ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និយាយថាខណៈពេលដែលសេដ្ឋកិច្ចកំពុងប្រសើរឡើង វានៅតែប្រឈមមុខនឹងផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅរកការងើបឡើងវិញ។ Paula Wolfson នៃវីអូអេ សម្លេងសហរដ្ឋអាមេរិក មានព័ត៌មានលម្អិតពីសេតវិមាន ហើយ លោក ម៉ែន គឹមសេង សូមជូនសេចក្តីប្រែសម្រួល ដូចតទៅ។
នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោក Lawrence Summers និយាយថាមានសញ្ញានានាថាសេដ្ឋកិច្ច សហរដ្ឋ អាមេរិកកំពុងប្រសើរឡើង។ លោកនិយាយថាស្ថិតិសេដ្ឋកិច្ចមានលក្ខណៈចម្រុះ ដោយធ្វើការកត់សម្គាល់ថាកាលពីមុននេះ មិនយូប៉ុន្មាន ស្ថិតិសេដ្ឋកិច្ចបានចង្អុលចុះក្រោម។
“យើងបានឃើញស្ថិតិចម្រុះខ្លះថែមទៀតបន្ទាប់ពីរយៈពេលមួយ នៅពេលដែល មិនទាន់ឃើញមានស្ថិតិវិជ្ជមាន។ ប៉ុន្តែវាគឺជាផ្លូវដ៏វែងឆ្ងាយមួយ ហើយវានឹងត្រូវការពេលវេលា"។
ក្នុងអំឡុងពេលបង្ហាញមុខតាមកម្មវិធីជួបជាមួយអ្នកសារព័ត៌មានរបស់ទូរទស្សន៍ NBC លោក Summers បានការពារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោកប្រធានាធិបតីក្នុងការជួយវិស័យហិរញ្ញវត្ថុ។ លោកបានផ្តោតការយកចិត្តទុកដាក់លើការកែទម្រង់។
"លោកប្រធានាធិបតីបានជំរុញយ៉ាងខ្លាំងឱ្យមានកម្មវិធីច្បាប់ដ៏ខ្លាំងក្លាមួយដែលនឹងកែតម្រូវកំហុសឆ្គងទាំងឡាយដែលបានធ្វើកាលពីលើកមុនៗ”។
ចំណែកលោកប្រធានាធិបតីវិញ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានដែលមកយកព័ត៌មាននៅឯកិច្ចប្រជុំកំពូលរបស់ទ្វីបអាមេរិកនៅក្នុងប្រជុំកោះ Trinidad និងTobago ថាមានការកម្រិតចំពោះអ្វីដែលរដ្ឋាភិបាលអាចធ្វើបានហើយនឹងត្រូវធ្វើដើម្បីសង្គ្រោះវិស័យហិរញ្ញវត្ថុ។
“ខ្ញុំនឹងមិនចេះតែដាក់ប្រាក់របស់អ្នកបង់ពន្ធដាចូលទៅក្នុងរន្ធខ្មៅមួយ ដែលអ្នកនឹងមើលមិនឃើញលទ្ធផលឬក៏ យុទ្ធសាស្រ្តចាកចេញខ្លះទេ ហេតុដូច្នេះអ្នកបង់ពន្ធនៅទីបំផុតនឹងបានធូស្រាលរួចផុតពីបន្ទុកដ៏ធ្ងន់ទាំងនេះ”។
ការខឹងសម្បាអំពីចំនួនប្រាក់របស់អ្នកបង់ពន្ធត្រូវបានសន្យាយកមកជួយស្ថាប័នហិរញ្ញវត្ថុបាននាំឱ្យមានការប្រឆាំងតវ៉ាជាច្រើននៅជុំវិញសហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្តាហ៍មុន ដែលជាកាលបរិច្ឆេទចុងក្រោយសម្រាប់ពលរដ្ឋអាមេរិកកាំងផ្ទៀងផ្ទាត់បញ្ជីបង់ពន្ធដារបស់គេសម្រាប់ឆ្នាំ២០០៨។
លោកអតីតសមាជិកព្រឹទ្ធសភា Richard Armey អ្នកអភិរក្សលើផ្នែកសារពើពន្ធ ដែលធ្លាប់ធ្វើជាមេដឹកនាំក្រុមសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្ត បានគាំទ្របាតុកម្មនៅក្នុងថ្ងៃបង់ពន្ធ។
លោកបានប្រាប់កម្មវិធីជួបជាមួយអ្នកសារព័ត៌មានថាពលរដ្ឋអាមេរិកកាំងមានការព្រួយបារម្ភអំពីតម្លៃរយៈពេលវែងនៃសំណើរសេដ្ឋកិច្ចរបស់រដ្ឋបាលលោកប្រធានាធិបតីអូបាម៉ា។
"ការពិតអំពីបញ្ហានេះគឺថាមានការសង្ស័យពិតប្រាកដលើលោកប្រធានាធិបតី”។
លោក Armey និយាយថាមានការព្រួយបារម្ភដ៏ជ្រាលជ្រៅមួយថាការកើនឡើងនូវពន្ធដាដ៏ធំនឹងត្រូវការជាចាំបាច់សម្រាប់បង់ឱ្យដល់ការពង្រីកសេវាកម្មនិងកម្មវិធីរបស់រដ្ឋាភិបាលដែលគាំទ្រដោយលោកប្រធានាធិបតី៕