ជនជាតិដើមភាគតិចនៅភូមិភាគឦសាននៃប្រទេសកម្ពុជាព្រួយបារម្ភអំពីការ
បាត់បង់ព្រៃឈើ
ដោយរួមទាំងព្រៃជំនឿរបស់ពួកគេផងដែរ
ដោយសារតែការ
ផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន។ប៉ុន្តែអាជ្ញាធរខេត្តអះអាងថា
ប្រជាពលរដ្ឋខ្លួនឯងជាអ្នកកាប់បំផ្លាញព្រៃឈើ។
នៅតាមផ្លូវធ្វើដំណើរពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តរតនៈគីរី
គេអាចមើលឃើញ
ព្រៃឈើដ៏ស្រស់ត្រកាលដុះអមសងខាងផ្លូវ។
ប៉ុន្តែបើគេចុះពីផ្លូវទៅឲ្យហួសពី
ព្រៃឈើដែលដុះនៅអមសងខាងផ្លូវនេះប្រមាណជា២គីឡូម៉ែត្រ
គេឃើញតែ
វាលដែលមានតែស្មៅនិងរុក្ខជាតិព្រៃតូចៗដុះពាសវាលពាសកាលទៅវិញ។
លោកកែវ ម៉ីបកំពុងដើរតាមផ្លូវដីក្រហមតូចមួយក្រោមកំដៅថ្ងៃពេលម៉ោងប្រ-
មាណជា១២ថ្ងៃត្រង់ តម្រង់ឆ្ពោះទៅទីវាលដែលមើលទៅវែងឆ្ងាយដាច់កន្ទុយ
ភ្នែកនេះ។
បុរសវ័យ៣៩ឆ្នាំ ជាជនជាតិព្នងនៅក្នុងភូមិក្បាលរមាស ស្រុកសេសាន ខេត្ត
ស្ទឹងត្រែងរូបនេះបានអះអាងថា
ទីវាលដែលមានប្រវែងរាប់ពាន់ហិកតានេះគឺ
ជាដីដាំកូនកៅស៊ូរបស់ក្រុមហ៊ុនឯកជនមួយ ដែលទទួលបានដីសម្បទានសេដ្ឋ
កិច្ចពីរដ្ឋាភិបាល។ប៉ុន្តែលោកថា ក្រុមហ៊ុននោះបានបោះបង់ដំណាំកៅស៊ូរបស់
គេចោលក្រោយពីបានកាប់រានឈូសឆាយនិងប្រមូលឈើល្អៗចេញពីព្រៃអស់
ហើយនោះ។
លោក កែវ ម៉ីប
ដើរបណ្តើរ និយាយបណ្តើរថា
ជនជាតិព្នងរបស់លោកពឹង
អាស្រ័យនឹងព្រៃឈើដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ
ដូច្នេះលោកថា ការ
បាត់បង់ព្រៃឈើនេះគឺដូចជាការបាត់បង់ប្រាក់ចំណូលសំរាប់ជនជាតិភាគតិច
របស់លោកដូច្នោះដែរ។
“ទីមួយវាបាត់បង់មុខរបររកស៊ីដូចជារុករកផល
អនុផលព្រៃឈើអញ្ចឹង ទៅរក
កន្លែងណា
បើវាអស់ព្រៃហើយ
មួយទៀតវាប៉ះពាល់ជាមួយដីក្រុមហ៊ុន
យើង
ងាកចេញមកក្រៅមក ដីក្រុមហ៊ុនអស់ហើយ
អញ្ចឹងយើងមានដីកន្លែងណាដី
តិចតួចហ្នឹងមិនគ្រប់គ្រាន់ផង
កូនចៅជំនាន់ក្រោយកាន់តែកើនឡើងៗ”។
ក្រុមអ្នកភូមិអះអាងថាពួកគេតែងតែឮថា ក្រុមហ៊ុនដែលទទួលបានដីសម្បទាន
សេដ្ឋកិច្ចនឹងដាំដើមកៅស៊ូ ឬ ដំណាំកសិឧស្សាហកម្មផ្សេងទៀត នៅលើដីព្រៃ
ដែលក្រុមហ៊ុនទាំងនោះបានឈូសឆាយ ប៉ុន្តែកន្លងមកគេឃើញតែក្រុមហ៊ុនមក
កាប់ឈូសឆាយព្រៃឈើ
រួចហើយប្រមូលឈើល្អប្រណិតចេញទៅអស់ដោយ
មិនខ្វល់នឹងថែទាំដំណាំរបស់ពួកគេឡើយ។
“គេដាំកៅស៊ូឃើញដាំ ប៉ុន្តែអត់ថែ
គេចូលកាប់ឈើយកទៅ
ប្រើអាស្អីដៃ យើង
នោះអាអ៊ិច អាប៊ុល គេយកឈើធ្នង់
អាត្រង់ៗយកទាំងអស់តាំងពី២តឹកឡើង
ទៅ
អាត្រង់ៗយកទាំងអស់ ឡានអីអាវែងៗ
អាយីឌុបក៏មាន”។
លោក ជឿម គា
មេភូមិក្បាលរមាសបានមានប្រសាសន៍ថា
ប្រជាពលរដ្ឋចំនួន
១២០គ្រួសារនៅក្នុងភូមិរបស់លោកដែលសុទ្ធតែជាជនជាតិព្នងស្ទើរតែទាំងអស់
នោះ
បានសម្តែងក្តីព្រួយបារម្ភ
ចំពោះការបាត់បង់ព្រៃជំនឿរបស់ពួកគេដោយ
សារតែការកាប់និងឈូសឆាយព្រៃឈើដោយឈ្មួញទុច្ចរិត និង ក្រុមហ៊ុន ដែល
ទទួលបានដីសម្បទានពីរដ្ឋាភិបាលមួយចំនួននោះ។
ការបាត់បង់ព្រៃជំនឿត្រូវបានលោក
ជឿម គា ពន្យល់ថាអាចនឹងធ្វើឱ្យដូនតា
ឬអារុក្ខអារ័ក្សអ្នកតាថែរក្សាព្រៃភ្នំខឹងសម្បារ
ហើយនឹងធ្វើទុក្ខបុកម្នេញមកលើ
ជនជាតិដើមភាគតិចរបស់លោកដូចជាបង្កឲ្យមានគ្រោះទុរភិក្សឬជម្ងឺអាសន្ន
រោគផ្សេងៗជាដើម។
“ព្រៃជំនឿ
ឧទាហរណ៍ថាតំបន់កន្លែងសក្តិសិទ្ធិចុះ
បើសិនជាមកឈូសឆាយ
ដូចជាក្រុមហ៊ុនធ្វើ
ឬគាស់កកាយអីហ្នឹង
វាអាចធ្វើឱ្យធ្វើទុក្ខដល់យើងអ្នកភូមិ
ថា យើងទៅរុកទៅរានតំបន់របស់គេ
វាអាចមានគ្រោះថ្នាក់គ្រោះដល់អ្នកភូមិ
ដូចអ្នកភូមិចាស់អញ្ចឹងស្រ្តីមានផ្ទៃពោះ កូនកើតម៉ោ
ងាប់ កើតម៉ោងាប់ ជាង
២០នាក់”។
ប្រជាជនភាគច្រើនជាពិសេសអ្នកដែលរស់នៅតាមបណ្តោយទន្លេសេសាននិង
ស្រែពកនៅក្នុងខេត្តស្ទឹងត្រែងនិងខេត្តរតនៈគីរីគឺជាជនជាតិដើមភាគតិច ដែល
មានជំនឿទៅលើអារុក្ខអារ័ក្សអ្នកតា។
ជនជាតិដើមភាគតិចទាំងនេះ មានដូច
ជាជនជាតិព្នង ចារាយ កាចក ព្រៅ តាវែត គ្រឹង
លននិងទំពួន ជាដើម។
ពួក
គេរស់នៅពឹងផ្អែកទៅលើធនធានធម្មជាតិជាពិសេសគឺផល និងអនុផលព្រៃ
ឈើតែម្តង។
ថ្លែងនៅឯពិធីជួបជុំគ្នាមួយរបស់តំណាងសហគមន៍ជនជាតិដើមភាគតិចដែល
គេរៀបចំឡើងកាលពីសប្តាហ៍មុននៅក្នុងខេត្តរតនៈគីរីនេះ
លោករមាមទែន មក
ពីសហគមន៍ភូមិត្រណង
ឃុំតាឡាវ ក្នុងស្រុកអណ្តូងមាសខេត្តរតនៈគីរី បាន
មានប្រសាសន៍ថា
ប្រជាសហគមន៍របស់លោកកំពុងភ័យព្រួយអំពីការបាត់បង់
ព្រៃឈើដែលជាអាយុជីវិតរបស់ជនជាតិដើមរបស់លោកដោយសារតែការឈូស
ឆាយដីព្រៃដោយក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច។
“ចំការវិលជុំក៏អស់
ស្រែក៏អស់គេថាដីសម្បទានសេដ្ឋកិច្ច
វិនិយោគដាំជាដំណាំ
កសិកម្ម កសិឧស្សាហកម្ម
ចុះប្រជាពលរដ្ឋយើងខ្ញុំរស់នៅតទៅទៀតយ៉ាងម៉ិច
បាន? ក្នុងឆាកជីវិតយើងខ្ញុំ
ជាអ្នករស់នៅអាស្រ័យផលទៅលើធម្មជាតិព្រៃឈើ
ពីព្រោះតំបន់ចុងកាត់មាត់ញកពឹងផ្អែកទៅលើបរិស្ថានព្រៃភ្នំក្រំថ្មហ្នឹងហើយរស់
នៅពឹងតែប៉ុណ្ណឹង
ចុះបើអស់អាហ្នឹងហើយពួកខ្ញុំមានន័យថាអស់ជីវិត”។
ក្នុងចំណោមព្រៃឈើប្រមាណជា៨០ភាគរយដែលគ្រប់ដណ្តប់លើផ្ទៃដីជាង១
ម៉ឺនគីឡូម៉ែត្រក្រឡារបស់ខេត្តរតនៈគីរីនេះ
យ៉ាងហោចណាស់ក៏មាន៣ម៉ឺន
ហិកតាដែរ ដែលត្រូវបានកាប់បំផ្លាញដោយខុសច្បាប់ នេះបើយោងតាមលោក
ប៉ែនប៊ុណ្ណារ៍អតីតអ្នកសម្របសម្រួលសមាគមន៍អាដហុកប្រចាំខេត្តរតនៈគីរី
នេះ។
លោក ប៉ែន
ប៊ុណ្ណារ៏ បន្ថែមថា បើគិតពីឆ្នាំ២០០៤
នៅពេលដែលមានការកាប់
ព្រៃឈើយ៉ាងអាណាធិបតេយ្យនៅក្នុងខេត្តនេះមក
យ៉ាងហោចណាស់ក៏មាន
រណាយន្តចំនួន១៥០០គ្រឿងដែរ ដែលកំពុងប្រតិបត្តិការអារឈើដោយខុស
ច្បាប់នោះ។
លោកប៉ែន ប៊ុណ្ណារ៏
ដែលទើបនឹងត្រូវបានគេផ្លាស់ចេញពីខេត្តរតនៈគីរីកាលពី
ពេលថ្មីៗនេះក៏បាន
មានប្រសាសន៍ប្រាប់ VOA
តាមទូរស័ព្ទដែរថា
រហូតមក
ពេលនេះក្រុមហ៊ុនឯកជនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅក្នុងខេត្ត
រតនៈគីរីនេះមានចំនួន៧។
ក្រុមហ៊ុនទាំងនេះធ្វើវិនិយោគទុកលើ
ដំណាំកៅស៊ូ
ប៉ុន្តែលោកប៉ុណ្ណារ៍បញ្ជាក់ថា
ភាគច្រើនពុំបានបំពេញតាមកិច្ចព្រមព្រៀងសម្ប
