ភ្នំពេញ៖ ទឹកភ្លៀងបានជន់លិចតំបន់ជាច្រើននៅតាមខេត្តនានានៃប្រទេសកម្ពុជា ប៉ុន្ដែមន្ដ្រីផ្លូវការកម្ពុជានៅមិនទាន់ប្រកាសពីតុល្យការនៃការប៉ះពាល់ដោយទឹកជំនន់នេះនៅឡើយទេ។
នៅថ្ងៃអង្គារនេះ យ៉ាងហោចណាស់នៅតាមតំបន់មួយចំនួននៃប្រទេសកម្ពុជា ដូចជា ទីរួមខេត្តសៀមរាប តំបន់ជាប់ដងស្ទឹងខេត្តពោធិ៍សាត់ ទីរួមខេត្តឧត្តមានជ័យ កំណាត់ផ្លូវក្នុងខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តកណ្ដាល កំពុងស្ថិតក្នុងជំនន់ទឹកភ្លៀង បន្ទាប់ពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃបន្តបន្ទាប់ជាប់ៗគ្នា។
នៅលើផ្លូវជាតិលេខ២ ចម្ងាយជាង៣០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តតាកែវ កំណាត់ផ្លូវចម្ងាយប្រមាណជាពីរគីឡូម៉ែត្រ បានគ្របដណ្ដប់ទៅដោយផ្ទៃទឹកដែលរថយន្ដមួយចំនួន រួមទាំងម៉ូតូផង មិនអាចបើកបរឆ្លងកាត់បាន។ រីឯឯកសារមួយចំនួនក្នុងតុលាការខេត្តកណ្ដាលត្រូវលិចកប់ក្នុងទឹក និងអាចប្រឈមនឹងការខូចខាត នេះបើផ្អែកតាមប្រភពពីក្រុមមន្ដ្រីអាជ្ញាធរ និងមន្ដ្រីផ្លូវការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្ដ្រីកាកបាទក្រហមកម្ពុជា។
លោកអ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយរបស់កាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា ទឹកជំនន់នៅតាមបណ្ដាខេត្តទាំងនេះ មិនទាន់បានបង្កឲ្យមានគ្រោះថ្នាក់ណាមួយ ឬបង្កឲ្យមានការព្រួយបារម្ភនៅឡើយ។ លោកបន្តថា៖
«នៅឧត្តមានជ័យ នៅស្ទឹងត្រែងឥឡូវ បានទឹកគ្រាន់បំពេញអាងទន្លេមេគង្គបានបន្ដិចដែរ។ ហើយក្រចេះ ទឹកវារើបឡើង ប៉ុន្ដែអស់ភ្លៀងស្រកទៅវិញ។ នៅពោធិ៍សាត់ មាត់ស្ទឹងពោធិ៍សាត់ ឡើងប្រៀប ប៉ុន្ដែដល់មេឃស្រឡះអស់ភ្លៀងហើយ ស្រកវិញហើយ។ អត់មានបញ្ហាទេ»។
ក្រសួងធនធានទឹក និងឧតុនិយមកាលពីម្សិលមិញ បានព្រមានពីគ្រោះទឹកជំនន់អាចកើតមាននៅក្នុងខេត្តមួយចំនួន ដូចជាខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ព្រៃវែង និងខេត្តស្វាយរៀង រួមទាំងខេត្តនៅតាមតំបន់ឆ្នេរ ដោយសារតែភ្លៀងធ្លាក់យ៉ាងច្រើន។ ភ្លៀងនឹងបន្ដយ៉ាងហោចណាស់ចាប់ពីថ្ងៃទី១០ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែតុលានេះ។ ក្រសួងធនធានទឹកបានព្រមានឲ្យ ក្រុមអាជ្ញាធរ និងប្រជាពលរដ្ឋធ្វើការប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ជាយថាហេតុណាមួយ។
មកទល់ល្ងាចថ្ងៃអង្គារនេះ ភ្លៀងនៅតែបន្ដនៅតាមតំបន់ខ្លះក្នុងទីក្រុងភ្នំពេញ និងនៅតាមខេត្តដែលកំពុងទទួលរងគ្រោះទឹកជំនន់ខាងលើ។
លោក អ៊ុយ សំអាត បានឲ្យដឹងថា បើតាមព័ត៌មានតាមបណ្ដាញអ៊ីនធ័រណែត ភ្លៀងនឹងថយឥទ្ធិពលនៅរសៀលថ្ងៃពុធស្អែកនេះ។
លោកកែវ វី នាយខុទ្ទកាល័យ និងជាអនុប្រធានយកដ្ឋានព័ត៌មានរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា រហូតមកទល់ពេលនេះ ផ្លូវថ្នល់មួយចំនួនអាចខូចខាតខ្លះដោយសារតែទឹកជំនន់ ក៏ប៉ុន្ដែវាលស្រែដែលកំពុងលិចលង់ទំនងជានឹងមិនខូចខាតនោះទេ។ លោកបន្តថា៖
“គ្រាន់តែលិចតាមផ្លូវ លិចវាលស្រែ ប៉ុន្ដែជំនន់ទឹកភ្លៀងវាមិនប៉ះពាល់ស្រែអ្វីទេ ហើយបញ្ហាបង្កគ្រោះថ្នាក់មានតែនៅ កំពង់សោមមួយទេ ដែលថា មានប៉ះពាល់ដល់ទេសចរណ៍ ប៉ះពាល់ដល់ទូក (លិច)នោះ»។
យ៉ាងណាក៏ដោយ ពុំទាន់មានរបាយការណ៍ពីផលប៉ះពាល់ធ្ងន់ធ្ងរណាមួយដោយសារជំនន់ទឹកភ្លៀងនេះនៅឡើយទេ។ កាលពីថ្ងៃអាទិត្យ ភ្លៀងព្យុះធំមួយបានបោកបក់លើក្រុងព្រះសីហនុ។ ហើយបានបណ្ដាលឲ្យមានការខូចខាតមួយចំនួន។ យោងតាមលោកតាក់ វុត្ថា ស្នងការប៉ូលីសខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃនេះថា ទូកចំនួនបី បានលិចបាត់ចូលក្នុងសមុទ្រមិនទាន់រកឃើញនៅឡើយ។ ដោយឡែករបាយការណ៍ចុងក្រោយបង្ហាញថា មិនមានប្រជាពលរដ្ឋណាម្នាក់បាត់ខ្លួននៅក្នុងឧប្បត្តិហេតុធម្មជាតិនេះទេ៕