ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​ចោទ​អ្នក​សារព័ត៌មាន​ដោយសារ​សេចក្តី​រាយការណ៍​ពី​ការ​ជួញ​ដូរ​មនុស្ស


លោក Alan Morison (ស្តាំ)​ ជនជាតិ​អូស្ត្រាលី និង​នាង​ Chutima Sidasathian ជនជាតិ​ថៃ​និង​ជា​អ្នក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​តាម​អ៊ីនធឺណិត Phuketwan ថ្លែង​ទៅ​កាន់​ក្រុម​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្រោយ​ពេល​មក​ដល់​តុលាការ​ឧក្រិដ្ឋកម្ម​នៅ​ទី​ក្រុង Phuket (កោះ​ភូកេត) កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៤។
លោក Alan Morison (ស្តាំ)​ ជនជាតិ​អូស្ត្រាលី និង​នាង​ Chutima Sidasathian ជនជាតិ​ថៃ​និង​ជា​អ្នក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​តាម​អ៊ីនធឺណិត Phuketwan ថ្លែង​ទៅ​កាន់​ក្រុម​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្រោយ​ពេល​មក​ដល់​តុលាការ​ឧក្រិដ្ឋកម្ម​នៅ​ទី​ក្រុង Phuket (កោះ​ភូកេត) កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៤។
អ្នក​កាសែត​ថៃ​នាង​ Chutima Sidasathian និង​បណ្ណាធិការ​ជាតិ​អូស្រ្តាលី Alan Morison​ ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ប្តឹង​ដោយ​កងនាវា​ភូមិន្ទ​ថៃ​ពី​បទ​បរិហារ​កេរ្តិ៍​និង​រំលោភ​នឹង​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​កុំព្យូទ័រ​ដ៏​តឹង​រ៉ឹង​របស់​ប្រទេស​ថៃ។

អ្នក​ទាំង​ពីរ​បាន​ធ្វើ​សេចក្តី​រាយការណ៍​ជាយូរ​មក​ហើយ​លើ​បញ្ហា​ជន​ជាតិ​ Rohingya ឱ្យ​សេវាកម្ម​សារព័ត៌មាន Phuketwan ដែល​ផ្សាយ​តាម​អ៊ីនធឺណិត។ លោក​ម៉ូរីសុន អតីត​បណ្ណាធិការ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​មេលប៊ន ប្រទេស​អូស្រ្តាលី​ បាន​បង្កើត​គេហទំព័រ​នេះ​ជាង​៥​ឆ្នាំ​មក​ហើយ។

លោក​ម៉ូរីសុន​និយាយ​ថា ​ការ​ចោទ​ប្រកាន់​នោះ​បាន​នាំ​ឱ្យ​មាន​សំណួរ​ជាច្រើន​ហើយហាក់​ដូច​ជា​សំដៅ​ទៅ​លើ​នាងជុតិម៉ា ដែល​បាន​ជួយ​អ្នក​កាសែត​រ៉យទ័រ​និង​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​រាយការណ៍​ពី​រឿងនេះ។

«ខ្ញុំ​ពិតជា​មិន​សង្ស័យ​ទេ។ ខ្ញុំ​ជឿ​ជាក់​ច្បាស់​ណាស់​ថា​កិច្ចការ​ដែល​នាង​ជួយ​បើក​កកាយ​រឿង​Rohingya ឱ្យ​ដល់​អង្គការ​អន្តរជាតិ​គឺ​ជា​ហេតុផល​មួយដែរ​សម្រាប់​ការនាំ​យក​មកកាត់​ទោស​នេះ​។ នាង​គឺ​ជា​មនុស្ស​តែ​ម្នាក់​ដែល​តាម​ខ្ញុំ​គិត​មើល​គឺ​បាន​បើក​រឿងនេះ​ដល់​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ឱ្យ​ចាប់​អារម្មណ៍»។​

កាលពីខែ​កក្កដា​ឆ្នាំ​មុន​ នាង​ជុតិម៉ា​ និង​លោក​ម៉ូរីសុន បាន​បោះពុម្ភ​ផ្សាយ​អត្ថបទ​មួយ​ដែល​ដក​ស្រង់​យក​ព័ត៌មាន​ពី​ទីភ្នាក់ងារ​រ៉យទ័រ​ដែល​ចោទ​ប្រកាន់​ពី​វិធី​ដែល​«កងកម្លាំង​សន្តិសុខ​ជើង​ទឹក​ថៃ​ខ្លះ​ធ្វើ​ការ​ជាប្រព័ន្ធ​ជាមួយ​នឹង​ក្រុម​ឈ្មួញ​មនុស្ស​ដើម្បី​បាន​ប្រាក់​កំរៃ» ក្នុង​ពេល​ដែល​មាន​ការកើនឡើង​នូវ​ចំនួន​ជន​ជាតិ​ម៉ូស្លិម​ Rohingya ​ រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ភូមា។​

