ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បន្ទោស​កូរ៉េ​ខាង​ជើង​​ចំពោះ​ការ​លួច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យដទ័រ​របស់​ក្រុមហ៊ុន​សូនី


បដា​របស់​ភាពយន្ត​ «The Interview» ដែល​ជា​ភាពយន្ត​មួយ​ត្រូវ​បាន​ក្រុមហ៊ុន​សូនី​ពន្យារពេល​បញ្ចាំង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ខាង​ក្រៅ​រោងកុន​ Arclight ​នៅ Hollywood ​រដ្ឋ California ​កាល​ពី​ថ្ងៃទី​១៧ ​ខែធ្នូ ​ឆ្នាំ២០១៤។
បដា​របស់​ភាពយន្ត​ «The Interview» ដែល​ជា​ភាពយន្ត​មួយ​ត្រូវ​បាន​ក្រុមហ៊ុន​សូនី​ពន្យារពេល​បញ្ចាំង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ខាង​ក្រៅ​រោងកុន​ Arclight ​នៅ Hollywood ​រដ្ឋ California ​កាល​ពី​ថ្ងៃទី​១៧ ​ខែធ្នូ ​ឆ្នាំ២០១៤។

នៅ​ពេល​នេះ​ ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ជា​សាធារណៈ​ថា​ប្រទេស​កូរ៉េ​ខាង​ជើង​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​លើ​ក្រុមហ៊ុន​ភាពយន្ត​សូនី (Sony)។​

ការិយាល័យ​ស៊ើបអង្កេតរបស់​សហព័ន្ធ​ស.រ.អ. FBI បាន​ចេញ​ផ្សាយសេចក្តី​ថ្លែងការណ៍​មួយកាល​ពី​ថ្ងៃ​សុក្រ​ដោយ​ថា​ខ្លួន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​ធ្វើ​សេចក្តី​សន្និដ្នាន​ថា​តើ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ទទួល​ខុស​ត្រូវ​ដល់​ការ​លួច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​ផលិត​ភាពយន្ត​នេះ​ដែរ​រឺទេ។​ ការិយាល័យ​ FBI បាន​និយាយ​ថា​ខ្លួន «ខ្វល់ខ្វាយយ៉ាង​ខ្លាំង​អំពីការ​បំផ្លិច​បំផ្លាញ»​ ដោយសារ​ការ​វាយប្រហារ​នេះ។​

ការ​លប​លួច​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​នាំ​ឱ្យមានការលេច​ចេញ​ឯកសារ​រាប់ពាន់​ដោយ​មាន​រួម​បញ្ចូល​ទាំង​អ៊ីម៉ែល​ពាក់ព័ន្ធនឹង​បទ​ឧក្រិដ្ឋ​ផងដែរ។

ការិយាល័យ​ FBI បាន​និយាយ​ថា​ការ​លបលួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​នេះ «បញ្ជាក់​ជាថ្មី​ថា​ការ​គំរាម​កំហែង​ដោយ​ប្រព័ន្ធ​អ៊ីនធឺណិត​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ធំ​មួយ​ដល់​សន្តិសុខ​ជាតិរបស់​ស.រ.អ.»។

Studio ​ភាពយន្ត​នៃ​ក្រុមហ៊ុន​សូនី​មាន​គម្រោង​នឹង​បញ្ចាំង​ខ្សែកុន​កំប្លែង​មួយ​ដែល​មាន​សាច់រឿង​ប្រឌិត​អំពី​ការ​ធ្វើ​ឃាត​លោក Kim Jong Un មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​ពេល​មានការ​លប​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា។

ចាប់តាំង​ពី​ពេល​នោះ​មក ក្រុមហ៊ុន​សូនី​បាន​លប់ចោល​ការ​ចេញ​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​ដែល​មាន​ចំណង​ជើងថា «The Interview» នៅក្រោយ​មាន​ការ​គំរាម​កំហែង​ធ្វើការ​វាយ​ប្រហារ​ភេរវកម្ម។​

គេ​រាយការណ៍​ថា​ក្រុម​អ្នក​លបលួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ទាំង​នេះ​ដែល​ហៅ​ខ្លួន​ឯង​ថា «ពួក​អ្នក​ថែរក្សា​សន្តិភាព» បាន​បញ្ជូន​សារ​មួយ​ទៅ​ឱ្យនាយក​គ្រប់គ្រង​កិច្ចការ​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សូនី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បាន​ហៅ​សេចក្តី​សម្រេច​ចិត្ត​លុប​ចោល​ការ​បញ្ចាំង​កុន​នេះ​ថា​ជា​វិធាន​ការ​ «ប្រកប​ដោយ​គតិ​បណ្ឌិតខ្លាំង​ណាស់»៕

XS
SM
MD
LG