ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោដ្ឋ​គ្មាន​សាច់ញាតិ​ត្រូវ​បាន​យក​ទៅ​ដាក់​នៅ​កន្លែង​សមរម្យ


រូបថត​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​​នេះ​ បង្ហាញ​ កោដ្ឋ​ជាង​១០០​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទុក​ចោល​នៅ​ក្នុង​វត្ត​លង្កា​ ​ក្រុង​ភ្នំពេញ​ក្នុង​ពេល​មាន​សង្គ្រាម​វឹកវរ​អំឡុង​ទស​វត្សរ៍​១៩៧០​នោះ។ (ផ្តល់​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
រូបថត​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​​នេះ​ បង្ហាញ​ កោដ្ឋ​ជាង​១០០​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទុក​ចោល​នៅ​ក្នុង​វត្ត​លង្កា​ ​ក្រុង​ភ្នំពេញ​ក្នុង​ពេល​មាន​សង្គ្រាម​វឹកវរ​អំឡុង​ទស​វត្សរ៍​១៩៧០​នោះ។ (ផ្តល់​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

កោដ្ឋ​ ដែល​បាន​រក​ឃើញ​នៅ​វត្ត​លង្កា​ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​ដែល​គ្មាន​សាច់ញាតិ​ ត្រូវ​បាន​គេ​យក​ចេញ​ពី​ចេតិយ​លើ​កម្រាលឥដ្ឋ​ ហើយ​ឥឡូវ​នេះ​គេ​យក​ទៅ​ដាក់​នៅ​កន្លែង​ត្រឹមត្រូវ​ហើយ។​

លោក​ឆាំង ​យុ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​បាន​ជួយ​ផ្តល់​មូលនិធិ​ដល់​ការ​រកទី​តាំង​សមរម្យនេះ ​បាន​និយាយ​ថា​ ការ​ចុះ​បញ្ជី​ឈ្មោះ​របស់​អ្នក​ដែល​ស្លាប់​នឹង​ត្រូវ​ចាប់​ផ្តើ​ម​ដើម្បី​ជួយ​ក្រុម​គ្រួសារ​រកកោដ្ឋ។ ​កោដ្ឋ​ទាំង​នោះ​ត្រូវ​បាន​គេ​ទុក​ចោល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ពេល​ដែល​ទីក្រុង​នេះ​ត្រូវ​បាន​រុករាន​ដោយ​ខ្មែរ​ក្រហម​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​១៩៧៥ ​ដែល​ជា​ឆ្នាំ​ដែលខ្មែរក្រហម​កាន់​កាប់​ប្រទេស​កម្ពុជា។​

ក្រុម​ដែល​មាន​ចំនួន​សមាជិក​ប្រហែល​១០​នាក់​មក​ពី​មជ្ឈ​មណ្ឌល​នេះ​បាន​ផ្លាស់​ប្តូរទីតាំង​កោដ្ឋ​ចេញ​ពី​ក្នុង​បន្ទប់តូច​ងងឹត​មួយ​ ដែល​ស្ថិត​នៅ​ក្រោម​ព្រះពុទ្ធ​រូប​នៅ​ក្នុង​សាល​សមាធិ។ ​នេះ​ជា​ការ​បរិច្ចាគ​របស់​បង​ស្រី​របស់​លោក​ឆាំង​ យុ ​ដែល​បាន​លាចាក​លោក​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។​

លោក​ឆាំង ​យុ​បាន​និយាយ​ថា ​មក​ទល់​ឥឡូវ​នេះ ​កោដ្ឋ​ចំនួន​ប្រហែល​៥០០​ដែល​មាន​កាល​បរិច្ឆេទ​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៩០​ត្រូវ​បាន​ចុះ​បញ្ជី​ជាមួយ​នឹង​ស្លាកកំណត់​អត្ត​សញ្ញាណ​ដែល​នឹង​ជួយ​ឱ្យ​ក្រុម​គ្រួសារ​អាច​ស្វែង​រក​កោដ្ឋបានលឿន​ជាង​មុន។​

លោក​ឆាំង ​យុបាន​សរសេរនៅ​ក្នុង​អ៊ីមែល​ថា៖ ​«នៅ​ពេល​សមាជិក​គ្រួសារ​មក​រក​មើល​កោដ្ឋ​របស់​សាច់ញាតិ​របស់​ពួក​គេ ​ព្រះ​សង្ឃ​នឹង​ពិនិត្យ​ការ​កំណត់​អត្ត​សញ្ញាណ​ មុន​ពេល​ជូន​កោដ្ឋ​ត្រឡប់​ទៅ​កាន់​សមាជិក​គ្រួសារ​ពួក​គេ​វិញ»។​

ព្រះ​តេជ​ព្រះគុណ​ផាន់ ​ចាន់​តារា​ជា​គ្រូ​សូត្រ​ឆ្វេង​ប្រចាំ​វត្ត​លង្កា​បាន​មាន​សង្ឃ​ដីកា​ថា ​ព្រះ​អង្គ​សង្ឃឹម​ថា​ នឹង​មាន​មនុស្ស​ច្រើន​ទៀត​មក​រក​កោដ្ឋ​ទាំង​នេះ។​

ព្រះ​តេជ​ព្រះគុណ​ផាន់ ​ចាន់​តារា​បាន​មាន​សង្ឃ​ដីកា​អំពី​ការ​ផ្តូរ​ទីតាំ​របស់​កោដ្ឋ​ថា៖​ «វា​មើល​ទៅ​សមរម្យ​ជាង​មុន។​ នេះ​គឺ​ជា​ទង្វើ ​ដែល​ឱ្យ​តម្លៃ​មនុស្ស​ផ្សេង​ទៀត»។​

លោក​ឆាំង ​យុ​ ដែល​បាន​ផុស​គំនិត​នេះ​តាមបង​ស្រី​របស់​គាត់ ដែល​ទើប​តែ​បាន​ស្លាប់​នៅ​អាយុ​៥៦​ឆ្នាំ ​បាន​និយាយ​ថា ​លោក​នឹង​បន្ត​ស្វែង​រក​ម្ចាស់​កោដ្ឋ​ ជា​ពិសេស​តាម​រយៈ​ការ​រៀបចំ​កាតាឡុក។​

លោក​ឆាំង ​យុបាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​ថា៖​«មនុស្ស​មិន​អាច​រស់​នៅ​ដោយ​គ្មាន​ការ​ចងចាំ​ ទោះ​បី​ជា​មិន​មាន​អ្វី​ជា​អមតៈ​នៅ​ក្នុង​ជីវិត»។​

គាត់​បាន​សរសេរ​បន្ថែម​ថា​ «សៀវភៅ​នេះ​នឹង​ក្លាយ​ជា​សៀវភៅ​ស្អាត ... ​យ៉ាង​ហោច​ណាស់​វា​ជា​អ្វី​ដែល​យើង​អាច​ផ្តល់​ឱ្យ​ដល់​អ្នក​ដែល​បាន​ស្លាប់​រួច​ទៅ​ហើយ»៕​

XS
SM
MD
LG