ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាកល​វិទ្យាល័យ Ohio នឹង​រៀបចំ​សន្និសីទ​ពិភាក្សា​បញ្ហា​ជាច្រើន​នៅ​កម្ពុជា


និស្សិត​ម្នាក់ អាន​សៀវភៅ​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ អូហៃយោ (Ohio University)។
និស្សិត​ម្នាក់ អាន​សៀវភៅ​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​ អូហៃយោ (Ohio University)។
មាន​វាគ្មិន​កម្ពុជា​ និង​វាគ្មិន​អន្តរជាតិ​សំខាន់ៗ​ជាច្រើន​នឹង​ចូលរួម​ក្នុង​វេទិកា​មួយ​ ឈ្មោះ​ថា​ វេទិកា​ប្រចាំឆ្នាំ​លើក​ទី៦​សិក្សា​អំពីខ្មែរ ​ក្នុងពេល​ដែល​ប្រទេស​កម្ពុជា​ កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​នយោបាយ​ សេដ្ឋកិច្ច ​សង្គម​ជាច្រើន។​

វាគ្មិន​ទាំងនោះ​នឹង​ថ្លែង​អំពី​បញ្ហា​ផ្សេងៗ​ពី​គ្នា ​រាប់ទាំង​បញ្ហា​អប់រំ​ សិទ្ធិ​មនុស្ស​ ​ច្បាប់​ យុត្តិធម៌​ សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​បញ្ហា​វប្បធម៌​ជាដើម​ នៅក្នុង​សន្និសីទ​បីថ្ងៃ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ការ​សិក្សា​អំពី​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​សាកល​វិទ្យាល័យ​អូហៃយោ​ ​ចាប់​ពីថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី១៦​ខែ​មិនា ​ឆ្នាំ​២០១៤​នេះ។

លោក​អ៊ឹម កុច​ (Im Koch) ​រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ​ប្រទេស​កម្ពុជាត្រូវ​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ជា​វាគ្មិន​ក្នុង​វេទិកា​នេះដែរ។​ លោក​ថ្លែង​ថា ​លោក​ត្រៀម​នឹង​ថ្លែង​អំពី​ការ​រៀបចំ​របស់​កម្ពុជា​ក្នុង​វិស័យ​អប់រំ​ដើម្បី​ត្រៀម​សម្រាប់​សមាហរណ កម្ម​សេដ្ឋកិច្ច​កម្ពុជា​ចូល​ក្នុង​សមាគម​អាស៊ាន​ឆ្នាំ​២០១៥។​

«ដើម្បី​ត្រៀម​លក្ខណៈ​អាស៊ាន​ យើងត្រូវ​ស្តាប់​មតិ​ដទៃទៀត​ ដើម្បីឲ្យ​បាន​សព្វ ជ្រុង​ជ្រោយ។​ និយាយ​រួម​ ​ យើង​ត្រូវ​រៀន​ស្តាប់​ពីអ្នក​ដទៃផង​ ហើយ​យើង​ទើប​ តែ​ប្រជុំ​មួយ​ចំនួន​ហើយ​ដែរ»។

លោក​បន្ត​ថា​ កម្ពុជា​ចង់​បាន​ទ្រឹស្តី​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អនុវត្ត​ដើម្បី​ឲ្យ​សិស្ស​ចេះ​ គិត​ ចេះ​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ​ចេះ​ទទួល​ខុសត្រូវ​ មិន​មែន​រៀន​តែ​ក្នុង​សៀវ​ភៅ​គ្រប់​គ្រាន់​ទេ តែត្រូវ​ប្រើ​ប្រាស់គម្រោង​ការងារ ​ឬ​កម្មវិធី​សង្គម​ជា​ដើម។​

លោក​ថ្លែង​ថា​ លោក​ធ្លាប់​ទៅរៀន​នៅ​ប្រទេស​មួយ​ចំនួន ដូចជា​សឹង្ហបូរី ​ប្រទេស​ថៃ​ និង​ប្រទេស​អូស្តា្រលី។​ ​លោក​ថា ​នៅ​ទីនោះ​ គេប្រើ​ប្រាស់​ទ្រឹស្តី​ភ្ជាប់​ជាមួយ​នឹង​កិច្ចការ​ជាក់​ស្តែង។​ លោក​ថ្លែង​ថា ​នៅ​ស.រ.អា.​ ​លោក​នឹង​ជួប​ជា​មួយ​នឹង​សាស្ត្រាចារ្យ ​និង​តំណាង​ចំនួន​ប្រមាណ​២០​នាក់​ដើម្បី​សិក្សា​ទៅវិញ​ទៅ​មក​អំពី​បញ្ហា​អប់រំ​នេះ។​

លោក​ ហែម ហេង ​ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ គ្រោង​នឹង​ចូលរួម ជា​វាគ្មិន​ដែរ ​ដែល​លោក​ថ្លែង​ថា ​វេទិកានេះ​មាន​សារៈ​សំខាន់​សម្រាប់​កម្ពុជា​ ប្រសិន​បើ​មាន​ការ​សិក្សា​ច្រើន​អំពី​កម្ពុជា។​

«ការ​សិក្សា​អំពី​ខ្មែរ​នេះ​ធ្វើ​ឲ្យ​និស្សិត​អាមេរិកាំង​រៀន​នៅ​មហា​វិទ្យាល័យ​នេះ​ស្គាល់ អំពី​ខ្មែរ​យើង​ ស្គាល់​អំពី​ប្រវត្តិ​សាស្ត្រ​របស់​ខ្មែរ​យើង​កន្លង​មក​នេះ។​ ហើយ​ថ្ងៃ ក្រោយ​អាច​ពង្រីក​ទៅ​ទីផ្សេង​ ទៅ​មហា​វិទ្យាល័យ​ផ្សេងៗ​ទៀត​ដើម្បី​នឹង​រៀន​ អំពី​ខ្មែរ​នេះ។​ ដូច្នេះ​ខ្ញុំ​ជឿ​ថា​ បើ​មាន​កាន់តែ​ច្រើន​មហា​វិទ្យាល័យ​ដើម្បី​បើក​បង្រៀន​អំពី​ខ្មែរ​ ខ្ញុំ​ជឿ​ថា​ ជនជាតិ​អាមេរិកាំង​ និស្សិត​អាមេរិកាំង​នឹង​ស្គាល់​ខ្មែរ​យើង​កាន់​តែ​ច្រើន​ថែម​ទៀត»។​

ក្រុម​វាគ្មិន​បាន​និយាយ​ថា​ បញ្ហា​កម្ពុជា​មិន​សូវ​មាន​ការ​ពិភាក្សា​ទេ​ក្នុង​ចំណោម​ សាកល​វិទ្យាល័យ​ស.រ.អា.នានា។​ សាកល​វិទ្យាល័យ​អូហៃយោនេះ​ជាទី​កន្លែង​មួយ​ផ្តល់​ឱកាស​ដល់​និស្សិត​ខ្មែរ​អាមេរិកាំង និង​និស្សិត​អន្តរជាតិ​សិក្សា​អំពី​កម្ពុជា​ ផ្តល់​ការ​រៀនសូត្រ​ ផ្តល់​បទ​ពិសោធន៍​ដ៏​ទូលំ​ទូលាយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​អំពី​ប្រទេស​កម្ពុជា។​ ​

លោក​វ៉ាន់ថាន់ ​ពៅតារ៉ា ​(Peoudara ​Vanthan) ​នាយករង​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ​ដែល​ផ្តល់​ឯកសារ​រាប់​សែន​ច្បាប់​ដល់​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​គាំទ្រ​ដោយ​អ.ស.ប.​ ត្រូវ​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​វេទិកា​នោះ​ដែរ។​ លោក​ថ្លែង​ថា ​លោក​គ្រោង​នឹង​លើក​យក​បទបង្ហាញ​អំពី​ការ​ជ្រើស​រើស​វិធី​ណា​ដែល​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ក្នុង​សាលាក្តី​ខ្មែរក្រហម។​

«ខ្ញុំ​យល់​ថា​ វា​ជា​វេទិកា​មួយ​ដែល​មាន​សារៈសំខាន់​ ដែល​ផ្តល់​ឲ្យ​ដល់​អ្នក​ដែល​ សិក្សា​អំពី​បញ្ហា​ខ្មែរ​ហ្នឹង​ បាន​ជួប​គ្នា ​ហើយ​ពិភាក្សា​គ្នា​អំពី​កង្វល់​អំពី​ការ​ប្រឈម​ ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​សង្គម​ខ្មែរ»។​

ថ្លែង​ប្រាប់​វីអូអេ​ពី​ប្រទេស​បារាំង ​លោក​កេត សោផាន់ ​(Ket Sophann)​ ឯក​អគ្គរាជ​ទូត​ខ្មែរ​ប្រចាំ​អង្គការ​យូណេស្កូ​ បាន​អះអាង​ថា​ លោក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ដែរ ​ហើយ​លោក​នឹង​បង្ហាញ​អំពី​ការ​អនុវត្ត​គោល​នយោ​បាយ​របស់​កម្ពុជា​ក្នុង​ក្រប​ខណ្ឌ​ជាតិ​ និង​អន្តរជាតិ​ក្នុង​ពេល​បច្ចុប្បន្ន ​និង​អនាគត។​

«បេតិកភ័ណ្ឌ​ខ្មែរ និយាយ​រួមទៅ ​បើ​តាម​នៅ​ក្នុង​ក្របខ័ណ្ឌ​យូណេស្កូគឺ​បេតិក​ភ័ណ្ឌ ​វាមាន​ពីរ ​បេតិកភ័ណ្ឌ​ជាតិ ​ហើយ​និង​បេតិកភ័ណ្ឌ​ពិភព​លោក។​ អញ្ចឹង​ខ្ញុំ​អាច​បង្ហាញ​ថា​ តើ​ការ​ខិតខំ​របស់​ខ្មែរ​យើង​ក្នុង​ការ​ជំរុញ​ផ្នែក​វប្បធម៌​ហ្នឹង​ ឬ​ Culture ​Diplomacy ​ក្នុង​ក្រប​ខ័ណ្ឌ​ជាតិ​ និង​ក្របខ័ណ្ឌ​អន្តរជាតិ​យ៉ាង​ដូច​ម្តេច»។​

លោកស្រី​បណ្ឌិត​គ្រីស្ទីន ស៊ូ ​(Christine Su) ​នាយិកា​មជ្ឈមណ្ឌល​ការ​សិក្សា​អំពី​អាស៊ី​អាគ្នេយ៍​នៃ​សាកល​វិទ្យាល័យ​ អូហៃយោ​ ​ជា​អ្នក​រៀបចំ​វេទិកានេះ។ ​លោក​ស្រី​បាន​អះអាង​ថា ​វេទិកា​នេះ​សំខាន់​ណាស់​ ដោយ​សារ​ថា​ វា​អាច​ឲ្យ​អ្នក​ចូលរួម​អាច​ជជែក​គ្នា​អំពី​បញ្ហា​ខ្មែរ​ទាំងស្រុង​ ដូច​ជា​ ​បញ្ហា​វប្បធម៌​ បញ្ហា​ប្រជា​ពលរដ្ឋ​ មិន​ដូច​កន្លែង​ផ្សេងៗ​ដែល​គេ​មិន​បាន​ផ្តល់​ការ​សិក្សា ​និងមិន​បាន​ផ្តល់​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​សិក្សា​ ពិភាក្សា​អំពី​ខ្មែរ​ឲ្យ​បាន​គ្រប់​គ្រាន់​ទេ​ ជាពិសេស​ពេល​កម្ពុជា​ស្ថិត​លើ​ផ្លូវ​បំបែក​នេះ។​

«ឥឡូវនេះ​ កម្ពុជា​ស្ថិតក្នុង​ដំណាក់​កាល​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ ដូច​លោក​អ្នក​ដឹង​គឺ​ទាំង​បញ្ហា​នយោបាយ​ សេដ្ឋកិច្ច ​ហើយ​នឹង​សង្គម​ គឺស្ថិត​នៅក្នុង​ដំណាក់​កាល​មួយ​ត្រៀម​ផ្លាស់​ប្តូរ។​ វាអាច​ដើរ​ទៅ​តាម​មធ្យោបាយ​ផ្សេងៗ​គ្នា។ ​កម្ពុជា​គឺស្ថិត​នៅលើ​ផ្លូវ​បំបែក។​ ដូច្នេះ​ពេល​នេះ​ជា​ពេល​វេលា​ល្អ​ឥតខ្ចោះ​ដើម្បី​រៀបចំ​សន្និសីទ​នេះ​ ដើម្បី​ពិភាក្សា​អំពី​ទិស​ដៅ​យ៉ាងណា​ ដែល​កម្ពុជា​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​បាន។​ កម្ពុជា​អាច​ដើរ​ទៅមុខ​តាមផ្លូវ​ខុសៗ​គ្នា​ជា​ច្រើន»។

លោកស្រី​ថ្លែង​ដែរ​ថា​ ការ​ដែល​កម្ពុជា​កំពុង​ស្ថិត​នៅ​លើផ្លូវ​បំបែក​ទាំង​នោះ​គឺ​ សំដៅ​ទៅ​លើ​ការ​ផ្លាស់ប្តូរ​នយោបាយ​កម្ពុជា​ ក្រោយ​ពេល​បោះឆ្នោត​ ការ​កែ​ទម្រង់កម្មវិធី​អប់រំជាតិ​ ជា​លក្ខណៈ​ទូលំទូលាយ​ បញ្ហា​ចម្រូង​ចម្រាស​លើ​ផ្នែក​សិល្បៈ​ជា​ប្រពៃណី​ និង​សិល្បៈ​បែប​ទំនើប​ បញ្ហា​សុខាភាព​ ហើយនឹង​បញ្ហា​មួយ​ចំនួន​ទៀត។

ក្រុម​វាគ្មិន​អន្តរជាតិ​ល្បីល្បាញ​ផ្សេងៗ​ទៀត​មកពី​សាកល​វិទ្យាល័យ​អាមេរិកាំង​ សាកល​វិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា​ និង​អន្តរជាតិ​នានា​នឹង​ចូល​រួម​ជា​វាគ្មិន​ផង​ដែរ។​ បញ្ហា​ផ្តល់​អំណាច​ដល់​ស្ត្រីកម្ពុជា​ បញ្ហា​សមភាព​ភេទ​ ជន​ជាតិ​ភាគតិច ​ប្រព័ន្ធ​ព័ត៌មាន​ឯករាជ្យ​ និង​បញ្ហា​កសិកម្ម​ក៏​នឹង​ត្រូវ​ពិភាក្សា​ផងដែរ​ក្នុង​វេទិកា​នោះ៕
XS
SM
MD
LG