ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​មាន​​​ថ្នាក់​កំពូល​​១%នឹងមាន​ទ្រព្យ​ជាង​ពាក់​កណ្តាល​នៃ​ទ្រព្យ​សរុប​លើ​ពិភពលោក


សកម្មជន​អង្គការ​ Oxfam ពាក់​មុខ​មេដឹក​នាំ​ប្រទេស​សមាជិក​ G-7​។ យោង​ទៅ​តាម​អង្គការ​​ Oxfam​ឲ្យដឹងថា​ ទ្រព្យ​សម្បត្តិ​សរុប​របស់​អ្នកមាន​បំផុត​ដែល​មាន​ចំនួន​មួយ​ភាគរយ​នៃ​មនុស្ស​លើ​ពិភព​លោក​នឹង​កាន់កាប់​ទ្រព្យ​សម្បត្តិ​លើស​ទ្រព្យ​សម្បត្តិ​សរុប​របស់​មនុស្ស​​៩៩​ភាគរយ​នៅ​គ្រា​ណា​មួយ ​នៅ​ក្នុង​ឆ្នាំ២០១៦។​
សកម្មជន​អង្គការ​ Oxfam ពាក់​មុខ​មេដឹក​នាំ​ប្រទេស​សមាជិក​ G-7​។ យោង​ទៅ​តាម​អង្គការ​​ Oxfam​ឲ្យដឹងថា​ ទ្រព្យ​សម្បត្តិ​សរុប​របស់​អ្នកមាន​បំផុត​ដែល​មាន​ចំនួន​មួយ​ភាគរយ​នៃ​មនុស្ស​លើ​ពិភព​លោក​នឹង​កាន់កាប់​ទ្រព្យ​សម្បត្តិ​លើស​ទ្រព្យ​សម្បត្តិ​សរុប​របស់​មនុស្ស​​៩៩​ភាគរយ​នៅ​គ្រា​ណា​មួយ ​នៅ​ក្នុង​ឆ្នាំ២០១៦។​

យោង​ទៅ​តាម​អង្គការ​មូលនិធិ​ប្រឆាំង​ភាព​ក្រីក្រ​គឺ​ Oxfam​ឲ្យដឹងថា​ ទ្រព្យ​សម្បត្តិ​សរុប​របស់​អ្នកមាន​បំផុត​ដែល​មាន​ចំនួន​មួយ​ភាគរយ​នៃ​មនុស្ស​លើ​ពិភព​លោក​នឹង​កាន់កាប់​ទ្រព្យ​សម្បត្តិ​លើស​ទ្រព្យ​សម្បត្តិ​សរុប​របស់​មនុស្ស៩៩​ភាគរយ​នៅ​គ្រា​ណា​មួយ ​នៅ​ក្នុង​ឆ្នាំ២០១៦។​ ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​កំពុង​ទាមទារ​ឲ្យ​ក្រុម​អ្នក​ធ្វើ​គោល​នយោបាយចាត់​វិធានការ​ដោះស្រាយ​គម្លាត​ដែល​កំពុង​រីក​ធំ​ឡើង​រវាង​«អ្នក​មាន​ទ្រព្យ» ​និង​«អ្នក​មិន​មាន​ទ្រព្យ»។​

អង្គការ​ Oxfam​ បាន​និយាយ​ថា៖​ «ការ​ផ្ទុះ​ឡើង​នៃ​វិសមភាព»​នេះ​កំពុង​តែ​បង្ក​ជា​ឧបសគ្គ​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​នៅ​លើ​ពិភព​លោក។​ លោក​ Max Lawson​ នៃ​អង្គការ​ Oxfam​ បាន​និយាយ​ថា​ នៅ​ពេល​ដែល​ប្រជាជន​១​ក្នុង​ចំណោម​មនុស្ស​៩​នាក់​ នៅ​ជុំវិញ​ពិភពលោក​ មិន​មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​ទទួល​ទាន​នោះ គម្លាត​រវាង​អ្នក​មាន​និង​អ្នកក្រ​គឺ​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស។​

«មាន​បណ្តុំ​ទ្រព្យ​យ៉ាង​សន្ធឹក​សន្ធាប់​មិន​គួរ​ឲ្យ​ជឿ​នៅ​ថ្នាក់​កំពូល​នៃ​សង្គម​ ដែល​នេះ​ពិត​ជា​មាន​ការ​បែកបាក់យ៉ាង​ខ្លាំង​ ហើយ​មិន​មាន​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច​ទេ។​ ដូច្នេះ​ យើង​មាន​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​នោះ។​ វា​ជា​បញ្ហា​មួយ​ដែល​អាក្រក់​សម្រាប់​ពិភព​លោក​ទាំងមូល​ ក៏​ដូចជា​អាក្រក់​សម្រាប់​សេដ្ឋកិច្ច​ផង​ដែរ ហើយ​បញ្ហា​នោះ​ហាក់​ដូចជា​កាន់​តែ​មាន​សភាព​អាក្រក់​ឡើងៗ»។​

របាយការណ៍​នេះ​បាន​លេច​ឡើង​ នៅ​ខណៈ​ដែល​ថ្នាក់​ដឹកនាំ​ផ្នែក​នយោបាយ​និង​ជំនួញ​លើ​ពិភពលោក​ត្រៀម​នឹង​ធ្វើ​ការ​ជួបជុំ​គ្នា​នៅ​ក្រុង​ Davos​ ប្រទេស​ស្វីស​ដើម្បី​ចូលរូម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (World​ Economic​ Forum)។​ ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ ដូច​លោក​ Lawson​ កំពុង​ធ្វើ​ការអំពាវនាវ​ឲ្យក្រុម​អ្នកធ្វើគោល​នយោបាយរួម​ចំណែក​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​វិសម​ភាព​ខ្លាំង​ក្លា​នេះ​ ដោយចាប់ផ្តើម​តាម​រយៈ​ការ​យក​ពន្ធ​បន្ថែម​ពី​អ្នក​មាន។​

លោក​ Lawson​ បាន​ថ្លែង​ថា៖​«មាន​ក្រុមហ៊ុន​រ៉ែ​នៅ​អាហ្វ្រិក​ ដែល​កំពុង​តែ​ប្រមូល​ចំណូល​ធ្វើជា​អ្នក​មាន​ ហើយ​មិន​បាន​បង់​ពន្ធ។​ ការ​បង់ពន្ធ​មិនមែន​សុទ្ធ​តែ​សំដៅ​ទៅ​លើការ​បង់លុយជាសាច់​ប្រាក់​សុទ្ធ​នោះ​ទេ។​ វា​ជា​ការ​ប្រសើរ​មួយ​ដែល​អាចបង់ពន្ធក្នុងរូបភាព​ជា​ការសាងសង់​សាលារៀន​ ឬ​មន្ទីរ​ពេទ្យ​ជា​ដើម»។​

ដោយ​ប្រើ​ទិន្នន័យ​ពី​ធនាគារ​ Credit​ Suisse​ និង​ក្រុមហ៊ុន​ Forbes​ អង្គការ​ Oxfam​ បាន​និយាយ​ថា​ អ្នកមាន​បំផុត​ ដែល​មាន​មនុស្ស​តែ​មួយ​ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក មាន​ទ្រព្យ​៤៨​ភាគរយ​នៃ​ទ្រព្យ​សរុប​លើ​ពិភព​លោក​ ហើយ​ទ្រព្យ​នោះ​ត្រៀម​នឹង​កើន​ឡើង​ហួស​៥០​ភាគរយ​ នា​ឆ្នាំ​ក្រោយ។​

សាស្រ្តាចារ្យ​ Andy Green​ នៃ​វិទ្យាស្ថាន​អប់រំ​នៃ​មហាវិទ្យាល័យ​ក្រុង​ឡុងដ៍​ (University College London)​ បាន​មាន​ប្រសាសន៍​ថា​ មាន​បណ្តុំ​យន្តការ​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យមាន​វិសមភាព​នេះ។​

«ការ​ប្រែប្រួល​ខាង​បច្ចេកវិទ្យា​ ដែល​លម្អៀង​ទៅ​រក​មាន​ជំនាញ​ខ្ពស់​ ហើយដែល​បាន​កាត់​បន្ថយ​ការងារ​អ្នក​មាន​ជំនាញ​ទាប​ ហើយ​ជា​លទ្ធផល​ វា​បាន​បន្ទាប​អំណាច​របស់គេ​នៅ​ក្នុង​ការ​ទាមទារ​ដំឡើង​ប្រាក់​កម្រៃ​របស់​ពួក​គេ។​ បន្ត​មក​គឺ​ ការ​ធា្លក់​ចុះ​អំណាច​សហជីព​ និង​ការ​កើន​ឡើង​អំណាច​សាជីវកម្ម»។​

លោក​ Green​ បាន​បន្ត​ថា​ អំណាច​នោះ គឺ​ត្រូវ​បាន​ប្រើ​ដើម្បី​ជះ​ឥទ្ធិពល​ទៅ​លើ​គោល​នយោបាយ​រដ្ឋាភិបាល។​

«សាជីវកម្ម​ធំៗ​មាន​អំណាច​បញ្ចុះបញ្ចូល​កាន់​តែ​ខ្លាំង​ឡើង​ នា​ពេល​ឥឡូវ​នេះ។​ ហើយ​គោលនយោបាយ​នានា​បាន​ធ្វើ​ឲ្យ​មាន​ការ​ខុស​ប្លែក​គ្នា​ខ្លាំង ​មិន​ត្រឹម​តែ​ក្នុង​បរិបទ​គ្រប់យ៉ាង​ដើម្បី​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​នោះ​ទេ​ គឺ​ថែម​ទាំង​ធ្វើឲ្យ​មានការ​ខុស​ប្លែក​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ក្នុង​ការ​តប​ស្នង​អ្នក​ផ្តល់​ចំណូល​ថ្នាក់​កំពូល​របស់​អ្នក»។​

សាស្រ្តាចារ្យ​ Trim Kreiger នៃ​មហាវិទ្យាល័យ​ក្រុង​ហ្វ្រេប៊ីគ​ (Freiburg University) ​ប្រទេស​អាល្លឺម៉ង់​ បាន​និយាយ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ Skypeថា​ ស្រប​ជាមួយ​នឹង​ទឡ្ហីករណ៍​ផ្នែក​សីលធម៌ ​និង​សេដ្ឋកិច្ច​ ក៏​មាន​ទំនាក់​ទំនង​រវាង​វិសមភាពខាង​ទ្រព្យ​ និង​អំពើ​ហិង្សា​ផង​ដែរ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ភេរវកម្ម​ផង​ដែរ។​

«សូម្បី​តែ​ភេរវ​កម្ម​ទាក់ទង​នឹង​សាសនា​ក៏​មាន​ធាតុ​ផ្សំ​សេដ្ឋកិច្ច​យ៉ាង​រឹង​មាំផង​ដែរ។​ ដូច្នេះ​ អ្នក​អាច​ប្រើ​សាសនា​ជា​មធ្យោបាយ​មួយ​នៅ​ក្នុង​ការ​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​ស្ថានភាព​នយោបាយ​ និង​ជាមួយ​នឹង​ស្ថានភាព​សេដ្ឋកិច្ច។​ ហើយ​ក្នុងពេល​នេះហើយ​ដែល​វិសមភាព​ជា​កត្តា​បង្ក»។​

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ ភាគ​ខាង​ត្បូង​អឺរ៉ុប​គឺ​ជា​តំបន់​មួយ​នៅ​ក្នុង​ចំណោម​តំបន់​ផ្សេងៗ​ដែល​គេ​បាន​ប្រទះ​ឃើញវិសមភាពបាននាំ​ឲ្យមាននូវ​ភាព​វឹកវរ​សង្គម នៅ​ក្នុងពេលប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។​ ប្រទេស​ហ្គ្រិច​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​នោះ។ ​នយោបាយ​ជ្រុល​និយម​ក្នុង​ប្រទេស​នេះកំពុង​តែ​កើន​ឡើង​ ហើយ​ការ​ស្ទង់​មតិ​បង្ហាញ​ថា​ គណបក្ស​ឆ្វេង​និយម Syriza​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ឈ្នះ​ការ​បោះឆ្នោត​នា​សប្តាហ៍​ក្រោយ​នេះ៕

ប្រែ​សម្រួល​ដោយ​៖ ណឹម​ សុភ័ក្រ្តបញ្ញា

XS
SM
MD
LG