ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្ត្រីម្នាក់ប្រើក្រមាធ្វើជាម៉ាស់ការពារ ខណៈបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ព័ត៌មានចុងក្រោយ៖ ពុំ​មាន​ករណី​ឆ្លង​វីរុស​ថ្មី​ជាង​២​សប្តាហ៍ ​ប៉ុន្តែ​ WHO ​ជំរុញ​​ឲ្យ​កម្ពុជា​បន្ត​​ប្រុង​ប្រយ័ត្ន​ខ្ពស់

វីរុសកូរ៉ូណា ឬកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយ កំពុងឆ្លងរាលដាលនៅបណ្តាប្រទេសជាង ១២០ ទូទាំងពិភពលោក។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា វីរុសនេះគឺជារោគរាតត្បាតសកល ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្លាំងពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងការតាមដាន ស្វែងរក ធ្វើតេស្ត ព្យាបាល និងប្រមូលផ្តុំប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើងនៃវីរុសកូរ៉ូណានេះ។ វីរុសកូរ៉ូណា ឬកូវីដ១៩ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩។ មកទល់ពេលនេះ វីរុសនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៧ពាន់នាក់ ហើយបណ្តាលឲ្យមនុស្សជាង ១៦ម៉ឺននាក់ឆ្លងវីរុសនេះ នៅទូទាំងពិភពលោក។

២០:១៦ ៣១.៣.២០២០

ក្រសួង​សុខាភិបាលកម្ពុជា៖ ការ​ធ្វើ​តេស្តវីរុស​កូរ៉ូណា​សរុប​ជាង​៤​ពាន់ ខណៈ​រក​ឃើញ​មនុស្ស​ផ្ទុក​វីរុស​សរុប​១០៩​ករណី

ភ្នំពេញ — មន្រ្តី​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា ​ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​មាន​ជាង​ ៤​ពាន់​នាក់ ​ហើយ​ក្នុង​នោះ​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​ប្រមាណ​ ១០០​ករណី​ រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ។​

ក្រសួង​សុខាភិបាល​បាន​ប្រកាស នៅ​ថ្ងៃ​អង្គារ​នេះថា​ មាន​ករណី​ថ្មី​ពីរ​ទៀត​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ខេត្ត​សៀមរាប​ ដែល​ជា​ម្តាយ​និងកូន។ បន្ថែម​ករណី​ថ្មី​ពីរ​នេះ​ ករណីឆ្លង​វីរុស​នេះ​សរុប​ទាំង​អស់​នៅ​កម្ពុជា​មាន​ចំនួន​ ១០៩​ករណី។​

នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​ដើម្បី​សាក​សួរ​ព័ត៌មាន​លោក​ លី សូវ៉ាន់ ​អ្នក​នាំពាក្យ​របស់​ក្រសួង​សុខាភិបាល​ បាន​បដិសេធ​មិន​ប្រាប់​ចំនួន​សរុប​នៃ​កំណើន​មនុស្ស​ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ទេ។​

លោក​បាន​ថ្លែង​ថា៖ «ចាំ​បាច់​ដឹង​រឿង​ហ្នឹង​ធ្វើ​អី?»​

លោក​បាន​ឲ្យ​អ្នក​សារ​ព័ត៌មាន​សរសេរ​ថា​ «មនុស្ស​រាប់​ពាន់​នាក់» ​ត្រូវ​បាន​ធ្វើ​តេស្ត​រក​វីរុស​នេះ។​

ប៉ុន្តែ​ក្រោយ​មក​អ្នក​នាំពាក្យ​រូប​នោះ​បាន​ប្រាប់​ VOA​ តាម​ប្រព័ន្ធ​តេលេក្រាម​ថា ចំនួន​មនុស្ស​សរុប​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ក្នុង​ប្រទេស​មាន​ចំនួន​ ៤១៥២​នាក់ ដោយ​រាប់​បញ្ចូល​ទាំង​ជន​បរទេស​ផង​ដែរ។ ប៉ុន្តែ​ លោក​ថា ​ចំនួន​នេះ​មិន​រាប់​បញ្ចូល​ការ​ធ្វើ​តេស្ត​អ្នក​ដំណើរ​នៅ​លើ​នាវា​កម្សាន្ត​អន្តរ​ជាតិ​ Westerdam​ ប្រមាណ​ ១៥៨០​នាក់​ និង​នាវា​ Dream World​ ចំនួន​ ៣៦​នាក់ ដែល​បាន​សុំចត​នៅ​ប្រទេស​កម្ពុជា​ កាល​ពី​កន្លង​ទៅ​ក្រោយ​មាន​ការ​បដិសេធ​ពី​ប្រទេស​ផ្សេង។​

លោក​ លី សូវ៉ាន់​ បន្ត​ថា ក្រសួងសុខាភិបាល​កម្ពុជា​ មាន​សម្ភារៈ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​តេស្ត។​

លោក​បាន​ប្រាប់​ VOA ​ថា៖​ «សម្ភារៈ​មន្ទីរ​ពិសោធន៍​ក៏​មិន​អី​ដែរ​ទាំង​ការ​ប្រមូល​យក​មក​ធ្វើ​តេស្តហើយ​នឹង​ធ្វើ​តេស្ត​ហ្នឹង​ គឺ​ទាន់​ហើយ។ ហើយ​យើង​ក៏​ត្រៀម​លក្ខណៈ​ហើយ​ ហើយបើ​សិន​មាន​ករណី​តម្រូវ​ការ​ធ្វើ​តេស្ត​ច្រើន​អី យើង​មាន​មន្ទីរ​ពិសោធន៍​ជា​ច្រើន​ទៀត​ ដើម្បី​ត្រៀម​លក្ខណៈ​ធ្វើ​តេស្ត»។​

លោក​បញ្ជាក់​បន្ថែម​ថា៖ «យើង​ធ្វើ​ជា​ជំហានៗប៉ុន្តែ​បច្ចុប្បន្ន​យើង​គាំទ្រ​បាន​ទាំង​អស់។​ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​ខេត្ត​រាជធានី​ហ្នឹង​ប្រមូល​វិភាគ​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ប្រាកដ​ថា​យើង​គ្មាន​ករណី​កើត​ឡើង​ក្នុង​សហគមន៍​របស់​យើង​ទេ»។​

អានព័ត៌មានលម្អិត

២២:២៧ ៣០.៣.២០២០

អាជីវករ​និង​អ្នក​រកស៊ី​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​នៅ​សៀមរាបបារម្ភ​អំពី​បំណុល ​ខណៈមាន​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា

អ្នកស្រី​ ឆយ យ៉ែម ភរិយាលោក ​ពិន ពៅ​ និយាយជាមួយ VOA​ នៅផ្ទះអ្នកស្រី​ក្នុង​សង្កាត់សម្បួរ ក្នុង​ក្រុង​សៀមរាប​ ថ្ងៃទី​ ១៧ ខែមីនា ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/VOA)
អ្នកស្រី​ ឆយ យ៉ែម ភរិយាលោក ​ពិន ពៅ​ និយាយជាមួយ VOA​ នៅផ្ទះអ្នកស្រី​ក្នុង​សង្កាត់សម្បួរ ក្នុង​ក្រុង​សៀមរាប​ ថ្ងៃទី​ ១៧ ខែមីនា ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/VOA)

ខេត្តសៀមរាប — ភាព​ភ័យខ្លាច​ពីលទ្ធភាព​គ្មាន​ប្រាក់​សង​បំណុល​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​បាន​ញាំញី​អារម្មណ៍​អាជីវករ​ និង​អ្នក​រក​ប្រាក់​ចំណូល​ពី​ឧស្សាហ​កម្ម​ទេសចរណ៍​ ដែល​ធ្លាប់​មាន​សកម្ម​ភាព​រស់​រវើក​ក្នុង​ទីក្រុង​នៃ​ប្រាង្គ​ប្រាសាទ​ ខេត្តសៀម​រាប។​

អ្នកស្រី ​ចក់ ភាព​ ជា​ស្ត្រី​មេមាយ​កូន​៥​នាក់​ បាន​ប្រកប​របរ​ជា​អ្នក​បុកល្ហុង​និង​លក់​គ្រឿង​ភេសជ្ជ:​នៅ​ក្បែរ​ប្រាសាទ​អង្គវត្ត​ជាយូរ​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពីអ្នកស្រី​ធំដឹង​ក្តី​លើ​ទឹកដី​ក្រុង​សៀមរាប។​

មុន​ពេល​មាន​បុរស​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា ឬ​កូវីដ១៩​ កាល​ពីដើម​ខែ​មីនា​ អ្នកស្រី ​ចក់​ ភាព ​វ័យ​៤៣ឆ្នាំ ​និយាយ​ថា​ ​អ្នកស្រីអាច​រក​បាន​ប្រាក់​ចំណូល​ប្រមាណ​ ១០០​ដុល្លារ​អាមេរិកក្នុង​មួយ​ថ្ងៃ។​

«ធ្លាប់​តែ​យើង​រក​មួយថ្ងៃ​បាន​សាមសិប សែ​សិប​ម៉ឺន ដល់​មួយ​ថ្ងៃ​នៅ​បី​ម៉ឺន​ បួន​ម៉ឺន ហូប​អីគ្រាន់​ ចា៎!»។​

ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី​ភាព​ដែល​រក​បាន​នោះ​ មិន​មែន​ប្រើប្រាស់​សម្រាប់​តែ​ចិញ្ចឹម​កូនៗ​នោះ​ទេ​ តែ​អ្នកស្រី​ត្រូវ​ដក​ទុក​ខ្លះ​សម្រាប់​សង​បំណុល​ប្រមាណ​១​លាន​២០​ម៉ឺន​រៀល​(ឬ​ប្រមាណ​៣០០​ដុល្លារ)​ដែល​អ្នកស្រី​បាន​ខ្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​វ៉ាយ​ស៊ី​ភី(YCP)​និង​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​មួយ​ទៀត​ដែល​អ្នកស្រីមិន​ចាំ​ឈ្មោះ​ច្បាស់។​

នៅ​ប្រាសាទ​អង្គរវត្ត​ បរិយាកាស​មាន​សភាព​ស្ងប់ស្ងាត់​ និង​មិន​សូវ​អ៊ូអរ​ខ្លាំង​ដូច​មុន​ឡើយ​ ដោយ ​យូរៗ​ម្តង​ ​មាន​ជន​បរទេស​ដែល​មក​ពី​តំបន់​អឺរ៉ុប​ និង​លោក​ខាងលិច ដើរ​ជាក្រុមៗ។​ ចំណែក​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិនដែល​ជា​អ្នក​មក​លេង​ខេត្ត​សៀមរាបច្រើន​ជាង​គេ​ ក៏​កម្រ​ឃើញ​ដើរ​លេង​នៅ​ក្នុង​តំបន់​ប្រាសាទ​ ដូច​កាល​ពី​ពេល​មិន​ទាន់​ផ្ទុះ​មេរោគ​កូរ៉ូណា ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រហូត​ដល់​រាប់​ម៉ឺន​នាក់​នៅ​លើ​ពិភព​លោក។​

