ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ហ៊ុន​បញ្ជា​ទិញ​ធំៗ​ចំនួន​២០​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​តប​ពី​ការ​ប្រឈម​នឹង​ការ​បាត់​បង់​ EBA និង​ GSP


រូបឯកសារ៖ ហាងលក់សម្លៀកបំពាក់ Gap នៅលើវិថី Fifth Avenue ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។

នៅ​សប្តាហ៍​នេះ ក្រុម​ហ៊ុន​អន្តរជាតិ​ធំៗ​ចំនួន​២០​ ​ដែល​ជា​អ្នក​បញ្ជា​ទិញ​ទំនិញ​ផ្នែក​កាត់​ដេរ​ពី​កម្ពុជា​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ដោយ​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​នាំ​ចេញ​ទៅ​អឺរ៉ុប​ និង​អាមេរិក។

ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​២០ ​ដែល​បញ្ជា​ទិញ​ទំនិញវាយនភណ្ឌ​ពី​កម្ពុជាចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​តប​នឹងលក្ខខណ្ឌ​ទាមទារ​របស់​សហភាព​អឺរ៉ុប ដែល​មាន​ការលើកស្ទួយ​ស្ថាន​ភាព​ការងារនិង​សិទ្ធិ​មនុស្ស ដើម្បី​រក្សា​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា។​

លិខិត​មួយ​ច្បាប់​ដែល​ក្រុម​ហ៊ុន​អន្តរជាតិ​ទាំង​នេះ​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​ ២ ​ខែ​ឧសភា​នេះ ​បាន​ឲ្យដឹង​ថា ​ក្រុម​ហ៊ុន​ទាំង​នេះ​ ​ដែល​បញ្ជា​ទិញ​ទំនិញ​ផ្នែក​កាត់ដេរ​ និង​ទំនិញ​ជា​សម្ភារៈ​សម្រាប់​ការ​ធ្វើ​ដំណើរ ដូច​ជា​កាបូប ​វ៉ាលិស​ជាដើម​នោះ បារម្ភ​អំពី​គម្រោង​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ពី​កម្ពុជា។​

ក្នុង​លិខិត​ដែលសរសេរ​ជា​ភាសា​អង់គ្លេស​នោះ ​ពួកគេ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា៖​

«នា​ពេល​ថ្មីៗ​នេះ ​សហភាព​អឺរ៉ុប​បាន​ប្រកាស​សេចក្តី​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​ (EBA)​ របស់​កម្ពុជា។​

សមាជិក​សភា​អាមេរិក​បាន​ដាក់​ចេញ​សេចក្តី​ព្រាង​ច្បាប់​មួយ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ពិនិត្យ​មើល​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP)​ សម្រាប់កម្ពុជា​ដោយផ្អែក​លើ​ការ​ថយ​ចុះ​ការ​គោរព​បទដ្ឋាន​ការងារ ​រួម​ទាំង​សេរីភាព​ខាង​សមាគម និង​បញ្ហា​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​ការ​គោរព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា»។​

ក្រុម​ហ៊ុន​ទាំង​ ២០​ នោះ​ មាន​ដូចជា​ក្រុមហ៊ុន​ Adidas, Nike, Gap ​និង​ក្រុមហ៊ុន​ Levi ​ជា​ដើម ​ដែល​ជា​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ទំនិញ​ផ្នែក​វាយនភណ្ឌ ដូចជា​សម្លៀក​បំពាក់ ​ស្បែក​ជើង​ និង​ទំនិញ​ជា​សម្ភារៈ​សម្រាប់​ការ​ធ្វើ​ដំណើរ ដូច​ជា​កាបូប ​វ៉ាលិស​ជាដើម គិតជាទឹក​ប្រាក់​ប្រមាណ​ជា​ ៩,៥ ​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​អ្នក​ផ្គត់ផ្គង់​នៅ​កម្ពុជា។​ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​លិខិត​របស់​ពួក​គេ។​

រូបឯកសារ៖ ក្រុមកម្មកររោងចក្រ​ ធ្វើដំណើរ​ទៅផ្ទះ​ ក្រោយ​ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាចមួយ ឯ​ជាយ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ ក្រុមកម្មកររោងចក្រ​ ធ្វើដំណើរ​ទៅផ្ទះ​ ក្រោយ​ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាចមួយ ឯ​ជាយ​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ខាន់ សុគុំមនោ/VOA)

ពួក​គេ​បាន​បន្ថែម​ក្នុង​លិខិត​នោះ​ថា ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​តាម​រយៈ​ការ​បញ្ជា​ទិញ​របស់​ពួក​គេ​ មាន​ទំហំ​ប្រមាណ​ជា​ ៤៣ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP)​ ​របស់​កម្ពុជា។​

នេះ​មិនមែន​ជា​លើកទី​មួយ​ទេ​ដែល​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ធំៗ​ទាំង​នេះ​បង្ហាញ​ពី​កង្វល់​ និង​ស្នើ​សូម​ឲ្យ​មាន​ដំណោះ​ស្រាយ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​នេះ។​

ពួក​គេ​បន្ថែម​ថា ​ការ​បារម្ភ ​និង​អនុសាសន៍​របស់​ពួកគេ​ជា​ច្រើន​ដែល​ផ្តល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជានា​ពេល​កន្លង​ទៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តបនៅ​ឡើយ។​

ពួក​គេ​បញ្ជាក់​តាម​ន័យ​ដើម​ថា៖​

«ប្រសិន​បើ​អនុវត្តតាម​អនុសាសន៍នោះ ​វា​អាច​បង្ហាញ​ពី​វឌ្ឍនភាព​ពិត​ប្រាកដ​ឆ្ពោះ​ទៅ​រក​ការ​គោរព​សហជីព​ និង​សង្គម​ស៊ីវិល​និង​រក្សា​ផល​ប្រយោជន៍​ពាណិជ្ជ​កម្ម​របស់​កម្ពុជា។ ​មក​ដល់​ពេល​នេះ​ យើង​មិនទទួល​បាន​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​នោះ​ទេ។​ យើង​រង់ចាំ​ស្តាប់​ការ​ឆ្លើយ​តប​ពី​អ្នក​ ហើយ​ធ្វើការ​ជាមួយ​អ្នក​ដើម្បី​ធានា​នូវ​អនាគត​ដ៏​ភ្លឺ​ស្វាង​សម្រាប់​កម្មករ​កម្ពុជា ​និង​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល»។​

ការ​បង្ហាញ​ក្តី​បារម្ភ​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ​ទាំង​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពីគណៈ​កម្មការ​សហភាព​អឺរ៉ុប​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៩​ នេះប្រកាស​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការ​ ដែល​អាច​ឈាន​ទៅ​ដក​ហូត​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ។​

លោក​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ប្រាប់ ​VOA ​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ពាក់ព័ន្ធ​នឹង​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក។ ​លោក​ថា ​ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំង​នោះ​មិន​គួរ​មាន​ការ​បារម្ភ​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«ផល​ប៉ះពាល់​តិច​ណាស់​ទៅ​លើ​គាត់ ​ក៏​ដូចជា​ផល​ប៉ះពាល់​តិច​ណាស់​ទៅ​លើ​កម្មករ។​ ទោះបី​ជា​បាត់បង់​ EBA ​ហ្នឹង​យ៉ាង​ណា​ក៏​ដោយ​ ពីព្រោះ​យើង​បាន​ត្រៀម​លក្ខណៈ​និង​វិធានគ្រប់​បែប​យ៉ាង​ក្នុង​ការ​ដោះ​ស្រាយ​នេះ​ឯង​ រក្សា​ និង​តម្កល់​ការចំណេញ​របស់​គាត់»។​

យ៉ាង​ណាក្តី​ ​លោក​ផៃ ស៊ីផាន​ មិន​បញ្ជាក់​ថា ​តើ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​រក្សា​ផល​ចំណេញ​សម្រាប់​អ្នក​វិនិយោគ ទប់​ទល់​នឹង​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងនោះ​មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ។

ការ​ព្រមាន​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះធ្វើ​ឡើង​ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​ បាន​ឈ្នះ​អាសនៈ​ទាំង​អស់ចំនួន​ ១២៥​ ក្នុង​ការ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨​ ​ក្រោយ​ពី​តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ហាម​ឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន​ ១១៨ រូប​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ​៥ ឆ្នាំ។​ ចំណែក​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ​ការ​រឹតត្បិត​លើ​សារ​ព័ត៌មាន​ឯករាជ្យ​ ​ព្រម​ទាំង​ការ​រឹតត្បិត​ក្រុម​សំឡេង​ប្រឆាំង​ ​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​មានការ​ព្រមាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ និង​ការ​រិះគន់​ផង​ដែរ។​

លោក​ ​George​ ​Edgar​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ ​តាម​រយៈ​សារ​អេឡិចត្រូនិច​ ​ឬ​អ៊ីមែល​ថា​ សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដែល​នាំឱ្យ​មាននីតិវិធី​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​អនុគ្រោះ​ពន្ធ​ EBA​ ពី​កម្ពុជា។ ​លោកបន្ត​ថា ​ការ​ព្រួយ​បារម្ភ​ទាំង​នេះ​ផ្តោត​លើ​វិស័យ​សំខាន់​បី​គឺ​សិទ្ធិ​នយោបាយ​ និង​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សង្គម​ស៊ីវិល ​បញ្ហា​ពលកម្ម ​និង​សេរីភាព​ខាង​សមាគម ​សហជីព​និង​ការ​ព្រួយ​បារម្ភ​លើ​សម្បទាន​ដី​សេដ្ឋ​កិច្ច ​ជា​ពិសេស​ក្នុង​វិស័យ​ស្ករ​ស។

លោក​ George Edgar​ បន្ថែម​ថា​ ព្រឹត្តិ​ការណ៍​សំខាន់ៗ​ក្នុង​ឆ្នាំ​ ២០១៧​ និង​ ២០១៨ ​គឺ​ជា​ជំហាន​ដ៏​សំខាន់​ដែល​បញ្ជាក់​ថា ​កម្ពុជា​មិន​បាន​គោរព​តាម​គោល​ការណ៍​ច្បាប់​អន្តរជាតិ​ទេ។

លោក​បញ្ជាក់​តាម​ន័យ​ដើម​ថា៖​

«ក្តី​សង្ឃឹម​របស់​សហភាព​អឺរ៉ុប​គឺ​ចង់ឃើញ​វិធានការ​ចាំបាច់​នានា​ក្នុង​ប្រទេស​កម្ពុជា​ដើម្បីដោះ​ស្រាយ​ការ​ព្រួយ​បារម្ភ​ ដែលនាំ​ឱ្យ​មានដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះ។​ ដូច្នេះ​ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ EBA​ សម្រាប់កម្ពុជា​នឹង​លែង​មាន​បញ្ហា​ទៀត​ហើយ។​ ការ​ផ្អាក​ការ​អនុគ្រោះ​ពន្ធគឺ​ជា​វិធាន​ការ​ចុង​ក្រោយ​ប៉ុណ្ណោះ»។

ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ ​ក្រោម​កម្មវិធី​គ្រប់​មុខ​ទំនិញ​លើក​លែង​គ្រឿង​សព្វាវុធ​ (EBA) ​ត្រូវ​បាន​សហភាព​អឺរ៉ុប​បង្កើត​ឡើង​កាលពី​ឆ្នាំ​ ២០០១​ ​ដោយ​មាន​ការ​ព្រម​ព្រៀង​ថា​ ​រដ្ឋ​សមាជិក​ត្រូវ​គោរព​តាម​ការ​ទាម​ទារ​របស់​សហគមន៍​អឺរ៉ុប​ ដែល​ក្នុង​នោះ​មាន​ការគោរព​សិទ្ធិ​មនុស្ស​ ​និង​សេរីភាព​ជា​មូលដ្ឋាន។

ការ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី​ «រាល់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍» ឬ (EBA)​បាន​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជិត​ ៧០០ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ហើយ​តាម​រយៈ​កម្មវិធី GSP​ កម្ពុជា​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហរដ្ឋ​អាមេរិក​ចំនួន​ ៤០០​ លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៧​ ដោយ​មិន​បង់​ពន្ធគយ។​

កម្មករ​ជិត​ ១​លាន​នាក់​នៅ​កម្ពុជា​ពឹង​ផ្អែក​លើ​វិស័យ​វាយនភណ្ឌ និង​ផលិត​ផល​ផ្សេង​ទៀត​ ​ដែល​រក​ចំណូល​ជាង​ ៥​ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ​ដោយ​សារ​តែ​ការ​នាំ​ចេញ​ផលិត​ផល​ទៅ​ទីផ្សារ​អឺរ៉ុប។​ ​វិស័យ​ឧស្សាហ​កម្ម​នេះ​គឺ​ជា​វិស័យ​សំខាន់​មួយ​ក្នុងចំណោម​វិស័យ​ចំនួន​ ៤ ដែល​ទ្រទ្រង់​សេដ្ឋ​កិច្ច​កម្ពុជា​ ​បន្ទាប់​ពី​វិស័យ​កសិកម្ម​ ​សំណង់ និង​ទេសចរណ៍។

ក្រុម​សហជីព​ ​អ្នក​ឃ្លាំ​មើល​សង្គម​ និង​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កម្មករ​ជា​ច្រើន​បាន​លើក​ឡើង​ជា​បន្ត​បន្ទាប់​ពី​ការ​ព្រួយ​បារម្ភ​ និង​ផល​ប៉ះពាល់​ថា​ ​កម្ពុជា​អាច​ប្រឈម​នឹងវិបត្តិ​សេដ្ឋ​កិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ ​ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​ដក​ចេញ​ពី​កម្ពុជា។

ក្រៅ​ពី​អ្នក​ឃ្លាំ​មើល​សង្គម​ ​និង​អ្នក​ធ្វើការ​ការពារ​សិទ្ធិ​កម្មករ​ ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ ​GMAC​ ​ដែល​តំណាង​ឲ្យ​ក្រុម​អ្នក​នាំ​ចេញ​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​ក៏​បាន​បង្ហាញ​ពី​ការ​បារម្ភ​របស់​ខ្លួន​ពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ នេះ​ដែរ។​

ចំណែក​ធនាគារ​ពិភព​លោក​ក៏​បាន​ព្រមាន​នា​ពេល​កន្លង​ទៅ​ថា​ ​សេដ្ឋ​កិច្ច​កម្ពុជា​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ ប្រសិន​បើ​កម្ពុជា​បាត់បង់ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ ប្រសិន​បើ​សេដ្ឋ​កិច្ច​ប្រទេស​ចិន​ធ្លាក់​ចុះ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG