ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកដឹក​នាំ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ចូល​រួម​ពិភាក្សា​និង​តាមដាន​កិច្ចការ​នយោបាយ


កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ REUTERS/Pring Samrang)
កម្មករ​រោងចក្រកម្ពុជា​ស្រែកហូ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។ (រូបថត៖ REUTERS/Pring Samrang)

ការ​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​មាន​ភាព​សកម្ម​ក្នុង​ការ​សង្កេត​ដំណើរ​វិវត្តន៍​នៃ​នយោបាយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​យុវជន​មួយ​ឈ្មោះ​ថា ​ «ការ​យល់​ដឹង​ពី​សកល​លោក​ និង​ការ​អភិវឌ្ឍ​ខ្លួន​ជា​ពលរដ្ឋ​សកម្ម»​ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយ​មានការ​ចូលរួម​ពី​យុវជន​ចំនួន​ប្រមាណ​ជាង​៧០០នាក់។​

អ្នកស្រី​ ពុង ឈីវកេក​ នាយិកា​អង្គការ​លីកាដូ ​បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​នៃ​ការ​រស់នៅ​របស់​អ្នក​ស្រី​ក្នុង​ប្រទេស​កាណាដា​ ដើម្បី​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ផ្តើម​ និង​បន្ត​គិតគូរ​ពី​បញ្ហា​សង្គម​ និង​នយោបាយក្នុង​នាម​ពលរដ្ឋ​ដែល​មាន​កាតព្វ​កិច្ច​ជួយ​សង្គម​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ និង​ព្រួយ​បារម្ភ។​

លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ ធ្វើ​ជា​វាលគ្មីន​ក្នុង​កម្មវិធី​ Hello VOA អំពី​កេរតំណែលរបស់​លោក Nelson Mandela នៅ​ថ្ងៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ កាល​ពី​ថ្ងៃ​អង្គារ ទី១០ ខែ​ធ្នូ ឆ្នាំ២០១៣។ (រូបថត៖ លឹម សុធី/VOA Khmer)
លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ ធ្វើ​ជា​វាលគ្មីន​ក្នុង​កម្មវិធី​ Hello VOA អំពី​កេរតំណែលរបស់​លោក Nelson Mandela នៅ​ថ្ងៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ កាល​ពី​ថ្ងៃ​អង្គារ ទី១០ ខែ​ធ្នូ ឆ្នាំ២០១៣។ (រូបថត៖ លឹម សុធី/VOA Khmer)

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​មើល​ទៅឃើញ​ថា​ នៅ​ប្រទេស​យើង​នៅ​មាន​ការ​ភ័យ​ខ្លាច​ ឪពុក​ម្តាយ​តែង​តែ​ថា​ 'កូន​អើយ​ទៅរៀន​ទៅ​ កុំ​គិត​គូរ​រឿង​នយោបាយ​ រឿង​នយោបាយ​ទុក​ឲ្យ​អ្នក​ផ្សឹង​គេ​គិតគូរ'។ ​មិន​អញ្ចឹងទេ»។

អ្នកស្រី​បន្ត​ថា៖​ «នៅ​ខេត្ត​ដែល​ខ្ញុំ​នៅ​ហ្នឹង​ គេ​មាន​គណបក្ស​បី។​ អញ្ចឹងគ្រូ​គេ​ប្រាប់​កូន​សិស្ស​ថា​ ឥឡូវ​គ្នា​អ្នក​ឯង​ហ្នឹង​មាន​២០​នាក់​ ឥឡូវ​ចែក​គ្នា​ជា​បីក្រុម​ រួច​អ្នក​ណា​យក​គណបក្ស​ណា​ អ្នក​ណា​ធ្វើ​ជា​តំណាង​ឲ្យគណបក្ស​ណា​ ​ ហើយ​ថ្ងៃ​ហ្នឹង​ជជែក​គ្នា​មើល ​ដូច​អ្នកឯង​ទៅ​បោះ​ឆ្នោត​ តើ​និយាយ​អី។ ​ កូន​ទើប​៨​ឆ្នាំ​ អញ្ចឹងទៅ​ដល់​ផ្ទះ​កូន​ហ្នឹង​ខំ​ប្រឹង​សួរ​ឪពុក​ម្តាយ​ថា​ តើ​គណបក្ស​ណា​ល្អ​ ស្អីៗ។​ ហើយ​ថ្ងៃ​ដែល​គេ​បង្រៀន​កូន​សិស្ស​ឲ្យ​ចេះ​ពី​រឿង​នយោបាយ​ហ្នឹង​ ម្តាយ​ឪពុក​គេ​ ​ខ្ញុំ​អី​ហ្នឹង​ ​គេ​ហៅ​ទៅ​ចូល​មើល​ ហើយ​ម្តាយ​ឪពុក​គឺ​សប្បាយ​ចិត្ត​ណាស់​ ឃើញ​ថា​កូន​ចេះ កូន​ហ្នឹង​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​ពីរឿង​ប្រទេស​ជាតិ»។​

រី​ឯ​អ្នក​ស្រី​ Collete ​O'Regam ​នាយិកា​អង្គការ​សកម្ម​ភាព​ប្រជាជន​ ដើម្បី​ការ​ផ្លាស់​ប្តូរ​ (People Action for Change) ​ដែល​បាន​សង្កេត​ឃើញ​ថា​ ​យុវជន​កម្ពុជា​ចាប់​ផ្តើម​ឈឺឆ្អាល​ពី​វិបត្តិ​សង្គម​ក្នុង​ប្រទេស​កម្ពុជា ​ដូចជា​ការ​បាត់​បង់​ដីធ្លី​ស្រែ​ចម្ការ​ និង​ការ​បណ្តេញ​ពី​លំនៅដ្ឋាន។ ​អ្នកស្រីបាន​ប្រាប់​វីអូអេ​ខេមរ​ភាសាថា​ អ្នកស្រី​ចង់​ឃើញ​យុវជន​កម្ពុជា​ចូលរួម​កាន់​តែ​សកម្ម​ និង​កាន់​តែ​ច្រើន​ឡើង​ក្នុង​សកម្ម​ភាព​សង្គម​ និង​នយោបាយ​ ពីព្រោះ​ភាព​អសកម្ម​របស់​ពួកគេ​ក្នុង​កិច្ចការ​នយោបាយ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ​ដល់​ប្រទេស​របស់​ពួក​គេ។​

អ្នកស្រី​និយាយ​ថា៖​ «ខ្ញុំ​គិត​ថា​ នៅ​គ្រប់​ប្រទេស ​សូម្បី​តែ​នៅ​ក្នុង​ប្រទេស​របស់​ខ្ញុំ ​មាន​ចំនួន​ភាគ​រយ​ច្រើននៃ​ប្រជាជន​វ័យ​ក្មេង​ដែល​មិន​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​នយោបាយ។​ ​ ពួក​គេ​មាន​អារម្មណ៍​ថា​ គ្មាន​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ទេ​ ហើយ​ពេល​ខ្លះ​ពួក​គេត្រូវបាន​ប្រាប់​មិន​ឲ្យ​ចាប់​អារម្មណ៍​ ឬ​ក៏​មិន​ឲ្យ​រួម​ចំណែក​ពាក់​ព័ន្ធ​ក្នុង​នយោបាយ។​ ចា៎​ ច្បាស់​ណាស់​ថា ​វា​មាន​ចំនួន​ភាគ​រយ​ច្រើន​នៃ​ប្រជាជន​វ័យ​ក្មេង​ដែល​មិន​ចាប់អារម្មណ៍​នឹង​សកម្មភាព​នយោបាយ​ ហើយ​ខ្ញុំ​គិត​ថា ​មាន​ស្ថានភាព​នេះ​នៅ​ទីនេះ។​ ខ្ញុំ​គិត​ថា​ វា​មិន​ជួយ​អ្វី​បាន​ទាំង​អស់​ នៅ​ពេល​ដែល​ប្រជាជន​មិន​សកម្ម។​ ដូច្នេះ​ខ្ញុំគិត​ថា ​អ្នក​រាល់​គ្នា​ត្រូវ​តែព្យាយាម​ឲ្យ​ក្លាយ​ជា​អ្នក​សកម្ម»។​

នៅក្នុង​វេទិកា​យុវជន​ដដែល​ យុវជន​ និង​យុវតី​កម្ពុជា​បាន​លើក​ជា​សំណួរ​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​ ការ​បង្កើត​ និង​ការ​អនុវត្ត​ច្បាប់ ​ហើយនិង​ការ​តស៊ូ​មតិ​ដែល​រមែង​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​អាជ្ញាធរ​កម្ពុជា ​បើ​ទោះ​បី​ជា​ប្រទេស​នេះ​ប្រកាន់​យក​លទ្ធិ​ប្រជា​ធិបតេយ្យ​ក៏​ដោយ។​

យុវជន​មួយ​រូប​បាន​ចោទ​ជា​សំណួរ​ថា៖​ «តើ​យើង​ទាម​ទារ​ដូច​ម្តេច​ចំពោះ​បរិបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង? ​ពីព្រោះ​នៅ​ពេល​ដែល​យើង​ទាមទារ​ តែងតែ​មាន​ការ​បង្ក្រាប​រហូត។​ វា​ខុស​ពី​បរិបទ​នៅ​កាណាដា។​ វា​ខុស​ពី​បរិបទ​នៅ​អឺរ៉ុប ពីព្រោះ​ជាក់​ស្តែង​ ដូចជា​ពេលយុវជន​យើង​ទាមទារ​ មាន​ការ​បង្ក្រាប ​ដូច​ជានៅ​តាម​ព្រៃ​ឡង់»។​

អ្នកស្រី​ ពុង​ ឈីវកេក​ បាន​ឆ្លើយតប​ថា៖ ​«យើង​ទៅ​រួម​គ្នា​ ទីមួយ​ សុំ​ធ្វើ​ម៉េច​ឲ្យ​បាន​គ្នា​ឲ្យ​ច្រើន​។ ​បើ​យើង​ទៅ​ម្នាក់​ យើង​ទៅ​ពីរនាក់​ គេ​ស្រួល​ដេញ​យើង​ចេញ។​ បើ​ទៅ​មួយ​រយ​នាក់​ ពីរ​រយ​នាក់ ​បី​រយ​នាក់ ​ហើយ​ទាំង​អស់​គ្នា​អត់​មាន​ស្អី​ទាំង​អស់​ អត់​មាន​ពាក្យ​សំដី​អសុរស​ និយាយ​ដោយ​ត្រឹម​ត្រូវ។ ​ពេល​ណា​មាន​នគរបាល​អី​ កង​រាជ​អាវុធ​ហត្ថអី​មក​ដេញ​អី​ថា យើង​ចរចា​ជាមួយ​គាត់​ជា​ពាក្យ​គួរ​សម»។

យុវជន​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​បញ្ចូល​ការ​សិក្សា​នយោបាយ​នៅ​កម្រិត​វិទ្យាល័យ​ ដើម្បីឲ្យ​យុវជន​មាន​មូលដ្ឋាន​គ្រឹះ​នៃចំណេះ​ដឹង​អំពី​កិច្ចការ​នយោបាយ​ សម្រាប់​ធ្វើ​ការ​វិភាគ​ តាម​ដាន​ការ​សន្យា​របស់​អ្នក​នយោបាយ​នៅមុន​ និង​ក្រោយ​ការ​បោះ​ឆ្នោត។​

ម៉ៅ ចាន់​សុវណ្ណី ​អាយុ​១៨​ឆ្នាំ​ និស្សិត​សិក្សា​មុខ​ជំនាញ​ទំនាក់​ទំនង​អន្តរ​ជាតិ​នៅ​ឯ​សាកល​វិទ្យា​ល័យ​ខេមរៈ ​បាន​លើក​ឡើង​ថា៖​ «នៅ​កម្ពុជា ​យើង​ យុវជន​ភាគតិច​ដែល​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​នយោបាយ​ ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ​មាន​ការ​លើក​ឡើងពី​បញ្ហា​នយោបាយ​មក​សិក្សា​ស្វែង​យល់​ចាប់​ពី​ថ្នាក់​វិទ្យាល័យ​ បើសិន​គិត​ពីបឋម​សិក្សា​មិន​អាច​ទេ​ ព្រោះ​ថា​ យុវជន​តូចៗ ​គាត់​នៅពឹង​ផ្អែកទៅ​លើ​ឪពុក​ម្តាយ»។​

ណៃ សុភាព​ អាយុ​២០​ឆ្នាំ ​និស្សិត​សិក្សា​មុខ​ជំនាញ​គណិត​វិជ្ជា​នៅ​សាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញ​ បាន​រៀបរាប់​ថា៖​ «ធម្មតា​គណបក្ស​មួយៗ​តែង​តែ​សរសើរ​ខ្លួន​ឯង​ហើយ​ ហើយ​គណបក្ស​មួយៗ​តែង​តែ​ចង់​ស្វែង​រក​ការ​គាំទ្រ​អំពី​ប្រជាជន។ ​អញ្ចឹងគេ​តែង​តែ​ថា ​ខ្លួន​ឯង​ល្អ​ហើយ ​ តែ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ អ្វី​ដែល​យើង​គិត​ថា ​យើង​ជឿ ​មុន​នឹង​យើង​ជឿ​គេ​ថា​ តើ​គេ​គឺ​ជា​គណបក្ស​ល្អ​ ឬ​មិន​ល្អ ​យើង​ត្រូវ​មើល​ខ្លួន​ឯង។​ ធ្វើ​អី្វក៏​ដោយ​គឺ​យើង​ត្រូវ​ពិភាក្សា​ យើង​ត្រូវ​សិក្សា​ខ្លួន​ឯង។​ យើង​ត្រូវ​សម្លឹង​មើល​ថា ​តើ​គេ​ធ្វើអ្វី​ដែល​គេ​និយាយ​ គឺ​គេ​ធ្វើ​អញ្ចឹង​មែន​អត់​ ហើយ​បើ​សិន​ជា​គេ​មិន​ធ្វើ​អញ្ចឹង តើ​យើង​គួរ​ធ្វើ​ការ​ទាម​ទារ​របៀប​ណា?»​

លោក​ រស់​ សាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ បាន​ឲ្យ​ដឹង​ថា​ មុខ​វិជ្ជា​អប់រំ​ផ្នែក​នយោបាយ​គឺ​ជា​មុខ​វិជ្ជា​មិនទាន់​ចាំបាច់ ​ដែល​ត្រូវដាក់​បញ្ចូល​ទៅក្នុង​កម្មវិធី​សិក្សា​ពី​បឋម​សិក្សា​ដល់​ថ្នាក់​វិទ្យាល័យ​ឡើយ​ ហើយ​អ្វី​ដែល​ចាំ​បាច់​បំផុត​នោះ​គឺ​ការ​បង្កើន​ការ​អប់រំ​ទៅ​លើ​មុខ​វិជ្ជា​វិទ្យា​សាស្ត្រ​ ជំនាញ​ផ្សេងៗ​ និង​បច្ចេក​វិទ្យា ​ដើម្បី​ឲ្យ​យុវជន​កម្ពុជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋ​កិច្ច​តំបន់​អាស៊ាន​នៅ​ដំណាច់​ឆ្នាំ​២០១៥​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ក្នុង​បរិបទ​កម្ពុជា ​ជាពិសេស​គឺ​បរិបទ​បច្ចុប្បន្ន​នេះ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ម​វិធី​សិក្សា​របស់​យើង​គ្រប​ដណ្តប់​ទៅ​លើ​ ទី​មួយ​ការ​យល់​ដឹង​អំពី​វិទ្យា​សាស្រ្ត​ គណិត​វិជ្ជា​ បចេ្ចក​វិទ្យា អក្សរ​សាស្រ្ត ​ហើយ​និង​ភាសា​បរទេស​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ដើរ​ទាន់​ទៅ​នឹង​ចលនា​នៃ​សមាហរណ​កម្មតំបន់​ ជាពិសេស​អាស៊ាន​របស់​យើង​នៅ​បំណាច់​ឆ្នាំ​២០១៥»។​

លោក​បន្ថែម​ថា៖ ​«ដោយ​បញ្ហា​រឿង​នយោបាយ​គឺពាក់​ព័ន្ធ​ទៅ​លើ​រឿង​នេះ​ គឺ​មាន​ការ​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​ តាម​ទូរទស្សន៍​ ហើយ​ក៏​មាន​លើក​នៅ​ក្នុង​ការ​សិក្សា​ផ្នែក​សង្គម​ដែរ។​ ជា​រួម​គឺ​ថា ​មូលដ្ឋាន​បរិបទ​កម្ពុជា​ បរិបទ​សេដ្ឋ​កិច្ច​កម្ពុជា ​បរិបទ​នៃ​ការ​អប់រំ​របស់​យើង​គឺ​ការ​បង្កើន​សមត្ថ​ភាព​ជំនាញ​ដល់​យុវជន​ ជា​រឿង​មួយចាំ​បាច់​បំផុត ​ចាំបាច់​បំផុត​ដែល​យើង​ត្រូវ​បំពាក់ ​ដែល​យើងត្រូវ​បង្រៀន​ ដែល​យើង​ត្រូវ​បង្កើន​ឲ្យ​ច្រើន​ជាង​បញ្ហា​នយោបាយ»៕​

XS
SM
MD
LG