ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​​បង្ហាញ​ពី​ឥទ្ធិពល​របស់​រដ្ឋបាល​លោក​អូបាម៉ា​នៅ​អាស៊ីអាគ្នេយ៍


លោក Ben Rhodes ជំនួយ​ការ​ប្រធានា​ធិបតី​អាមេរិក និយាយ​អំពី​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន និង​ទំនាក់​ទំនង​ទូទៅ​រវាង​អាមេរិក-អាស៊ាន​ នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​ការវិវត្ត​របស់​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (ទែន សុខស្រីនិត/VOA)
លោក Ben Rhodes ជំនួយ​ការ​ប្រធានា​ធិបតី​អាមេរិក និយាយ​អំពី​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន និង​ទំនាក់​ទំនង​ទូទៅ​រវាង​អាមេរិក-អាស៊ាន​ នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​ការវិវត្ត​របស់​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (ទែន សុខស្រីនិត/VOA)

«សហរដ្ឋ​អាមេរិក​កំពុង​តែ​ធ្វើ​កិច្ចការ​ជា​ច្រើន ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន ដោយ​លើក​កម្ពស់​ការ​ច្នៃ​ប្រឌិត និង​ការ​បង្កើត​សហគ្រាស‍»។

ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក នេះ​គឺជា​លើក​ដំបូង​បង្អស់​ដែល​មេដឹកនាំ​ជាន់​ខ្ពស់​របស់​អាមេរិក​រៀបចំ​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​មេដឹកនាំ​ទាំងអស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

លោក Ben Rhodes ជំនួយការ​លោក​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​គឺ​«‍ដើម្បី​បង្ហាញ​ពី​ទំនាក់​ទំនង​ខាង​ការទូត និង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​អាស៊ាន ក្រោម​ការ​ដឹកនាំ​ក្នុង​អណត្តិ​ចុង​ក្រោយ​របស់​លោក​ប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា»។

ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​តែ​បោះឆ្នោត​ជ្រើសរើស​ប្រធានា​ធិបតី​ថ្មី​របស់​ខ្លួន លោក​ Ben Rhodesក៏​បាន​បន្ថែម​ថា​«កិច្ច​ប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​នេះ​ចង់​កំណត់​គម្រោង​ការងារ​នៃ​ទំនាក់​ទំនង​រវាង​អាមេរិក និង​អាស៊ាន សម្រាប់​រដ្ឋបាល​ដឹកនាំ​ថ្មី​របស់​អាមេរិក‍»។

លោក​បាន​ថ្លែង​ដូច្នេះ​ទៅកាន់​អ្នក​ស្រាវជ្រាវ តំណាង​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អំពី​ការ​វិវត្តន៍​របស់​អាមេរិក (Center for American Progress) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​រសៀល​ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ​នេះ។

លោក Ben Rhodes បាន​បញ្ជាក់​នៅ​ក្នុង​វេទិកា​នេះ​ថា​ «សហរដ្ឋ​អាមេរិក​កំពុង​តែ​ធ្វើ​កិច្ចការ​ជា​ច្រើន ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​អាស៊ាន ដោយ​លើក​កម្ពស់​ការ​ច្នៃ​ប្រឌិត និង​ការ​បង្កើត​សហគ្រាស‍»។ លោក​បាន​សង្កត់​ធ្ងន់​ថា សេដ្ឋកិច្ច​របស់​អាស៊ានគឺជា​ឱកាស​នៃ​កំណើន​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ដោយសារ​តែ​តំបន់​នេះ​នឹង​ក្លាយ​ជា​ទីផ្សារ​ផលិតផល​របស់​អាមេរិក។

លោក​ក៏​បាន​បន្ថែម​ថា រដ្ឋាភិបាល​អាមេរិក​ឲ្យ​តម្លៃ​លើ​នីតិរដ្ឋ ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។ អាស្រ័យ​ហេតុនេះ សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​នឹង​គោរព​គោលការណ៍​ទាំង​នេះ។

លោក​ Ben Rhodesក៏​បាន​លើក​ឡើង​ថា ​រដ្ឋបាល​របស់​លោក​ប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា បាន​ព្យាយាម​ពង្រឹង​ទំនាក់​ទំនង​រវាង​ពលរដ្ឋ​អាមេរិក​ជាមួយ​នឹង​ពលរដ្ឋ​អាស៊ាន ដោយ​ផ្តល់​ឱកាស​ឲ្យ​យុវជន​អាស៊ាន និង​យុវជន​អាមេរិក​ផ្លាស់ប្តូរ​យោបល់ និង​ក្តី​កង្វល់​របស់​ពួកគេ​ទៅ​វិញ​ទៅ​មក។

ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​អាមេរិក​ និង​អាស៊ាន​នេះ លោក​ប្រធានា​ធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ នឹង​ជួប​ស្វាគមន៍ និង​ពិភាក្សា​តុមូល​ជាមួយ​នឹង​មេដឹកនាំ​ទាំង​១០​របស់​អាស៊ាន ដោយ​ពិភាក្សា​បញ្ហា​មួយ​ចំនួន​រួមមាន ពាណិជ្ជកម្ម សន្តិសុខ ការ​ប្រែប្រួល​អាកាសធាតុ បញ្ហា​ជម្លោះ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ និង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម។

កិច្ច​ប្រជុំ​នេះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​រយៈពេល​២ថ្ងៃ ពី​ថ្ងៃទី១៥ រហូត​ដល់​ថ្ងៃទី​១៦ ​ខែ​កុម្ភៈ​នេះ នៅ​កន្លែង​លំហែកាយ Sunnylands រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG