ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បន្ត​ឌឺដង​ដាក់គ្នា​រឿង​សេរីភាព​របស់​លោក កឹម សុខា


លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

នៅ​មុន​ពេល​លោក​ ​ហ៊ុន សែន​ ធ្វើ​ការចោទ​ប្រកាន់​ថា​​ លោក​ ​សម រង្ស៊ី​ ​​បាន​រៀបចំអន្ទាក់​ដាក់​រូបលោកនោះ​ ​​លោក​​សម រង្ស៊ី​ ​បាន​ប្រើទំព័រហ្វេស​ប៊ុក​របស់​លោក​នៅថ្ងៃ​ពុធ​នេះ​ ​ដោយ​បាន​ចាត់​ទុក​លោក​ហ៊ុន សែន ​មាន​ស្មារតី​មិននឹងនរ​ ​និង​មិនមាន​ការ​ទទួល​ខុស​ត្រូវ។​

មេដឹកនាំ​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​និង​លោក​ ​សម រង្ស៊ី​ ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​បន្ត​ឌឺដង​ដាក់​គ្នា​ ​លើ​សេរីភាព​របស់​លោកកឹម សុខា​ដោយ​លោក​ ​សម រង្ស៊ី​បាន​ហៅ​លោក​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ថា​ជា​ជន​ ​«កំសាកញី»។

ការ​ចំអក​របស់​លោក​សម រង្ស៊ី​ ដែល​ថា​ ​លោក​ហ៊ុន សែន​ជា​បុគ្គល​ ​កំសាកញី​នោះ​ ​បាន​ធ្វើឡើង​ នៅ​ចំ​ពេល​មាន​ការ​ចោទ​ប្រកាន់​របស់​លោក​ហ៊ុន សែន​ ដែល​បាន​ប្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​ថា​ លោក​សម រង្ស៊ី​ កំពុង​ដាក់​អន្ទាក់​រូបលោក​ឲ្យធ្លាក់​ក្នុងការ​ភ្នាល់​ ទៅលើ​ការដោះលែង​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​ទៅតាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧។​

លោក​ ​ហ៊ុន សែន​ ត្រូវ​បាន​អង្គភាព​ព័ត៌មាន​ ​Fresh News​ ​ស្រង់​ប្រសាសន៍​ដើម​របស់​លោក​ថា៖​

«យោង​តាម​ច្បាប់​ជា​ធរមាន​ទោះ​១០០០​ឆ្នាំ​ទៀត​ ក៏​មិន​អាច​កើត​បាន​ដែរ​ សម្រាប់​ ការ​លើក​លែង​ទោស​ឲ្យ​អ្នក​ដែល​មិន​មាន​ទោស​ ឬ​តុលាការ​មិន​ទាន់​កាត់​ឲ្យ​មាន​ទោស​ ឬកាត់ហើយ​តែ​សាលក្រម​មិន​ទាន់​ចូលជា​ស្ថាពរ​ កុំ​ថា​ឡើយ​ត្រឹម​សេះ​ដុះ​ស្នែង​។ តែ​មនុស្ស​ដែលចូល​ចិត្ត​វាយ​ប្រហារខ្ញុំគេអត់​ចេះ​ស្តាប់​ និង​សិក្សា​ពីសម្តី​ដែល​បង្កប់​ដោយ​ន័យ​នយោបាយ​និងផ្លូវ​ច្បាប់​ដែលខ្ញុំបាន​និយាយ​នោះ​ទេ ដូច​នេះ​ទើប​គេ​រៀប​អន្ទាក់​ដាក់​ខ្ញុំ​ ពេល​នេះ​គេ​ដើរ​ជាន់​អន្ទាក់​ខ្លួន​ឯង​ហើយ​។ ដោយ​សារ​ការ​ភ្នាល់​លើក​នេះ​ជា​ការ​ភ្នាល់​ដាក់​ជីវិត​ ​នយោបាយ​ ​ដែល​អ្នក​បបួល​ខ្ញុំភ្នាល់​គឺជា​ជន​ពាល​ខាង​នយោបាយ ដូច​នេះ​តម្រូវ​ឲ្យ​ខ្ញុំ​ត្រូវ​មាន​ភស្តុតាង​ ​និង​សូម​ស្នើ​ឲ្យ​មេធាវី​ខ្ញុំ​រក្សា​ទុក​ភស្តុតាង​នេះ​តាម​ផ្លូវ​ច្បាប់​»។​

​ លោក​ ​ហ៊ុន សែន​ ​បាន​ប្រាប់​អង្គភាព​ព័ត៌មាន​ Fresh News​ បន្ថែម​ថា​៖​

«ក្រុម​អ្នក​ច្បាប់​ និង​មេធាវី​ដែល​គាំទ្រ​ជន​ពាល​ខាង​នយោបាយ​ ត្រូវ​រៀន​ស្តាប់​សម្តី​របស់​ខ្ញុំ​ឲ្យ​ច្បាស់​ មុន​ធ្វើ​ការ​បក​ស្រាយ​ទាំង​មិន​ដឹង​ខ្យល់​អី​។ អ្នក​ឯង​មិន​ត្រឹម​តែ​ខ្វះ​សមត្ថភាព​ផ្នែក​ផ្លូវ​ច្បាប់​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​បុគ្គល​គ្មាន​កាយ​សម្បទារ​គ្រប់​គ្រាន់​ក្នុង​ការ​ស្តាប់​យល់​ ​និង​វិភាគឲ្យ​បានត្រឹម​ត្រូវ​នូវ​ភាសា​របស់​នាយក​រដ្ឋមន្ត្រី»។​

នៅ​មុន​ពេល​លោក​ ​ហ៊ុន សែន​ ធ្វើ​ការចោទ​ប្រកាន់​ថា លោក​ ​សម រង្ស៊ី​ ​ដែល​ជា​គូប្រជែង​នយោ​បាយ​ដ៏​សំខាន់​របស់លោក​បាន​រៀបចំអន្ទាក់​ដាក់​រូបលោកនោះ​ ​អតីតមេដឹកនាំគណបក្ស​ប្រឆាំង​លោកសម រង្ស៊ី​ ​បាន​ប្រើទំព័រហ្វេស​ប៊ុក​របស់​លោក​នៅថ្ងៃ​ពុធ​នេះ​ ​ដោយ​បាន​ចាត់​ទុក​លោក​ហ៊ុន សែន ​មាន​ស្មារតី​មិននឹងនរ​ ​និង​មិនមាន​ការ​ទទួល​ខុស​ត្រូវ។​

លោក​ ​សម រង្ស៊ី​ ​បាន​សរសេរ​ក្នុងទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៤​ ខែវិច្ឆិកានេះ​ថា៖​

«ក្រោយ​ពី​ហ៊ុន សែន​ ​បាន​សារភាព​ថា​ ខ្ញុំ​បាន​រុញ​គាត់​ "ឲ្យផ្ទប់ជញ្ជាំង" ហើយ "បង្ខំ" គាត់​ ​ព្រម​ទាំង​ធ្វើ​ឲ្យ​គាត់​ "គ្មាន​ជម្រើស​" ក្នុង​ការទទួល​ព្រម​ភ្នាល់​ជា​មួយ​ខ្ញុំ ​ពីព្រោះ​គាត់​មិន​ចង់​ឲ្យ​គេ​ថា​គាត់​ "កំសាក​ញី"​ ​យើង​ឃើញ​ច្បាស់​ហើយ​ពេល​នេះ​ថា​ ​ហ៊ុន សែន​ ​ជា​មនុស្ស​មាន​ចរិក​ដូច​កូន​ក្មេង​ គឺ​មិន​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ទេ​ ​ហើយ​មិន​សក្តិ​សម​ជា​នាយក​រដ្ឋ​មន្ត្រី​ឡើយ»។​

ក្នុងការ​អធិប្បាយ​របស់​លោក​ប្រឆាំង​នឹង​លោក​ ​ហ៊ុន សែន​ ​អំពីការ​ភ្នាល់​លើ​សេរីភាព​របស់​លោក​ ​កឹម សុខា​ ​ដដែល​នោះ​ ​លោក​ ​សម រង្ស៊ី​ ​ក៏​បាន​ទាញយកសម្រង់​សម្តីរបស់​លោក​ពីសារព័ត៌មាន​ ​Asia Times​ ​ដែល​លើក​ឡើងពីការ​រិះគន់​នានា​ ​ចំពោះ​ការណ៍ដែលលោក​បាន​បបួល​លោកហ៊ុន សែនមក​ភ្នាល់​ ទៅ​លើ​លទ្ធភាព​នៃការដោះលែង​លោក​ ​កឹម សុខា​ ​ដែល​លោកសម រង្ស៊ីស្មាន​ជាមុន​ថា​ អាច​នឹង​កើតមាន​ឡើង​នៅថ្ងៃទី​២៩ ខែធ្នូ ឬយ៉ាង​យូរបំផុត​នោះ​គឺនៅថ្ងៃ​ទី​៣ ខែ​មីនា​ ឆ្នាំ​២០១៩​នោះ។​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ​ ​បាន​សរសេរ​ថា៖​

«អ្នក​ដែលទិ​ទៀន​ខ្ញុំ​ ពី​រឿង​ភ្នាល់​ជា​មួយ​ ​ហ៊ុន សែន​ ​នេះ​ ជា​ មនុស្ស​មួយ​ក្តាប់​តូច​ទេ​ ដែល​បាន​ប្រតិកម្ម​ឆាប់ពេក​ ​ពីព្រោះ​ពួក​គេ​មិន​ទាន់​យល់​គ្រប់​ជ្រុង​ជ្រោយ ​ពីការភ្នាល់គ្នានេះ។ ពួកគេ​ជា​ក្រុមឯការ​ ​ដូច្នេះ​មិន​អាច​គិត​គូរ​ស៊ី​ជម្រៅ​ ហើយ​ក៏​មិន​អាច​ក្តាប់​ស្ថានការណ៍​បាន​ពេញលេញ​ឡើយ»។​

លោក​ ​សម រង្ស៊ី​ ​អះអាងថា​ ​លោក​ ​ហ៊ុន សែន​ ​កំពុងធ្លាក់​ក្នុង​អន្ទាក់​របស់​លោក។​

លោក​បាន​សរសេរ​បន្ថែម​ថា៖​

«ហ៊ុន សែន​ បាន​ធ្លាក់​ក្នុង​អន្ទាក់​របស់​ខ្ញុំ​ ពី​ព្រោះ​គាត់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ដោយ​ខ្លួន​គាត់ ថា​គាត់​ជា​ជនផ្តាច់​ការ​ ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ជា​ឧបករណ៍​នយោបាយ»។​

ក្រោយ​ពេល​លោក​ ​សម រង្ស៊ី​បបួល​លោក​ហ៊ុន សែន​ មកភ្នាល់​អំពី​ការ​ដោះ​លែង​លោក​កឹម សុខា​ ​ដែល​ពេល​នេះកំពុង​ស្ថិត​ក្នុងការ​ឃុំឃាំង​នៅក្នុង​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ ក្រុម​សហមេធាវី​ការ​ពារ​ក្តីលោក​កឹម សុខា​ ​បាន​បញ្ចេញ​ប្រតិកម្មធ្ងន់​ៗ​ទៅនឹង​ការ​ភ្នាល់​នេះ​ ដោយ​ក្រុម​សហស្មាក្តី​បានបង្ហាញការ​យល់​ឃើញ​របស់​ពួកគេថា​ ​«​ការដោះលែង​ ឬការ​លើក​លែង​បទ​ចោទ​ប្រកាន់​ ដើ​ម្បី​ឯកឧត្តម​ ​កឹម សុខា​ ​មាន​សេរីភាព​វិញ ​គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ​ ​មិនស្ថិតក្រោម​ល្បែង​ភ្នាល់​គ្នា​នេះ​ទេ។​ ​ផ្ទុយ​ទៅវិញ​ការ​ភ្នាល់​នេះ​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​ស៊ើបសួរ»។​

ក្រុម​សហ​មេធាវី​របស់​លោក​កឹម សុខា​ បាន​ថ្លែង​សង្កត់​ធ្ងន់ថា៖​

«ការ​យក​សេរីភាព​ ជា​ពិសេស​ គឺ​ឯក​ឧត្តម​កឹម សុខា​ ដែល​ជា​អ្នក​នយោបាយ​ផ្សា​ភ្ជាប់​ទៅ​នឹង​នយោ​បាយ​ជាតិ​មក​ភ្នាល់​ គឺធ្វើ​ឲ្យ​ជាតិ​កាន់​តែ​បែក​បាក់​ធ្ងន់​ធ្ងរ​ឈឺផ្សា​ថែម​ទៀត​។ យើង​ខ្ញុំ​សូម​ឲ្យ​អ្នក​នយោ​បាយ​ខ្មែរ​ប្រកាន់​នូវ​គុណ​ធម៌ សីលធម៌​ ជា​អ្នកនយោបាយ​ គំរូល្អ​សម្រាប់​ខ្មែរ​បន្តវេន​ជំនាន់​ក្រោយ​ៗ និង​សូមឲ្យ​ដង្ហែរ​តាម​ព្រះរាជ​បន្ទូល​ដ៏ត្រឹមត្រូវ​ នៃព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ព្រះបាទ​សម្តេច​ព្រះនរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃ​យើង​ កាល​ពី​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ ៩ វិច្ឆិកា​ ២០១៨​ ដែល​បាន​សូម​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​រួបរួម​គ្នា​ ក្រោម​ដំបូល​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​ជាតិ​ខ្មែរ​ខ្លាំង​ រឹងមាំ»។​

អ្នកស្រី​ម៉េង សុភារី​ មេធាវីការពារ​ក្តី​លោក​កឹម សុខា​ ប្រាប់​ VOA នៅថ្ងៃ​ពុធនេះថា​ ក្រុមមេធាវី​ការពារ​ក្តី​លោក​កឹម សុខា​ នៅជំទាស់​នឹង​ការប្រើ​ប្រាស់​ពាក្យពេចន៍​ ពាក់ព័ន្ធ​នឹង​ការ​ភ្នាល់​ណាមួយ​ទៅ​លើ​សេរីភាព​របស់​កូនក្តី​ គឺ​លោកកឹម សុខា​។

អ្នកស្រី​មេធាវីអះអាង​ថា​ ក្រុមស្មាក្តីលោកកឹម សុខា​ ក៏​មិនមែនជា​ឧបករណ៍ល្បែង​ភ្នាល់​របស់​ក្រុម​ណា​នោះ​ទេ​។

«យើង​ខ្ញុំ​មិន​មែន​ជា​គ្រាប់​អាប៉ោង​ ដែលគួរតែ​ត្រូវបានបង្វិល​ ក្នុងការ​ចាក់​ភ្នាល់ ក៏មិនមែន​ជា​បាល់​ ធ្វើការ​ ឲ្យ​អ្នកណា​បោះ​ចុះ​ បោះ​ឡើង​ដែរ​ ហើយ​ម្យ៉ាងវិញ​ទៀត​ អ្វីដែល​សំខាន់​នោះ​គឺថា​ ប៉ះពាល់​សិទ្ធិ​ដល់​កូនក្តី​របស់ខ្ញុំ​ ហើយ​មិនត្រឹម​ប៉ះពាល់​សិទ្ធិ​ទេ​ គឺប៉ះពាល់​ទៅដល់​នីតិវិធី​របស់​តុលាការ​ទៀត​ផង។ ដូច្នេះ​ហើយ​ ក្នុង[នាម​]យើង​ខ្ញុំ​ជា​មេធាវី​ដែល​ការពារ​សិទ្ធិ​ដល់​ឯកឧត្តម​កឹម សុខា​ យើង​ខ្ញុំ​យល់​ឃើញ​ថា​ អ្វីដែលមានការ​ប៉ះពាល់​សិទ្ធិកូនក្តី​យើង​ខ្ញុំ​ យើង​ខ្ញុំ​មានសិទ្ធិការពារ​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​កូនក្តីខ្ញុំ​ពីព្រោះ​ គាត់​ជា​អ្នក​ពឹងពាក់​យើង​ខ្ញុំ​សម្រាប់​ការពារ​គាត់​ គ្មានបុគ្គល​ ឬក៏ណាផ្សេង​ មកពឹងពាក់​យើង​ខ្ញុំ​ ក្នុងការ​ការ​ការពារ​ក្តីជូន​គាត់​ទេ»។

ទាក់​ទិន​ការ​ចោទប្រកាន់​របស់​លោកហ៊ុន​ សែន ដែល​ថ្លែងតាម​អង្គភាព​ព័ត៌មាន​ Fresh News អំពី​ក្រុម​អ្នក​ច្បាប់​ និង​មេធាវី​ដែល​គាំទ្រ​ជន​ពាល​ខាង​នយោបាយនោះ​ អ្នកស្រី​ម៉េង សុភារី​លើកឡើង​ថា ក្រុម​ស្មាក្តី​ការពារ​ក្តី​លោកកឹម សុខា​ គឺការពារ​តែក្តីក្តាំ​ឲ្យ​លោក​កឹម សុខា​តែប៉ុណ្ណោះ​ ហើយ​ថា​ក្រុម​ស្មាក្តី​មិនដែល​ ស្គាល់​ជនពាល​ខាង​នយោបាយ​ណា​ម្នាក់​នោះដែរ​។

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ ​ជិន ម៉ាលីន​ ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ ​តែ​មិនទាន់​អាច​ទាក់​ទង​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ពុធ​នេះ។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​លោក​ ​ផៃ ស៊ីផាន​ ​បានប្រាប់​អ្នកកាសែត​ កុំ​ឲ្យចាប់​អារម្មណ៍​នឹងពាក្យ​សម្តី​របស់​លោក​ ​សម រង្ស៊ី​ ​ដែលលោក​អះអាងថា​ កំពុងយក​សម្ពាធ​អន្តរជាតិ​លើ​រដ្ឋា​ភិបាល​ ​មក​បោក​បញ្ឆោត​មហាជន​ខ្មែរ។​ ​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ពុធនេះ​ថា៖​

«​អាភាសា​ហ្នឹង​ ភាសាដែល​សម រង្ស៊ីចង់​ប្រើ​ប្រាស់​ ​ ដើម្បី​ភូតភរ​មហាជន​និយាយ​អំពី​ យក​លទ្ធភាព​របស់​ ​EBA​ ​(ឋានៈ​អនុគ្រោះ​ពន្ធ​របស់សហភាព​អឺរ៉ុប) ​មកប្រឆាំង​រាជរដ្ឋាភិបាល​ មក​ដាក់​សម្ពាធ​ អាហ្នឹង​ចឹង​ឯង​ ដូច្នេះមិនមាន​ទេ នៅក្នុង​សាច់​រឿង​ហ្នឹង​ គ្មាន​នរណា​ មក​ដាក់​សម្ពាធ​លើ​តុលាការ​កម្ពុជា​ គ្មានអ្នកណា​មក​អាច​ដាក់​សម្ពាធ​លើ​ នាយក​រដ្ឋ​មន្ត្រី​ ដែល​លោក​ធ្វើការ​ ក្នុងកិច្ចការ​ពារ​អធិបតេយ្យ​ភាព​របស់​ខ្លួន ក្នុងការ​ពង្រឹង​នីតិរដ្ឋ​ អាហ្នឹង​ចឹង​ឯង។​ ​ដូច្នេះ​ ​ការ​លើកឡើង​ហ្នឹង​ ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​ ហើយ​ជាពិសេស​សំណូម​ពរ​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​ហ្នឹង​ កុំចាប់​អារម្មណ៍​ ដូច​សម រង្ស៊ី​ ដែល​យក​រឿង​មិនពិត​មក​តតាំង នៅក្នុង​សាច់​រឿង​ហ្នឹង​ ដូច​ជា​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ ​ដោយ​សារ​មិនដោះ​លែង​ ​កឹម សុខា​ ​អាហ្នឹង​ជាហួស​ពី​ស្រម៉ៃ ​ការណ៍​ពិតប្រាកដ​នោះ​ ដូចជា​អត់​មាន​ទេ»។​

យ៉ាង​ណា​ក៏ដោយ​ លោក​ ​ឡៅ ម៉ុងហៃ​ ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់​ ​VOA​ ​កាលពី​ពេល​ថ្មីៗ​នេះថា​ការភ្នាល់​របស់​លោក​នាយករដ្ឋមន្ត្រី ជាមួយ​លោក​ ​សម រង្ស៊ី​ ​គឺ​ជា​ការ​ភ្នាល់​ដែល​អសីលធម៌​ និង​មិន​សមជា​ថ្នាក់ដឹកនាំនោះ​ទេ។​ ​លោក​បន្ថែម​ថា តុលាការ​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុកថា​ស្ថិត​ក្រោម​គំនាប​របស់​រដ្ឋាភិបាល​ ​ដូច្នេះ​លោក​ថា​ ​ការ​ភ្នាល់​នេះ​ក៏​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការសម្រេច​របស់​តុលាការ​ផង​ដែរ។​

មាន​ការរិះគន់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ​ពីក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ និងសហគមន៍​អន្តរ​ជាតិ​ជាច្រើន​ ​នៅក្រោយ​ការ​ចាប់ខ្លួន​លោក កឹម សុខា យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ និង​ដោះ​លែង​ពី​ពន្ធនាគារ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ផ្ទះ។​ ​ក្រុមអ្នកវិះគន់​ទាំងនោះ​ បាន​ទាមទារ​ឲ្យ​មានការ​ទម្លាក់​ចោល​បទ​ចោទ​លើ​ ​លោក​ ​កឹម សុខា​ ​ដោយ​ឥត​លក្ខខណ្ឌ។​

អ្នកស្រី​រ៉ូណា ស្មីត​ ​(Rhona Smith) អ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ដែលទើបតែបាន​បញ្ចប់​ទស្សនកិច្ច​របស់​អ្នកស្រី​នៅកម្ពុជា​ថ្មីៗ​នេះ​ ក៏បាន​ អំពាវ​នាវ​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ កឹម សុខា​ ពី​ការ​ឃុំឃាំង​ដ៏​រឹត​ត្បិត​ និង​ បញ្ចប់​ការ​ស៊ើបអង្កេត ឱ្យ​បាន​ឆាប់​នៅ​ក្នុង​សំណុំ​រឿង​របស់​គាត់ ដើម្បីធានា​ពីសិទ្ធិ​របស់​គាត់​ក្នុង​ការ​ទទួល​បានការកាត់ក្តី​ប្រកប​ក្នុង​រយៈពេល​សមស្រប​មួយ​ ដោយ​ឈរ​លើ​ការ​វាយ​តម្លៃ​ពីភស្តុ​តាង​មួយ​ច្បាស់​លាស់​ ​និង​មាន​តម្លា​ភាព​ ឬ​បើ​មិន​ដូច្នេះ​ទេ​ ត្រូវ​ទម្លាក់​ចោល​នូវ​បទ​ចោទប្រកាន់ប្រឆាំងនឹងលោក៕

XS
SM
MD
LG