ការលក់​ដូរ​របស់​អ្នកស្រី​ ចក់​ ភាព​ បាន​លុយ​តិច​តួច​ យ៉ាង​ត្រដាប​ត្រដួស​នៅ​ប្រាសាទ​អង្គរវត្ត បាន​ធ្វើ​ឲ្យ​ស្ត្រី​មេម៉ាយ​រូប​នេះ​ខ្វល់ខ្វាយ​អំពី​ការ​សង​បំណុល​ដែល​អ្នកស្រី​បាន​ប្រើប្រាស់​សម្រាប់​កែ​លំអ​លំនៅដ្ឋាន។ ​កាល​បរិច្ឆេទ​នៃការ​សង​បំណុល​បាន​ផុត​កំណត់​ទៅ​ហើយ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១០​ ខែ​មីនា​មក ​ហើយ​គាត់​មិន​បាន​សង​នោះ​ទេ។​អ្នកស្រី ​ភាព​ កំពុង​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​អន្តរាគមន៍​ពន្យារ​ពេល​ការ​សង​បំណុល​ពីពីរ​ទៅ​បីខែ​ គឺ​គិត​ចាប់ពី​ពេល​នេះ​ទៅ។​

«ដូចធ្លាប់​តែ​ដល់​ ដូច​ថា​ ដល់​ថ្ងៃ​ទី​១០​អី​ចេះ​ យើង​ត្រូវ​បង់​ឲ្យ​គេ​ ចា៎។​ ពេល​ថ្ងៃទី​១០​អី​ចេះ​ យើង​ខក​ខាន​លុយ។ វា​អត់​បង់​ឲ្យ​គេ...​បង្វិល​ឲ្យ​គេ​ទាន់​ទៅ។​ ដូចថា​ អ្ហ៊ឺ​ចុះ​ ឮ​សម្តេច​ស្រែក​ថា​ ពន្យារ​ផង​ធនាគារ​...​ពន្យារ​ពេល​យក​បីបួន​ខែ​ទៅ! ​អង្គការ​គេ​ថា ​អ្ហ៊ឺ​សម្តេច​លោក​គ្រាន់​តែ​ស្រែក​ តែបើ​លោក​អត់​បោះ​ត្រា​ឲ្យ​ធ្វើ​ម៉េច​ទៅ?​តែ​លោក​បោះត្រា​ឲ្យ​ និង​ស៊ីញ៉េ​ឲ្យ​បាន​គេ​អត់​យក...គេផ្អាក​ឲ្យ​យើង​បីបួន​ខែ​ ​គេថា»។​

កាល​ពី​ដើម​ខែ​មីនា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ស្នើឲ្យ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ពន្យារ​ពេល​ការ​បង់​ប្រាក់​ ឬក៏​គិត​ការ​ប្រាក់​សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​ ដែល​ប្រឈម​នឹង​ការព្យួរ​ការងារ​ នៅ​តាម​រោង​ចក្រ​ទូទាំង​ប្រទេស ​ដោយសារ​តែផល​ប៉ះពាល់​នៃ​មេរោគ​កូរ៉ូណា​មក​លើ​សេដ្ឋកិច្ច។​

ក្នុង​សារាចរ​ចុះ​ថ្ងៃ​ទី​២៧ ​ខែមីនា ​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ធនាគារ ​និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់ ​ពិនិត្យ​មើល​ភាព​អនុគ្រោះដល់​អតិថិជន​ដែល​រង​ប៉ះពាល់​ក្នុង​វិស័យ​ ទេសចរណ៍ ​វិស័យ​កាត់ដេរវិស័យ​សំណង់​ និង​វិស័យ​ដឹក​ជញ្ជូន ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​វីរុស​កូរ៉ូណា។​

ធនាគារជាតិ​នៃកម្ពុជាបាន​លើក​ឡើង​ពី​«ឥណទាន​រៀបចំ​ឡើង​វិញ»។​ បើតាម​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ឥណទាន​រៀបចំ​ឡើង​វិញ​ជាឥណទាន ​ដែល​លក្ខខណ្ឌ​នៃ​កិច្ច​សន្យា​ដើម​ត្រូវ​បាន​កែប្រែ​ដោយ​ផ្តល់​ការ​អនុគ្រោះ​ដល់​អតិថិជន​ ដែល​ជួប​ស្ថានភាព​លំបាក​ផែ្នក​ហិរញ្ញវត្ថុ​ជាក់​ស្តែង​ និង​បណ្តោះ​អាសន្ន។ ​

ឥណទាន​រៀបចំ​ឡើង​វិញនេះ​នឹង​ផ្តល់​ការ​អនុគ្រោះ​មួយ​ចំនួន​ដូច​ជា​ ការ​ពន្យារ​ពេល​ទូទាត់​សង​ប្រាក់​ដើម​ ឬ​ការ​ប្រាក់​ ឬ​ការ​ធ្វើ​មូលធន​កម្មការ​ប្រាក់ ​ការ​លើក​លែង​ ឬ​បន្ថយ​ទ្រព្យ​ធានា​ និង​ការ​ផ្តល់​រយៈ​ពេល​អនុគ្រោះ​ដោយ​គ្មាន​ការ​ទូទាត់​សង​ ដែល​អាច​មាន​រយៈពេល​រហូត​ដល់​៦​ខែ​ គិត​ចាប់​ពីថ្ងៃ​ប្រសិទ្ធ​ភាព​នៃ​កិច្ច​សន្យា​ថ្មី។​ ការ​រៀបចំ​ឥណទាន​ឡើង​វិញ​នេះ​នឹង​មាន​សុពល​ភាព​ត្រឹម​ថ្ងៃទី​៣១ ​ខែ​ធ្នូ​ ឆ្នាំ​២០២០។

អ្នកស្រី ​ចក់ ភាព​ បាន​ប្រាប់​ VOA​បន្ថែម​ថា​ គាត់​មិន​ស្ទាក់​ស្ទើរ​ចិត្ត​សង​បំណុល​ទេ ​ តែ​ស្ថានភាព​នៅ​ពេល​នេះ​ គឺពិបាក​ខ្លាំង​ណាស់​សម្រាប់​រក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ។ ​គាត់​បាន​ត្អូញត្អែរ​ថា ក្នុង​មួយ​ថ្ងៃ​គាត់​លក់​មិន​បាន​ផង ​សូម្បី​តែ​បុក​ល្ហុង​មួយ​ចាន។

«ប៉ះ​ថ្ងៃ​ណា​តែ​មួយ​ចាន​ មិន​ស្គាល់​ជាតិ​ផង!​ល្ហុង​មួយ​ផ្លែ​ខ្ញុំ​លក់​កន្លះ​ខែ​ មិន​ទាន់​អស់​ផង។​ ក្រូច​ទិញ​យក​មក​ស្វិត​ចោល។ ​លក់​វា​អត់​ដាច់។​ ក្រូច​មួយ​គីឡូ​ លក់​កន្លះ​ខែ​មិន​ទាន់​អស់​ផង»។​

អានព័ត៌មានលម្អិត

១៩:២៧ ៣០.៣.២០២០

កម្មករ​ប្រឈម​នឹង​អត់​ការងារ​ធ្វើ​ក្រោយ​មិន​មាន​ការ​បញ្ជា​ទិញ ​ដោយ​សារវីរុស​កូរ៉ូណា

រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរកំពុងធ្វើការនៅក្នុងរោងចក្រមួយដែលផ្គត់ផ្គង់ផលិតផលកាត់ដេរដល់ក្រុមហ៊ុន H&M នៅខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរកំពុងធ្វើការនៅក្នុងរោងចក្រមួយដែលផ្គត់ផ្គង់ផលិតផលកាត់ដេរដល់ក្រុមហ៊ុន H&M នៅខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

ភ្នំពេញ — រោងចក្រ​កាត់ដេរ​ជាច្រើន​នៅ​កម្ពុជា​នឹងត្រូវ​បិទ​ជា​បណ្តោះ​អាសន្ន ​រហូត​ដល់​ខែ​មិថុនា​ខាង​មុខ ​ដោយ​សារ​ក្រុមហ៊ុន​បរទេស​ឈប់​បញ្ជា​ទិញ​ខណៈពិភព​លោក​កំពុង​ប្រឈម​នឹងការ​រាតត្បាត​នៃ​មេរោគ​ផ្លូវ​ដង្ហើម​ថ្មី​កូវីដ-១៩។​ នេះ​បើ​តាម​អគ្គលេខា​ធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា។​

លោក​ ខេន លូ ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ ហៅ​កាត់​ថា​ GMAC​ ប្រាប់ ​VOA ​នៅ​ថ្ងៃ​ច័ន្ទនេះ​ថា ​រោងចក្រ​ទាំង​អស់​នៅ​កម្ពុជា​បាន​និង​កំពុងរង​ផលប៉ះពាល់​ដោយ​សារ​មេរោគ​កូវីដ-១៩​ ដែល​កំពុត​រាតត្បាតលើ​ពិភព​លោក។ ​លោក​បន្ត​ថា​ នា​ពេល​ថ្មីៗ​នេះ​ ក្រុម​ហ៊ុន​បញ្ជា​ទិញ​ជា​ច្រើន​បាន​សម្រេច​ផ្អាក​ការ​បញ្ជា​ទិញ​ភ្លាមៗ​ ដោយ​សារ​បញ្ហា​មេរោគ​កូវីដ-១៩។​

«ទៅ​មុខ​អាច​មាន​រោង​ចក្រ​ច្រើន​ដែល​អាច​ត្រូវ​តែ​ស្នើ​សុំ​ព្យួរ​ការងារ​មក​ពី​អ្នក​បញ្ជា​ទិញ​គេ​ឈប់​ទទួល​អីវ៉ាន់ពី​យើង។​ គេ​ផ្អាក។​ យើង​អត់​មាន​អីវ៉ាន់​នាំ​ចេញ។ ​យើង​អត់​មាន​ការងារ​ធ្វើ​ទេ ​ព្រោះ​អ្នក​បញ្ជា​ទិញ​អត់​ឲ្យ​យើង​ធ្វើ»។

លោក ​ខេន លូ ​បន្ថែមថា​ ផល​ប៉ះពាល់​នេះ​នឹង​ត្រូវ​បន្ត​រហូត​ដល់​ខែ​មិថុនា​ខាង​មុខ​ ​ប៉ុន្តែ​លោក​ថា​ លោក​មិន​ទាន់​អាច​បញ្ជាក់​អំពី​ចំនួន​តួលេខ​រោង​ចក្រ​ដែល​នឹង​អាច​បិទ​ជា​បណ្តោះ​អាសន្ន​ ​និង​ចំនួន​កម្មករ​ដែល​ត្រូវ​ព្យួរ ​ឬ​បញ្ឈប់​ពី​ការងារ​នៅ​ឡើយ។​

នៅ​ថ្ងៃ​ច័ន្ទ​នេះ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ថ្លែងក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​រដ្ឋ​សភា​ថា​ វិស័យ​ឧស្សាហ​កម្ម​កាត់ដេរ​កំពុង​រង​ផល​ប៉ះពាល់​ខ្លាំងពី​ឥទ្ធិពល​ជំងឺ​កូវីដ-១៩។ ​លោក​បន្ត​ថា​ រហូត​មក​ដល់​ពេល​នេះ​ ​មាន​រោង​ចក្រ​ចំនួន​ ៥០​ បាន​បិទ ដោយសារ​ខ្វះ​វត្ថុធាតុ​ដើម ​និង​រោងចក្រ​ចំនួន​ ៧​ ផ្សេង​ទៀត​បាន​បិទ​ដោយសារ​មិន​មាន​អ្នក​បញ្ជា​ទិញ។​

«ប្រាំពីរ​រោង​ចក្រ​ទៀត​ បិទ​ដោយ​ខ្វះ​អ្នក​បញ្ជា​ទិញ ​ដោយសារ​តែ​ប្រទេស​ខ្លះ​វា​ បិទ​ប្រទេស។ បើ​គេ​បិទ​ប្រទេស​ហើយ​ អ្ហែង​នាំទៅ​យ៉ាង​ម៉េច? ​នាំ​ទៅវា​មិន​បាន!​អ៊ីចឹងមាន​ហានិភ័យ​ឧស្សាហ​កម្ម​វាយន​ភណ្ឌ។ ​មិន​ថា​កម្ពុជា ​មិន​ថា​វៀតណាម​ មិន​ថា​ថៃ ​មិន​ថា​ បង់​ក្លាដេស ​ស្រីលង្កា​ ឥណ្ឌា ​ភូមា ឡាវ​ទេ ស៊ី​សង​ប្រាក់​ចំណូល​នៅ​អាមេរិក​ ប្រាក់​ចំណូល​នៅ​អឺរ៉ុប​វា​ធ្លាក់​ចុះ!»

អ្នកស្រី ​ចក់ សូត ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ QuantumClothing ​ដែល​ស្ថិត​នៅ​តំបន់​វេងស្រេង​ជាយក្រុងភ្នំពេញ​ បាន​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​អ្នកស្រីចាប់​ផ្តើម​ត្រូវ​បាន​ព្យួរ​ការងារ​នៅ​ថ្ងៃទី​៣០ខែមីនា​នេះ​ដោយ​សារ​រោង​ចក្រ​រង​ផល​ប៉ះពាល់​ពីការ​ផ្អាក​បញ្ជា​ទិញពី​បរទេស។​

អ្នកស្រី​បន្ថែម​ថា​ ​អ្នកស្រី​ធ្វើការបាន​ប្រាក់ខែ​ជាង​ ៣០០​ដុល្លារ ​ដោយ​បូក​បញ្ចូល​ទាំង​ការ​ថែម​ម៉ោង។​ប៉ុន្តែ​អ្នកស្រី​ថា ​ការ​ព្យួរ​ការងារ​នេះអ្នកស្រី​ទទួល​បាន​ ៤០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​រយៈ​ពេល​ពីរ​ខែ​នៃ​ការ​អត់​មាន​ការងារ​ធ្វើ។​ យ៉ាងណា​ក្តី​អ្នកស្រី​ថា ​ប្រាក់​ ២០​ភាគរយ​ដែល​រដ្ឋាភិបាល​សន្យា​ថា​នឹង​ផ្តល់​ឲ្យ​ពេល​ព្យួរ​ការងារ​ អ្នកស្រី​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ​ទេ។​

កម្មការិនី​ដែលមាន​កូន​ពីរ​ និងមាន​អាយុ ៤១​ឆ្នាំ​រូប​នេះ​បន្ថែមថា រោង​ចក្រ​ប្រាប់​ថា​ កម្មករ​អាច​ចូល​ធ្វើ​ការ​វិញ​នៅ​ចុង​ខែ​មេសា​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​ប្រសិន​បើស្ថានភាព​មេរោគ​នេះ​បាន​ប្រសើរ​ឡើង។​ ប៉ុន្តែ​អ្នកស្រីបារម្ភ​ថា រោង​ចក្រ​អាច​បិទ​ទ្វារ​រហូត​ ហើយ​អ្នកស្រី​ត្រូវ​បាត់​បង់​ការងារ​ទាំង​ស្រុង។​

អានព័ត៌មានលម្អិត

១៨:៥៧ ៣០.៣.២០២០

លោក ហ៊ុន សែន៖ ​ច្បាប់ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​នឹង​ត្រូវ​អនុម័ត​និង​ប្រកាស​ឲ្យ​ប្រើ​ជា​ប្រញាប់

ភ្នំពេញ — លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ប្រកាស​ថា​ រដ្ឋាភិបាល​របស់​លោក​បាន​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​មួយ​សម្រាប់​ការប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ​ដែល​នឹង​ត្រៀម​នៅ​ពេល​ណា​មួយ​ដែល​រដ្ឋាភិបាល​យល់​ថា​ ត្រូវ​ប្រើ​កម្លាំង​សន្តិសុខ​ដើម្បី​បង្ការ​ការ​រាត​ត្បាតវីរុស​កូរ៉ូណា។​