ការផ្ទុះ​ឡើង​នូវ​ជម្លោះ​ជាតិសាសន៍​ក្នុង​ប្រទេស​ភូមា​នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​នាំឱ្យ​ជន​ជាតិ​ Rohingya ​រាប់​ពាន់​នាក់​ ដែល​ជា​ជន​ជាតិ​ភាគតិច​ត្រូវ​គេ​បដិសេធ​មិន​ឱ្យ​ចូល​សញ្ជាតិ​នៅ​ប្រទេស​ភូមា​ ចាក​ចេញ​ពី​ប្រទេស​នេះ​ ដោយ​ជារឿយៗ​ចេញ​តាម​ទូក។

នៅ​សប្តាហ៍​នេះ​ទីភ្នាក់​ងារ​រ៉យទ័រ​ទទួល​បាន​រង្វាន់​ Pulitzer ដោយ​សារ​តែ​អត្ថបទ​ជាបន្តបន្ទាប់​គ្នា​របស់​ខ្លួន​ដែល​រៀបរាប់​ពី​ការ​តស៊ូ​របស់​ជន​ជាតិ​ Rohingya ដើម្បី​ចាកចេញ​ពី​ប្រទេស​ភូមា​និង​ស្វែង​រក​ទីលំនៅ​ឯ​បរទេស។

សេចក្តី​រាយការណ៍​នោះ​បាន​ចោទ​ថា​ កងកម្លាំង​ទ័ព​ជើង​ទឹក​ថៃ​និង​ប៉ូលិស​សហការគ្នា​ជាមួយ​នឹង​អ្នក​ជួញ​ដូរ​មនុស្ស​ ដើម្បី​បញ្ជូន​ជន​ជាតិ​Rohingya ​ទៅ​ជំរំ​ក្នុង​ព្រៃ​ដែល​មិន​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​អ្វី​រហូត​ទាល់​តែ​ក្រុម​គ្រួសារ​របស់​ពួកគេ​អាច​រក​ប្រាក់​បង់​លោះ​ខ្លួន​បាន។

លោក​ម៉ូរីសុន​ហៅ​សំណុំរឿង​ប្រឆាំ​ងនឹង​គាត់​និង​សហការី​នោះ​ថា​ «មិនពិត»​ និង​«មាន​កំហុស​ឆ្គង​ច្រើន»។ ក្នុង​ខណៈ​ពេល​ដែល​សរសើរ​ទីភ្នាក់ងារ​រ៉យទ័រ​ចំពោះ ការ​ទទួល​បាន​រង្វាន់​នេះ​ លោក​និយាយ​ថា​ទីភ្នាក់ងារ​នេះ​បាន​ខក​ខាន​មិន​ផ្តល់​ការ​គាំទ្រ​ដល់​សេវាព័ត៌មាន​ Phuketwan​ នៅ​ក្នុង​សំណុំរឿង​នេះ​ទេ។​

ទីភ្នាក់​ងារ​រ៉យទ័រ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេលើ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នក​កាសែត​ទាំង​ពីរ​នាក់។​ កង​នាវា​ជើង​ទឹក​ភូមិន្ទ​ថៃ​មិន​បាន​ចាត់​ការ​អ្វី​ប្រឆាំង​នឹង​ទីភ្នាក់ងារ​រ៉យទ័រ​ទេ។

លោក​ម៉ូរីសុន ស្តី​បន្ទោស​លើ​ការបក​ប្រែ​ខុស​ពី​ភាសា​អង់គ្លេស​ទៅ​ភាសាថៃ​ដែល​ឯកសារ​ដើម​មាន​បោះពុម្ភ​នៅក្នុង​សេវាព័ត៌មាន​ Phuketwan ហើយ​និយាយ​ថា​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​កងនាវា​ជើងទឹក​ភូមិន្ទ​ថៃ​គឺ​ដើម្បី​បិទ​គេហទំព័រ​ដោយ​សារ​បាន​ធ្វើ​សេចក្តី រាយការណ៍​ពី​បញ្ហា​ជន​ជាតិ​ Rohingya ​និង​ការ​រត់​ពន្ធ​មនុស្ស​អស់​ជាច្រើន​ឆ្នាំមក​ហើយ។

«រឿងទាំង​អស់​នេះ​ចាប់​ផ្តើម​ដោយ​កថាខណ្ឌ​មួយ​ដែល​ដក​ស្រង់​ពី​ទីភ្នាក់ងារ​រ៉យទ័រ​ដែល​ត្រូវ​បាន​បកប្រែ​ខុស​ដោយ​កងនាវា​ភូមិន្ទ​ថៃ។ នៅក្នុង​កថាខណ្ឌ​នោះ​និយាយ​យោង​ដល់​កងនាវា​ភូមិន្ទ​ថៃ​ប៉ុន្តែ​មិន​មាន​នៅ​ក្នុង​អត្ថបទ​ដើម​ជាភាសា​អង់​គ្លេស​ទេ​ ហើយ​នៅក្នុង​អត្ថបទ​ជាភាសា​ថៃ​នោះ ដែល​គេ​យក​មក​ប្តឹង​ប៉ូលិស គឺ​កងនាវា​ភូមិន្ទ​ថៃ​ត្រូវ​បាន​គេ​និយាយ​ដល់​ចំនួន​បីដង។ ខ្ញុំ​អាច​និយាយ​បាន​ថា​នេះ​គឺ​ជា​ការ​បង្ហាញ​ថា​ជា​ការ​រៀបចំ​មួយ។ ហើយ​យើង​ប្រាកដ​ណាស់​ថា​កង​នាវា​ភូមិន្ទ​ថៃ​ចាត់​វិធានការនេះ​គឺ​ដើម្បី​បិទ​សេវាព័ត៌មាន​ Phuketwan»។​

អ្នក​សារព័ត៌មាន​ទាំងពីរ​នាក់​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ដោយ​ក្នុ​ងនោះ មាន​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ និង​ក្រុម​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​និង​គណៈកម្មការ​សិទ្ធិ​មនុស្ស​ថៃ​ផង​ដែរ។

លោក​ហ្វីល រ៉ូបឺតសុន នាយក​ស្តី​ទី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch និយាយ​ថា​ កង​នាវា​ភូមិន្ទ​ថៃ​ទំនង​ជា​ចង់​ដាក់​សម្ពាធ​លើ​សេវាព័ត៌មាន​ Phuketwan ។

«នេះ​គឺ​ជា​ដំណើរ​រឿង​អំពី​ទាហាន​ជើងទឹក​ថៃ​សងវិញ​ចំពោះ​ការងារ​របស់ Phuketwan ​ដែល​ធ្វើ​បន្លា​នៅ​ជាប់​នឹង​ទាហាន​ជើ​ង​ទឹក​រាប់​ឆ្នាំ​មក​ហើយ​ចំពោះ​វិធី​ដែល​ពួកគេ​ដោះស្រាយ​បញ្ហា​ជនជាតិ​Rohingya ហើយ​ក្រុម​ទាហាន​ជើង​ទឹក​ប្តេជ្ញា​ថា​ត្រូវ​តែ​ដាក់​ពួកគេ​នៅ​ក្នុង​ដង្កៀប​ម្តង។ ហើយ​ជា​ការ​គួរ​ឱ្យ​អភ័ព្វ​ណាស់​ដែល​រដ្ឋាភិបាល​ថៃ​ ព្រះរាជអាជ្ញា​ និង​ថ្នាក់​ដឹកនាំ​នយោបាយ​ហាក់​ដូច​ជា​លាង​ដៃ​ចេញ​បើ​ទោះ​បី​ជា​ការពិត​ថា​ករណី​នេះ​អាច​នឹង​ធ្វើ​ឱ្យ​មាន​កា​រប្រឡាក់​ខ្មៅ​លើ​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ថៃ​ទាក់​ទង​នឹង​ការ​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ក៏ដោយ»។​

ទាំង​ម៉ូរីសុន និង​នាង​ជុតិម៉ា​អាច​ជាប់​គុក​៥ឆ្នាំ​ចំពោះ​បទចោទ​ទាក់​ទង​នឹង​ឧក្រិដ្ឋ​កម្ម​តាម​កុំព្យូទ័រ​និង​ពីរ​ឆ្នាំ​ទាក់​ទង​នឹង​បទ​បរិហារ​កេរ្តិ៍។

នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ឆ្នាំ​២០១៤​ ប្រទេស​ថៃ​ជាប់​លេខ​១៣០​ក្នុង​ចំណោម​ប្រទេស​១៨០​នៃ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក៕

ប្រែសម្រួល​ដោយ​លោក​ ម៉ែន គឹមសេង
XS
SM
MD
LG