ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន​ ​ស្តី​បន្ទោស​ពលរដ្ឋ​ចំពោះ​ការ​ប្រើប្រាស់​បន្លែ​និង​ទំនិញ​មាន​សារធាតុ​គីមី​ពី​បរទេស


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ស្តី​បន្ទោស​ប្រជា​ពលរដ្ឋ​ដែល​តែង​ប្រើ​ប្រាស់​ទំនិញ​ ​ឬ​បន្លែ​ដែល​មាន​សារធាតុ​គីមី​ ​ដោយ​មិន​ព្រម​ត្រួត​ពិនិត្យ​ដោយ​ខ្លួន​ឯង​ ​តែ​បែរ​បន្ទោស​រដ្ឋាភិបាល។​ ​អ្នក​ជំនាញ​ ​និង​អ្នកឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា​ ​ការ​លើកឡើង​នេះ​បង្ហាញ​ថា​ រដ្ឋាភិបាល​ខ្វះ​ការ​ទទួល​ខុសត្រូវ​ ​ហើយ​ថា ​រដ្ឋាភិបាល​មាន​តួនាទី​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​ ​និង​ការ​ផលិតផល​ទាំង​នោះ​ ​មិន​ត្រូវ​បន្ទោស​ប្រជា​ពលរដ្ឋ​ដែល​គ្មាន​ចំណេះ​ដឹង​លើ​សុវត្ថិភាពចំណី​អាហារ​នោះ​ទេ។​ ​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ​ ​ទៅ​លើ​ប្រជា​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​បន្លែ​ដែល​មាន​ផ្ទុក​សារជាតិ​គីមី​ពី​បរទេស​ ​មុន​នឹង​ស្តី​បន្ទោស​រដ្ឋាភិបាល​របស់​លោក​ចំពោះ​ការ​នាំ​ចូល​ទំនិញ​ទាំង​នោះ។​ ​លោក​ ​ហ៊ុន សែន​ ​ក៏​ជំរុញ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​ឈប់​ប្រើប្រាស់​អាហារ ​ដែល​មាន​ជាតិ​គីមី​ ​ដើម្បី​បញ្ឈប់​ចរាចរណ៍​បន្លែ​គីមី​នៅ​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សណ្ឋាគារ​សុខា​ ខេត្ត​សៀមរាប​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​ ​បាន​លើក​ឡើង​ថា​ ​លោក​តែងតែ​ឮ​សំណូមពរ​របស់​ក្រុម​ប្រជា​ពលរដ្ឋ ស្នើ​កុំ​ឲ្យ​នាំ​ចូល​អាហារ​ដែល​មាន​ជាតិ​គីមី​ ​ឬ​ទប់​ស្កាត់​អ្នក​ដាំ​បន្លែ​ ​ដែល​ប្រើ​គីមី​ច្រើន​ ​ក៏​ប៉ុន្តែ​លោក​ថា​ ​ប្រជា​ពលរដ្ឋ​ត្រូវ​មើល​ខ្លួន​ឯង​ដែល​ជា​អ្នក​ទិញ​ ​មិន​ត្រូវ​បន្ទោស​រដ្ឋាភិបាល​នោះ​ទេ។​

«សំណូម​ពរ​ខ្លះ​ដូចជា​ជ្រុល​ពេក​ហើយ​ទេ​ដឹង​អី?​ ​ក្រែង​ទៅ​ទិញ​ ​ទៅទិញ​ខ្លួន​ឯង។​ ស្លរ​ ​ស្លរ​ខ្លួន​ឯង​ ហើយ​ចុះ​ម៉េច​ក៏​មក​បន្ទោស​រដ្ឋាភិបាល​តែ​មួយ​មុខ?​ ​បើ​អា​ហ្នឹង​ជា​របស់​រដ្ឋាភិបាល​យក​ទៅ​ចែក​ ​ឬ​ស្លរ​ហើយ​យក​ទៅ​ចែក​ចុះ​ ​អា​ហ្នឹង​ចាំ​បន្ទោស។​ ​ប៉ុន្តែ​នេះ​ ​ទៅ​ផ្សារ​មើល​ហើយ​ស្ពៃ​ហ្នឹង​ ​មើល​ហើយ​ ​បន្លែ​បង្កា​ហ្នឹង។​ ​ហើយ​ចុះ​បើ​ឃើញ​ជាតិ​គីមី​អីចឹង​កុំ​ទិញ​ទៅ!»​

លោក​ ​ហ៊ុន សែន​ ​ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ពហិការ​ឈប់​ប្រើប្រាស់​បន្លែ​គីមី​ ​ដើម្បី​បញ្ឈប់​ការ​នាំចូល​បន្លែ​គីមី​ទាំងនោះ​ ​និង​ត្រូវ​ជំរុញ​ការ​ដាំដុះ​ដោយ​ខ្លួន​ឯង​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ឡើង​វិញ។​