លោក​ ហ៊ុន សែន ​ប្រកាស​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ដែល​ធ្វើ​ឡើង​នៅ​រដ្ឋ​សភា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ​ដើម្បី​បង្ហាញ​វិធាន​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។ ​ករណី​វីរ៉ុស​កូរ៉ូណា​សរុប​នៅ​កម្ពុជាបាន​កើន​ឡើង​ទៅ​ដល់​១០៧​ ​ក្នុង​នោះ​៤​នាក់​ ត្រូវ​បាន​រក​ឃើញ​ថា​ ​ផ្ទុក​វីរុស នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក ​ហ៊ុន សែន ​បាន​ថ្លែង​ថា ច្បាប់​នេះនឹង​ត្រូវ​ដាក់​ទៅ​គណៈ​រដ្ឋមន្រ្តី​ដើម្បី​អនុម័ត​នៅ​សប្តាហ៍​នេះ​ ហើយ​នឹង​ត្រូវបញ្ជូន​ទៅ​រដ្ឋសភាដើម្បី​ពិនិត្យ ​និងប្រកាស​ប្រើប្រាស់​ជា​ប្រញាប់​ដោយ​ព្រះ​មហាក្សត្រ។​

លោក​បាន​ថ្លែង​ថា៖ «ឥឡូវ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ធ្វើ​រួច​រាល់​ហើយ។​ ខ្ញុំ​ដឹកនាំ​ការ​ប្រជុំគណៈ​រដ្ឋមន្រ្តី​អចិន្ត្រៃយ៍​ គណៈ​រដ្ឋមន្រ្តី ​នៅ​ថ្ងៃ​ស្អែក​ទី​៣១​នេះ​ ដើម្បី​ពិនិត្យ​មុន​ពេល​ដាក់​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​នៅ​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​នេះ​តែ​ម្តង»។​

ប៉ុន្តែ​លោក​ ហ៊ុន សែន​ ថា​ បើ​ទោះ​ជា​មាន​ច្បាប់​នេះ​ក៏​ដោយ​ ​រដ្ឋាភិបាល​របស់​លោក​មិន​ទាន់​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នោះ​ទេ ​ដោយ​លោក​ថា​ ​ប្រជាជន​នៅស្តាប់​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​នៅ​ឡើយ​ក្នុង​គោល​ដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា។​ លោកថា ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​មិន​ទំនង​ជា​កើត​មាន​ឡើង​ក្នុង​ពេល​នេះ​នោះ​ទេ។​

លោក​បាន​ថ្លែង​ថា៖ ​«បើ​ទោះ​មាន​ច្បាប់​ហើយ​ក្តី ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​ពុំ​មែន​ជា​លទ្ធភាព​ដែល​ត្រូវ​អនុវត្ត។ ​ខ្ញុំ​គ្រាន់​តែ​គិត​ថា​ នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​មាន​ក្នុង​ដៃ​ប៉ុណ្ណោះ​ នៅ​ពេល​សភាព​ការណ៍​មិន​អាច​ត្រួត​ត្រា​បាន យើង​អាច​នឹង​បញ្ចេញ​កង​ទ័ពក្រោម​ក្រប​ខណ្ឌ​នៃ​ច្បាប់​របប​អាជ្ញាសឹក»។​

លោក ​ហ៊ុន សែន ​បន្ត​ថា​ ​កន្លង​ទៅ​មិន​មាន​ច្បាប់​ណា​ដែលហាម​ឃាត់​ការ​ជួប​ជុំ​គ្នា​មិន​ឲ្យ​លើស​ពី​៣​នាក់​ ឬ​៥នាក់​នោះ​ទេ តែ​រដ្ឋាភិបាល​របស់​លោក​គ្រាន់​តែ​អង្វរក​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​ជួប​ជុំ ​តែ​ប៉ុណ្ណោះ ​ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា។​

អានព័ត៌មានលម្អិត

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG