ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​នឹង​​សម្រួល​ការងារ​អ្នក​កាសែត​ពេល​ធ្វើ​សេចក្តី​រាយ​ការណ៍​ជុំវិញ​ការ​បោះឆ្នោត​​ក្រោយ​មាន​ ការ​លើក​ឡើង​ពី​ការ​រឹតត្បិត


កិច្ចពិភាក្សាស្តីអំពីក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងបញ្ហាប្រឈមរបស់អ្នករាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
កិច្ចពិភាក្សាស្តីអំពីក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងបញ្ហាប្រឈមរបស់អ្នករាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

មន្រ្តី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប.)​ ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ក្នុង​ដំណើរ​ការ​ឃោសនា ​និង​បោះឆ្នោត​នា​ខែ​កក្កដា​ ឆ្នាំ​២០២៣​ខាង​មុខ​ គ.ជ.ប​ ជំរុញ​ឱ្យ​អ្នកសារព័ត៌មាន​រាយការណ៍​ករណី​មាន​ការ​រឹតត្បិត​ទៅ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត ដើម្បីសម្រួល​ដល់​ការ​ចុះ​យក​ព័ត៌មាន​របស់​អ្នក​សារ​ព័ត៌មាន​ឱ្យ​បាន​ប្រសើរ​ជាង​មុន។

នៅ​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) ​បាន​រៀបចំ​វេទិកា​ប្រចាំ​ឆ្នាំ​លើក​ទី​២​ស្តីពី​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​តាម​ដាន និង​រាយ​ការណ៍​ព័ត៌មាន​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣។​

ក្នុង​វេទិកា​នោះ​ក៏​មាន​កិច្ច​ពិភាក្សា​ស្តី​អំពី​ក្រម​សីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​បញ្ហា​ប្រឈម​របស់​អ្នក​កាសែត​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ ​ដោយ​មាន​អ្នក​សារ​ព័ត៌មាន​អាជីព​ និង​អ្នក​សារព័ត៌មាន​ប្រជា​ពលរដ្ឋ​បាន​លើក​ឡើង​អំពី​បទ​ពិសោធន៍​ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​របស់​ពួក​គេ។​

អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​បាន​លើក​ឡើង​អំពី​ការ​រើស​អើង​ពី​សំណាក់​មន្រ្តី​អាជ្ញាធរ​ ហើយ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​អាជ្ញាធរ​បាន​ហាម​ឃាត់​ពួក​គេ​មិន​ឱ្យ​ថតរូប​ មិន​ឱ្យ​ថត​វីដេអូ ​និង​ហាម​មិន​ឱ្យ​ធ្វើ​បទ​សម្ភាសន៍​ពលរដ្ឋ​ក្នុង​បរិវេណ​មណ្ឌល​ និង​ការិយាល័យ​បោះឆ្នោត ​ហើយ​ករណី​ខ្លះ​មាន​ការ​សួរនាំ​អំពី​ការ​សម្ភាស​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​បោះឆ្នោត​ជាដើម។​

លោក អ៊ិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ថ្លែងក្នុងវេទិកាប្រចាំឆ្នាំលើកទី២ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ
លោក អ៊ិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ថ្លែងក្នុងវេទិកាប្រចាំឆ្នាំលើកទី២ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ

នាយក​នៃ​នាយកដ្ឋាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ លោក​ អ៊ិត សូធឿត ​លើក​ឡើង​ថា ក្នុង​អំឡុង​ការ​ចុះ​ឈ្មោះ ​ការ​ឃោសនា ​និង​ការ​បោះឆ្នោត​ ជារឿយៗ​លោក​តែង​សង្កេត​ឃើញ​ថា ​ការ​អនុវត្ត​នៅ​តាម​ទីតាំង​ការិយាល័យ​បោះឆ្នោត​ មាន​ស្តង់ដា​ខុសៗ​គ្នា​ ហើយ​អ្នក​សារ​ព័ត៌មាន​ជា​ញឹក​ញាប់​រង​នូវការ​ឃ្លាំ​មើល​ ​ការ​សួរ​នាំ ​ការ​ថត​រូបកាត​ និង​ថតរូប​អ្នក​សារ​ព័ត៌មាន​ពី​សំណាក់​អាជ្ញាធរ​ ព្រម​ទាំង​ករណី​រឹតត្បិត​ផ្សេងៗ​ទៀត។

លោក​បន្ថែម​ថា​ សកម្ម​ភាព​ទាំង​នេះ​ជា​ទម្រង់​នៃ​ការ​បំភិត​បំភ័យ​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​អ្នក​សារ​ព័ត៌មាន។​

លោក​និយាយ​ថា៖​ «វា​ប៉ះដល់​អារម្មណ៍​គាត់ ​គឺ​ជា​ទម្រង់​ស្រដៀង​គ្នា​នឹង​ករណី​មុន ​គឺ​ដូច​ជា​ការ​គំរាម​កំហែង»។​

លោក កន សាវាង្ស អ្នកសម្របបសម្រួលកម្មវិធីអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែលថ្លែងក្នុងវេទិកាប្រចាំឆ្នាំលើកទី២ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២
លោក កន សាវាង្ស អ្នកសម្របបសម្រួលកម្មវិធីអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែលថ្លែងក្នុងវេទិកាប្រចាំឆ្នាំលើកទី២ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២

លោក​ កន សាវាង្ស ​អ្នក​សម្រប​សម្រួល​កម្មវិធី​អង្កេត ​និង​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ គឺ​ខុមហ្វ្រែល​ថ្លែង​ថា ​ដើម្បី​ឱ្យ​ការ​បោះ​ឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​មាន​ភាព​ប្រសើរ​សម្រាប់​ការ​ផ្សាយ​ អ្នក​សារ​ព័ត៌មាន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​យក​ព័ត៌មាន​ក្នុង​ការិយាល័យ ​ដោយមិន​ចាំបាច់​មាន​ការ​ស្នើ​សុំ។​ លោក​ថា ​សម្រាប់​អ្នក​សារ​ព័ត៌មាន​ប្រជា​ពលរដ្ឋ ​ក៏​គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​យក​ព័ត៌មាន​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ ដូច​នឹង​អ្នក​សារ​ព័ត៌មាន​អាជីព​ដែរ។​

កម្ពុជា​តែង​តែ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដើម្បី​ជ្រើស​រើស​តំណាងរាស្រ្ត ​និង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នៅ​រៀង​រាល់​៥​ឆ្នាំ​ម្តង។ ហើយ​នៅ​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ខាង​មុខ​ កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​សម្រាប់​អាណត្តិ​ទី​៧។​

លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងក្នុងវេទិកាប្រចាំឆ្នាំលើកទី២ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបថត៖ កាន់ វិច្
លោក ម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងក្នុងវេទិកាប្រចាំឆ្នាំលើកទី២ស្តីពីតួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មានក្នុងដំណើរការបោះឆ្នោតជាតិឆ្នាំ២០២៣ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូបថត៖ កាន់ វិច្

អគ្គលេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប.)​លោក ​ម៉ុក ដារ៉ា​ លើក​ឡើង​ថា ​នៅ​ពេល​ដែល​ គ.ជ.ប.​ ចេញ​បណ្ណ​សម្រាប់​អ្នក​សារ​ព័ត៌មាន​អាជីព ​គឺ​មាន​ន័យ​ថា​អ្នក​សារ​ព័ត៌មាន​មាន​សិទ្ធិ​ក្នុង​ការ​ចូល​យក​ព័ត៌មាន​ក្នុង​ការិយាល័យ​បោះឆ្នោត​ ដោយ​មិន​មាន​ការ​ហាម​ឃាត់​ឡើយ។​ លោក​ថា​ ករណី​នៃ​ការ​ចូល​យក​ព័ត៌មាន​ក្នុង​ការិយាល័យ​បោះ​ឆ្នោត ​គឺ​ត្រូវ​ជូន​ដំណឹង​ទៅ​កាន់​ប្រធាន​ការិយាល័យ ​ និង​ត្រូវ​អនុវត្ត​តាម​ក្រម​សីលធម៌​របស់​អ្នក​សារ​ព័ត៌មាន។​

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នក​សារ​ព័ត៌មាន ​និង​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ទាក់​ទិន​ការ​រឹតត្បិត​មួយ​ចំនួន​នោះ លោក​ ម៉ុក ដារ៉ា​ បញ្ជាក់​ថា​ លោក​នឹង​នាំ​យក​បញ្ហា​នេះ​ទៅ​ក្រុម​ការងារ​របស់​ គ.ជ.ប.​ដើម្បី​ពិភាក្សា​ និង​ណែនាំ​ក្រុម​ការងារ​បន្ថែម។

លោក​ថ្លែង​ថា៖ ​«ក្នុង​ករណី​បើ​មាន​ដូច្នេះ​មែន​ យើង​ខ្ញុំ​ក្នុង​នាម​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​នឹង​យក​គោល​គំនិត​នេះ​នៅ​ការ​បោះឆ្នោត​នា​ឆ្នាំ​២០២៣​នេះ ​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ ​ក៏​ដូច​ជា​ការ​បង្ហាត់​បង្រៀន​ដល់​ក្រុម​ទាំង​ឡាយ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​របស់​យើង​គ្រប់​លំដាប់​ហ្នឹង​ ដើម្បី​ឱ្យ​លោក​បាន​ជ្រាប​ បាន​យល់​ដឹង​ឱ្យ​ច្បាស់​ អំពី​អ្វី​ដែល​ជា​នីតិវិធី​ អ្វី​ដែល​ជា​ក្រម​សីលធម៌​បាន​កំណត់»។​

បើ​តាម​មន្ត្រី​ជាន់ខ្ពស់​គ.ជ.ប.​រូប​នេះ​ ក្នុងករណី​ដែល​មាន​ការ​ហាម​ឃាត់​ការ​ចូល​យក​ព័ត៌មាន​ លោក​ជំរុញ​ឱ្យ​អ្នក​សារ​ព័ត៌មាន​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​អ្នក​នាំ​ពាក្យ ​និង​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។​

លោក​បន្ថែម​ថា៖​ «បើ​សិន​ជា​មាន​ករណី​ណា​មួយ​ដែល​មិន​ប្រក្រតី​ខុស​ទៅ​នឹង​បែប​បទ​ និង​នីតិវិធី​ ឬ​ក៏​ក្រម​សីលធម៌​នេះ​ គឺ​អ្នក​សារ​ព័ត៌មាន​ទាំង​អស់​ លោក​អាច​នឹង​ទំនាក់​ទំនង​មក​ គ.ជ.ប.​ ហើយ​ជា​ពិសេស​គឺ​ទំនាក់​ទំនង​ជាមួយ​អ្នក​នាំ​ពាក្យ​ គឺ​ឯកឧត្តម​ ហង្ស ពុទ្ធា ​តែ​ម្តង​ គឺ​លោក​អាច​ធ្វើ​អន្តរាគមន៍​ភ្លាមៗ​បាន ​ទាន់​ពេល​វេលា។​ បើ​មិន​ដូច្នេះ​ទេ ​ក៏​អាច​ទំនាក់​ទំនង​ទៅ​អគ្គលេខាធិការ​រៀបចំ​ការ​បោះឆ្នោត ​ដែល​មាន​ឯក​ឧត្តម ទេព នីថា ​ដែល​លោក​ជា​អ្នក​ប្រតិបត្តិ​ផ្ទាល់​ទៅ​លើ​ការងារ​ទាំង​អស់​នេះ»។​

ក្នុង​ចំណុច​ទី​៥​នៃ​ក្រម​សីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ ដែល​ចេញ​ដោយ​ គ.ជ.ប.​ ​ អ្នក​សារ​ព័ត៌មាន​អាច​ថត ​និង​យក​ព័ត៌មាន​អំពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះឆ្នោត ​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ ​និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត ​ការ​ឃោសនា​បោះឆ្នោត ​ការ​បោះឆ្នោត​ ការ​រាប់​សន្លឹកឆ្នោត​ ការ​បូក​សរុប​លទ្ធផល ​និង​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត។​

អ្នក​សារ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ដែល​មាន​បំណង​ថត​យក​រូបភាព​ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ​និង​ការិយាល័យ​បោះឆ្នោត ​និង​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ត្រូវ​ជម្រាប​ជូន​ដំណឹង​ទៅ​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត ​គណៈ​កម្មការ​ការិយាល័យ​បោះឆ្នោត​ និង​គណៈ​កម្មការ​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​ជា​មុន។ ​នេះ​បើ​តាម​ក្រម​សីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ដំណើរ​ការ​បោះឆ្នោត៕

XS
SM
MD
LG