ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​និង​គុយបា​បាន​ឈាន​ដល់​ការ​ស្ថានទូត​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ


ទង់ជាតិ​របស់​ប្រទេស​គុយបា និង​សហរដ្ឋ​អាមេរិក​បក់​រវិចៗ​នៅ​ក្នុង​ក្រុង​ឡាហាវ៉ាន (Havana) កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៤។
ទង់ជាតិ​របស់​ប្រទេស​គុយបា និង​សហរដ្ឋ​អាមេរិក​បក់​រវិចៗ​នៅ​ក្នុង​ក្រុង​ឡាហាវ៉ាន (Havana) កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៤។

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​និយាយ​ថា ​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ គុយបា​បាន​ព្រមព្រៀង​គ្នា​បើក​ស្ថាន​ទូត​ឡើង​វិញ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ទាំង​២​ជា​លើក​ទី​មួយ​នៅ​ក្នុង​រយៈ​ពេល​ជាង​៥០​ឆ្នាំ​នេះ។

សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​ប្រធានាធិបតី ​បារ៉ាក់ ​អូបាម៉ា ​មាន​គម្រោង​ធ្វើ​សេចក្តី​ថ្លែងការណ៍ស្តី​ពី​ប្រទេស​គុយបា​ពី​សួន​កុលាប Rose Garden នៅ​ថ្ងៃ​ពុធ​នេះ​ ខណៈ​ដែល​លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry នឹង​ថ្លែង​នៅ​ក្នុង​ទីក្រុង​វីយែន (Vienna) ​ដែល​នៅ​ទី​នោះ​លោក​កំពុង​ចូលរួម​នៅ​ក្នុង​ការ​ចរចា​នុយក្លេអ៊ែរ​ជាមួយ​ប្រទេស​អ៊ីរ៉ង់។

ក្រសួង​ការបរទេស​នៃ​ប្រទេស​គុយបា​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក Jeffrey DeLaurentis ប្រធាន​ផ្នែក​ប្រយោជន៍សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋ​ធានី​ឡាហាវ៉ាន (Havana) ​នឹងប្រគល់​លិខិត​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ពី​លោក​ប្រធានា​ធិបតី​អូបាម៉ា​ស្តី​ពី​ការ​បើក​ស្ថាន​ទូត​នេះ​ឡើង​វិញ។

លោក​ប្រធានាធិបតី​អូបាម៉ា​ និង​ប្រធានាធិបតី Raul Castro នៃ​ប្រទេស​គុយបា​បាន​ប្រកាស​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅ​ថា ​ប្រទេស​ទាំង​២​បាន​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​ធ្វើ​ឲ្យមាន​ទំនាក់ទំនង​ខាង​ការទូត​ទៅ​ជា​ប្រក្រតីឡើង​វិញ​ដែល​ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ពេល​សង្គ្រាម​ត្រជាក់​ឡើង​ខ្លាំង ​និង​បន្ទាប់​ពី​ការ​ចរចា​សម្ងាត់​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក។ ​ចាប់​តាំង​ពី​ពេល​នោះ​មក ​គណៈប្រតិភូពី​ភាគី​ទាំង​២​បាន​ធ្វើ​ការ​ជួប​ប្រជុំ​ជា​ច្រើន​លើក​នៅ​ក្នុង​រដ្ឋធានីរបស់​ប្រទេស​នីមួយៗ​ដើម្បី​ធ្វើ​សេចក្តី​លម្អិត​នៃ​ការ​បើក​ស្ថាន​ទូតរបស់​ខ្លួន​ឡើង​វិញ។ លោកប្រធានាធិបតី​អូបាម៉ា ​និង​ប្រធានាធិបតី Castro បាន​ជួបទល់​មុខ​គ្នា​ជា​ប្រវត្តិសាស្រ្ត​កាល​ពី​ខែ​មេសា​នៅ​ខាង​ក្រៅ​សន្និ​សីទកំពូល​ប្រចាំ​តំបន់​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា (Panama) ​បន្ទាប់​មក​សហរដ្ឋ​អាមេរិក​បាន​ដក​ប្រទេស​គុយបា​ចេញ​ពី​បញ្ជី​រដ្ឋ​គាំទ្រ​ភេរវកម្ម៕

XS
SM
MD
LG