ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​របស់​សហរដ្ឋអាមេរិក​ដើម្បី​បង្កើន​សមត្ថភាព​យុវជន​អាហ្វ្រិក


កម្មវិធី​​គំនិត​ផ្តួច​ផ្តើម​អ្នក​ដឹកនាំ​អាហ្វ្រិក​វ័យ​ក្មេង​ហៅ​កាត់​ថា YALI
កម្មវិធី​​គំនិត​ផ្តួច​ផ្តើម​អ្នក​ដឹកនាំ​អាហ្វ្រិក​វ័យ​ក្មេង​ហៅ​កាត់​ថា YALI

ក្មេងៗ​ជនជាតិ​ស៊ីមបាវ៉េ​បាន​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ណែនណាន់តាន់តាប់​នៅ​ក្នុង​សាល​ប្រជុំ​មួយ​នាទីក្រុង​ Masvingo​ ដើម្បី​ចោទ​សួរ​សំណួរ​ទៅ​កាន់​មន្ត្រី​សហរដ្ឋ​អាមេរិក។ ពួក​គេ​សង្ឃឹម​ថា​ នឹង​ត្រូវ​គេ​ជ្រើសរើស​សម្រាប់​កម្មវិធី​រយៈពេល​៦​សបា្តហ៍​នៅ​សហរដ្ឋអាមេរិក​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​ក្រោយ​នេះ។ ​លោក​ Paul Swiderប្រធាន​កម្មវិធី​គំនិត​ផ្តួច​អ្នក​ដឹក​នាំ​អាហ្វ្រិក​វ័យ​ក្មេង​ បាន​ពន្យល់​ទៅ​កាន់​បណ្តា​បេក្ខជន​ដែល​មាន​សក្តានុពលអំពីកម្មវិធី​នេះ។ លោក​បាន​ថ្លែង​ថា​៖

«យើង​ឃើញ​ថា ​អ្នក​ជា​អនាគត​អ្នក​ដឹក​នាំ​នៃ​ទ្វីប​អាហ្វ្រិក​នេះ​ ហើយ​យើង​ចង់​បង្កើត​មិត្ត​ ចែក​ចំលែក​ព័ត៌មាន​ និង​បង្កើត​ទំនាក់​ទំនង​ជា​មួយ​អ្នក។ ដូច្នេះ​ នៅ​ពេល​ដែល​អ្នក​មាន​តួនាទី​ជា​មេដឹកនាំ​ក្នុង​ផ្នែក​ធុរកិច្ច​និង​ក្នុង​កិច្ច​ការ​សង្គម​ឬកិច្ច​ការ​ផ្សេង​ទៀត​ គឺ​យើង​ស្គាល់​គ្នា​រួច​ទៅហើយ។​ យើង​ជា​មិត្ត​រួច​ទៅ​ហើយ​ដែរ។ នៅ​ក្នុង​បណ្តាញ​នេះ​ គឺ​មាន​អ្នក​វិនិយោគ​ខ្លះ​ មាន​អ្នក​ផ្តល់​ជំនួយ​ខ្លះ​ និង​មាន​អ្នកខ្លះ​ទៀត​ ដែល​គ្រាន់តែ​ចង់​ភ្ជាប់​ទំនាក់​ទំនង​ ដោយសារតែ​វា​ជា​បណ្តាញ​មួយ»។

កម្មវិធី​ដ៏​សំខាន់​នេះ​ ជា​កម្មវិធី​អាហារូបករណ៍ ​Mandela Washington ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ បារ៉ាក់​ អូបាម៉ា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។​ រហូត​មក​ដល់​ពេល​នេះ​ មាន​ជន​អាហ្វ្រិក​ក្មេងៗ​១.០០០​នាក់​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​រួច​មក​ហើយ។

នាង​ Samantha Nyereyemhuka សកម្មជនពិការ​ម្នាក់​ គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រជាជន​ស៊ីមបាវ៉េ​ចំនួន​៦០​នាក់ ដែល​បាន​ទទួល​ប្រយោជន៍​ពី​កម្មវិធី​អាហារូបករណ៍​នេះ​ដែរ។​

«កម្មវិធី​នេះ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ទស្សនៈ​ដោយ​ឡែក​មួយ​ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​យើង​ធ្វើ​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ភាសា​កាយ​វិការ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​នេះ។​ ពីព្រោះ​ថា ​ប្រសិនបើ​អ្នក​ក្រឡេក​ទៅ​មើល​ភាសា​កាយ​វិការ​នៅ​ស៊ីមបាវ៉េ​វិញ​ វា​ជា​ភាសា​មួយ​ក្នុង​ចំណោម​ភាសា​ឯ​ទៀត​ ដែល​គេ​មិន​សូវ​ប្រើ​ប្រាស់​ច្រើន​ទេ។​ ហើយ​មនុស្ស​ដែល​មាន​បញ្ហា​គថ្លង់​ មិន​ត្រូវ​បាន​គេ​ផ្តល់​ឱកាស​ឲ្យបញ្ចេញ​យោបល់​ឡើយ​ ដោយសារតែ​មិន​សូវ​មាន​មនុស្សចេះ​ភាសា​កាយ​វិការ​នេះ។​ ប៉ុន្តែ​ ខ្ញុំ​សង្ឃឹមថា ​ចេញ​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ ខ្ញុំ​នឹង​ផ្លាស់​ប្តូរ​បញ្ហា​នេះ»។

លោក Paul Swiderបាន​និយាយ​ថា​ ប្រជាជន​អាហ្វ្រិក​ដូចជា​ នាង​ Samantha​ ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​សហគមន៍​របស់​ពួក​គេ​ ​អាច​ដាក់​ពាក្យ​បាន​ដោយ​មិន​គិត​ពី​ទីកន្លែង​រស់​នៅ​ ភេទ​ ឬ​មាន​កាយ​សម្បាទា​ពិការ​នោះ​ទេ។ លោក​បន្ថែម​ថា​ លោក​ បារ៉ាក់​ អូបាម៉ា​ ប្រធានាធិបតីអាមេរិក​ និង​សហរដ្ឋ​អាមេរិក​ទាំង​មូល​ សុទ្ធ​តែ​ចង់​ឲ្យ​ប្រជាជន​អាហ្វ្រិក​វ័យ​ក្មេង​ «បង្កើន​ឱកាស» និង​ចូល​រួម​ក្នុង​បណ្តាញ​ដ៏​រឹងមាំ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​នេះ៕

ប្រែសម្រួល​ដោយ​ សៅ​ ផលនិស្ស័យ

XS
SM
MD
LG