ទានរបស់ខ្លួនឡើយ។
ថ្លែងទៅកាន់តំណាងសហគមន៍ជនជាតិដើមភាគតិចជាង២០០នាក់ ដែលមក
សម្តែងក្តីព្រួយបារម្ភ
របស់ពួកគេនោះ លោក ម៉ុម សារឿន
អភិបាលរងខេត្ត
រតនៈគីរីបានមានប្រសាសន៍ថា
ការកាប់ឈូសឆាយព្រៃឈើដោយក្រុមហ៊ុន
ដែលទទួលបានសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនោះ មិនបានបង្កផលប៉ះពាល់
ធ្ងន់ធ្ងរដល់ធនធានធម្មជាតិខ្លាំងពេកនោះទេ។
“គេវិនិយោគ
គេធ្វើហ្នឹងហើយគេដាំកៅស៊ូទៅ
វាបានបរិស្ថានវិញមិនបាត់បង់
ទាំងស្រុងទេ
ឧបមាថា កាប់ទៅអត់មានធ្វើអីសោះ
កាប់ទៅបំផ្លាញចោល
អញ្ចឹងទៅវាពិបាកដែរតែឥឡូវវាគ្មានអីក្រៅពីខ្លួនយើងទទួលខុសត្រូវខ្លួនយើង
ទេម៉ោងនេះ”
។
លោក អភិបាលរងខេត្តរតនៈគីរី
ម៉ុម សារឿន អះអាងថាការបាត់បង់ព្រៃឈើ
នេះគឺដោយសារតែប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ជាអ្នកកាប់បំផ្លាញដោយខ្លួន
ឯង
ដោយសម្លឹងឃើញប្រាក់របស់ឈ្មួញ។
“យើងឃើញឈ្មួញឱ្យលុយដូល្លាយើងចាប់ផ្តើមកាប់ឈើលក់
ដល់កាប់ហើយ
ពិបាកខ្លួនឯង
មុនដំបូងកាប់ឈើប្រណិតទេ
អស់ឈើប្រណិតឈើបន្តៗមក
អស់រលីងបណ្តោយ
វាមានអ្នកណាផ្សេងមកកាប់ក្រៅពីយើងកាប់ខ្លួនយើង
បំផ្លាញខ្លួនយើងមានអ្នកណាមកកាប់
ហើយតែកាប់ទៅឈ្មួញទិញហើយ
ខ្ញុំ
និយាយនេះមិនមែនការពារអ្នកទិញទេ
ខុសទាំងពីរ ហើយឥឡូវកំពុងតែដាក់
វិធានការក្តៅ
អនុវត្តច្បាប់ព្រៃឈើតែម្តងបាទ”។
លោកបន្ថែមថា
ប្រជាសហគមន៍ជនជាតិដើមភាគតិចគួរតែចូលរួមជាមួយ
អាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់ការកាប់ព្រៃឈើខុសច្បាប់
ដោយត្រូវរាយ
ការណ៍ជាបន្ទាន់នូវរាល់បទល្មើសព្រៃឈើដែលបានកើតឡើង។
តែទោះជាយ៉ាងនេះក្តី
លោក ប៉ែន ប៊ុណ្ណារ៏
នៃសមាគមន៍អាដហុកបានមាន
ប្រសាសន៍ថា
ការកាប់
ឈូសឆាយដីព្រៃដោយក្រុមហ៊ុនសម្បទានគួរតែត្រូវ
បានកំណត់នៅត្រឹមតំបន់ព្រៃណាដែលគ្មានប្រយោជន៍និងមិនប៉ះពាល់ដល់
ព្រៃរបស់ជនជាតិដើមភាគតិច ដែលកំពុងរស់នៅក្នុងភូមិភាគឦសាននៃប្រ-
ទេសកម្ពុជានេះ៕
ចប់