ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បារម្ភ​ពី​ការ​បោះឆ្នោត​ខាង​មុខ​នៅ​កម្ពុជា​នឹង​មិន​ត្រឹម​ត្រូវ


រូបឯកសារ៖ លោក​ស្គុត បើសប៊ី​ (Scott Busby) ឧបការី​រង​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជាអំពី​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ ​របស់​លោក​នៅ​កម្ពុជា ដែល​បញ្ចប់​នៅ​​ថ្ងៃអង្គារ​​ ទី២ ខែ​មិថុនា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA Khmer)
រូបឯកសារ៖ លោក​ស្គុត បើសប៊ី​ (Scott Busby) ឧបការី​រង​របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការងារ ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​​ប្រចាំ​កម្ពុជាអំពី​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ ​របស់​លោក​នៅ​កម្ពុជា ដែល​បញ្ចប់​នៅ​​ថ្ងៃអង្គារ​​ ទី២ ខែ​មិថុនា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA Khmer)

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​សម្តែង​ការ​ព្រួយបារម្ភ​ថា​ ការបោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មិន​មាន​យុត្តិធម៌ ​និង​ត្រឹម​ត្រូវ​ទេ ដោយ​សារ​តែ​មាន​ការ​បំភិតបំភ័យ​មក​លើ​គណបក្ស​ប្រឆាំង។

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​សម្តែង​ការ​ព្រួយបារម្ភ​ថា​ ការបោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មិន​មាន​យុត្តិធម៌ ​និង​ត្រឹម​ត្រូវ​ទេ ដោយ​សារ​តែ​មាន​ការ​បំភិតបំភ័យ​មក​លើ​គណបក្ស​ប្រឆាំង។​

នៅ​ក្នុង​សវនាការ​នៅ​ឯ​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​នាថ្ងៃ​ព្រហស្បតិ៍ ​លោក Scott Busby ​ឧបការី​រង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ទទួល​បន្ទុក​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស ​និង​ពលកម្ម​បាន​បញ្ជាក់​ថា៖

«យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ថា​ ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ​នឹង​មិន​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​ទេ​ ហើយ​អាច​នឹង​មាន​អំពើ​ហិង្សា​ផង​ដែរ។ យើង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បំភិត​បំភ័យ​លើ​គណបក្ស​ប្រឆាំង​ ដោយ​ធ្វើ​ការ​កត់​សម្គាល់​ថា​ប្រជាជន​កម្ពុជា​នៅ​តែ​បន្ត​សម្តែង​ការ​ចង់​បាន​ឱ្យ​មាន​សេរីភាព​ធំ​ជាង​មុន​ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ពី​រដ្ឋាភិបាល‍»។​

សវនាការ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្តៅ​នយោបាយ​កើន​ឡើង​កាន់​តែ​ខ្លាំងនៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​រួមមាន​ការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ការ​ដក​តំណែង​របស់​លោក កឹម សុខា ​ពី​អនុប្រធាន​រដ្ឋ​សភា​ជាតិ​ និង​ការ​វាយ​ដំទាត់​ធាក់​អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​ពីរនាក់​ដោយ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ Scott Busby ​បាន​បញ្ជាក់​ដែរ​ថា ​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ជំនួយដល់​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​«យើង​នឹង​គាំទ្រ​ដល់​កិច្ច​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ដំណើរការ​បោះឆ្នោត​ ក្នុង​នោះ​រួម​មាន​ធានា​ថា​ ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​នឹង​អាច​ជឿ​ទុក​ចិត្ត​បាន​តាម​រយៈ​ការ​ផ្តល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត‍»។​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​រូបនេះ​បញ្ជាក់​ថា​«វប្បធម៌​សន្ទានា»​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត​ឡើង​បាន​បរាជ័យ​ទៅ​វិញ​ហើយ​នៅ​ពេ​ល​ដែល​មេ​ដឹក​នាំ​គណបក្ស​បាន​បង្កើន​ការ​វាយប្រហារ​ និង​គំរាម​កំហែង​គ្នា។ ហើយ​លោក​ថា​សហរដ្ឋ​អាមេរិក​បាន​សង្កត់​ធ្ងន់​ម្តង​ហើយ​ម្តងទៀត​អំពី​តម្រូវ​ការ​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មាន​លំហរ​សេរីភាព​នយោបាយ​គ្រប់​គ្រាន់​សម្រាប់​គណបក្ស​ប្រឆាំង។ ​

លោក សម រង្ស៊ី​ នៅ​ពេល​នេះ​កំពុង​តែ​ស្ថិត​នៅក្នុង​ប្រទេស​ហ្វីលីពីន​ ដើម្បី​ជួប​ជាមួយ​នឹង​មេដឹកនាំ​ពិភពលោក​មួយ​ចំនួន​ ដែល​ចូលរួម​ប្រជុំ​នៅ​ទីនោះ​ ហើយ​គ្រោង​នឹង​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​ក្នុង​គណបក្ស​របស់​លោក​ បន្ទាប់​ពី​លោក​បាន​ពន្យា​ពេល​ត្រឡប់​ចូល​ក្នុង​ប្រទេស​ ដោយ​សារ​តែ​អាជ្ញាធរ​ត្រៀម​រៀបចំ​ចាប់​ខ្លួន​លោក​ទាក់​ទិន​នឹង​បណ្តឹង​បរិហារកេរ្តិ៍ជាមួយ​នឹង​លោក ​ហោ ណាំហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​លោក​ សម រង្ស៊ី​ ធ្លាប់​បាន​ថ្លែង​ថា​លោក ​ហោ ណាំហុង​ បាន​ឃុបឃិត​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ពេល​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​បឹងត្របែក។

នៅក្នុង​សវនាការ​នោះ​ដែរ​លោក​ Scott Busby ​ក៏​បាន​លើក​ឡើង​នូវ​ដំណើរ​ការ​ដ៏ចម្រូង​ចម្រាស​ក្នុង​ការ​អនុម័ត​ច្បាប់​ស្តី​ការ​គ្រប់​គ្រង​អង្គការ​សង្គម​ស៊ីវិល​ ហើយ​កំពុង​រង់ចាំ​មើល​ថា​ តើ​រដ្ឋាភិបាល​នឹង​អនុវត្ត​ច្បាប់​នេះ​យ៉ា​ង​តឹង​រឹង​ដល់​កម្រិត​ណា។​

​លោក​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​នឹង​ដើរ​តួនាទី​សំខាន់​ជាង​មុន​ក្នុង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ​ ដែល​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​កំពុង​តែ​រង​ការ​គំរាម​កំហែង។​

លោក​ Busby ​បាន​ប្រាប់​ដល់​សវនាការ​ព្រឹទ្ធសភា​ដែរ​ថា ​រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា​គ្រោង​នឹង​អនុម័ត​សេចក្តី​ព្រាងច្បាប់​សហជីព​ ដែល​មានការ​ចូល​រួម​ផ្តល់​មតិ​តិចតួច​ពី​សហជីព​ឯករាជ្យ​ ហើយ​ដែល​អាច​មិន​ស្រប​តាម​នឹង​បទដ្ឋាន​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្តីពី​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ។

លោក​បាន​បន្ថែម​ថា៖​«សហរដ្ឋ​អាមេរិក​នឹង​បន្ត​ទទូច​ឱ្យ​មាន​តម្លាភាព ​និង​គណនេយ្យភាព​ក្នុង​ដំណើរការ​នីតិកម្ម ​ដោយ​ចាប់​ផ្តើម​ពី​ការ​ធ្វើ​ច្បាប់​ដែល​សាធារណជន​អាច​រក​បាន៕

XS
SM
MD
LG