ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:១៨ ១៣.៥.២០២២

ថ្ងៃសុក្រ ទី ១៣ ខែឧសភា៖

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ស្នើ​ឱ្យ​មាន​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ហើយ​បាន​និយាយ​ថា ការដក​ទ័ព​របស់​រុស្ស៊ី​ចេញ​ពី​អ៊ុយក្រែន​គួរតែ​ជា​ចំណុច​ចាប់ផ្ដើម​សម្រាប់​ការ​ចរចា។ លោក Zelenskyy បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍ RAI 1 របស់​អ៊ីតាលី​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែល​ផ្សាយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ នៅ​ថ្ងៃ​សុក្រ​ថា៖ «ក្នុង​នាម​ជា​ប្រធានាធិបតី ខ្ញុំ​ត្រៀម​លក្ខណៈ​រួចរាល់​នៅ​ក្នុង​ការ​ចរចា​ជាមួយលោក Putin តែ​ប៉ុណ្ណោះ ដោយ​គ្មាន​អន្តរការី​របស់​លោក និង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ចរចា មិន​មែន​ក្នុង​ក្របខណ្ឌ​នៃ​ឱសានវាទ​នោះ​ទេ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 បាន​គាំទ្រ​ឱ្យ​មាន​ការ​ផ្ដល់​ជំនួយ​និង​សព្វាវុធ​បន្ថែម​ទៀត​ដល់​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​ពួកគេ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​ការ​ប្រជុំ​នេះ​ត្រូវ​បាន​ប្រទេស​អាល្លឺម៉ង់​ហៅ​ថា​ជា «សញ្ញា​ដ៏​មាន​ឥទ្ធិពល​មួយ​នៃ​សាមគ្គីភាព» ដើម្បី​ធ្វើ​ឱ្យ​រុស្ស៊ី​កាន់តែ​ឯកោ​បន្ថែម​ទៀត​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​បារាំង​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​ថា ក្រុម​ប្រទេស G-7 បាន​ប្ដេជ្ញា​ជួយ​ប្រទេស​អ៊ុយក្រែន​ឱ្យ​ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី។ រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Yves Le Drian បាន​និយាយ​ថា ក្រុម​ប្រទេស G-7 មាន «សាមគ្គីភាព​ខ្លាំងក្លា​បំផុត» នៅ​ក្នុង​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ «បន្ត​គាំទ្រ​រយៈពេល​វែង​ចំពោះ​ការ​ប្រយុទ្ធ​របស់​អ៊ុយក្រែន​ដើម្បី​អធិបតេយ្យ​ភាព​របស់​ខ្លួន​រហូត​ទាល់តែ​អ៊ុយក្រែន​ទទួល​បាន​ជ័យជម្នះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Yoshimasa Hayashi បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba នៅ​ថ្ងៃ​សុក្រ​ថា អំពើ​ឃោរឃៅ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​គឺ​មិន​អាច​ទទួល​យក​បាន​ទាល់តែ​សោះ ហើយ​គេ​គួរតែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​មួយ​រូប​ដែល​បាន​ថ្លែង​នៅ ក្នុង​សន្និសីទ​កាសែត។ លោក Hayashi បាន​ពិភាក្សា​ជាមួយ​នឹង​លោក Kuleba នៅ​ក្រៅ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​របស់​ក្រុម​ប្រទេស G-7 នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​អំពាវនាវ​ឱ្យ​ក្រុម​ប្រទេស G-7 រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី​និង​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​នោះ​ដើម្បី​ជួយ​កសាង​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ។ លោក​បញ្ជាក់​ដូច្នេះ​នៅ​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​នឹង​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​ផ្សេង​ទៀត​នៃ​ក្រុម​ប្រទេស G-7 នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​សុក្រ​នេះ។ លោក Kuleba លើកឡើង​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​ស្នើ​ឱ្យ​ក្រុម​ប្រទេស G-7 អនុម័ត​លើ​ច្បាប់​មួយ​និង​បង្កើត​នីតិវិធី​ចាំបាច់​ទាំង​អស់​ដែល​ត្រូវការ​ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​នៅ​បរទេស​និង​ប្រគល់​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​ឱ្យ​អ៊ុយក្រែន​ ដើម្បី​ឱ្យ​អ៊ុយក្រែន​ប្រើប្រាស់​ថវិកា​ដែល​បាន​មក​ពី​ទ្រព្យសម្បត្តិ​ទាំង​នោះ​សម្រាប់​ការ​កសាង​ប្រទេស​ឡើង​វិញ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​អ្នកស្រី Liz Truss បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា វា​ជា​រឿង​សំខាន់​បំផុត​នៅ​ក្នុង​ការ​រក្សា​ការ​ដាក់​សម្ពាធ​លើ​រុស្ស៊ី​តាម​រយៈ​ការ​ផ្គត់ផ្គង់​សព្វាវុធ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន ​និង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី។ អ្នកស្រី​បាន​ប្រាប់​អ្នក​កាសែត​នៅ​ពេល​អ្នកស្រី​ធ្វើ​ដំណើរ​ដល់​កន្លែង​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 នៅ​ភាគ​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់​ថា៖ «វា​ជា​រឿង​សំខាន់​បំផុត​នៅ​ពេល​នេះ​ដែល​យើង​រក្សា​ការ​ដាក់​សម្ពាធ​លើ [ប្រធានាធិបតី​រុស្ស៊ី] លោក Vladimir Putin តាម​រយៈ​ការ​ផ្គត់ផ្គង់​សព្វាវុធ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន​និង​ការ​បង្កើន​ការ​ដាក់​ទណ្ឌកម្ម [លើ​រុស្ស៊ី]»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ចោទ​ប្រកាន់​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​សុក្រ​ថា​បាន​ប្រែ​ក្លាយ​ពី «វេទិកា​សេដ្ឋកិច្ច​ដែល​មាន​ប្រយោជន៍» ទៅ​ជា «អ្នក​ដើរ​តួ​យោធា​ដ៏​គឃ្លើន ដែល​ប្រកាស​អំពី​មហិច្ឆតា​របស់​ខ្លួន​ផុត​ឆ្ងាយ​ពី​ទ្វីប​អឺរ៉ុប​ទៅ​ទៀត»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធាន​ផ្នែក​គោល​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា សហភាព​អឺរ៉ុប​អាច​នឹង​ផ្ដល់​ការ​គាំទ្រ​ផ្នែក​យោធា​ក្នុង​ទឹក​ប្រាក់ ៥០០ លាន​អឺរ៉ូ​ទៀត​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន និង​ថា ​លោក​មាន​ភាព​ជឿជាក់​ថា​កិច្ច​ព្រមព្រៀង​មួយ​ទាក់ទិន​នឹង​ការ​ហាម​ឃាត់​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​អាច​នឹង​សម្រេច​បាន​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ចូលរួមប្រជុំសភា ក្នុងអំឡុងពេលនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ថ្លែងទៅកាន់សភាអ៊ុយក្រែន នៅ រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន កាលពិថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២។
រូបឯកសារ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ចូលរួមប្រជុំសភា ក្នុងអំឡុងពេលនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ថ្លែងទៅកាន់សភាអ៊ុយក្រែន នៅ រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន កាលពិថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២។

  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ព្រមាន​នៅ​ថ្ងៃ​សុក្រ​ថា ការ​មិន​ដាក់​បញ្ចូល​ណា​មួយ​នូវ​ការ​ហាម​ឃាត់​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​ នៅ​ក្នុង​កញ្ចប់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​លើក​នេះ​គឺ​បង្ហាញ​ឱ្យ​ឃើញ​អំពី​ទី​បញ្ចប់​នៃ​សាមគ្គីភាព​របស់​សហភាព​អឺរ៉ុប។ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​ព្រមាន​ថា៖ «ប្រសិនបើ​កញ្ចប់ [ទណ្ឌកម្ម] នេះ​ត្រូវ​បាន​អនុម័ត​ដោយ​គ្មាន​ការ​ហាម​ឃាត់​ការ​នាំចូល​ប្រេង​ឥន្ធនៈ [ពី​រុស្ស៊ី] ខ្ញុំ​ជឿ​ថា ប្រធានាធិបតី [រុស្ស៊ី] លោក Putin អាច​អបអរសាទរ ពី​ព្រោះ​វា​នឹង​ក្លាយជា​ពេល​ដំបូង​បង្អស់​ដែល​សាមគ្គីភាព​របស់​សហភាព​អឺរ៉ុប​នឹង​ត្រូវ​បែកបាក់ ​ដោយសារតែ​គោល​ជំហរ​របស់​ប្រទេស​មួយ​ដែល​នោះ​គឺ​ប្រទេស​ហុងគ្រី»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ទីភ្នាក់ងារ​ព័ត៌មាន RIAរបស់​រុស្ស៊ី​បាន​រាយការណ៍​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ថ្ងៃ​សុក្រ​បាន​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​លោក​អំពី​លទ្ធភាព​របស់​ប្រទេស​ហ្វាំងឡង់​និង​ប្រទេស​ស៊ុយអែត​ នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO)។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា វា​មិន​អាច​ទៅ​រួច​នោះ​ទេ​សម្រាប់​ប្រទេស​តួកគី​ដែល​ជា​សមាជិក​អង្គការ​អូតង់(NATO) នៅ​ក្នុង​ការ​គាំទ្រ​គម្រោង​របស់​ប្រទេស​ស៊ុយអែត​និង​ប្រទេស​ហ្វាំងឡង់​ ក្នុង​ការ​ចូល​ជា​សមាជិក​អង្គការ​អូតង់ ដោយសារតែ​ប្រទេស​ស៊ុយអែត​និង​ហ្វាំងឡង់​គឺ​ជា «ជម្រក​របស់​អង្គការ​ភេរវកម្ម​ជាច្រើន»។ លោក Erdogan បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង Istanbul ប្រទេស​តួកគី​ថា៖ «យើង​កំពុង​តាមដាន​ព្រឹត្តិការណ៍​វិវត្តន៍​ទាក់ទិន​នឹង​រឿង​ស៊ុយអែត​និង​ហ្វាំងឡង់ ប៉ុន្តែ​យើង​មិន​មាន​ទស្សនៈ​វិជ្ជមាន​នោះ​ទេ»។ លោក Erdogan បាន​បន្ថែម​ថា វា​គឺ​ជា​កំហុស​សម្រាប់​អង្គការ​អូតង់​ដែល​ទទួល​យក​ប្រទេស​ក្រិក​ជា​សមាជិក​កាលពី​អតីតកាល។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ទង់ជាតិអ៊ុយក្រែន នៅមុខមន្ទីរវប្បធម៌នៅតំបន់ Derhachi ដែលត្រូវបានប្រើប្រាស់ជាកន្លែងចែកចាយជំនួយ រងការបំផ្លិចបំផ្លាញក្នុងអំឡុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្បែរក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២
ទង់ជាតិអ៊ុយក្រែន នៅមុខមន្ទីរវប្បធម៌នៅតំបន់ Derhachi ដែលត្រូវបានប្រើប្រាស់ជាកន្លែងចែកចាយជំនួយ រងការបំផ្លិចបំផ្លាញក្នុងអំឡុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្បែរក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២

  • រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត​អ្នកស្រី Ann Linde បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា សមាជិក​ភាព​របស់​ប្រទេស​ស៊ុយអែត​នៅ​ក្នុង​អង្គការ​អូតង់ (NATO) នឹង​អាច​មាន​ឥទ្ធិពល​ជួយ​ឱ្យ​មាន​ស្ថិរភាព​និង​ផ្ដល់​ប្រយោជន៍​ដល់​បណ្ដា​ប្រទេស​នៅ​ជុំវិញ​សមុទ្រ​បាល់ទិក។ អ្នកស្រី​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «សមាជិក​ភាព​របស់​ប្រទេស​ស៊ុយអែត​នៅ​ក្នុង​អង្គការ​អូតង់​នឹង​បង្កើន​កំហិត​មិន​ឱ្យ​មាន​ជម្លោះ​យោធា ហើយ​នឹង​មាន​ឥទ្ធិពល​បង្ការ​ជម្លោះ​នៅ​តំបន់​ភាគ​ខាង​ជើង​នៃ​ទ្វីប​អឺរ៉ុប»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz បាន​ជំរុញ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ឱ្យ​យល់ព្រម​ឱ្យ​មាន​កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ឱ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បន្ថែម​ថា កិច្ច​ឈប់​វាយ​ប្រយុទ្ធ​គ្នា​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​មនុស្សធម៌​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​នៃ​ការ​ស្វែងរក​ដំណោះស្រាយ​ការទូត​សម្រាប់​សង្គ្រាម​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​ថា ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putinបាន​ពិភាក្សា​ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz នៅ​ថ្ងៃ​សុក្រ​អំពី​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​និង​អំពី​ការ​ជម្លៀស​ជន​ស៊ីវិល​ចេញ​ពី​រោងចក្រ​ដែកថែប Azovstal នៅ​ក្នុង​ទីក្រុង Mariupol។ បើ​យោង​ទៅ​លើ​អត្ថបទ​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​នេះ​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​ផ្សព្វផ្សាយ លោក Putin បាន​ប្រាប់​លោក Scholz ថា ជន​ស៊ីវិល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​រោងចក្រ Azovstal។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន CNN។
  • លោក Kyrylo Budanov ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​យោធា​របស់​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា អ៊ុយក្រែន​នឹង​ប្រយុទ្ធ​ដើម្បី​កោះ Zmiinyi ដែល​ហៅ​ថា​កោះ​ពស់ នៅ​ក្នុង​សមុទ្រ​ខ្មៅ «មិន​ថា​យូរ​ប៉ុណ្ណា​នោះ​ទេ»។ លោក Budanov បាន​បញ្ជាក់​នៅ​ក្នុង​ការ​ថ្លែង​តាម​ទូរទស្សន៍​ថា៖ «អ្នក​ណា​ដែល​គ្រប់គ្រង​កោះ​នោះ អ្នក​នោះ​អាច​រាំង​ខ្ទប់​គ្រប់​ពេល​ទាំង​អស់​នូវ​ការ​ធ្វើ​ដំណើរ​របស់​នាវា​ស៊ីវិល​មក​ពី​គ្រប់​ទិស​ទាំង​អស់​ចូល​ទៅ​កាន់​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​អ៊ុយក្រែន​បាន​កាត់ទោស​ទាហាន​រុស្ស៊ី​ម្នាក់​នៅ​ថ្ងៃ​សុក្រ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ លោក Vadim Shyshimarin ដែល​ជា​ពលបាលត្រី​អាយុ ២១ ឆ្នាំ គឺ​ជា​ទាហាន​រុស្ស៊ី​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក។ រដ្ឋអាជ្ញា​អ៊ុយក្រែន​បាន​និយាយ​ថា លោក Shyshimarin បាន​បាញ់​សម្លាប់​ជន​ស៊ីវិល​អ៊ុយក្រែន​ម្នាក់​ចំ​ក្បាល។ ប្រសិនបើ​ត្រូវ​បាន​ផ្តន្ទាទោស ជន​នេះ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។
  • អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ការសម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ការ​បង្កើត​ការ​ស៊ើប​អង្កេត​លើ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​ប្រព្រឹត្តឡើង​ដោយ​កងទ័ព​រុស្ស៊ី​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ប្រទេស​ជា​សមាជិក​លើ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ។ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​មាន​សំឡេង​គាំទ្រ​ចំនួន ៣៣ និង​សំឡេង​ប្រឆាំង​ចំនួន ២ ដែល​សំឡេង​ប្រឆាំង​នោះ​គឺ​ប្រទេស​ចិន​និង​ប្រទេស​អេរីត្រេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​អាមេរិក និង​លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​អាមរិក​បាន​រួម​កម្លាំង​គ្នា​ក្នុង​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ព្យាយាម​អនុម័ត​កញ្ចប់​ជំនួយ​ចំនួន ៤០ ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​ការ​ព្យាយាម​អនុម័ត​នេះ​ត្រូវ​បាន​បង្អាក់​ដោយ​លោក Rand Paul សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Kentucky។ លោក Rand Paul ជំទាស់​ទៅ​នឹង​ចំនួន​ថវិកា​ដែល​បាន​ស្នើ​ឡើង​នៅ​ក្នុង​សំណើ​ច្បាប់​នោះ។ ការ​ជាប់​គាំង​នេះ​បាន​ពន្យារពេល​ការ​អនុម័ត​លើ​កញ្ចប់​ជំនួយ​នេះ​រហូត​ដល់​សប្ដាហ៍​ក្រោយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
២៣:១១ ១២.៥.២០២២

ថ្ងៃព្រហស្បតិ៍ ទី ១២ ខែឧសភា៖

  • ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកបាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​ ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​របស់​រដ្ឋមន្ត្រី​ការបរទេស​នានា​នៃ​អង្គការ​អូតង់ (NATO) អំពី​ការ​ឆ្លើយតប​របស់​ពួកគេ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន។ កាលពី​ខែ​មុន រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​ទាំង​នេះ​ឱ្យ​ជួប​ប្រជុំ​គ្នា​ក្រៅ​ផ្លូវការ​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង។
  • រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់​លោក Robert Habeck បាន​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​បាន​ប្រើ​ថាមពល​ជា «អាវុធ» បន្ទាប់ពី​រុស្ស៊ី​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ថាមពល​របស់​បស្ចិម​ប្រទេស​និង​ពន្យឺត​លំហូរ​ឧស្ម័ន​ទៅ​ទ្វីប​អឺរ៉ុប។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុម​បស្ចិម​ប្រទេស​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​រុស្ស៊ី​ដោយសារ​ទណ្ឌកម្ម​ដែល​ដាក់​លើ​រុស្ស៊ី​ទាក់ទិន​នឹង​រឿង​អ៊ុយក្រែន។ លោក Putin បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​ថា៖ «យើង​ឃើញ​ការ​ប៉ះពាល់​នោះ​តាម​រយៈ​ការ​មើល​លើ​ការ​កើនឡើង​ខ្លាំង​នៃ​អតិផរណា​នៅ​អឺរ៉ុប ដែល​កើន​ឡើង​ជិត ២០% នៅ​តាម​ប្រទេស​មួយ​ចំនួន»។ លោក​បាន​បន្ថែម​ថា៖ «វា​បង្ហាញ​យ៉ាង​ច្បាស់​ថា...ការ​បន្ត​គិត​តែ​រឿង​ដាក់​ទណ្ឌកម្ម​នេះ​នឹង​ឈាន​ទៅ​ដល់​ផល​វិបាក​ដ៏​អាក្រក់​បំផុត​ដោយ​ចៀស​មិន​រួច​សម្រាប់​សហភាព​អឺរ៉ុប សម្រាប់​ពលរដ្ឋ​អឺរ៉ុប»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោក​ស្រី Annalena Baerbock បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 នឹង​ពិភាក្សា​រក​វិធី​បញ្ចប់​ការ​រាំង​ខ្ទប់​ធញ្ញជាតិ​របស់​ប្រទេស​អ៊ុយក្រែន ដើម្បី​ឱ្យ​អ៊ុយក្រែន​អាច​នាំ​ចេញ​ទៅ​កាន់​ពិភពលោក។ លោក​ស្រី​បាន​បញ្ជាក់​ថា៖ «មាន​ធញ្ញជាតិ ២៥ លាន​តោន​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន [រុស្ស៊ី] រាំង​ខ្ទប់​នៅ​ឯ​កំពង់ផែ​ក្រុង Odesa របស់​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បុគ្គលិកប្រចាំក្រសួងស្ថានភាពអាសន្នរបស់សាធារណរដ្ឋប្រជាមានិត Donetsk សម្អាតបរិវេណជុំវិញមហោស្រពមួយដែលត្រូវបានបំផ្លាញនៅក្នុងអំឡុងពេលប្រយុទ្ធគ្នា នៅទីក្រុង Mariupol ដែលស្ថិតនៅក្រោមការកាន់កាប់របស់សាធារណរដ្ឋនេះ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។
បុគ្គលិកប្រចាំក្រសួងស្ថានភាពអាសន្នរបស់សាធារណរដ្ឋប្រជាមានិត Donetsk សម្អាតបរិវេណជុំវិញមហោស្រពមួយដែលត្រូវបានបំផ្លាញនៅក្នុងអំឡុងពេលប្រយុទ្ធគ្នា នៅទីក្រុង Mariupol ដែលស្ថិតនៅក្រោមការកាន់កាប់របស់សាធារណរដ្ឋនេះ នៅភាគខាងកើតប្រទេសអ៊ុយក្រែន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។

  • គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​នឹង​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​នានា​នៅ​ទ្វីប​អឺរ៉ុប​ដើម្បី​ជួយ​អ៊ុយក្រែន​ឱ្យ​អាច​នាំ​ចេញ​ធញ្ញជាតិ​រាប់​លាន​តោន​ដែល​ជាប់​គាំង​នៅ​ក្នុង​ប្រទេស ដោយសារតែ​កងទ័ព​ជើង​ទឹក​របស់​រុស្ស៊ី​បាន​រាំង​ខ្ទប់​កំពង់ផែ​របស់​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពលរដ្ឋ​ដែល​បាន​ភៀស​ខ្លួន​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បាន​កើន​លើស ៦ លាន​នាក់​ហើយ ដែល​នេះ​គឺ​ជា​វិបត្តិ​ជន​ភៀស​ខ្លួន​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​មក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​សន្យា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​នឹង​ចាត់​វិធានការ​ឱ្យ​បាន​ឆាប់​នៅ​ក្នុង​ការ​បញ្ចូល​ប្រទេស​ហ្វាំងឡង់​ជា​សមាជិក​របស់​អង្គការ​អូតង់ (NATO) បន្ទាប់ពី​ថ្នាក់​ដឹកនាំ​ហ្វាំងឡង់​បាន​បង្ហាញ​ការ​គាំទ្រ​សម្រាប់​ការ​ចូល​ជា​សមាជិក​នេះ ក្នុង​ស្ថានភាព​ដែល​រុស្ស៊ី​កំពុង​ឈ្លានពាន​អ៊ុយក្រែន។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក Bob Menendez ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក និង​សមាជិក​ព្រឹទ្ធសភា​កំពូល​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Jim Risch បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ហ្វាំងឡង់​នេះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ខុទ្ទកាល័យ​ប្រធានាធិបតី​បារាំង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា លោក​ប្រធានាធិបតី Emmanuel Macron បាន​ប្រាប់​ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Nijnisto នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​បារាំង​គាំទ្រ​ពេញ​ទំហឹង​លើ​ជម្រើស​របស់​ប្រទេស​ហ្វាំងឡង់​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់ (NATO)។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​បង្កើត​ការ​ស៊ើប​អង្កេត​លើ​ករណី​ដែល​អាច​មាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្តិ​ឡើង​ដោយ​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​តំបន់​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន​និង​តំបន់​ផ្សេងៗ​ទៀត។ សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​លើ​សេចក្ដី​សម្រេច​នេះ​ក្នុង​សំឡេង​ភាគ​ច្រើន​លើសលប់ (គាំទ្រ​ចំនួន ៣៣ សំឡេ​ងងនិង​មិន​គាំទ្រ​ចំនួន ២ សំឡេង) ដើម្បី​បញ្ជា​ឱ្យ​គណៈកម្មការ​ស៊ើប​អង្កេត​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ព្រឹត្តិការណ៍​នានា​ដែល​បាន​កើតឡើង​នៅ​តំបន់​ជុំវិញ​រដ្ឋធានី​កៀវ​និង​តំបន់​ផ្សេងៗ​ទៀត​ដូចជា​តំបន់ Sumy ជាដើម ដែល​ធ្លាប់​ត្រូវ​បាន​កងទ័ព​រុស្ស៊ី​កាន់កាប់​ជា​បណ្ដោះ​អាសន្ន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

មនុស្សចូលរួមពិធីបុណ្យសព Lubomyr Savchuk ដែលបានស្លាប់កាលពីថ្ងៃទី ៩ ខែឧសភា នៅក្នុងតំបន់ Luhansk ខណៈរុស្ស៊ីបន្តការឈ្លានពានលើអ៊ុយក្រែន នៅភូមិ Staryi Yarychiv តំបន់ Lviv ប្រទេសអ៊ុយក្រែន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។
មនុស្សចូលរួមពិធីបុណ្យសព Lubomyr Savchuk ដែលបានស្លាប់កាលពីថ្ងៃទី ៩ ខែឧសភា នៅក្នុងតំបន់ Luhansk ខណៈរុស្ស៊ីបន្តការឈ្លានពានលើអ៊ុយក្រែន នៅភូមិ Staryi Yarychiv តំបន់ Lviv ប្រទេសអ៊ុយក្រែន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។

  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ថ្កោលទោស «អំពើ​ដ៏​រន្ធត់​និង​តក់ស្លុត» និង «អំពើ​អាក្រក់​ពិត​ប្រាកដ» នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ថ្កោល​ទោស​ ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​មួយ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​អំពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ អនុ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​អ្នកស្រី Emine Dzhaparova បាន​និយាយ​ថា រុស្ស៊ី​បាន​ប្រព្រឹត្ត «ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​គួរ​ឱ្យ​រន្ធត់​តក់ស្លុត​បំផុត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ»។ អ្នកស្រី​បាន​ថ្លែង​បន្ត​ថា៖ «ទារុណកម្ម​និង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ អំពើ​ហិង្សា​ផ្លូវ​ភេទ​និង​អំពើ​ហិង្សា​យេនឌ័រ គឺជា​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ដែល​រុស្ស៊ី​បាន​ប្រព្រឹត្ត [នៅ​អ៊ុយក្រែន]»។ អ្នកស្រី​បាន​បន្ថែម​ថា៖ «មាន​តែ​ពេល​ដែល​ពិភពលោក​រួម​សាមគ្គី​ខ្លាំងក្លា​ជាមួយ​នឹង​ប្រជាពលរដ្ឋ​អ៊ុយក្រែន​តែ​ប៉ុណ្ណោះ​ ដែល​អាច​យក​ឈ្នះ​លើ​អំពើ​អាក្រក់​ពិត​ប្រាកដ​នេះ​បាន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev ដែល​ជា​មនុស្ស​ដ៏​ជំនិត​បំផុត​ម្នាក់​របស់​ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin បាន​ព្រមាន​ក្រុម​បណ្តា​បស្ចិម​ប្រទេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​បង្កើន​ការគាំទ្រ​ផ្នែក​យោធា​ចំពោះ​អ៊ុយក្រែន​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​ធ្វើ ប្រឈម​នឹង​ការបង្ក​ឱ្យ​មាន​សង្គ្រាម​រវាង​រុស្ស៊ី​និង​អង្គការ​អូតង់(NATO)។ លោក Medvedev ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​ បាន​និយាយ​ថា សង្គ្រាម​ដូច​នេះ​ជាមួយ​នឹង​អង្គការ​អូតង់​តែងតែ​ប្រឈម​នឹង​ហានិភ័យ​នៅ​ក្នុង​ការ​ក្លាយ​ទៅជា​សង្គ្រាម​នុយក្លេអ៊ែរ​ពេញ​ទំហឹង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា វិធានការ​របស់​ប្រទេស​ហ្វាំងឡង់​នៅ​ក្នុង​ការចូល​ជា​សមាជិក​របស់​អង្គការ​អូតង់​គឺ «ពិតជា» ការ​គំរាមកំហែង​ចំពោះ​ប្រទេស​រុស្ស៊ី និង​ថា​ ការ​ពង្រីក​សមាជិកភាព​របស់​អង្គការ​អូតង់​ នឹង​មិន​ធ្វើ​ឱ្យ​ទ្វីប​អឺរ៉ុប​ឬ​ក៏​ពិភពលោក​មាន​ស្ថិរភាព​ជាង​មុន​នោះ​ទេ។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​លោក Dmitry Peskovបាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​តាម​វីដេអូ​អនឡាញ​ថា ជំហាន​ដែល​ហ្វាំងឡង់​បាន​ធ្វើ​នៅ​ក្នុង​ការ​ចូល​ជា​សមាជិក​របស់​អង្គការ​អូតង់ ​គឺ​ជា​បុព្វហេតុ​នៃ​វិប្បដិសារី​ និង​ជា​មូលហេតុ​ដែល​រុស្ស៊ី​នឹង​ធ្វើ​ការ​ឆ្លើយតប​ឱ្យ​បាន​សមស្រប។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍ MSNBC នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ការចូល​ជា​សមាជិក​របស់​ប្រទេស​ហ្វាំងឡង់​នៅ​ក្នុង​អង្គការ​អូតង់ ​នឹង​ក្លាយជា​ប្រវត្តិសាស្ត្រ។ លោក​បាន​បន្ថែម​ថា ការ​បញ្ចូល​ប្រទេស​ហ្វាំងឡង់​ទៅ​ក្នុង​អង្គការ​អូតង់ ​គឺ​មិន​ពិបាក​នោះ​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សំណង់អគារលំនៅដ្ឋានរបស់ពលរដ្ឋមួយខ្នងត្រូវបានបំផ្លាញដោយការបាញ់គ្រាប់ផ្តក់របស់ទាហានរុស្ស៊ី នៅភូមិ Bakhmut តំបន់ Donetsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។
សំណង់អគារលំនៅដ្ឋានរបស់ពលរដ្ឋមួយខ្នងត្រូវបានបំផ្លាញដោយការបាញ់គ្រាប់ផ្តក់របស់ទាហានរុស្ស៊ី នៅភូមិ Bakhmut តំបន់ Donetsk ប្រទេសអ៊ុយក្រែន ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២។

  • អគ្គលេខាធិការ​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា សមាជិកភាព​របស់​ប្រទេស​ហ្វាំងឡង់​នៅ​ក្នុង​អង្គការ​អូតង់​នឹង​ជួយ​ពង្រឹង​ទាំង​អង្គការ​អូតង់​និង​ទាំង​ប្រទេស​ហ្វាំងឡង់។ លោក Stoltenberg បាន​លើកឡើង​ថា៖ «ប្រសិនបើ​ហ្វាំងឡង់​សម្រេច​ដាក់​ពាក្យ អង្គការ​អូតង់​នឹង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ហើយ​ដំណើរការ​ចូល​ជា​សមាជិក​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​និង​លឿន»។ លោក​ថ្លែង​ដូច្នេះ បន្ទាប់ពី​ប្រទេស​ហ្វាំងឡង់​បាន​ប្រកាស​អំពី​គោល​បំណង​របស់​ខ្លួន​នៅ​ក្នុង​ការ​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់ «ដោយ​គ្មាន​ការ​ពន្យារពេល»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Nijnisto និង​នាយរដ្ឋមន្ត្រី​ហ្វាំងឡង់​អ្នកស្រី Sanna Marin បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​ហ្វាំងឡង់​គួរតែ​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់ (NATO)។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​ស៊ុយអែត​មាន​គម្រោង​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់​នៅ​សប្ដាហ៍​ក្រោយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត Expressen នៅ​ថ្ងៃ​ព្រហស្បតិ៍។ កាសែត Expressen បាន​បញ្ជាក់​ដោយ​យោង​លើ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ថា រដ្ឋសភា​ស៊ុយអែត​នឹង​ជជែក​ដេញដោល​អំពី​ស្ថានការណ៍​សន្តិសុខ​នៅ​ថ្ងៃ​ចន្ទ ហើយ​បន្ទាប់​មក​នាយករដ្ឋមន្ត្រី​ស៊ុយអែត​អ្នកស្រី Magdalena Anderson នឹង​កោះ​ប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​នៅ​ក្នុង​ការ​ប្រជុំ​ពិសេស​នោះ ការ​សម្រេច​ជា​ផ្លូវការ​នៅ​ក្នុង​ការ​ដាក់​ពាក្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់​នឹង​ត្រូវ​សម្រេច​ឡើង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​ថា អ៊ុយក្រែន​ចង់​បាន​កន្លែង​មួយ​រក្សា​ទុកក្នុង​សហភាព​អឺរ៉ុប បើ​ទោះបីជា​ការទទួល​បាន​សមាជិក​ភាព​ពេញ​សិទ្ធិ​អាច​ត្រូវ​ចំណាយ​ពេល​យូរ​ក៏ដោយ។ លោក Kuleba បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ARD របស់​អាល្លឺម៉ង់​ថា៖ «វា​មិន​មែន​ជា​រឿង​ដែល​អ៊ុយក្រែន​ត្រូវ​ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ឱ្យ​បាន​លឿន​បំផុត​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​អ៊ុយក្រែន​គឺ​អ៊ុយក្រែន​ចង់​បាន​កន្លែង​មួយ​រក្សា​ទុក​សម្រាប់​ខ្លួន [នៅ​ក្នុង​សហភាព​អឺរ៉ុប]»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​មាន​ប្រក្រតីភាព​ឡើង​វិញ​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​មិន​អាច​ធ្វើ​បាន​នោះ​ទេ បន្ទាប់ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន។ នៅ​ពេល​សួរ​ក្នុង​អំឡុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​វិទ្យុ LBC ថា ​តើ​លោក Putin អាច​ត្រូវ​គេ​ស្វាគមន៍​ឡើង​វិញ​នៅ​លើ​ឆាក​អន្តរជាតិ​ឬ​ក៏​យ៉ាង​ណា​នោះ ប្រសិនបើ​លោក​ដឹង​កំហុស លោក Johnson បាន​ឆ្លើយ​ថា៖ «ចម្លើយ​ដ៏​ខ្លី​គឺ​ថា​មិន​អាច​ទេ។ គ្មាន​ការធ្វើ​ឱ្យ​មាន​ប្រក្រតីភាព​ឡើង​វិញ​ទេ ហើយ​ចក្រភព​អង់គ្លេស​មាន​ភាព​ច្បាស់លាស់​ពិត​ប្រាកដ​ចំពោះ​រឿង​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​ជប៉ុន​និង​សហភាព​អឺរ៉ុប​បាន​ទាមទារ​ឱ្យ​ប្រទេស​រុស្ស៊ី​បញ្ចប់​ជា​បន្ទាន់​នូវ​ការ​ឈ្លានពាន​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន និង​បាន​បញ្ជាក់​ថា​ ពួកគេ​គាំទ្រ​ឱ្យ​មាន «ការ​ពង្រីក​បន្ថែម​ទៀត​នូវ​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី»។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្រោយ​ការ​ពិភាក្សា​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Fumio Kishida ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​លោក Charles Michel និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​អ្នកស្រី Ursula von der Leyen សហភាព​អឺរ៉ុប​និង​ជប៉ុន​បាន​លើកឡើង​ថា ពួកគេ​នឹង​សម្របសម្រួល​លើ​ការ​គាំទ្រ​ផ្នែក​នយោបាយ ហិរញ្ញវត្ថុ និង​មនុស្សធម៌​ចំពោះ​ប្រទេស​អ៊ុយក្រែន។ ពួកគេ​ក៏​បាន​សន្យា​ផង​ដែរ​នៅ​ក្នុង​ការ​បន្ធូរបន្ថយ​ផល​ប៉ះពាល់​ផ្សេង​ទៀត​ដោយសារ​សង្គ្រាម​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ធ្វើការ​ដើម្បី​ធ្វើ​ឱ្យ​ទីផ្សារ​ថាមពល​ពិភពលោក​មាន​ស្ថិរភាព​ផង​ដែរ។
២២:៣៣ ១១.៥.២០២២

ថ្ងៃពុធ ទី ១១ ខែឧសភា៖

  • រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Llyod Austin បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា សហរដ្ឋ​អាមេរិក​មិន​ជឿ​ថា​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចង់​ចាត់​វិធានការ​បែប​យោធា​លើ​អង្គការ​អូតង់ (NATO) នោះ​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Ryabkov និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក John Sullivan បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​ទីក្រុង​មូស្គូ​នៅ​ថ្ងៃ​ពុធ​នេះ។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក​នៅតែ​តាំងចិត្ត​ចំពោះ​ការ​បើក​ច្រក​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​និង​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ប៉ាន់ស្មាន​ខុស​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mario Draghi បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​ត្រូវតែ​ពិភាក្សា​ជាមួយ​គ្នា​ដើម្បី​ព្យាយាម​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ លោក Draghi ថ្លែង​ដូច្នេះ​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden។ លោក Draghi បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា លោក​និង​លោក Biden បាន​ទទួល​ស្គាល់​ថា វិថី​ឆ្ពោះ​ទៅ​រក​សន្តិភាព​មាន​ភាព​ស្មុគស្មាញ​ខ្លាំង ប៉ុន្តែ​លោក​បាន​លើកឡើង​ថា ភាគី​នីមួយៗ​ចាំបាច់​ត្រូវ​ប្រឹងប្រែង​ដើម្បី​ជួយ​រុស្ស៊ី​និង​អ៊ុយក្រែន​នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​សង្គ្រាម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ុយក្រែន​លោក Sergiy Marchenko បាន​អំពាវនាវ​នៅ​ថ្ងៃ​ពុធ​នេះ​ឱ្យ​អ្នក​ផ្ដល់​ជំនួយ​អន្តរជាតិ «បង្កើន​ជា​អតិបរមា» នូវ​កិច្ច​ប្រឹងប្រែង​ដើម្បី​ជួយ​អ៊ុយក្រែន​បន្ទាប់ពី​រុស្ស៊ី​បាន​ឈ្លានពាន។ លោក Marchenko បាន​បញ្ជាក់​នៅ​ក្នុង​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​អភិវឌ្ឍន៍​អឺរ៉ុប​ក្នុង​ទីក្រុង Marrakesh ប្រទេស​ម៉ារ៉ុក​ថា៖ «នៅ​ពេល​ដែល​ការពារ​ប្រទេស​របស់​យើង​និង​ប្រយុទ្ធ​ជាមួយ​នឹង​រុស្ស៊ី យើង​ប្រថុយ​គ្រោះថ្នាក់​ខ្លាំង​បំផុត...ដើម្បី​ឱ្យ​អ៊ុយក្រែន​អាច​ឈ្នះ​សង្គ្រាម​នេះ»។ លោក​បាន​បន្ថែម​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ថា៖ «ដូច្នេះ យើង​នឹង​ដឹង​គុណ​ប្រសិនបើ​អ្នក​ហ៊ាន​ប្រថុយ​ផ្ដល់ [ហិរញ្ញវត្ថុ] តិចតួច​ដើម្បី​ជួយ​អ៊ុយក្រែន​ឱ្យ​ឈ្នះ​សង្គ្រាម​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP

រូបឯកសារ៖ បុគ្គលិករៀបចំជំនួយយោធាដែលផ្ដល់ឱ្យដោយសហរដ្ឋអាមេរិកដល់អ៊ុយក្រែននៅអាកាសយានដ្ឋាន Boryspil ស្ថិតនៅជាយរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២។
រូបឯកសារ៖ បុគ្គលិករៀបចំជំនួយយោធាដែលផ្ដល់ឱ្យដោយសហរដ្ឋអាមេរិកដល់អ៊ុយក្រែននៅអាកាសយានដ្ឋាន Boryspil ស្ថិតនៅជាយរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២។
  • អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ការ​ចរចា​សន្តិភាព​អំពី​អ៊ុយក្រែន​នឹង​មក​ដល់​នៅ​ពេល​ណា​មួយ ប៉ុន្តែ​នឹង​មិន​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទេ។ លោក Guterres បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​ប្រធានាធិបតី​អូទ្រីស​លោកAlexander Van der Bellenថា៖ «សង្គ្រាម​នេះ​នឹង​មិន​បន្ត​រហូត​ទេ។ ការចរចា​សន្តិភាព​នឹង​កើតឡើង​ក្នុង​ពេល​ណា​មួយ»។ លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា ការ​ចរចា​សន្តិភាព​នេះ​នឹង​មិន​កើតឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​រឿង​មួយ ដែល​នោះ​គឺ​ថា​យើង​នឹង​មិន​បោះបង់​ចោល​នោះ​ឡើយ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ថា វា​អាស្រ័យ​លើ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់ Kherson ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន ជា​អ្នក​សម្រេច​ថា​តើ​ពួកគេ​ចង់​ចូល​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​ឬ​ក៏​យ៉ាង​ណា​នោះ ប៉ុន្តែ​ការ​សម្រេច​ណា​មួយ​ដូច​នេះ​ត្រូវតែ​មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • តំបន់ Kherson ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​មាន​គម្រោង​ស្នើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឱ្យ​បញ្ចូល​ខ្លួន​ទៅ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន TASS របស់​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​ដែល​យោង​លើ​មន្ត្រី​មួយ​រូប​នៃ​រដ្ឋបាល​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៃ​តំបន់ Kherson។ រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ខែ​មេសា​ថា ខ្លួន​បាន​ដណ្ដើម​កាន់កាប់​តំបន់ Khersonទាំងស្រុង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​រុស្ស៊ី​មិន​ចង់​ឱ្យ​មាន​សង្គ្រាម​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ទេ ប៉ុន្តែ​ក្រុម​បស្ចិម​ប្រទេស​មាន​បំណង​ចង់​ឱ្យ​រុស្ស៊ី​បរាជ័យ​នៅ​ក្នុង​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី លោក Sergei Lavrov ជួប​ជាមួយ​នឹង​សមភាគី​អាមេនី​របស់​លោក​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី លោក Sergei Lavrov ជួប​ជាមួយ​នឹង​សមភាគី​អាមេនី​របស់​លោក​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។
  • ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​លោក Valdis Dombrovskis បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ធនាគារ​អឺរ៉ុប​សម្រាប់​ការ​កសាង​ឡើងវិញ​និង​អភិវឌ្ឍន៍ (EBRD) ក្នុង​ទីក្រុង Marrakech ប្រទេស​ម៉ារ៉ុក​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នឹង​ធ្វើ​ឱ្យ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​មាន​ដំណើរ​យឺតយ៉ាវ​នៅ​ក្នុង​សហភាព​អឺរ៉ុប ប៉ុន្តែ​នឹង​មិន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​លោកPeter Szijjarto បាន​និយាយ​នៅ​ថ្ងៃ​ពុធថា សំណើ​របស់​សហភាព​អឺរ៉ុប​លើការហាម​ឃាត់​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​នឹង​បំផ្លាញ​ដល់​សេដ្ឋកិច្ច​របស់​ហុងគ្រី ហើយ​នឹង​មិន​ផ្ដល់​ដំណោះស្រាយ​ណា​មួយ​សម្រាប់​បញ្ហា​ធំ​ដែល​ទណ្ឌកម្ម​នេះ​នឹង​បង្កើត​សម្រាប់​ប្រទេស​ហុងគ្រី​នោះ​ឡើយ។ លោក Szijjarto បាន​ថ្លែង​ថា សហភាព​អឺរ៉ុប​មិន​មាន​ដំណោះស្រាយ​ណា​មួយ​នោះ​ទេ ដូច្នេះ​ដំណោះ ស្រាយ​តែ​មួយ​គត់​សម្រាប់​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​នេះ​គឺ​ថា​ការ​ហាម​ឃាត់​នេះ​គួរ​សំដៅ​លើ​តែ​ការ​ហាម​ឃាត់​ការ​ដឹក​ជញ្ជូន​ប្រេង​ឥន្ធនៈ​តាម​សមុទ្រ​តែ​ប៉ុណ្ណោះ ដោយ​លើកលែង​ទាំងស្រុង​នូវ​ការ​បញ្ជូន​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី​តាម​បំពង់​បង្ហូរ​ប្រេង។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ការបញ្ជូន​ឧស្ម័ន​របស់​រុស្ស៊ី​ទៅ​អឺរ៉ុប​កាត់​តាម​ប្រទេស​អ៊ុយក្រែន​បាន​ធ្លាក់ចុះ​នៅ​ថ្ងៃ​ពុធ ​បន្ទាប់ពី​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ខ្លួន​បាន​ផ្អាក​ការ​បញ្ជូន​ឧស្ម័ន​នេះ​តាម​បំពង់​បង្ហូរ​ឧស្ម័ន​ដ៏​សំខាន់​មួយ ដោយសារតែ​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​បាន​រុល​ចូល​ដល់​ទីនោះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​ថា​បាន​បង្ក «សង្គ្រាម​ប្រយោល» ប្រឆាំង​នឹង​រុស្ស៊ី បន្ទាប់ពី​រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​កញ្ចប់​ជំនួយ​ចំនួន​ជិត៤០ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយ ក្រែន។ លោក Medvedev បាន​បន្ថែម​ថា សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​នឹង​រង គ្រោះ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋ សភា​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អនុម័ត​លើ​ជំនួយ​ផ្នែក​យោធា​និង​មនុស្សធម៌​ចំនួន​ជិត៤០ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន។
  • រដ្ឋសភា​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​អនុម័ត​សំណើ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្ដល់​ជំនួយ​ថ្មី​ផ្នែក​យោធា​និង​មនុស្សធម៌​ចំនួន​ជិត ៤០ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ុយក្រែន។ ជំនួយ​ថ្មី​នេះ​មាន​ចំនួន៧ពាន់​លាន​ដុល្លារ​ច្រើន​ជាង​អ្វី​ដែល​ប្រធានាធិបតី​អាមេរិក​បាន​ស្នើ​កាលពី​សប្ដាហ៍​មុន។ សំណើ​ច្បាប់​នេះ​ទាមទារ​ឱ្យ​មាន​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​ទើប​អាច​ចូល​ជា​ធរមាន​បាន។
២១:៣០ ១០.៥.២០២២

ថ្ងៃ​អង្គារ ទី ១០ ខែឧសភា៖

  • នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Mario Draghi បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​នៅថ្ងៃអង្គារ​នេះដើម្បី​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden ដែល​បញ្ហា​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​គ្រប​ដណ្ដប់​លើ​ការ​ពិភាក្សា​នោះ។ ជំនួប​នៅ​សេតវិមាន​នេះ​ធ្វើ​ឡើង​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ដ៏​សំខាន់​របស់​ក្រុម​ប្រទេស G-7 និង​របស់​អង្គការ​អូតង់ (NATO) នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ចូល​មក​ដល់​នៅ​ខែ​ក្រោយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP
  • លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​លើ​កញ្ចប់​ជំនួយ​សម្រាប់​អ៊ុយក្រែន​ឱ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នៅ​ពេល​ណា​ដែល​រដ្ឋសភា​បាន​អនុម័ត​លើ​សំណើ​ច្បាប់​នេះ។ សភា​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​បញ្ជូន​ជំនួយ​បន្ថែម​ជិត ៤០ ពាន់​លាន​ដុល្លារ​ទៀត​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters

រូបឯកសារ៖ មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ស្ថិតនៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២២។ (AP Photo/J. Scott Applewhite)
រូបឯកសារ៖ មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ស្ថិតនៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២២។ (AP Photo/J. Scott Applewhite)
  • រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សមាជិក​ភាព​របស់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​សហភាព​អឺរ៉ុប​គឺ​ជា​សំណួរ​នៃ «សង្គ្រាម​និង​សន្តិភាព» នៅ​ទ្វីប​អឺរ៉ុប។ លោក​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «ខ្ញុំ​ចង់​សង្កត់​ធ្ងន់​ថា សមាជិកភាព​របស់​អ៊ុយក្រែន​នៅ​ក្នុង​សហភាព​អឺរ៉ុប​គឺ​ជា​រឿង​នៃ​សង្គ្រាម​និង​សន្តិភាព​នៅ​ក្នុង​ទ្វីប​អឺរ៉ុប»។ លោក​បាន​បន្ថែម​ថា៖ «មូលហេតុ​មួយ​ដែល​សង្គ្រាម​នេះ​បាន​ចាប់ផ្ដើម​ឡើង​គឺ​ថា [ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir] Putin បាន​ជឿ​ថា ទ្វីប​អឺរ៉ុប​មិន​ត្រូវការ​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP
  • លោក​ស្រី Avril Haines ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សហរដ្ឋ​អាមេរិក​ជឿ​ថា​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​សង្គ្រាម​រយៈពេល​យូរ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​ជ័យជម្នះ​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ Donbas នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ប្រហែល​ជា​នឹង​មិន​អាច​បញ្ចប់​សង្គ្រាម​នេះ​បាន​ទេ។ លោក​ស្រី Haines បាន​ប្រាប់​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ថា៖ «យើង​វាយ​តម្លៃ​ថា លោក​ប្រធានាធិបតី Putin កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​សង្គ្រាម​រយៈពេល​វែង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ក្នុង​អំឡុងពេល​សង្គ្រាម​នេះ​លោក​នៅ​មាន​បំណង​សម្រេច​ឱ្យ​បាន​គោលដៅ​ផុត​ពី​តំបន់ Donbas ទៅ​ទៀត»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​រុស្ស៊ី​បាន​ចាប់ផ្ដើម​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កាលពី​ចុង​ខែ​កុម្ភៈ​លើ​បណ្ដាញ​សារគមនាគមន៍​ផ្កាយ​រណប​ពាណិជ្ជកម្ម ដើម្បី​បង្អាក់​ដល់​ប្រព័ន្ធ​បញ្ជា​និង​គ្រប់គ្រង​របស់​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា សកម្មភាព​ទាំង​នេះ​ជះ​ផល​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប។ លោក Blinken បាន​បន្ត​ថា សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន​កំពុង​ចាត់​វិធានការ​ដើម្បីទប់ទល់​នឹង​សកម្មភាព​ទាំង​នេះ​របស់​រុស្ស៊ី។ លោក Blinken បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​បាន​បង្កើត​យន្តការ​ថ្មី​ដើម្បី​ជួយ​អ៊ុយក្រែន​នៅ​ក្នុង​ការ​កំណត់​រក​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ការ​ងើប​ចេញ​ពី​ហេតុការណ៍​នានា​ដែល​កើត​ឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters
  • ក្រសួង​ការបរទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ថា រុស្ស៊ី​នឹង​មិន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​អំពី​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​ទេ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​អ្នកស្រី Maria Zakharova បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា៖ «គណៈប្រតិភូ​រុស្ស៊ី​នឹង​មិន​ផ្ដល់​ភាព​ស្រប​ច្បាប់​តាម​រយៈ​វត្តមាន​របស់​ខ្លួន​ចំពោះ​ឆាក​ល្ខោន​នយោបាយ​ថ្មី​ដែល​រៀបចំ​ក្រោម​រូបភាព​កិច្ច​ប្រជុំ​ពិសេស​នេះ​ទេ»។ អ្នកស្រី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ជា​អកុសល ការ​អះអាង​និង​ការ​ពន្យល់​របស់​យើង​អំពី​គោល​បំណង​ពិត​ប្រាកដ​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​នេះ​និង​អំពី​ស្ថានការណ៍​ពិត​ប្រាកដ​នៅ​សមរភូមិ​ត្រូវ​បាន​គេ​ធ្វើ​ព្រងើយ​កន្តើយ​ដាក់​ទាំងស្រុង»។ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា ជាតិ​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ខ្លួន​នឹង​រៀបចំ​កិច្ច​ប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​តាម​សំណើ​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​ដើម្បី​ពិនិត្យ​លើ«ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​កាន់តែ​ដុនដាប​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែនដែល​កើត​ឡើង​ដោយសារ​ភាព​គឃ្លើន​របស់​រុស្ស៊ី»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រទេស​រុស្ស៊ី​គ្មាន​គម្រោង​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​ទ្វីប​អឺរ៉ុប​ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិធានការ​អមិត្ត​របស់​ក្រុម​បស្ចិម​ប្រទេស​និង​ការពង្រីក​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​របស់​ទីភ្នាក់ងារ​ព័ត៌មាន RIA របស់​រុស្ស៊ីដែល​បាន​យោង​លើ​សម្ដី​របស់​អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Alexander Grushko។ លោក Grusko និយាយ​ដូច្នេះ​ថា៖ «នេះ​មិន​មែន​ជា​ទម្លាប់​របស់​យើង​នោះ​ឡើយ»។ លោក​បាន​បន្ថែម​ថា៖ «យើង​ជឿ​ថា កិច្ចការ​របស់​ការិយាល័យ​អ្នក​តំណាង​ការទូត​គឺ​សំខាន់»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោកស្រី Annalena Baerbock និង​រដ្ឋមន្ត្រី​ការបរទេស​ហូឡង់​លោក Wopke Hoekstra បាន​ធ្វើ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​ទៅកាន់​តំបន់​នានា​ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​នៅ​ជុំវិញ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​អង្គារ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba (ស្ដាំ) ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ អ្នកស្រី Annalena Baerbock ខណៈ​ដែល​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​តែ​បន្ដ ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន​ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២។ (REUTERS/Valentyn Ogirenko/Pool)
រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba (ស្ដាំ) ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ អ្នកស្រី Annalena Baerbock ខណៈ​ដែល​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​តែ​បន្ដ ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន​ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២។ (REUTERS/Valentyn Ogirenko/Pool)
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា កញ្ចប់​ទណ្ឌកម្ម​លើក​ទី៦របស់​សហភាព​អឺរ៉ុប​ដែល​គ្រោង​ឡើង​ដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី​ផង​ដែរ គឺ​ត្រូវការ​ជា​ចាំបាច់។ លោក Zelenskyy បាន​ប្រាប់​រដ្ឋសភា​ស្លូវ៉ាគី​នៅ​ក្នុង​សុន្ទរកថា​តាម​វីដេអូ​ថា៖ «ឥឡូវ​នេះ​កញ្ចប់​ទណ្ឌកម្ម​លើក​ទី ៦ [របស់​សហភាព​អឺរ៉ុប]នឹង​ត្រូវ​អនុម័ត ហើយ​វា​គឺ​ពិតជា​កញ្ចប់​ទណ្ឌកម្ម​ដែល​យើង​ត្រូវការ ហើយ​ជាង​នេះ​ទៀត ការ​ដាក់​ទណ្ឌកម្ម​លើ​ថាមពល [របស់​រុស្ស៊ី] ក៏​ត្រូវការ​ផង​ដែរ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • លោក Clement Beaune រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បារាំង​ទទួល​បន្ទុក​កិច្ចការ​ទ្វីប​អឺរ៉ុប​បាន​និយាយ​ថា បណ្ដា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​អាច​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​នៅ​សប្ដាហ៍​នេះ​អំពី​សំណើ​របស់​គណៈកម្មការ​អឺរ៉ុប​នៃ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​រារាំង​ការ​នាំចូល​ប្រេង​ឥន្ធនៈ​ទាំង​អស់​ពី​ប្រទេស​រុស្ស៊ី។ លោក​បាន​ប្រាប់​ទូរទស្សន៍ LCI ថា៖ «ខ្ញុំ​គិត​ថា យើង​អាច​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​នៅ​សប្ដាហ៍​នេះ»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ឧស្សាហកម្ម​ជប៉ុន​លោក Koichi Hagiuda បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ជប៉ុន​នឹង​សម្រេច​អំពី​ពេល​វេលា​និង​វិធី​នៃ​ការហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ពី​រុស្ស៊ី ហើយ​ស្រប​ពេល​នោះ​ដែរ​នឹង​ពិចារណា​អំពី​ស្ថានភាព​ពិត​ប្រាកដ។ លោក Hagiuda ថ្លែង​ដូច្នេះ បន្ទាប់ពី​ជប៉ុន​បាន​ឯកភាព​លើ​ការ​ហាម​ឃាត់​ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី​នេះ​ជាមួយ​នឹង​បណ្ដា​ប្រទេស​នៃ​ក្រុម​ប្រទេស G-7 ផ្សេង​ទៀតដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លាន ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ លោក Hagiuda បាន​បញ្ជាក់​នៅ​ក្នុង​សន្និ សីទ​កាសែត​ដូច្នេះ​ថា ដើម្បី​ជួយ​ធានា​ថា​មាន​ស្ថិរភាព​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​នៅ​លើ​សាកលលោក សហរដ្ឋ​អាមេរិក​មាន​តួនាទី​សំខាន់​ក្នុង​នាម​ជា​អ្នក​ផលិត​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​ធម្ម ជាតិ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធាន​បេសកកម្ម​តាមដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ជន​ស៊ីវិល​រាប់​ពាន់​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​តាំង​ពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ ក្រែន​មក ដែល​ចំនួន​នេះ​គឺ​ច្រើន​ជាង​តួលេខ​ផ្លូវការ​របស់​ខ្លួន​ទៅ​ទៀត ដែល​តួលេខ​ផ្លូវការ​នោះ​គឺ​មាន​ចំនួន ៣.៣៨១ នាក់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ថា ទាហាន​អ៊ុយក្រែន​ជាង១.០០០នាក់ ដែល​ភាគ​ច្រើន​បាន​រង​របួស កំពុង​ស្ថិត​នៅ​ក្នុង​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol នៅ​ឡើយ។ ឧប​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​អ្នកស្រី Iryna Vereshchuk បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ទាហាន​អ៊ុយក្រែន «ជាង​មួយ​ពាន់​នាក់» នៅ​ស្ថិត​ក្នុង​រោងចក្រ​នោះ​នៅ​ឡើយ។ អ្នកស្រី​បាន​បន្ថែម​ថា៖ «ទាហាន​រាប់​រយ​នាក់​បាន​រង​របួស។ មាន​មនុស្ស​រង​របួស​ធ្ងន់ធ្ងរ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ជម្លៀស​ចេញ​ជា​បន្ទាន់។ ស្ថានការណ៍​គឺ​កាន់តែ​ដុនដាប​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ»។
  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មិន​មាន​វិធី​ដក​ខ្លួន​ចេញ​ពី​សង្គ្រាម​នៅ អ៊ុយក្រែន​នោះ​ទេ និង​ថា លោក​កំពុង​ព្យាយាម​គិតគូរ​ថា​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ចំពោះ​រឿង​នេះ។ នៅ​ក្នុង​ការ​ថ្លែង​នៅ​ឯ​ពិធី​រៃ​អង្គាស​ថវិកា​ផ្នែក​នយោបាយ​មួយ​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន លោក Biden បាន​និយាយ​ថា លោក Putin បាន​ជឿ​ទាំង​យល់​ច្រឡំ​ថា ការឈ្លានពាន​អ៊ុយក្រែន​អាច​ធ្វើ​ឱ្យ​អង្គការ​អូតង់បែកបាក់ និង​អាច​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​បែកបាក់។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប​បាន​រួម​គ្នា​គាំទ្រ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​សាធារណៈ​ថ្មី​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​អំពី​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ដោយសារតែ​ស្ថាន ភាព​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​កាន់តែ​យ៉ាប់យ៉ឺន​ឡើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ការទូត​នានា​កាលពី​ថ្ងៃ​ចន្ទ។ កិច្ច​ប្រជុំ​នេះ​ដែល​ស្នើ​ឡើង​ដោយ​ប្រ ទេស​បារាំង​និង​ម៉ិកស៊ិក​នឹង​ក្លាយជា​កិច្ច​ប្រជុំ​លើក​ទី ១៦ ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ធ្វើ​ឡើង​តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​មក។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG