ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខ​ជន​ប្រធានា​ធិបតី​​គណបក្ស​សាធារណរដ្ឋ​ពង្រីក​វោហារសាស្ត្រ​ប្រឆាំង​នឹង​ប្រធានាធិបតីចិន


បេក្ខ​ជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ លោក Scott Walker ថ្លែង​ក្នុង​កិច្ច​ប្រជុំ​មួយ​កាលពីខែ​កក្កដា ឆ្នាំ២០១៥។
បេក្ខ​ជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ លោក Scott Walker ថ្លែង​ក្នុង​កិច្ច​ប្រជុំ​មួយ​កាលពីខែ​កក្កដា ឆ្នាំ២០១៥។

បេក្ខ​ជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ ​កំពុង​ពង្រីក​វោហារ​សាស្រ្ត​របស់​ខ្លួន​ប្រ​ឆាំង​ប្រធានា​ធិបតី​ចិន ស៊ី ​ជីង​ពីង​ មុន​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋលើក​ដំបូង​របស់​លោក​ទៅ​កាន់​សហរដ្ឋ​អាមេរិកនៅ​ពេល​ដែលផ្សារ​ភាគ​ហ៊ុន​សាកលោក​ ​ដាំ​ក្បាល​ចុះ​បន្ទាប់​ពី​ការ​បញ្ចុះ​តម្លៃប្រាក់​យ៉េន​របស់​ចិន។

លោក ​Scott Walker​ អភិបាល​រដ្ឋ ​Wisconsin​ បាន​ជំរុញ​ឲ្យ​លោក​ប្រធានា​ធិបតី​បារ៉ាក់ អូបាម៉ា ​លប់​ចោលដំណើរ​បំពេញ​ទស្សនកិច្ចរបស់​ប្រធានា​ធិបតី​ចិន​ ស៊ី​ ជីង​ពីង​ ហើយ​និង​លប់​ចោល​ការទទួល​ទាន​អាហារ​ពេលល្ងាច​នៅ​សេតវិមាន​នៅ​ខែ​ក្រោយ។ ​

លោក ​Walker​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃចន្ទ​នៅ​ពេល​ដែល​ផ្សារ​ភាគ​ហ៊ុន​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​ថា៖ «​ខ្ញុំ​គិតថា ប្រទេស​ចិន ក៏​ដូចជា​ប្រទេស​ដ៏ទៃទៀត​ក្នុង​ពិភព​លោក ​នឹង​គោរពមេដឹកនាំខ្លះ​មក​ពី​សហរដ្ឋ​អាមេរិក។​ មួយ​ផ្នែក​នៃ​បញ្ហា​របស់​យើង​នៅ​ពេល​ឥឡូវនេះ ​គឺថា ​ពួកគេ​មិន​គោរ​ព​យើង​ទេ»។

សេចក្តី​អត្ថាធិប្បាយ​នេះ ​កើត​មាន​ឡើង​នៅ​ពេល​ដែល​សេតវិមាន​បាន​ប្រកាស​ថា ​លោកស្រី ​Susan Rice​ ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ពិភាក្សា​បញ្ហា​នានា​ជាមួយ​ពួក​មន្រ្តី​ចិន‍។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ​លោក Walker បាន​លើក​ឡើង​ពី​ចំណុចសំ​ខាន់​ៗ​មួយ​ចំនួន​ប្រឆាំង​នឹង​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​សហរដ្ឋ​អាមេរិក។

លោក​អភិបាលរដ្ឋ ​Walker​ បាន​មាន​ប្រសាសន៍​ថា៖ «ចំពោះ​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​របស់​ចិន​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​សហរដ្ឋ​អាមេរិក ​វត្ត​មាន​យោ​ធា​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ការ​បន្ត​ជ្រៀត​ជ្រែក​ចូល​ក្នុង​សេដ្ឋ​កិច្ច​របស់​យើង ​ហើយ​និង​ការ​ធ្វើ​ទុក​បុក​ម្នេញ​អ្នកកាន់​គ្រឹស្តសាសនានិង​សកម្ម​ជន​សិទ្ធិ​មនុស្ស ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​ត្រូវ​តែ​លប់​ចោល​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ‍»៕

XS
SM
MD
LG