កន្លង​មក​គេ​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ ​និង​តាម​រយៈ​សារ​ព័ត៌មាន​មួយ​ចំនួន​ ​ពី​ការ​នាំ​ចូល​ទំនិញ​ ​និង​បន្លែ​ ​សាច់​ដែល​មាន​សារធាតុ​គីមី​ ​ធ្វើ​ឲ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព។​ ​ក្នុង​នោះ​មាន​ដូចជា​ ​គ្រឿង​សមុទ្រ​ ​ជ្រូក​ក្រហម​នាំចូល​ពី​ប្រទេស​វៀតណាម​ ​និង​ថៃ​ ​បន្លែ​ដែល​ប្រើប្រាស់​សារ​ធាតុ​គីមី​ដើម្បី​ធ្វើ​ឲ្យ​ចំណីអាហារ​ទាំងនេះ​មើល​ទៅ​ឃើញ​ដូច​នៅ​ស្រស់​ ​ព្រមទាំង​ផលិតផល​ដែល​ផ្ទុក​សារ​ជាតិ​គីមី​ផ្សេងៗ​ជា​ច្រើន​ទៀត។​

បរិមាណ​បន្លែ​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ​មាន​ចំនួន​ប្រមាណ​ជិត​១​លាន​តោន​ ​ក្នុង​នោះ​មាន​ការ​ផ្គត់​ផ្គង់​បន្លែ​ក្នុង​ស្រុក​៤៤​ភាគរយ​ ​និង​បន្លែ​នាំ​ចូល​៥៦​ភាគរយ។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អង្គការ​ស្បៀង​អាហារ​ ​និង​កសិកម្ម​ពិភព​លោក​ ​ឬ​ហៅ​កាត់​ថា​ FAO។​ ​ការ​សិក្សាស្រាវជ្រាវ​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា​ ​បន្លែ​ប្រមាណ​២០០​ ​ទៅ​ ​៤០០​តោន​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ក្បែរ​ខាង ​មក​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​មួយ​ថ្ងៃៗ។​

ជា​មួយ​នោះ​ដែរ សារព័ត៌មាន​ក្នុង​ស្រុក​ ​ដែល​ស្រង់​សម្តី​ ​លោក​ ​វេង សាខុន​ ​រដ្ឋមន្ត្រី​នៃ​ក្រសួង​កសិកម្ម​ ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ ​ឲ្យដឹង​ថា​ ​ក្នុង​ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំ​ចូល​បន្លែ​ ​សាច់​ពី​ប្រទេស​ផ្សេងៗ​ គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា​ ​៣០០​លាន​ដុល្លារ​អាមេរិក។​

រូបឯកសារ៖ អ្នក​លក់​បន្លែ​ស្រស់​នៅ​ផ្សារកណ្តាល​ក្នុង​រាជធានីភ្នំពេញ។
រូបឯកសារ៖ អ្នក​លក់​បន្លែ​ស្រស់​នៅ​ផ្សារកណ្តាល​ក្នុង​រាជធានីភ្នំពេញ។

លោក​ ​ស ម៉ូរ៉ា​ ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​ ​និង​សេវា​កម្ម​កម្ពុជា​ ​ប្រាប់​ ​VOA​ ​ថា​ ​ការ​ដែល​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ បន្ទាស​ពលរដ្ឋ​របស់​លោក​ ​ហើយមិនដោះស្រាយ​នូវ​បញ្ហា​នោះ​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​គ្មាន​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល។ ​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​ទប់​ស្កាត់​ការ​នាំចូល​ ​និង​ការ​ផលិត​បន្លែ​គីមី​ទាំង​នោះ​ ​មិន​មែន​បន្ទោស​ប្រជា​ពលរដ្ឋដែល​មិន​មាន​ចំណេះ​ដឹង​ក្នុង​ការ​ត្រួត​ពិនិត្យ​ទំនិញ​នោះ​ទេ។​

លោក​ ស ម៉ូរ៉ា​ ​បញ្ជាក់​ថា៖​

«ប្រជា​ពលរដ្ឋ​គាត់​ម៉េចដឹង​ថា​ អាហ្នឹង​វាហូរ​ចូល​មក​របៀប​ម៉េច​ ​អីយ៉ាង​ម៉េច?​ ​អីចឹង​អាហ្នឹង​ហើយ​ដែល​កាល​ណា​គាត់​លើក​ឡើង ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​ជា​អ្នក​ទិញ​ផលិត​ផល​ដែល​ខូច​គុណភាព ​គីមី ​ហើយ​នាំ​គ្នា​ឈប់​ទិញ​អី​ហ្នឹង​ សំខាន់​ប្រជា​ពលរដ្ឋ​មិន​ដឹង។ ​ហើយ​ក្នុង​នាម​គាត់​ជា​អ្នក​ដឹកនាំ​ ​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ ព្រោះ​រដ្ឋាភិបាល​ហ្នឹង​គឺជា​អ្នក​ទទួល​ពន្ធ​ពី​ពលរដ្ឋ ​ដើម្បី​យក​ទៅ​ចាត់​ចែង​ពិនិត្យ​ការងារ​អស់​ហ្នឹង​ ហើយ​ទៅ​បន្ទោស​ពលរដ្ឋ​វិញ ​ខ្ញុំ​គិត​ថា​ វា​គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​សោក​ស្តាយ​ដែរ»។​

ចំណែក​លោក​ ​សម វិទូ​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេដាក​ ​(CEDAC)​ ​លើក​ឡើង​ថា​ ​ភាគ​ច្រើន​នៃ​បន្លែ​ដែល​កំពុង​ចែក​ចាយ​លើ​ទីផ្សារ​កម្ពុជា​គឺ​មាន​ផ្ទុក​សារធាតុ​គីមី​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់​ធ្ងរ​គឺ​ផល​ប៉ះពាល់​ក្នុង​រយៈពេល​ខ្លី​ ​និង​រយៈពេល​វែង​ ​រហូត​ឈាន​ដល់​បាត់​បង់​ជីវិត​ក៏​មាន។​ ​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ផ្នែក​ច្បាប់​ ​បង្កើន​ការ​ត្រួត​ពិនិត្យ​ ​និង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ប្រើប្រាស់​ ​និង​ផលិត​ឲ្យ​បាន​ត្រឹមត្រូវ។​

នាយក​អង្គការ​ដែល​មាន​ជំនាញ​ផ្នែក​កសិកម្ម​រូប​នេះ​បន្ថែម​ថា៖​

«ឲ្យ​ភ្នាក់ងារ​ផ្សព្វ​ផ្សាយ​ហ្នឹង​ចុះ​ផ្សព្វ​ផ្សាយ​ដល់​កសិករ​ទាក់ទង​នឹង​ការ​ប្រើប្រាស់​សារធាតុ​គីមី​លើ​បន្លែ​ ​ឬ​ផ្លែឈើ​ ​បណ្តុះ​បណ្តាល​គាត់​ហើយ​ផ្តល់​នូវ​វិធានការ​សំខាន់ៗ​ឲ្យ​គាត់​ផលិត​យ៉ាង​ម៉េច​កុំ​ប្រើប្រាស់​សារធាតុ​គីមី។​ ​ហើយ​ពេល​ដែល​ផលិត​ផល​ចរាចរ​លើ​ទី​ផ្សារ​ហើយ​ ​ត្រូវ​តែ​មាន​ភ្នាក់ងារ​ ​ដូច​ក្រសួង​ពាណិជ្ជកម្ម​ ​ខាង​កាំកុងត្រូល​ គាត់​បាន​ធ្វើ​អីចឹង​ ​គឺ​ត្រូវ​ចុះ​ត្រួត​ពិនិត្យ​តាម​ទីផ្សារ​ហ្នឹង»។​

កាលពី​ពាក់​កណ្តាល​ខែ​សីហា​ ​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​ ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​ ​អំពី​ទីតាំង​ផលិត​ ​សកម្មភាព​ ​ឬ​ផលិត​ផល​ក្លែងក្លាយ​នានា​ ​ដែល​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​សុខភាព​ ​និង​សុវត្ថិភាព​សង្គម​ ​ដើម្បី​ឲ្យ​សមត្ថ​កិច្ច​អាច​ចាត់​វិធានការ​លើ​ជន​ល្មើស​បាន​ទាន់​ពេល។

បើ​តាម​លោក​ ​មៀច សុផាន់ណា ​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែង​ក្លាយ ​ឲ្យ​ដឹង​ថា​ ​រយៈពេល​៧ខែ​ ​ក្នុង​ឆ្នាំ​២០១៧​ ​សមត្ថកិច្ច​បាន​ផ្អាក​ការ​ចែកចាយ​ផលិតផល​មួយ​ចំនួន​ក្នុង​ទីផ្សារ​ ​ប្រមាណ​ជា​ជិត​២០០​តោន។​ ​ក្នុង​នោះ​មាន​ផលិតផល​ថ្នាំពេទ្យ​ ​គ្រឿង​សម្អាង​ ​និង​ផលិត​ផល​អាហារ​ជា​ដើម​ ​ដែល​ផលិត​ផល​ក្លែង​ក្លាយ​មួយ​ចំនួន​ ​អាច​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ ​និង​ប៉ះពាល់​សុខភាព​រយៈពេល​យូរ​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG