន​លើ​អ៊ុយក្រែន​ចាប់តាំង​ពី​ខែ​កុម្ភៈ​មក ច្បាស់​ជា​ប្រឆាំង​នឹង​សំណើ​របស់​គណៈកម្មការ​អឺរ៉ុប ដោយ​ចាត់ទុក​អាកប្បកិរិយា​នេះ ​ថា​ជា​ការ​ជ្រៀតជ្រែក​លើ​តំបន់​ដែល​រុស្ស៊ី​កំពុង​មាន​ឥទ្ធិពល បើ​ទោះ​បី​ជា​គេ​ដឹង​ថា​អ៊ុយក្រែន​បាន​ទទួល​កិច្ចព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ដោយសេរី​ជាមួយ​សហភាព​អឺរ៉ុប​ហើយ​ក្តី។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ថ្លែង​នៅ​ក្នុង​សិន្នសីទ​សារព័ត៌មាន​មួយ​ នៅ​ក្នុង​សម្លៀក​បំពាក់​ដែល​មាន​ពណ៌​តំណាង​ឲ្យ​ទង់ជាតិ​ប្រទេស​អ៊ុយក្រែន​ថា៖ «គណៈកម្មការ​ណែនាំ...​ឲ្យ​ប្រទេស​អ៊ុយក្រែន​ទទួល​បាន​បេក្ខភាព​ជា​សមាជិក។ អ៊ុយក្រែន​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ឆន្ទៈ​និង​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន ក្នុង​ការ​ដើរ​តាម​គុណតម្លៃ​និង​ស្តង់ដារ​របស់​អឺរ៉ុប»។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ថ្ងៃសុក្រនេះ​ បាន​សរសើ​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​បាន​ផ្តល់​ការ​គាំទ្រ​របស់​ខ្លួន​ដល់​អ៊ុយក្រែន ដើម្បី​ផ្តល់​ឋានៈ​ជា​បេក្ខភាព​ដើម្បី​ចូល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប។ លោក Zelenskyy បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា «នេះ​ជា​ជំហាន​ដំបូង​ដល់​ដំណើរ​ឆ្ពោះ​ទៅ​ការ​ក្លាយ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប ដែល​នឹង​នាំ​មក​នូវ​ជ័យជម្នះ​ដល់​យើង​ក្នុង​ពេល​ឆាប់ៗ​នេះ» ។ ​លោក​បាន​បន្ថែមទៀត​ថា លោក​ពិតជា «ដឹងគុណ» ដល់​លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការ​អឺរ៉ុប និង​ «សមាជិក​សហភាព​អឺរ៉ុប​គ្រប់​គ្នា​សម្រាប់​សេចក្តី​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ប្រកាសនៅ​ថ្ងៃ​សុក្រ​នេះថា រដ្ឋាភិបាល​អ៊ុយក្រែន​គ្រោង​បង្កើត​កម្មវិធី​ផ្តល់​ទិដ្ឋការ​ដល់​ជនជាតិ​រុស្ស៊ី ចាប់ពី​ថ្ងៃទី ១ ខែ​កក្កដា​តទៅ។ សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង ​ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ីទៅ​លើ​ប្រទេស​អ៊ុយក្រែន​កំពុង​ឈាន​ចូល​ដល់​រយៈពេល ៤ខែហើយ​។ លោក Zelenskyy បាន​សរសេរ​នៅ​លើ​គណនីយ Telegram របស់​លោក​ថា «អ៊ុយក្រែន​នឹង​បង្កើត​គម្រោង​ទិដ្ឋាការ​ដល់​ប្រជាជន​នៃ​សហព័ន្ធ​រុស្ស៊ី»។ លោក​បាន​ថ្លែង​ថា លក្ខខណ្ឌ​សម្រាប់​ទិដ្ឋាការ​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី «១ ខែ​កក្កដា ឆ្នាំ​២០២២» ខាងមុខ​នេះ។ ​នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​លោក​រំពឹងនឹង​ចេញ​ផ្សាយ​នៅ​«ថ្ងៃនេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • កង​កម្លាំង​យោធា​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ​ថា ពួកគេ​បាន​បាញ់​មីស៊ីល Harpoonពីរ​គ្រាប់​ ត្រូវចំ​នាវា​សណ្តោង Vasiliy Bekh របស់​កងទ័ព​ជើង​ទឹក​រុស្ស៊ី នៅ​តំបន់​សមុទ្រខ្មៅ​នៅ​ថ្ងៃ​សុក្រ​នេះ។ នេះ​ជា​លើក​ដំបូង​ដែល​អ៊ុយក្រែន​បាន​អះអាង​ថា ខ្លួន​បាន​វាយ​ប្រហារ​លើ​នាវា​រុស្ស៊ី​ ដោយ​ប្រើប្រាស់​រុកក្កែត​សម្រាប់​បាញ់​នាវា​ដែល​អ៊ុយក្រែន​ទទួល​បាន​ពី​ការ​ផ្គត់ផ្គង់​សព្វាវុធ​របស់​បស្ចិមប្រទេសនោះ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ក្រុមប្រឹក្សា​បណ្តាញ​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ប្រចាំ​កង​យោធពល​អ៊ុយក្រែន បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​នៅតាម​បណ្តាញ​ Telegram ជាមួយ​នឹង​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​សកម្មភាព​វាយប្រហារ​តាម​អាកាស​នោះ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters មិន​អាច​បញ្ជាក់​ផ្ទៀង​ផ្ទាត់ពី​ភាព​ច្បាស់លាស់​នៃ​វីដេអូ​នោះ​បាន​នៅ​ឡើយ​ទេ។ ​

ផ្សែងនិងធូលីដីបានហ៊ុយឡើងនៅកណ្តាលទីក្រុង Severodonetsk នៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឈានចូលដល់រយៈពេលបួនខែ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២។
ផ្សែងនិងធូលីដីបានហ៊ុយឡើងនៅកណ្តាលទីក្រុង Severodonetsk នៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនឈានចូលដល់រយៈពេលបួនខែ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២។

  • មនុស្ស​យ៉ាង​តិច​ ២ នាក់​ត្រូវបាន​សម្លាប់​ ហើយ​ ២០ នាក់ផ្សេង​ទៀត​បាន​ទទួល​រង​របួស នៅ​ក្នុង​ការ​វាយប្រហារ​របស់​រុស្ស៊ី​ លើ​តំបន់​លំនៅដ្ឋានមួយ​កន្លែងនៅ​ទីក្រុង Mykolaive ភាគខាង​ត្បូង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អភិបាល​ក្រុង​នៅ​ថ្ងៃ​សុក្រ​នេះ​។ លោក Vitaliy Kim បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា៖ «ការ​បាញ់​រុកក្កែត​មួយ​លើ​តំបន់​ទីប្រជុំជន​បាន​សម្លាប់​មនុស្ស​ ២ នាក់ ហើយ​ ២០ នាក់​ទៀត រង​របួស»។ លោក​ក៏​បាន​លើកឡើងផង​ដែរថា ក្នុង​ចំណោម​អ្នក​រងរបួស ក៏​មាន​កុមារ​ម្នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះថា គោល​បំណង​នៃ​«ប្រតិបត្តិការ​យោធា​ពិសេស» របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន នៅតែ​ផ្តោត​លើ​ការ​ការពារ​ប្រជាជន​នៅ​ក្នុង​តំបន់ Donbas ភាគ​ខាង​កើត​អ៊ុយក្រែន​ដដែល។ នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ លោក Dmitry Peskov អ្នក​នាំពាក្យ​រដ្ឋាភិបាលក្រុងមូស្គូ បាន​ថ្លែង​ថា គោល​បំណង​ចម្បង​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន គឺ​នៅតែ​ផ្តោត​លើ​ការ​ «ជួយ​សង្គ្រោះ​និង​រក្សា​ការពារ» តំបន់ Donbas ពី​សកម្មភាព​ដែល​លោក​បាន​ហៅ​ថា ​ជា «ការ​វាយ​ប្រហារ​យ៉ាង​ឃោរឃៅ» ពី​កងកម្លាំង​យោធា​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​នោះ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រុស្ស៊ី​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ឲ្យ​ដឹង​ថា ទាហាន​បរទេស​ស៊ីឈ្នួល​ជិត ២.០០០ នាក់ ត្រូវបាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ចាប់តាំង​ពី​ការ​ធ្វើ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ ដែល​គាំទ្រ​ដោយ​បស្ចិម​ប្រទេស​នោះ​។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «ទាហាន​បរទេស​ស៊ីឈ្នួល​និង​អ្នក​ជំនាញ​ខាង​អាវុធ» ចំនួន ៦.៩៥៦ នាក់​មកពី​ប្រទេស​ចំនួន ៦៤ បាន​ទៅ​ដល់​ប្រទេស​អ៊ុយក្រែន ចាប់តាំង​ពី​រុស្ស៊ី​បាន​បង្ក​ជម្លោះ​នៅ​ទី​នោះ ហើយ​ថា «ពួកគេ​ចំនួន ១.៩៥៦ នាក់ ត្រូវបាន​សម្លាប់» ហើយ​ ១.៧៧៩ នាក់​ទៀត បាន​ចាកចេញ​ពី​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • អភិបាល​តំបន់ Luhansk នៃ​ប្រទេស​អ៊ុយក្រែន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​ជម្លៀស​ជន​ស៊ីវិល​ចំនួន ៥៦៨ នាក់​ដែលកំពុងលាក់ខ្លួន​ដើម្បី​សុវត្ថិភាព​នៅ​ក្នុង​រោងចក្រ Azot ដែល​ស្ថិត​នៅ​ក្នុងទីក្រុង​ Sievierodonetsk ដែល​កំពុង​មានប្រយុទ្ធគ្នានោះ​ គឺ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​ការ​វាយ​ប្រយុទ្ធគ្នា​និង​ការ​បាញ់​ផ្លោងយ៉ាងខ្លាំងនៅ​តំបន់​នេះ។ នៅ​ក្នុង​សារ​តាម​ Telegram អភិបាល​តំបន់​រូប​នេះ បាន​ឲ្យដឹង​ថា កុមារ​ចំនួន ៣៨ នាក់ កំពុង​លាក់​ខ្លួន​ដើម្បី​សុវត្ថិភាព​នៅ​រោងចក្រ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អង្គការ​សហប្រជាជាតិ​បាន​ឲ្យដឹងនៅ​ថ្ងៃ​សុក្រ​នេះថា ស្ថានភាព​មនុស្សធម៌​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ មាន​លក្ខណៈ«គួរ​ឲ្យ​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង» និងបន្ត​យ៉ាប់យ៉ឺន​ ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន បានឈាន​ចូល​ដល់​រយៈពេល​ ៤ ខែ​ហើយនោះ​។ ទីភ្នាក់ងារ​ OCHA ទទួល​បន្ទុក​ផ្នែក​មនុស្សធម៌​ប្រចាំ​អង្គការ​សហប្រជាជាតិ​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ជិត​រយៈពេល​បួនខែ​ចាប់តាំង​ពី​សង្គ្រាម​នេះ​កើត​ឡើង ស្ថានភាព​មនុស្សធម៌​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ជាពិសេស​នៅ​តំបន់ Donbas ភាគខាង​កើត​អ៊ុយក្រែន គួរ​ឲ្យ​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង ហើយ​បន្ត​យ៉ាប់យ៉ឺន​ទៅ​យ៉ាង​ឆាប់​រហ័ស»។ សេចក្តី​ថ្លែង​ការណ៍​នេះ​ក៏បាន​ឲ្យដឹង​ថា ស្ថានភាព​នេះ​«គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ក្នុង​ទីក្រុង​ Severodonetsk និង​តំបន់​ក្បែរៗ​នោះ» ។ ​ទីក្រុង​នេះ​ស្ថិតនៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ​ដោយ​មានការ​ប្រយុទ្ធ​បង្ហូរ​ឈាមគ្នា​បន្ត​កើត​ឡើង​ជា​ច្រើន​សប្តាហ៍​មក​ហើយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP៕
២០:៣៧ ១៦.៦.២០២២

ថ្ងៃព្រហស្បតិ៍ ទី ១៦ ខែមិថុនា៖

  • បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់បាន​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​កម្លាំង​និង​ការ​ពង្រឹង​វិធីសាស្ត្រ​កម្លាំង​សត្រូវ​នៅ​តាម​បណ្ដោយ​ព្រំដែន​ភាគ​ខាង​កើត​របស់​អង្គការ​អូតង់ ដើម្បី​បង្អាក់​ទឹកចិត្ត​របស់​រុស្ស៊ី​មិន​ឱ្យ​ធ្វើ​ការ​ឈ្លានពាន​បន្ថែម​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAssociated Press។ កិច្ច​ពិភាក្សា​របស់​បណ្ដា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​នេះ​បាន​ធ្វើ​ឡើង មុន​ពេល​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់​ចូល​មក​ដល់​នៅ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ​ ពី​ថ្ងៃ​ទី ២៩ ដល់​ថ្ងៃ​ទី៣០ ខែ​មិថុនា​ខាង​មុខ ដែល​កិច្ច​ប្រជុំ​នេះ​មាន​គោល​បំណង​កំណត់​ទិសដៅ​ឱ្យ​បាន​ម៉ឺងម៉ាត់​ សម្រាប់​អង្គការ​អូតង់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។
  • អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោកស្រី Hanna Malyar បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា គោល​បំណង​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​គឺ​ការ​បំផ្លាញ​ទាំងស្រុង​នូវ​ឋានៈ​ជា​ប្រទេស​ឯករាជ្យ​របស់​អ៊ុយក្រែន​និង​ប្រជាជាតិ​អ៊ុយក្រែន។ លោកស្រី​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា ស្ថានការណ៍​នៅតែ​ពិបាក​សម្រាប់​កងទ័ព​អ៊ុយក្រែន និង​ថា​ការ​ផ្ដោត​ជា​ចម្បង​របស់​រុស្ស៊ី​នៅ​ពេល​ឥឡូវ​នេះ​គឺ​ការ​ដណ្ដើម​គ្រប់គ្រង​ឱ្យ​បាន​ទាំងស្រុង​លើ​តំបន់ Luhansk និង​តំបន់ Donetsk នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ លោកស្រី​ថ្លែង​ដូច្នេះ​ថា៖ «គោល​បំណង​ចម្បង​របស់រុស្ស៊ី​ផ្នែក​យុទ្ធសាស្ត្រ​យោធា​នយោបាយ និង​យោធា​សេដ្ឋកិច្ច​ទាក់ទិន​នឹង​ប្រទេស​របស់​យើង​គឺ​មិន​ប្រែប្រួល​នោះ​ទេ ដែល​នោះ​គឺ​ការ​បំផ្លាញ​ទាំងស្រុង​លើ​ឋានៈ​ជា​ប្រទេស​ឯករាជ្យ​របស់​អ៊ុយក្រែន​និង​ប្រជាជាតិ​អ៊ុយក្រែន ក៏​ដូចជា​ការ​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​យោធា​និង​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​ផង​ដែរ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​ថា ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេសG-7នៅ​ក្នុង​ខែ​នេះ។ លោក Scholz បាន​ថ្លែង​អំណរគុណ​លោកZelenskyyសម្រាប់ «ការ​ទទួល​យក​ការ​អញ្ជើញ» របស់​លោក «នៅ​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-7» ដែល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៦ ដល់​ថ្ងៃ​ទី ២៨ ខែ​មិថុនា​ខាង​មុខ​ នៅ​រមណីយដ្ឋាន Schloss Elmau នៅ​តំបន់​ជួរ​ភ្នំ Alpine នៃ​ប្រទេស​អាល្លឺម៉ង់។ គេ​រំពឹង​ថា​លោក Zelenskyy នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​តាម​អនឡាញ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ធ្វើសន្និសីទកាសែតរួមគ្នា នៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ធ្វើសន្និសីទកាសែតរួមគ្នា នៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២២។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​អំណរគុណ​មេដឹកនាំ​នៃ​ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​រូម៉ានី សម្រាប់​ការ​បង្ហាញ​សាមគ្គីភាព​ជាមួយ​នឹង​ប្រទេស​របស់​លោក​តាម​រយៈ​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍។ លោក Zelenskyy បាន​សរសេរ​តាម Telegram ថា៖ «យើង​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សាមគ្គីភាព​របស់​អ្នក​ជាមួយ​នឹង​ប្រទេស​និង​ប្រជាពលរដ្ឋ​របស់​យើង»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Andriy Yermak ប្រធាន​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ប្រគល់​សំណើ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​នៅ​ឯ​ការ​ប្រជុំ​មួយ​រវាង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelesnkyy ជាមួយ​នឹង​មេដឹកនាំ​នៃ​ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​រូម៉ានី​នៅ​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃ​ព្រហស្បតិ៍។ លោក Yermak បាន​សរសេរ​តាម Telegram ថា៖ «យើង​ត្រូវតែ​បង្កើន​ការ​ដាក់​សម្ពាធ​លើ​អ្នក​គឃ្លើន​ឈ្លានពាន និង​ធ្វើ​ការ​លើ​កញ្ចប់​ទណ្ឌកម្ម​លើក​ទី៧ ដោយ​ការ​ហាមឃាត់​លើ​ការ​នាំ​ចូល​ឧស្ម័ន [ពី​រុស្ស៊ី]»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធាន​ក្រុម​អ្នក​ចរចា​របស់​ប្រទេស​រុស្ស៊ី​លោក Vladimir Medinsky បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រៀម​ខ្លួន​រួចរាល់​នៅ​ក្នុង​ការ​ចាប់ផ្ដើម​ការ​ចរចា​សន្តិភាព​ជាមួយ​នឹង​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយតប​ណា​មួយ​ចំពោះ​សំណើ​ចុងក្រោយ​បង្អស់​របស់​ខ្លួន​នៅ​ឡើយ​ទេ។ លោក Medinsky ថា រដ្ឋាភិបាល​អ៊ុយក្រែន​គឺ​ជា​អ្នក​ដែល​ត្រូវ​រង​ការ​រិះគន់​ដោយសារ​ការ​ធ្វើ​ឱ្យ​យឺតយ៉ាវ​ដល់​ដំណើរ​វិវឌ្ឍ​នៃ​ការ​ចរចា។ ការ​ចរចា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​បាន​ជាប់​គាំង​តាំង​ពី​ខែ​មីនា​មក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​យោង​លើ​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Interfax របស់​រុស្ស៊ី។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​ព្រមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ប្រឆាំង​នឹង​ការ​ផ្គត់ផ្គង់​សព្វាវុធ​ថ្មី​របស់​ក្រុម​បស្ចិម​ប្រទេស​ដល់​អ៊ុយក្រែន ស្រប​ពេល​ដែល​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz និង​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mario Draghi ធ្វើ​ដំណើរ​ដល់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​និយាយ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​មេដឹកនាំ​នៃ​ប្រទេស​ទាំង ៣ នេះ និង​ប្រធានាធិបតី​រូម៉ានី​ នឹង​មិន​ផ្ដោត​តែ​រឿង​ការ​គាំទ្រ​អ៊ុយក្រែន​តាម​រយៈ​ការ​ផ្គត់ផ្គង់​សព្វាវុធ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន​នោះ​ឡើយ»។ លោក​បាន​បន្ថែម​ថា៖ «ការ​ធ្វើ​ដូច្នេះ​គឺ​គ្មាន​ប្រយោជន៍​អ្វី​ទាល់តែ​សោះ ហើយ​នឹង​បណ្ដាល​ឱ្យ​មាន​ការ​ខូចខាត​បន្ថែម​ទៀត​ដល់​ប្រទេស​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រភព​ខាង​ការទូត​បារាំង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា ប្រទេស​បារាំង​ចង់​ឱ្យ​ប្រទេស​អ៊ុយក្រែន​ទទួល​ជោគជ័យ​ផ្នែក​យោធា​លើ​ប្រទេស​រុស្ស៊ី​ ដែល​អាច​បង្កើត​ឡើង​វិញ​នូវ​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​តំបន់ Crimea ដែល​រុស្ស៊ី​បាន​ដណ្ដើម​យក​កាលពី​ឆ្នាំ ២០១៤ ផង​ដែរ។ ប្រភព​នេះ​បាន​បន្ថែម​ថា វា​អាស្រ័យ​លើ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ក្នុង​ការ​កំណត់​ថា​តើ​ជ័យជម្នះ​ផ្នែក​យោធា​បែប​ណា​ដែល​លោក​ចង់​បាន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mario Draghi បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​អ៊ុយក្រែន​ដែល​រង​ការ​ខូចខាត​និង​បំផ្លាញ​ដោយ​កង​កម្លាំង​ឈ្លានពាន​របស់​រុស្ស៊ី​ នឹង​ត្រូវ​កសាង​ឡើង​វិញ។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ជាយក្រុង​មួយ​នៅ​ក្រៅ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ជាមួយ​នឹង​ប្រធានាធិបតី​បារាំង​និង​អធិការបតី​អាល្លឺម៉ង់។ លោក Draghi បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «យើង​នឹង​កសាង​អ្វីៗ​ទាំង​អស់​ឡើង​វិញ។ កងទ័ព​រុស្ស៊ីបាន​បំផ្លាញ​សាលាមត្តេយ្យ។ ពួកគេ​បាន​បំផ្លាញ​ទីធ្លា​ក្មេង​លេង។ អ្វីៗ​ទាំងអស់​នេះ នឹង​ត្រូវ​កសាង​ឡើង​វិញ»។ នេះ​បើ​យោង​តាម​ទីភ្នាកងារ​ព័ត៌មាន AFP។
  • មេដឹកនាំ​មក​ពី​ប្រទេស​អ៊ីតាលី បារាំង និង​អាល្លឺម៉ង់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​ប្រទេស​អ៊ុយក្រែន។ ទីភ្នាក់ងារ​ព័ត៌មាន Associated Press បាន​រាយការណ៍​ថា ប្រធានាធិបតី​បារាំង​លោក Emmanuel Macron អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz និង​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mario Draghi បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​កៀវ​ទាំង​អស់​គ្នា ហើយ​ប្រធានាធិបតី​រូម៉ានី​លោក Klaus lohannis នឹង​ចូលរួម​ជាមួយ​មេដឹកនាំ​ទាំង​បី​នាក់​នេះ ​នៅ​ក្នុង​រដ្ឋធានី​កៀវ។ មេដឹកនាំ​ទាំង​បួន​រូប​នេះ គ្រោង​នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy៕
២០:៤៣ ១៥.៦.២០២២

ថ្ងៃពុធ ទី ១៥ ខែមិថុនា៖

  • គណៈកម្មការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​អ៊ុយក្រែន​បាន​បញ្ជាក់​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ខ្លួន​បាន​ទទួល​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​ជា​ច្រើន​អំពី​ការ​រំលោភ​បំពាន​សិទ្ធិ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​កងទ័ព​រុស្ស៊ី ប៉ុន្តែ​បាន​លើកឡើង​ថា​វា​ហាក់​ដូចជា​ឆាប់​ពេក​នៅ​ក្នុង​ការ​ចាត់ទុក​ការ​រំលោភ​បំពាន​សិទ្ធិ​ទាំង​នោះ​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ឬ​ក៏​យ៉ាង​ណា​នោះ។ លោក Erik Mose ដែល​ជា​ប្រធាន​គណៈកម្មការ​នេះ បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​ថា៖ «នៅ​ក្នុង​ក្រុង Bucha និង​ក្រុង Irpin [នៃ​ប្រទេស​អ៊ុយក្រែន] គណៈកម្មការ​បាន​ទទួល​ព័ត៌មាន​អំពី​ការ​សម្លាប់​ជន​ស៊ីវិល​តាម​ទំនើង​ចិត្ត ការ​បំផ្លិចបំផ្លាញ​និង​ការ​លួច​ប្លន់​ទ្រព្យ​សម្បត្តិ និង​ការ​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ដូចជា​សាលារៀន​ជាដើម»។ ប៉ុន្តែ​លោក​បាន​និយាយ​ថា អង្គការ​សហប្រជាជាតិ «នៅ​ក្នុង​ដំណាក់កាល​នេះ​មិន​ទាន់​ស្ថិត​ក្នុង​ជំហរ» ដែល​អាច​បញ្ជាក់​អំពី​ចរិត​លក្ខណៈ​តាម​ផ្លូវ​ច្បាប់​ពេញលេញ​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នៅ​ជិត​រដ្ឋធានី​កៀវ​កាលពី​ខែ​មីនា​កន្លង​ទៅ​នេះ​បាន​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​មន្ត្រីនៃ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់ជួប​ពិភាក្សា​គ្នា​ក្នុង​កិច្ចប្រជុំ​ក្រុម Ukraine Defence Contact នៅ​ទីស្នាក់ការ​អង្គការ​អូតង់​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២។ (REUTERS)
ក្រុម​មន្ត្រីនៃ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់ជួប​ពិភាក្សា​គ្នា​ក្នុង​កិច្ចប្រជុំ​ក្រុម Ukraine Defence Contact នៅ​ទីស្នាក់ការ​អង្គការ​អូតង់​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្សិក ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២។ (REUTERS)
  • ប្រទេស​អេហ្ស៊ីប អ៊ីស្រាអែល និង​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​បង្កើន​ការ​លក់​ឧស្ម័ន​ធម្មជាតិ​រាវ​ទៅ​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ណា​ដែល​មាន​បំណង​កាត់​បន្ថយ​ការ​ពឹងផ្អែក​របស់​ខ្លួន​លើ​ការ​ផ្គត់ផ្គង់​ពី​រុស្ស៊ី ស្រប​ពេល​ដែល​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​កំពុង​អូស​បន្លាយ​ជា​បន្ត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រុម​បស្ចិម​ប្រទេស​បាន «បាញ់​ក្បាល​ខ្លួន​ឯង» ដោយ​ការ​ព្យាយាម​ដាក់​កំហិត​លើ​ការ​នាំចូល​ថាមពល​ពី​វាល​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​នៅ​តំបន់ Siberia ប្រទេស​រុស្ស៊ី​ដោយសារតែ​រឿង​សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​ករណី​នេះ​គឺ​ផ្ទុយ​ពី​ប្រទេស​ចិន​ដែល​បាន​បង្កើន​ការ​នាំចូល​ថាមពល​ពី​រុស្ស៊ី។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​អ្នកស្រី Maria Zakharova បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ការ​ផ្គត់ផ្គង់​ថាមពល​បាន​កើនឡើង​យ៉ាង​ទៀងទាត់ ដោយ​ប្រទេស​ចិន​ដឹង​ថា​ខ្លួន​ចង់​បាន​អ្វី​និង​មិន​បាន​បាញ់​ជើង​ខ្លួន​ឯង​នោះ​ទេ។ ចំណែក​ឯ​បណ្ដា​ប្រទេស​ដែល​ស្ថិត​នៅ​ទិស​ខាង​លិច​នៃ​ប្រទេស​រុស្ស៊ី​វិញ ពួកគេ​បាន​បាញ់​ក្បាល​ខ្លួន​ឯង»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​បានប​ញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ឯកភាព​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping លើ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ថាមពល ហិរញ្ញវត្ថុ និង​ឧស្សាហកម្ម ស្រប​ពេល​ដែល​រដ្ឋាភិបាល​រុស្ស៊ី​ប្រឈម​នឹង​ទណ្ឌកម្ម​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​ក្រុម​បស្ចិម​ប្រទេស​ទាក់ទិន​នឹង​រឿង​អ៊ុយក្រែន។ រដ្ឋាភិបាល​រុស្ស៊ី​បាន​លើកឡើង​ដូច្នេះ​ថា៖ «ដោយ​ផ្ដោត​លើ​ស្ថានការណ៍​សេដ្ឋកិច្ច​សាកលលោក​ដែល​កាន់តែ​ស្មុគស្មាញ​ឡើង​ដោយសារ​គោល​នយោបាយ​ដាក់​ទណ្ឌកម្ម​ខុស​ច្បាប់​របស់​ក្រុម​បស្ចិម​ប្រទេស [រុស្ស៊ី​និង​ចិន] បាន​ឯកភាព​គ្នា​លើ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ថាមពល ហិរញ្ញវត្ថុ ឧស្សាហកម្ម ការ​ដឹក​ជញ្ជូន និង​ផ្នែក​ផ្សេងៗ​ទៀត»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ជំរុញ​សម្ព័ន្ធមិត្ត​នៅ​ថ្ងៃ​ពុធ​នេះ​កុំ​ឱ្យ «ថមថយ​កម្លាំង» នៅ​ក្នុង​ការ​បញ្ជូន​សព្វាវុធ​ឱ្យ​ប្រទេស​អ៊ុយក្រែន។ លោក Austin ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​អង្វរករ​ជា​ខ្លាំង​ឱ្យ​មាន​ការ​ផ្ដល់​អាវុធ​ឱ្យ​បាន​ច្រើន​ដល់​អ៊ុយក្រែន​ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ លោក Austin បាន​និយាយ​នៅ ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក ជាមួយ​នឹង​ប្រទេស​ប្រហែល ៥០ ដែល​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ថា៖ «យើង​ត្រូវតែ​បង្កើន​ការ​តាំងចិត្ត​រួម​របស់​យើង​ចំពោះ​ការ​ការពារ​ខ្លួន​របស់​អ៊ុយក្រែន ហើយ​យើង​ត្រូវតែ​ជំរុញ​ខ្លួន​យើង​ឱ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​ដើម្បី​ធានា​ថា​អ៊ុយក្រែន​អាច​ការពារ​ខ្លួន​ឯង ពលរដ្ឋ​របស់​ខ្លួន និង​ទឹកដី​របស់​ខ្លួន​បាន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អគ្គលេខាធិការ​អង្គការ​អូតង់លោក Jens Stoltenberg បាន​និយាយ​នៅ​ថ្ងៃ​ពុធថា បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​នឹង​បន្ត​ផ្គត់ផ្គង់​សព្វាវុធ​ធុន​ធ្ងន់​និង​ប្រព័ន្ធ​អាវុធ​ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ដល់​ប្រទេស​អ៊ុយក្រែន និង​ថា​លោក​រំពឹង​ថា​បណ្ដា​ប្រទេស​ទាំង​នោះ​នឹង​ឯកភាព​គ្នា​លើ​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​ប្រទេស​អ៊ុយក្រែន​នៅ​ឯ​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់។ លោក Stoltenberg ថ្លែង​ដូច្នេះ​ថា៖ «យើង​ផ្ដោត​យ៉ាង​ខ្លាំង​លើ​ការ​បង្កើន​ការ​គាំទ្រ [ចំពោះ​អ៊ុយក្រែន]»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters

រូបថត​ពី​លើ​អាកាស​បង្ហាញ​ពី​ផ្ទះ​សម្បែង​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ក្នុង​អំឡុងពេល​នៃ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ក្នុង​ក្រុង Pryvillya នៅ​តំបន់ Donbas ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (Photo by ARIS MESSINIS / AFP)
រូបថត​ពី​លើ​អាកាស​បង្ហាញ​ពី​ផ្ទះ​សម្បែង​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ក្នុង​អំឡុងពេល​នៃ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ក្នុង​ក្រុង Pryvillya នៅ​តំបន់ Donbas ដែល​ស្ថិត​នៅ​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (Photo by ARIS MESSINIS / AFP)
  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ថា អ៊ុយក្រែន​មាន​អាវុធ​តិច​ជាង​សត្រូវ​និង​បាន​អំពាវនាវ​ឱ្យ​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​ផ្ដល់​ជំនួយ​យោធា​ឱ្យ​បាន​ច្រើន​ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ អ៊ុយក្រែន​លើកឡើង​ដូច្នេះ​មុន​ពេល​អង្គការ​អូតង់បើក​កិច្ច​ប្រជុំ​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្គត់ផ្គង់​បន្ថែម​ដល់​អ៊ុយក្រែន។ លោក Mykhaylo Podolyak ដែល​ជា​ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយក្រែន បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ថា ទាហាន​អ៊ុយក្រែន​បាន​សួរ​លោក «ជា​រៀងរាល់​ថ្ងៃ» ថា​នៅ​ពេល​ណា​កាំភ្លើង​ធំ​របស់​បស្ចិម​ប្រទេស​ត្រូវ​បាន​បញ្ជូន​ទៅ​សមរភូមិ​មុខ។ លោក Podolyak បាន​បន្ថែម​ថា៖ «សហភាព​អឺរ៉ុប! ពួក​យើង​កំពុង​រង់ចាំ​ការ​សម្រេច​ចិត្ត [របស់​អ្នក]»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ជំរុញ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ពុធឱ្យ​បន្តឹង​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី ដោយ​លោក​បាន​ព្រមាន​ថា​កងទ័ព​រុស្ស៊ី​អាច​វាយ​ប្រហារ​ប្រទេស​ផ្សេង​ទៀត​បន្ទាប់ពី​បាន​ឈ្លានពាន​ប្រទេស​របស់​លោក​រួច​ហើយ។ នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​សភា​ទាំង​ពីរ​ថ្នាក់​របស់​ប្រទេស​ឆែក​តាម​រយៈ​វីដេអូ​អនឡាញ លោក Zelenskyy បាន​អំពាវនាវ​ជា​ថ្មី​ឱ្យ​សហភាព​អឺរ៉ុប​អនុញ្ញាត​ឱ្យ​ប្រទេស​អ៊ុយក្រែន​ចាប់ផ្ដើម​ដំណើរការ​ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​តាម​រយៈ​ការ​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​ដល់​អ៊ុយក្រែន។ លោក​បាន​និយាយ​ដូច្នេះ​ថា៖ «ដូច​កាលពី​អតីតកាល​ដែរ ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​គឺ​ជា​ជំហាន​ដំបូង​ដែល​ថ្នាក់​ដឹកនាំ​រុស្ស៊ី​ត្រូវការ​ដើម្បី​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ប្រទេស​ផ្សេង​ទៀត ដើម្បី​វាយ​ដណ្ដើម​គ្រប់គ្រង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ថា ការ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​នៅតែ «សំខាន់» នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​រុស្ស៊ី​និង​សហរដ្ឋ​អាមេរិក។ រដ្ឋាភិបាល​រុស្ស៊ី​លើកឡើង​ដូច្នេះ នៅ​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​ទាក់ទិន​នឹង​សង្គ្រាម​ជា​បន្ត​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskov បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​ថា ការ​ទាក់ទង​គ្នា​ដូច​នេះ​អាច​ធ្វើ​ទៅ​បាន​តែ​ក្នុង​ករណី​ដែល​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​គោរព​គ្នា​និង​ផ្ដល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​កាត់ទោស​ប្រហារ​ជីវិត​លើ​យុទ្ធជន​បរទេស​នៅ​ក្នុង​តំបន់​ផ្ដាច់​ខ្លួន Donetsk នៃ​ប្រទេស​អ៊ុយក្រែន ដែល​ជា​តំបន់​អះអាង​ដោយ​ខ្លួន​ឯង​ថា​ជា​សាធារណរដ្ឋ​ប្រជាមានិត Donetsk នឹង​បង្ហាញ​ឱ្យ​ឃើញ​ជា «គំរូ​ឱ្យ​បាន​ច្បាស់​សម្រាប់​ទាហាន​ស៊ី​ឈ្នួល​ផ្សេង​ទៀត​ដែល​ប្រយុទ្ធ​ដើម្បី​ប្រទេស​អ៊ុយក្រែន»។ យុទ្ធជន​ចក្រភព​អង់គ្លេស​ពីរ​នាក់​និង​យុទ្ធជន​ម៉ារ៉ុក​ម្នាក់​ដែល​ត្រូវ​បាន​រុស្ស៊ី​ចាប់​ខ្លួន​នៅ​ពេល​យុទ្ធជន​ទាំង​នោះ​រួម​ប្រយុទ្ធ​ជាមួយ​នឹង​កងទ័ព​អ៊ុយក្រែន​ត្រូវ​បាន​អាជ្ញាធរ​តំបន់ Donetsk ដែល​គាំទ្រ​ដោយ​រុស្ស៊ី កាត់ទោស​ប្រហារ​ជីវិត​ក្នុង​ឋានៈ​ជា​ទាហាន​ស៊ីឈ្នួល​នៅ​ក្នុង​តំបន់ Donetsk កាលពី​ថ្ងៃ​ទី ៩ ខែ​មិថុនា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG